ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 66
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៦៦

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​អូរែញ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​១៨៣១ (History of the Church, ១:២១៩–២២១)។ នេះ​ជា​ថ្ងៃ​ទី​មួយ​នៃ​សន្និសីទ​ដ៏​សំខាន់​មួយ។ មុន​វិវរណៈ​នេះ ព្យាការី​បាន​សរសេរ​ថា ៖ « តាម​សំណូមពរ​របស់​វិលលាម អ៊ី ម៉័កខ្លេលិន នោះ​ខ្ញុំ​បាន​សូម​ដល់​ព្រះ​អម្ចាស់ ហើយ​បាន​ទទួល ដែល​មាន​ដូច​ត​ទៅ​នេះ » (History of the Church, ១:២២០)។

១–៤, សេចក្ដី​សញ្ញា​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច គឺជា​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ; ៥–៨, ពួក​អែលឌើរ​ត្រូវ​ទៅ​ផ្សាយ ធ្វើ​ទី​បន្ទាល់ និង​ពិភាក្សា​ជាមួយ​ប្រជាជន; ៩–១៣, ការ​បម្រើ​ខាង​ការ​ឧបត្ថម្ភ​ដ៏​ស្មោះត្រង់​ធានា​នូវ​មរតក​ខាង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។

មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់ វិលលាម អ៊ី ម៉័កខ្លេលិន ជា​អ្នក​បម្រើ​របស់​យើង​ដូច្នេះ​ថា — អ្នក​មាន​ពរ​ហើយ ដរាបណា​អ្នក​បាន​បែរ​ចេញ​ពី​សេចក្ដី​ទុច្ចរិត​ទាំង​ឡាយ​របស់​អ្នក ហើយ​បាន​ទទួល​សេចក្ដី​ពិត​ទាំង​ឡាយ​របស់​យើង ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​ប្រោស​លោះ​របស់​អ្នក គឺជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​ពិភពលោក​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ គឺ​ដល់​មនុស្ស​ទាំង​ឡាយ​ណា​ដែល​ជឿ​ដល់​ព្រះ​នាម​របស់​យើង។

យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អ្នក​មាន​ពរ​ហើយ ដែល​បាន​ទទួល​សេចក្ដី​សញ្ញា​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច​របស់​យើង គឺជា​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​របស់​យើង ដែល​បាន​ចាត់​ឲ្យ​ចេញ​ទៅ​ដល់​កូន​ចៅ​មនុស្ស ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​មាន​ជីវិត ហើយ​អាច​បាន​ធ្វើ​ទៅ​ជា​ពួក​អ្នក​មាន​ចំណែក​ក្នុង​សិរី​ល្អ​ទាំង​ឡាយ ដែល​នឹង​ត្រូវ​បាន​បើក​សម្ដែង​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់ ដូចដែល​បាន​សេរ​សេរ​ទុក​ដោយ​ពួក​ព្យាការី និង​ពួក​សាវក នៅ​សម័យ​បុរាណ។

យើង​ប្រាប់​អ្នក​ជា​ប្រាកដ ឱ វិលលាម ជា​អ្នក​បម្រើ​របស់​យើង​អើយ ថា​អ្នក​បាន​ស្អាត​ហើយ ប៉ុន្តែ​ពុំ​មែន​ទាំង​អស់​ទេ ហេតុ​ដូច្នេះ​ហើយ ចូរ​ប្រែ​ចិត្ត​ពី​ការណ៍​ទាំង​នោះ ដែល​មិន​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ​នេត្រ​របស់​យើង​ទៅ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ត្បិត​ព្រះ​អម្ចាស់​ទ្រង់​នឹង​បង្ហាញ​ដល់​អ្នក​ហើយ។

ហើយ​ឥឡូវ​នេះ ប្រាកដ​មែន យើង​ជា​ព្រះ​អម្ចាស់​នឹង​បង្ហាញ​ដល់​អ្នក​អំពី​អ្វី​ដែល​យើង​មាន​ព្រះ​ហឫទ័យ​ចំពោះ​អ្នក ឬ​ក៏​អំពី​អ្វី​ដែល​យើង​នឹង​មាន​ព្រះ​ហឫទ័យ​ចំពោះ​អ្នក។

មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ គឺជា​ព្រះ​ហឫទ័យ​របស់​យើង​ថា អ្នក​គប្បី​ប្រកាស​ប្រាប់​ដំណឹង​ល្អ​របស់​យើង​ពី​ដែនដី​មួយ​ទៅ​ដែន​ដី​មួយ និង​ពី​ទី​ក្រុង​មួយ​ទៅ​ទី​ក្រុង​មួយ មែន​ហើយ គឺ​នៅ​ក្នុង​ភូមិ​ភាគ​ជុំវិញ​ទាំង​នោះ ដែល​ពុំ​ទាន់​បាន​ប្រកាស​ប្រាប់​នៅ​ឡើយ។

