ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 101
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ១០១

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​១៨៣៣ (History of the Church, ១:៤៥៨–៤៦៤)។ នៅ​ពេល​នេះ ពួក​បរិសុទ្ធ​ដែល​បាន​ប្រមូល​គ្នា​ទៅ​រដ្ឋ​មិសសួរី កំពុងតែ​រង​ទុក្ខ​វេទនា​នូវ​ការ​បៀតបៀន​ដ៏​ធំ។ ពួក​មនុស្ស​កំណាច​បាន​ដេញ​ពួក​គេ​ចេញ​ពី​ផ្ទះ​សំបែង​គេ នៅ​ស្រុក​ចាកសុន ហើយ​ពួក​បរិសុទ្ធ​ខ្លះ​បាន​ខំ​តាំង​ខ្លួន​នៅ​ស្រុក​វ៉ាន់ បូរិន ប៉ុន្តែ​សេចក្ដី​បៀតបៀន​បាន​ទៅ​តាម​ពួក​គេ​ទៀត។ នៅ​ពេល​នោះ មាន​ក្រុម​ពួក​បរិសុទ្ធ​ដ៏​ធំ​កំពុង​នៅ​ស្រុក​ឃ្លៃ រដ្ឋ​មិសសួរី។ មាន​ការ​គំរាមកំហែង​ជា​ច្រើន​ចង់​រក​សម្លាប់​សមាជិក​សាសនាចក្រ​ចោល។ ប្រជាជន​បាន​បាត់បង់​តុ​ទូ សំលៀក​បំពាក់ គោ​ក្របី និង​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ផ្សេងៗ​ទៀត​ផង ហើយ​ដំណាំ​ដ៏​ច្រើន​របស់​ពួក​គេ​ត្រូវ​បាន​បំផ្លាញ​ចោល។

១–៨, ពួក​បរិសុទ្ធ​ត្រូវ​បាន​វាយ​ផ្ទាល ហើយ​រង​ទុក្ខ ព្រោះ​តែ​ការ​រំលង​ទាំង​ឡាយ​របស់​ពួក​គេ; ៩–១៥, សេចក្ដី​គ្នាន់​ក្នាញ់​របស់​ព្រះ​អម្ចាស់​នឹង​ធ្លាក់​មក​លើ​សាសន៍​ទាំង​ឡាយ ប៉ុន្តែ​រាស្ត្រ​របស់​ទ្រង់​នឹង​បាន​ប្រមូល​គ្នា ហើយ​នឹង​បាន​កំសាន្ត​ចិត្ត; ១៦–២១, ស៊ីយ៉ូន និង​ស្តេក​ទាំង​ឡាយ​របស់​នាង​នឹង​ត្រូវ​បាន​តាំង​ឡើង; ២២–៣១, ស្ថានភាព​នៃ​ជីវិត​រស់នៅ​ក្នុង​ពេល​សហស្សវត្ស​ត្រូវ​បាន​ចែង​ប្រាប់; ៣២–៤២, ខណៈ​នោះ ពួក​បរិសុទ្ធ​នឹង​បាន​ពរ​ហើយ​បាន​រង្វាន់; ៤៣–៦២, ពាក្យ​ប្រៀប​ប្រដូច​អំពី​បុរស​ត្រកូល​ខ្ពស់​ម្នាក់ និង​ដើម​អូលីវ បញ្ជាក់​ប្រាប់​ពី​ទុក្ខ​កង្វល់​ទាំង​ឡាយ និង​សេចក្ដី​ប្រោស​លោះ​ដែល​ជា​យថាហេតុ​នៃ​ស៊ីយ៉ូន; ៦៣–៧៥, ពួក​បរិសុទ្ធ​ត្រូវ​តែ​ប្រមូល​គ្នា​ត​ទៅ​ទៀត; ៧៦–៨០, ព្រះ​អម្ចាស់​ទ្រង់​បាន​តាំង​រដ្ឋ​ធម្មនុញ្ញ​នៃ​សហរដ្ឋ; ៨១–១០១, ពួក​បរិសុទ្ធ​ត្រូវ​តវ៉ា​សូម​ឲ្យ​កែ​សាទុក្ខ តាម​ពាក្យ​ប្រៀបប្រដូច​អំពី​ស្ត្រី និង​ចៅក្រម​ដ៏​ឥត​យុត្តិធម៌​ម្នាក់។

ប្រាកដ​មែន យើង​ប្រាប់​អ្នក​អំពី​ពួក​បង​ប្អូន​អ្នក​ក្នុង​សាសនា ដែល ត្រូវ​បាន​រង​ទុក្ខ​បៀតបៀន និង​ដេញ​ចេញ​ពី​ដែនដី​នៃ​កេរមរតក​របស់​ពួក​គេ​ថា —

យើង​ជា​ព្រះ​អម្ចាស់​បាន​អនុញ្ញាត​ឲ្យ​មាន​សេចក្ដី​វេទនា​មក​លើ​ពួក​គេ ដែល​ពួក​គេ​មាន​សេចក្ដី​ទុក្ខ​វេទនា​នោះ ក៏​ព្រោះ​តែ​អំពើ​រំលង​ទាំង​ឡាយ​របស់​ពួក​គេ

ប៉ុន្តែ​យើង​នឹង​បាន​ពួក​គេ ហើយ​នៅ​ថ្ងៃ​នោះ ពួក​គេ​នឹង​បាន​ជា​របស់​យើង ក្នុង​កាល​យើង​នឹង​យាង​មក​រើស​គ្រឿងអលង្ការ​ទាំង​ឡាយ​របស់​យើង។

ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ត្រូវ​ការ​បាន​វាយ​ផ្ចាល និង​សាកល្បង ដូច​ជា​លោក​អ័ប្រាហាំ​ដែរ ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​បូជា​កូន​ប្រុស​តែ​មួយ​របស់​លោក។

ត្បិត​អស់​អ្នក​ណា​ដែល​មិន​ព្រម​ទ្រាំទ្រ​ក្នុង​សេចក្ដី​វាយ​ផ្ចាល តែ​មិន​ទទួល​ស្គាល់​យើង នោះ​មិន​អាច​ញែក​ចេញ​ជា​បរិសុទ្ធ​បាន​ឡើយ។

មើល​ចុះ យើង​ប្រាប់​អ្នក​ថា មាន​ការ​រង្កៀស​ចិត្ត និង​ការ​ទាស់ទែង​គ្នា និង​ការ​ច្រណែន​គ្នា និង​ការ​ប្រឆាំង​គ្នា និង​ការ​ប៉ង​ប្រាថ្នា​ខាង​តណ្ហា និង​ខាង​លោភលន់​នៅ​ក្នុង​ចំណោម​ពួក​គេ​ទាំង​ឡាយ ហេតុ​ដូច្នេះ​ហើយ ដោយ​សារ​របស់​ទាំង​នេះ ទើប​ពួក​គេ​បាន​បង្ខូច​កេរមរតក​ទាំង​ឡាយ​របស់​ខ្លួន​ចោល។

