ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 42
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៤២

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឆ្នាំ​១៨៣១ (History of the Church, ១:១៤៨–១៥៤)។ វិវរណៈ​នេះ​ត្រូវ​បាន​ទទួល​នៅ​មុខ​ពួក​អែលឌើរ​១២​នាក់ ហើយ​ជា​ការ​បំពេញ​សេចក្ដី​សន្យា​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​រួច​មក​ហើយ​ថា ក្រឹត្យ​វិន័យ​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ​មក​នៅ​រដ្ឋ​អូហៃអូ (សូម​មើល​កណ្ឌ​ទី ៣៨:៣២)។ ព្យាការី​បញ្ជាក់​ថា​វិវរណៈ​នេះ « មាន​ក្រឹត្យ​វិន័យ​នៃ​សាសនាចក្រ » (History of the Church, ១:១៤៨)។

១–១០, ពួក​អែលឌើរ​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ផ្សាយដំណឹង​ល្អ ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ពួក​អ្នក​ដែល​ប្រែ​ចិត្ត​ជឿ ហើយ​ស្ថាបនា​សាសនាចក្រ​ឡើង; ១១–១២, ពួក​គេ​ត្រូវ​បាន​ហៅ និង​តែងតាំង ហើយ​ត្រូវ​ទៅ​បង្រៀន​គោលការណ៍​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ ដែល​ឃើញ​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ; ១៣–១៧, ពួក​គេ​ត្រូវ​ទៅ​បង្រៀន និង​ព្យាករ ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ; ១៨–២៩, ពួក​បរិសុទ្ធ​ត្រូវ​បាន​បញ្ជា​មិន​ឲ្យ​សម្លាប់ លួច កុហក មាន​តម្រេក​សម្រើប ប្រព្រឹត្ត​អំពើ​កំផិត ឬ​និយាយ​អាក្រក់​ពី​អ្នក​ណា​ឡើយ; ៣០–៣៩, ក្រឹត្យ​វិន័យ​ទាំង​ឡាយ​សម្រាប់​ត្រួត​លើ​ការ​ថ្វាយ​ទ្រព្យសម្បត្តិ​ត្រូវ​បាន​ចែង​ប្រាប់; ៤០–៤២, សេចក្ដី​ឆ្មើងឆ្មៃ និង​សេចក្ដី​ខ្ជិលច្រអូស​ត្រូវ​បាន​ដាក់​ទោស; ៤៣–៥២, អ្នក​ឈឺ​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជា តាម​រយៈ​ការ​ប្រសិទ្ធិពរ និង​ដោយ​សារ​សេចក្ដី​ជំនឿ; ៥៣–៦០, ព្រះ​គម្ពីរ​ត្រួតត្រា​លើ​សាសនាចក្រ ហើយ​ត្រូវ​ប្រកាស​ប្រាប់​ដល់​ពិភពលោក; ៦១–៦៩, កន្លែង​សម្រាប់​ក្រុង​យេរូសាឡិម​ថ្មី និង​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​នគរ​នឹង​ត្រូវ​បាន​បង្ហាញ; ៧០–៧៣, ទ្រព្យសម្បត្តិ​ទាំង​ឡាយ​ណា​ដែល​បាន​ថ្វាយ នោះ​ត្រូវ​យក​មក​ប្រើប្រាស់​ដើម្បី​គាំទ្រ​ពួក​អ្នក​ដឹកនាំ​សាសនាចក្រ; ៧៤–៩៣, ក្រឹត្យ​វិន័យ​ទាំង​ឡាយ​ដែល​ត្រួតត្រា​លើ​អំពើ​សហាយស្មន់ អំពើ​កំផិត ការ​សម្លាប់ ការ​លួច និង​ការ​សារភាព​ទោស​នោះ​ត្រូវ​បាន​ចែង​ប្រាប់។

ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​អ្នក​រាល់​គ្នា​ជា​ពួក​អែលឌើរ​នៃ​សាសនាចក្រ​យើង​អើយ ជា​ពួក​អ្នក​ដែល​បាន​ជួបជុំ​គ្នា​នៅ​ក្នុង​នាម​យើង គឺ​ព្រះ​យេស៊ូវ គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​ពិភពលោក ពី​ព្រោះ​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​នាម​យើង ហើយ​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង។

យើង​ប្រាប់​អ្នក​ទៀត​ថា ចូរ​ប្រុង​ស្ដាប់ ហើយ​ឮ ហើយ​ចូរ​គោរព​តាម​ក្រឹត្យ​វិន័យ ដែល​យើង​នឹង​ប្រទាន​ដល់​អ្នក​ចុះ។

ត្បិត​យើង​ប្រាប់​ជា​ប្រាកដ​ថា ដរាបណា​អ្នក​រាល់​គ្នា​ជួបជុំ​គ្នា តាម​ព្រះ​បញ្ញត្តិ​ដែល​យើង​បាន​បញ្ជា​ដល់​អ្នក ហើយ​ព្រម​ព្រៀង​គ្នា​ពី​ការណ៍​មួយ​នេះ ហើយ​បាន​សូម​ដល់​ព្រះ​វរបិតា ដោយ​នូវ​ព្រះ​នាម​យើង នោះ​ឈ្មោះ​ថា​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល​ហើយ។

មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ប្រទាន​បញ្ញត្តិ​ទី​១​នេះ​ដល់​អ្នក​ថា អ្នក​រាល់​គ្នា​ត្រូវ​ចេញ​ទៅ​ដោយ​នូវ​ព្រះ​នាម​យើង គឺ​អ្នក​រាល់​គ្នា លើក​លែងតែ យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង​ស៊ីឌនី រិកដុន ជា​ពួក​អ្នក​បម្រើ​របស់​យើង​ប៉ុណ្ណោះ។

ហើយ​យើង​ប្រទាន​ដល់​ពួក​គេ​នូវ​បញ្ញត្តិ​មួយ​ថា ពួក​គេ​ត្រូវ​ចេញ​ទៅ​មួយ​រដូវ​ខ្លី ហើយ​នឹង​ត្រូវ​បាន​បង្ហាញ​ប្រាប់​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ នៅ​ពេល​ណា​ពួក​គេ​ត្រូវ​វិល​មក​វិញ។

ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ចេញ​ទៅ​ដោយ​នូវ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​របស់​យើង ដោយ​ផ្សាយដំណឹង​ល្អ​របស់​យើង​ពីរ​នាក់ៗ​ដោយ​នូវ​ព្រះ​នាម​យើង ដោយ​បន្លឺ​សំឡេង​ឡើង ហាក់​ដូច​ជា​សំឡេង​ត្រែ ដោយ​ប្រកាស​ប្រាប់​ព្រះ​បន្ទូល​យើង ដូច​ជា​ពួក​ទេវតា​នៃ​ព្រះ។

ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ចេញ​ទៅ​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ដោយ​និយាយ​ថា ៖ ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ត្បិត​នគរ​ស្ថាន​សួគ៌​នៅ​ជិត​ដៃ​បង្កើយ។

ហើយ​ចេញ​ពី​ទី​នេះ អ្នក​រាល់​គ្នា​ត្រូវ​ចេញ​ទៅ​ក្នុង​ភូមិ​ភាគ​នៃ​ទិស​ខាង​លិច​ទាំង​ឡាយ; ហើយ​ដរាបណា​អ្នក​រាល់​គ្នា​រក​ឃើញ​ពួក​អ្នក​ដែល​នឹង​ទទួល​អ្នក នោះ​អ្នក​រាល់​គ្នា​ត្រូវ​ស្ថាបនា​សាសនាចក្រ​របស់​យើង​ឡើង​នៅ​គ្រប់​ភូមិ​ភាគ​នានា —

លុះ​ត្រា​ពេល​នោះ​មក​ដល់ នៅ​ពេល​ការណ៍​នោះ​ត្រូវ​បាន​បើក​សម្ដែង​ដល់​អ្នក​មក​ពី​លើ នៅ​ពេល​ទី​ក្រុង​យេរូសាឡិម​ថ្មី​នឹង​ត្រូវ​បាន​រៀបចំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ប្រមូល​គ្នា​តែ​មួយ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ទៅ​ជា​រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ទៅ​ជា​ព្រះ​របស់​អ្នក។

១០ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា អែតវឺត ប៉ាទ្រិច ជា​អ្នក​បម្រើ​របស់​យើង ត្រូវ​បំពេញ​តំណែង ដែល​យើង​បាន​តែងតាំង​គាត់។ ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា បើ​សិន​ជា​គាត់​ប្រព្រឹត្ត​រំលង នោះ​អ្នក​ណាមួយ​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​តែងតាំង​ឡើង​ជំនួស​គាត់។ គឺ​ដូច្នោះ​មែន។ អាម៉ែន។

១១ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា ការណ៍​នេះ​មិន​បាន​អនុញ្ញាត​ដល់​អ្នក​ណាមួយ ដើម្បី​ឲ្យ​ចេញ​ទៅ​ផ្សាយដំណឹង​ល្អ​របស់​យើង ឬ​ដើម្បី​ឲ្យ​ស្ថាបនា​សាសនាចក្រ​របស់​យើង​ឡើង​ឡើយ លើក​លែងតែ​អ្នក​នោះ​បាន​តែងតាំង​ឡើង ដោយ​នរណា​ម្នាក់​ដែល​មាន​សិទ្ធិ​អំណាច ហើយ​ដែល​បាន​ស្គាល់​ដោយ​សាសនាចក្រ ថា​អ្នក​នោះ​មាន​សិទ្ធិ​អំណាច ហើយ​បាន​តែងតាំង​ដោយ​ត្រឹម​ត្រូវ ដោយ​ពួក​អ្នក​ដឹកនាំ​នៃ​សាសនាចក្រ។

១២ហើយ​ជា​ថ្មី​ទៀត ពួក​អែលឌើរ ពួក​សង្ឃ និង​ពួក​គ្រូ​ក្នុង​សាសនាចក្រ​នេះ ត្រូវ​បង្រៀន​គោលការណ៍​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ​របស់​យើង ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប និង​ព្រះ​គម្ពីរ​មរមន គឺជា​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ។

១៣ហើយ​ពួក​គេ​ត្រូវ​គោរព ដើម្បី​ធ្វើ​តាម​សេចក្ដី​សញ្ញា និង​មាត្រា​ទាំង​ឡាយ​នៃ​សាសនាចក្រ ហើយ​អ្វីៗ​ទាំង​នេះ ត្រូវ​ទៅ​ជា​សេចក្ដី​បង្រៀន​របស់​ពួក​គេ ដូច​ជា​ពួក​គេ​នឹង​ត្រូវ​បាន​ដឹកនាំ​ពី​ព្រះ​វិញ្ញាណ។

១៤ហើយ​ព្រះ​វិញ្ញាណ​ត្រូវ​បាន​ប្រទាន​ដល់​អ្នក ដោយ​ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ទទួល​ព្រះ​វិញ្ញាណ​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​បង្រៀន​ឡើយ។

១៥ហើយ​គ្រប់​ទាំង​អស់​នេះ អ្នក​រាល់​គ្នា​ត្រូវ​គោរព​ធ្វើ​តាម ដូច​ជា​យើង​បាន​បញ្ជា​អំពី​សេចក្ដី​បង្រៀន​របស់​អ្នក រហូត​ដល់​ភាព​ពោរ​ពេញ​នៃ​ព្រះ​គម្ពីរ​របស់​យើង ត្រូវ​បាន​ប្រទាន​ឲ្យ​មក​សិន។

១៦ហើយ​ដូច​ជា​អ្នក​រាល់​គ្នា​ត្រូវ​បន្លឺ​សំឡេង​របស់​អ្នក​ឡើង​ដោយ​ព្រះ​ដ៏​ជា​ជំនួយ នោះ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​និយាយ ហើយ​ព្យាករ ដូចដែល​ឃើញ​ថា​ល្អ​ដល់​យើង

១៧ត្បិត​មើល​ចុះ ព្រះ​ដ៏​ជា​ជំនួយ ទ្រង់​ជ្រាប​គ្រប់​ទាំង​អស់ ហើយ​ធ្វើ​ទី​បន្ទាល់​ពី​ព្រះ​វរបិតា និង​ពី​ព្រះ​រាជ​បុត្រា។

១៨ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​មាន​បន្ទូល​ដល់​សាសនាចក្រ។ កុំ​ឲ្យ​សម្លាប់​មនុស្ស​ឲ្យ​សោះ ហើយ​អ្នក​ណា​ដែល​សម្លាប់ នោះ​នឹង​ពុំ​បាន​ការ​អត់​ទោស​ឡើយ ទោះ​នៅ​នា​លោកិយ​នេះ ឬ​នៅ​បរលោក​នាយ​ក្ដី។

