ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 123
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ១២៣

កាតព្វកិច្ច​នៃ​ពួក​បរិសុទ្ធ​ដែល​ទាក់​ទង​ទៅ​នឹង​ពួក​អ្នក​បៀតបៀន​របស់​ខ្លួន នោះ​ត្រូវ​បាន​ចែង​ឡើង​ដោយ យ៉ូសែប ស៊្មីធ ជា​ព្យាការី កាល​លោក​ជាប់​នៅ​ក្នុង​គុក​នៅ​ក្រុង​លិបើទី រដ្ឋ​មិសសួរី ខែ​មីនា ឆ្នាំ​១៨៣៩ (History of the Church, ៣:៣០២–៣០៣)។

១–៦, ពួក​បរិសុទ្ធ​គប្បី​ប្រមូល ហើយ​បោះពុម្ព​នូវ​ដំណើរ​រឿង​អំពី​ការ​ទុក្ខ​លំបាក និង​ការ​បៀតបៀន​ទាំង​ឡាយ​របស់​ពួក​គេ; ៧–១០, វិញ្ញាណ​ដដែល​នោះ ដែល​តាំង​ជំនឿ​ក្លែងក្លាយ ក៏​បាន​នាំ​ឲ្យ​មាន​ការ​បៀតបៀន​ដល់​ពួក​បរិសុទ្ធ​ដែរ; ១១–១៧, មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ចំណោម​ក្រុម​សាសនា​ទាំង​អស់ នោះ​នឹង​នៅ​តែ​បាន​ទទួល​សេចក្ដី​ពិត។

ហើយ​ជា​ថ្មី​ទៀត យើង​ខ្ញុំ​សូម​ឲ្យ​អ្នក​ពិចារណា​ពី​ភាព​សម​បែប​សម​បទ​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ពួក​បរិសុទ្ធ​ប្រមូល​ទុកជា​សំគាល់​អំពី​ការ​ពិត សេចក្ដី​ទុក្ខ​វេទនា និង​ការ​ទុក្ខ​ទោស​ទាំង​អស់ ដែល​ប្រជាជន​នៃ​រដ្ឋ​នេះ​បាន​ដាក់​មក​លើ​ពួក​គេ

ហើយ​ព្រម​អស់​ទាំង​របស់​របរ និង​ចំនួន​ខូច​ខាត​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​បាន​ទទួល ទាំង​ខាង​ខូច​នាម​ខូច​ប្រាណ និង​ខាង​ខូច​របស់​របរ​ពិតប្រាកដ​ផង

ហើយ​ព្រម​ទាំង​ឈ្មោះ​នៃ​ជន​គ្រប់​រូប ដែល​មាន​ចំណែក​ក្នុង​ការ​សង្កត់សង្កិន​ពួក​គេ តាម​ដែល​ពួក​គេ​អាច​រក​បាន​ឈ្មោះ​ទាំង​នោះ ហើយ​ស្វែងរក​ឈ្មោះ​ទាំង​នោះ​បាន។

ហើយ​ប្រហែលជា​អាច​តាំង​គណៈកម្មាធិការ​មួយ​ឡើង ដើម្បី​ស្វែងរក​ការណ៍​ទាំង​នេះ និង​ដើម្បី​កត់​នូវ​ដំណើរ​រឿង និង​សំបុត្រ ភស្តុតាង​ទាំង​ឡាយ ហើយ​ព្រម​ទាំង​ប្រមូល​នូវ​ការ​បោះពុម្ពផ្សាយ​បង្ខូច​កេរ្តិ៍​ទាំង​ឡាយ​ដែល​សុសសាយ

និង​ការណ៍​ទាំង​អស់​ដែល​នៅ​ក្នុង​ទស្សនាវដ្ដី​ទាំង​ឡាយ និង​នៅ​ក្នុង​សព្វ​វចនាធិប្បាយ​ទាំង​ឡាយ និង​គ្រប់​ទាំង​ប្រវត្តិ​បង្ខូច​កេរ្តិ៍​ទាំង​ឡាយ ដែល​បាន​បោះពុម្ពផ្សាយ ហើយ​កំពុង​កត់​ទុក និង​ដោយ​អ្នក​ណា ហើយ​បង្ហាញ​ប្រាប់​ពី​ប្រជុំ​អំពើ​ទុច្ចរិត និង​ការ​បង្ខំ​ដ៏​អាក្រក់​អាស្រូវ និង​ឃាតកម្ម​ទាំង​ឡាយ ដែល​បាន​ប្រព្រឹត្ត​មក​លើ​ប្រជាជន​នេះ —

