ថ្នាក់​សិក្ខាសាលា
មេរៀនទី 18 ៖ ថ្ងៃទី 2 អាលម៉ា 30


មេរៀនទី 18 ៖ ថ្ងៃទី 2

អាលម៉ា 30

សេចក្តីផ្ដើម

ក្រោយពី​ចម្បាំង​ដ៏​ធំ​មួយ​ជាមួយ​នឹង​ពួក​សាសន៍​លេមិន​រួច​មក សេចក្ដី​សុខសាន្ត​បាន​មាន​នៅ​ពាសពេញ​ដែនដី​សារ៉ាហិមឡា ។ នៅ​ពាក់កណ្ដាល​នៃ​គ្រា​ដ៏​សុខសាន្ដ​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​កូរីហូរ បាន​ចាប់ផ្ដើម​ផ្សព្វផ្សាយ​ថា ពុំ​មាន​ព្រះគ្រីស្ទ​ទេ ។ ការបង្រៀន​ខុស​ឆ្គង​របស់​គាត់ បាន​ដឹកនាំ​ពួក​អ្នក​ដែល​ជឿ​តាម​​គាត់ ធ្វើ​អំពើ​បាប ។ គាត់​បាន​និយាយ​ទាស់​នឹង​ពួក​អ្នក​ដឹកនាំ​សាសនាចក្រ ដោយ​ប្រកាស​ថា ពួកគេ​កំពុង​បង្រៀន « សណ្ដាប់​ដ៏​ឆ្កួត​លីលា​ទាំងឡាយ » ( អាលម៉ា 30:27 ) ។ កូរីហូរ​ត្រូវបាន​នាំ​មក​ចំពោះ​មុខ​អាលម៉ា ​ដែលលោក​​បាន​បង្រៀន​គាត់​ថា គ្រប់​អ្វីៗ​ទាំងអស់​ធ្វើ​បន្ទាល់​ពី​ព្រះគ្រីស្ទ ។ ទីបំផុត កូរីហូរ​បាន​សារភាព​ថា ទង្វើ​របស់​គាត់​ គឺ​ត្រូវបាន​ដឹកនាំ​ដោយ​អារក្ស ។

អាលម៉ា 30:1–29

កូរីហូរ ជា​អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ ចំអក​ឲ្យ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ

សូម​ស្រមៃ​ថា មនុស្ស​ម្នាក់​បាន​រៀបចំ​អាហារ​សម្រាប់​អ្នក ។ អាហារ​នោះ​មើល​ទៅ​មាន​ក្លិន​ឈ្ងុយ​ឆ្ងាញ់​ណាស់ ប៉ុន្តែ​ពេល​អ្នក​បាន​ទទួលទាន​វា អ្នក​បាន​ឈឺ​ជា​ខ្លាំង ។ សូម​គិត​មួយ​ស្របក់ ថាតើ​ការបង្រៀន​ក្លែងក្លាយ​ អាច​មាន​ភាពស្រដៀង​គ្នា​ទៅនឹង​ការផ្ដល់​អាហារ​ដែល​មើលទៅ​ឈ្ងុយឆ្ងាញ់ ប៉ុន្តែ​មាន​ថ្នាំពុល​នៅ​ក្នុង​នោះ។

