ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 103
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ១០៣

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី​នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​១៨៣៤ (History of the Church, ២:៣៦–៣៩)។ វិវរណៈ​នេះ​ត្រូវ​បាន​ទទួល បន្ទាប់​ពី ប៉ាលី ភី ប្រាត្ត និង ឡៃម៉ាន វ៉ៃ​ត បាន​មក​ដល់​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ដែល​បាន​មក​ពី​រដ្ឋ​មិសសួរី ដើម្បី​មក​ប្រឹក្សា​ជាមួយ​និង​ព្យាការី​អំពី​ការ​រំដោះ និង​ការ​វិល​ទៅ​ដីធ្លី​នៃ​ពួក​បរិសុទ្ធ​វិញ​នៅ​ស្រុក​ចាកសុន។

១–៤, ដើមហេតុ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បណ្ដោយ​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ស្រុក​ចាកសុន​ត្រូវ​គេ​បៀតបៀន; ៥–១០, ពួក​បរិសុទ្ធ​នឹង​បាន​ឈ្នះ បើ​សិន​ជា​ពួក​គេ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ; ១១–២០, សេចក្ដី​ប្រោស​លោះ​នៃ​ស៊ីយ៉ូន​នឹង​មាន​ឡើង​ដោយ​អំណាច ហើយ​ព្រះ​អម្ចាស់​ទ្រង់​នឹង​យាង​ទៅ​ខាង​មុខ​រាស្ត្រ​របស់​ទ្រង់; ២១–២៨, ពួក​បរិសុទ្ធ​ត្រូវ​ប្រមូល​គ្នា​នៅ​ស៊ីយ៉ូន ហើយ​អស់​អ្នក​ណា​ដែល​ប្ដូរ​ជីវិត​ខ្លួន នោះ​នឹង​បាន​វិញ; ២៩–៤០, ពួក​បង​ប្អូន​ប្រុស​នានា​ក្នុង​សាសនា​ត្រូវ​បាន​ហៅ​ឲ្យ​រៀបចំ​ជំរំ​ស៊ីយ៉ូន ហើយ​ទៅ​ឯ​ក្រុង​ស៊ីយ៉ូន; ពួក​គេ​ត្រូវ​បាន​សន្យា​ថា​បាន​ជ័យ​ជម្នះ បើ​សិន​ជា​ពួក​គេ​មាន​ចិត្ត​ស្មោះត្រង់។

យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ឱ​មិត្ត​ទាំង​ឡាយ​របស់​យើង​អើយ មើល​ចុះ យើង​នឹង​ប្រទាន​ដល់​អ្នក​នូវ​វិវរណៈ និង​បញ្ញត្តិ​មួយ ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​ដឹង​ពី​របៀប ដើម្បី​ធ្វើ​កិច្ចការ​ខាង​ការ​បំពេញ​ធុរកិច្ច​ទាំង​ឡាយ​របស់​អ្នក​អំពី​ការ​សង្គ្រោះ និង​ការ​ប្រោស​លោះ​ដល់​ពួក​បង ប្អូន​អ្នក​ក្នុង​សាសនា ដែល​ត្រូវ​បាន​ខ្ចាត់​ព្រាត់​នៅ​ឯ​ដែនដី​ស៊ីយ៉ូន

ដោយ​បាន​បណ្ដេញ​ចេញ ហើយ​វាយ​ដោយ​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​យើង ដែល​យើង​នឹង​ចាក់​សេចក្ដី​ក្រោធ​របស់​យើង​មក​លើ ដោយ​គ្មាន​កម្រិត​ក្នុង​ពេល​របស់​យើង។

ត្បិត​យើង​បាន​ស៊ូទ្រាំ​ឲ្យ​ពួក​គេ​ដល់​ពេល​នេះ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​បំពេញ​កម្រិត​នៃ​សេចក្ដី​ទុច្ចរិត​ទាំង​ឡាយ​របស់​ពួក​គេ ប្រយោជន៍​ឲ្យ​ពែង​របស់​ពួក​គេ​អាច​បាន​ពេញ

