ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 49
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៤៩

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​ស៊ីឌនី រិកដុន, ប៉ាលី ភី ប្រាត្ត, និង​លីម៉ាន ខូព្លី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ខែ​មីនា ឆ្នាំ​១៨៣១ (History of the Church, ១:១៦៧–១៦៩)។ (ប្រភព​ទឹក​ខាង​ប្រវត្តិសាស្ត្រ​ខ្លះៗ កាលបរិច្ឆេទ​អំពី​វិវរណៈ​នេះ ជា​ខែ​ឧសភា ឆ្នាំ​១៨៣១)។ លីម៉ាន ខូព្លី បាន​ឱប​យក​ដំណឹង​ល្អ ប៉ុន្តែ​នៅ​តែ​កាន់​តាម​ការ​បង្រៀន​ខ្លះៗ​នៃ​ពួក Shakers (United Society of Believers in Christ’s Second Appearing) [ពួក​សេកើរ (សមាគម​នៃ​ពួក​អ្នក​ជឿ​ដល់​ការ​យាង​មក​លើក​ទី​ពីរ​របស់​ព្រះ​គ្រីស្ទ)] ដែល​គាត់​បាន​ចូល​រួម​ពីមុន។ ជំនឿ​ខ្លះៗ​ដែល​ពួក​សេកើរ​ជឿ គឺថា​ការ​យាង​មក​លើក​ទី​២​របស់​ព្រះ​គ្រីស្ទ នោះ​បាន​កើត​រួច​ទៅ​ហើយ ហើយ​ថា​ទ្រង់​បាន​លេច​មក​ក្នុង​រូបរាង​ជា​ស្ត្រី ឈ្មោះ អាណ លី; បុណ្យ​ជ្រមុជ​ដោយ​ទឹក ពុំ​បាន​គិត​ថា​ជា​ការ​សំខាន់​ឡើយ; ការ​បរិភោគ​សាច់​ជ្រូក​ត្រូវ​បាន​ហាម​ផ្ដាច់ ហើយ​មនុស្ស​ជា​ច្រើន​ពុំ​បាន​បរិភោគ​សាច់​ណា​ឡើយ; ហើយ​ភាព​នៅ​ព្រហ្មចារី​នោះ​គិត​ថា​ខ្ពស់​ជាង​អាពាហ៍ពិពាហ៍។ ក្នុង​បុព្វកថា​ចំពោះ​វិវរណៈ​នេះ ព្យាការី​បាន​សរសេរ​ថា ៖ « ដើម្បី​ឲ្យ​មាន​យោបល់​ពេញ​ខ្នាត​អំពី​កម្មវត្ថុ ខ្ញុំ​បាន​សូម​ដល់​ព្រះ​អម្ចាស់ ហើយ​បាន​ទទួល​ដូចដែល​មាន​ត​ទៅ​នេះ » (History of the Church, ១:១៦៧)។ វិវរណៈ​ឆ្លើយ​បដិសេធ​នូវ​គំនិត​ជា​គោល​ខ្លះៗ​របស់​ពួក​សេកើរ។ ពួក​បង​ប្អូន​ទាំង​ប៉ុន្មាន​ដែល​បាន​និយាយ​ដល់​នោះ បាន​ចម្លង​យក​វិវរណៈ​ទៅ​ឯ​សហគមន៍​សេកើរ (នៅ​ក្បែរ​ក្រុង​ឃ្លីវឡិន រដ្ឋ​អូហៃអូ) ហើយ​អាន​ឲ្យ​ពួក​គេ​ស្ដាប់​ទាំង​ស្រុង ប៉ុន្តែ​វិវរណៈ​នោះ​ត្រូវ​គេ​បដិសេធ។

១–៧, ថ្ងៃ និង​ម៉ោង​នៃ​ការ​យាង​មក​របស់​ព្រះ​គ្រីស្ទ នោះ​នឹង​គ្មាន​នរណា​ដឹង​ឡើយ រហូត​ដល់​ទ្រង់​យាង​មក; ៨–១៤, មនុស្ស​លោក​ត្រូវ​ប្រែ​ចិត្ត​ជឿ​ដល់​ដំណឹង​ល្អ ហើយ​គោរព​តាម​ពិធី​បរិសុទ្ធ​ទាំង​ឡាយ​ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ; ១៥–១៦, អាពាហ៍ពិពាហ៍​ត្រូវ​បាន តែង​តាំង​ពី​ព្រះ; ១៧–២១, ការ​បរិភោគ​សាច់​ត្រូវ​បាន​អនុញ្ញាត; ២២–២៨, ក្រុង​ស៊ីយ៉ូន​នឹង​លូតលាស់​ឡើង ហើយ​ពួក​សាសន៍​លេមិន​នឹង​រីក​ឡើង​ដូច​ជា​កូឡាប មុន​ការ​យាង​មក​លើក​ទី​ពីរ។