ពីមុន​នេះ អ្នក​បាន​សិក្សា​អំពី​ពួក​អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ គឺ​សេរេម ( សូមមើល យ៉ាកុប 7 ) និង នីហូរ ( សូមមើល អាលម៉ា 1 ) ។ សូម​ចាំ​ថា និយមន័យ​មួយ​នៃ​អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ​គឺ « នរណា​ក៏​ដោយ ឬ អ្វី​ក៏​ដោយ ដែល​ក្លែងបន្លំ​ផែនការ​នៃ​ដំណឹងល្អ​ដ៏​ពិត​នៃ​សេចក្ដី​សង្គ្រោះ និង ដែល​ប្រឆាំង​នឹង​ព្រះគ្រីស្ទ​ដោយ​បើកចំហរ ឬ ដោយ​សម្ងាត់​ក្ដី » ( Guide to the Scriptures, “Antichrist” scriptures.lds.org ) ។ ថ្ងៃ​នេះ អ្នក​នឹង​រៀន​អំពី​បុរស​ម្នាក់​ទៀត ដែល​ជា​សត្រូវ​ម្នាក់​នៃ​ព្រះគ្រីស្ទ ហើយ​ដែល​ការបង្រៀន​ក្លែងក្លាយ​របស់​គាត់ បាន​បោក​បញ្ឆោត​អ្នក​ដទៃ​ទៀត និង បាន​ដឹកនាំ​ពួកគេ​ឲ្យ​ធ្វើ​អំពើ​បាប ។ មនុស្ស​ជា​ច្រើន​នៅក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ ប្រើប្រាស់​ការទាស់ទែង​ស្រដៀង​គ្នា​នឹង​កូរីហូរ ដើម្បី​ជំទាស់​នឹង​ពួក​អ្នក​ដែល​បង្ហាញ​​ជំនឿ​របស់​ពួកគេទៅ​លើ​ព្រះ ។

កូរីហូរ​បានចាប់​ផ្ដើម​ផ្សព្វផ្សាយ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ។ សូមអាន អាលម៉ា 30:6, 12 ហើយ​រកមើល​ឃ្លា​ទាំងឡាយ ដែល​ចង្អុល​បង្ហាញ​ថា កូរីហូរ​ជា​អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ ។

សូមអាន អាលម៉ា 30:12–18 ហើយ​ផ្គូរផ្គង​ការបង្រៀន​ក្លែងក្លាយ​ទាំងឡាយ​របស់​កូរីហូរ ជាមួយ​នឹង​ទំនាក់ទំនង​របស់​វា ។

ការបង្រៀន​ក្លែងក្លាយ​មួយ​ចំនួន​របស់​កូរីហូរ ជា​អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ

ការបកស្រាយ និង ទំនាក់ទំនង​ដែល​អាច​មាន​នៃ​ការបង្រៀន​ក្លែងក្លាយ

  1. អាលម៉ា 30:13–14

  1. អ្នក​មិន​គួរ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ឬ ដំណឹងល្អ​របស់​ទ្រង់​ឡើយ លើកលែង​តែ​អ្នក​មាន​ភស្ដុតាង​ជា​រូបរាង​ពី​សេចក្ដី​ពិត​ខាង​សាសនា ។ ពុំ​មាន​ការណ៍​បែបនេះ ដែល​ជា​វិវរណៈ​ផ្ទាល់​ខ្លួន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ ។

  1. អាលម៉ា 30:15

  1. ពុំ​មាន​ការណ៍​បែបនោះ​ដែល​ជា​អំពើ​បាប​នោះ​ឡើយ ។ ពុំ​មាន​បទដ្ឋាន​ជា​សកល​ពី​អ្វី​ត្រូវ ឬ អ្វី​ដែល​ខុស​នោះទេ ។

  1. អាលម៉ា 30:16

  1. មនុស្ស​ចម្រើន​ឡើង ដោយ​ការប្រឹងប្រែង​របស់​ខ្លួន​គេ​ផ្ទាល់​តែ​មួយ​ប៉ុណ្ណោះ ។ ពុំ​ចាំបាច់​ត្រូវ​មាន​ព្រះ​នៅក្នុង​កិច្ចការ​របស់​មនុស្ស​ឡើយ ។

  1. អាលម៉ា 30:17 ( « មនុស្ស​គ្រប់​រូប​រស់នៅ … » )

  1. ពាក្យ​សម្ដី​របស់​ពួក​ព្យាការី និង ព្រះគម្ពីរ​ពុំ​ពិត​ទេ ដូច្នេះ​អ្នក​មិន​គួរ​ជឿ​ការព្យាករណ៍​របស់​ពួកគេ​ឡើយ ។

  1. អាលម៉ា 30:17 ( « អ្វីៗ​ក៏​ដោយ​ដែល​មនុស្ស​បាន​ប្រព្រឹត្ត … » )

