ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 134
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ១៣៤

សេចក្ដី​ថ្លែង​ប្រាប់​អំពី​ជំនឿ អំពី​ការ​ត្រួតត្រា និង​ក្រឹត្យ​វិន័យ​ទូ​ទៅ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ការ​ចេញ​សំឡេង​ជា​ឯកច្ឆន្ទ​នៅ​ឯ​សន្និបាត​ទូ​ទៅ​នៃ​សាសនាចក្រ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​១៨៣៥ (History of the Church, ២:២៤៧–២៤៩)។ គ្រា​នោះ​ជា​ការ​ប្រជុំ​នៃ​ពួក​មេដឹកនាំ​ក្នុង​សាសនាចក្រ ដែល​បាន​ជួបជុំ​ដើម្បី​ពិចារណា​អំពី​ការណ៍​ទាំង​ឡាយ​ដែល បាន​ស្នើ​ឲ្យ​មាន​នៅ​ក្នុង​ច្បាប់​ទី​មួយ​នៃ​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា។ នៅ​ពេល​នោះ សេចក្ដី​ប្រកាស​ត្រូវ​បាន​ផ្ដល់​នូវ​បុព្វកថា​ដូច​ត​ទៅ​នេះ ៖ « ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​យើង​ដែល​ទាក់​ទង​ទៅ​នឹង​រដ្ឋាភិបាល​ទាំង​ឡាយ​នៅ​លើ​ផែនដី និង​ក្រឹត្យ​វិន័យ​ទូ​ទៅ​អាច​បាន​បក​ស្រាយ​ខុស ឬ​យល់​ខុស នោះ​យើង​បាន​គិត​ថា​សម​នឹង​សម្ដែង​ប្រាប់​ពី​យោបល់​របស់​យើង​អំពី​ការណ៍​នោះ​នៅ​ចុង​គម្ពីរ​នេះ » (History of the Church, ២:២៤៧)។

១–៤, រដ្ឋាភិបាល​ទាំង​ឡាយ​គប្បី​រក្សា​នូវ​សេរីភាព​ខាង​សតិ​សម្បជញ្ញៈ និង​ខាង​ការ​ថ្វាយ​បង្គំ; ៥–៨, មនុស្ស​ទាំង​អស់​គប្បី​គាំទ្រ​រដ្ឋាភិបាល​របស់​ខ្លួន ហើយ​មាន​ការ​គោរព និង​ការ​ព្រម​ធ្វើ​តាម​ក្រឹត្យ​វិន័យ; ៩–១០, សមាគម​ទាំង​ឡាយ​ខាង​សាសនា​មិន​គួរ​អនុវត្ត​អំណាច​ខាង​ស៊ីវិល​ទេ; ១១–១២, មនុស្ស​លោក​ត្រូវ​បាន​រាប់​ថា​សុចរិត​ក្នុង​សេចក្ដី​ការពារ​ខ្លួន និង​ទ្រព្យសម្បត្តិ​របស់​ខ្លួន។

យើង​ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​ទាំង​ឡាយ​ត្រូវ​បាន​បង្កើត​ឡើង​ពី​ព្រះ សម្រាប់​ផល​ប្រយោជន៍​ដល់​មនុស្ស ហើយ​ថា​ទ្រង់​ធ្វើ​ឲ្យ​មនុស្ស​ទទួល​ការ​ខុសត្រូវ​ចំពោះ​កិច្ចការ​ទាំង​ឡាយ​របស់​ខ្លួន ដែល​ទាក់​ទង​ទៅ​នឹង​រដ្ឋាភិបាល​នោះ ទាំង​ការ​ចែង​ច្បាប់​ទាំង​ឡាយ និង​ការ​អនុវត្ត​ច្បាប់​ទាំង​នោះ​ផង សម្រាប់​ការ​ល្អ និង​សន្តិសុខ​ដល់​សង្គម។