១៩ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​ថា កុំ​ឲ្យ​សម្លាប់​មនុស្ស​ឲ្យ​សោះ ប៉ុន្តែ​អ្នក​ណា​ដែល​សម្លាប់ នោះ​នឹង​ត្រូវ​ស្លាប់

២០ចូរ​កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ អ្នក​ណា​ដែល​លួច​ប្លន់ ហើយ​មិន​ប្រែ​ចិត្ត នោះ​នឹង​ត្រូវ​បណ្ដេញ​ចេញ។

២១កុំ​ឲ្យ​កុហក​ឲ្យ​សោះ អ្នក​ណា​ដែល​កុហក ហើយ​មិន​ប្រែ​ចិត្ត នោះ​នឹង​ត្រូវ​បណ្ដេញ​ចេញ។

២២ត្រូវ​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ឲ្យ​អស់​អំពី​ចិត្ត ហើយ​ត្រូវ​នៅ​ជាប់​នឹង​នាង ហើយ​គ្មាន​នរណា​ទៀត​ឡើយ។

២៣ហើយ​អ្នក​ណា​ដែល​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​តម្រេក​សម្រើប​ចង់​បាន នោះ​នឹង​បោះបង់​ចោល​សេចក្ដី​ជំនឿ ហើយ​នឹង​មិន​ត្រូវ​មាន​ព្រះ​វិញ្ញាណ​ឡើយ ហើយ​បើ​សិន​ជា​អ្នក​នោះ​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​បណ្ដេញ​ចេញ។

២៤កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ ហើយ​អ្នក​ណា​ដែល​ផិត​គ្នា ហើយ​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​បណ្ដេញ​ចេញ។

២៥ប៉ុន្តែ​អ្នក​ណា​ដែល​ផិត​គ្នា ហើយ​ប្រែ​ចិត្ត​ដោយ​អស់​អំពី​ចិត្ត ហើយ​បោះបង់​ចោល​អំពើ​នោះ ហើយ​មិន​ប្រព្រឹត្ត​ទៀត​ទេ នោះ​អ្នក​ត្រូវ​អភ័យទោស​ឲ្យ

២៦ប៉ុន្តែ​បើ​សិន​ជា​អ្នក​នោះ​ប្រព្រឹត្ត​ទៀត អ្នក​នោះ​នឹង​មិន​ត្រូវ​អភ័យទោស​ឲ្យ​ឡើយ ប៉ុន្តែ​នឹង​ត្រូវ​បណ្ដេញ​ចេញ​វិញ។

២៧កុំ​ឲ្យ​និយាយ​អាក្រក់​ពី​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ ឬ​ធ្វើ​ទុក្ខ​អ្វី​ដល់​គាត់​ឡើយ។

២៨អ្នក​ដឹង​ពី​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​របស់​យើង ដែល​ស្ដី​អំពី​ការណ៍​ទាំង​នេះ ត្រូវ​បាន​ប្រទាន​ឲ្យ​នៅ​ក្នុង​ព្រះ​គម្ពីរ​របស់​យើង​ហើយ អ្នក​ណា​ដែល​ធ្វើ​បាប ហើយ​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​បណ្ដេញ​ចេញ។

២៩បើ​សិន​ជា​អ្នក​ស្រឡាញ់​យើង ចូរ​បម្រើ​យើង ហើយ​កាន់​តាម​បញ្ញត្តិ​ទាំង​អស់​របស់​យើង​ចុះ។

៣០ហើយ​មើល​ចុះ ចូរ​នឹក​ដល់​មនុស្ស​ទាល់​ក្រ ហើយ​ថ្វាយ​ទ្រព្យសម្បត្តិ​ទាំង​ឡាយ​របស់​ខ្លួន​សម្រាប់​គាំទ្រ​ពួក​គេ​នូវ​អ្វីៗ​ដែល​អ្នក​មាន ដើម្បី​ចែករំលែក​ដល់​ពួក​គេ ដោយ​សេចក្ដី​សញ្ញា និង​សំបុត្រស្នាម ដែល​មិន​អាច​ផ្ដាច់​បាន។

៣១ហើយ​ដរាបណា​អ្នក​រាល់​គ្នា​ចែករំលែក​ទ្រព្យ​ដល់​មនុស្ស​ទាល់​ក្រ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ ហើយ​ចូរ​ដាក់​ទ្រព្យ​ទាំង​នោះ​នៅ​ខាង​មុខ​ប៊ីស្សព​នៃ​សាសនាចក្រ​របស់​យើង និង​ទីប្រឹក្សា​ទាំង​ឡាយ​របស់​គាត់ គឺ​អែលឌើរ ឬ​សង្ឃ​ជាន់​ខ្ពស់​ពីរ​នាក់ ដូច​ជា​អ្នក​នោះ​ត្រូវ​បាន​តែងតាំង ឬ​បាន​តែងតាំង ហើយ​ញែក​ចេញ សម្រាប់​គោលបំណង​នោះ។

៣២ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា បន្ទាប់​ពី​បាន​ដាក់​ទ្រព្យ​ទាំង​នោះ នៅ​ខាង​មុខ​ប៊ីស្សព​នៃ​សាសនាចក្រ​របស់​យើង និង​បន្ទាប់​មក​គាត់​បាន​ទទួល​ទី​បន្ទាល់​ទាំង​នេះ ស្ដី​អំពី​ការ​ថ្វាយ​ទ្រព្យសម្បត្តិ​ទាំង​ឡាយ​នៃ​សាសនាចក្រ​របស់​យើង ដើម្បី​កុំ​ឲ្យ​ទ្រព្យសម្បត្តិ​ទាំង​នេះ ត្រូវ​បាន​យក​ពី​សាសនាចក្រ​ឡើយ ដោយ​យល់​ព្រម​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​រួច​ហើយ នោះ​មនុស្ស​គ្រប់​រូប​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​យើង គឺ​ធ្វើ​ជា​នាយតម្រួត​ការ​លើ​ទ្រព្យសម្បត្តិ​របស់​ខ្លួន ឬ​អ្វី​ដែល​គាត់​បាន​ទទួល ដោយ​សារ​ការ​ថ្វាយ​ដែល​ច្រើន​គ្រប់​គ្រាន់​សម្រាប់​ខ្លួន និង​គ្រួសារ

