ថ្នាក់​សិក្ខាសាលា
មេរៀនទី 15: ថ្ងៃទី 4 អាលម៉ា 8–10


មេរៀនទី 15 ៖ ថ្ងៃទី 4

អាលម៉ា 8–10

សេចក្តីផ្ដើម

បន្ទាប់ពី​អាលម៉ា​បានបង្រៀន​នៅ​ទីក្រុង​សារ៉ាហិមឡា គេឌាន និង មេលេក និង​មាន​មនុស្ស​ជាច្រើន​ទៀត​ទទួលយក​នូវ​សារលិខិត​របស់​លោក​ហើយ នោះ​បែរជា​ប្រជាជន​នៅ​ដែនដ​អាំម៉ូណៃហា​បានបដិសេធ​សារលិខិត​របស់​លោក និង បណ្ដេញ​លោក​ចេញ​ពី​ទីក្រុង​របស់​គេ​ទៅវិញ ។ ទោះជា​យ៉ាងណា ដោយ​គោរពតាម​បញ្ជា​របស់​ព្រះអម្ចាស់ នោះ​អាលម៉ា​បាន​ត្រឡប់​ទៅ​អាំម៉ូណៃហា​វិញ ។ ព្រះអម្ចាស់​បានរៀបចំ​អាមូលេក​ឲ្យ​ទទួល​អាលម៉ា​នៅ​ទីក្រុង​អាំម៉ូណៃហា ហើយ​បាន​ចូលរួម​ជាមួយ​លោក​នៅក្នុង​ការថ្លែង​ទីបន្ទាល់​ទៅកាន់​ប្រជាជន ។ អាលម៉ា និង អាមូលេក បានព្រមាន​ដល់​ប្រជាជន​អាំម៉ូណៃហា​ថា ប្រសិនបើ​ពួកគេ​មិន​ប្រែចិត្ត​ទេ នោះ​ពួកគេ​នឹង​ត្រូវ​បំផ្លិច​បំផ្លាញ ។ អាមូលេក​បាន​គោរព​ដល់​ព្រះ​ដោយ​ស្មោះត្រង់ ហើយ​បានប្រើប្រាស់​កិត្តិយស ឈ្មោះល្អ និង ឥទ្ធិពល​របស់​លោក​ក្នុង​ការគាំទ្រ​ដល់​ព្យាការី​អលម៉ា និង ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

អាលម៉ា 8

អាលម៉ា​បាន​គោរព​ប្រតិបត្តិ​ដោយ​ត្រឡប់​ទៅ​អាំម៉ូណៃហា​វិញ ជា​កន្លែង​ដែល​លោក​រៀបចំ​អាមូលេក​ឲ្យ​ផ្សព្វផ្សាយ

បន្ទាប់ពី​អាលម៉ា​បានបង្រៀន​ដំណឹងល្អ​នៅ​សារ៉ាហិមឡា និង គេឌាន ( សូមមើល អាលម៉ា 5–7 ) លោក​បាន​ធ្វើ​តំណើរ​ទៅ​ដែនដី​មេលេក ។ សូមអាន អាលម៉ា 8:4–5 ហើយ​រកមើល​ពី​របៀប​ដែល​ប្រជាជន​នៅ​មេលេក​ទទួល​ការបង្រៀន​របស់​អាលម៉ា ។ ( ឃ្លា « របៀប​ដ៏​បរិសុទ្ធ​នៃ​ព្រះ » នៅក្នុង អាលម៉ា 8:4 គឺ​សំដៅ​ទៅលើ​បព្វជិតភាព ដូច​ដែល​អ្នក​នឹង​ឃើញ​នៅក្នុង អាលម៉ា 13 ) ។

