ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 106
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ១០៦

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​១៨៣៤ (History of the Church, ២:១៧០–១៧១)។ វិវរណៈ​នេះ​ត្រូវ​បាន​តម្រង់​ទៅ​រក វ៉ារិន អេ ខៅឌើរី ជា​បង​ប្រុស​របស់​អូលីវើរ ខៅឌើរី។

១–៣, វ៉ារិន អេ ខៅឌើរី ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​ត្រួតត្រា​នៅ​កន្លែង​របស់​គាត់; ៤–៥, ការ​យាង​មក​លើក​ទី​ពីរ​នឹង​មិន​មក​ដល់​កូន​ចៅ​នៃ​ពន្លឺ​ដូច​ជា​ចោរ​ឡើយ; ៦–៨, ព្រះ​ពរ​ដ៏​មហិមា​ទាំង​ឡាយ មក​តាម​ក្រោយ​ការ​បម្រើ​ដ៏​ស្មោះត្រង់​នៅ​ក្នុង​សាសនាចក្រ។

គឺជា​ព្រះ​ហឫទ័យ​របស់​យើង ដែល វ៉ារិន អេ ខៅឌើរី ជា​អ្នក​បម្រើ​របស់​យើង ត្រូវ​បាន​តាំង​ហើយ​តែងតាំង​ឲ្យ​ធ្វើ​ជា​សង្ឃ​ជាន់​ខ្ពស់​ត្រួតត្រា​លើ​សាសនាចក្រ​របស់​យើង នៅ​ក្នុង​ដែនដី​ហ្វ្រ៊ីដុម និង​នៅ​ភូមិ​ភាគ​ទាំង​ឡាយ​ជុំវិញ

ហើយ​ត្រូវ​ផ្សាយដំណឹង​ល្អ​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច​របស់​យើង ហើយ​បន្លឺ​សំឡេង​របស់​គាត់​ឡើង ហើយ​ព្រមាន​ប្រជាជន មិន​គ្រាន់​តែ​នៅ​កន្លែង​គាត់​ផ្ទាល់​តែប៉ុណ្ណោះ​ទេ តែ​នៅ​ស្រុក​ទាំង​ឡាយ​ជុំវិញ​ផង

ហើយ​ត្រូវ​ថ្វាយ​ពេល​ទាំង​មូល​ចំពោះ​ការងារ​ដ៏​ខ្ពង់​ខ្ពស់ និង​បរិសុទ្ធ​នេះ ដែល​យើង​ប្រទាន​ដល់​គាត់​នៅ​ពេល​ឥឡូវ​នេះ ដោយ​ការ​ព្យាយាម​ស្វែងរកនគរ​ស្ថាន​សួគ៌ និង​សេចក្ដី​សុចរិត​ទាំង​ឡាយ​នៃ​នគរ​នោះ ហើយ​គ្រប់​របស់​ដែល​ចាំ​បាច់​ទាំង​អស់​នឹង​បាន​ប្រទាន​មក​លើ​ថែម​ទៀត ត្បិត​អ្នក​ដែល​ធ្វើ​ការ នោះ​សម​នឹង​ឈ្នួល​របស់​ខ្លួន​ហើយ។

ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ការ​យាង​មក​នៃ​ព្រះ​អម្ចាស់​ជិត​ដល់​ហើយ ហើយ​នឹង​មក​ដល់​ពិភពលោក ដូច​ជា​ចោរ​មក​នៅ​ពេល​យប់ —

ហេតុ​ដូច្នេះ​ហើយ ចូរ​ក្រវាត់​ចង្កេះ ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​ទៅ​ជា​កូន​ចៅ​នៃ​ពន្លឺ ហើយ​ដើម្បី​កុំ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​អ្នក ដូច​ជា​ចោរ​ឡើយ។

ហើយ​ជា​ថ្មី​ម្ដង​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មាន​សេចក្ដី​អំណរ​នៅ​លើ​ស្ថាន​សួគ៌ កាល វ៉ារិន ជា​អ្នក​បម្រើ​របស់​យើង ក្រាប​ចំពោះ​ដំបង​ពេជ្រ​របស់​យើង ហើយ​បំបែក​ខ្លួន​ចេញ​ពី​កលល្បិច​នៃ​មនុស្ស

ហេតុ​ដូច្នេះ​ហើយ វ៉ារិន ជា​អ្នក​បម្រើ​របស់​យើង មាន​ពរ​ហើយ ព្រោះ​យើង​នឹង​មាន​សេចក្ដី​មេត្តាករុណា​ដល់​គាត់ ហើយ​ទោះ​ជា​ភាព​អសារ​ឥត​ការ​នៃ​ចិត្ត​គាត់​ក៏​ដោយ គង់តែ​យើង​នឹង​លើក​គាត់​ឡើង​ដែរ ដរាបណា​គាត់​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង។

ហើយ​យើង​នឹង​ប្រទាន​ព្រះ​គុណ និង​ការ​បញ្ជាក់​ដល់​គាត់ ដើម្បី​ឲ្យ​គាត់​អាច​ឈរ​មាំមួន​បាន ហើយ​បើ​សិន​ជា​គាត់​ធ្វើ​ជា​សាក្សី​ដ៏​ស្មោះត្រង់ និង​ពន្លឺ​ដល់​សាសនាចក្រ​ត​ទៅ នោះ​យើង​បាន​រៀបចំ​មកុដ​មួយ​ទុក​សម្រាប់​គាត់​នៅ​ក្នុង​វិមាន​ទាំង​ឡាយ​នៃ​ព្រះ​វរបិតា​របស់​យើង។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