  1. ពុំ​មាន​អ្វី​បែបនោះ ដែល​ជា​ការផ្ដាច់​បាប​នោះទេ ។ ពុំ​ត្រូវការ​ស្វែងរក​ជំនួយ​ តាមរយៈ​ដង្វាយធួន​នោះឡើយ ពីព្រោះ​ពុំ​មាន​អ្វី​បែបនោះ ដែល​ជា​ដង្វាយធួន​ឡើយ 

  1. អាលម៉ា 30:18

  1. ពុំ​មាន​ជីវិត​បន្ទាប់​ពី​សេចក្ដី​ស្លាប់​ឡើយ ដូច្នេះ​ពុំ​ចាំបាច់​​ព្រួយ​បារម្ភ​ពី​ការជំនុំ​ជម្រះ បន្ទាប់​ពី​ជីវិត​នេះ​ឡើយ ។

ចម្លើយ​សម្រាប់​លំហាត់​ផ្គូរផ្គង​នេះ មាន​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ) ។

អាលម៉ា 30:18 បង្រៀន​ពី​គោលការណ៍​នេះ ៖ សាតាំង​ប្រើប្រាស់​គោលលទ្ធិ​ក្លែងក្លាយ ដើម្បី​ទាក់ទាញ​ចិត្ត​យើង​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ។

ប្រធាន ប៊យដ៍ ឃេ. ផាកកឺ ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ. ផាកកឺ

« ឥរិយាបទ​របស់​យើង​មិន​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង​ដោយ​កម្លាំង​ធម្មជាតិ​នោះទេ ។ ឥរិយាបទ​ចាប់ផ្ដើម​ជាមួយ​នឹង​ការជឿ​ផងដែរ ។

« ការជឿ​កើត​ពី​ទស្សនវិជ្ជា ឬ គោលលទ្ធិ ។ គោលលទ្ធិ​អាច​ជា​ខាង​វិញ្ញាណ ឬ ខាង​ផ្លូវ​លោកិយ ល្អត្រឹមត្រូវ ឬ វិនាស ពិត ឬ ក្លែងក្លាយ ។ …

« គោលលទ្ធិ​ពិត បើ​បាន​យល់ នោះ​គឺ​នាំ​ឲ្យ​ផ្លាស់ប្ដូរ​អាកប្បកិរិយា និង ឥរិយាបទ » ( “Little Children” Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 17 ) ។

  1. សូម​ជ្រើសរើស​ការបង្រៀន​ពីរ ឬ ច្រើន​ជាង​នោះ​ ចេញពី​ការបង្រៀន​ក្លែងក្លាយ​របស់​កូរីហូរ ដែល​មាន​រាយ​នៅក្នុង​តារាង​លំហាត់​ផ្គូរផ្គង ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អ្វី​ដែល​ជា​គោលលទ្ធិ​ពិត​ទាំងឡាយ ហើយ​ប្រាប់​ថាតើ​ការដឹង​ពី​សេចក្ដី​ពិត ជះ​ឥទ្ធិពល​ដល់​អាកប្បកិរិយា និង ឥរិយាបទ​របស់​អ្នក​យ៉ាងណា ។

បន្ទាប់ពី​ជោគជ័យ​របស់​គាត់​នៅក្នុង​ដែនដី​សារ៉ាហិមឡា កូរីហូរ​បាន​ទៅ​ដែនដី​យើសុន ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាជន​អាំម៉ូន ។ សូមអាន អាលម៉ា 30:19–20 ហើយ​រកមើល​ បើ​សិន​ជា​ពួកគេ​ទទួល​ការបង្រៀន​ក្លែងក្លាយ​របស់​គាត់​ឬទេ ។

ប្រជាជន​អាំម៉ូន « ឈ្លាសវៃ​ជាង​ពួក​នីហ្វៃ​ចំនួន​ច្រើន » ហើយ « ដេញ​វា​ចេញ​ពី​ដែនដី » ( អាលម៉ា 30:20–21 ) ។ ចេញពី​អ្វី​ដែល​អ្នក​បានរៀន​អំពី​ប្រជាជន​អាំម៉ូន តើ​អ្នក​គិតថា ហេតុអ្វី​បាន​ជា​ពួកគេ​ពុំ​ជឿ​ដល់​ការបង្រៀន​ក្លែងក្លាយ​របស់​កូរីហូរ ?