យើង​ខ្ញុំ​ជឿ​ថា គ្មាន​រដ្ឋាភិបាល​ណា​អាច​នៅ​ក្នុង​សេចក្ដី​សុខសាន្ត​បាន​ឡើយ លើក​លែងតែ​ច្បាប់​ទាំង​ឡាយ​ត្រូវ​បាន​បង្កើត​ឡើង ហើយ​ទ្រ​ទ្រង់​ដែល​នឹង​ធានា​ដល់​បុគ្គល​នីមួយៗ​នូវ​សេរីភាព​ខាង​សតិ​សម្បជញ្ញៈ​ខាង​សិទ្ធិ និង​ការ​កាន់កាប់​ទ្រព្យសម្បត្តិ និង​ខាង​ការ​ការពារ​ជីវិត។

យើង​ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​ទាំង​អស់​ចាំ​បាច់​តម្រូវ​ពួក​អ្នក​កាន់​តំណែង​រាជការ និង​ពួក​ចៅក្រម ដើម្បី​អនុវត្ត​ច្បាប់​នៃ​រដ្ឋាភិបាល​នោះ ហើយ​អ្នក​ទាំង​នោះ​ដែល​នឹង​ចាត់ចែង​ច្បាប់​ដោយ​ត្រឹម​ត្រូវ និង​យុត្តិធម៌ នោះ​គួរ​ឲ្យ​ស្វែងរក ហើយ​ទ្រ​ទ្រង់​ដោយ​សំឡេង​នៃ​ប្រជាជន បើ​នៅ​ក្នុង​សាធារណៈ​រដ្ឋ ឬ​ដោយ​ព្រះ​ហឫទ័យ​នៃ​មហាក្សត្រ។

យើង​ខ្ញុំ​ជឿ​ថា សាសនា​ត្រូវ​បាន​បង្កើត​ឡើង​ពី​ព្រះ ហើយ​ថា​មនុស្ស​លោក​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ទ្រង់ ហើយ​ចំពោះ​ព្រះ​អង្គ​តែ​មួយ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​អនុវត្ត​ខាង​សាសនា លើក​លែងតែ​គំនិត​ខាង​សាសនា​របស់​ពួក​គេ បណ្ដាល​ឲ្យ​ពួក​គេ​រំលោភ​ទៅ​លើ​សិទ្ធិ និង​សេរី​ភាព​ទាំង​ឡាយ​នៃ​មនុស្ស​ផ្សេងៗ​ផង ប៉ុន្តែ​យើង​ខ្ញុំ​មិន​ជឿ​ឡើយ​ថា ច្បាប់​របស់​មនុស្ស​មាន​សិទ្ធិ​នឹង​ជ្រៀតជ្រែក​ក្នុង​ការ​ដាក់​ច្បាប់​ខាង​ការ​ថ្វាយ​បង្គំ ដើម្បី​ដាក់​កម្រិត​ដល់​សតិ​សម្បជញ្ញៈ​មនុស្ស ឬ​ដាក់​បញ្ជា​នូវ​របៀប​ការ​ថ្វាយ​ភក្ដី​ភាព​សាធារណៈទេ ឬ​ដោយ​ឡែក គឺថា​ចៅក្រម​ខាង​រដ្ឋការ​គប្បី​បង្ខា​បង្ខាំង​កុំ​ឲ្យ​មាន​ទោស​ឧក្រិដ្ឋ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​ត្រួតត្រា​លើ​សម្បជញ្ញៈ​ឡើយ គប្បី​ដាក់​ទោស ប៉ុន្តែ​មិន​ត្រូវ​ហាមប្រាម​ខាង​សេរីភាព​នៃ​ព្រលឹង​ឲ្យ​សោះ។

យើង​ខ្ញុំ​ជឿ​ថា មនុស្ស​ទាំង​អស់​មាន​កាតព្វកិច្ច ដើម្បី​គាំទ្រ និង​ទ្រ​ទ្រង់​រដ្ឋាភិបាល ដែល​ពួក​គេ​អាស្រ័យ​នៅ​រៀងៗ​ខ្លួន ក្នុង​ពេល​ការ​ពារ​សិទ្ធិ​កំណើត និង​ដ៏​ឥត​ដក​ចេញ​បាន​ដោយ​ច្បាប់​នៃ​រដ្ឋាភិបាល​ទាំង​ឡាយ ហើយ​ថា​ការ​ចាក់​រុក និង​ការ​បះបោរ គឺជា​ការ​មិន​គួរសម​សម្រាប់​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​បាន​ការ​ពារ​ឡើយ ហើយ​គួរ​ដាក់​ទោស​តាម​ច្បាប់ ហើយ​ថា​រដ្ឋាភិបាល​ទាំង​អស់​មាន​សិទ្ធិ​នឹង​ចែងច្បាប់​តាម​ការ​វិនិច្ឆ័យ​របស់​ខ្លួន ដែល​គិត​ថា​សម​បំផុត ដើម្បី​ធានា​ប្រយោជន៍​នៃ​ពលរដ្ឋ ប៉ុន្តែ​នៅ​ពេល​ដដែល​នោះ រាប់​ថា​សេរីភាព​ខាង​សតិ​សម្បជញ្ញៈ​គឺជា​ការ​ដ៏​ពិសិដ្ឋ​មួយ។

