ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 104
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ១០៤

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​១៨៣៤ អំពី​សហសមាគម ឬ​សមាគម​នៃ​សាសនាចក្រ សម្រាប់​ផល​ប្រយោជន៍​ដល់​មនុស្ស​ទាល់​ក្រ (History of the Church, ២:៥៤–៦០)។ នេះ​ជា គ្រា​នៃ​ការ​ប្រជុំ​ប្រឹក្សា​របស់​គណៈប្រធាន​ទី​មួយ និង​ពួក​សង្ឃ​ជាន់​ខ្ពស់ ក្នុង​ការ​គិតពិចារណា​អំពី​សេចក្ដី​ត្រូវ​ការ​ខាង​សាច់​ឈាម​យ៉ាង ឆាប់ៗ​នៃ​ប្រជាជន។ សហសមាគម​នៅ​ក្រុង​ខឺតឡង់​ត្រូវ​បាន​រំលាយ​បន្តិច​សិន ហើយ​រៀបចំ​ឡើង​វិញ ហើយ​ទ្រព្យសម្បត្តិ​ទាំង​ឡាយ ត្រូវ​ចែក​ជា​ការ​កាន់កាប់​ត្រួតត្រា​នៅ​ក្នុង​ចំណោម​សមាជិក​នៃ​សមាគម។

១–១០, ពួក​បរិសុទ្ធ​ណា​ដែល​ប្រព្រឹត្ត​រំលង​ទាស់​និង​សហសមាគម នោះ​នឹង​ត្រូវ​បណ្ដាសា; ១១–១៦, ព្រះ​អម្ចាស់​ទ្រង់​ផ្គត់ផ្គង់​ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់​តាម​មាគ៌ា​របស់​ទ្រង់​ផ្ទាល់; ១៧–១៨, ក្រឹត្យ​វិន័យ​ខាង​ដំណឹង​ល្អ​ចាត់ចែង​ខាង​ការ​រក្សា​មនុស្ស​ទាល់​ក្រ; ១៩–៤៦, ការ​កាន់កាប់​ត្រួតត្រា និង​ព្រះ​ពរ​ទាំង​ឡាយ​នៃ​ពួក​បង​ប្អូន​នានា​ត្រូវ​បាន​ចាត់តាំង; ៤៧–៥៣, សហសមាគម​នៅ​ក្រុង​ខឺតឡង់ និង​សមាគម​នៅ​ក្រុង​ស៊ីយ៉ូន​ត្រូវ​ឲ្យ​ប្រតិបត្តិ​ផ្សេង​គ្នា; ៥៤–៦៦, ឃ្លាំង​ដ៏​ពិសិដ្ឋ​នៃ​ព្រះ​អម្ចាស់ គឺ​ត្រូវ​បាន​តាំង​ឡើង​សម្រាប់​បោះពុម្ព​ព្រះ​គម្ពីរ; ៦៧–៧៧, ឃ្លាំង​ទូ​ទៅ​នៃ​សហសមាគម ត្រូវ​ប្រតិបត្តិ​តាម​ការ​យល់​ព្រម​ទូ​ទៅ; ៧៨–៨៦, អស់​អ្នក​ដែល​នៅ​ក្នុង​សហសមាគម ត្រូវ​សងបំណុល​របស់​គេ​ទាំង​អស់ ហើយ​ព្រះ​អម្ចាស់​ទ្រង់​នឹង​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​សេវក​ភាព​ខាង​លុយកាក់។

មិត្ត​ទាំង​ឡាយ​របស់​យើង​អើយ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ប្រទាន​ដល់​អ្នក​នូវ​ពាក្យ​ដំបូន្មាន និង​ព្រះ​បញ្ញត្តិ​មួយ​អំពី​ទ្រព្យសម្បត្តិ​ទាំង​អស់ ដែល​ជា​របស់​ផង​សមាគម ដែល​យើង​បាន​បញ្ជា​ឲ្យ​រៀបចំ ហើយ​តាំង​ឡើង​ធ្វើ​ជា​សហសមាគម និង​ជា​សមាគម​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច សម្រាប់​ផល​ប្រយោជន៍​ដល់​សាសនាចក្រ​របស់​យើង និង​សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​លោក រហូត​ដល់​យើង​យាង​មក —

ដោយ​សេចក្ដី​សន្យា​ដែល​មិន​ចេះ​ផ្លាស់​ប្ដូរ និង​មិន​ចេះ​ប្រែប្រួល​ថា ដរាបណា​អស់​អ្នក​ដែល​យើង​បាន​បញ្ជា​មាន​ចិត្ត​ស្មោះត្រង់ នោះ​ពួក​គេ​នឹង​ត្រូវ​បាន​ព្រះ​ពរ​ដោយ​ព្រះ​ពរ​ដ៏​ច្រើន​អនេក

ប៉ុន្តែ​ដរាបណា​ពួក​គេ​មិន​មាន​ចិត្ត​ស្មោះត្រង់​ទេ នោះ​ពួក​គេ​ជិត​នឹង​ត្រូវ​បណ្ដាសា​ហើយ។

ហេតុ​ដូច្នេះ​ហើយ ដរាបណា​ពួក​អ្នក​បម្រើ​របស់​យើង​ខ្លះ មិន​បាន​កាន់​តាម​ព្រះ​បញ្ញត្តិ ប៉ុន្តែ​បាន​បំបាក់​សេចក្ដី​សញ្ញា តាម​រយៈ​ការ​លោភលន់ និង​ដោយ​ពាក្យ​បោក​បញ្ឆោត នោះ​យើង​ដាក់​បណ្ដាសា​ដល់​ពួក​គេ ដោយ​ពាក្យ​បណ្ដាសា​ដ៏​ធ្ងន់ធ្ងរ​ឈឺ​ចាប់​ជា​អតិបរមា។