៣៣ហើយ​ជា​ថ្មី​ទៀត បើ​សិន​ជា​មាន​ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ​នៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​សាសនាចក្រ ឬ​នៅ​ក្នុង​ដៃ​អ្នក​ណាមួយ​នៃ​សាសនាចក្រ ដែល​មាន​ច្រើន​ជាង​ត្រូវ​ការ​សម្រាប់​ការ​គាំទ្រ​ដល់​ពួក​គេ បន្ទាប់​ពី​ការ​ថ្វាយ​ដំបូង​នេះ គឺ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន នោះ​ត្រូវ​ថ្វាយ​ដល់​ប៊ីស្សព ទ្រព្យសម្បត្តិ​នោះ​នឹង​ត្រូវ​រក្សាទុក ដើម្បី​ឧបត្ថម្ភ​ចែក​ដល់​អស់​អ្នក​ណា​ដែល​ពុំ​មាន​ម្ដង​ម្កាល ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់​រូប​ណា​ដែល​ត្រូវ​ការ អាច​បាន​ផ្គត់ផ្គង់ ហើយ​ទទួល​តាម​ដែល​គេ​ប៉ងប្រាថ្នា។

៣៤ហេតុ​ដូច្នេះ​ហើយ របស់​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន នឹង​ត្រូវ​រក្សាទុក​នៅ​ក្នុង​ឃ្លាំង​របស់​យើង ដើម្បី​ឧបត្ថម្ភ​ចែក​ដល់​មនុស្ស​ទាល់​ក្រ និង​មនុស្ស​កម្សត់​ទុគ៌ត ដូចដែល​ត្រូវ​បាន​តែងតាំង​ដោយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​សាសនាចក្រ ហើយ​ប៊ីស្សព និង​ក្រុម​ប្រឹក្សា​របស់​គាត់។

៣៥ហើយ​សម្រាប់​គោលបំណង​នៃ​ការ​ទិញ​ដីធ្លី សម្រាប់​ប្រយោជន៍​ដល់​សមាជិក​ទូ​ទៅ​នៃ​សាសនាចក្រ និង​ការ​កសាង​សាលា​សម្រាប់​ថ្វាយ​បង្គំ​ទាំង​ឡាយ និង​ការ​ស្ថាបនា​ក្រុង​យេរូសាឡិម​ថ្មី​ឡើង ដែល​នឹង​បាន​បើក​សម្ដែង​ប្រាប់​បន្ទាប់​ពី​ពេល​នេះ​ទៅ —

៣៦ប្រយោជន៍​ឲ្យ​រាស្ត្រ​របស់​យើង ដែល​នៅ​ក្នុង​សេចក្ដី​សញ្ញា អាច​បាន​ប្រមូល​គ្នា​តែ​មួយ នៅ​ក្នុង​ថ្ងៃ​នោះ កាលដែល​យើង​នឹង​យាង​មកព្រះ​វិហារ​របស់​យើង។ ហើយ​ការ​នេះ​យើង​ធ្វើ​សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​រាស្ត្រ​របស់​យើង។

៣៧ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា អ្នក​ណា​ដែល​ធ្វើ​បាប ហើយ​មិន​ប្រែ​ចិត្ត​សោះ នោះ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​សាសនាចក្រ ហើយ​នឹង​មិន​ត្រូវ​ទទួល​ទៀត​ឡើយ​នូវ​អ្វី​ដែល​គេ​បាន​ថ្វាយ​ដល់​មនុស្ស​ទាល់​ក្រ និង​មនុស្ស​កម្សត់​ទុគ៌ត​នៃ​សាសនាចក្រ​របស់​យើង ឬ​ម្យ៉ាង​ទៀត​ដល់​យើង —

៣៨ត្បិត​ដរាបណា​អ្នក​រាល់​គ្នា​ធ្វើ​ការ​ទាំង​នេះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​មនុស្ស​ទាំង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ។

៣៩ត្បិត​ហេតុការណ៍​នឹង​កើត​ឡើង​ថា អ្វីៗ​ដែល​យើង​មាន​បន្ទូល​ដោយ​មាត់​នៃ​ពួក​ព្យាការី​របស់​យើង នោះ​នឹង​ត្រូវ​បាន​សម្រេច ត្បិត​យើង​នឹង​យក​ទ្រព្យសម្បត្តិ​ទាំង​ឡាយ​នៃ​អស់​អ្នក​ណា​ដែល​ឱប​ក្រសោប​ដំណឹង​ល្អ​របស់​យើង​ក្នុង​ចំណោម​ពួក​មនុស្ស​ដទៃ ឲ្យ​ដល់​មនុស្ស​ទាល់​ក្រ​ក្នុង​រាស្ត្រ​យើង ដែល​ជា​វង្ស​អ៊ីស្រាអែល។

៤០ហើយ​ជា​ថ្មី​ទៀត កុំ​ឲ្យ​មាន​សេចក្ដី​ឆ្មើងឆ្មៃ​ក្នុង​ចិត្ត​ឲ្យ​សោះ ចូរ​ឲ្យ​សំលៀកបំពាក់​ទាំង​អស់​របស់​អ្នក​មាន​សម្បុរ​ធម្មតា ហើយ​ឲ្យ​សម្រស់​នៃ​សំលៀកបំពាក់​របស់​អ្នក​ទៅ​ជា​សម្រស់​ពី​ស្នាដៃ​របស់​អ្នក​ចុះ

៤១ហើយ​ចូរ​ឲ្យ​គ្រប់​ទាំង​អស់ បាន​ធ្វើ​ដោយ​ភាព​ស្អាតបាត​នៅ​ចំពោះ​យើង។

៤២កុំ​ឲ្យ​ខ្ជិលច្រអូស​ឲ្យ​សោះ ត្បិត​អ្នក​ណា​ដែល​ខ្ជិលច្រអូស នោះ​នឹង​មិន​ត្រូវ​បរិភោគ​អាហារ ឬ​ស្លៀកពាក់​សំលៀកបំពាក់​នៃ​អ្នក​ដែល​ធ្វើ​ការ​នោះ​ឡើយ។

៤៣ហើយ​អស់​អ្នក​ណា​ដែល​ឈឺ​នៅ​ក្នុង​ចំណោម​អ្នក ហើយ​ឥត​មាន​សេចក្ដី​ជំនឿ​ដើម្បី​ឲ្យ​បាន​ជា​ស្បើយ ប៉ុន្តែ​ជឿ នោះ​នឹង​ត្រូវ​បាន​ថែទាំ​ឲ្យ​ចំណី​ដោយ​អស់​ពី​ភាព​ទន់ភ្លន់ ដោយ​រុក្ខជាតិ និង​អាហារ​សាបៗ ហើយ​ពុំ​ត្រូវ​ធ្វើ​ដោយ​ដៃ​នៃ​ខ្មាំងសត្រូវ​ឡើយ។