ចូរ​កុំ​នៅ​កន្លែង​នេះ​ច្រើន​ថ្ងៃ​ពេក ចូរ​កុំ​ទាន់​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន​ឡើយ ប៉ុន្តែ​ដរាបណា​អ្នក​អាច​បញ្ជូន​ទៅ​បាន ចូរ​បញ្ជូន​ទៅ​ចុះ បើ​ពុំ​នោះ​សាត​ទេ ចូរ​កុំ​គិត​ពី​ទ្រព្យសម្បត្តិ​របស់​អ្នក​ឡើយ។

ចូរ​ទៅ​ឯ​ដែនដី​ទាំង​ឡាយ​នៅ​ទិស​ខាង​កើត ចូរ​ថ្លែង​ទី​បន្ទាល់​នៅ​គ្រប់​កន្លែង​ប្រាប់​ដល់​គ្រប់​ប្រជាជន និង​នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ឡាយ​របស់​ពួក​គេ ដោយ​ពិភាក្សា​ជាមួយ​ប្រជាជន។

ចូរ​ឲ្យ សាំយូអែល អេ​ច ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង​ទៅ​ជា​មួយ​អ្នក​ចុះ ហើយ​ចូរ​កុំ​បោះបង់​គាត់​ចោល​ឡើយ ហើយ​ចូរ​ឲ្យ​ដល់​គាត់​នូវ​ការ​បង្គាប់​ទាំង​ឡាយ​របស់​អ្នក​ផង ហើយ​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះត្រង់ នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្លាំង​ពូកែ​នៅ​គ្រប់​កន្លែង ហើយ​យើង​ជា​ព្រះ​អម្ចាស់​នឹង​យាង​ទៅ​ជា​មួយ​អ្នក។

ចូរ​ដាក់​ដៃ​អ្នក​លើ​មនុស្ស​ដែល​មាន​ជំងឺ ហើយ​ពួក​គេ​នឹង​បាន​ជា​សះ​ស្បើយ។ ចូរ​កុំ​វិល​ទៅ​វិញ​ឡើយ រហូត​ដល់​យើង​ជា​ព្រះ​អម្ចាស់​នឹង​ចាត់​ឲ្យ​អ្នក​ទៅ។ ចូរ​មាន​ចិត្ត​អត់ធន់​ក្នុង​ការ​ឈឺ​ចាប់។ ចូរ​សូម ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ចូរ​គោះ ហើយ​តែង​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា។

១០ចូរ​កុំ​ស្វែងរក​ដើម្បី​អំពល់​ឡើយ។ ចូរ​បោះបង់​ចោល​អស់​ទាំង​សេចក្ដី​ដ៏​ឥត​សុចរិត។ ចូរ​កុំ​ប្រព្រឹត្ត​អំពើ​កំផិត​ឡើយ — ជា​សេចក្ដី​ល្បួង​មួយ​ដែល​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​មាន​កង្វល់នោះ​។

១១ចូរ​កាន់​តាម​ពាក្យ​ទាំង​នេះ ត្បិត​ពាក្យ​ទាំង​នេះ​ពិត ហើយ​ស្មោះត្រង់ ហើយ​អ្នក​ត្រូវ​តម្កើង​តំណែង​របស់​ខ្លួន ហើយរុញ​ច្រាន​មនុស្ស​ជា​ច្រើន​ទៅ​ក្រុង​ស៊ីយ៉ូន ដោយ​សារ​ចម្រៀង​ទាំង​ឡាយ​អំពី​សេចក្ដី​អំណរ​ដ៏​អស់​កល្ប​អស់​កាល​ជានិច្ច ពាក់​លើ​ក្បាល​របស់​ពួក​គេ​ចុះ។

១២ចូរ​បន្ត​នៅ​ក្នុង​ការណ៍​ទាំង​នេះ​រហូត​ដល់​ចុង​បំផុត​ចុះ ហើយ​អ្នក​នឹង​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ជា​មកុដ​នៅ​ខាង​ព្រះ​ហស្ត​ស្ដាំ​នៃ​ព្រះ​វរបិតា​របស់​យើង ដែល​ពេញ​ដោយ​ព្រះ​គុណ និង​សេចក្ដី​ពិត។

១៣ប្រាកដ​មែន ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​អ្នក គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ​មែន។ អាម៉ែន៕