ត្បិត​យើង​ជា​ព្រះ​អម្ចាស់ បាន​ចេញ​បញ្ញត្តិនៅ​ក្នុង​ព្រះ​ហឫទ័យ​របស់​យើង​ថា ដរាបណា​មាន​មនុស្ស​ណា​មួយ​ដែល​ជា​សមាជិក​នៃ​សមាគម​បាន​ឃើញ​ថា​ជា​អ្នក​រំលង​ច្បាប់ ឬ​ម្យ៉ាង​ទៀត​ថា បាន​បំបាក់​សេចក្ដី​សញ្ញា​ដែល​អ្នក​រាល់​គ្នា​ជាប់​នៅ អ្នក​នោះ​ហើយ​នឹង​ត្រូវ​បណ្ដាសា​ក្នុង​ជីវិត​របស់​ខ្លួន ហើយ​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​ក្រោម​ជើង​អ្នក​ណា​ក៏​ដោយ ដែល​យើង​សព្វ​ព្រះ​ហឫទ័យ។

ត្បិត​យើង​ជា​ព្រះ​អម្ចាស់ នឹង​មិន​ត្រូវ​គេ​មើល​ងាយ ចំពោះ​ការណ៍​ទាំង​នេះ​ឡើយ។

ហើយ​គ្រប់​ការណ៍​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​ពួក​អ្នក​ឥត​ទោស​ដែល​នៅ​ក្នុង​ចំណោម​អ្នក អាច​បាន​ជាប់​ទោស​ជាមួយ​នឹង​ពួក​ឥត​សុចរិត​ឡើយ ហើយ​ដើម្បី​កុំ​ឲ្យ​អ្នក​មាន​ទោស​នៅ​ក្នុង​ចំណោម​អ្នក អាច​បាន​រួច​ផុត​ឡើយ ពី​ព្រោះ​យើង​ជា​ព្រះ​អម្ចាស់ បាន​សន្យា​ដល់​អ្នក​នូវ​មកុដ​នៃ​សិរី​ល្អ​នៅ​ខាង​ស្ដាំ​យើង។

ហេតុ​ដូច្នេះ​ហើយ ដរាបណា​អ្នក​បាន​ឃើញ​ថា​ជា​អ្នក​រំលង​ច្បាប់ នោះ​អ្នក​ពុំ​អាច​បាន​រួច​ផុត​ពី​សេចក្ដី​ក្រោធ​របស់​យើង​ក្នុង​ជីវិត​អ្នក​ឡើយ។

ដរាបណា​អ្នក​រាល់​គ្នា​បាន​កាត់​ចេញ ដោយ​ព្រោះ​អំពើ​រំលង នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​បាន​រួច​ផុត​ពី​ការ​ធ្វើ​ទុក្ខ​នៃ​អារក្ស​សាតាំង​ឡើយ រហូត​ដល់​ថ្ងៃ​ប្រោស​លោះ។

១០ហើយ​ឥឡូវ​នេះ យើង​ប្រទាន​អំណាច​ដល់​អ្នក ចាប់​តាំង​ពី​ម៉ោង​នេះ​ទៅ ថាបើ​សិន​ជា​មាន​មនុស្ស​ណា​មួយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក្នុង​សមាគម បាន​ឃើញ​ថា​ជា​អ្នក​រំលង​ច្បាប់ ហើយ​មិន​ប្រែ​ចិត្ត​ពី​អំពើ​អាក្រក់​សោះ នោះ​អ្នក​រាល់​គ្នា​ត្រូវ​បញ្ជូន​អ្នក​នោះ​ទៅ​រក​ការ​ធ្វើ​ទុក្ខ របស់​អារក្ស​សាតាំង​ចុះ ហើយ​អ្នក​នោះ​នឹង​ពុំ​មាន​អំណាច ដើម្បី​នាំ​ឲ្យ​មាន​អំពើ​អាក្រក់​មក​លើ​អ្នក​ឡើយ។

១១នេះ​ហើយ​ជា​ប្រាជ្ញា​នៅ​ក្នុង​យើង ហេតុ​ដូច្នេះ​ហើយ យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក​ថា អ្នក​រាល់​គ្នា​ត្រូវ​រៀបចំ​ខ្លួន ហើយ​តាំង​ឲ្យ​មនុស្ស​មាន​ការ​កាន់កាប់​ត្រួតត្រា​រៀងៗ​ខ្លួន

១២ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់​រូប អាច​បាន​ទទួល​ការ​ខុសត្រូវ​ចំពោះ​យើង​នូវ​ការ​កាន់កាប់​ត្រួតត្រា ដែល​បាន​តាំង​ដល់​ខ្លួន។

១៣ត្បិត​ជា​ការ​ចាំ​បាច់​ថា យើង​ជា​ព្រះ​អម្ចាស់​ត្រូវ​រាប់​មនុស្ស​គ្រប់​រូប ឲ្យ​ទទួល​ការ​ខុសត្រូវ ជា​នាយតម្រួត​ការ​លើ​ព្រះ​ពរ​ទាំង​ឡាយ​ខាង​ផែនដី ដែល​យើង​បាន​បង្កើត ហើយ​បាន​រៀបចំ​ឡើង សម្រាប់​សត្វ​លោក​ទាំង​ឡាយ​របស់​យើង។

១៤យើង​ជា​ព្រះ​អម្ចាស់ បាន​លាត​ផ្ទៃ​មេឃ ហើយ​បាន​ស្ថាបនា​ផែនដី គឺជា​ការ​ដែល​ព្រះ​ហស្ត​យើង​ធ្វើ ហើយ​គ្រប់​ទាំង​អស់​នៅ​ទី​នោះ​សុទ្ធ​តែ​ជា​របស់​ផង​យើង។

១៥ហើយ​នេះ​ជា​គោលបំណង​របស់​យើង ដើម្បី​ផ្គត់ផ្គង់​ដល់​ពួក​បរិសុទ្ធ​របស់​យើង ត្បិត​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ជា​របស់​ផង​យើង។

១៦ប៉ុន្តែ​ការ​នេះ​ត្រូវ​បាន​សម្រេច​តាម​មាគ៌ា​របស់​យើង ហើយ​មើល​ចុះ នេះ​ជា​មាគ៌ា​របស់​យើង ថា​យើង​ជា​ព្រះ​អម្ចាស់​បាន​ចេញ​បញ្ញត្តិ ដើម្បី​ផ្គត់ផ្គង់​ដល់​ពួក​បរិសុទ្ធ​របស់​យើង ប្រយោជន៍​ឲ្យ​មនុស្ស​ទ័ល​ក្រ​ត្រូវ​បាន​តម្កើង​ឡើង ក្នុង​កាល​មនុស្ស​មាន​ត្រូវ​បាន​បន្ទាប​ចុះ។