៤៤ហើយ​ពួក​អែលឌើរ​នៃ​សាសនាចក្រ​ពីរ​នាក់ ឬ​លើស នឹង​ត្រូវ​ហៅ ហើយ​ត្រូវ​អធិស្ឋាន​ឲ្យ ហើយ​ដាក់​ដៃ​លើ​ពួក​គេ​ដោយ​នូវ​ព្រះ​នាម​របស់​យើង ហើយ​បើ​សិន​ជា​ពួក​គេ​ស្លាប់ នោះ​ពួក​គេ​នឹង​ស្លាប់​ដើម្បី​យើង ហើយ​បើ​សិន​ជា​ពួក​គេ​រស់ នោះ​ពួក​គេ​នឹង​រស់​ដើម្បី​យើង​ដែរ។

៤៥ចូរ​រស់នៅ​ជាមួយ​គ្នា​ដោយ​នូវ​សេចក្ដី​ស្រឡាញ់ រហូត​ដល់​អ្នក​ត្រូវ​យំសោក​ចំពោះ​ការ​បាត់បង់​នៃ​មនុស្ស​ដែល​ស្លាប់ ហើយ​ជា​ពិសេស​ទៀត ចំពោះ​អស់​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​សង្ឃឹម​ដល់​ដំណើរ​រស់​ឡើង​វិញ​ដ៏​រុងរឿង។

៤៦ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា អស់​អ្នក​ណា​ដែល​ស្លាប់​ក្នុង​យើង នោះ​នឹង​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់​ឡើយ ត្បិត​សេចក្ដី​ស្លាប់​នឹង​បាន​ទៅ​ជា​សេចក្ដី​ផ្អែមល្ហែម​ដល់​ពួក​គេ​វិញ។

៤៧ហើយ​ពួក​អ្នក​ដែល​ពុំ​បាន​ស្លាប់​ក្នុង​យើង​ទេ នោះ​វេទនា​ដល់​ពួក​គេ​ហើយ ត្បិត​សេចក្ដី​ស្លាប់​របស់​ពួក​គេ គឺជា​សេចក្ដី​ល្វីង​ជូរចត់។

៤៨ហើយ​ជា​ថ្មី​ទៀត ហេតុការណ៍​នឹង​កើត​ឡើង​ថា អ្នក​ណា​ដែល​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង ដើម្បី​ឲ្យ​បាន​ជា​ស្បើយ ហើយ​ដែល​ពុំ​បាន​កំណត់​ឲ្យ​ស្លាប់ នោះ​នឹង​ត្រូវ​បាន​ជា​ស្បើយ​ហើយ។

៤៩អ្នក​ណា​ដែល​មាន​សេចក្ដី​ជំនឿ ដើម្បី​ឲ្យ​បាន​មើល​ឃើញ នោះ​នឹង​ត្រូវ​បាន​មើល​ឃើញ។

៥០អ្នក​ណា​ដែល​មាន​សេចក្ដី​ជំនឿ ដើម្បី​ឲ្យ​បាន​ស្ដាប់​ឮ នោះ​នឹង​ត្រូវ​បាន​ស្ដាប់​ឮ។

៥១មនុស្ស​ខ្វិន​ណា​ដែល​មាន​សេចក្ដី​ជំនឿ​ដើម្បី​ឲ្យ​បាន​លោត​រួច នោះ​នឹង​ត្រូវ​បាន​លោត​រួច។

៥២ហើយ​ពួក​អ្នក​ណា​ដែល​ពុំ​មាន​សេចក្ដី​ជំនឿ​ដើម្បី​ធ្វើ​ការ​ទាំង​នេះ ប៉ុន្តែ​ជឿ​ដល់​យើង នោះ​មាន​អំណាច​ដើម្បី​ត្រឡប់​ទៅ​ជា​កូន​របស់​យើង ហើយ​ដរាបណា​ពួក​គេ​មិន​បាន​បំបាក់​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​របស់​យើង​ទេ នោះ​អ្នក​ត្រូវ​ទ្រាំទ្រ​នឹង​ជំងឺ​ឈឺ​ស្កាត់​របស់​ពួក​គេ​ផង។

៥៣ចូរ​ឈរ​ក្នុង​កន្លែង​នៃ​ការ​កាន់កាប់​ត្រួតត្រា​របស់​អ្នក​ចុះ។

៥៤កុំ​ឲ្យ​យក​សំលៀកបំពាក់​របស់​បង​ប្អូន​របស់​អ្នក​ឲ្យ​សោះ អ្នក​ត្រូវ​បង់ថ្លៃ​ចំពោះ​អ្វី​ដែល​អ្នក​បាន​ទទួល​ពី​បង​ប្អូន​របស់​អ្នក​វិញ។

៥៥ហើយ​បើ​សិន​ជា​អ្នក​បាន​ទទួល​ច្រើន​ជាង​ដែល​ត្រូវ​ការ​សម្រាប់​គាំទ្រ​ខ្លួន នោះ​អ្នក​ត្រូវ​ឲ្យ​ទៅ​ឃ្លាំង​របស់​យើង ដើម្បី​ឲ្យ​គ្រប់​ទាំង​អស់​អាច​បាន​សម្រេច តាម​អ្វី​ដែល​យើង​បាន​មាន​បន្ទូល​មក។

៥៦ចូរ​សូម ហើយ​បទគម្ពីរ​របស់​យើង​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ​មក ដូច​ជា​យើង​បាន​កំណត់​ទុក ហើយ​បទគម្ពីរ​ទាំង​នោះ​នឹង​ត្រូវ​បាន​រក្សាទុក​ឲ្យ​បាន​គង់វង្ស​ក្នុង​កន្លែង​មាន​សុវត្ថិភាព

៥៧ហើយ​ជា​ការ​ចាំ​បាច់​ដែល​អ្នក​គួរ​នៅ​ស្ងៀមស្ងាត់​អំពីបទគម្ពីរ​ទាំង​នោះ ហើយ​ចូរ​កុំ​បង្រៀន​បទគម្ពីរ​ទាំង​នោះ​ឡើយ លុះ​ត្រា​អ្នក​រាល់​គ្នា​បាន​ទទួល​បទគម្ពីរ​ទាំង​នោះ​សព្វ​គ្រប់​សិន។