ពួក​គេ​កម្រ​នឹង​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួក​គេ ហេតុ​ដូច្នេះ​ហើយ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួក​គេ ក៏​ក្រ​នឹង​ឮ​បទ​អធិស្ឋាន​ទាំង​ឡាយ​របស់​ពួក​គេ ដើម្បី​ឆ្លើយតប​បទ​អធិស្ឋាន​ទាំង​នោះ នៅ​ថ្ងៃ​ដែល​ពួក​គេ​មាន​ទុក្ខ​ខ្វល់​ខ្វាយ​ដែរ។

នៅ​ថ្ងៃ​ដែល​ពួក​គេ​មាន​សេចក្ដី​សុខសាន្ត នោះ​ពួក​គេ​រាប់​ពាក្យ​ដំបូន្មាន​របស់​យើង​ថា​មាន​ប្រយោជន៍​បន្តិចបន្តួច ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​ពួក​គេ​មាន​ទុក្ខ​ខ្វល់​ខ្វាយ នោះ​ពួក​គេ​ខំ​រាវរក​យើង មក​ពី​ការ​ចាំ​បាច់។

យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ទោះ​ជា​ពួក​គេ​មាន​បាប​ក៏​ដោយ គង់តែ​ចិត្ត​យើង​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​អាណិត​មេត្តា​ដល់​ពួក​គេ​ដែរ។ យើង​នឹង​មិន​បណ្ដេញ​ពួក​គេ​ចេញ​អស់​រលីង​ឡើយ ហើយ​នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ នោះ​យើង​នឹង​នឹក​ចាំ​ដល់​សេចក្ដី​មេត្តាករុណា។

១០យើង​បាន​ស្បថ ហើយ​ព្រះ​រាជឱង្ការ​បាន​ចេញ​ទៅ ដោយ​សារ​ព្រះ​បញ្ញត្តិ​ដើម ដែល​យើង​បាន​ប្រទាន​ដល់​អ្នក ប្រយោជន៍​ឲ្យ​យើង​បាន​ទម្លាក់​ដាវ​នៃ​ព្រះ​ពិរោធ​របស់​យើង​ជំនួស​ប្រជារាស្ត្រ​របស់​យើង​វិញ ហើយ​ដូច​ជា​យើង​បាន​មាន​ព្រះ​បន្ទូល​មក​ហើយ នោះ​ហេតុ​ការណ៍​នឹង​បាន​កន្លង​ផុត។

១១ព្រះ​ពិរោធ​របស់​យើង​នឹង​ឆាប់​បង្ហូរ​មក​លើ​គ្រប់​អស់​ទាំង​សាសន៍ ដោយ​គ្មាន​កម្រិត​ឡើយ ហើយ​យើង​នឹង​ធ្វើ​ការ​នេះ ក្នុង​កាល​ពែង​នៃ​សេចក្ដី​ទុច្ចរិត​របស់​ពួក​គេ​កំពុងតែ​ពេញ

១២ហើយ​នៅ​ថ្ងៃ​នោះ អស់​អ្នក​ណា​ដែល​បាន​ឃើញ​នៅ​លើ​ប៉ម​ចាំ​យាម ឬ​ម្យ៉ាង​ទៀត​ថា គឺ​អស់​ទាំង​ពួក​សាសន៍​អ៊ីស្រាអែល​របស់​យើង​នឹង​បាន​សង្គ្រោះ។

១៣ហើយ​ពួក​អ្នក​ដែល​ត្រូវ​បាន​ខ្ចាត់​ព្រាត់ នោះ​នឹង​បាន​ប្រមូល​មក​វិញ។

១៤ហើយ​អស់​អ្នក​ណា​ដែល​យំសោក នោះ​នឹង​បាន​សេចក្ដី​កំសាន្ត​ចិត្ត។

១៥ហើយ​អស់​អ្នក​ណា​ដែល​ប្ដូរ​ជីវិត​របស់​ខ្លួន​សម្រាប់​ព្រះ​នាម​របស់​យើង នោះ​នឹង​បាន​ពាក់​មកុដ។

១៦ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ​ចិត្ត​អ្នក​បាន​ក្សាន្ត​អំពី​ស៊ីយ៉ូន​ចុះ ត្បិត​សាច់​ឈាម​ទាំង​អស់​នៅ​ក្នុង​ព្រះ​ហស្ត​របស់​យើង​ហើយ ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ។

១៧ស៊ីយ៉ូន​នឹង​មិន​ត្រូវ​បាន​រើ​ចេញ​ពី​កន្លែង​នាង​ឡើយ ទោះ​ជា​កូន​ចៅ​នាង​ត្រូវ​ខ្ចាត់​ព្រាត់​ក៏​ដោយ។

១៨ពួក​អ្នក​ដែល​នៅ ហើយ​មាន​ចិត្ត​បរិសុទ្ធ នោះ​នឹង​វិល​មក​រក​កេរមរតក​ទាំង​ឡាយ​របស់​ពួក​គេ​វិញ គឺ​ពួក​គេ និង​កូន​ចៅ​របស់​ពួក​គេ​ផង ដោយ​ចម្រៀង​ទាំង​ឡាយ​អំពី​សេចក្ដី​អំណរ​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច ដើម្បី​សង់​ទី​ចាស់​នៃ​ស៊ីយ៉ូន​ដែល​ខូច​បង់​ឡើង​ជា​ថ្មី —

១៩ហើយ​គ្រប់​ការណ៍​ទាំង​នេះ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ពួក​ព្យាការី។

២០ហើយ​មើល​ចុះ គ្មាន​កន្លែង​ណា​មួយ​ទៀត​ឡើយ​ដែល​បាន​តាំង​ឡើង ក្រៅ​ពី​កន្លែង​ដែល​យើង​បាន​តាំង​នោះ ហើយ​គ្មាន​កន្លែង​ណា​ទៀត​ឡើយ​ដែល​បាន​តាំង​ឡើង ក្រៅ​ពី​កន្លែង​ដែល​យើង​បាន​តាំង​នោះ សម្រាប់​កិច្ចការ​នៃ​ការ​ប្រមូល​ពួក​បរិសុទ្ធ​របស់​យើង —

២១រហូត​ដល់​ថ្ងៃ​នោះ​មក​ដល់ ក្នុង​កាល​គ្មាន​បន្ទប់​សម្រាប់​ពួក​គេ​ទៀត​ឡើយ ហើយ​នៅ​ខណៈ​នោះ យើង​មាន​កន្លែង​ផ្សេងៗ​ទៀត ដែល​យើង​នឹង​តាំង​ដល់​ពួក​គេ ហើយ​ទី​នោះ​នឹង​ត្រូវ​បាន​ហៅថា ស្តេក សម្រាប់​ជា​រនាំង ឬ​ជា​កម្លាំង​នៃ​ស៊ីយ៉ូន។

