ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 16


កណ្ឌ​ទី ១៦

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ​យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​ពេត្រុស វិតមើរ ជុញ្ញ័រ នៅ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ខែ​មិថុនា ឆ្នាំ​១៨២៩ (History of the Church, ១:៥១)។ (សូម​មើល​ផងដែរ​ចំណង​ជើង​នៃ​កណ្ឌ​ទី ១៤)។ ក្រោយ​មក ពេត្រុស វិតមើរ ជុញ្ញ័រ បាន​ក្លាយ​ទៅ​ជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​ប្រាំ​បី​នាក់ អំពី​ព្រះ​គម្ពីរ​មរមន។

១–២, ព្រះ​ពាហុ​របស់​ព្រះ​អម្ចាស់​នៅ​លើ​អស់​ទាំង​ផែនដី; ៣–៦, ដើម្បី​ផ្សាយដំណឹង​ល្អ និង​សង្គ្រោះ​ព្រលឹង​ទាំង​ឡាយ គឺជា​ការណ៍​ដ៏​មាន​តម្លៃ​បំផុត។

ចូរ​ស្ដាប់ ពេត្រុស ជា​អ្នក​បម្រើ​របស់​យើង​អើយ ហើយ​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​របស់​អ្នក និង​ព្រះ​ដ៏​ប្រោស​លោះ​របស់​អ្នក​ចុះ។

ត្បិត​មើល​ចុះ យើង​មាន​បន្ទូល​មក​កាន់​អ្នក ដោយ​មុតមាំ និង​ដោយ​អំណាច ត្បិត​ពាហុ​របស់​យើង​នៅ​លើ​អស់​ទាំង​ផែនដី។

ហើយ​យើង​នឹង​ប្រាប់​អ្នក​ថា គ្មាន​មនុស្ស​ណា​ដឹង​ឡើយ លើក​លែងតែ​យើង និង​អ្នក​ប៉ុណ្ណោះ —

ត្បិត​មាន​គ្រា​ជា​ច្រើន ដែល​អ្នក​បាន​ប្រាថ្នា​ពី​យើង សូម​ចង់​ដឹង​នូវ​អ្វី​ដែល​មាន​តម្លៃ​បំផុត​ចំពោះ​អ្នក។

មើល​ចុះ អ្នក​មាន​ពរ​ហើយ ចំពោះ​ការណ៍​នេះ ហើយ​ចំពោះ​ការ​និយាយ​ប្រាប់​ព្រះ​បន្ទូល​របស់​យើង ដែល​យើង​បាន​ប្រទាន​ចំពោះ​អ្នក ស្រប​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង។

ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​មាន​បន្ទូល​មក​កាន់​អ្នក​ថា ការណ៍​ដែល​នឹង​មាន​តម្លៃ​បំផុត​ចំពោះ​អ្នក គឺ​ផ្សាយ​ប្រាប់​ពី​ការ​ប្រែ​ចិត្ត​ដល់​ប្រជាជន​នេះ ដើម្បី​ឲ្យ​អ្នក​អាច​នាំ​ព្រលឹង​ទាំង​ឡាយ​មក​រក​យើង ដើម្បី​ឲ្យ​អ្នក​អាច​សម្រាក​ជាមួយ​ពួក​គេ​នៅ​ក្នុង​នគរ​នៃ​ព្រះ​វរបិតា​របស់​យើង។ អាម៉ែន៕