ចូរ​ប្រុង​ស្ដាប់​ដល់​ព្រះ​បន្ទូល​របស់​យើង ស៊ីឌនី និង​ប៉ាលី និង​លីម៉ាន ជា​ពួក​អ្នក​បម្រើ​របស់​យើង​អើយ ត្បិត​មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ប្រទាន​ដល់​អ្នក​នូវ​បញ្ញត្តិ​មួយ​ថា អ្នក​ត្រូវ​ទៅ ហើយ​ផ្សាយដំណឹង​ល្អ​របស់​យើង​ដែល​អ្នក​បាន​ទទួល​ម​ក ដូច​ជា​អ្នក​រាល់​គ្នា បាន​ទទួល​មក ទៅ​ប្រាប់​ដល់​ពួក​សេកើរ​ចុះ។

មើល​ចុះ យើង​ប្រាប់​អ្នក​ថា ពួក​គេ​ប៉ងប្រាថ្នា​ចង់​ដឹង​ពី​សេចក្ដី​ពិត​តាម​ភាគៗ ប៉ុន្តែ​មិនមែន​ទាំង​អស់​ទេ ព្រោះ​ពួក​គេ​មិន​ត្រឹម​ត្រូវ​នៅ​ចំពោះ​យើង​ឡើយ ហើយ​ត្រូវ​ការ​ប្រែ​ចិត្ត។

ហេតុ​ដូច្នោះ​ហើយ ស៊ីឌនី និង ប៉ាលី ជា​ពួក​អ្នក​បម្រើ​របស់​យើង​អើយ យើង​ចាត់​ឲ្យ​អ្នក​ទៅ​ផ្សាយដំណឹង​ល្អ​ដល់​ពួក​គេ។

ហើយ​លីម៉ាន ជា​អ្នក​បម្រើ​របស់​យើង ត្រូវ​បាន​តែងតាំង​ឡើង​ឲ្យ​ធ្វើ​កិច្ចការ​នេះ ដើម្បី​ឲ្យ​គាត់​ពិភាក្សា​ជាមួយ​ពួក​គេ ពុំ​មែន​តាម​អ្វី​ដែល​គាត់​បាន​ទទួល​ពី​ពួក​គេ​នោះ​ទេ ប៉ុន្តែ​តាម​អ្វី​ដែល​នឹង​ត្រូវ​បាន​បង្រៀន​ដល់​គាត់ ដោយ​ពួក​អ្នក ជា​ពួក​អ្នក​បម្រើ​របស់​យើង​វិញ ហើយ​ដោយ​ធ្វើ​តាម​របៀប​នេះ យើង​នឹង​ប្រទាន​ពរ​ដល់​គាត់ បើ​ពុំ​នោះ​សោត​ទេ គាត់​នឹង​មិន​លូតលាស់​ឡើយ។

ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ត្បិត​យើង​ជា​ព្រះ ហើយ​បាន​ចាត់​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង​ឲ្យ​មក​ឯ​ពិភពលោក សម្រាប់​សេចក្ដី​ប្រោស​លោះ​ពិភពលោក ហើយ​បាន​ចេញ​បញ្ញត្តិ​ថា អ្នក​ណា​ដែល​ទទួល​ទ្រង់ នោះ​នឹង​បាន​សង្គ្រោះ ហើយ​អ្នក​ណា​ដែល​មិន​ទទួល​ទ្រង់​ទេ នោះ​នឹង​ត្រូវ​ជាប់​ទោស —

ហើយ​ពួក​គេ​បាន​ប្រព្រឹត្ត​ដល់​កូន​មនុស្ស​តាម​តែ​ចិត្ត​ពួក​គេ ហើយ​ទ្រង់​បាន​ទទួល​យក​ព្រះ​ចេស្ដា​របស់​ទ្រង់​នៅ​ខាង​ព្រះ​ហស្ត​ស្ដាំ​នៃ​សិរី​ល្អ​របស់​ទ្រង់ ហើយ​ឥឡូវ​នេះ សោយរាជ្យ​នៅ​លើ​ស្ថាន​សួគ៌ ហើយ​នឹង​សោយរាជ្យ​រហូត​ដល់​ទ្រង់​យាង​ចុះ​មក​លើ​ផែនដី ដើម្បី​ដាក់​អស់ ទាំង​ខ្មាំងសត្រូវ​នៅ​ក្រោម​ព្រះ​បាទ​ទ្រង់ រីឯ​ពេល​នោះ​នៅ​ជិត​ដៃ​បង្កើយ —

យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ បាន​មាន​បន្ទូល​ថា​ដូច្នោះ ប៉ុន្តែ​ម៉ោង និង​ថ្ងៃ​នោះ នោះ​គ្មាន​នរណា​ដឹង​ឡើយ សូម្បីតែ​ពួក​ទេវតា​នៅ​លើ​ស្ថាន​សួគ៌​ផង​ដែរ ហើយ​ពួក​គេ​ក៏​នឹង​ពុំ​ដឹង​ឡើយ រហូត​ដល់​ទ្រង់​យាង​មក។

ហេតុ​ដូច្នោះ​ហើយ យើង​សព្វ​ព្រះ​ហឫទ័យ​ចង់​ឲ្យ​មនុស្ស​លោក​ទាំង​អស់​ប្រែ​ចិត្ត ត្បិត​មនុស្ស​ទាំង​អស់​នៅ​ក្រោម​អំពើ​បាប លើក​លែង​តែ​ពួក​អ្នក​នោះ​ដែល​យើង​បាន​ទុក​សម្រាប់​យើង គឺ​ពួក​មនុស្ស​បរិសុទ្ធ ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់​ឡើយ​នោះ។

ហេតុ​ដូច្នោះ​ហើយ យើង​ប្រាប់​អ្នក​ថា យើង​បាន​បញ្ជូន​ដល់​អ្នក​នូវ​សេចក្ដី​សញ្ញា​ដ៏​អស់​កល្ប​ជានិច្ច គឺជា​អ្វី​ដែល​មាន​តាំង​ពី​ដើមដំបូង​មក​ម្ល៉េះ។

១០ហើយ​ដែល​យើង​បាន​សន្យា​ថា​នឹង​បំពេញ ហើយ​ពួក​សាសន៍​ទាំង​ឡាយ​នៃ​ផែនដី​នឹង​ក្រាប​ដល់​សេចក្ដី​សញ្ញា​នោះ ហើយ​បើ​សិន​ជា​ពុំ​មែន​ដោយ​ពួក​គេ​ទេ នោះ​ពួក​គេ​នឹង​ចុះ​មក ត្បិត​អ្វី​ដែល​តម្កើង​ឡើង​ឥឡូវ​នេះ នឹង​ត្រូវ​បន្ទាប​អំណាច​ចុះ។

១១ហេតុ​ដូច្នោះ​ហើយ យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក​ទៅ​ក្នុង​ចំណោម​ពួក​ប្រជារាស្ត្រ​នេះ ហើយ​ប្រាប់​ពួក​គេ ដូច​ជា​សាវក​បុរាណ​របស់​យើង ដែល​មាន​ឈ្មោះ​ថា​ពេត្រុស ៖

១២ចូរ​ជឿ​ដល់​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​យេស៊ូវ ដែល​បាន​គង់​នៅ​លើ​ផែនដី ហើយ​នឹង​យាង​មក ជាដើម ហើយ​ជា​ចុង​ចុះ

១៣ចូរ​ប្រែ​ចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ តាម​ព្រះ​បញ្ញត្តិ​ដ៏​បរិសុទ្ធ​សម្រាប់​ការ​ផ្ដាច់​បាប​ចុះ

១៤ហើយ​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដូច្នេះ នោះ​នឹង​បាន​ទទួល​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដោយ​សារ​ការ​ដាក់​ដៃ​លើ​នៃ​ពួក​អែលឌើរ​របស់​សាសនាចក្រ។

១៥ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​ហាមប្រាម​មិន​ឲ្យ​រៀបការ នោះ​ពុំ​មែន​បាន​តែងតាំង​ពី​ព្រះ​ទេ ត្បិត​អាពាហ៍ពិពាហ៍​ត្រូវ​បាន​តែងតាំង​មក​ពី​ព្រះ​ដល់​មនុស្ស។

១៦ហេតុ​ដូច្នោះ​ហើយ គឺ​ត្រឹម​ត្រូវ​តាម​ច្បាប់​ថា បុរស​ត្រូវ​មាន​ភរិយា​មួយ ហើយ​អ្នក​ទាំង​ពីរ​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ ហើយ​គ្រប់​ទាំង​អស់​នេះ ដើម្បី​ឲ្យ​ផែនដី​អាច​បំពេញ​គោលបំណង​នៃ​ការ​បង្ក​បង្កើត

១៧ហើយ​ដើម្បី​ឲ្យ​ផែនដី​អាច​បាន​ពេញ​ទៅ​ដោយ​មនុស្ស​តាម​ការ​បង្ក​បង្កើត​របស់​ទ្រង់ មុន​កំណើត​លោកិយ​មក​ម្ល៉េះ។

១៨ហើយ​អស់​អ្នក​ណា​ដែល​ហាមប្រាម​ឲ្យ​តម​សាច់ ដែល​ថា​មនុស្ស​មិន​ត្រូវ​បរិភោគ​សាច់​ឡើយ​នោះ ពុំ​មែន​បាន​តែងតាំង​ពី​ព្រះ​ទេ