៥៨ហើយ​យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក​ថា នៅ​ពេល​នោះ អ្នក​ត្រូវ​បង្រៀន​បទគម្ពីរ​ទាំង​នោះ​ដល់​មនុស្ស​ទាំង​អស់ ត្បិត​បទគម្ពីរ​ទាំង​នោះ នឹង​ត្រូវ​បាន​បង្រៀន​ដល់​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន។

៥៩ចូរ​យក​អ្វីៗ​ដែល​អ្នក​បាន​ទទួល​ម​ក ដែល​បាន​ប្រទាន​ដល់​អ្នក​នៅ​ក្នុង​ព្រះ​គម្ពីរ​របស់​យើង ទុក​សម្រាប់​ជា​ក្រឹត្យ​វិន័យ ទៅ​ធ្វើ​ជា​ក្រឹត្យ​វិន័យ​ដើម្បី​ត្រួតត្រា​សាសនាចក្រ​របស់​យើង​ចុះ

៦០ហើយ​អ្នក​ណា​ដែល​ធ្វើ​តាម​ការ​ទាំង​នេះ នោះ​នឹង​បាន​សង្គ្រោះ ហើយ​អ្នក​ណា​ដែល​ពុំ​បាន​ធ្វើ​តាម​ការ​ទាំង​នេះ​ទេ នោះ​នឹង​ត្រូវ​ជាប់​ទោស បើ​សិន​ជា​អ្នក​នោះ​នៅ​តែ​ធ្វើ​ត​ទៅ​ទៀត។

៦១បើ​សិន​ជា​អ្នក​សូម នោះ​អ្នក​នឹង​បាន​ទទួល​វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ តម្រិះ​ថែម​ទៅ​លើ​តម្រិះ ដើម្បី​ឲ្យ​អ្នក​អាច​បាន​ស្គាល់​សេចក្ដី​អាថ៌​កំបាំង​ទាំង​ឡាយ និង​របស់​ទាំង​ឡាយ​ដ៏​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត — ដែល​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​អំណរ ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

៦២ចូរ​សូម ហើយ​នឹង​ត្រូវ​បាន​បើក​សម្ដែង​ដល់​អ្នក តាម​ពេល​ដែល​យើង​កំណត់ អំ​ពី​កន្លែង​ដែល​ក្រុង​យេរូសាឡិម​ថ្មី​នឹង​ត្រូវ​បាន​សង់។

៦៣ហើយ​មើល​ចុះ ហេតុការណ៍​នឹង​កើត​ឡើង​ថា ពួក​អ្នក​បម្រើ​របស់​យើង នឹង​ត្រូវ​បាន​ចាត់​ឲ្យ​ចេញ​ទៅ​ទិស​ខាង​កើត ទៅ​ទិស​ខាង​លិច ទៅ​ទិស​ខាង​ជើង និង​ទៅ​ទិស​ខាង​ត្បូង។

៦៤ហើយ​សូម្បីតែ​ពេល​ឥឡូវ​នេះ ចូរ​ឲ្យ​អ្នក​ណា​ដែល​ទៅ​ទិស​ខាង​កើត បង្រៀន​ពួក​អ្នក​ដែល​នឹង​ប្រែ​ចិត្ត​ជឿ ឲ្យ​ភៀស​ខ្លួន​ចេញ​ទៅ​ទិស​ខាង​លិច ហើយ​នេះ​ពីព្រោះ​តែ​អ្វី​ដែល​នឹងមាន​មក​លើ​ផែនដី និង​អំពី​បក្សព័ន្ធ​សម្ងាត់​ទាំង​ឡាយ។

៦៥មើល​ចុះ ចូរ​គោរព​តាម​គ្រប់​ការណ៍​ទាំង​អស់​នេះ​ចុះ ហើយ​រង្វាន់​របស់​អ្នក​នឹង​បាន​ធំ​ណាស់​ហ្ន៎ ត្បិត​ចំពោះ​អ្នក ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដឹង​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​នគរ ប៉ុន្តែ​ចំពោះ​មនុស្ស​លោក ពុំ​បាន​អនុញ្ញាត​ឲ្យ​ដឹង​ឡើយ។

៦៦អ្នក​រាល់​គ្នា​ត្រូវ​គោរព​តាម​ក្រឹត្យ​វិន័យ​ទាំង​ឡាយ ដែល​អ្នក​រាល់​គ្នា​បាន​ទទួល ហើយ​ចូរ​មាន​ចិត្ត​ស្មោះត្រង់​ចុះ។

៦៧ហើយ​បន្ទាប់​ពី​ពេល​នេះ​ទៅ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល​សេចក្ដី​សញ្ញា​ទាំង​ឡាយ សម្រាប់​សាសនាចក្រ ដូចដែល​បាន​គ្រប់​គ្រាន់​ដើម្បី​តាំង​អ្នក​ឡើង ព្រម​ទាំង​នៅ​ទី​នេះ និង​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ថ្មី។

៦៨ហេតុ​ដូច្នេះ​ហើយ អ្នក​ណា​ដែល​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​យើង ហើយ​យើង​នឹង​ប្រទាន​ដល់​អ្នក​នោះ ដោយ​សទ្ធា​ឥត​បន្ទោស​ផង។

៦៩ចូរ​លើក​ចិត្ត​ឡើង ហើយ​អរ​សប្បាយ​ចុះ ត្បិត​ដល់​អ្នក​នោះ​នគរ ឬ​ម្យ៉ាង​ទៀត កូន​សោ​ទាំង​ឡាយ​នៃ​សាសនាចក្រ ត្រូវ​បាន​ប្រទាន​ឲ្យ​ហើយ។ គឺ​ដូច្នោះ​មែន។ អាម៉ែន។

៧០ពួក​សង្ឃ និង​ពួក​គ្រូ ត្រូវ​មាន​ការ​កាន់កាប់​ត្រួតត្រា​របស់​ខ្លួន ដូច​ជា​សមាជិក​ផង​ទាំង​ឡាយ។

