ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 31
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៣១

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​ថូម៉ាស ប៊ី ម៉ាស ខែ​កញ្ញា ឆ្នាំ​១៨៣០ (History of the Church, ១:១១៥–១១៧)។ នៅ​គ្រា​ឆាប់ៗ​បន្ទាប់​ពី​សន្និសីទ​នៃ​សាសនាចក្រ (សូម​មើល​ចំណង​ជើង​នៃ​កណ្ឌ​ទី ៣០)។ ថូម៉ាស ប៊ី ម៉ាស បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ដើមខែ ហើយ​បាន​ទទួល​ការ​តែងតាំង​ឲ្យ​ធ្វើ​ជា​អែលឌើរ​ក្នុង​សាសនាចក្រ មុន​វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​មក។

១–៦, ថូម៉ាស ប៊ី ម៉ាស ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយដំណឹង​ល្អ ហើយ​ត្រូវ​បាន​បញ្ជាក់​ថា​គ្រួសារ​របស់​គាត់​សុខ​សប្បាយ; ៧–១៣, គាត់​ត្រូវ​បាន​ទូន្មាន​ឲ្យ​មាន​ចិត្ត​អត់ធន់ អធិស្ឋាន​ជានិច្ច ហើយ​ឲ្យ​ធ្វើ​តាម​ព្រះ​ដ៏​ជា​ជំនួយ។

ថូម៉ាស បុត្រ​របស់​យើង​អើយ អ្នក​មាន​ពរ​ហើយ ពី​ព្រោះ​មក​ពី​សេចក្ដី​ជំនឿ​របស់​អ្នក​នៅ​ក្នុង​កិច្ចការ​របស់​យើង។

មើល​ចុះ អ្នក​បាន​មាន​សេចក្ដី​ទុក្ខ​វេទនា​ជា​ច្រើន ពី​ព្រោះ​តែ​គ្រួសារ​របស់​អ្នក ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​នឹង​ប្រទាន​ពរ​ដល់​អ្នក និង​គ្រួសារ​របស់​អ្នក មែន​ហើយ គឺ​កូន​តូច​របស់​អ្នក ហើយ​ថ្ងៃ​នឹង​មក​ដល់ ដែល​ពួក​គេ​នឹង​ជឿ ហើយ​ដឹង​សេចក្ដី​ពិត ហើយ​នឹង​បាន​រួម​តែ​មួយ ជាមួយ​នឹង​អ្នក​នៅ​ក្នុង​សាសនាចក្រ​របស់​យើង។

ចូរ​លើក​ចិត្ត​អ្នក​ឡើង ហើយ​អរ​សប្បាយ​ចុះ ត្បិត​ម៉ោង​នៃ​បេសកកម្ម​របស់​អ្នក​មក​ដល់​ហើយ ហើយ​អណ្ដាត​របស់​អ្នក​នឹង​បាន​ស្រាយ ហើយ​អ្នក​នឹង​ប្រកាស​ដំណឹង​ដ៏​រីករាយ នៃ​សេចក្ដី​អំណរ​ដ៏​ធំ ប្រាប់​ដល់​តំណ​មនុស្ស​នេះ។

អ្នក​នឹង​ប្រកាស​ប្រាប់​ពី​អ្វីៗ ដែល​បាន​បើក​សម្ដែង​ដល់​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង។ អ្នក​នឹង​ចាប់​ផ្ដើម​ផ្សាយ​ពី​ពេល​នេះ​ត​ទៅ មែន​ហើយ គឺ​ច្រូត​ស្រែ​ដែល​បាន​ស​សំព្រុស ល្មម​នឹង​ឆេះ។

