ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 72
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៧២

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ​១៨៣១ (History of the Church, ១:២៣៩–២៤១)។ ពួក​អែលឌើរ និង​សមាជិក​ជា​ច្រើន​បាន​ជួបជុំ​គ្នា​ដើម្បី​រៀន​ពី​ភារកិច្ច​របស់​ពួក​គេ និង​ដើម្បី​បាន​ស្អាង​ត​ទៅ​ទៀត ក្នុង​ការ​បង្រៀន​ទាំង​ឡាយ​នៃ​សាសនាចក្រ។ កណ្ឌ​នេះ​ជា​ការ​ប្រមូល​ផ្គុំ​នៃ​វិវរណៈ​ពីរ ដែល​បាន​ទទួល​នៅ​ថ្ងៃ​ដដែល។ ខ​១ ទៅ ខ​៨ ប្រាប់​ឲ្យ​ដឹង​អំពី​ការងារ​របស់​នូវល ខេ វិតនី ជា​ប៊ីស្សព។ នៅ​ពេល​នោះ គាត់​ត្រូវ​បាន​ហៅ ហើយ​តែងតាំង បន្ទាប់​មក​ទើប​បាន​ទទួល​ពី ខ​៩ ទៅ ខ​២៦ ដោយ​ប្រាប់​ព័ត៌មាន​ត​ទៅ​ទៀត​អំពី​ភារកិច្ច​ទាំង​ឡាយ​របស់​ប៊ីស្សព។

១–៨, ពួក​អែលឌើរ​ត្រូវ​ឲ្យ​ដំណើរ​រឿង​អំពី​ការ​កាន់កាប់​ត្រួតត្រា​របស់​ពួក​គេ​ដល់​ប៊ីស្សព; ៩–១៥, ប៊ីស្សព​រក្សា​ឃ្លាំង ហើយ​ថែរក្សា​មនុស្ស​ទ័ល​ក្រ និង​មនុស្ស​កម្សត់​ទុគ៌ត; ១៦–២៦, ប៊ីស្សព​ត្រូវ​បញ្ជាក់​នូវ​ភាព​សក្ដិសម​នៃ​ពួក​អែលឌើរ។

ចូរ​ប្រុង​ស្ដាប់ ហើយ​ស្ដាប់​ដល់​សំឡេង​នៃ​ព្រះ​អម្ចាស់​ចុះ ឱ​អ្នក​រាល់​គ្នា​ដែល​បាន​ជួបជុំ​គ្នា ដែល​ជា​ពួក​សង្ឃ​ជាន់​ខ្ពស់​នៃ​សាសនាចក្រ​របស់​យើង ជា​អ្នក​ដែល​ត្រូវ​បាន​ប្រទាន​នគរ និង​អំណាច​ដល់​នោះ​អើយ។

ត្បិត​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ជា​ប្រាកដ​ថា គឺជា​ការ​ចាំ​បាច់​ដល់​យើង​សម្រាប់​ឲ្យ​មាន​ប៊ីស្សព​មួយ​តែងតាំង​ឡើង​ចំពោះ​អ្នក ឬ​អំពី​អ្នក ចំពោះ​សាសនាចក្រ នៅ​ក្នុង​ផ្នែក​នេះ​នៃ​ចម្ការ​ទំពាំងបាយជូរ​របស់​ព្រះ​អម្ចាស់។

ហើយ​ជា​ប្រាកដ​មែន អ្នក​រាល់​គ្នា​បាន​សម្រេច​ដោយ​មាន​ប្រាជ្ញា​វាងវៃ នៅ​ក្នុង​ការណ៍​នេះ ត្បិត​ព្រះ​អម្ចាស់​តម្រូវ​ពី​ដៃ​នៃ​អ្នក​កាន់កាប់​ត្រួតត្រា​គ្រប់​រូប ដើម្បី​ឲ្យ​ដំណើរ​រឿង​អំពី​ការ​កាន់កាប់​ត្រួតត្រា​របស់​ខ្លួន ព្រម​ទាំង​ក្នុង​វេលា​កាល និង​ក្នុង​ភាព​អស់​កល្ប​ជានិច្ច​ផង​ដែរ។