អាលម៉ា 30:21–29 ប្រាប់​ពី​កូរីហូរ​បាន​ទៅកាន់​ដែនដី​គេឌាន ​បន្ទាប់​ពី​នោះ « ហើយ​នៅ​ទី​នេះ វា​ពុំ​បាន​ជោគជ័យ​ច្រើន​ទេ » ( អាលម៉ា 30:21 ) ។ ការទាស់ទែង​មួយ​ចំនួន​របស់​កូរីហូរ​ប្រឆាំង​នឹង​សាសនាចក្រ និង ការបង្រៀន​របស់​វា​មាន​នៅក្នុង អាលម៉ា 30:24, 27 ដែល​មាន​ការ​បង្រៀន​ពីរ​ចំណុច​គឺ ៖ ( 1 ) ពួក​អ្នក​ដែល​ជឿ​លើ​ព្រះ​គឺ​នៅក្នុង​សេវកភាព និង ( 2 ) សាសនា​ដកហូត​នូវ​សេរីភាព ។ ការទាស់ទែង​ទាំងនេះ​ នៅតែ​ត្រូវបាន​ប្រើប្រាស់​ដោយ​ពួក​អ្នក​ជំទាស់​នឹង​សាសនានៅ​​សព្វ​ថ្ងៃ​នេះ ។

ប្រធាន ហិនរី ប៊ី. អាវរិង នៃ​គណៈប្រធាន​ទីមួយ បាន​បង្រៀន​ថា ការជឿ​របស់​យើង​ទៅលើ​ព្រះ​ផ្ដល់​ដល់​យើង​នូវ​សេរីភាព ៖ « ដូច​ជា​បុរស និង ស្ត្រី​ទាំងឡាយ​ដែល​បាន​ឈ្លោះទាស់​ទាំង​ខុសឆ្គង តាំងពី​ដើម​ដំបូង​មក​ដែរ កូរីហូរ​បាន​ឈ្លោះទាស់​ថា ការទទួល​យក​ដំបូន្មាន​ពី​ពួកអ្នក​​បម្រើ​របស់​ព្រះ​គឺ​ជា​ការបោះបង់​នូវ​សិទ្ធិ​ឯករាជ្យភាព​ដែល​ព្រះ​ប្រទាន​ឲ្យ ។ ប៉ុន្តែ​ការឈ្លោះ​ទាស់​នេះ គឺ​ខុស ពីព្រោះ​វា​បំប្លែង​ពី​ភាពពិត ។ ពេល​យើង​ច្រានចោល​នូវ​ដំបូន្មាន ដែល​មក​ពី​ព្រះ នោះ​យើង​ពុំ​បាន​ជ្រើសរើស​ដើម្បី​មាន​សេរីភាព​ពី​ឥទ្ធិពល​ខាងក្រៅ​ឡើយ ។ យើង​ជ្រើសរើស​ឥទ្ធិពល​មួយ​ទៀត​ហើយ ។ យើង​ច្រានចោល​នូវ​ការការពារ​ពី​ព្រះវរបិតា​ដែល​គង់​នៅ​ឋានសួគ៌ ដែល​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​ឥត​ខ្ចោះ មាន​គ្រប់​អស់​ទាំង​ព្រះចេស្ដា ជ្រាបដឹង​គ្រប់​អ្វី​ទាំងអស់ ដែល​ព្រះបំណង​ទាំងមូល​របស់​ទ្រង់ គឺ​ដូច​ជា​ព្រះបំណង​របស់​ព្រះរាជបុត្រា​ទ្រង់​ដែរ គឺ​ដើម្បី​ប្រទាន​ដល់​យើង​នូវ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ដើម្បី​ប្រទាន​ដល់​យើង​ទាំងអស់​គ្នា​នូវ​អ្វី​ទាំងអស់​ដែល​ទ្រង់​មាន និង ដើម្បី​នាំ​យើង​ទៅ​ផ្ទះ​ម្ដង​ទៀត ជា​ក្រុមគ្រួសារ​ទៅក្នុង​ព្រះហស្ដ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។ នៅក្នុង​ការច្រានចោល​នូវ​ដំបូន្មាន​របស់​ទ្រង់ នោះ​យើង​ជ្រើសរើស​ឥទ្ធិពល​នៃ​អំណាច​មួយ​ផ្សេងទៀត ដែល​គោលបំណង​របស់​វា គឺ​ធ្វើ​ឲ្យ​យើង​វេទនា ហើយ​ការជំរុញ​របស់​វា​គឺ​សេចក្ដី​ស្អប់ខ្ពើម ។ យើង​មាន​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ ដែល​ជា​អំណោយ​មួយ​ពី​ព្រះ ។ លើសពី​គ្រាន់តែ​ជា​សិទ្ធិ​ជ្រើសរើស​ដើម្បី​មាន​សេរីភាព​ពី​ឥទ្ធិពល នោះ​វា​ជា​សិទ្ធិ​ដែល​ព្រះ​ប្រទាន​ដែល​មិន​អាច​ដោះដូរ​បាន ដើម្បី​ចុះចូល​ខ្លួន​យើង​ទៅ​នឹង​អំណាច​អ្វី​ក៏​ដោយ​ដែល​យើង​ជ្រើសរើស » ( “Finding Safety in Counsel” Ensign ខែ ឧសភា ឆ្នាំ 1997 ទំព័រ 25 ) ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​អ្វី​ដែល​អ្នក​នឹង​ផ្ដល់​យោបល់​ដល់​មនុស្ស​ម្នាក់​ឲ្យ​ធ្វើ ដើម្បី​ការពារ​ខ្លួន​គាត់​ពី​ការជឿ​ដល់​គោលលទ្ធិ​ក្លែងក្លាយ ដូច​ជា​អ្វីៗ​ដែល​បាន​បង្រៀន​ដោយ​កូរីហូរ ។