ហើយ​ប្រយោជន៍​ឲ្យ​អស់​អ្នក​ណា ដែល​ហៅ​ខ្លួន​តាម​នាម​របស់​យើង អាច​បាន​វាយ​ផ្ចាល​ដោយ​ការ​វាយ​ផ្ចាល​ដ៏​ធ្ងន់ធ្ងរ​អស់​មួយ​រដូវ​ខ្លី ពី​ព្រោះ​ពួក​គេ​ពុំ​បាន​ស្ដាប់​តាម​សិក្ខាបទ និង​បញ្ញត្តិ​ទាំង​ឡាយ ដែល​យើង​បាន​ប្រទាន​ដល់​ពួក​គេ​ដោយ​ពេញ​លេញ​ឡើយ។

ប៉ុន្តែ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​បាន​ចេញ​បញ្ញត្តិ​មួយ ដែល​រាស្ត្រ​យើង​ត្រូវ​យល់​ថា ដរាបណា​ពួក​គេ​ស្ដាប់​តាម ចាប់​ពី​ម៉ោង​នេះ​ទៅ នូវ​ការ​ទូន្មាន​ដែល​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួក​គេ​នឹង​ប្រទាន​ដល់​ពួក​គេ​នោះ។

មើល​ចុះ ពួក​គេ​នឹង​ត្រូវ​ចាប់​ផ្ដើម​ឈ្នះ​លើ​ពួក​ខ្មាំងសត្រូវ​របស់​យើង ចាប់​ពី​ម៉ោង​នេះ​ទៅ ត្បិត​យើង​បាន​ចេញ​បញ្ញត្តិ​ហើយ។

ហើយ​ដោយ​ប្រុង​គោរព​តាម​អស់​ទាំង​ព្រះ​បន្ទូល ដែល​យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួក​គេ​នឹង​មាន​បន្ទូល​ដល់​ពួក​គេ នោះ​ពួក​គេ​នឹង​មិន​ត្រូវ​ចាញ់​ឡើយ រហូត​ដល់​នគរ​ទាំង​ឡាយ​នៃ​ពិភពលោក​នៅ​ក្រោម​ជើង​យើង ហើយ​ផែនដី​ត្រូវ​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ ដើម្បី​គ្រង​យក​ជា​មរតក​ជា​រៀងរាប​ដរាប​ត​ទៅ។

ប៉ុន្តែ​ដរាបណា​ពួក​គេ​មិន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ហើយ​មិន​ប្រុង​គោរព​តាម​អស់​ទាំង​ព្រះ​បន្ទូល​របស់​យើង​ទេ នោះ​នគរ​ទាំង​ឡាយ​នៃ​ពិភពលោក​នឹង​ឈ្នះ​លើ​ពួក​គេ។

ត្បិត​ពួក​គេ​ត្រូវ​បាន​តាំង​ឲ្យ​ធ្វើ​ជា​ពន្លឺ​ដល់​ពិភពលោក ហើយ​ឲ្យ​ធ្វើ​ជា​អ្នក​សង្គ្រោះ​នៃ​មនុស្ស​លោក

១០ហើយ​ដរាបណា​ពួក​គេ​មិន​ធ្វើ​ជា​អ្នក​សង្គ្រោះ​នៃ​មនុស្ស​លោក​ទេ នោះ​ពួក​គេ​ទៅ​ដូច​ជា​អំបិល​ដែល​បាត់​ជាតិ​ប្រៃ ម្ល៉ោះ​ហើយ​គ្មាន​ប្រយោជន៍​ទៀត​សោះ មាន​តែ​បោះបង់​ចោល​ទៅ​ក្រៅ​ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។

