ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 102

កណ្ឌ​ទី ១០២

កំណត់ហេតុ​អំពី​ការ​រៀបចំ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​លើក​ទី​មួយ​នៃ​សាសនាចក្រ នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​១៨៣៤ (History of the Church, ២:២៨–៣១)។ កំណត់ហេតុ​ដើម​ត្រូវ​បាន​កត់​ដោយ​អែលឌើរ​អូលីវើរ ខៅឌើរី និង​អែលឌើរ​អួរសុន ហៃឌ៍។ ពីរ​ថ្ងៃ​ក្រោយ​មក កំណត់ហេតុ​ត្រូវ​បាន​កែប្រែ​ដោយ​ព្យាការី អាន​ឲ្យ​ក្រុម​ប្រឹក្សា​ស្ដាប់ ហើយ​ទទួល​ស្គាល់​ដោយ​ក្រុម​ប្រឹក្សា។ ខ​៣០ ទៅ​៣២ ដែល​ទាក់​ទង​ទៅ​នឹង​ក្រុម​ប្រឹក្សា​នៃ​ពួក​សាវក​១២​នាក់ នោះ​ត្រូវ​បាន​បញ្ចូល​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ នៅ​ឆ្នាំ ១៨៣៥ កាល​លោក​បាន​រៀបចំ​កណ្ឌ​នេះ​សម្រាប់​បោះពុម្ព នៅ​ក្នុង​គោល​លទ្ធិ​និង​សេចក្ដី​សញ្ញា។

១–៨, ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ត្រូវ​បាន​តាំង​ឡើង​ឲ្យ​ដោះ​ស្រាយ​បញ្ហា​សំខាន់ៗ​ទាំង​ឡាយ ដែល​មាន​ឡើង​ក្នុង​សាសនាចក្រ; ៩–១៨, បែបបទ​ត្រូវ​បាន​ប្រទាន​ឲ្យ​សម្រាប់​កាត់​សេចក្ដី​ទាំង​ឡាយ; ១៩–២៣, ប្រធាន​នៃ​ក្រុម​ប្រឹក្សា​ធ្វើ​ការ​សម្រេច​ចិត្ត ២៤–៣៤, បែបបទ​ខាង​ការ​ប្ដឹង​ឧទ្ធរណ៍​ត្រូវ​បាន​ចែង​ប្រាប់។

ថ្ងៃ​នេះ​ក្រុម​ប្រឹក្សា​ទូ​ទៅ​នៃ​ពួក​សង្ឃ​ជាន់​ខ្ពស់​២៤​នាក់ បាន​ប្រជុំ​គ្នា​នៅ​ផ្ទះ​របស់​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ដោយ​វិវរណៈ ហើយ​បាន​ចាប់​ផ្ដើម​រៀបចំ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ នៃ​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ ដែល​មាន​ពួក​សង្ឃ​ជាន់​ខ្ពស់​១២​នាក់ និង​ប្រធាន​មួយ ឬ​បី​នាក់ តាម​ដែល​ករណី​តម្រូវការ។

ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ត្រូវ​បាន​តាំង​ឡើង​ដោយ​វិវរណៈ សម្រាប់​គោលបំណង​ខាង​ការ​ដោះ​ស្រាយ​បញ្ហា​សំខាន់ៗ​ទាំង​ឡាយ ដែល​អាច​មាន​ឡើង​នៅ​ក្នុង​សាសនាចក្រ ដែល​ពុំ​អាច​ដោះ​ស្រាយ​បាន​ដោយ​សាសនាចក្រ ឬ​ដោយ​ក្រុម​ប្រឹក្សា​នៃ​ប៊ីស្សព ដើម្បី​ផ្សះផ្សា​ក្រុម​ទាំង​ឡាយ។