១៩ត្បិត​មើល​ចុះ សត្វ​ជើង​បួន​លើ​វាល និង​សត្វ​ហើរ​លើ​អាកាស ហើយ​អ្វី​ដែល​កើត​មក​ពី​ផែនដី​ផង ត្រូវ​បាន​តែងតាំង​សម្រាប់​ឲ្យ​មនុស្ស​យក​មក​ប្រើ​ប្រាស់ សម្រាប់​ជា​អាហារ និង​សម្រាប់​ជា​សំលៀកបំពាក់ ហើយ​ដើម្បី​ឲ្យ​គេ​អាច​មាន​ជា​បរិបូរ។

២០ប៉ុន្តែ​ពុំ​បាន​ប្រទាន​ឲ្យ​មក ដើម្បី​ឲ្យ​មនុស្ស​ម្នាក់​មាន​លើស​ជាង​អ្នក​ផ្សេង​ឡើយ ហេតុ​ដូច្នោះ​ហើយ ទើប​មនុស្ស​លោក​ស្ថិតនៅ​ក្នុង​អំពើ​បាប។

២១ហើយ​វេទនា​ដល់​អ្នក​ណា ដែល​ខ្ចាយ​ឈាម ឬ​ដែល​បំផ្លាញ​សាច់​សត្វ​ចោល ហើយ​មិន​ត្រូវ​ការ។

២២ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កូន​មនុស្ស​នឹង​មិន​យាង​មក​ក្នុង​រូបរាង​ជា​ស្ត្រី​ឡើយ ឬ​ជា​បុរស​ដែល​ធ្វើ​ដំណើរ​នៅ​លើ​ផែនដី​ដែរ។

២៣ហេតុ​ដូច្នោះ​ហើយ ចូរ​កុំ​វង្វេង​ចេញ​ឡើយ ប៉ុន្តែ​ចូរ​នៅ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ចុះ ដោយ​សម្លឹង​មើល​ផ្ទៃ​មេឃ​នឹង​ញាប់​ញ័រ ហើយ​ផែនដី​នឹង​ញ័រ​រន្ធត់ ហើយ​ទ្រេតទ្រោត ដូច​ជា​មនុស្ស​ស្រវឹង ហើយ​ច្រក​ភ្នំ​ទាំង​ឡាយ​នឹង​ត្រូវ​លើក​ឡើង ហើយ​ភ្នំ​ធំៗ​នឹង​ត្រូវ​ពង្រាប​ចុះ ហើយ​កន្លែង​ណា​ដែល​រដិបរដុប​នឹង​ត្រូវ​ធ្វើ​ឲ្យ​រាប​ចុះ — ហើយ​គ្រប់​ទាំង​អស់​នេះ ក្នុង​កាល​ទេវតា​នឹង​ផ្លុំ​ត្រែ​របស់​លោក។

២៤ប៉ុន្តែ​មុន​ថ្ងៃ​ដ៏​ធំ​នៃ​ព្រះ​អម្ចាស់​មក​ដល់ នោះ​យ៉ាកុប​នឹង​លូតលាស់​នៅ​ក្នុង​ទី​រហោស្ថាន ហើយ​ពួក​សាសន៍​លេមិន​នឹង​ត្រូវ​ផ្កា​ឡើង​ដូច​ជា​កូឡាប។

២៥ក្រុង​ស៊ីយ៉ូន​នឹង​លូតលាស់​នៅ​លើ​ភ្នំ​តូច ហើយ​ត្រេកអរ​នៅ​លើ​ភ្នំ​ធំៗ ហើយ​នឹង​ជួបជុំ​គ្នា​នៅ​ឯ​កន្លែង​ដែល​យើង​បាន​កំណត់ទុក។

២៦មើល​ចុះ យើង​ប្រាប់​អ្នក​ថា ចូរ​ចេញ​ទៅ​ដូច​ជា​យើង​បាន​បញ្ជា​អ្នក ចូរ​ប្រែ​ចិត្ត​ពី​អស់​ទាំង​អំពើ​បាប​របស់​អ្នក ចូរ​សូម នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ចូរ​គោះ នោះ​តែង​នឹង​បាន​បើក​ឲ្យ​អ្នក។

២៧មើល​ចុះ យើង​នឹង​យាង​នាំ​មុខ​អ្នក ហើយ​នឹង​ការពារ​នៅ​ខាង​ក្រោយ​អ្នក​ផង ហើយ​យើង​នឹង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ហើយ​អ្នក​នឹង​មិន​ត្រូវ​បំភាន់​ឡើយ។

២៨មើល​ចុះ យើង​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​យើង​មក​យ៉ាង​ឆាប់​រហ័ស។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