២២មើល​ចុះ នេះ​ហើយ​ជា​ព្រះ​ហឫទ័យ​របស់​យើង ថា​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះ​នាម​យើង ហើយ​ថ្វាយ​បង្គំ​យើង​តាម​ដំណឹង​ល្អ​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច​របស់​យើង នោះ​ត្រូវ​ប្រមូល​គ្នា ហើយ​ឈរ​នៅ​ទី​បរិសុទ្ធ​នានា

២៣ហើយ​រៀបចំ​សម្រាប់​វិវរណៈ​ដែល​នឹង​មក​ដល់ ក្នុង​កាល​វាំងនន​គ្រប​ព្រះ​វិហារ​របស់​យើង នៅ​ក្នុង​រោង​ឧបោសថ​របស់​យើង ដែល​លាក់​ផែនដី នោះ​នឹង​ត្រូវ​បាន​បើក​ឡើង ហើយ​អស់​ទាំង​មនុស្ស​នឹង​បាន​ឃើញ​យើង​គ្រប់​គ្នា។

២៤ហើយ​អ្វីៗ​ដែល​ពុករលួយ​គ្រប់​យ៉ាង ទាំង​មនុស្ស ឬ​សត្វ​នៅ​វាល ឬ​សត្វ​ស្លាប​ហើរ​លើ​មេឃ ឬ​ត្រី​នៅ​សមុទ្រ​ក៏​ដោយ ដែល​រស់នៅ​លើ​អស់​ទាំង​ផ្ទៃ​ផែនដី នោះ​នឹង​ត្រូវ​បាន​បំផ្លាញ​បង់

២៥ហើយ​ព្រម​ទាំង​ធាតុ​សារពើ​ក៏​នឹង​រលាយ​ទៅ​ដោយ​កម្ដៅ​ដ៏​ក្រៃលែង ហើយ​គ្រប់​ទាំង​អស់​នឹង​ត្រឡប់​ជា​ថ្មី ប្រយោជន៍​ឲ្យ​តម្រិះ និង​សិរី​ល្អ​របស់​យើង អាច​មាន​នៅ​លើ​អស់​ទាំង​ផែនដី។

២៦ហើយ​នៅ​ថ្ងៃ​នោះ សេចក្ដី​ខ្មាំង​នៃ​មនុស្ស និង​សេចក្ដី​ខ្មាំង​នៃ​សត្វ​ទាំង​ឡាយ មែន​ហើយ គឺ​សេចក្ដី​ខ្មាំង​នៃ​អស់​ទាំង​សាច់​ឈាម​នឹង​ឈប់​មាន​នៅ​ចំពោះ​ព្រះ​ភក្ត្រ​របស់​យើង។

២៧ហើយ​នៅ​ថ្ងៃ​នោះ អ្វី​ក៏​ដោយ​ដែល​មនុស្ស​ណា​ម្នាក់​សូម នោះ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​នោះ។

២៨ហើយ​នៅ​ថ្ងៃ​នោះ អារក្ស​សាតាំង​នឹង​ពុំ​មាន​អំណាច ដើម្បី​ល្បួង​មនុស្ស​ណា​ឡើយ។

២៩ហើយ​នឹង​ពុំ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ឡើយ ពី​ព្រោះ​ពុំ​មាន​សេចក្ដី​ស្លាប់​ទេ។

៣០នៅ​ថ្ងៃ​នោះ ទារក​នឹង​មិន​ស្លាប់​ឡើយ ទាល់​តែ​វា​មាន​អាយុ​ច្រើន ហើយ​ជីវិត​វា​នឹង​បាន​យឺនយូរ​ដូច​ជា​អាយុ​ដើម​ឈើ

៣១ហើយ​កាល​វា​ស្លាប់​ទៅ នោះ​វា​នឹង​មិន​ដេកលក់ គឺ​នៅ​ក្នុង​ដី​ទេ ប៉ុន្តែ​នឹង​ផ្លាស់​ប្រែ​មួយ​ប៉ប្រិច​ភ្នែក ហើយ​នឹង​បាន​លើក​ឡើង ហើយ​សេចក្ដី​សម្រាក​របស់​វា​នឹង​បាន​ជាទី​រុងរឿង​ឧត្ដម។

៣២មែន​ហើយ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​នោះ ក្នុង​កាល​ព្រះ​អម្ចាស់​នឹង​យាង​មក នោះ​ព្រះ​អង្គ​នឹង​បើក​សម្ដែង​គ្រប់​ទាំង​អស់ —

៣៣របស់​របរ​ដែល​បាន​កន្លង​ផុត​ទៅ ហើយ​របស់​របរ​ដែល​អាថ៌កំបាំង​ដែល​គ្មាន​មនុស្ស​ណា​ស្គាល់ របស់​របរ​ពី​ផែនដី​ដែល​ត្រូវ​បាន​បង្កើត​ឡើង និង​គោលបំណង និង​ចុង​បង្ហើយ​នៃ​ផែនដី —

៣៤របស់​របរ​ដែល​វិសេសវិសាល របស់​របរ​ដែល​នៅ​ខាង​លើ និង​របស់​របរ​ដែល​នៅ​ខាង​ក្រោម របស់​របរ​នៅ​ក្នុង​ផែនដី និង​នៅ​លើ​ផែនដី និង​នៅ​លើ​ស្ថាន​សួគ៌។

៣៥ហើយ​អស់​អ្នក​ណា​ដែល​ស៊ូទ្រាំ​សេចក្ដី​បៀតបៀន ដោយ​ព្រោះ​ព្រះ​នាម​របស់​យើង ហើយ​កាន់ខ្ជាប់​ក្នុង​សេចក្ដី​ជំនឿ ទោះ​ជា​ពួក​គេ​ត្រូវ​បាន​ហៅ​ឲ្យ​ប្ដូរ​ជីវិត​របស់​ខ្លួន​ដោយ​ព្រោះ​យើង​ក្ដី គង់តែ​ពួក​គេ​នឹង​បាន​ទទួល​នៅ​អស់​ទាំង​សិរី​ល្អ​ទាំង​នេះ​ដែរ។

៣៦ហេតុ​ដូច្នោះ​ហើយ ចូរ​កុំ​ខ្លាច​ទោះ​ជា​ដល់​ការ​ស្លាប់​ក៏​ដោយ ត្បិត​នៅ​ក្នុង​ពិភពលោក​នេះ សេចក្ដី​អំណរ​របស់​អ្នក​ពុំ​បាន​ពោរ​ពេញ​ទេ ប៉ុន្តែ​នៅ​ក្នុង​យើង ទើប​សេចក្ដី​អំណរ​របស់​អ្នក​បាន​ពោរ​ពេញ។

