ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 55
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៥៥

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​វិលលាម ដ័បបុលយូ ហ្វែប្ស នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ខែ​មិថុនា ឆ្នាំ​១៨៣១ (History of the Church, ១:១៨៤–១៨៦)។ វិលលាម ដ័បបុលយូ ហ្វែប្ស​ជា​អ្នក​បោះពុម្ព ហើយ​គ្រួសារ​របស់​គាត់​ទើប​តែ​មក​ដល់​ក្រុង​ខឺតឡង់ ហើយ​ព្យាការី​បាន​ទូល​ដល់​ព្រះ​អម្ចាស់​សូម​ដំណឹង​អំពី​គាត់។

១–៣, វិលលាម ដ័បបុលយូ ហ្វែប្ស ត្រូវ​បាន​ហៅ ហើយ​រើស​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ឲ្យ​តែងតាំង​ជា​អែលឌើរ ហើយ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ; , គាត់​ក៏​ត្រូវ​សរសេរ​សៀវភៅ​សម្រាប់​កូន​ក្មេង​នៅ​ក្នុង​សាលា​នៃ​សាសនាចក្រ​ដែរ; ៥–៦, គាត់​ត្រូវ​ធ្វើ​ដំណើរ​ទៅ រដ្ឋ​មិសសួរី ដែល​នឹង​ត្រូវ​ទៅ​ជា​តំបន់​នៃ​កិច្ចការ​របស់​គាត់។

មើល​ចុះ វិលលាម ជា​អ្នក​បម្រើ​របស់​យើង​អើយ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​អ្នក មែន​ហើយ គឺជា​ព្រះ​អម្ចាស់​នៃ​ផែនដី​ទាំង​មូល​ថា អ្នក​ត្រូវ​បាន​ហៅ ហើយ​រើស ហើយ​បន្ទាប់​ពី​អ្នក​ត្រូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ដោយ​ទឹក បើ​សិន​ជា​អ្នក​ធ្វើ​ដោយ​ភ្នែក​ស្មោះត្រង់​ទាំង​ស្រុង ចំពោះ​សិរី​ល្អ​របស់​យើង នោះ​អ្នក​នឹង​ត្រូវ​បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​អ្នក និង​ការ​ទទួល​យក​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយ​សារ​ការ​ដាក់​ដៃ​លើ។

ហើយ​ខណៈ​នោះ អ្នក​នឹង​ត្រូវ​បាន​តែងតាំង​ដោយ​ដៃ​របស់​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​ធ្វើ​ជា​អែលឌើរ​ចំពោះ​សាសនាចក្រ​នេះ ដើម្បី​ផ្សាយ​ពី​ការ​ប្រែ​ចិត្ត និង​ការ​ផ្ដាច់​បាប​ទាំង​ឡាយ ដោយ​សារ​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ។

ហើយ​ដល់​អស់​អ្នក​ណា​ដែល​អ្នក​ដាក់​ដៃ​លើ បើ​សិន​ជា​ពួក​គេ​មាន​ចិត្ត​ទន់​ទាប​នៅ​ចំពោះ​យើង នោះ​អ្នក​ត្រូវ​មាន​អំណាច ដើម្បី​ប្រគល់​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

ហើយ​ជា​ថ្មី​ទៀត អ្នក​ត្រូវ​បាន​តែងតាំង​ឡើង​ឲ្យ​ជួយ អូលីវើរ ខៅឌើរី ជា​អ្នក​បម្រើ​របស់​យើង ដើម្បី​ធ្វើ​កិច្ចការ​ខាង​បោះពុម្ព និង​ខាង​ជ្រើសរើស ហើយ​សរសេរ​សៀវភៅ​សម្រាប់​សាលារៀន​ទាំង​ឡាយ​នៅ​ក្នុង​សាសនាចក្រ ប្រយោជន៍​ឲ្យ​កូន​ក្មេង​តូច​អាច​បាន​ទទួល​ការ​បង្គាប់​ផង​ដែរ​នៅ​ចំពោះ​យើង ដែល​គាប់​ចិត្ត​ដល់​យើង។

ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ដោយ​សារ​ហេតុ​នេះ ទើប​អ្នក​ត្រូវ​ចេញ​ដំណើរ​របស់​អ្នក​ទៅ​ជា​មួយ យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង​ស៊ីឌនី រិកដុន ជា​ពួក​អ្នក​បម្រើ​របស់​យើង ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​តាំងនៅ​ក្នុង​ដែនដី​នៃ​កេរ្តិ៍​អាករ​របស់​អ្នក ដើម្បី​ធ្វើ​កិច្ចការ​នេះ។

ហើយ​ជា​ថ្មី​ទៀត ចូរ​ឲ្យ​យ៉ូសែប ខូ ជា​អ្នក​បម្រើ​របស់​យើង ចេញ​ដំណើរ​របស់​គាត់​ទៅ​ជា​មួយ​ពួក​គេ​ដែរ។ ហើយ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ដឹង​នៅ​ពេល​ខាង​មុខ តាម​ដែល​យើង​សព្វ​ព្រះ​ហឫទ័យ។ អាម៉ែន៕