១៧ត្បិត​ផែនដី​បាន​ពោរ​ពេញ ហើយ​មាន​បរិបូរ​គ្រប់​គ្រាន់ និង​នៅ​សល់​ទៀត​ផង មែន​ហើយ យើង​បាន​រៀបចំ​គ្រប់​ទាំង​អស់ ហើយ​បាន​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​ឲ្យ​ធ្វើ​ជា​ភ្នាក់​ងារ​ដល់​ខ្លួន។

១៨ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​មាន​មនុស្ស​ណា​មួយ​យក​ពី​របស់​បរិបូរ​ដែល​យើង​បាន​បង្កើត​មក ហើយ​ពុំ​ចែក​ចំណែក​របស់​ខ្លួន​តាម​ក្រឹត្យ​វិន័យ​នៃ​ដំណឹង​ល្អ​របស់​យើង​ដល់​មនុស្ស​ទាល់​ក្រ និង​មនុស្ស​កម្សត់​ទុគ៌ត​ទេ អ្នក​នោះ​នឹង​សម្លឹង​ភ្នែក​ឡើង​នៅ​ក្នុង​ស្ថាន​នរក ជាមួយ​មនុស្ស​ទុច្ចរិត​នៅ​ក្នុង​ការ​រង​ទុក្ខ​វេទនា។

១៩ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ អំពី​ទ្រព្យសម្បត្តិ​ទាំង​ឡាយ​នៃ​សមាគម —

២០ចូរ​ឲ្យ ស៊ីឌនី រិកដុន ជា​អ្នក​បម្រើ​របស់​យើង បាន​តាំង​ឡើង​ដល់​កន្លែង​របស់​គាត់ ដែល​គាត់​កំពុង​អាស្រ័យ​នៅ​ពេល​នេះ​ចុះ ហើយ​កន្លែង​សម្លាប់​ស្បែក ទុក​សម្រាប់​ជា​ការ​កាន់កាប់​ត្រួតត្រា​របស់​គាត់ សម្រាប់​ការ​គាំទ្រ​ដល់​គាត់ នៅ​ពេល​គាត់​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំងបាយជូរ​របស់​យើង គឺ​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​យើង កាល​យើង​នឹង​បញ្ជា​ដល់​គាត់។

២១ហើយ​ចូរ​ឲ្យ​បាន​សម្រេច​សព្វ​គ្រប់ តាម​ពាក្យ​ដំបូន្មាន​នៃ​សមាគម និង​តាម​ការ​យល់​ព្រម​ព្រៀង​គ្នា ឬ​តាម​សំឡេង​នៃ​សមាគម ដែល​នៅ​ក្នុង​ដែនដី​ខឺតឡង់។

២២ហើយ​ការ​កាន់កាប់​ត្រួតត្រា និង​ព្រះ​ពរ​នេះ យើង​ជា​ព្រះ​អម្ចាស់ ប្រទាន​មក​លើ ស៊ីឌនី រិកដុន ជា​អ្នក​បម្រើ​របស់​យើង ទុកជា​ព្រះ​ពរ​មក​លើ​គាត់ និង​ពូជ​ពង្ស​របស់​គាត់​បន្ត​បន្ទាប់​គ្នា​ទៅ

២៣ហើយ​យើង​នឹង​បង្កើន​ព្រះ​ពរ​មក​លើ​គាត់​កាន់តែ​ច្រើន​ឡើង ដរាបណា​គាត់​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង។

២៤ហើយ​ជា​ថ្មី​ទៀត ចូរ​ឲ្យ ម៉ាទិន ហារិស ជា​អ្នក​បម្រើ​របស់​យើង បាន​តាំង​ដល់​គាត់ សម្រាប់​ជា​ការ​កាន់កាប់​ត្រួតត្រា​របស់​គាត់​នូវ​កន្លែង​ដី​ដែល យ៉ូហាន ចនសុន ជា​អ្នក​បម្រើ​របស់​យើង​បាន​មក ដោយ​ដូរ​កេរមរតក​របស់​គាត់​ពី​មុន​ទុក​សម្រាប់​គាត់ និង​ពូជ​ពង្ស​របស់​គាត់​បន្តបន្ទាប់​គ្នា​ទៅ

២៥ហើយ​ដរាបណា​គាត់​មាន​ចិត្ត​ស្មោះត្រង់ នោះ​យើង​នឹង​បង្កើន​ព្រះ​ពរ​កាន់តែ​ច្រើន​ឡើង​មក​លើ​គាត់ និង​ពូជ​ពង្ស​របស់​គាត់​បន្តបន្ទាប់​គ្នា​ទៅ។

២៦ហើយ​ចូរ​ឲ្យ ម៉ាទិន ហារិស ជា​អ្នក​បម្រើ​របស់​យើង ទុក​ប្រាក់​កាស​របស់​គាត់​សម្រាប់​ការ​ប្រកាស​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង តាម​ដែល យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង​នឹង​ដឹកនាំ​ចុះ។

២៧ហើយ​ជា​ថ្មី​ទៀត ចូរ​ឲ្យ ហ្វ្រែឌើរិក ជី វិលលាម្ស ជា​អ្នក​បម្រើ​របស់​យើង បាន​កន្លែង​ដែល​គាត់​កំពុង​អាស្រ័យ​នៅ​លើ​ឥឡូវ​នេះ​ចុះ។

២៨ហើយ​ចូរ​ឲ្យ អូលីវើរ ខៅឌើរី ជា​អ្នក​បម្រើ​របស់​យើង បាន​ដីធ្លី​នៅ​ជាប់​ផ្ទះ​ដែល​ជា​កន្លែង​ទុក​សម្រាប់​ធ្វើ​រោង​បោះពុម្ព ដែល​ជា​ដីធ្លី​ទី​មួយ ហើយ​ជា​ដីធ្លី​ដែល​ឪពុក​របស់​គាត់​កំពុង​អាស្រ័យ​នៅ​លើ។

២៩ហើយ​ចូរ​ឲ្យ ហ្វ្រែឌើរិក ជី វិលលាម្ស និង អូលីវើរ ខៅឌើរី ជា​ពួក​អ្នក​បម្រើ​របស់​យើង បាន​រោង​បោះពុម្ព និង​របស់​របរ​ទាំង​អស់​ខាង​ការ​នោះ​ចុះ។