យ៉ូសែប ស៊្មីធ ជុញ្ញ័រ, ស៊ីឌនី រិកដុន, និង​ហ្វ្រែឌើរិក ជី វិលលាម្ស ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ប្រធាន ដោយ​សំឡេង​នៃ​ក្រុម​ប្រឹក្សា ហើយ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ, យ៉ូហាន ស៊្មីធ, យ៉ូសែប ខូ, យ៉ូហាន ចនសុន, ម៉ាទិន ហារិស, យ៉ូហាន អែស ខារតើរ, យ៉ារេឌ ខារតើរ, អូលីវើរ ខៅឌើរី, សាំ​យ៉ូអែល អេ​ច ស៊្មីធ, អួរសុន ហៃឌ៍, សិលវ៉ែស្ទើរ ស៊្មីធ, និង លូកា ចនសុន, ដែល​ជា​ពួក​សង្ឃ​ជាន់​ខ្ពស់ ត្រូវ​បាន​រើស​ឲ្យ​ធ្វើ​ជា​ក្រុម​ប្រឹក្សា​ដែល​នៅ​អចិន្ត្រៃយ៍​សម្រាប់​សាសនាចក្រ ដោយ​សំឡេង​នៃ​ក្រុម​ប្រឹក្សា​ជា​ឯកច្ឆន្ទ។

ពួក​ទីប្រឹក្សា​ដែល​មាន​ឈ្មោះ​ខាង​លើ ត្រូវ​បាន​សួរ​ថា​តើ​ពួក​គេ​ព្រម​ទទួល​ការ​តែងតាំង​របស់​ខ្លួន ហើយ​ថា​តើ​ពួក​គេ​ព្រម​ធ្វើ​ការ​ក្នុង​តំណែង​នោះ តាម​ក្រឹត្យ​វិន័យ​នៃ​ស្ថាន​សួគ៌​ឬ​ទេ ចំពោះ​សំណួរ​ទាំង​នេះ ពួក​គេ​ទាំង​អស់​គ្នា​បាន​ឆ្លើយ​ថា ពួក​គេ​ព្រម​ទទួល​ការ​តែងតាំង​របស់​ពួក​គេ ហើយ​ព្រម​បំពេញ​តំណែង​របស់​ពួក​គេ​តាម​ព្រះ​គុណ​នៃ​ព្រះ ដែល​បាន​ប្រទាន​មក​លើ​ពួក​គេ។

ចំនួន​មនុស្ស​ដែល​ធ្វើ​ជា​ក្រុម​ប្រឹក្សា ដែល​បាន​បោះឆ្នោត នៅ​ក្នុង​នាម និង​សម្រាប់​សាសនាចក្រ ក្នុង​ការ​តែងតាំង​ពួក​ទីប្រឹក្សាដែល​មាន​ឈ្មោះ​ខាង​លើ​នេះ គឺ​៤៣​នាក់ ដូច​ជា​មាន​ដូច​ត​ទៅ​នេះ គឺ ៖ ពួក​សង្ឃ​ជាន់​ខ្ពស់​៩​នាក់, ពួក​អែលឌើរ​១៧​នាក់, ពួក​សង្ឃ​៤​នាក់, និង​សមាជិក​១៣​នាក់។

បាន​បោះឆ្នោត​ថា ៖ ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ពុំ​អាច​មាន​អំណាច ដើម្បី​ធ្វើ​ការ​បាន​ឡើយ លើក​លែងតែ​ពួក​ទី​ប្រឹក្សា​៧​នាក់​ដែល​មាន​ឈ្មោះ​ខាង​លើ ឬ​ពួក​អ្នក​ដែល​បាន​តាំង​ជំនួស​ពួក​គេ​នៅ​ទី​នោះ។

ពួក​៧​នាក់​នេះ​ត្រូវ​មាន​អំណាច ដើម្បី​តាំង​ពួក​សង្ឃ​ជាន់​ខ្ពស់​ផ្សេង​ទៀត ដែល​ពួក​គេ​គិត​ថា​សម ហើយ​មាន​សមត្ថភាព ដើម្បី​ធ្វើ​ការ​ជំនួស​ពួក​ទីប្រឹក្សា​ដែល​មិន​នៅ​ទី​នោះ។

បាន​បោះឆ្នោត​ថា ៖ កាលណា​មាន​តំណែង​ណា​នៅ​ទំនេរ ដោយ​សារ​មរណភាព ការ​ដក​ចេញ​ពី​តំណែង​ព្រោះ​ការ​រំលង ឬ​ការ​ដក​ចេញ​ពី​ព្រំដែន​នៃ​ការ​ត្រួតត្រា​ក្នុង​សាសនាចក្រ​នេះ នោះ​តំណែង​ដែល​នៅ​ទំនេរ​ពី​ទីប្រឹក្សា​ដែល​មាន​ឈ្មោះ​ខាង​លើ​ត្រូវ​បំពេញ​ដោយ​អ្នក​ដែល​ប្រធាន ឬ​ប្រធាន​ទាំង​ឡាយ​ឲ្យ​ឈ្មោះ ហើយ​ត្រូវ​អនុម័ត​ដោយ​សំឡេង​នៃ​ក្រុម​ប្រឹក្សា​ទូ​ទៅ​នៃ​ពួក​សង្ឃ​ជាន់​ខ្ពស់ ដែល​បាន​ប្រជុំ​គ្នា​សម្រាប់​គោលបំណង​នោះ ដើម្បី​ធ្វើ​ការ​នៅ​ក្នុង​នាម​នៃ​សាសនាចក្រ។