៣៧ហេតុ​ដូច្នេះ​ហើយ ចូរ​កុំ​គិត​ពី​រូប​កាយ ឬ​ពី​ជីវិត​នៃ​រូប​កាយ​ឡើយ ប៉ុន្តែ​ចូរ​គិត​ពី​ព្រលឹង និង​ពី​ជីវិត​នៃ​ព្រលឹង​វិញ។

៣៨ហើយ​ចូរ​ស្វែងរក​ព្រះ​ភក្ត្រ​នៃ​ព្រះ​អម្ចាស់​ជានិច្ច ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ព្រលឹង​របស់​ខ្លួន​ដោយ​មាន​ចិត្ត​អត់ធន់ ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

៣៩កាលណា​មនុស្ស​ត្រូវ​បាន​ហៅ​ចំពោះ​ដំណឹង​ល្អ​ដ៏​អស់​កល្ប​អស់​កាល​របស់​យើង និង​សេចក្ដី​សញ្ញា ដោយ​សេចក្ដី​សញ្ញា​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច នោះ​ពួក​គេ​ត្រូវ​បាន​រាប់​ដូច​ជា​អំបិល​នៃ​ផែនដី និង​ជា​ជាតិ​ប្រៃ​នៃ​មនុស្ស

៤០ពួក​គេ​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជាតិ​ប្រៃ​នៃ​មនុស្ស ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អំបិល​នៃ​ផែនដី​បាត់​ជាតិ​ប្រៃ​ហើយ មើល​ចុះ វា​គ្មាន​ប្រយោជន៍​ទៀត​សោះ មាន​តែ​បោះបង់​ចោល​ទៅ​ក្រៅ​ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។

៤១មើល​ចុះ នេះ​ហើយ​ជា​ប្រាជ្ញា​អំពី​កូន​ចៅ​នៃ​ស៊ីយ៉ូន គឺ​មនុស្ស​ជា​ច្រើន ប៉ុន្តែ​ពុំ​មែន​ទាំង​អស់​គ្នា​ទេ ពួក​គេ​ត្រូវ​បាន​ឃើញ​ថា​ជា​អ្នក​រំលង​ច្បាប់ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ត្រូវ​ការ​វាយ​ផ្ចាល —

៤២អ្នក​ណា​ដែល​តម្កើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​ត្រូវ​តម្កើង​ឡើង​វិញ។

៤៣ហើយ​ឥឡូវ​នេះ យើង​នឹង​បង្ហាញ​ដល់​អ្នក​នូវ​ពាក្យ​ប្រៀប​ប្រដូច​មួយ ប្រយោជន៍​ឲ្យ​អ្នក​អាច​ដឹង​ពី​ព្រះ​ហឫទ័យ​របស់​យើង ដែល​យើង​មាន​អំពី​សេចក្ដី​ប្រោស​លោះ​នៃ​ស៊ីយ៉ូន។

៤៤មាន​បុរស​ត្រកូល​ខ្ពស់​ម្នាក់ លោក​មាន​ដីធ្លី​មួយ​កន្លែង​ដ៏​ជម្រើស​ណាស់; ហើយ​លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នក​បម្រើ​របស់​លោក​ថា ៖ ចូរ​អ្នក​រាល់​គ្នា​ទៅ​ចម្ការ​របស់​យើង គឺ​នៅ​លើ​ដីធ្លី​ដ៏​ជម្រើស​នេះ ហើយ​ដាំ​ដើម​អូលីវ ១២ ដើម​ចុះ

៤៥ហើយ​ចូរ​ដាក់​អ្នក​យាម​ជុំវិញ​ដើម​ទាំង​នោះ ហើយ​សង់​ប៉ម​មួយ ប្រយោជន៍​ឲ្យ​នរណា​មួយ​អាច​សម្លឹង​មើល​ជុំវិញ​ដែនដី ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​យាម​នៅ​លើ​ប៉ម ប្រយោជន៍​កុំ​ឲ្យ​ដើម​អូលីវ​ទាំង​ឡាយ​របស់​យើង​ត្រូវ​បាក់​ចុះ​ក្នុង​កាល​ខ្មាំងសត្រូវ​មក​បង្ខូច ហើយ​បេះ​យក​ដល់​ខ្លួន នូវ​ផ្លែ​នៃ​ចម្ការ​របស់​យើង​ឡើយ។

៤៦ឥឡូវ​នេះ ពួក​អ្នក​បម្រើ​នៃ​បុរស​ត្រកូល​ខ្ពស់​ក៏​បាន​ទៅ ហើយ​ប្រព្រឹត្ត​តាម​អ្វី​ដែល​ចៅហ្វាយ​របស់​ខ្លួន​បាន​បញ្ជា​ដល់​ពួក​គេ ហើយ​ដាំ​ដើម​អូលីវ​ទាំង​ឡាយ ហើយ​សង់​របង​ជុំវិញ ហើយ​ដាក់​អ្នក​យាម ហើយ​ចាប់​ផ្ដើម​សង់​ប៉ម​មួយ។

៤៧ហើយ​នៅ​ពេល​ពួក​គេ​កំពុងតែ​ចាក់​គ្រឹះ​ប៉ម​នោះ ស្រាប់​តែ​ពួក​គេ​បាន​និយាយ​គ្នា​ថា ៖ ហើយ​តើ​ចៅហ្វាយ​របស់​យើង​ត្រូវ​ការ​អ្វី​នឹង​ប៉ម​នេះ?

៤៨ហើយ​បាន​ពិគ្រោះ​គ្នា​ជា​យូរ ដោយ​និយាយ​គ្នា​ថា ៖ តើ​ចៅហ្វាយ​របស់​យើង​ត្រូវ​ការ​អ្វី​នឹងប៉ម​នេះ ដោយ​ឃើញ​ថា​នេះ​ជា​ពេល​សុខ​សាន្ត​ត្រាណហ្នឹង?

