ថ្នាក់​សិក្ខាសាលា
មេរៀនទី 10 ៖ ថ្ងៃ​ទី 3 អេណុស


មេរៀនទី 10 ៖ ថ្ងៃ​ទី 3

អេណុស

សេចក្តីផ្ដើម

ក្រោយពី​សញ្ជឹងគិត​ពី​ពាក្យពេចន៍​របស់​ឪពុក​លោក​រួច​មក អេណុស​បាន​អធិស្ឋាន​ទូលសុំ ហើយ​បានទទួល​ការផ្តាច់​បាប​របស់​លោក ។បន្ទាប់មក លោក​បាន​អធិស្ឋាន​សម្រាប់​សុខុមាភាព​ខាង​វិញ្ញាណ​នៃ​ពួកសាសន៍​នីហ្វៃ និង ពួកសាសន៍​លេមិន ហើយ​បាន​ចំណាយ​ពេល​នៃ​ជីវិត​របស់​លោក​ដើម្បី​ធ្វើការ​សម្រាប់​សេចក្តី​សង្គ្រោះ​របស់​ពួកគេ ។

អេណុស 1:1–8

ក្រោយពី​សញ្ជឹងគិត​ពី​ពាក្យពេចន៍​របស់​ឪពុកលោក​ហើយ អេណុស​អធិស្ឋាន​ទូលសុំ ហើយ​បានទទួល​ការផ្តាច់​របស់​លោក

សូម​អាន អេណុស 1:1, 3 ហើយ​កត់ចំណាំ​ពី​ឥទ្ធិពល​ដែល​លោក​យ៉ាកុប​បាន​មាន​លើ​លោក​អេណុស ។បើទោះ​ជា​អេណុស​គឺជា​កូនប្រុស និង ជា​ចៅប្រុស​របស់​ព្យាការី​ក៏ដោយ ក៏​លោក​នៅតែ​ត្រូវការ​មាន​បទពិសោធន៍​ពី​អំណាច​នៃ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​សម្រាប់​ខ្លួន​លោក​ផ្ទាល់​ផងដែរ ។

សូម​គិត​ដល់​ពេល​មួយ​នៅពេល​អ្នក​បាន​មាន​អារម្មណ៍​ថា ស្រេកឃ្លាន​ជា​ខ្លាំង ។សូម​គូស​រង្វង់​ជុំវិញ​ពាក្យ​មួយ​ចំនួន​ខាង​ក្រោម​នេះ​ដែល​ពិពណ៌នា​ពី​អ្វី​ដែល​អ្នក​មាន​អារម្មណ៍ នៅពេល​អ្នក​ស្រេកឃ្លាន ៖

  • ទទេ

  • ខ្សោយ

  • មិន​ពេញ​ចិត្ត

  • ស្រេកឃ្លាន​ជាខ្លាំង

  • ឈឺចាប់

  • អន្ទះសា

  • ចំណង់​ខ្លាំង

សូម​ផាត់​ពណ៌​ចំណាំ​ឃ្លា « ព្រលឹង​ខ្ញុំ​ស្រេក​ឃ្លាន » ក្នុង អេណុស 1:4 ។តើ​អ្នក​គិត​ថា ឃ្លា​នេះ​មាន​អត្ថន័យ​បែបណា ?