៣០ហើយ​នេះ​នឹង​ទៅ​ជា​ការ​កាន់កាប់​ត្រួតត្រា​របស់​ពួក​គេ ដែល​នឹង​ត្រូវ​បាន​តាំង​មក​លើ​ពួក​គេ។

៣១ហើយ​ដរាបណា​ពួក​គេ​មាន​ចិត្ត​ស្មោះត្រង់ មើល​ចុះ យើង​នឹង​ប្រទាន​ពរ ហើយ​បង្កើន​ព្រះ​ពរ​មក​លើ​ពួក​គេ​កាន់តែ​ច្រើន​ឡើង។

៣២ហើយ​នេះ​គឺជា​ការ​ចាប់​ផ្ដើម​នៃ​ការ​កាន់​កាន់​ត្រួតត្រា ដែល​យើង​បាន​តាំង​ដល់​ពួក​គេ សម្រាប់​ពួក​គេ និង​ពូជ​ពង្ស​របស់​ពួក​គេ​បន្តបន្ទាប់​គ្នា​ទៅ។

៣៣ហើយ​ដរាបណា​ពួក​គេ​មាន​ចិត្ត​ស្មោះត្រង់ នោះ​យើង​នឹង​បង្កើន​ព្រះ​ពរ​កាន់តែ​ច្រើន​ឡើង មក​លើ​ពួក​គេ និង​ពូជ​ពង្ស​របស់​ពួក​គេ​បន្តបន្ទាប់​គ្នា​ទៅ គឺ​ដោយ​ព្រះ​ពរ​ដ៏​ច្រើន​អនេក

៣៤ហើយ​ជា​ថ្មី​ទៀត ចូរ​ឲ្យ​យ៉ូហាន ចនសុន ជា​អ្នក​បម្រើ​របស់​យើង បាន​ផ្ទះ​សំបែង​ដែល​គាត់​កំពុង​អាស្រ័យ​នៅ និង​កេរមរតក​ទាំង​អស់ លើក​លែងតែ​ដី​ដែល​បាន​ទុក​សម្រាប់​ធ្វើ​អគារ​នៃ​គេហដ្ឋាន​ទាំង​ឡាយ​របស់​យើង ដែល​ទាក់​ទង​ទៅ​នឹង​កេរមរតក​នោះ និង​ដីធ្លី​ទាំង​នោះ ដែល​បាន​ឲ្យ​ដល់ អូលីវើរ ខៅឌើរី ជា​អ្នក​បម្រើ​របស់​យើង។

៣៥ហើយ​ដរាបណា​គាត់​មាន​ចិត្ត​ស្មោះត្រង់ នោះ​យើង​នឹង​បង្កើន​ព្រះ​ពរ​មក​លើ​គាត់​កាន់តែ​ច្រើន​ឡើង។

៣៦ហើយ​នេះ​គឺជា​ព្រះ​ហឫទ័យ​របស់​យើង ថា​គាត់​ត្រូវ​លក់​ដីធ្លី​ទាំង​ឡាយ ដែល​ទុក​សម្រាប់​ការ​សាង​ឡើង​នូវ​ទី​ក្រុង​នៃ​ពួក​បរិសុទ្ធ​របស់​យើង ដរាបណា​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ដឹង ដោយ​សំឡេង​នៃ​ព្រះ​វិញ្ញាណ​របស់​យើង ហើយ​ស្រប​តាម​ពាក្យ​ដំបូន្មាន​នៃ​សមាគម និង​ដោយ​សំឡេង​នៃ​សមាគម។

៣៧ហើយ​នេះ​គឺជា​ការ​ចាប់​ផ្ដើម​នៃ​ការ​កាន់កាប់​ត្រួតត្រា ដែល​យើង​បាន​តាំង​ដល់​គាត់ ទុក​សម្រាប់​ជា​ព្រះ​ពរ​ដល់​គាត់ និង​ពូជ​ពង្ស​របស់​គាត់​បន្តបន្ទាប់​គ្នា​ទៅ។

៣៨ហើយ​ដរាបណា​គាត់​មាន​ចិត្ត​ស្មោះត្រង់ នោះ​យើង​នឹង​ចម្រើន​ពរ​ដ៏​ច្រើន​អនេក​មក​លើ​គាត់។

៣៩ហើយ​ជា​ថ្មី​ទៀត ចូរ​ឲ្យ នូវល ខេ វិតនី ជា​អ្នក​បម្រើ​របស់​យើង បាន​តាំង​ដល់​គាត់​នូវ​ផ្ទះ​សំបែង និង​ដីធ្លី​ដែល​គាត់​អាស្រ័យ​នៅ​ឥឡូវ​នេះ និង​ដីធ្លី និង​អគារ​ដែល​មាន​ហាង​លក់​ដូរ ព្រម​ទាំង​ដីធ្លី ដែល​នៅ​ជ្រុង​ខាង​ត្បូង​ហាង​លក់​ដូរ ហើយ​ព្រម​ទាំង​ដីធ្លី​ដែល​មាន​រោង​ផេះ​ផង។

៤០ហើយ​ការណ៍​អស់​ទាំង​នេះ​យើង​បាន​តាំង​ដល់ នូវល ខេ វិតនី ជា​អ្នក​បម្រើ​របស់​យើង សម្រាប់​ជា​ការ​កាន់កាប់​ត្រួតត្រា​របស់​គាត់ ទុក​សម្រាប់​ជា​ព្រះ​ពរ​មក​លើ​គាត់ និង​ពូជ​ពង្ស​របស់​គាត់​បន្ត​បន្ទាប់​គ្នា​ទៅ សម្រាប់​ជា​ផល​ប្រយោជន៍​ដល់​ហាង​លក់​ដូរ​នៃ​សមាគម​របស់​យើង ដែល​យើង​បាន​តាំង​ឡើង​សម្រាប់​ស្តេក​របស់​យើង​នៅ​ដែនដី​ខឺតឡង់។

៤១មែន​ហើយ ប្រាកដ​មែន នេះ​គឺជា​ការ​កាន់កាប់​ត្រួតត្រា ដែល​យើង​បាន​ចាត់តាំង​ដល់ អែន ខេ វិតនី ជា​អ្នក​បម្រើ​របស់​យើង គឺ​ហាង​លក់​ដូរ​ទាំង​មូល​នេះ គឺ​ដល់​គាត់ និង​ភ្នាក់​ងារ​របស់​គាត់ និង​ពូជ​ពង្ស​របស់​គាត់​បន្ត​បន្ទាប់​គ្នា​ទៅ។