១១ប៉ុន្តែ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​បាន​ចេញ​បញ្ញត្តិ​ថា​ពួក​បង​ប្អូន​អ្នក​ក្នុង​សាសនា ដែល​ត្រូវ​បាន​ខ្ចាត់​ព្រាត់​នោះ​នឹង​ត្រូវ​បាន​វិល​ទៅ​ឯ​ដែនដី​នៃ​កេរមរតក​របស់​ពួក​គេ​វិញ ហើយ​នឹង​សង់​ទី​ចាស់​នៃ​ស៊ីយ៉ូន​ដែល​ខូច​បង់​ឡើង​ជា​ថ្មី។

១២ត្បិត​បន្ទាប់​ពី​មាន​ការ​វេទនា​ដ៏​ច្រើន នោះ​ទើប​បាន​ព្រះ​ពរ ដូច​ជា​យើង​បាន​ប្រាប់​អ្នក​នៅ​ក្នុង​ព្រះ​បញ្ញត្តិ​ពី​មុន​ហើយ។

១៣មើល​ចុះ នេះ​ហើយ​ជា​ព្រះ​ពរ​ដែល​យើង​បាន​សន្យា​ឲ្យ បន្ទាប់​ពី​មាន​ការ​វេទនា​ទាំង​ឡាយ ព្រម​ទាំង​ការ​វេទនា​ទាំង​ឡាយ​របស់​ពួក​បង​ប្អូន​អ្នក​ក្នុង​សាសនា​ផង — ជា​ការ​ប្រោស​លោះ​ដល់​អ្នក និង​ការ​ប្រោស​លោះ​ដល់​ពួក​បង​ប្អូន​អ្នក​ក្នុង​សាសនា ព្រម​ទាំង​ការ​ត្រឡប់ របស់​គេ​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន​វិញ ដើម្បី​តាំង​ឡើង គឺ​មិន​ត្រូវ​ទម្លាក់​ចុះ​ទៀត​ឡើយ។

១៤ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​សិន​ជា​ពួក​គេ​បង្ខូច​កេរ​មរតក​ទាំង​ឡាយ​របស់​គេ​ចោល នោះ​ពួក​គេ​នឹង​ត្រូវ​ទម្លាក់​ចុះ ត្បិត​យើង​នឹង​មិន​ប្រណី​ពួក​គេ​ឡើយ បើ​សិន​ជា​ពួក​គេ​បង្ខូច​កេរ​មរតក​ទាំង​ឡាយ​របស់​គេ​ចោល។

១៥មើល​ចុះ យើង​ប្រាប់​អ្នក​ថា ការ​ប្រោស​លោះ​ស៊ីយ៉ូន​ត្រូវ​តែ​មាន​ឡើង​ដោយ​អំណាច។

១៦ហេតុ​ដូច្នេះ​ហើយ យើង​នឹង​បណ្ដាល​ឲ្យ​មាន​មនុស្ស​ម្នាក់​កើត​ឡើង​ដល់​រាស្ត្រ​របស់​យើង ដែល​នឹង​ដឹកនាំ​ពួក​គេ ដូច​ជា​លោក​ម៉ូសេ​បាន​ដឹកនាំ​កូន​ចៅ​អ៊ីស្រាអែល​ដូច្នោះ​ហើយ។

១៧ត្បិត​អ្នក​រាល់​គ្នា​ជា​កូន​ចៅ​អ៊ីស្រាអែល ហើយ​ជា​ពូជ​លោក​អ័ប្រាហាំ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​តែ​បាន​នាំ​ចេញ​ឲ្យ​រួច​ពី​សេវក​ភាព​ដោយ​អំណាច និង​ដោយ​ដៃ​សន្ធឹង។

១៨ហើយ​ដូច​ជា​ពួក​អយ្យកោ​របស់​អ្នក ត្រូវ​បាន​នាំ​ជាមុន​ដំបូង​យ៉ាង​ណា នោះ​ការ​ប្រោស​លោះ​នៃ​ស៊ីយ៉ូន​ក៏​នឹង​បាន​ជា​យ៉ាង​នោះ​ដែរ។