បន្ទាប់ពី​អាលម៉ា​បានបញ្ចប់​ការបង្រៀន​នៅ​មេលេក​ហើយ លោក​បាន​ធ្វើ​តំណើរ​ទៅ​អាំម៉ូណៃហា​ដើម្បី​ផ្សព្វផ្សាយ ។ លោក​បាន​ទទួល​បទពិសោធន៍​ខុស​ពី​មុន​យ៉ាង​ខ្លាំង ជាមួយ​នឹង​ប្រជាជន​ដែល​បាន​រស់នៅ​ទីនោះ ។ សូម​សិក្សា​រូបភាព និង វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ ហើយ​បន្ទាប់មក​សូម​សរសេរ​ចំណង​ជើង​មួយ សម្រាប់​រូបភាព និង វគ្គ​បទគម្ពីរ​នីមួយៗ ដោយ​ការសង្ខេប​នូវ​អ្វី​ដែល​បានកើតឡើង​ចំពោះ​អាលម៉ា ខណៈ​ដែល​លោក​នៅក្នុង​ក្រុង​អាំម៉ូណៃហា ៖

រូបភាព
អាលម៉ា​អង្គុយ​នៅលើ​ដី

អាលម៉ា 8:8–13

រូបភាព
អាលម៉ា និង ទេវតា

អាលម៉ា 8:14–16

រូបភាព
អាលម៉ា និង អាមូលេក

អាលម៉ា 8:18–26

សូម​ពិចារណា​សំណួរ​ខាងក្រោម​នេះ ( អ្នក​មិន​ចាំបាច់​សរសេរ​ចម្លើយ​របស់​អ្នក​នោះទេ ) ៖

  • ទេវតា​ដែល​លេច​មក​ឲ្យ​អាលម៉ា​ឃើញ គឺជា​ទេវតា​ដដែល​ដែល​បាន​លេចមក​ឲ្យ​លោក និង បុត្រា​ទាំងឡាយ​នៃ​អាលម៉ា​ឃើញ​ពី​ពេល​មុន ។ តើ​បន្ទូល​របស់​ទេវតា ​អាច​លួងលោម​ដល់​អាលម៉ា​យ៉ាងណា​ដែរ ( សូមមើល អាលម៉ា 8:15 ) ?

  • ហេតុអ្វី​វា​អាច​ជា​ការលំបាក​សម្រាប់​អាលម៉ា​ក្នុង​ការត្រឡប់​ទៅ​អាំម៉ូណៃហា​វិញ ( សូមមើល អាលម៉ា 8:16 ) ?

ថ្វីបើ​ជា​បទបញ្ញត្តិ​ដ៏​លំបាក​ក៏​ដោយ ក៏​អាលម៉ា​បាន « ត្រឡប់​ទៅ​ដែនដី​អាំម៉ូណៃហា​យ៉ាង​រួសរាន់​វិញ » ( អាលម៉ា 8:18 ) ។ ប្រធាន ហាវើដ ដបុលយូ. ហឹនធើរ បានបង្រៀន​ថា ព្រះអម្ចាស់​ស្រឡាញ់​ការគោរព​ប្រតិបត្តិ​បែបនេះ ៖ « ពិតណាស់ ព្រះអម្ចាស់​ស្រឡាញ់​ការប្ដេជ្ញាចិត្ត​ដោយ​គ្មាន​ងាករេ ដើម្បី​គោរព​ប្រតិបត្តិ​ដល់​ដំបូន្មាន​របស់​ទ្រង់ ជាង​អ្វីៗ​ទាំងអស់​ផ្សេងទៀត » ( “Commitment to God” Ensign ខែ វិច្ឆិកា ឆ្នាំ 1982 ទំព័រ 58 ) ។

  1. សូម​ជ្រើសរើស​ស្ថានភាព​មួយ ឬ ច្រើន​ជាង​មួយ​ពី​ស្ថានភាព​ខាងក្រោម​នេះ ។ បន្ទាប់មក សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថាតើ​បុគ្គល​ម្នាក់ៗ​អាច​ទទួល​បាន​ពរជ័យ​ដោយ​របៀបណា ប្រសិនបើ​គាត់​គោរព​ប្រតិបត្តិ​នោះ ៖