៤២ហើយ​ដរាបណា​គាត់​មាន​ចិត្ត​ស្មោះត្រង់ ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ដែល​យើង​បាន​ប្រទាន​ដល់​គាត់ នោះ​យើង​នឹង​បង្កើន​ព្រះ​ពរ​មក​លើ​គាត់ និង​ពូជ​ពង្ស​របស់​គាត់ បន្តបន្ទាប់​គ្នា​ទៅ គឺ​ដោយ​ព្រះ​ពរ​ដ៏​ច្រើន​អនេក។

៤៣ហើយ​ជា​ថ្មី​ទៀត ចូរ​ឲ្យ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង បាន​ចាត់តាំង​ដល់​លោក​នូវ​ដីធ្លី​ដែល​បាន​ទុក​សម្រាប់​កសាង​គេហដ្ឋាន​របស់​យើង ដែល​មាន​បណ្ដោយ ២០០ ម៉ែត្រ និង​ទទឹង ៦០ ម៉ែត្រ និង​ព្រម​ទាំង​កេរមរតក ដែល​ឪពុក​លោក​អាស្រ័យ​នៅ​គ្រា​ឥឡូវ​នេះ​ផង

៤៤ហើយ​នេះ​គឺជា​ការ​ចាប់​ផ្ដើម​នៃ​ការ​កាន់កាប់​ត្រួតត្រា ដែល​យើង​បាន​ចាត់តាំង​ដល់​លោក ទុក​សម្រាប់​ជា​ព្រះ​ពរ​មក​លើ​លោក និង​មក​លើ​ឪពុក​លោក។

៤៥ត្បិត​មើល​ចុះ យើង​បាន​ទុក​កេរមរតក​មួយ​សម្រាប់​ឪពុក​លោក ទុក​សម្រាប់​ជា​ការ​គាំទ្រ​ដល់​គាត់ ហេតុ​ដូច្នេះ​ហើយ គាត់​ត្រូវ​រាប់​នៅ​ក្នុង​វង្សា​របស់​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង។

៤៦ហើយ​យើង​នឹង​បង្កើន​ព្រះ​ពរ​មក​លើ​វង្សា​របស់​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង ដរាបណា​លោក​មាន​ចិត្ត​ស្មោះត្រង់ គឺ​ដោយ​ព្រះ​ពរ​ដ៏​ច្រើន​អនេក។

៤៧ហើយ​ឥឡូវ​នេះ យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក​អំពី​ស៊ីយ៉ូន​ថា អ្នក​មិន​ត្រូវ​នៅ​ជាប់​ចំណង​ជា​សហសមាគម​នឹង​ពួក​បង​ប្អូន​អ្នក​នៅ​ក្នុង​សាសនា នៅ​ក្រុង​ស៊ីយ៉ូន​ទៀត​ឡើយ លើក​លែងតែ​តាម​បែប​នេះ​គឺ —

៤៨បន្ទាប់​ពី​អ្នក​ត្រូវ​បាន​រៀបចំ​ឡើង នោះ​អ្នក​ត្រូវ​បាន​ហៅថា​ជា សហសមាគម​របស់​ស្តេក​នៃ​ស៊ីយ៉ូន នៅ​ទី​ក្រុង​ខឺតឡង់។ ហើយ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​រៀបចំ​ឡើង នោះ​ពួក​បង​ប្អូន​អ្នក​នៅ​ក្នុង​សាសនា​នឹង​ត្រូវ​បាន​ហៅថា​ជា សហសមាគម​នៃ​ទី​ក្រុង​ស៊ីយ៉ូន។

៤៩ហើយ​ពួក​គេ​នឹង​ត្រូវ​បាន​រៀបចំ​ឡើង នៅ​ក្នុង​នាម​ទាំង​ឡាយ​របស់​ពួក​គេ​ផ្ទាល់ និង​នៅ​ក្នុង​នាម​របស់​ពួក​គេ​ផ្ទាល់ ហើយ​ពួក​គេ​ត្រូវ​ប្រព្រឹត្ត​កិច្ចការ​របស់​ពួក​គេ នៅ​ក្នុង​នាម​របស់​ពួក​គេ​ផ្ទាល់ និង​នៅ​ក្នុង​នាម​ទាំង​ឡាយ​របស់​ពួក​គេ​ផ្ទាល់

៥០ហើយ​អ្នក​ត្រូវ​ប្រព្រឹត្ត​កិច្ចការ​របស់​អ្នក​នៅ​ក្នុង​នាម​របស់​អ្នក​ផ្ទាល់ និង​នៅ​ក្នុង​នាម​ទាំង​ឡាយ​របស់​អ្នក​ផ្ទាល់។

៥១ហើយ​ការណ៍​នេះ​យើង​បាន​បញ្ជា​ឲ្យ​សម្រេច​សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​អ្នក និង​សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​ពួក​គេ​មក​ពី​ពួក​គេ​ត្រូវ​បាន​បណ្ដេញ​ចេញ និង​ពី​អ្វី​ដែល​នឹង​កើត​ឡើង។

៥២សេចក្ដី​សញ្ញា​ទាំង​ឡាយ​ដែល​បាន​បំបាក់​តាម​រយៈ​ការ​រំលង ដោយ​សារ​ការ​លោភលន់ និង​ពាក្យ​បោក​បញ្ឆោត —

៥៣ហេតុ​ដូច្នេះ​ហើយ អ្នក​ត្រូវ​បាន​រំលាយ​ជា​សហសមាគម ដោយ​សារ​ពួក​បង​ប្អូន​របស់​អ្នក​ក្នុង​សាសនា ដើម្បី​កុំ​ឲ្យ​អ្នក​ជាប់​ចំណង​និង ពួក​គេ​លើក​លែងតែ​នៅ​ម៉ោង​នេះ លើក​លែងតែ​តាម​បែប​នេះ ដូច​ជា​យើង​បាន​មាន​ព្រះ​បន្ទូល គឺ​ដោយ​សារ​ការ​ខ្ចី​ប្រាក់ ដូចដែល​បាន​យល់​ព្រម​ដោយ​សមាគម​នេះ​នៅ​ក្រុម​ប្រឹក្សា តាម​តែ​កាលៈទេសៈ​នឹង​បណ្ដោយ និង​តាម​តែ​សំឡេង​នៃ​ក្រុម​ប្រឹក្សា​ដឹកនាំ។