ប្រធាន​នៃ​សាសនាចក្រ ដែល​ជា​ប្រធាន​នៃ​ក្រុម​ប្រឹក្សា​ផង ត្រូវ​បាន​តាំង​ឡើង​ដោយ​វិវរណៈ ហើយ​ទទួល​ស្គាល់​នូវ​ការ​ចាត់ចែង​របស់​លោក ដោយ​សំឡេង​នៃ​សាសនាចក្រ។

១០ហើយ​នេះ​គឺ​តាម​ភាព​ថ្លៃ​ថ្នូរ​នៃ​តំណែង​របស់​លោក ដែល​លោក​ត្រូវ​ត្រួត​លើ​ក្រុម​ប្រឹក្សា​នៃ​សាសនាចក្រ ហើយ​គឺជា​ឯកសិទ្ធិ​របស់​លោក ដែល​ត្រូវ​បាន​ជួយ​ដោយ​ប្រធាន​ពីរ​នាក់​ទៀត ដែល​បាន​តាំង​ឡើង​តាម​របៀប​ដដែល ដែល​លោក​ត្រូវ​បាន​តាំង​ឡើង​នោះ។

១១ហើយ​បើ​សិន​ជា​អ្នក​ដែល​ត្រូវ​បាន​តាំង​ឡើង ឲ្យ​ជួយ​លោក​ម្នាក់​ឬ​ទាំង​ពីរ​នាក់​មិន​នៅ​ទេ នោះ​លោក​មាន​អំណាច ដើម្បី​ត្រួត​លើ​ក្រុម​ប្រឹក្សា ដោយ​មិន​ចាំ​បាច់​មាន​អ្នក​ជំនួយ​ឡើយ ហើយ​បើ​សិន​ជា​លោក​មិន​នៅ នោះ​ប្រធាន​ផ្សេង​ទៀត​មាន​អំណាច ដើម្បី​ត្រួត​ជំនួស លោក ទាំង​ពីរ​នាក់ ឬ​ពួក​គេ​ណា​មួយ​ក៏​បាន។

១២កាលណា​ក្រុម​ប្រឹក្សា​នៃ​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ​ត្រូវ​បាន​រៀបចំ​ដោយ​ត្រឹម​ត្រូវ​តាម​គំរូ​ដែល​បាន​ប្រាប់​មក​ហើយ​នោះ នោះ​គឺជា​ធុរៈ​នៃ​ពួក​ទីប្រឹក្សា​១២​នាក់ ដើម្បី​ធ្វើ​ការ​ចាប់​ឆ្នោត​ដោយ​លេខ ហើយ​ដោយ​មាគ៌ា​នោះ ទើប​បញ្ជាក់​ថា​ពួក​១២​នាក់​ណា​មួយ​ដែល​ត្រូវ​និយាយ​មុនគេ ចាប់​ផ្ដើម​នឹងលេខ​មួយ​រហូត​ដល់​លេខ​១២។

១៣កាលណា​ក្រុម​ប្រឹក្សា​នេះ​ប្រជុំ​គ្នា​ដើម្បី​កាត់ក្ដី​ណា​មួយ នោះ​ពួក​ទីប្រឹក្សា​១២​នាក់​ត្រូវ​ពិចារណា​ថា​តើ​មាន​បញ្ហា​ធំ ឬ​អត់ បើ​សិន​ជា​ទេ នោះ​ពួក​ទីប្រឹក្សា​តែ​ពីរ​នាក់​ទេ​ត្រូវ​និយាយ តាម​គំរូ​ដែល​បាន​សរសេរ​ទុក​ខាង​លើ​នេះ។