ត្បិត​អ្នក​ណា​ដែល​ស្មោះត្រង់​ហើយ​ឈ្លាសវៃ​ក្នុង​វេលា​កាល នោះ​រាប់​ថា​សម​នឹង​បាន​គ្រង​វិមាន​ទាំង​ឡាយ​ទុកជា​មរតក ដែល​បាន​រៀបចំ​ទុក​សម្រាប់​អ្នក​នោះ​ដោយ​ព្រះ​វរបិតា។

យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពួក​អែលឌើរ​នៃ​សាសនាចក្រ​របស់​យើង នៅ​ក្នុង​ផ្នែក​នេះ​នៃ​ចម្ការ​ទំពាំងបាយជូរ​របស់​យើង នឹង​ឲ្យ​ដំណើរ​រឿង​អំពី​ការ​កាន់កាប់​ត្រួតត្រា​របស់​ខ្លួន​ដល់​ប៊ីស្សព ដែល​នឹង​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​យើង​នៅ​ក្នុង​ផ្នែក​នេះ​នៃ​ចម្ការ​ទំពាំងបាយជូរ​របស់​យើង។

ការណ៍​ទាំង​នេះ​នឹង​ត្រូវ​មាន​ក្នុង​បញ្ជី​កត់​ទុក ដើម្បី​ប្រគល់​ដល់​ប៊ីស្សព​ក្នុង​ក្រុង​ស៊ីយ៉ូន។

ហើយ​ភារកិច្ច​នៃ​ប៊ីស្សព​នឹង​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹង ដោយ​សារ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​បាន​ប្រទាន​មក និង​ដោយ​សារ​សំឡេង​នៃ​សន្និសីទ។

ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នូវល ខេ វិតនី ជា​អ្នក​បម្រើ​របស់​យើង គឺជា​បុរស​ដែល​នឹង​ត្រូវ​តាំង និង​តែងតាំង​ចំពោះ​អំណាច​នេះ។ នេះ​គឺជា​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​អ្នក ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​អ្នក។ គឺ​ដូច្នោះ​មែន។ អាម៉ែន។

នេះ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ បន្ថែម​ទៅ​នឹង​ក្រឹត្យ​វិន័យ​ដែល​បាន​ប្រទាន​មក ដោយ​ប្រាប់​ឲ្យ​ដឹង​នូវ​ភារកិច្ច​នៃ​ប៊ីស្សព ដែល​បាន​តែង​តាំង​ដល់​សាសនាចក្រ​នៅ​ក្នុង​ផ្នែក​នេះ​នៃ​ចម្ការ​ទំពាំងបាយជូរ គឺ​ប្រាកដជា​យ៉ាង​នេះ​ថា —

១០ដើម្បី​រក្សា​ឃ្លាំង​របស់​ព្រះ​អម្ចាស់ ដើម្បី​ទទួល​មូលនិធិ​ទាំង​ឡាយ​នៃ​សាសនាចក្រ នៅ​ក្នុង​ផ្នែក​នេះ​នៃ​ចម្ការ​ទំពាំងបាយជូរ

១១ដើម្បី​ទទួល​ដំណើរ​រឿង​ពី​ពួក​អែលឌើរ ដូច​ជា​បាន​បញ្ជា​ពី​មុន​មក​ហើយ និង​ដើម្បី​ចាត់ចែង​ដល់​សេចក្ដី​ត្រូវ​ការ​ទាំង​ឡាយ​របស់​ពួក​គេ ដែល​នឹង​បង់​សម្រាប់​អ្វី​ដែល​ពួក​គេ​បាន​ទទួល ដរាបណា​ដែល​ពួក​គេ​មាន​ដើម្បី​បង់

១២ប្រយោជន៍​ឲ្យ​ការណ៍​នេះ​អាច​បាន​ថ្វាយ​ដល់​ការ​ល្អ​នៃ​សាសនាចក្រ គឺ​ដល់​មនុស្ស​ទ័ល​ក្រ និង​មនុស្ស​កម្សត់​ទុគ៌ត។