៥៤ហើយ​ជា​ថ្មី​ទៀត យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អ្នក អំពី​ការ​កាន់កាប់​ត្រួតត្រា​របស់​អ្នក ដែល​យើង​បាន​ចាត់តាំង​ដល់​អ្នក។

៥៥មើល​ចុះ គ្រប់​ទ្រព្យសម្បត្តិ​ទាំង​អស់​សុទ្ធ​តែ​របស់​ផង​យើង បើ​ពុំ​នោះ​សោត​ទេ សេចក្ដី​ជំនឿ​របស់​អ្នក​សុទ្ធ​តែ​ឥត​អំពើ​ហើយ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បាន​ឃើញ​ថា​ជា​មនុស្ស​មាន​ពុត ហើយ​សេចក្ដី​សញ្ញា​ទាំង​ឡាយ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដល់​យើង នោះ​បាន​បែកបាក់

៥៦ហើយ​បើ​សិន​ជា​ទ្រព្យសម្បត្តិ​ទាំង​ឡាយ​ជា​របស់​ផង​យើង ខណៈ​នោះ អ្នក​រាល់​គ្នា​ជា​នាយតម្រួត​ការ​ហើយ បើ​ពុំ​នោះ​សោត​ទេ អ្នក​រាល់​គ្នា​ពុំ​មែន​ជា​នាយតម្រួត​ការ​ឡើយ។

៥៧ប៉ុន្តែ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​បាន​ចាត់​ដល់​អ្នក​ឲ្យ​ធ្វើ​ជា​នាយតម្រួត​កា​រលើ​វង្សា​របស់​យើង គឺ​ពិតជា​នាយតម្រួត​ការ​ទាំង​ឡាយ​មែន។

៥៨ហើយ​ដោយ​សារ​គោលបំណង​នេះ ទើប​យើង​បាន​បញ្ជា​ឲ្យ​អ្នក​រៀបចំ​ខ្លួន​ឡើង គឺ​ដើម្បី​បោះពុម្ព​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង ជា​ភាព​ពោរ​ពេញ​នៃ​ព្រះ​គម្ពីរ​របស់​យើង ជា​វិវរណៈ​ទាំង​ឡាយ​ដែល​យើង​បាន​ប្រទាន​ដល់​អ្នក ហើយ​ដែល​យើង​នឹង​ប្រទាន​ដល់​អ្នក​ម្ដង​ម្កាលៗ​ពី​ពេល​នេះ​ត​ទៅ —

៥៩សម្រាប់​គោលបំណង​នៃ​ការ​កសាង​សាសនាចក្រ និង​នគរ​របស់​យើង​ឡើង​នៅ​លើ​ផែនដី ហើយ​ដើម្បី​រៀបចំ​រាស្ត្រ​របស់​យើង​ចាំ​ពេល​ដែល​យើង​នឹង​គង់នៅ​ជាមួយ​ពួក​គេ ដែល​នៅ​ជិត​ដៃ​បង្កើយ។

៦០ហើយ​អ្នក​រាល់​គ្នា​ត្រូវ​រៀបចំ​កន្លែង​មួយ​ដល់​ខ្លួន​ទុក​សម្រាប់​ជា​ឃ្លាំង ហើយ​ថ្វាយ​ទី​នោះ​ដល់​ព្រះ​នាម​របស់​យើង។

៦១ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​នរណា​មួយ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឲ្យ​រក្សា​ឃ្លាំង ហើយ​អ្នក​នោះ​ត្រូវ​បាន​តែងតាំង​ចំពោះ​ព្រះ​ពរ​នេះ។

៦២ហើយ​ត្រូវ​មាន​ត្រា​នៅ​លើ​ឃ្លាំង និង​គ្រប់​ទាំង​របស់​ពិសិដ្ឋៗ ដែល​ត្រូវ​បាន​ដាក់​ក្នុង​ឃ្លាំង​ផង ហើយ​គ្មាន​នរណា​មួយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ហៅ​ទី​នោះ ឬ​ចំណែក​ណា​មួយ​ថា​ជា​របស់​ខ្លួន​ឡើយ ត្បិត​ទី​នោះ​ត្រូវ​ទៅ​ជា​របស់​អ្នក​ទាំង​អស់​គ្នា។

៦៣ហើយ​យើង​ប្រទាន​ឃ្លាំង​ដល់​អ្នក​ចាប់​ពី​ម៉ោង​នេះ​ត​ទៅ ហើយ​ឥឡូវ​នេះ ចូរ​មើល​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​ទៅ ហើយ​ប្រើ​ប្រាស់​ការ​កាន់កាប់​ត្រួតត្រា ដែល​យើង​បាន​ចាត់​ដល់​អ្នក​ចុះ លើក​លែងតែ​របស់​ពិសិដ្ឋ​ទាំង​ឡាយ ទុក​សម្រាប់​ការ​បោះពុម្ព​របស់​ពិសិដ្ឋ​ទាំង​នេះ តាម​ដែល​យើង​មាន​បន្ទូល​មក​ប៉ុណ្ណោះ។

៦៤ហើយ​អ្វី​ដែល​បាន​មក​ពី​របស់​ពិសិដ្ឋ​ទាំង​ឡាយ នោះ​នឹង​ត្រូវ​មាន​នៅ​ក្នុង​ឃ្លាំង ហើយ​ត្រា​មួយ​នឹង​ត្រូវ​បិទ​ពីលើ ហើយ​មិន​ត្រូវ​ប្រើប្រាស់ ឬ​យក​ចេញ​ពី​ឃ្លាំង ឬ​ក៏​ស្រាយ​ត្រា​ដែល​បាន​បិទ​ពីលើ​ដោយ​អ្នក​ណា​មួយ​ឡើយ លើក​លែងតែ​ដោយ​សំឡេង​នៃ​សមាគម ឬ​ដោយ​ព្រះ​បញ្ញត្តិ​ប៉ុណ្ណោះ។