អាលម៉ា 30:30–60

កូរីហូរ​ទាមទារ​ទីសម្គាល់​មួយ​ពី​អាលម៉ា ហើយ​ត្រូវ​ក្លាយទៅ​ជា​គ ដោយ​អំណាច​នៃ​ព្រះ

ទីបំផុត កូរីហូរ​ត្រូវបាន​នាំ​មក​ចំពោះ​មុខ​អាលម៉ា ។ សូមអាន អាលម៉ា 30:30–31 ហើយ​រកមើល​ការចោទ​ប្រកាន់​ទាំងឡាយ ដែល​កូរីហូរ​បាន​ចោទ​ទាស់​នឹង​អាលម៉ា និង អ្នក​ដឹកនាំ​សាសនាចក្រ​ផ្សេងៗ​ទៀត ។ « បំប៉ន​ខ្លួន​លើ​ការងារ​របស់​ប្រជាជន » កំណត់​សេចក្ដី​ថា អាលម៉ា និង អ្នក​ផ្សេងៗ​ទៀត​មានបាន​ដោយសារ​ការបម្រើ​ក្នុង​សាសនាចក្រ​របស់​ពួកគេ ។ សូម​គិត​ពី​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ៖

  • ចេញពី​បទពិសោធន៍​របស់​អ្នក​ជាមួយ​នឹង​អ្នក​ដឹកនាំ​សាសនាចក្រ​របស់​អ្នក តើ​ហេតុអ្វី​ការចោទ​ប្រកាន់​នេះ​ខុស ?

  • តើ​អ្នក​គិត​ថា អ្នក​នឹង​ឆ្លើយ​តប​ចំពោះ​ការចោទ​ប្រកាន់​របស់​កូរីហូរ​ដោយ​របៀបណា ប្រសិនបើ​អ្នក​ជា​អាលម៉ា​នោះ ?