ឃ្លា « ព្រលឹង​ខ្ញុំ​ស្រេកឃ្លាន » អាច​រួមមាន​នូវ​អារម្មណ៍​ទាំងឡាយ​ដូចជា​ភាព​ទទេ​ខាង​វិញ្ញាណ ឬ ការឈឺ​ចាប់ ឬ បំណង​ចង់​ឲ្យ​បាន​ពេញ​ខាង​វិញ្ញាណ ។លោក​អេណុស​បាន​សរសេរ​អំពី​ពេល​មួយ​នៅពេល​លោក​បាន​មាន​បទពិសោធន៍​ពី​ការស្រេកឃ្លាន​ខាង​វិញ្ញាណ ។លោក​បាន​សរសេរ​ថា ពាក្យ​ពេចន៍​របស់​ឪពុក​លោក « បាន​ជ្រួតជ្រាប​ទៅក្នុង​ដួងចិត្ត [ លោក ] » ( អេណុស 1:3 ) ។នៅពេល​លោក​សាកលគិត​ពី​ពាក្យ​ពេចន៍​ទាំងនេះ លោក​បាន​មាន​បទពិសោធន៍​ពី​បំណងប្រាថ្នា​ទាំងឡាយ​ដែល​ដឹកនាំ​លោក​ឲ្យ​ប្រព្រឹត្ត​ក្នុង​សេចក្តី​ជំនឿ ។សកម្មភាព​ដ៏​ស្មោះត្រង់​របស់​លោក​បាន​នាំមក​នូវ​ការផ្លាស់ប្តូរ​ក្នុង​ជីវិត​របស់​លោក និង ពរជ័យ​ពី​ព្រះអម្ចាស់ ។

រូបភាព
អេណុស​កំពុង​អធិស្ឋាន
  1. សូម​ចាប់ផ្តើម​ធ្វើ​លំហាត់​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​យល់ដឹង​ពី​បទពិសោធន៍​របស់​អេណុស និង ធ្វើឲ្យ​វា​ពាក់ព័ន្ធ​ក្នុង​ជីវិត​របស់​អ្នក ដោយ​ការបែងចែក​ទំព័រ​មួយពី​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះកម្ពីរ​របស់​អ្នក ឲ្យទៅ​ជា​ប្រាំមួយ​ផ្នែក ហើយ​ដាក់​ផ្លាក​សញ្ញា​លើ​ផ្នែក​នីមួយ​ៗ​ដូច​ខាងក្រោម​នេះ ៖

អ្វី​ដែល​អេណុស​ប្រាថ្នា​ចង់​បាន ៖

អ្វី​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន ៖

អ្វី​ដែល​អេណុស​បាន​ធ្វើ ៖

អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ៖

អ្វី​ដែល​អេណុស​មាន​បទពិសោធន៍ ៖

បទពិសោធន៍​របស់​ខ្ញុំ

  1. សូម​អាន អេណុស 1:2–3 ហើយ​រកមើល​ឃ្លា​ទាំងឡាយ​ក្នុង​ខគម្ពីរ​នីមួយៗ​ដែល​បង្ហាញ​ពី​អ្វី​ដែល​អេណុស​បាន​ប្រាថ្នា​ចង់​ឲ្យ​មាន​ក្នុង​ជីវិត​របស់​លោក ។សូម​សរសេរ​ឃ្លា​ទាំងនេះ​ក្នុង​ផ្នែក​ដែល​សរសេរ​ថា « អ្វី​ដែល​អេណុស​ប្រាថ្នា​ចង់​បាន » ក្នុង​តារាង​នៃ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

បំណង​ប្រាថ្នា​របស់​អេណុស​សម្រាប់​ការផ្តាច់​បាប​របស់​លោក ជួយ​យើង​ឲ្យ​យល់ដឹង​ពី​អ្វី​ដែល​លោក​ចង់​មានន័យ​ក្នុង អេណុស 1:4 នៅពេល​ដែល​លោក​បាន​សរសេរថា « ព្រលឹង​ខ្ញុំ​ស្រេកឃ្លាន »លើស​ពី​ការស្រេកឃ្លាន​ការ​អភ័យទោស អេណុស​ក៏​ប្រាថ្នា​ចង់​បាន « ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច និង សេចក្តីអំណរ​នៃ​ពួកបរិសុទ្ធ » ( អេណុស 1:3 ) ។លោក​ចង់​មាន​អារម្មណ៍​សុភមង្គល​ដែល​បាន​មក​ពី​ការ​ធ្វើ​ឲ្យ​ខ្លួន​មាន​ភាពសក្តិសម​ដើម្បី​រស់​នៅ​ជាមួយ​ព្រះអម្ចាស់ និង មនុស្ស​ដទៃ​ដែល​សុចរិត ។