១៤ប៉ុន្តែ​បើ​សិន​ជា​គិត​ថា​មាន​បញ្ហា​ធំ នោះ​បួន​នាក់​ត្រូវ​បាន​តាំង​ឡើង ហើយ​បើ​សិន​ជា​មាន​បញ្ហា​ធំ​ជាង​នេះ នោះ​ប្រាំមួយ​នាក់ ប៉ុន្តែ​គ្មាន​ករណី​ណា​មួយ ត្រូវ​មាន​ជាង​ប្រាំមួយ​នាក់​តាំង​ឡើង​ឲ្យ​និយាយ​នោះ​ឡើយ។

១៥នៅ​គ្រប់​ករណី​ទាំង​អស់ នោះ​អ្នក​ជាប់​ចោទ​មាន​សិទ្ធិ​បាន​ក្រុម​ប្រឹក្សា​ពាក់​កណ្ដាល ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​មើល​ងាយ ឬ​ការ​អយុត្តិធម៌។

១៦ហើយ​ពួក​ទីប្រឹក្សា​ដែល​បាន​តាំង​ឡើង​ឲ្យ​និយាយ​នៅ​ចំពោះ​ក្រុម​ប្រឹក្សា នោះ​ត្រូវ​ប្រាប់​ករណី បន្ទាប់​ពី​បាន​ពិនិត្យ​មើល​ភស្តុតាង តាម​ភាព​ពិតប្រាកដ​នៅ​ចំពោះ​ក្រុម​ប្រឹក្សា ហើយ​មនុស្ស​គ្រប់​រូប​ត្រូវ​និយាយ​តាម​អ្វីៗ​ដែល​ពិត ហើយ​យុត្តិធម៌

១៧ពួក​ទីប្រឹក្សា​ទាំង​នោះ​ដែល​បាន​រើស​លេខ ដូច​ជា​លេខ ២, ៤, ៦, ៨, ១០, និង ១២ គឺជា​មនុស្ស​ដែល​ត្រូវ​ឈរ​ឡើង​និយាយ​ជំនួស​អ្នក​ជាប់​ចោទ ហើយ​ការពារ​កុំ​ឲ្យ​មាន​ការ​មើល​ងាយ និង​ការ​អយុត្តិធម៌។

១៨នៅ​គ្រប់​ករណី​ទាំង​អស់ អ្នក​ចោទ និង​អ្នក​ជាប់​ចោទ ត្រូវ​មាន​សិទ្ធិ​ឱកាស​និយាយ​ជំនួស​ខ្លួន​នៅ​ចំពោះ​ក្រុម​ប្រឹក្សា បន្ទាប់​ពី​បាន​ឮ​ភស្តុតាង​ទាំង​ឡាយ និង​បន្ទាប់​ពី​ពួក​ទីប្រឹក្សា ដែល​បាន​តាំង​ឡើង​ឲ្យ​និយាយ​អំពី​ករណី​បាន​និយាយ​ចប់​ស្រេចបាច់។

១៩បន្ទាប់​ពី​បាន​ឮ​ភស្តុតាង​ទាំង​ឡាយ កាល​ពួក​ទីប្រឹក្សា អ្នក​ចោទ និង​អ្នក​ជាប់​ចោទ​បាន​និយាយ​ហើយ នោះ​ប្រធាន​ត្រូវ​កាត់ក្ដី​តាម​យោបល់​ដែល​លោក​មាន​អំពី​រឿងក្ដី ហើយ​សូម​ឲ្យ​ទីប្រឹក្សា​១២​នាក់​អនុម័ត​ការ​កាត់ក្ដី​នោះ ដោយ​ពួក​គេ​បោះឆ្នោត។

២០ប៉ុន្តែ​បន្ទាប់​ពី​បាន​ឮ​ភស្តុតាង និង​ពាក្យ​ដោះ​សារ​ទាំង​ឡាយ​ស្រេចបាច់​ហើយ បើ​សិន​ជា​ពួក​ទីប្រឹក្សា​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ដែល​ពុំ​បាន​និយាយ ឬ​ពួក​គេ​ណា​មួយ​រក​ឃើញ​កំហុស​ក្នុង​ការ​កាត់ក្ដី​របស់​ប្រធាន នោះ​ពួក​គេ​អាច​សម្ដែង​ប្រាប់​កំហុស​នោះ ហើយ​បណ្ដឹង​ក្ដី​នឹង​ត្រូវ​បាន​កាត់ក្ដី​ម្ដង​ទៀត។