គឺ​មិន​គ្រាន់តែ​ឲ្យ​យើង​អាច​បោះពុម្ពផ្សាយ​ប្រាប់​ដល់​អស់​ទាំង​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​បង្ហាញ​ប្រាប់​ពី​រឿង​នោះ​ដល់​ក្រសួង​រាជការ​ទាំង​ឡាយ​នូវ​គ្រប់​ទាំង​សម្បុរ​របស់​ពួក​គេ​ដែល​ងងឹតងងល់ និង​ដូច​ជា​នរក ទុកជា​ការ​ប្រឹងប្រែង​ចុង​ក្រោយ​បង្អស់ ដែល​តម្រូវ​ពី​យើង ដោយ​ព្រះ​វរបិតា​សួគ៌ មុន​យើង​អាច​ទាមទារ​យក​សេចក្ដី​សន្យា​នោះ​បាន​ដោយ​ពេញ​លេញ ដែល​នឹង​ទូល​សូម​ទ្រង់​ឲ្យ​យាង​ចេញ​មក​ពី​ទី​កំបាំង​របស់​ទ្រង់ ហើយ​ក៏​ដើម្បី​កុំ​ឲ្យ​សាសន៍​ទាំង​មូល​អាច​បាន​នៅ​ដោយ​ការ​ដោះ​សា មុន​ទ្រង់​អាច​ចាត់​ព្រះ​ចេស្ដា​នៃ​ព្រះ​ពាហុ​ដ៏​ខ្លាំង​ក្លា​របស់​ទ្រង់​ចេញ​មក។

គឺជា​កាតព្វកិច្ច​ដ៏​ចាំ​បាច់​ដែល​យើង​មាន​ចំពោះ​ព្រះ ចំពោះ​ពួក​ទេវតា ដែល​ពួក​យើង​នឹង​ត្រូវ​បាន​នាំ​មក​ឈរ​ជាមួយ ហើយ​ចំពោះ​ខ្លួន​យើង​ផ្ទាល់ ចំពោះ​ប្រពន្ធ​កូន​យើង ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​ឱន​ចុះ​ដោយ​ការ​ទុក្ខ​ព្រួយ​សោកសៅ និង​ទុក្ខ​សង្រេង​នៅ​ក្រោម​កណ្ដាប់​ដៃ​ដ៏​អា​ស្រូវ​បំផុត​នៃ​ឃាតករ អំណាច​ផ្ដាច់​ការ និង​ការ​សង្កត់សង្កិន ដែល​បាន​គាំទ្រ និង​ទ្រ​ទ្រង់​ដោយ​ឥទ្ធិពល​នៃ​វិញ្ញាណ​នោះ ដែល​បាន​បញ្ចុះ​ជំនឿ​ទាំង​ឡាយ​ដល់​ពួក​អយ្យកោ ដែល​បាន​អំពើ​កុហក​ទាំង​ឡាយ​ត​មក​ក្នុង​ដួង​ចិត្ត​នៃ​កូន​ចៅ ហើយ​បាន​បំពេញ​ពិភពលោក​ដោយ​ចលាចល ហើយ​បាន​រីក​កាន់តែ​ធំ​ឡើងៗ ហើយ​ឥឡូវ​នេះ ទៅ​ជា​ប្រភព​ទឹក​ដ៏​ពេញ​ទំហឹង​នៃ​ការ​ពុករលួយ​ទាំង​អស់ ហើយ​ផែនដី​ទាំង​មូល​ថ្ងូរ​នៅ​ក្រោម​ទម្ងន់​នៃ​សេចក្ដី​ទុច្ចរិត​របស់​វា។

គឺជា​នឹម​ដែក គឺជា​ចំណង​ដ៏​មាំ របស់​ទាំង​នោះ​សុទ្ធ​តែ​ជា​ខ្នោះដៃ និង​ច្រវាក់ និង​ខ្នោះ​ជើង និង​គំនាប​ពី​ស្ថាន​នរក។

ហេតុ​ដូច្នេះ​ហើយ គឺជា​កាតព្វកិច្ច​ដ៏​ចាំ​បាច់ ដែល​យើង​មាន​មិន​គ្រាន់តែ​ចំពោះ​ប្រពន្ធ​កូន​យើង​ផ្ទាល់​ទេ ប៉ុន្តែ​ចំពោះ​ពួក​ស្រី​មេម៉ាយ និង​កូន​កំព្រា​ដែរ ដែល​ប្ដី និង​ឪពុក​ត្រូវ​គេ​ធ្វើ​ឃាត នៅ​ក្រោម​ដៃ​ដែក​របស់​វា