  1. សូម​ពិចារណា​បើសិន​អ្នក​មាន​អារម្មណ៍​ដូចគ្នា​ទៅនឹង​ការស្រេកឃ្លាន​ខាង​វិញ្ញាណ​ដែល​អេណុស​បានពិពណ៌នា ។ក្នុង​តារាង​នៃ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ក្នុង​ផ្នែក​ដែល​សរសេរ​ថា « អ្វី​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន » សូម​សរសេរ​អំពី​បំណង​ប្រាថ្នា​ខាង​វិញ្ញាណ​មួយ​ចំនួន ដែល​អ្នក​ស្រេកឃ្លាន​ក្នុង​ជីវិត​របស់​អ្នក ។

បំណង​ប្រាថ្នា​របស់​អេណុស​បាន​នាំ​លោក​ឲ្យ​អនុវត្ត​សេចក្តី​ជំនឿ​របស់​លោក ហើយ​ប្រព្រឹត្ត​ឡើង ។ក្នុង អេណុស 1:2 សូម​រកមើល ហើយ​គូស​ចំណាំ​ពាក្យដែល​អេណុស​បាន​ប្រើ​ដើម្បី​ពិពណ៌នា​ពី​កិច្ចប្រឹងប្រែង​ដែល​លោក​បាន​ធ្វើ ។សូម​ចំណាំ​ថា អេណុស​មិន​បាន​ពុះពារ ជាមួយ​នឹង​ព្រះ​ទេ តែ នៅចំពោះ​ព្រះ នៅ​ក្នុង​ការអធិស្ឋាន ។ការ​ពុះពារ​បែប​នេះ​រួមមាន​នូវ​ការតស៊ូ​ខាង​ផ្លូវ​ចិត្ត និង ខាង​វិញ្ញាណ ដើម្បី​បង្ហាញ​ព្រះវរបិតា​សួគ៌​នូវ​ភាពស្មោះត្រង់​នៃ​បំណងប្រាថ្នា និង ឆន្ទៈ​របស់​យើង​ក្នុង​ការ​ប្រែចិត្ត ហើយ​ធ្វើ​ការផ្លាស់ប្តូរ​នូវ​អ្វី​ដែល​ចាំបាច់​ក្នុង​ជីវិត​រស់នៅ​របស់​យើង ។ក្នុង អេណុស 1:4 អេណុស​បានកត់ត្រា​សេចក្តី​ពិស្តារ​មួយ​ចំនួន​ដែល​ពិពណ៌នា​ពី​ការពុះពារ​របស់​លោក ។

  1. សូម​អាន អេណុស 1:4 ហើយ​គូស​ចំណាំ​លើ​រឿង​ទាំងឡាយ​ដែល​អេណុស​បាន​ធ្វើ​ដើម្បី​បង្ហាញ​ថា លោក​មាន​ភាពស្មោះត្រង់​នៅពេល​លោក​ព្យាយាម​ផ្តាច់បាប​របស់​លោក ។សូម​រាយ​ពី​អ្វី​ដែល​អ្នក​រកឃើញ​នៅ​ខាងក្រោម « អ្វី​ដែល​អេណុស​បាន​ធ្វើ » ក្នុង​តារាង​នៃ​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​គម្ពីរ​របស់​អ្នក ។

