ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 48
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៤៨

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ខែ​មីនា ឆ្នាំ​១៨៣១ (History of the Church, ១:១៦៦–១៦៧)។ ព្យាការី​បាន​សូម​ដល់​ព្រះ​អម្ចាស់ អំពី​របៀប​រក​ដី​សម្រាប់​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​ទីលំនៅ។ នេះ​គឺជា​ការណ៍​សំខាន់​មួយ​ពី​ព្រោះ​តែ​ការ​ផ្លាស់​លំនៅ​នៃ​សមាជិក​សាសនាចក្រ ដែល​មក​ពី​ភូមិ​ភាគ​ខាង​កើត​សហរដ្ឋ ដើម្បី​គោរព​តាម​ព្រះ​បញ្ញត្តិ​របស់​ព្រះ​អម្ចាស់ ថា​ពួក​គេ​ត្រូវ​ជួបជុំ​គ្នា​នៅ​រដ្ឋ​អូហៃអូ (សូម​មើល កណ្ឌ​ទី ៣៧:១–៣; ៤៥:៦៤)។

១–៣, ពួក​បរិសុទ្ធ​នៅ​រដ្ឋ​អូហៃអូ​ត្រូវ​ចែក​ដីធ្លី​របស់​ខ្លួន​ជាមួយ​នឹង​បង​ប្អូន​ប្រុស​ស្រី​របស់​គេ; ៤–៦, ពួក​បរិសុទ្ធ​ត្រូវ​ទិញ​ដីធ្លី​កសាង​ទី​ក្រុង​មួយ ហើយ​ដើរ​តាម​ពាក្យ​ទូន្មាន​ពី​មេ​ត្រួតពិនិត្យ​ទាំង​ឡាយ​របស់​ខ្លួន។

ជា​ការ​ចាំបាច់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​នៅ​ឯ​ទីលំនៅ​របស់​អ្នក នៅ​ពេល​នេះ ដូច​ជា​សម​តាម​កាលៈទេសៈ​របស់​អ្នក​ចុះ។

ហើយ​ដរាបណា​អ្នក​រាល់​គ្នា​មាន​ដីធ្លី នោះ​អ្នក​រាល់​គ្នា​ត្រូវ​ចែក​ដល់​បង​ប្អូន​ប្រុស​ស្រី ដែល​មក​ពី​ទិស​ខាង​កើត

ហើយ​ដរាបណា​អ្នក​រាល់​គ្នា​ពុំ​មាន​ដីធ្លី​ទេ ចូរ​ឲ្យ​ពួក​គេ​ទិញ​ក្នុង​ភូមិ​ភាគ​ជុំវិញ​ទាំង​នោះ​នៅ​ពេល​នេះ តាម​តែ​ឃើញ​ថា​ល្អ​ដល់​ពួក​គេ​ចុះ ត្បិត​ជា​ចាំ​បាច់​ថា ពួក​គេ​មាន​កន្លែង​ដើម្បី​រស់នៅ នៅ​ពេល​នេះ។

ជា​ចាំ​បាច់​ថា អ្នក​រាល់​គ្នា​សន្សំ​ប្រាក់​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​អាច​ធ្វើ​ទៅ​បាន ហើយ​ថា​អ្នក​រាល់​គ្នា​មាន​គ្រប់​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​សេចក្ដី​សុចរិត ប្រយោជន៍​ដល់​ពេល​ណាមួយ ដែល​អ្នក​រាល់​គ្នា​អាច​មាន​ឱកាស​ដើម្បី​ទិញ​ដី​បាន​ទុកជា​កេរ្តិ៍ អាករ គឺជា​ទី​ក្រុង​មួយ។

កន្លែង​នោះ​មិនទាន់​បាន​បើក​សម្ដែង​ប្រាប់​នៅ​ឡើយ​ទេ ប៉ុន្តែ​បន្ទាប់​ពី​បង​ប្អូន​ប្រុស​ស្រី​របស់​អ្នក​មក​ពី​ទិស​ខាង​កើត​សិន នោះ​ត្រូវ​ឲ្យ​មាន​មនុស្ស​ខ្លះ​តែងតាំង​ឡើង ហើយ​ដល់​ពួក​គេ​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ​ស្គាល់​កន្លែង ឬ​ដល់​ពួក​គេ​នឹង​ត្រូវ​បាន​បើក​សម្ដែង​ប្រាប់។

ហើយ​ពួក​គេ​នឹង​ត្រូវ​បាន​តែងតាំង​ឲ្យ​ទិញ​ដីធ្លី ហើយ​ឲ្យ​ចាប់​ផ្ដើម​ក​ចាក់​គ្រឹះ​នៃ​ទី​ក្រុង ហើយ​នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ចាប់​ផ្ដើម​ជួបជុំ​គ្នា​ជា​គ្រួសារៗ មនុស្ស​គ្រប់​រូប​តាម​គ្រួសារ​រៀងៗ​ខ្លួន តាម​កាលៈទេសៈ​រៀងៗ​ខ្លួន ហើយ​ដូច​ជា​បាន​តែងតាំង​ដល់​អ្នក​នោះ ដោយ​គណៈប្រធាន និង​ប៊ីស្សព​នៃ​សាសនាចក្រ​តាម​ក្រឹត្យ​វិន័យ និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក ហើយ​ដែល​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល​ពី​ពេល​នេះ​ត​ទៅ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