៤៩តើ​មិន​គួរ​យក​ប្រាក់​នេះ​ទៅ​ផ្ញើទុក​នឹង​អ្នក​ចងការ​ទេ​ឬ​អី? ត្បិត​មិន​ត្រូវ​ការ​របស់​ទាំង​នេះ​ឡើយ។

៥០ហើយ​នៅ​ពេល​ពួក​គេ​កំពុងតែ​ជជែក​គ្នា​ទៅ​វិញ​ទៅ​មក ស្រាប់​តែ​ពួក​គេ​ត្រឡប់​ទៅ​ជា​ខ្ជិលច្រអូស ហើយ​ពួក​គេ​មិន​បាន​ស្ដាប់​តាម​បញ្ជា​ទាំង​ឡាយ​របស់​ចៅហ្វាយ​ខ្លួន​ឡើយ។

៥១ហើយ​ខ្មាំងសត្រូវ​បាន​មក​ពេល​យប់ ហើយ​បំបាក់​របង ហើយ​ពួក​អ្នក​បម្រើ​នៃ​បុរស​ត្រកូល​ខ្ពស់​បាន​ក្រោក​ឡើង ហើយ​បាន​ភ័យ​ញ័រ ហើយ​បាន​រត់​ចេញ ហើយ​ខ្មាំងសត្រូវ​បាន​បំផ្លាញ​កិច្ចការ​ទាំង​ឡាយ​របស់​ពួក​គេ​ចោល ហើយ​បាន​រំលំ​ដើម​អូលីវ​ទាំង​ឡាយ​ចុះ។

៥២ឥឡូវ​នេះ មើល​ចុះ បុរស​ត្រកូល​ខ្ពស់​ជា​ចៅហ្វាយ​នៃ​ចម្ការ លោក​បាន​ហៅ​ពួក​អ្នក​បម្រើ​របស់​លោក ហើយ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា ៖ ហេតុ​អ្វី! ដែល​បណ្ដាល​ឲ្យ​ការ​អាក្រក់​នេះ​កើត​ឡើង?

៥៣ម្ដេច​ក៏​អ្នក​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​បាន​បញ្ជា​ដល់​អ្នកថា — បន្ទាប់​ពី​អ្នក​រាល់​គ្នា​បាន​ដាំ​ដំណាំ​ក្នុង​ចម្ការ ហើយ​សង់​របង​ជុំវិញ ហើយ​ដាក់​អ្នក​យាម​នៅ​លើ​កំផែង​របង​ទាំង​ឡាយ​រួច​ហើយ — សង់​ប៉ម​មួយ​ដែរ ហើយ​បាន​ដាក់​អ្នក​យាម​នៅ​លើ​ប៉ម ហើយ​បាន​មើល​ចម្ការ​របស់​យើង ហើយ​ពុំ​បាន​ដេក​ឡើយ ក្រែង​ខ្មាំងសត្រូវ​នឹង​មក​លើ​អ្នក?

៥៤ហើយ​មើល​ចុះ អ្នក​យាម​នៅ​លើ​ប៉ម​នឹង​អាច​មើល​ឃើញ​ខ្មាំងសត្រូវ នៅ​ពេល​វា​នៅ​ឆ្ងាយ​ម្ល៉េះ ហើយ​ខណៈ​នោះ អ្នក​រាល់​គ្នា​នឹង​អាច​បាន​ប្រុងប្រៀប​ខ្លួន ហើយ​រារាំង​ខ្មាំងសត្រូវ​កុំ​ឲ្យ​បំបាក់​របង​ចម្ការ ហើយ​អ្នក​នឹង​អាច​ជួយ​សង្គ្រោះ​ចម្ការ​របស់​យើង​ពី​កណ្ដាប់​ដៃ​នៃ​មេ​បំផ្លាញ។

៥៥ហើយ​ចៅហ្វាយ​នៃ​ចម្ការ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នក​បម្រើ​របស់​លោក​ថា ៖ ចូរ​ទៅ ហើយ​ប្រមូល​ពួក​អ្នក​បម្រើ​របស់​យើង​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ហើយ​យក​កម្លាំង​ទាំង​អស់​ពី​វង្សា​របស់​យើង ដែល​មាន​ពល​ទ័ព​របស់​យើង ពួក​កំលោះ​របស់​យើង និង​ពួក​អ្នក​ដែល​មាន​វ័យ​កណ្ដាល ព្រម​ទាំង​ក្នុង​ចំណោម​អស់​ទាំង​អ្នក​បម្រើ​របស់​យើង​ផង ដែល​ជា​កម្លាំង​នៃ​វង្សា​យើង លើក​លែងតែ​ពួក​អ្នក​ដែល​យើង​បាន​ចាត់​ឲ្យ​នៅ​ប៉ុណ្ណោះ

៥៦ហើយ​ចូរ​អ្នក​រាល់​គ្នា​ប្រញាប់​ទៅ​ឯ​ដែនដី​នៃ​ចម្ការ​របស់​យើង ហើយ​រំដោះ​ចម្ការ​យើង​មក​វិញ ត្បិត​វា​ជា​របស់​យើង យើង​បាន​ទិញ​វា​ដោយ​ប្រាក់។

៥៧ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ប្រញាប់​ទៅ​ឯ​ដែនដី​របស់​យើង ចូរ​បំបាក់​កំផែង​នៃ​ពួក​ខ្មាំងសត្រូវ​របស់​យើង ចូរ​រំលំ​ប៉ម​របស់​គេ​ចុះ ហើយ​បំបែក​ពួក​អ្នក​យាម​របស់​គេ​ចេញ​ខ្ចាត់ខ្ចាយ។

៥៨ហើយ​ដរាបណា​ពួក​គេ​ប្រមូល​គ្នា​មក​ទាស់​និង​អ្នក នោះ​ចូរ​សងសឹក​ពួក​ខ្មាំងសត្រូវ​ឲ្យ​យើង ប្រយោជន៍​ឲ្យ​បន្តិច​ទៀត​យើង​អាច​មក​ជាមួយ​នឹង​វង្សា​យើង​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ហើយ​យក​ដែនដី​វិញ។

៥៩ហើយ​អ្នក​បម្រើ​បាន​ទូល​ដល់​ចៅហ្វាយ​ខ្លួន​ថា ៖ តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា?

៦០ហើយ​លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​បម្រើ​របស់​លោក​ថា ៖ កាលដែល​យើង​ប្រាថ្នា ចូរ​អ្នក​រាល់​គ្នា​ប្រញាប់​ទៅ ហើយ​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​បាន​បញ្ជា​ដល់​អ្នក​ចុះ

៦១ហើយ​នេះ​នឹង​ទៅ​ជា​តម្រា និង​ពរ​របស់​យើង​មក​លើ​អ្នក — ជា​នាយតម្រួត​ការ​ដ៏​ស្មោះត្រង់ ហើយ​ឈ្លាសវៃ​នៅ​កណ្ដាល​វង្សា​របស់​យើង ជា​អ្នក​ត្រួតត្រា​នៅ​ក្នុង​នគរ​របស់​យើង។

៦២ហើយ​អ្នក​បម្រើ​របស់​លោក​ក៏​ប្រញាប់​ទៅ ហើយ​បាន​ប្រព្រឹត្ត​នូវ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ចៅហ្វាយ​ខ្លួន​បាន​បញ្ជា​ដល់​គេ ហើយ​ជា​ច្រើន​ថ្ងៃ​ក្រោយ​មក អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​បាន​សម្រេច​ជាស្រេច។