៦៥ហើយ​ដោយ​បែប​នេះ អ្នក​រាល់​គ្នា​ត្រូវ​រក្សាទុក​នូវ​អ្វីៗ​ដែល​បាន​ពី​របស់​ពិសិដ្ឋ​ទាំង​ឡាយ​នៅ​ក្នុង​ឃ្លាំង​ទុក​សម្រាប់​គោលបំណង​ដ៏​ពិសិដ្ឋ និង​បរិសុទ្ធ​ទាំង​ឡាយ។

៦៦ហើយ​របស់​នេះ​នឹង​ត្រូវ​បាន​ហៅថា​ជា​ឃ្លាំង​ពិសិដ្ឋ​នៃ​ព្រះ​អម្ចាស់ ហើយ​ត្រា​មួយ​នឹង​ត្រូវ​បាន​ដាក់​ពីលើ ប្រយោជន៍​ឲ្យ​វា​អាច​បាន​បរិសុទ្ធ ហើយ​បាន​ថ្វាយ​ដល់​ព្រះ​អម្ចាស់។

៦៧ហើយ​ជា​ថ្មី​ទៀត ត្រូវ​មាន​ឃ្លាំង​មួយ​ទៀត​រៀបចំ​ឡើង ហើយ​ត្រូវ​មាន​ហិរញ្ញិក​មួយ​ចាត់​ឲ្យ​រក្សា​ឃ្លាំង និង​ត្រូវ​មាន​ត្រា​មួយ​ដាក់​ពីលើ

៦៨ហើយ​ប្រាក់​កាស​ទាំង​អស់ ដែល​អ្នក​បាន​មក​ពី​ការ​កាន់កាប់​ត្រួតត្រា​ទាំង​ឡាយ​របស់​អ្នក ដោយ​សារ​ការ​ដំឡើង​តម្លៃ​ទៅ​លើ​ទ្រព្យសម្បត្តិ​ទាំង​ឡាយ ដែល​យើង​បាន​ចាត់​ដល់​អ្នក ចំពោះ​ផ្ទះ​សំបែង ឬ​ចំពោះ​ដីធ្លី ឬ​ចំពោះ​គោក្របី ឬ​ចំពោះ​របស់​គ្រប់​យ៉ាង លើក​លែងតែ​ការ​សរសេរ​ដ៏​បរិសុទ្ធ និង​ពិសិដ្ឋ​ទាំង​ឡាយ ដែល​យើង​បាន​រក្សាទុក​ចំពោះ​ខ្លួន​យើង​ផ្ទាល់ ទុក​សម្រាប់​គោលបំណង​ដ៏​បរិសុទ្ធ និង​ពិសិដ្ឋ​ទាំង​ឡាយ នោះ​ត្រូវ​បោះ​ទៅ​ក្នុង​ឃ្លាំង​ភ្លាមៗ តាម​ដែល​អ្នក​បាន​ទទួល​ប្រាក់ រាប់​រយ ឬ​រាប់​ហាសិប ឬ​រាប់​ម្ភៃ ឬ​រាប់​ដប់ ឬ​រាប់​ប្រាំ។

៦៩ឬ​ម្យ៉ាង​ទៀត​ថា បើ​សិន​ជា​មាន​មនុស្ស​ណា​មួយ​ក្នុង​ចំណោម​អ្នក​បាន​ប្រាំ​ដុល្លារ នោះ​ចូរ​ឲ្យ​គាត់​បោះ​ទៅ​ក្នុង​ឃ្លាំង​ចុះ ឬ​បើ​សិន​ជា​គាត់​មាន​ដប់ ឬ​ម្ភៃ ឬ​ហាសិប ឬ​មួយ​រយ នោះ​ចូរ​ឲ្យ​គាត់​ធ្វើ​យ៉ាង​ដូច្នោះ​ដែរ

៧០ហើយ​ចូរ​កុំ​ឲ្យ​អ្នក​ណា​មួយ​ក្នុង​ចំណោម​អ្នក​និយាយ​ថា ប្រាក់​នោះ​ជា​របស់​គាត់​ផ្ទាល់​ឡើយ ត្បិត​ប្រាក់​នោះ​មិន​ត្រូវ​ហៅថា​ជា​របស់​គាត់ ឬ​ចំណែក​ណា​មួយ​ឡើយ។

៧១ហើយ​មិន​ត្រូវ​ប្រើប្រាស់​ចំណែក​ណា​មួយ ឬ​យក​ចេញ​ពី​ឃ្លាំង​ឡើយ លើក​លែងតែ​ដោយ​សំឡេង និង​ការ​យល់​ព្រម​ទូ​ទៅ​នៃ​សមាគម​ប៉ុណ្ណោះ។

៧២ហើយ​នេះ​ត្រូវ​ទៅ​ជា​សំឡេង និង​ការ​យល់​ព្រម​ទូ​ទៅ​នៃ​សមាគម — គឺ​មនុស្ស​ណា​មួយ ក្នុង​ចំណោម​អ្នក​និយាយ​ទៅ​ហិរញ្ញិក​ថា ៖ ខ្ញុំ​ត្រូវ​ការ​ចំនួន​នេះ ដើម្បី​ជួយ​ខ្ញុំ​ក្នុង​ការ​កាន់កាប់​ត្រួតត្រា​របស់​ខ្ញុំ —

៧៣បើ​សិន​ជា​ត្រូវ​ប្រាំ​ដុល្លារ ឬ​បើ​សិន​ជា​ត្រូវ​ដប់​ដុល្លារ ឬ​ម្ភៃ ឬ​ហាសិប ឬ​មួយ​រយ​ក្ដី នោះ​ហិរញ្ញិក​ត្រូវ​ឲ្យ​ដល់​គាត់​នូវ​ចំនួន​ដែល​គាត់​ត្រូវ​ការ ដើម្បី​ជួយ​ក្នុង​ការ​កាន់កាប់​ត្រួតត្រា​របស់​គាត់ —

៧៤រហូត​ដល់​ឃើញ​ថា​គាត់​ជា​អ្នក​រំលង​ច្បាប់ ហើយ​បាន​សម្ដែង​ចំពោះ​ក្រុម​ប្រឹក្សា​នៃ​សមាគម​យ៉ាង​ច្បាស់​ថា គាត់​ជា​នាយតម្រួត​ការ​ដ៏​មាន​ចិត្ត​មិន​ស្មោះត្រង់ ហើយ​មាន​មារយាទ​មិន​ល្អ។