២១ហើយ​បើ​សិន​ជា​បន្ទាប់​ពី​បាន​កាត់ក្ដី​ម្ដង​ទៀត ឃើញ​មាន​ព័ត៌មាន​ថែម​ទៀត​អំពី​រឿង​នេះ នោះ​ការ​កាត់ក្ដី​ត្រូវ​ប្រែប្រួល​ឲ្យ​ស្រប​ទៅ​តាម​ព័ត៌មាន​នោះ។

២២ប៉ុន្តែ​ក្នុង​ករណី​ដែល​គ្មាន​ព័ត៌មាន​បន្ថែម​ទៀត​ទេ នោះ​ការ​កាត់ក្ដី​លើក​ទី​មួយ​ត្រូវ​នៅ​ជា​ស្ថាពរ ហើយ​ក្រុម​ប្រឹក្សា​ភាគ​ច្រើន​មាន​អំណាច​ដើម្បី​សម្រេច​ចិត្ត​ដដែល។

២៣នៅ​ករណី​ណា​មួយ​ដែល​មាន​បញ្ហា​ខាង​គោល​លទ្ធិ ឬ​គោលការណ៍ បើ​សិន​ជា​ពុំ​មាន​ការ​សរសេរ​គ្រប់​គ្រាន់ ដើម្បី​បង្ហាញ​រឿង​ឲ្យ​បាន​ច្បាស់លាស់​ដល់​គំនិត​នៃ​ក្រុម​ប្រឹក្សា​ទេ នោះ​ប្រធាន​អាច​សូម ហើយ​បាន​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់​ដោយ​វិវរណៈ

២៤ពួក​សង្ឃ​ជាន់​ខ្ពស់ កាល​នៅ​ឆ្ងាយ មាន​អំណាច​ឲ្យ​ហៅ ហើយ​រៀបចំ​ក្រុម​ប្រឹក្សា​មួយ តាម​បែប​ដែល​បាន​អធិប្បាយ​ប្រាប់​ខាង​លើ​នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នានា នៅ​ពេល​ក្រុម​ទាំង​ឡាយ ឬ​ពួក​គេ​ណា​មួយ​សូម។

២៥ហើយ​ក្រុម​ប្រឹក្សា​នៃ​ពួក​សង្ឃ​ជាន់​ខ្ពស់​ដែល​បាន​ពោល​ដល់​នោះ នឹង​មាន​អំណាច​ដើម្បី​តាំង​គ្នា​គេ​ម្នាក់​ឲ្យ​ត្រួត​លើ​ក្រុម​ប្រឹក្សា​បែប​នេះ​បណ្ដោះ​អាសន្ន។

២៦គឺ​ត្រូវ​ជា​ធុរៈ​នៃ​ក្រុម​ប្រឹក្សា​ដែល​បាន​ពោល​ដល់​នោះ ដើម្បី​បញ្ជូន​ជា​ប្រញាប់​នូវ​បញ្ជី​ការ​របស់​ពួក​គេ​មួយ​ច្បាប់ ព្រម​ទាំង​ការ​ថ្លែង​ទី​បន្ទាល់ និង​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ផង ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​វេទិកា​របស់​គណៈប្រធាន​ទី​មួយ​នៃ​សាសនាចក្រ។

២៧បើ​សិន​ជា​ក្រុម​ទាំង​ឡាយ ឬ​ពួក​គេ​ណា​មួយ​មិន​ពេញ​ចិត្ត​និង​ការ​សម្រេច​ចិត្ត របស់​ក្រុម​ប្រឹក្សា​ដែល​បាន​ពោល​ដល់​នោះ​ទេ នោះ​ពួក​គេ​អាច​សុំ​ឧទ្ធរណ៍​ដល់​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​វេទិកា​របស់​គណៈប្រធាន​ទី​មួយ នៃ​សាសនាចក្រ ហើយ​កាត់ក្ដី​ម្ដង​ទៀត ជា​ករណី​ដែល​ត្រូវ​បាន​ឮ តាម​គំរូ​ដែល​បាន​សរសេរ​ទុក​ខាង​លើ ហាក់​ដូច​ជា​គ្មាន​បាន​សម្រេច​ចិត្ត​រួច​មក​ហើយ​ទេ។