ពាក្យ ការទូលអង្វរ​ដ៏ខ្លាំង ក្នុង អេណុស 1:4 មានន័យ​ថា ទូលសុំ​ដោយ​បន្ទាបខ្លួន និង មាន​បំណង​ប្រាថ្នា​ដ៏មហិមា ។ការអធិស្ឋាន​របស់​យើង​អាច​មិន​យូរ​ដូច​ជា​អេណុស​បាន​ធ្វើ ប៉ុន្តែ​ការអធិស្ឋាន​ទាំងនោះ​ត្រូវតែ​មាន​ភាពស្មោះត្រង់ ។

  1. ក្នុង​តារាង​នៃ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅ​ខាងក្រោម « អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ » សូម​សរសេរ​គំនិត​របស់​អ្នក​អំពី​របៀប​ដែល​អ្នក​អាច​បង្ហាញ​ព្រះអម្ចាស់​នូវ​ភាពស្មោះត្រង់​ដែល​អ្នក​ទូល​សុំ​ពរជ័យ​ខាង​វិញ្ញាណ​របស់​ទ្រង់ ។

  2. កិច្ចប្រឹងប្រែង​ដ៏​ស្មោះស្ម័គ្រ និង​ស្មោះ​របស់​អេណុស​បាននាំ​មកនូវ​ពរជ័យ​ដ៏ធំ​ក្នុង​ជីវិត​របស់​លោក ។សូម​អានអេណុស 1:5–8ហើយ​គូស​ចំណាំ​អ្វី​ដែល​អេណុស​បាន​មាន​បទពិសោធន៍ ។សូម​សរសេរ​សេចក្តី​ទាំងនេះ​ក្នុងផ្នែក « អ្វី​ដែល​អេណុស​បាន​មាន​បទពិសោធន៍ » ក្នុង​តារាង​នៃ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។នៅពេល​អ្នក​អាន​ខ​ទី 5 និង 6 សូម​កត់សម្គាល់​ពី​របៀប​ដែល​អេណុស​បាន​ដឹង​ថា លោក​ត្រូវ​បាន​អភ័យទោសឲ្យ ។សំឡេង​ដែល​បាន​ពិពណ៌នា​ក្នុង​ខ​ទី 5គឺ​ជា​សំឡេង​ដែល​បាន​ចូល​មក​ក្នុង​គំនិត​របស់​អេណុស ( សូមមើល អេណុស 1:10 ) ។

អេណុស 1:7–8បង្រៀន​ថានៅពេល​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​អំពើបាប​របស់​យើង​ត្រូវ​បាន​អភ័យទោស ហើយ​យើង​អាច​ត្រូវ​បាន​សង្គ្រោះ ។បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង ការអធិស្ឋាន​ស្មោះ​អស់​ពី​ចិត្ត និង កិច្ចប្រឹងប្រែង​របស់​យើង​ដើម្បី​ប្រែចិត្តគឺ​ជា​វិធី​ដែល​យើង​អាច​បង្ហាញ​សេចក្តី​ជំនឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ​បាន​ពន្យល់​ពី​របៀប​ដែល​កំហុស​របស់​យើង​អាច​ត្រូវ​បាន​លាង​ជម្រះ​ចេញនៅពេល​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង ។

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« នៅ​ពេល​យើង​បាន​ប្រែចិត្ត​យ៉ាង​ពិតប្រាកដ នោះ​ព្រះគ្រីស្ទ​នឹង​យក​ចេញ​នូវ​បន្ទុក​នៃ​កំហុស​ដែល​ជា​អំពើ​បាប​របស់​យើង ។យើង​អាច​ដឹង​ដោយ​ខ្លួនឯង​ថា យើង​ត្រូវ​បាន​អភ័យទោស និង ធ្វើ​ឲ្យ​ជ្រះស្អាត ។ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បញ្ជាក់​ការណ៍​នេះ​ដល់​យើង ទ្រង់​ជា​អង្គ​ដែល​ធ្វើ​ឲ្យ​បរិសុទ្ធ ។គ្មាន​ទីបន្ទាល់​ណា​ទៀត​នៃ​ការអភ័យទោស​អាច​មាន​អំណាច​មហិមា​ជាង​នេះ​នោះ​ទេ ។ …