៧១ហើយ​ពួក​អែលឌើរ ឬ​ពួក​សង្ឃ​ជាន់​ខ្ពស់​ណា​ដែល​បាន​តែងតាំង​ឲ្យ​ជួយ​ប៊ីស្សព ជាទី​ប្រឹក្សា​ក្នុង​គ្រប់​ការណ៍​ទាំង​អស់ នោះ​ត្រូវ​ឲ្យ​គាំទ្រ​គ្រួសារ​របស់​ពួក​គេ​ចេញ​ពី​ទ្រព្យសម្បត្តិ ដែល​បាន​ថ្វាយ​ដល់​ប៊ីស្សព សម្រាប់​ប្រយោជន៍​ល្អ​ដល់​មនុស្ស​ទាល់​ក្រ និង​សម្រាប់​ប្រយោជន៍​ផ្សេងៗ​ទៀត ដូច​ជា​បាន​ពោល​ដល់​ហើយ​នោះ

៧២ឬ​ក៏​ពួក​គេ​ត្រូវ​ទទួល​សំណង​ត្រឹម​ត្រូវ ចំពោះ​ការ​ទាំង​អស់​ដែល​ពួក​គេ​បម្រើ ចំពោះ​ការ​កាន់កាប់​ត្រួតត្រា ឬ​ការ​ផ្សេងៗ​ទៀត ដូចដែល​ឃើញ​ថា​ល្អ​បំផុត ឬ​ដែល​បាន​សម្រេច​ដោយ​ទីប្រឹក្សា​ទាំង​ឡាយ និង​ប៊ីស្សព។

៧៣ហើយ​ប៊ីស្សព​ក៏​ត្រូវ​ទទួល​ការ​គាំទ្រ​ដល់​ខ្លួន​ដែរ ឬ​ក៏​សំណង​ត្រឹម​ត្រូវ ចំពោះ​ការ​ទាំង​អស់ ដែល​គាត់​បម្រើ​នៅ​ក្នុង​សាសនាចក្រ។

៧៤មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ក៏​ដោយ​នៅ​ក្នុង​ចំណោម​អ្នក ដែល​បាន​លែង​គូស្រករ​របស់​ខ្លួន​ចេញ ហេតុតែ​មក​ពី​សហាយស្មន់ ឬ​ម្យ៉ាង​ទៀត បើ​សិន​ជា​ពួក​គេ​នឹង​ធ្វើ​ទី​បន្ទាល់​នៅ​ចំពោះ​មុខ​អ្នក ដោយ​អស់​ពី​ចិត្ត​ដ៏​សុភាព​រាបសា ថា​នេះ​ជាហេតុ​មែន នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្ដេញ​ពួក​គេ​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ឡើយ

៧៥ប៉ុន្តែ​បើ​សិន​ជា​អ្នក​រាល់​គ្នា​រក​ឃើញ​ថា នរណា​មួយ​បាន​ទុក​ចោល​គូស្រករ​របស់​ខ្លួន ព្រោះ​តែ​មាន​បំណង​ចង់​ផិត ហើយ​ខ្លួន​គេ​ផ្ទាល់​ជា​អ្នក​ធ្វើ​ខុស ហើយ​គូស្រករ​របស់​ខ្លួន​នៅ​រស់​នៅ​ឡើយ ពួក​អ្នក​នោះ​ហើយ​ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​វិញ។

៧៦ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា ចូរ​ចាំ​យាម ហើយ​ប្រយ័ត្នប្រយែង ដោយ​សាកសួរ​ឲ្យ​បាន​ហ្មត់ចត់​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​មនុស្ស​បែប​នេះ នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ បើ​សិន​ជា​ពួក​គេ​បាន​រៀបការ​ហើយ​នោះ។

៧៧ហើយ​បើ​សិន​ជា​ពួក​គេ​មិនទាន់​បាន​រៀបការ​ទេ ពួក​គេ​ត្រូវ​ប្រែ​ចិត្ត​ឲ្យ​អស់​ពី​អំពើ​បាប​របស់​ខ្លួន បើ​ពុំ​នោះ​សោត​ទេ ចូរ​កុំ​ទទួល​ពួក​គេ​ឡើយ។

៧៨ហើយ​ជា​ថ្មី​ទៀត ចូរ​ឲ្យ​មនុស្ស​គ្រប់​រូប​ណា​ដែល​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះ​គ្រីស្ទ ត្រូវ​គោរព​កាន់​តាម​អស់​ទាំង​បញ្ញត្តិ និង សេចក្ដី​សញ្ញា​ទាំង​ឡាយ​នៃ​សាសនាចក្រ។

៧៩ហើយ​ហេតុការណ៍​នឹង​កើត​ឡើង​ថា បើ​សិន​ជា​នរណា​មួយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​សម្លាប់​គេ នោះ​ពួក​គេ​នឹង​ត្រូវ​បញ្ជូន ហើយ​កាត់ក្ដី​តាម​ច្បាប់​ទាំង​ឡាយ​នៃ​ប្រទេស ត្បិត​ចូរ​ចងចាំ​ចុះ​ថា អ្នក​នោះ​គ្មាន​ការ​អភ័យទោស​ឡើយ ហើយ​នឹង​ត្រូវ​បាន​បញ្ជាក់​តាម​ច្បាប់​ទាំង​ឡាយ​នៃ​ប្រទេស។

៨០ហើយ​បើ​សិន​ជា​បុរស ឬ​ស្ត្រី​ណាមួយ​បាន​ផិត​គ្នា បុរស​ឬ​ស្ត្រី​នោះ​ត្រូវ​យក​មក​កាត់ក្ដី​នៅ​ចំពោះ​ពួក​អែលឌើរ​ពីរ​នាក់ ឬ​លើស​ក្នុង​សាសនាចក្រ ហើយ​គ្រប់​ទាំង​ពាក្យ​សម្ដី​នឹង​ត្រូវ​បាន​យក​មក​ចោទ​បុរស ឬ​ស្ត្រី​នោះ ដោយ​សាក្សី​ពីរ​នាក់​ក្នុង​សាសនាចក្រ ហើយ​មិន​មែន​ពី​ខ្មាំងសត្រូវ​ទេ ប៉ុន្តែ​បើ​សិន​ជា​មាន​សាក្សី​ច្រើន​ជាង​ពីរ​នាក់ នោះ​កាន់តែ​ប្រសើរ​ឡើង។