១០ដែល​ជា​អំពើ​ដ៏​ងងឹតងងល់​ទាំង​ឡាយ ល្មម​ធ្វើ​ឲ្យ​ស្ថាន​នរក​ញ័រ​រន្ធត់ ហើយ​ឈរ​តក់​ស្លុត និង​ស្លាំង​ស្លក់ ហើយ​ដៃ​ទាំង​ឡាយ​នៃ​អារក្ស​ផ្ទាល់​ក៏​ញញាក់​ញញ័រ​ដែរ។

១១ហើយ​ក៏​ជា​កាតព្វកិច្ច​ដ៏​ចាំ​បាច់ ដែល​យើង​មាន​ចំពោះ​ជំនាន់​ក្រោយ និង​ចំពោះ​ពួក​អ្នក​មាន​ចិត្ត​បរិសុទ្ធ —

១២ត្បិត​មាន​មនុស្ស​ជា​ច្រើន​នៅ​លើ​ផែនដី​នៅ​ឡើយ នៅ​ក្នុង​ចំណោម​ក្រុម បក្ស និកាយ​ទាំង​ឡាយ ដែល​បាន​ខ្វាក់​ដោយ​សារ​ឧបាយកល​ដ៏​ប្រសប់​នៃ​មនុស្ស ម្ល៉ោះ​ហើយ ទើប​ពួក​គេ​ពួន​ចាំ​បញ្ឆោត ហើយ​ជា​ពួក​អ្នក​ដែល​លាក់​ពី​សេចក្ដី​ពិត ពី​ព្រោះ​ពួក​គេ​មិន​ដឹង​ជា​ទៅ​រក​សេចក្ដី​ពិត​ឯណា​ទេ —

១៣ហេតុ​ដូច្នេះ​ហើយ គឺថា​យើង​គួរ​ចំណាយ និង​បង្ហិន​ជីវិត​របស់​យើង​ក្នុង​ការ​នាំ​ពន្លឺ​មក​រក​ការណ៍​កំបាំង​ទាំង​ឡាយ​នៃ​សេចក្ដី​ងងឹត​ណា ដែល​យើង​ស្គាល់ ហើយ​ការណ៍​ទាំង​នោះ​សុទ្ធ​តែ​បាន​សម្ដែង​ប្រាប់​មក​ពី​ស្ថាន​សួគ៌ —

១៤ខណៈ​នោះ កិច្ចការ​ទាំង​នេះ​គួរតែ​ប្រព្រឹត្ត​ដោយ​ការ​ព្យាយាម​ដ៏​ខ្នះខ្នែង។

១៥ចូរ​កុំ​ឲ្យ​មនុស្ស​ណា​មួយ​រាប់​ថា​ការណ៍​នោះ​ជា​តូច​ឡើយ ត្បិត​មាន​ការណ៍​ជា​ច្រើន​នៅ​អនាគត ដោយ​មាន​ទំ​នាក់​ទំនង​ទៅ​នឹង​ពួក​បរិសុទ្ធ ដែល​ពឹង​ពាក់​ទៅ​លើ​ការណ៍​ទាំង​នេះ​ដែរ។

១៦បង​ប្អូន​អើយ អ្នក​ដឹង​ហើយ​ថា សំពៅ​ដ៏​ធំ​បាន​ទទួល​ជំនួយ​ពី​ចង្កូត​ដ៏​តូច​ក្នុង​កាល​មាន​ខ្យល់​ព្យុះ ដោយ​សារ​ដំណើរ​ប្រក្រតី​នឹង​ខ្យល់ និង​រលក។

១៧ហេតុ​ដូច្នេះ​ហើយ បង​ប្អូន​ដ៏​ស្ងួនភ្ងា​អើយ ចូរ​យើង​ប្រព្រឹត្ត​ការណ៍​ទាំង​នេះ ដែល​នៅ​ក្នុង​អំណាច​យើង​ដោយ​មាន​ចិត្ត​រីករាយ​ចុះ ហើយ​លំដាប់​នោះ យើង​អាច​ឈរ​នៅ​ស្ងៀម​ដោយ​ជឿជាក់​ថា​នឹង​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​ពី​ព្រះ និង​បាន​ព្រះ​ពាហុ​ទ្រង់​បើក​សម្ដែង​មក​ឲ្យ​ឃើញ៕