« [ព្រះអម្ចាស់] បាន​ប្រកាស​ចុះ អ្នក​ណា​ដែល​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់ខ្លួន អ្នក​នោះ​ឈ្មោះ​ថា​បាន​អត់ទោស​ឲ្យហើយ ហើយ​យើង​ជា​ព្រះអម្ចាស់​មិន​ចាំ​ពី​អំពើ​បាប​ទាំងនោះ​ទៀត​ទេ ›(គ.និង ស.58:42 ) ។

« សាតាំង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​យើង​ជឿ​ថា អំពើ​បាប​របស់​យើង​មិន​ត្រូវបាន​អភ័យទោស​ឲ្យ​ឡើយ​ដោយសារ​យើង​អាច​ចងចាំ​អំពើ​បាប​ទាំង​នោះ ។សាតាំង​ជា​អ្នក​កុហក វា​ព្យាយាម​ធ្វើ​ឲ្យ​យើង​ស្រពិច​ស្រពិល ហើយ​នាំ​យើង​ឲ្យ​ចេញពី​ផ្លូវ​នៃ​ការប្រែចិត្ត និង ការអភ័យទោស ។ព្រះ​មិនបាន​សន្យា​ថាយើង​នឹង​មិន​ចងចាំ​អំពើ​បាប​របស់​យើង​នោះ​ទេ ។ការចងចាំ​នឹង​ជួយ​យើង​ឲ្យ​ចៀសផុត​ពី​ការធ្វើ​កំហុស​ដដែល​ម្តងទៀត ។ប៉ុន្តែ​បើសិន​យើង​នៅតែ​ពិត ហើយ​ស្មោះត្រង់ នោះ​ការ​ចងចាំ​នៃ​អំពើ​បាប​របស់​យើង​នឹង​ធ្លាក់ចុះ​នៅ​ពេល​នោះ​ដែរ ។ការណ៍​នេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ចាំបាច់​នៃ​ដំណើរការ​នៃ​ការជាសះស្បើយ និង នៃ​ការញែក​ចេញ​ជា​បរិសុទ្ធ » EnsignLiahonaខែ ឧសភា ឆ្នាំ 2007 ទំព័រ 101 ) ។

ដើម្បី​ជួយ​អ្នក​ឲ្យ​អនុវត្ត​តាម​ពាក្យ​សម្តី​របស់​ប្រធាន អុជដូហ្វ សូម​សញ្ជឹងគិត​សំណួរ​តទៅ​នេះ ៖ តើពេល​ណា ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​អភ័យទោស​ដល់​អំពើបាប​របស់​អ្នក ។តើ​អ្នក​បាន​ដឹង​ថា អ្នក​ត្រូវ​បាន​អភ័យទោស​យ៉ាង​ដូចម្តេច ?តើ​អ្នក​បាន​មាន​អារម្មណ៍​ពី​ការអភ័យទោស​របស់​ព្រះអម្ចាស់​ថ្មីៗ​នេះទេ ?

  1. បន្ទាប់​ពី​សញ្ជឹងគិត​សំណួរ​ខាង​លើ សូម​កត់ត្រា​ក្នុង​ផ្នែក « បទពិសោធន៍​របស់​ខ្ញុំ » ក្នុង​តារាង​នៃ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​បទពិសោធន៍​របស់​អ្នក​ពី​អារម្មណ៍​នៃ​ការ​អភ័យទោស ។ឬ អ្នក​អាច​សរសេរ​អំពី​អ្វី​ដែល​អ្នក​សង្ឃឹម​ថា​នឹង​ទទួល​បាន​បទពិសោធន៍នៅ​ពេល​អ្នក​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