យើង​ខ្ញុំ​ជឿ​ថា មនុស្ស​គ្រប់​រូប​ត្រូវ​បាន​កិត្តិយស​ក្នុង​តំណែង​របស់​ខ្លួន ដូច​ជា​ពួក​អ្នក​ត្រួតត្រា និង​ពួក​ចៅក្រម​ជាដើម ដោយ​បាន​រើស​តាំង​សម្រាប់​ការពារ​អ្នក​ឥត​ទោស ហើយ​ដាក់​ទោស​ដល់​អ្នក​មាន​ទោ​ស​វិញ ហើយ​ថា​ចំពោះ​ច្បាប់​ទាំង​ឡាយ​នោះ មនុស្ស​ត្រូវ​គោរព ហើយ​ព្រម​ធ្វើ​តាម ពី​ព្រោះ​បើ​គ្មាន​ច្បាប់​ទាំង​ឡាយ​នោះ​ទេ នោះ​សេចក្ដី​សុខសាន្ត និង​ការ​ស្រុះស្រួល​គ្នា​នឹង​ត្រូវ​បាន​ជំនួស​ដោយ​អនាធិបតេយ្យ និង​ការ​ភិតភ័យ​ជា​ខ្លាំង ច្បាប់​នៃ​មនុស្ស​ជាតិ​ទាំង​ឡាយ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​គោលបំណង​ដ៏​ជាក់​លាក់​នៃ​ការ​ចាត់ចែង​ផល​ប្រយោជន៍​របស់​យើង​ដោយ​ឡែក និង​ដោយ​ប្រទេស រវាង​មនុស្ស​មួយ​នឹង​មនុស្ស​មួយ​ទៀត រីឯ​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​ខាង​វិញ្ញាណ ដែល​បាន​ប្រទាន​មក​ពី​ស្ថាន​សួគ៌ ដែល​តាំង​ច្បាប់​អំពី​កិច្ចការ​ខាង​វិញ្ញាណ សម្រាប់​សេចក្ដី​ជំនឿ និង​ការ​ថ្វាយ​បង្គំ ក្រឹត្យ​វិន័យ​ទាំង​ពីរ​នោះ ត្រូវ​បាន​ឆ្លើយតប​ដោយ​មនុស្ស​ចំពោះ​ព្រះ​ដ៏​បង្កើត​របស់​ខ្លួន។

យើង​ខ្ញុំ​ជឿ​ថា ពួក​អ្នក​ត្រួតត្រា​ប្រទេស និង​រដ្ឋាភិបាល​ទាំង​ឡាយ​មាន​សិទ្ធិ ហើយ​មាន​កាតព្វកិច្ច​ដើម្បី​បង្កើត​ច្បាប់​ទាំង​ឡាយ​ឡើង សម្រាប់​ការពារ​ពលរដ្ឋ​ទាំង​អស់​ក្នុង​ការ​អនុវត្ត​ជំនឿ​ខាង​សាសនា​របស់​ពួក​គេ​ដោយ​សេរី ប៉ុន្តែ​តាម​សេចក្ដី​យុត្តិធម៌ យើង​ខ្ញុំ​មិន​ជឿ​ថា ពួក​គេ​មាន​សិទ្ធិ​នឹង​ដកហូត​ឯកសិទ្ធិ​នេះ​ពី​ពលរដ្ឋ ឬ​ហាមប្រាម​ពួក​គេ​កុំ​ឲ្យ​មាន​គំនិត​នោះ​ឡើយ ដរាបណា​មាន​ការ​គោរព និង​គរុ​ការ​ភាព​ដល់​ច្បាប់​ទាំង​ឡាយ ហើយ​មតិ​ខាង​សាសនា​មិន​រាប់​ការ​នាំ​បំបះបំបោរ និង​ការ​រួម​គំនិត​ធ្វើ​អំពើ​ទុច្ចរិត ថា​ជា​ការ​យុត្តិធម៌ឡើយ។