៨១ប៉ុន្តែ​បុរស ឬ​ស្ត្រី​នោះ​នឹង​ត្រូវ​កាត់ទោស​ដោយ​មាត់​នៃ​សាក្សី​ពីរ​នាក់ ហើយ​ពួក​អែលឌើរ​នឹង​ដាក់​បណ្ដឹង​ក្ដី​នៅ​ចំពោះ​សាសនាចក្រ ហើយ​សាសនាចក្រ​ត្រូវ​លើក​ដៃ​ទាស់​នឹង​បុរស ឬ​ស្ត្រី​នោះ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​កាត់ក្ដី​បាន តាម​ក្រឹត្យ​វិន័យ​នៃ​ព្រះ។

៨២ហើយ​បើ​សិន​ជា​អាច​ធ្វើ​ទៅ​បាន ជា​ការ​ចាំ​បាច់​ត្រូវ​មាន​ប៊ីស្សព​នៅ​ទី​នោះ​ដែរ។

៨៣ហើយ​ចូរ​អ្នក​រាល់​គ្នា​ធ្វើ ចំពោះ​បណ្ដឹង​គ្រប់​យ៉ាង ដែល​មាន​នៅ​ចំពោះ​មុខ​អ្នក តាម​របៀប​នេះ​ហើយ។

៨៤ហើយ​បើ​សិន​ជា​បុរស ឬ​ស្ត្រី​ណាមួយ​បាន​ប្លន់​គេ បុរស ឬ​ស្ត្រី​នោះ​ត្រូវ​បញ្ជូន​ឡើង​ទៅ​រក​ច្បាប់​នៃ​ប្រទេស។

៨៥ហើយ​បើ​សិន​ជា​បុរស ឬ​ស្ត្រី​នោះ​បាន​លួច​របស់​គេ បុរស ឬ​ស្ត្រី​នោះ​ត្រូវ​បញ្ជូន​ឡើង​ទៅ​រក​ច្បាប់​នៃ​ប្រទេស។

៨៦ហើយ​បើ​សិន​ជា​បុរស ឬ​ស្ត្រី​នោះ​កុហក បុរស ឬ​ស្ត្រី​នោះ​ត្រូវ​បញ្ជូន​ឡើង​ទៅ​រក​ច្បាប់​នៃ​ប្រទេស។

៨៧ហើយ​បើ​សិន​ជា​បុរស ឬ​ស្ត្រី​នោះ​ប្រព្រឹត្ត​សេចក្ដី​ទុច្ចរិត​ណាមួយ បុរស ឬ​ស្ត្រី​នោះ​ត្រូវ​បញ្ជូន​ឡើង​ទៅ​រក​ច្បាប់ គឺជា​ក្រឹត្យ​វិន័យ​នៃ​ព្រះ។

៨៨ហើយ​បើ​សិន​ជា​បង​ប្អូន​ប្រុស ឬ​ស្រី​របស់​ខ្លួន​ណា​ម្នាក់​មាន​ហេតុ​ទាស់​នឹង​អ្នក នោះ​អ្នក​ត្រូវ​ជួប​បង​ប្អូន​ប្រុស ឬ​ស្រី​នោះ ក្នុង​កាល​មាន​តែ​អ្នក ហើយ​និង​បង​ប្អូន​ប្រុស ឬ​ស្រី​នោះ ហើយ​បើ​សិន​ជា​បង​ប្អូន​ប្រុស ឬ​ស្រី​នោះ​សារភាព នោះ​អ្នក​ត្រូវ​រាប់​រក​គ្នា​វិញ។

៨៩ហើយ​បើ​សិន​ជា​បង​ប្អូន​ប្រុស ឬ​ស្រី​នោះ​មិន​សារភាព​ទេ អ្នក​ត្រូវ​បញ្ជូន​បង​ប្អូន​ប្រុស ឬ​ស្រី​នោះ​ទៅ​សាសនាចក្រ ពុំ​មែន​ចំពោះ​សមាជិក​ទាំង​ឡាយ​ទេ ប៉ុន្តែ​ចំពោះ​ពួក​អែលឌើរ​វិញ។ ហើយ​ត្រូវ​សម្រេច​នៅ​ក្នុង​ការ​ប្រជុំ​មួយ ហើយ​ពុំ​មែន​នៅ​ចំពោះ​ពិភពលោក​ឡើយ។

៩០ហើយ​បើ​សិន​ជា​បង​ប្អូន​ប្រុស ឬ​ស្រី​របស់​ខ្លួន​ណា​ម្នាក់​មាន​ហេតុ​ទាស់​នឹង​មនុស្ស​ដ៏​ច្រើន បង​ប្អូន​ប្រុស ឬ​ស្រី​នោះ​ត្រូវ​ផ្ចាញ់ផ្ចាល​នៅ​ចំពោះ​មនុស្ស​ជា​ច្រើន។

៩១ហើយ​បើ​សិន​ជា​ជន​ណាមួយ​មាន​ហេតុ​ទាស់​បើកមុខ បុរស ឬ​ស្ត្រី​នោះ នឹង​ត្រូវ​បន្ទោស​បើកមុខ ប្រយោជន៍​ឲ្យ​បុរស ឬ​ស្ត្រី​នោះ អាច​មាន​សេចក្ដី​ខ្មាស។ ហើយ​បើ​សិន​ជា​បុរស​ឬ​ស្ត្រី​នោះ​មិន​សារភាព​ទេ បុរស ឬ​ស្ត្រី​នោះ​នឹង​ត្រូវ​បញ្ជូន​ឡើង​ទៅ​រក​ក្រឹត្យ​វិន័យ​នៃ​ព្រះ។

៩២បើ​សិន​ជា​ជន​ណាមួយ​មាន​ហេតុ​ទាស់​ដោយ​សម្ងាត់ បុរស ឬ​ស្ត្រី​នោះ នឹង​ត្រូវ​បន្ទោស​ដោយ​សម្ងាត់ ប្រយោជន៍​ឲ្យ​បុរស ឬ​ស្ត្រី​នោះ អាច​មាន​ឱកាស ដើម្បី​សារភាព​ដោយ​សម្ងាត់ ដល់​បុរស ឬ​ស្ត្រី​ណា​ដែល​បុរស ឬ​ស្ត្រី​នោះ​បាន​ទាស់ ហើយ​ដល់​ព្រះ ប្រយោជន៍​កុំ​ឲ្យ សាសនាចក្រ​អាច​និយាយ​បន្ទោស​ដល់​បុរស ឬ​ស្ត្រី​នោះ​ឡើយ។

៩៣ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់​យ៉ាង​ដូច្នេះ​ហើយ៕