ដូច្នេះ​ហើយ ចូរ​លូក​កណ្ដៀវ​របស់​អ្នក ដោយ​អស់​ពី​ព្រលឹង​របស់​អ្នក ហើយ​បាប​ទាំង​ឡាយ​របស់​អ្នក ត្រូវ​បាន​អត់​ទោស​ឲ្យ​ហើយ ហើយ​អ្នក​នឹង​បាន​ផ្ទុក​កណ្ដាប់​ស្រូវ​ពីលើ​ខ្នង​របស់​អ្នក ព្រោះ​អ្នក​ដែល​ធ្វើ​ការ​សម​នឹង​បាន​ឈ្នួល​របស់​ខ្លួន។ ហេតុ​ដូច្នោះ​ហើយ គ្រួសារ របស់​អ្នក​នឹង​បាន​រស់នៅ។

មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ចេញ​ពី​ពួក​គេ​ទៅ​គ្រាន់តែ​មួយ​រយៈ​ខ្លី ហើយ​ប្រកាស​ប្រាប់​ពី​ព្រះ​បន្ទូល​របស់​យើង​ប៉ុណ្ណោះ ហើយ​យើង​នឹង​រៀបចំ​កន្លែង​មួយ​សម្រាប់​ពួក​គេ។

មែន​ហើយ យើង​នឹង​បើក​ចិត្ត​នៃ​មនុស្ស​ម្នា ហើយ​ពួក​គេ​នឹង​ទទួល​អ្នក។ ហើយ​យើង​នឹង​តាំង​សាសនាចក្រ​មួយ​ឡើង ដោយ​សារ​ស្នាដៃ​របស់​អ្នក

ហើយ​អ្នក​នឹង​ចម្រើន​កម្លាំង​ពួក​គេ ហើយ​រៀបចំ​ពួក​គេ​សម្រាប់​ពេល​វេលា ក្នុង​កាល​ពួក​គេ​នឹង​ត្រូវ​បាន​ប្រមូល​គ្នា។

ចូរ​មាន​ចិត្ត​អត់ធន់​ក្នុង​ការ​ឈឺ​ចាប់ ចូរ​កុំ​ជេរប្រមាថ​ពួក​អ្នក​ណា​ដែល​ជេរប្រមាថ​ឡើយ។ ចូរ​ត្រួតត្រា​ផ្ទះ​សំបែង​របស់​អ្នក ដោយ​ភាព​ស្លូតបូត ហើយ​ចូរ​តាំង​ចិត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ចុះ។

១០មើល​ចុះ យើង​ប្រាប់​អ្នក​ថា អ្នក​នឹង​ត្រូវ​ទៅ​ជា​គ្រូពេទ្យ​ចំពោះ​សាសនាចក្រ ប៉ុន្តែ​ពុំ​មែន​ចំពោះ​ពិភពលោក​ទេ ត្បិត​ពួក​គេ​នឹង​មិន​ទទួល​អ្នក​ឡើយ។

១១ចូរ​ចេញ​ដំណើរ​ទៅ​តាម​ទីណា តាម​ព្រះ​ហឫទ័យ​របស់​យើង​ចុះ ហើយ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​ដោយ​ព្រះ​ដ៏​ជា​ជំនួយ នូវ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ និង​ទីណា​ដែល​អ្នក​ត្រូវ​ទៅ។

១២ចូរ​អធិស្ឋាន​ជានិច្ច ក្រែង​អ្នក​ចូល​ក្នុង​សេចក្ដី​ល្បួង ហើយ​បាត់បង់​រង្វាន់​របស់​អ្នក។

១៣ចូរ​មាន​ចិត្ត​ស្មោះត្រង់​រហូត​ដល់​ទីបំផុត ហើយ​មើល​ន៏ យើង​នៅ​ជាមួយ​នឹង​អ្នក។ ព្រះ​បន្ទូល​ទាំង​នេះ ពុំ​មែន​មក​ពី​មនុស្ស ឬ​មក​ពី​មនុស្ស​លោក​ទេ តែ​មក​ពី​យើង គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​អ្នក តាម​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា។ អាម៉ែន៕