អេណុស 1:9–27

អេណុស​អធិស្ឋាន​សម្រាប់​ពួកសាសន៍​នីហ្វៃ និង ពួកសាសន៍​លេមិន និង ធ្វើការ​ជាមួយ​មនុស្ស​ដទៃ​ទៀត​ដើម្បី​សេចក្តី​សង្គ្រោះ​របស់​ពួកគេ

រូបភាព
រង្វង់​មូល​ដែល​មាន​ចំណុច​កណ្តាល​រួម

គំនូរស​រង្វង់​នេះ​បង្ហាញ​ពី​ការអធិស្ឋាន​របស់​អេណុស ។លោក​បាន​អធិស្ឋាន​ជា​ដំបូង​សម្រាប់​ខ្លួន​ឯង ហើយ​បន្ទាប់មក បានពង្រីក​ការអធិស្ឋាន​របស់​លោក​ដោយ​បញ្ចូល​មនុស្ស​ដទៃ​ទៀត​ទៅ​ក្នុង​ការអធិស្ឋាន​របស់​ខ្លួន ។សូម​អានអេណុស 1:9–10 ហើយ​គូស​ចំណាំ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​នូវ​មនុស្ស​ដែល​អេណុស​បាន​អធិស្ឋាន​ឲ្យ​ជា​លើកទី​ពីរ ។សូម​អានអេណុស 1:11–14 ហើយ​គូស​ចំណាំ​នូវ​មនុស្ស​ដែល​អេណុស​បាន​អធិស្ឋាន​ឲ្យ​ជា​លើកទី​បី ។

  1. សូម​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​តទៅ​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ផ្អែកទៅលើ​ការពិពណ៌នា​របស់​អេណុស​អំពី​បំណង​ប្រាថ្នា​របស់​ពួកសាសន៍​លេមិន​ក្នុងអេណុស 1:14 តើ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​អំពី​ការអធិស្ឋាន​របស់​លោក​សម្រាប់​ពួកគេ ?

យើង​រៀន​ពី​គំរូ​របស់​អេណុស​ថា នៅ​ពេល​យើង​មាន​ពិសោធន៍​ពី​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​ព្យាយាម​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ទទួល​បាន​សេចក្តី​សង្គ្រោះ​ដែរ ។ដើម្បី​ជួយ​អ្នក​ឲ្យ​ចងចាំ​សេចក្តី​ពិត​នេះ អ្នក​អាច​ចង់​សរសេរ​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​នេះ​ទាំងអស់ ឬ តែ​មួយ​ផ្នែកពី​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ នៅគែម​នៃ​ព្រះគម្ពីរ​របស់​អ្នក ៖

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« រាល់ពេល​ដែល​យើង​មាន​បទពិសោធន៍​ពី​ពរជ័យ​នៃ​ដង្វាយធួន​នៅក្នុង​ជីវិត​យើង នោះ​យើង​មិន​អាច​ទប់​បាន​ទេ តែ​យើង​មាន​ក្តីព្រួយ​បារម្ភ​ចំពោះ​សុខុមាលភាព​របស់​បងប្អូន​របស់​យើង ។ …

« ការ​ចង្អុល​បង្ហាញ​ដ៏​អស្ចារ្យ​មួយ​នៃ​ការប្រែចិត្ត​ជឿ​របស់​មនុស្ស​ម្នាក់ គឺជា​បំណង​ប្រាថ្នា​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​អ្នក​ដទៃ​ទៀត » ( The Teachings of Howard W. Hunter, ed. Clyde J. Williams [ឆ្នាំ 1997 ]ទំព័រ 248–49 ) ។

សូម​អានអេណុស 1:19–20, 26 ហើយ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ពី​ភាព​ស្ម័គ្រស្មោះ​នៃ​បំណង​ប្រាថ្នា​របស់​អេណុស​ដែល​មាន​សម្រាប់​ពួកសាសន៍​នីហ្វៃ និង ពួកសាសន៍​លេមិន​បន្ទាប់ពី​លោក​បាន​អធិស្ឋាន​សម្រាប់​ពួកគេ ។