សូមអាន អាលម៉ា 30:32–35 ហើយ​រកមើល​ឲ្យ​ឃើញ​ពី​ការឆ្លើយ​តប​របស់​អាលម៉ា​ដល់​កូរីហូរ ។ សូមគិត​ថាតើ​អ្នក​បាន​ឃើញ​ពី​សេចក្ដី​ពិត​ពេញលេញ​នៃ​ការឆ្លើយតប​របស់​អាលម៉ា​យ៉ាងណា នៅក្នុង​ជីវិត​របស់​ពួក​អ្នក​ដែល​ដឹកនាំ​វួដ ឬ សាខា​របស់​អ្នក ឬ ពី​សមាជិក​សាសនាចក្រ​ផ្សេងទៀត​ដែល​អ្នក​កោត​សរសើរ​នោះ ។

ប្រសិនបើ​អាច​ធ្វើ​ទៅបាន សូម​អញ្ជើញ​មិត្ត​ម្នាក់ ឬ សមាជិក​ក្រុម​គ្រួសារ​ម្នាក់​ឲ្យ​អាន អាលម៉ា 30:37–45 ជាមួយ​អ្នក ។ សូម​ឲ្យ​ម្នាក់​អាន​ពាក្យ​សម្ដី​របស់​អាលម៉ា ហើយ​ម្នាក់ទៀត​អាន​ពាក្យ​សម្ដី​របស់​កូរីហូរ ។ ពេល​អ្នក​ទាំងពីរ​អាន សូម​រកមើល​ពី​អ្វី​ដែល​អាលម៉ា​បាន​ថ្លែង ដែល​ជា​ភស្ដុតាង​ថា​មាន​ព្រះ​ពិតមែន ។ ( ប្រសិនបើ​ពុំ​អាច​ធ្វើ​ទៅបាន ក្នុង​ការមាន​មនុស្ស​ម្នាក់​អាន​ជាមួយ​អ្នក​ទេ នោះ​សូម​ស្រមៃ​​ឆ្លាស់គ្នា​រវាង​បុរស​ពីរ​នាក់ ពេល​ដែល​អ្នក​អាន ) ។

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សរសេរ​ភស្ដុតាង​មួយ​ណា​ដែល​អាលម៉ា​បាន​រៀបរាប់ ដែល​ជា​ទីបន្ទាល់​ដែល​ពោរពេញ​ដោយ​អត្ថន័យ​ជា​ពិសេស​ចំពោះ​អ្នក អំពី​ការមាន​ព្រះ និង មូលហេតុ​ដែល​ភស្តុតាង​នោះ​គឺ​ជា​សាក្សី​ដ៏​រឹងម​ពី​ការមាន​ទ្រង់ ។

    2. សូម​សរសេរ​យ៉ាងហោច​ណាស់​ភស្ដុតាង​បី​ទៀត ដែល​អ្នក​បានឃើញ​នៅក្នុង​ជីវិត​អ្នក ដែល « បង្ហាញ​ថា​មាន​ព្រះ​មួយ​អង្គ​មែន » ( អាលម៉ា 30:44 ) ហើយ​ពន្យល់​ដោយ​សង្ខេប ពី​របៀប​ដែល​ភស្ដុតាង​នីមួយៗ​នោះ​បាន​ពង្រឹង​ការជឿទៅលើ​ព្រះ​​របស់​អ្នក ។

គោលលទ្ធិ​មួយ​ដែល​មាន​ក្នុង​ខ​ទាំងឡាយ​ដែល​អ្នក​បាន​សិក្សា​គឺ ៖ គ្រប់​ការណ៍​ទាំងអស់​ធ្វើ​ទីបន្ទាល់​អំពី​ព្រះ ថា​ជា​ព្រះ​បង្កបង្កើត​ដ៏​មហិមា​មួយ​អង្គ ។ សូម​ពិចារណា​ពី​អ្វី​ដែល​កើតឡើង​ចំពោះ​សេចក្ដី​ជំនឿ​របស់​អ្នក ពេលដែល​អ្នក​ជ្រើសរើស​ដើម្បី​រកមើល ហើយ​ចងចាំ​ពី​ទីបន្ទាល់​ទាំងនេះ ។