៦៣ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​នឹង​បង្ហាញ​ដល់​អ្នក​នូវ​ប្រាជ្ញា​ដែល​មាន​នៅ​ក្នុង​យើង​អំពី​អស់​ទាំង​សាសនាចក្រ ដរាបណា​ពួក​គេ​យល់​ព្រម​ឲ្យ​ណែនាំ​ក្នុង​ផ្លូវ​ត្រឹម​ត្រូវ សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​ពួក​គេ —

៦៤ប្រយោជន៍​ឲ្យ​កិច្ចការ​ខាង​ការ​ប្រមូល​ពួក​បរិសុទ្ធ​របស់​យើង​អាច​បាន​បន្ត​ទៅ ប្រយោជន៍​ឲ្យ​យើង​អាច​តាំង​ពួក​គេ​ឡើង​ដល់​ព្រះ​នាម​របស់​យើង​នៅ​លើ​ទី​បរិសុទ្ធ​នានា ត្បិត​ពេល​ច្រូតកាត់​មក​ដល់​ហើយ ហើយ​ព្រះ​បន្ទូល​របស់​យើង​ត្រូវ​តែ​បាន​សម្រេច។

៦៥ហេតុ​ដូច្នេះ​ហើយ យើង​ត្រូវ​ប្រមូល​រាស្ត្រ​របស់​យើង​ជុំ​គ្នា តាម​ពាក្យ​ប្រៀបប្រដូច​អំពី​ស្រូវ​សាលី និង​ស្រងែ ប្រយោជន៍​ឲ្យ​ស្រូវ​សាលី​អាច​បាន​នៅ​ក្នុង​ជង្រុក ដើម្បី​ឲ្យ​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​បាន​បំពាក់​សិរី​ល្អ​ខាង​សេឡេស្ទាល​ទុកជា​មកុដ ក្នុង​កាល​យើង​នឹង​យាង​មក​ក្នុង​នគរ​នៃ​ព្រះ​វរបិតា​របស់​យើង ដើម្បី​ចែក​ឲ្យ​មនុស្ស​គ្រប់​គ្នា តាម​ការ​ប្រព្រឹត្ត​របស់​គេ​រៀង​ខ្លួន

៦៦នៅ​ពេល​ស្រងែ​នឹង​ត្រូវ​ចង​ជា​កណ្ដាប់ ហើយ​ចំណង​របស់​វា​មាំមួន​ណាស់ ប្រយោជន៍​ឲ្យ​វា​អាច​បាន​ដុត​ដោយ​ភ្លើង​ដែល​ពន្លត់​មិន​បាន។

៦៧ហេតុ​ដូច្នេះ​ហើយ យើង​ប្រទាន​បញ្ញត្តិ​មួយ​ដល់​អស់​ទាំង​សាសនាចក្រ​ថា ពួក​គេ​ត្រូវ​ប្រមូល​គ្នា​បន្ត​នៅ​កន្លែង​នានា ដែល​យើង​បាន​ចាត់​ទុក។

៦៨ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដូច​ជា​យើង​បាន​ប្រាប់​ដល់​អ្នក​ហើយ នៅ​បញ្ញត្តិ​ពី​ដើម​ថា ចូរ​កុំ​ឲ្យ​ការ​ប្រមូល​របស់​អ្នក​ធ្វើ​ទៅ​ដោយ​ប្រញាប់​ប្រញាល់ ឬ​ដោយ​រត់​ភៀស​ឡើយ ប៉ុន្តែ​ចូរ​ឲ្យ​គ្រប់​ទាំង​អស់​បាន​ប្រុងប្រៀប​ចំពោះ​អ្នក​ជា​ស្រេច។

៦៩ហើយ​ដើម្បី​ឲ្យ​គ្រប់​ទាំង​អស់​បាន​ប្រុងប្រៀប​ចំពោះ​អ្នក​ជា​ស្រេច នោះ​ចូរ​គោរព​តាម​បញ្ញត្តិ ដែល​យើង​បាន​ប្រទាន​ឲ្យ​អំពី​ការណ៍​ទាំង​នេះ​ចុះ —

៧០ដែល​ប្រាប់ ឬ​បង្រៀន​ឲ្យ​ទិញ​ដីធ្លី​ទាំង​ឡាយនឹង​ប្រាក់ ដែល​អាច​ទិញ​បាន​ដោយ​ប្រាក់ នៅ​ក្នុង​ភូមិ​ភាគ​ជុំវិញ​ដែនដី ដែល​យើង​បាន​ចាត់​ទុកជា​ដែនដី​ស៊ីយ៉ូន សម្រាប់​ការ​ចាប់​ផ្ដើម​នៃ​ការ​ប្រមូល​ពួក​បរិសុទ្ធ​របស់​យើង

៧១គ្រប់​ដែនដី​ទាំង​អស់​ដែល​អាច​ទិញ​បាន​នៅ​ក្នុង​ស្រុក​ចាកសុន និង​នៅ​ស្រុក​ជុំវិញ​ទាំង​ឡាយ ហើយ​ចូរ​ទុក​អ្វី​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ​ហស្ត​របស់​យើង​ចុះ។

៧២ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ចូរ​ឲ្យ​គ្រប់​សាសនាចក្រ​ប្រមូល​ប្រាក់​កាស​របស់​ពួក​គេ​ទាំង​អស់​គ្នា ចូរ​ឲ្យ​ការណ៍​ទាំង​នេះ​បាន​សម្រេច​តាម​ពេល​វេលា​របស់​ខ្លួន ប៉ុន្តែ​មិនមែន​ដោយ​ប្រញាប់​ប្រញាល់​ទេ ហើយ​ចូរ​មើល​ឲ្យ​ឃើញ​ថា​គ្រប់​ទាំង​អស់​បាន​ប្រុងប្រៀប​ចំពោះ​អ្នក​ជា​ស្រេច។

៧៣ហើយ​ចូរ​មនុស្ស​មាន​កិត្តិយស​បាន​តាំង​ឡើង គឺ​ពួក​អ្នក​ប្រាជ្ញ ហើយ​ចាត់​ពួក​គេ​ឲ្យ​ទៅ​ទិញ​ដីធ្លី​ទាំង​នេះ​ចុះ។

៧៤ហើយ​សាសនាចក្រ​ទាំង​ឡាយ​នៅ​ស្រុក​នៃ​ទិស​ខាង​កើតៗ កាលណា​ពួក​គេ​បាន​ស្ថាបនា​ឡើង បើ​សិន​ជា​ពួក​គេ​នឹង​ប្រុង​ស្ដាប់​តាម​ការ​ទូន្មាន​នេះ នោះ​ពួក​គេ​អាច​ទិញ​ដីធ្លី​ទាំង​ឡាយ ហើយ​ប្រមូល​គ្នា​មក​លើ​ទី​នោះ ហើយ​ដោយ​ផ្លូវ​នេះ ទើប​ពួក​គេ​អាច​តាំង​ស៊ីយ៉ូន​ឡើង​បាន។