១៣ហើយ​អ្នក​ណា​ដែល​ពុំ​មាន​ដើម្បី​បង់ ត្រូវ​មាន​បញ្ជី​មួយ​កត់​ទុក ហើយ​ឲ្យ​ទៅ​ប៊ីស្សព​នៃ​ក្រុង​ស៊ីយ៉ូន ដែល​នឹង​បង់​បំណុល​ចេញ​ពី​អ្វី​ដែល​ព្រះ​អម្ចាស់​នឹង​ដាក់​ក្នុង​ដៃ​របស់​គាត់។

១៤ហើយ​ការងារ​ទាំង​ឡាយ​នៃ​ពួក​ស្មោះត្រង់ ដែល​ធ្វើ​ការងារ​ខាង​វិញ្ញាណ​ក្នុង​ការ​ចាត់ចែង​ដំណឹង​ល្អ និង​ការណ៍​ទាំង​ឡាយ​នៃ​នគរ​ចំពោះ​សាសនាចក្រ និង​ចំពោះ​ពិភពលោក នោះ​នឹង​បង់​បំណុល​ដល់​ប៊ីស្សព​នៅ​ក្រុង​ស៊ីយ៉ូន។

១៥ម្ល៉ោះ​ហើយ សំណង​នោះ​យក​ចេញ​មក​ពី​សាសនាចក្រ ត្បិត​តាម​ក្រឹត្យ​វិន័យ មនុស្ស​គ្រប់​រូប​ដែល​ឡើង​មក​ក្រុង​ស៊ីយ៉ូន ត្រូវ​ដាក់​របស់​ទាំង​អស់​នៅ​ចំពោះ​ប៊ីស្សព​នៅ​ក្រុង​ស៊ីយ៉ូន។

១៦ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មក​ពី​អែលឌើរ​គ្រប់​រូប​នៅ​ក្នុង​ផ្នែក​នេះ​នៃ​ចម្ការ​ទំពាំងបាយជូរ ត្រូវ​ឲ្យ​ដំណើរ​រឿង​អំពី​ការ​កាន់កាប់​ត្រួតត្រា​របស់​ខ្លួន​ដល់​ប៊ីស្សព​នៅ​ក្នុង​ផ្នែក​នេះ​នៃ​ចម្ការ​ទំពាំងបាយជូរ —

១៧ប័ណ្ណ​ពី​ចៅក្រម ឬ​ប៊ីស្សព​នៅ​ក្នុង​ផ្នែក​នេះ​នៃ​ចម្ការ​ទំពាំងបាយជូរ ជូន​ដល់​ប៊ីស្សព​នៅ​ក្រុង​ស៊ីយ៉ូន ប្រាប់​ឲ្យ​ទទួល​ស្គាល់​មនុស្ស​នោះ​ថា​សក្ដិសម ហើយ​ឆ្លើយ​ចំពោះ​ការណ៍​គ្រប់​យ៉ាង​សម្រាប់​ជា​កេរមរតក និង​ដើម្បី​ឲ្យ​បាន​ទទួល​ស្គាល់​ថា​ជា​អ្នក​កាន់កាប់​ត្រួតត្រា​ដ៏​ឈ្លាសវៃ ហើយ​ជា​អ្នក​ធ្វើ​ការ​ដោយ​ស្មោះ​ត្រង់

១៨បើ​ពុំ​នោះ​សោត​ទេ អ្នក​នោះ​នឹង​មិន​ត្រូវ​ទទួល​ស្គាល់ ដោយ​ប៊ីស្សព​នៃ​ក្រុង​ស៊ីយ៉ូន​ឡើយ។