យើង​ខ្ញុំ​ជឿ​ថា ការ​ប្រព្រឹត្ត​ទោសឧក្រិដ្ឋ នោះ​ត្រូវ​ដាក់​ទោស តាម​ទោស​ដែល​បាន​ប្រព្រឹត្ត ថា​អំពើ​ឃាតកម្ម អំពើ​ក្បត់ជាតិ អំពើ​លួច​ប្លន់ អំពើ​លួច និង​អំពើ​បំបែក​បំបាក់​សេចក្ដី​សុខសាន្ត​ទូ​ទៅ​តាម​របៀប​ណា​ក៏​ដោយ នោះ​ត្រូវ​ដាក់​ទោស​តាម​ទោសឧក្រិដ្ឋ​របស់​ខ្លួន និង​តាម​ការ​ទោរទន់​របស់​ពួក​គេ​ទៅ​រក​អំពើ​អាក្រក់​ក្នុង​ចំណោម​មនុស្ស ដោយ​ច្បាប់​ទាំង​ឡាយ​នៃ​រដ្ឋាភិបាល​នោះ ដែល​បាន​ប្រព្រឹត្ត​ការ​រំលោភ ហើយ​សម្រាប់​សេចក្ដី​សុខសាន្ត និង​សេចក្ដី​ស្ងប់​ស្ងាត់​នៃ​ប្រជាជន​ទូ​ទៅ នោះ​មនុស្ស​ទាំង​អស់​ត្រូវ​ឈាន​ជើង​ទៅ​មុខ ហើយ​ប្រើប្រាស់​សមត្ថភាព​របស់​ពួក​គេ ក្នុង​ការ​នាំ​អ្នក​មាន​ទោស​ទាស់​នឹង​ច្បាប់​ល្អ​មក​ដាក់​ទោស។

យើង​ខ្ញុំ​មិន​ជឿ​ថា​យុត្តិធម៌​ដើម្បី​លាយឡំ​ឥទ្ធិពល​ខាង​សាសនា​ជាមួយ​នឹង​ការ​គ្រប់​គ្រង​ខាង​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​សមាគម​ខាង​សាសនា​មួយ​ត្រូវ​បាន​ចម្រើន​ឡើង ហើយ​មួយ​ទៀត​ត្រូវ​បាន​ហាមប្រាម​ចំពោះ​ឯកសិទ្ធិ​ខាង​សាសនា​របស់​គេ ហើយ​ត្រូវ​បដិសេធ​សិទ្ធិ​នៃ​បុគ្គល​នីមួយៗ​នៃ​សមាជិក​របស់​គេ ជា​ពលរដ្ឋ​នោះ​ឡើយ។

១០យើង​ខ្ញុំ​ជឿ​ថា សមាគម​ខាង​សាសនា​ទាំង​អស់​មាន​សិទ្ធិ ដើម្បី​ដោះ​ស្រាយ​ចរិយា​មិន​ត្រឹម​ត្រូវ​នៃ​សមាជិក​របស់​គេ​តាម​ច្បាប់ និង​បទបញ្ជា​ទាំង​ឡាយ​នៃ​សមាគម​នានា ដរាបណា​ការ​ដោះ​ស្រាយ​នោះ​ប្រព្រឹត្ត​ឡើង​ដោយ​គោរព​ដល់​មិត្តភាព និង​ជំហរ​ល្អ ប៉ុន្តែ​យើង​ខ្ញុំ​មិន​ជឿ​ថា សមាគម​ខាង​សាសនា​ណា​មួយ​មាន​សិទ្ធិ​អំណាច​នឹង​កាត់ទោស​មនុស្ស​ទាំង​ឡាយ ចំពោះ​សិទ្ធិ​ខាង​ទ្រព្យសម្បត្តិ ឬ​ជីវិត ដើម្បី​ដក​យក​ពី​ពួក​គេ​នូវ​ទ្រព្យសម្បត្តិ​ខាង​លោកិយ ឬ​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​គ្រោះថ្នាក់​ដល់​ជីវិត ឬ​រាងកាយ ឬ​ដើម្បី​ធ្វើ​ទុក្ខ​ទោស​មក​លើ​សាច់​ឈាម​គេ​ឡើយ។ ពួក​គេ​គ្រាន់តែ​អាច​កាត់​កាល​ពួក​គេ​ចេញ​ពី​សាសនា ចេញ​ពី​សមាគម​គេ ហើយ​ដក​គេ​ចេញ​ពី​ការ​រាប់​អាន​ប៉ុណ្ណោះ។