៧៥ប៉ុន្តែ​កាលណា​គាត់​ជា​សមាជិក​ពេញ​ទី ហើយ​ស្មោះត្រង់ ហើយ​មាន​មារយាទ​ល្អ​ចំពោះ​ការ​កាន់កាប់​ត្រួតត្រា​របស់​គាត់ នេះ​ហើយ​ជា​សំគាល់​របស់​គាត់​ដល់​ហិរញ្ញិក ថាហិរញ្ញិក​មិន​ត្រូវ​បង្ខាំង​ឡើយ។

៧៦ប៉ុន្តែ​ចំពោះ​ករណី​រំលង​ច្បាប់​វិញ នោះ​ហិរញ្ញិក​ត្រូវ​នៅ​ក្រោម​ក្រុម​ប្រឹក្សា និង​សំឡេង​នៃ​សមាគម។

៧៧ហើយ​នៅ​ករណី​ណា​ឃើញ​ថា​ហិរញ្ញិក ជា​នាយតម្រួត​ការ​ដ៏​មិន​ស្មោះត្រង់ ហើយ​មាន​មារយាទ​មិន​ល្អ នោះ​គាត់​ត្រូវ​នៅ​ក្រោម ក្រុម​ប្រឹក្សា និង​សំឡេង​នៃ​សមាគម ហើយ​ត្រូវ​ដក​ចេញ​ពី​កន្លែង​គាត់ ហើយ​ម្នាក់​ទៀត​ត្រូវ​បាន​តាំង​ឡើង​ជំនួស​គាត់។

៧៨ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ អំពី​បំណុល​ទាំង​ឡាយ​របស់​អ្នក​ថា — មើល​ចុះ គឺជា​ព្រះ​ហឫទ័យ​របស់​យើង ដែល​អ្នក​ត្រូវ​បង់បំណុល​របស់​អ្នក​ឲ្យ​អស់។

៧៩ហើយ​គឺជា​ព្រះ​ហឫទ័យ​របស់​យើង ដែល​អ្នក​រាល់​គ្នា​ត្រូវ​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ហើយ​ត្រូវ​បាន​ព្រះ​ពរ​នេះ ដោយ​សារ​ការ​ឧស្សាហ៍ និង​ភាព​រាបសា និង​ការ​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​របស់​អ្នក។

៨០ហើយ​ដរាបណា​អ្នក​មាន​ចិត្ត​ឧស្សាហ៍ និង​រាបទាប ហើយ​អនុវត្ត​ការ​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ មើល​ចុះ យើង​នឹង​បន្ទន់​ចិត្ត​របស់​ម្ចាស់បំណុល​ដែល​អ្នក​ជំពាក់ រហូត​ដល់​យើង​បញ្ជូន​ផ្លូវ​នានា​ដល់​អ្នក សម្រាប់​ការ​រំដោះ​របស់​អ្នក។

៨១ហេតុ​ដូច្នេះ​ហើយ ចូរ​ប្រញាប់​សរសេរ​ទៅ​រដ្ឋ​ញូវយ៉ក ហើយ​សរសេរ​តាម​អ្វី​ដែល​ព្រះ​វិញ្ញាណ​របស់​យើង​ដឹកនាំ ហើយ​យើង​នឹង​បន្ទន់​ចិត្ត​របស់​ម្ចាស់បំណុល​ដែល​អ្នក​ជំពាក់ ដើម្បី​ឲ្យ​បាន​យក​ចេញ​ពី​គំនិត​របស់​ពួក​គេ​នូវ​ការ​ធ្វើ​ទុក្ខ​ដល់​អ្នក។

៨២ហើយ​ដរាបណា​អ្នក​រាល់​គ្នា​មាន​ចិត្ត​រាបសា ហើយ​ស្មោះត្រង់ ហើយ​អំពាវនាវ​ដល់​ព្រះ​នាម​យើង មើល​ចុះ យើង​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​ជ័យ​ជម្នះ។

៨៣យើង​ប្រទាន​ដល់​អ្នក​នូវ​សេចក្ដី​សន្យា​មួយ​ថា អ្នក​ត្រូវ​បាន​រំដោះ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព​របស់​អ្នក តែ​ម្ដង​នេះ​គត់។

៨៤ដរាបណា​អ្នក​មាន​ឱកាស​ខ្ចី​ប្រាក់​រាប់​រយ ឬ​រាប់​ពាន់ គឺ​រហូត​ដល់​អ្នក​ខ្ចី​បាន​ល្មម​និង​រំដោះ​ខ្លួន​ឲ្យ​រួច​ពី​សេវក​ភាព នោះ​ជា​ឯកសិទ្ធិ​របស់​អ្នក​ហើយ។

៨៥ហើយ​ចូរ​បញ្ចាំ​ទ្រព្យសម្បត្តិ​ទាំង​ឡាយ ដែល​យើង​បាន​ដាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​តែ​ម្ដង​នេះ​គត់ ដោយ​ផ្ដល់​ឈ្មោះ​របស់​អ្នក​រាល់​គ្នា ដោយ​ការ​យល់​ព្រម​ទូ​ទៅ ឬ​ម្យ៉ាង​ទៀត ដូច​ជា​ឃើញ​ថា​ល្អ​ចំពោះ​អ្នក។

៨៦យើង​ប្រទាន​ឯកសិទ្ធិ​នេះ​ចំពោះ​អ្នក តែ​ម្ដង​នេះ​គត់ ហើយ​មើល​ចុះ បើ​សិន​ជា​ចាប់​ផ្ដើម​ប្រព្រឹត្ត​នូវ​អ្វីៗ​ទាំង​ឡាយ ដែល​យើង​បាន​លាតត្រដាង​នៅ​ចំពោះ​អ្នក ស្រប​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​គ្រប់​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​របស់​យើង ហើយ​អ្នក​រាល់​គ្នា​ជា​នាយតម្រួត​ការ​របស់​យើង ហើយ​ចៅហ្វាយ​មិនដែល​ស៊ូទ្រាំ​ឲ្យ​វង្សា​របស់​លោក​ត្រូវ​បែកបាក់​ឡើយ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