ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 96
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ៩៦

វិវរណៈ​ដែល​បាន​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ ជា​ព្យាការី ដោយ​បង្ហាញ​នូវ​របៀប​រៀបចំ​ទី​ក្រុង ឬ​ស្តេក​នៃ​ស៊ីយ៉ូន​នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​១៨៣៣ ទុកជា​គំរូ​ដល់​ពួក​បរិសុទ្ធ​នៅ​ក្រុង​ខឺតឡង់ (History of the Church, ១:៣៥២–៣៥៣)។ ជា​ពេល​វេលា​នៅ​ឯ​សន្និសីទ​នៃ​ពួក​សង្ឃ​ជាន់​ខ្ពស់ ហើយ​កម្មវត្ថុ​ដ៏​សំខាន់​នៃ​ការ​ពិចារណា​នោះ គឺ​អំពី​ការ​ចែក​ដីធ្លី​នានា ដែល​ស្គាល់​ថា​ជា ស្រែ​អ្នក​ហ្វ្រែញ ដែល​ជា​កម្មសិទ្ធិ​របស់​សាសនាចក្រ នៅ​ក្បែរ​ក្រុង​ខឺតឡង់។ ចាប់​តាំង​ពី​សន្និសីទ​ម​ក នោះ​ពុំ​អាច​យល់​ព្រម​គ្នា​ថា​នរណា​ត្រូវ​ថែរក្សា​ស្រែ​នោះ​ឡើយ គ្រប់​មនុស្ស​ទាំង​អស់​បាន​យល់​ព្រម​គ្នា​ថា ត្រូវ​សូម​ដល់​ព្រះ​អម្ចាស់​អំពី​រឿង​នេះ។

, ស្តេក​ខឺតឡង់​នៃ​ក្រុង​ស៊ីយ៉ូន​ត្រូវ​ធ្វើ​ឲ្យ​បាន​មាំមួន; ២–៥, ប៊ីស្សព​ត្រូវ​ចែក​កេរមរតក​ដល់​ពួក​បរិសុទ្ធ; ៦–៩, យ៉ូហាន ចនសុន ត្រូវ​ធ្វើ​ជា​សមាជិក​នៃ​សហសមាគម។

មើល​ចុះ យើង​ប្រាប់​អ្នក​ថា នេះ​ហើយ​ជា​ប្រាជ្ញា ដែល​អ្នក​រាល់​គ្នា​អាច​ចេះ​ប្រព្រឹត្ត​អំពី​រឿង​នេះ ត្បិត​ជា​ការ​ចាំ​បាច់​ដល់​យើង​ថា​ស្តេក​នេះ ដែល​យើង​បាន​តាំង​ឡើង ត្បិត​កម្លាំង​នៃ​ស៊ីយ៉ូន​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​មាំមួន។

ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ នូវល ខេ វិតនី ជា​អ្នក​បម្រើ​របស់​យើង កាន់កាប់​កន្លែង​ដែល​បាន​ពោល​ដល់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​យើង​គ្រោង​នឹង​កសាង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​យើង​នៅ​លើ​នោះ។

ហើយ​ជា​ថ្មី​ទៀត ចូរ​ចែក​ទី​នោះ​ចេញ​ជាទី​ដី​នានា ស្រប​តាម​ប្រាជ្ញា សម្រាប់​ផល​ប្រយោជន៍​ដល់​អស់​អ្នក​ណា​ដែល​ស្វែងរក​កេរមរតក​ទាំង​ឡាយ ដូច​ជា​នឹង​បាន​សម្រេច​នៅ​ក្នុង​ការ​ប្រឹក្សា នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ចុះ។

ហេតុ​ដូច្នេះ​ហើយ ចូរ​ស្ដាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ថា​រឿង​នេះ ហើយ​និង​ចំណែក​នោះ ដែល​ជា​ការ​ចាំ​បាច់ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​សមាគម​របស់​យើង ចំពោះ​គោលបំណង​នៃ​ការ​នាំ​ព្រះ​បន្ទូល​របស់​យើង​ទៅ​ដល់​កូន​ចៅ​មនុស្ស។

ត្បិត​មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នេះ​ហើយ​ជា​ការ​ចាំ​បាច់​បំផុត​ដល់​យើង គឺថា​ព្រះ​បន្ទូល​របស់​យើង​នឹង​ត្រូវ​បាន​ចេញ​ទៅ​ដល់​កូន​ចៅ​មនុស្ស​ចំពោះ​គោលបំណង​នៃ​ការ​បន្ទន់​ចិត្ត​នៃ​កូន​ចៅ​មនុស្ស​សម្រាប់​ការ​ល្អ​របស់​អ្នក។ គឺ​ដូច្នោះ​មែន។ អាម៉ែន។

ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា គឺជា​ប្រាជ្ញា ហើយ​ជា​ការ​ចាំ​បាច់​បំផុត​ដល់​យើង​ថា យ៉ូហាន ចនសុន ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​ទទួល​ដង្វាយ​របស់​គាត់ ហើយ​ដែល​យើង​បាន​ឮ​ការ​អធិស្ឋាន​របស់​គាត់ ជា​អ្នក​នោះ​ហើយ ដែល​យើង​ប្រទាន​នូវ​សេចក្ដី​សន្យា​នៃ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ដរាបណា​គាត់​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ចាប់​ពី​ពេល​នេះ​ត​ទៅ —

ត្បិត​គាត់​ជា​ពូជ​ពង្ស​នៃ​យ៉ូសែប ហើយ​ជា​អ្នក​ទទួល​នូវ​ព្រះ​ពរ​ទាំង​ឡាយ​នៃ​សេចក្ដី​សន្យា ដែល​បាន​ធ្វើ​ដល់​ពួក​អយ្យកោ​របស់​គាត់ —

យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ជា​ការ​ចាំ​បាច់​បំផុត​ដល់​យើង ដែល​គាត់​ត្រូវ​ក្លាយ​ជា​សមាជិក​នៃ​សមាគម ប្រយោជន៍​ឲ្យ​គាត់​អាច​ជួយ​ក្នុង​ការ​នាំ​ព្រះ​បន្ទូល​របស់​យើង​ទៅ​ដល់​កូន​ចៅ​មនុស្ស។

ហេតុ​ដូច្នេះ​ហើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​តែងតាំង​គាត់​ចំពោះ​ព្រះ​ពរ​នេះ​ចុះ ហើយ​គាត់​ត្រូវ​ព្យាយាម​ស្វែងរក​ដើម្បី​ដក​បំណុល​ដែល​មាន​មក​លើ​គេហដ្ឋាន ដែល​បាន​ពោល​ដល់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​គាត់​អាច​រស់នៅ​ទី​នោះ​បាន។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