៧៥សូម្បីតែ​ឥឡូវ​នេះ មាន​របស់​របរ​គ្រប់​គ្រាន់​ហើយ មែន​ហើយ គឺ​មាន​ជា​បរិបូរ​ដើម្បី​ប្រោស​លោះ​ស៊ីយ៉ូន ហើយ​សង់​ទី​ចាស់​របស់​នាង​ដែល​ខូច​បង់​ឡើង​ជា​ថ្មី មិន​ត្រូវ​រលំ​ទៀត​ឡើយ បើ​សិន​ជា​សាសនាចក្រ​ទាំង​ឡាយ ដែល​ហៅ​ខ្លួន​តាម​ព្រះ​នាម​របស់​យើង យល់​ព្រម​ស្ដាប់​តាម​សំឡេង​របស់​យើង។

៧៦ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា អស់​អ្នក​ណា​ដែល​ត្រូវ​ខ្ចាត់​ព្រាត់​ដោយ​ពួក​ខ្មាំងសត្រូវ​របស់​ពួក​គេ នោះ​គឺជា​ព្រះ​ហឫទ័យ​របស់​យើង ថា​ពួក​គេ​ត្រូវ​តែ​បន្ត​តវ៉ា​សូម​ឲ្យ​កែ​សាទុក្ខ និង​ការ​សង ដោយ​ដៃ​នៃ​អស់​អ្នក​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ជា​ពួក​អ្នក​ត្រួតត្រា ហើយ​ដែល​មាន​សិទ្ធិ​អំណាច​លើ​អ្នក —

៧៧តាម​ក្រឹត្យ​វិន័យ​ទាំង​ឡាយ និង​ធម្មនុញ្ញ​នៃ​ប្រជាជន ដែល​យើង​បាន​ស៊ូទ្រាំ​ឲ្យ​តាំង​ឡើង ហើយ​ត្រូវ​ឲ្យ​រក្សាទុក​សម្រាប់​សិទ្ធិ​នានា និង​សេចក្ដី​ការពារ​ដល់​គ្រប់​សាច់​ឈាម​ទាំង​អស់ តាម​គោលការណ៍​ទាំង​ឡាយ​ដែល​យុត្តិធម៌ ហើយ​បរិសុទ្ធ

៧៨ថា​មនុស្ស​គ្រប់​រូប​អាច​ប្រព្រឹត្ត​នូវ​គោល​លទ្ធិ និង​គោលការណ៍ ដែល​ទាក់​ទង​ទៅ​នឹង​ពេល​ខាង​មុខ​តាម​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ដែល​យើង​បាន​ប្រទាន​ដល់​គេ ប្រយោជន៍​ឲ្យ​មនុស្ស​គ្រប់​រូប​អាច​បាន​ទទួល​ការ​ខុសត្រូវ​ចំពោះ​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ជំនុំ​ជំរះ។

៧៩ហេតុ​ដូច្នេះ​ហើយ គឺ​មិន​ត្រូវ​ឲ្យ​មនុស្ស​ណា​មួយ ត្រូវ​ជាប់​ជា​បាវ​បម្រើ​ដល់​អ្នក​ណា​មួយ​ឡើយ។

៨០ហើយ​ដោយ​ហេតុ​នេះ ទើប​យើង​បាន​តាំង​ធម្មនុញ្ញ​នៃ​ដែនដី​នេះ​ឡើង ដោយ​ដៃ​នៃ​ពួក​អ្នក​ប្រាជ្ញ ដែល​យើង​បាន​បង្កើត​ឡើង​ចំពោះ​គោលបំណង​នេះ​ឯង ហើយ​បាន​ប្រោស​លោះ​ដែនដី ដោយ​សារ​ការ​ខ្ចាយ​ឈាម។

៨១ឥឡូវ​នេះ តើ​យើង​នឹង​ប្រៀបធៀប​កូន​ចៅ​ស៊ីយ៉ូន​ទៅ​និង​អ្វី​ហ្ន៎? យើង​នឹង​ប្រៀបធៀប​ពួក​គេ​ទៅ​នឹង​ពាក្យ​ប្រៀប​ប្រដូច​អំពី​ស្ត្រី និង ចៅក្រម​ដ៏​ឥត​យុត្តិធម៌​ម្នាក់ ត្បិត​មនុស្ស​លោក​ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ហើយ​ឥត​ត្រូវ​រសាយ​ចិត្ត​ឡើយ ដែល​ថា —

៨២នៅ​ក្នុង​ក្រុង​មួយ មាន​ចៅក្រម​ម្នាក់ ដែល​មិន​កោតខ្លាច​ដល់​ព្រះ ក៏​មិន​ញញើត​មនុស្ស​ផង។

៨៣ហើយ​មាន​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ក្នុង​ក្រុង​នោះ​ដែរ ហើយ​នាង​ចេះតែ​មក​និយាយ​នឹង​លោក​ថា សូម​លោក​កាត់ទោស​ដល់​ខ្មាំង​សត្រូវ​ឲ្យ​ខ្ញុំ​ផង។

៨៤ហើយ​លោក​មិន​ទទួល​ព្រម​ជា​យូរ​ក្រែល​ហើយ លុះ​ក្រោយ​មក​ក៏​គិត​ក្នុង​ចិត្ត​ថា ទោះ​បើ​ខ្ញុំ​មិន​កោតខ្លាច​ដល់​ព្រះ ឬ​ញញើត​ចំពោះ​មនុស្ស​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​នឹង​ជំនុំ​ជំរះ​ឲ្យ​ស្ត្រី​មេម៉ាយ​នេះ​ជាមិនខាន ដោយ​ព្រោះ​នាង​នាំ​ឲ្យ​រំខាន​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់ ក្រែង​នាង​ចេះ​តែ​មក​រំអុក​ជានិច្ច​ដូច្នេះ​ទៅ នឹង​នាំ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ទៅ​ទៀត។

៨៥យើង​នឹង​ប្រៀបធៀប​កូន​ចៅ​ស៊ីយ៉ូន​យ៉ាង​ដូច្នេះ​ហើយ។

៨៦ចូរ​ឲ្យ​ពួក​គេ​សូម​ក្ដី​នៅ​បាត​ជើង​ចៅក្រម​ចុះ

៨៧ហើយ​បើ​សិន​ជា​លោក​មិន​ស្ដាប់​តាម​ពួក​គេ​ទេ នោះ​ចូរ​ឲ្យ​ពួក​គេ​សូម​ក្ដី​នៅ​បាត​ជើង​ចៅហ្វាយខេត្ត