១១យើង​ខ្ញុំ​ជឿ​ថា មនុស្ស​ទាំង​ឡាយ​ត្រូវ​តវ៉ា​ទៅ​ច្បាប់​ស៊ីវិល​សូម​ឲ្យ​កែ​កំហុស និង​សាទុក្ខ​ទាំង​អស់ ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង​មក​លើ​ខ្លួន ឬ​ដែល​បាន​រំលោភ​មក​លើ​សិទ្ធិ​ខាង​ទ្រព្យសម្បត្តិ និង​ខាង​ចរិយា ដែល​មាន​ច្បាប់​បែប​នេះ​ការពារ​សិទ្ធិ​នោះ ប៉ុន្តែ​យើង​ខ្ញុំ​ជឿ​ថា មនុស្ស​ទាំង​អស់ ត្រូវ​បាន​រាប់​ថា​សុចរិត​ក្នុង​ការ​ការពារ​ខ្លួន មិត្តភក្តិ និង​ទ្រព្យសម្បត្តិ និង​រដ្ឋាភិបាល​របស់​គេ​ពី​ការ​រំលោភ និង​ការ​បំពាន​ល្មើស​ច្បាប់​នៃ​ជន​ទាំង​អស់ នៅ​ពេល​មាន​គ្រោះអាសន្ន នៅ​ពេល​ពុំ​អាច​ធ្វើ​ការ​តវ៉ា​ដល់​ច្បាប់ ហើយ​ពុំ​អាច​បាន​ការ​រំដោះ​បាន​ឆាប់ៗ។

១២យើង​ខ្ញុំ​ជឿ​ថា ជា​ការ​សុចរិត ដើម្បី​ផ្សាយដំណឹង​ល្អ​ដល់​សាសន៍​នានា​នៅ​លើ​ផែនដី ហើយ​ព្រមាន​ពួក​សុចរិត​ឲ្យ​សង្គ្រោះ​ខ្លួន​ឲ្យ​រួច​ពី​ការ​ពុករលួយ​នៃ​លោកិយ ប៉ុន្តែ​យើង​មិន​ជឿ​ថា ជា​ការ​ត្រឹម​ត្រូវ​ដើម្បី​ជ្រៀតជ្រែក​នឹង​ពួក​ទាសករ ឬ​ផ្សាយដំណឹង​ល្អ​ដល់​គេ ឬ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ ដែល​ទាស់​នឹង​បំណង និង​ការ​ប៉ង​ប្រាថ្នា​របស់​ចៅហ្វាយ​របស់​គេ ឬ​ក៏​រំខាន ឬ​មាន​អានុភាព​លើ​ពួក​គេ ទោះ​តិចតួច​យ៉ាង​ណា​ក៏​ដោយ ដែល​នឹង​បណ្ដាល​ឲ្យ​ពួក​គេ​ខក​ចិត្ត​ចំពោះ​ស្ថានការណ៍​របស់​ខ្លួន​ក្នុង​ជីវិត​នេះ ទើប​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​នៃ​មនុស្ស​ទាំង​ឡាយឡើយ ការ​ជ្រៀតជ្រែក​បែប​នេះ យើង​ខ្ញុំ​ជឿ​ថា ជា​ការ​ល្មើស​ច្បាប់ ហើយ​មិន​យុត្តិធម៌ ហើយ​មាន​គ្រោះថ្នាក់​ដល់​សេចក្ដី​សុខសាន្ត​នៃ​គ្រប់​រដ្ឋាភិបាល​ដែល​បណ្ដោយ​ឲ្យ​មនុស្ស​ជាតិ​ជាប់​ក្នុង​ទាសភាព។