១៩ហេតុ​ដូច្នេះ​ហើយ កុំ​ឲ្យ​មាន​ចិត្ត​តក់​ស្លុត​ឡើយ ត្បិត​តើ​យើង​ពុំ​បាន​ប្រាប់​ដល់​អ្នក ដូច​ជា​យើង​បាន​ប្រាប់​ដល់​ពួក​អយ្យកោ​របស់​អ្នក​ទេ​ឬ​អី​ថា ៖ ទេវតា​របស់​យើង​នឹង​ទៅ​មុខ​អ្នក ប៉ុន្តែ​ពុំ​មែន​វត្ត​មាន​របស់​យើង​ទេ។

២០ប៉ុន្តែ​យើង​ប្រាប់​ដល់​អ្នក​ថា ៖ ពួក​ទេវតា​របស់​យើង​នឹង​ទៅ​មុខ​អ្នក ព្រម​ទាំង​វត្ត​មាន​របស់​យើង​ផង ហើយ​នៅ​បន្តិច​ទៀត នោះ​អ្នក រាល់​គ្នា​នឹង​បាន​ដែនដី​ដ៏​ល្អ។

២១ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង គឺជា​បុរស​ដែល​យើង​បាន​ប្រៀបធៀប​ទៅ​នឹង​អ្នក​បម្រើ ដែល​ចៅហ្វាយ​នៃ​ចម្ការ​ទំពាំងបាយជូរ​បាន​និយាយ​ដល់​នៅ​ក្នុង​ពាក្យ​ប្រៀប​ប្រដូច ដែល​យើង​បាន​ប្រទាន​ដល់​អ្នក។

២២ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង ប្រាប់​ដល់​កម្លាំង​នៃ​វង្សា​យើង ពួក​កំលោះ និង​ពួក​អ្នក​មាន​វ័យ​កណ្ដាល​របស់​យើង​ថា — ចូរ​ប្រមូល​គ្នា​មក​ជុំ​ឯ​ដែនដី​ស៊ីយ៉ូន គឺ​នៅ​លើ​ដែនដី​ដែល​យើង​បាន​ទិញ​នឹង​ប្រាក់ ដែល​បាន​ថ្វាយ​ដល់​យើង​ចុះ។

២៣ហើយ​ចូរ​ឲ្យ​សាសនាចក្រ​ទាំង​អស់​បញ្ជូន​ពួក​អ្នក​ប្រាជ្ញ ព្រម​ទាំង​ប្រាក់​កាស​របស់​គេ ហើយ​ឲ្យ​ឡើង​មក​ទិញ​ដែនដី​ទាំង​ឡាយ ដូច​ជា​យើង​បាន​បញ្ជា​ដល់​ពួក​គេ​ចុះ។

២៤ហើយ​ដរាបណា​ពួក​ខ្មាំងសត្រូវ​របស់​យើង​មក​ទាស់​នឹង​អ្នក ដើម្បី​បណ្ដេញ​អ្នក​ចេញ​ពី​ដែនដី​ដ៏​ល្អ​របស់​យើង​ដែល​យើង​បាន​តាំង​ទុក ជា​ដែនដី​ស៊ីយ៉ូន គឺជា​ដែនដី​ទាំង​ឡាយ​របស់​អ្នក ស្រប​តាម​ទី​បន្ទាល់​ទាំង​នេះ ដែល​អ្នក​រាល់​គ្នា​បាន​ទិញ​នៅ​ចំពោះ​យើង​ទាស់​នឹង​ពួក​គេ នោះ​អ្នក​រាល់​ត្រូវ​ដាក់​បណ្ដាសា​ពួក​គេ​ចុះ