សូម​អានអេណុស 1:27 ហើយ​រកមើល​ភស្តុតាង​នៃ​សេចក្តី​អំណរ​ដែល​អេណុស​បាន​មាន​បទពិសោធន៍​សម្រាប់​កិច្ចប្រឹងប្រែង​របស់​លោក និង ការបញ្ជាក់​ពី​ជីវិត​ដ៏​នៅអស់កល្ប​ដែល​លោក​បាន​ទទួល ។

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន​ក្នុង​មេរៀន​នេះ សូម​សម្រេចចិត្ត​ប្រកប​ដោយ​ការ​អធិស្ឋាន​ពី​របៀប​មួយ ឬ ច្រើន​ជាង​នោះ ដែល​អ្នក​អាច​ធ្វើតាម​គំរូ​របស់​អេណុស ។សូម​ជ្រើសរើស​សេចក្តី​ថ្លែង​មួយ​ខាងក្រោម​នេះ ហើយ​សរសេរ​បំពេញ​វា​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ដូច​ជា​អេណុស​ដែរ ខ្ញុំ​មាន​បំណង​ប្រាថ្នា​ដើម្បី​ទទួល​បាន​ការផ្តាច់​បាប​របស់​ខ្ញុំ ។ខ្ញុំ​នឹង​បង្ហាញ​ដល់​ព្រះ​អម្ចាស់​ថា ខ្ញុំ មាន​ភាព​ស្មោះត្រង់​ក្នុង​បំណង​ប្រាថ្នា​នេះ​ដោយ …

    2. ដូច​ជា​អេណុស​ដែរ ខ្ញុំ​ប្រាថ្នា​ចង់​ជួយ​សមាជិក​គ្រួសារ និង មិត្ត​ភក្ដិ​ខ្ញុំ​ឲ្យ​មករក​ព្រះយេស៊ូវគ្រីស្ទ ។មនុស្ស​ម្នាក់​ដែល​ខ្ញុំ​នឹង​ព្យាយាម​ជួយ គឺ ( ឈ្មោះ​របស់​មនុស្ស​ម្នាក់នោះ ) ។ខ្ញុំ​នឹង​ព្យាយាម​ជួយ​មនុស្ស​នេះ​ដោយ …

    3. លោក​អេណុស​បាន​អធិស្ឋាន​សម្រាប់​ពួកសាសន៍​លេមិន​ដែល​គេ​អាច​ចាត់ទុក​ថា​ជា​សត្រូវ​របស់​លោក ។ដូច​ជា​អេណុស​ដែរ ខ្ញុំ​ចង់​បង្ហាញ​សេចក្តី​ស្រឡាញ់​នៃ​ព្រះអម្ចាស់​ដែល​មាន​ដល់​អ្នក​ទាំងឡាយ​ដែល​មិន​មាន​សណ្តាន​ចិត្តល្អ​ចំពោះ​ខ្ញុំ ។របៀប​មួយ​ដែល​ខ្ញុំ​នឹង​ធ្វើ គឺ …

សូម​ព្យាយាម​ធ្វើ​ឲ្យ​បាន​សម្រេច​នូវ​អ្វី​ដែល​អ្នក​បាន​សរសេរ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ។នៅ​ពេល​អ្នក​អនុវត្ត​សេចក្តី​ជំនឿ​លើ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ប្រែចិត្ត នោះ​អ្នក​អាច​ទទួល​បាន​បទពិសោធន៍​នៃ​ការអភ័យ​ទោស សេចក្តី​អំណរ និង មាន​បំណង​ប្រាថ្នា​កាន់តែ​ខ្លាំងឡើង​ដើម្បី​ជួយ​ដល់​មនុស្ស​ដទៃ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សាអេណុស 1ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជា​មួយ​គ្រូ​របស់​ខ្ញុំ ៖