សូម​កត់​ចំណាំ​ពី​អ្វី​ដែល​ព្យាការី​អាលម៉ា​បាន​ធ្វើ ពេល​លោក​ប្រាស្រ័យ​ទាក់ទង​នឹង​កូរីហូរ ៖ លោក​បាន​កែតម្រូវ​​ការបង្រៀន​ក្លែងក្លាយ ( សូមមើល អាលម៉ា 30:32–35 ) លោក​បាន​ធ្វើ​ទីបន្ទាល់​ពី​សេចក្ដី​ពិត ( សូមមើល អាលម៉ា 30:37–39 ) លោក​បាន​ប្ដូរ​បន្ទុក​នៃ​ការបង្ហាញ​ភស្ដុតាង​ទៅ​កូរីហូរ​វិញ ( សូមមើល អាលម៉ា 30:40–42 ) ហើយ​លោក​បាន​ផ្ដល់​ភស្ដុតាង​ទាំងឡាយ​ថា ​មាន​ព្រះ ( សូមមើល អាលម៉ា 30:44 ) ។ តើ​អ្នក​អាច​រៀន​អ្វី​ខ្លះ ពី​គំរូ​របស់​អាលម៉ា អំពី​របៀប​ដោះស្រាយ​ជាមួយ​ពួកអ្នក​ដែល​ឈ្លោះ​ទាស់​នឹង​សេចក្ដី​ពិត ?

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន

ពេលខ្លះ ការការពារ​តែ​មួយ​គត់​ដែល​យើង​មាន ដើម្បី​តទល់​នឹង​ពួក​អ្នក​ដែល​វាយប្រហារ​មកលើ​សេចក្ដី​ជំនឿ​យើង គឺ​ចែកចាយ​ទីបន្ទាល់​របស់​យើង​អំពី​សេចក្ដី​ពិត ។ ពុំ​មាន​ការ​ខ្មាស់អៀន​ទេ​ នៅក្នុង​ការធ្វើ​បែបនេះ—អាលម៉ា ជា​ព្យាការី​នៃ​ព្រះ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​នេះ​ជាមួយ​នឹង​កូរីហូរ ។ ដូច អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា ៖ « ការឈ្លោះ​ទាស់​របស់​កូរីហូរ ស្ដាប់​ទៅ​ដូច​ជា​នៅ​ទាន់សម័យ​ណាស់ សម្រាប់​អ្នក​អាន​នៅ​សម័យ​ទំនើប​នេះ ប៉ុន្តែ​អាលម៉ា​បាន​ប្រើប្រាស់​អាវុធ​មួយ​ដែល​ពុំចេះ​ហួស​សម័យ និង ដែល​នៅទីបំផុត​ពុំ​អាច​បដិសេធ​បាន នៅក្នុង​ការឆ្លើយ​តប—គឺ​អំណាច​នៃ​ទីបន្ទាល់​ផ្ទាល់​ខ្លួន » ( Christ and the New Covenant [1997] ទំព័រ 121 ) ។

រូបភាព
អាលម៉ា និង កូរីហូរ

ថ្វីបើ​មាន​ភស្ដុតាង ឬ ទីសម្គាល់​ជាច្រើន ដែល​អាលម៉ា​បាន​ចែកចាយ​ជាមួយ​កូរីហូរ ដើម្បី​បង្ហាញ​ថា​មាន​ព្រះ​ក៏​ដោយ ក៏​កូរីហូរ​បាន​សុំ​ទីសម្គាល់​មួយ​ទៀត ហើយ​ត្រូវ​ក្លាយទៅ​ជា​គ ( មានន័យ​ថា​គាត់​ពុំ​អាច​និយាយ​បាន​ទេ សូមមើល អាលម៉ា 30:45–50 ) ។ សូមអាន អាលម៉ា 30:51–53 រកមើល​ពី​មូលហេតុ​ដែល​កូរីហូរ​បាន​និយាយ​ថា គាត់​បាន​បង្រៀន​អ្វី​ដែល​គាត់​បាន​ធ្វើ ។