២៥ហើយ​អ្នក​ណា​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​ដាក់​បណ្ដាសា នោះ​យើង​នឹង​ដាក់​បណ្ដាសា​ដែរ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​សងសឹក​ដល់​ពួក​ខ្មាំងសត្រូវ​របស់​យើង​ឲ្យ​យើង។

២៦ហើយ​វត្ត​មាន​របស់​យើង​នឹង​គង់នៅ​ជាមួយ​អ្នក សូម្បីតែ​ក្នុង​ការ​សង​សឹក​ដល់​ពួក​ខ្មាំងសត្រូវ​របស់​យើង​ឲ្យ​យើង​ដល់​ទៅ​តំណ​ទី​បី និង​តំណ​ទី​បួន​នៃ​ពួក​អ្នក​ដែល​ស្អប់​យើង​ដែរ។

២៧ចូរ​កុំ​ឲ្យ​មនុស្ស​ណា​ខ្លាច​នឹង​ប្ដូរ​ជីវិត​របស់​ខ្លួន ដោយ​យល់​ដល់​ព្រះ​នាម​របស់​យើង​ឡើយ អ្នក​ណា​ដែល​ប្ដូរ​ជីវិត​របស់​ខ្លួន​ដោយ​យល់​ដល់​ព្រះ​នាម​របស់​យើង នោះ​នឹង​បាន​វិញ។

២៨ហើយ​អស់​អ្នក​ណា​ដែល​មិន​ព្រម​ប្ដូរ​ជីវិត​របស់​ខ្លួន ដោយ​យល់​ដល់​ព្រះ​នាម​របស់​យើង នោះ​ពុំ​មែន​ជា​សិស្ស​របស់​យើង​ទេ។

២៩គឺជា​ព្រះ​ហឫទ័យ​របស់​យើង ដែល ស៊ីឌនី រិកដុន ជា​អ្នក​បម្រើ​របស់​យើង​ត្រូវ​បន្លឺ​សំឡេង​របស់​គាត់​ឡើង​នៅ​ក្នុង​សាលា​ប្រជុំ​នានា នៅ​ស្រុក​ខាង​កើត​ទាំង​ឡាយ ក្នុង​ការ​រៀបចំ​សាសនាចក្រ​នានា​ឲ្យ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​យើង​បាន​ប្រទាន​ដល់​ពួក​គេ អំពី​ការ​សាង​ឡើង​វិញ និង​ការ​ប្រោស​លោះ​នៃ​ស៊ីយ៉ូន។

៣០គឺជា​ព្រះ​ហឫទ័យ​របស់​យើង​ថា ប៉ាលី ភី ប្រាត្ត ជា​អ្នក​បម្រើ​របស់​យើង និង ឡៃម៉ាន វ៉ៃ​ត ជា​អ្នក​បម្រើ​របស់​យើង មិន​ត្រូវ​វិល​ទៅ​ឯ​ដែនដី​នៃ​ពួក​បង​ប្អូន​របស់​គេ​ក្នុង​សាសនា​ឡើយ រហូត​ដល់​ពួក​គេ​បាន​បក្ស​ពួក​ដើម្បី​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន តាម​ក្រុម​១០​នាក់ ឬ​២០​នាក់ ឬ​៥០​នាក់ ឬ​មួយ​រយ​នាក់ គឺ​រហូត​ដល់​ពួក​គេ​បាន​គ្នា​ដល់​ទៅ​៥០០​នាក់ នូវ​កម្លាំង​ពី​វង្សា​របស់​យើង​សិន។

៣១មើល​ចុះ នេះ​ហើយ​ជា​ព្រះ​ហឫទ័យ​របស់​យើង ចូរ​សូម នោះ​អ្នក​នឹង​បាន​ទទួល ប៉ុន្តែ​មនុស្ស​លោក​ពុំ​ដែល​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​របស់​យើង​គ្រប់​ពេល​វេលា​ឡើយ។