២៨ក្រុម​ប្រឹក្សា​នៃ​ពួក​សង្ឃ​ជាន់​ខ្ពស់​នេះ ដែល​នៅ​ឆ្ងាយ នោះ​គ្រាន់តែ​ត្រូវ​ហៅ កាលណា​មាន​រឿង​ដ៏​ធំ​បំផុត​នៅ​ក្នុង​សាសនាចក្រ​ប៉ុណ្ណោះ ហើយ​គ្មាន​រឿង​ធម្មតា ឬ​ទូ​ទៅ​ណា​សម​នឹង​ហៅ​ក្រុម​ប្រឹក្សា​បែប​នេះ​ឡើយ។

២៩ពួក​សង្ឃ​ជាន់​ខ្ពស់​ដែល​ធ្វើ​ដំណើរ ឬ​នៅ​ឆ្ងាយ គេ​មាន​អំណាច​និយាយ​ថា​តើ​ជា​ការ​ចាំ​បាច់​ហៅ​ក្រុម​ប្រឹក្សា​បែប​នេះ ឬ​អត់។

៣០មាន​ការ​វែកញែក​រវាង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ឬ​ពួក​សង្ឃ​ជាន់​ខ្ពស់​ដែល​ធ្វើ​ដំណើរ​នៅ​ឆ្ងាយ នឹង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​ធ្វើ​ដំណើរ ដែល​មាន​ពួក​សាវក​១២​នាក់ អំពី​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ។

៣១ចំពោះ​ការ​សម្រេច​ចិត្ត​នៃ​ពួក​អ្នក​ដែល​បាន​ពោល​ដល់​មុន នោះ​អាច​សុំ​ឧទ្ធរណ៍​បាន ប៉ុន្តែ​ចំពោះ​ការ​សម្រេច​ចិត្ត​នៃ​ពួក​អ្នក​ក្រោយ នោះ​ពុំ​អាច​ធ្វើ​បាន​ឡើយ។

៣២ពួក​អ្នក​ក្រោយ គឺ​គ្រាន់តែ​អាច​បាន​ហៅ​សួរ​ដោយ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូ​ទៅ​នៃ​សាសនាចក្រ ក្នុង​កាល​មាន​ការ​រំលង​ប៉ុណ្ណោះ។

៣៣បាន​ដោះ​ស្រាយ​ថា ៖ ប្រធាន ឬ​ពួក​ប្រធាន​ពី​វេទិកា​របស់​គណៈប្រធាន​ទី​មួយ នៃ​សាសនាចក្រ ត្រូវ​មាន​អំណាច​នឹង​សម្រេច​ចិត្ត​ថា តើ​រឿង​បែប​នេះ ដែល​ត្រូវ​បាន​សុំ​ឧទ្ធរណ៍ នោះ​គិត​ថា​ត្រឹម​ត្រូវ​នឹង​បាន​កាត់ក្ដី​ម្ដង​ទៀត​ឬ​អី បន្ទាប់​ពី​បាន​ពិនិត្យ​មើល​ក្ដី​ឧទ្ធរណ៍ និង​ភស្តុតាង​ទាំង​ឡាយ ព្រម​ទាំង​បទ​អធិប្បាយ​ផង។

៣៤ខណៈ​នោះ ពួក​ទីប្រឹក្សា​១២​នាក់ បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ចាប់​ឆ្នោត ឬ​បោះឆ្នោត ដើម្បី​បញ្ជាក់​ឲ្យ​ដឹង​ថា​នរណា​ត្រូវ​និយាយ​មុនគេ ហើយ​មាន​ឈ្មោះ​ដូច​ត​ទៅ​នេះ​គឺ ៖ ១) អូលីវើរ ខៅឌើរី ២) យ៉ូសែប ខូ ៣) សាំយូអែល អេ​ច ស៊្មីធ ៤) លូកា ចនសុន ៥) យ៉ូហាន អែស ខារតើរ ៦) សិលវ៉ែស្ទើរ ស៊្មីធ ៧) យ៉ូហាន ចនសុន ៨) អួរសុន ហៃឌ៍ ៩) យ៉ារេឌ ខារតើរ ១០) យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ១១) យ៉ូហាន ស៊្មីធ ១២) ម៉ាទិន ហារិស។ បន្ទាប់​ពី​ការ​អធិស្ឋាន នោះសន្និសីទ​ក៏​ចប់​ទៅ។

អូលីវើរ ខៅឌើរី

អួរសុន ហៃឌ៍

ស្មៀន