១៩ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ​អែលឌើរ​គ្រប់​រូប​ដែល​នឹង​ឲ្យ​ដំណើរ​រឿង​ដល់​ប៊ីស្សព​នៃ​សាសនាចក្រ​នៅ​ក្នុង​ផ្នែក​នៃ​ចម្ការ​ទំពាំងបាយជូរ​នេះ បាន​អនុសាស​ដោយ​សាសនាចក្រ ឬ​សាសនាចក្រ​ទាំង​ឡាយ ជាទី​ដែល​អ្នក​នោះ​ធ្វើ​ការ ប្រយោជន៍​ឲ្យ​អ្នក​នោះ​បណ្ដាល​ឲ្យ​ខ្លួន និង​ដំណើរ​រឿង​របស់​ខ្លួន​បាន​អនុម័ត​នៅ​គ្រប់​ការណ៍​ទាំង​អស់។

២០ហើយ​ជា​ថ្មី​ទៀត ចូរ​ឲ្យ​ពួក​អ្នក​បម្រើ​របស់​យើង​ណា ដែល​បាន​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​កាន់កាប់​ត្រួតត្រា​លើ​កាតព្វកិច្ច​ខាង​ការ​សរសេរ​នៃ​សាសនាចក្រ​របស់​យើង បាន​ជំនួយ​ពី​ប៊ីស្សព ឬ​ពួក​ប៊ីស្សព​នៅ​គ្រប់​ទាំង​អស់ —

២១ប្រយោជន៍​ឲ្យ​វិវរណៈ​ទាំង​ឡាយ​អាច​បាន​បោះពុម្ពផ្សាយ ហើយ​ចេញ​ទៅ​ដល់​ទៅ​ចុង​បំផុត​នៃផែនដី ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​មូលនិធិ​ទាំង​ឡាយ ដែល​នឹង​ទៅ​ជា​ផល​ប្រយោជន៍​ដល់​សាសនាចក្រ​នៅ​គ្រប់​ទាំង​អស់​ផង

២២ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ប្រគល់​ខ្លួន ឲ្យ​បាន​អនុម័ត​នៅ​គ្រប់​ទាំង​អស់ ហើយ​បាន​រាប់​ថា​ជា​ពួក​អ្នក​កាន់កាប់​ត្រួតត្រា​ដ៏​ឈ្លាស​វៃ​ផង​ដែរ។

២៣ហើយ​ឥឡូវ​នេះ មើល​ចុះ នេះ​ត្រូវ​ទៅ​ជា​គំរូ​ដល់​អស់​ទាំង​សាខា​ទូ​ទៅ​នៃ​សាសនាចក្រ​របស់​យើង ទោះ​ជា​នៅ​ដែនដី​ណា​ក៏​ដោយ ដែល​ពួក​គេ​បាន​តាំង​ឡើង។ ហើយ​ឥឡូវ​នេះ យើង​បញ្ចប់​ការ​និយាយ​របស់​យើង​សិន​ហើយ។ អាម៉ែន។

២៤មាន​ពាក្យ​បន្តិចបន្តួច​ទៀត​ដល់​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​នគរ ដែល​ទាក់​ទង​ទៅ​នឹង​ពួក​សមាជិក​នៃ​សាសនាចក្រ — ពួក​គេ​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដើម្បី​ឲ្យ​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន និង​ពួក​គេ​ដែល​មាន​ឯកសិទ្ធិ ដើម្បី​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន​ថា —

២៥ចូរ​ឲ្យ​ពួក​គេ​កាន់​ប័ណ្ណ​ឡើង​ទៅ​ជូន​ប៊ីស្សព ពី​ពួក​អែលឌើរ​បី​នាក់​នៃ​សាសនាចក្រ ឬ​ក៏​ប័ណ្ណ​ពី​ប៊ីស្សព

២៦បើ​ពុំ​នោះ​សោត​ទេ អ្នក​ណា​ដែល​នឹង​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន នោះ​នឹង​មិន​ត្រូវ​បាន​រាប់​ថា​ជា​អ្នក​កាន់កាប់​ត្រួតត្រា​ដ៏​ឈ្លាសវៃ​ឡើយ។ នេះ​ក៏​ជា​គំរូ​ដែរ។ អាម៉ែន៕