៣២ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​ពុំ​អាច​បាន​គ្នា​ប្រាំ​រយ​នាក់​ទេ នោះ​ចូរ​ព្យាយាម​ស្វែងរក ក្រែងលោ​អ្នក​អាច​ស្វែង​រក​បាន​បី​រយ​នាក់។

៣៣ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​អាច​ស្វែង​រក​បាន​បី​រយ​នាក់​ទេ នោះ​ចូរ​ព្យាយាម​ស្វែងរក ក្រែងលោ​អ្នក​រាល់​គ្នា​អាច​បាន​មួយ​រយ​នាក់។

៣៤ប៉ុន្តែ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក​ថា អ្នក​រាល់​គ្នា​មិន​ត្រូវ​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន​ឡើយ រហូត​ដល់​អ្នក​បាន​គ្នា​មួយ​រយ​នាក់ នូវ​កម្លាំង​ពី​វង្សា​របស់​យើង ដើម្បី​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន​ជាមួយ​អ្នក។

៣៥ហេតុ​ដូច្នេះ​ហើយ ដូច​ជា​យើង​បាន​ប្រាប់​អ្នក​ហើយ​ថា ចូរ​សូម នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ចូរ​អធិស្ឋាន​ដោយ​អស់​ពី​ចិត្ត ក្រែង​លោ​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង អាច​ទៅ​ជា​មួយ​អ្នក ហើយ​ត្រួត​នៅ​កណ្ដាល​រាស្ត្រ​របស់​យើង ហើយ​រៀបចំ​នគរ​របស់​យើង នៅ​លើ​ដែនដី​ដែល​បាន​ញែក​ទុក ហើយ​តាំង​កូន​ចៅ​ស៊ីយ៉ូន តាម​ក្រឹត្យ​វិន័យ និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​មាន​មក​ហើយ ហើយ​ដែល​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក។

៣៦អស់​ទាំង​ជ័យ​ជម្នះ និង​សិរី​ល្អ​ត្រូវ​បាន​ធ្វើ​ឲ្យ​សម្រេច​ដល់​អ្នក តាម​រយៈ​សេចក្ដី​ឧស្សាហ៍ សេចក្ដី​ស្មោះ​ត្រង់ និង​ពាក្យ​អធិស្ឋាន​ទាំង​ឡាយ​នៃ​សេចក្ដី​ជំនឿ។

៣៧ចូរ​ឲ្យ ប៉ាលី ភី ប្រាត្ត ជា​អ្នក​បម្រើ​របស់​យើង ធ្វើ​ដំណើរ​ជាមួយ​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង​ចុះ។

៣៨ចូរ​ឲ្យ ឡៃម៉ាន វ៉ៃ​ត ជា​អ្នក​បម្រើ​របស់​យើង ធ្វើ​ដំណើរ​ជាមួយ ស៊ីឌនី រិកដុន ជា​អ្នក​បម្រើ​របស់​យើង​ចុះ។

៣៩ចូរ​ឲ្យ ហៃរុម ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង ធ្វើ​ដំណើរ​ជាមួយ ហ្វ្រែឌើរិក ជី វិលលាម្ស ជា​អ្នក​បម្រើ​របស់​យើង​ចុះ។

៤០ចូរ​ឲ្យ អួរសុន ហៃឌ៍ ជា​អ្នក​បម្រើ​របស់​យើង ធ្វើ​ដំណើរ​ជាមួយ អួរសុន ប្រាត្ត ជា​អ្នក​បម្រើ​របស់​យើង​ចុះ គឺ​ទៅ​កន្លែង​ណា​ក៏​ដោយ ដែល យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង នឹង​ទូន្មាន​ដល់​ពួក​គេ​ក្នុង​ការ​បំពេញ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​យើង​បាន​ប្រទាន​ដល់​អ្នក​ចុះ ហើយ​ចូរ​ទុក​ពួក​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ឲ្យ​នៅ​ក្នុង​ព្រះ​ហស្ត​របស់​យើង​ចុះ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