៨៨ហើយ​បើ​សិន​ជា​ចៅហ្វាយខេត្ត​មិន​ព្រម​ស្ដាប់​តាម​ពួក​គេ​ទេ នោះ​ចូរ​ឲ្យ​ពួក​គេ​សូម​ក្ដី​នៅ​បាត​ជើង​ប្រធានាធិបតី

៨៩ហើយ​បើ​សិន​ជា​ប្រធានាធិបតី​មិន​ព្រម​ស្ដាប់​តាម​ពួក​គេ​ទេ ខណៈ​នោះ ព្រះ​អម្ចាស់​នឹង​តើ​នី​ឡើង ហើយ​យាង​ចេញ​មក​ពី​ទី​កំបាំង​របស់​ទ្រង់ ហើយ​នៅ​ក្នុង​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ នឹង​ធ្វើ​ទុក្ខ​ដល់​ប្រទេស

៩០ហើយ​នៅ​ក្នុង​ព្រះ​ហឫទ័យ​ខ្ញាល់​របស់​ទ្រង់ និង​នៅ​ក្នុង​ព្រះ​ពិរោធ​ដ៏​ខ្លាំង នៅ​ក្នុង​ពេល​វេលា​របស់​ទ្រង់ នោះ​នឹង​កាត់​ពួក​នាយ​តម្រួត​ការ​ដែល​ទុច្ចរិត មិន​ស្មោះត្រង់ និង​មិន​យុត្តិធម៌​ចេញ ហើយ​ឲ្យ​ពួក​គេ​មាន​ចំណែក​ជាមួយ​នឹង​ពួក​មនុស្ស​មាន​ពុត និង​ពួក​មនុស្ស​មិន​ជឿ

៩១គឺ​នៅ​ក្នុង​ទី​ងងឹត​ខាង​ក្រៅ នៅ​ទី​នោះ​នឹង​យំ ហើយ​ទួញ​សោក ហើយ​សង្កៀត​ធ្មេញ។

៩២ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​រាល់​គ្នា​អធិស្ឋាន សូម​ឲ្យ​ត្រចៀក​ពួក​គេ​អាច​បាន​បើក​ឮ​សម្រែក​របស់​អ្នក​ចុះ ប្រយោជន៍​ឲ្យ​យើង​អាច​មាន​សេចក្ដី​មេត្តាករុណា​ដល់​ពួក​គេ ដើម្បី​កុំ​ឲ្យ​ការណ៍​ទាំង​នេះ​មាន​មក​លើ​ពួក​គេ​ឡើយ។

៩៣អ្វីៗ​ដែល​យើង​បាន​មាន​ព្រះ​បន្ទូល​ដល់​អ្នក នោះ​ត្រូវ​តែ​មក​ដល់ ប្រយោជន៍​ឲ្យ​មនុស្ស​ទាំង​អស់​អាច​បាន​ទុក​ថា​ឥត​ដំណោះ​សារ។

៩៤ប្រយោជន៍​ពួក​អ្នក​ប្រាជ្ញ និង​ពួក​អ្នក​ត្រួតត្រា​អាច​បាន​ឮ ហើយ​ដឹង​នូវ​អ្វី​ដែល​ពួក​គេ​មិន​បាន​ពិចារណា​គិត​ដល់

៩៥ប្រយោជន៍​ឲ្យ​យើង​អាច​ចាប់​ផ្ដើម ដើម្បី​សម្រេច​កិច្ចការ​របស់​យើង គឺ​កិច្ចការ​ចម្លែក​របស់​យើង ហើយ​អនុវត្ត​កិច្ចការ​របស់​យើង គឺ​កិច្ចការ​ចម្លែក​របស់​យើង ដើម្បី​ឲ្យ​មនុស្ស​លោក​អាច​ចេះ​វែកញែក​ចេញ​រវាង​ពួក​សុចរិត និង​ពួក​ទុច្ចរិត ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៩៦ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា គឺ​ផ្ទុយ​ទៅ​នឹង​ព្រះ​បញ្ញត្តិ​របស់​យើង និង​ព្រះ​ហឫទ័យ​របស់​យើង ដែល​ស៊ីឌនី គី​ល​បឺត ជា​អ្នក​បម្រើ​របស់​យើង​ត្រូវ​លក់​ឃ្លាំង​របស់​យើង ដែល​យើង​បាន​តាំង​ដល់​ប្រជារាស្ត្រ​យើង ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​យើង។

៩៧ចូរ​កុំ​ឲ្យ​អ្វី​ដែល​យើង​បាន​តាំង​ឡើង ត្រូវ​បាន​បង្ខូច​ដោយ​ពួក​ខ្មាំងសត្រូវ​របស់​យើង ដោយ​ការ​អនុមតិ​ពី​អស់​អ្នក​ដែល​ហៅ​ខ្លួន​តាម​ព្រះ​នាម​យើង​ឡើយ

៩៨ត្បិត​នេះ​ហើយ​ជា​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​ទាស់​នឹង​យើង ហើយ​ទាស់​នឹង​រាស្ត្រ​របស់​យើង ព្រោះ​តែ​ការណ៍​ទាំង​នោះ ដែល​យើង​បាន​ចេញ​បញ្ញត្តិ ហើយ​ដែល​នឹង​កើត​ឡើង​ដល់​សាសន៍​ទាំង​ឡាយ​ជា​ឆាប់ៗ។

៩៩ហេតុ​ដូច្នេះ​ហើយ គឺជា​ព្រះ​ហឫទ័យ​របស់​យើង ថា​រាស្ត្រ​របស់​យើង​ត្រូវ​ទាមទារ ហើយ​ទាមទារ​ទៅ​លើ​អ្វី ដែល​យើង​បាន​តាំង​ដល់​ពួក​គេ ទោះ​បើ​ពួក​គេ​មិន​ត្រូវ​បាន​អនុម័ត​ឲ្យ​អាស្រ័យ​នៅ​លើ​ទី​នោះ​ក្ដី។

១០០ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​យើង​ពុំ​បាន​ថា​ពួក​គេ​មិន​អាច​អាស្រ័យ​នៅ​លើ​ទី​នោះ​ដែរ ត្បិត​ដរាបណា​ពួក​គេ​បង្កើត​ផល និង​កិច្ចការ ដែល​សមសួន​នឹង​នគរ​របស់​យើង នោះ​ពួក​គេ​នឹង​បាន​អាស្រ័យ​នៅ​លើ​ទី​នោះ។

១០១ពួក​គេ​នឹង​សង់​ផ្ទះ ហើយ​អ្នក​ផ្សេង​នឹង​ពុំ​គ្រង​ទី​នោះ​ទុកជា​មរតក​ឡើយ ពួក​គេ​នឹង​ដាំ​ចម្ការ​ទំពាំងបាយជូរ ហើយ​ពួក​គេ​នឹង​បរិភោគ​ផល​នៃ​ចម្ការ​នោះ។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