ពេល​កូរីហូរ​ពុំ​អាច​បង្រៀន​គោលលទ្ធិ​ក្លែងក្លាយ​ទៀត​បាន នោះ​គាត់​បាន​ព្រម​ទទួល​ថា គាត់​បាន​បង្រៀន​គំនិត​ខុសឆ្គង​របស់​គាត់ « ព្រោះអី​ពាក្យ​ទាំងនោះ​ធ្វើ​ឲ្យ​ស្កប់ស្កល់​ដល់​គំនិត​ខាង​រូបកាយ » ( អាលម៉ា 30:53 ) ។ ការមាន « គំនិត​ខាង​រូបកាយ » គឺ​សំដៅ​លើ​ការផ្ដោត​លើ​សេចក្ដី​សប្បាយ​ខាង​លោកិយ ឬ ការធ្វើ​ឲ្យ​ស្កប់ស្កល់​ដល់​ភាពត្រេក​ត្រអាល​ខាង​រូបកាយ ។ ពួក​អ្នក​ដែល​បាន​ជឿ​លើ​ការបង្រៀន​របស់​កូរីហូរ បាន​គិត​ថា ពួកគេ​អាច​ផ្ដេកផ្ដួល​ទៅតាម​ការសប្បាយ​ខាង​សាច់ឈាម និង សម្ភារ​នានា ហើយ​នឹង​ពុំ​មាន​ផល​អាក្រក់​អ្វី​នោះទេ ។ គំនិត​ទាំងនេះ​នាំ​ទៅកាន់​ជីវិត​មួយ​ពេញ​ដោយ​អំពើ​បាប ( សូមមើល អាលម៉ា 30:18 ) ។

អាលម៉ា 30:54–59 ប្រាប់​ថា កូរីហូរ​ត្រូវបាន​បណ្ដេញ​ចេញ បានទៅ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​សុំ​អាហារ ហើយ​ទីបំផុត​ត្រូវ​គេ​ជាន់​ដល់​ស្លាប់ ។ សូមអាន អាលម៉ា 30:60 ហើយ​រកមើល​សេចក្ដី​ពិត​ដ៏​សំខាន់​មួយ អំពី​អ្វី​ដែល​កើត​ឡើង​នៅ​ទីបំផុត ដល់​ពួក​អ្នក​ដែល​ជ្រើសរើស​ធ្វើ​តាម​សាតាំង ។ សូម​គូស​ចំណាំ​ឃ្លា​តទៅ​នេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ៖ « អារក្ស​ពុំ​ដែល​គាំទ្រ​ដល់​កូនចៅ​របស់​វា [ ពួក​អ្នក​ធ្វើ​តាម​វា ] ទេ នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់ » ។ ( នៅក្នុង​ខ​នេះ កូនចៅ មានន័យ​ថា ពួក​អ្នក​ធ្វើ​តាម ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​សេចក្ដី​ពិត​ដែល​អ្នក​បាន​គូស​ចំណាំ​នៅក្នុង អាលម៉ា 30:60 បាន​បង្ហាញ​នៅក្នុង​ជីវិត​របស់​កូរីហូរ​យ៉ាងណា​ដែរ ?

    2. សូម​ប្រៀបធៀប អាលម៉ា 30:60 ជាមួយ​នឹង អាលម៉ា 36:3 ។ តើ​ភស្ដុតាង​អ្វី ដែល​អ្នក​បានឃើញ​នៅក្នុង​ជីវិត​អ្នក ឬ នៅក្នុង​ជីវិត​អ្នក​ផ្សេងទៀត ដែល​បង្ហាញ​ថា ព្រះ​នឹង​បន្ត​គាំទ្រ​ដល់​ពួក​អ្នក​ដែល​ព្យាយាម​ធ្វើ​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ?

សូម​រំឭក​ឡើងវិញ​នូវ​គោលការណ៍ និង គោលលទ្ធិ​ពិត​ទាំងឡាយ ដែល​អ្នក​បាន​សិក្សា​នៅ​ថ្ងៃ​នេះ ។ សូម​គិត​ពី​របៀប​ទាំងឡាយ ដែល​អ្នក​អាច​ចៀសវាង​ពី​ការបោក​បញ្ឆោត​ដោយ​ការបង្រៀន​ក្លែងក្លាយ ដូចជា​ការបង្រៀន​ទាំងឡាយ​របស់​កូរីហូរ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 30 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖

  • ចម្លើយ​របស់​សកម្មភាព​ផ្គូផ្គង ៖ ( 1 ) ឃ, ( 2 ) ក, ( 3 ) ង, ( 4 ) គ, ( 5 ) ខ, ( 6 ) ច ។