    1. នៅពេល​ដែល​យុវនារី​ម្នាក់​កំពុង​ចាកចេញ​ពី​ផ្ទះ​ដើម្បី​ទៅ​សាលារៀន នោះ​ម្ដាយ​នាង​សុំ​នាង​ឲ្យ​ពាក់​អាវ​ដែល​រមទម្យ​ជាង​នោះ ។

    2. សង្ឃ​ថ្មី​ម្នាក់​ត្រូវបាន​អញ្ជើញ​ដោយ​ប៊ីស្សព ឬ ប្រធាន​សាខា​របស់​គាត់​ឲ្យ​ខំ​ធ្វើ​ឲ្យ​សម្រេច​ដើម្បី​ទទួល​បាន​នូវ​រង្វាន់​កាតព្វកិច្ច​ចំពោះ​ព្រះ ។

    3. អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​ទទួល​អារម្មណ៍​បំផុស​ឲ្យ​ទៅ​សួរ​សុខទុក្ខ​ក្រុម​គ្រួសារ​មិន​សូវ​សកម្ម​មួយ ដែល​ម្ដាយ​មិន​មែន​ជា​សមាជិក​សាសនាចក្រ ។

អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅជិត អាលម៉ា 8:18–20 ៖ ប្រសិនបើ​យើង​ឆ្លើយ​តប​យ៉ាង​រួសរាន់​ចំពោះ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​បំពេញ​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​ពេល​មួយ​ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ជួយ​អ្នក​ឲ្យ​ធ្វើ​ជា​មនុស្ស​សុចរិត និង ជា​អ្នក​គោរព​ប្រតិបត្តិ ទោះ​បី​ជា​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​ក៏​ដោយ ។

សូមអាន អាលម៉ា 8:27–32 រកមើល​របៀប​បន្ថែម​ទៀត ដែល​ព្រះអម្ចាស់​បានជួយ​អាលម៉ា​ធ្វើ​អ្វី​ដែល​លោក​ត្រូវបាន​បញ្ជា​ឲ្យ​ធ្វើ ។

អាលម៉ា 9

អាលម៉ា​ព្រមាន​ដល់​ប្រជាជន​អាំម៉ូណៃហា ឲ្យ​ប្រែចិត្ត និង រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ

អាលម៉ា 9 កត់ត្រា​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាលម៉ា ក្នុង​ការបង្រៀន​ដល់​ប្រជាជន​អាំម៉ូណៃហា អំពី​សេចក្ដី​ត្រូវការ​របស់​ពួកគេ​ដើម្បី​ប្រែចិត្ត និង ទទួល​បាន​ការប្រោសលោះ តាមរយៈ​ព្រះអង្គ​សង្គ្រោះ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បី​ព្យាយាម​ជួយ​ដល់​ប្រជាជន​ទុច្ចរិត​ទាំងនេះ​ឲ្យ​ទទួល​ស្គាល់​ពី​សេចក្ដី​ត្រូវការ​របស់​ពួកគេ​ក្នុង​ការប្រែចិត្ត នោះ​អាលម៉ា​បាន​អំពាវនាវ​ដល់​ពួកគេ​ឲ្យ​ចងចាំ​ពី​អ្វី​ដែល​ព្រះ​បានធ្វើ​សម្រាប់​ពួកគេ និង ដូនតា​របស់​ពួកគេ ។

សូម​មើល​ក្នុង អាលម៉ា 9:8–10, 13 រកមើល​ពាក្យ​ផ្ទួន​នៃ​ពាក្យ​ចាំ និង ពាក្យ​ភ្លេច ។ តើ​អ្នក​គិត​ថា បណ្ដាជន​នៃ​ទីក្រុង​អាំម៉ូណៃហា​មាន​ការផ្លាស់​ប្តូរ​បែប​ណា ប្រសិនបើ​ពួកគេ​បាន​ចងចាំ​ពី​ការណ៍​ទាំងឡាយ​ដែល​អាលម៉ា​បាន​និយាយ​នោះ ?

  1. សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​ក្នុង​ការចងចាំ​បទពិសោធន៍​ខាង​វិញ្ញាណ​ដែល​អ្នក​បានមាន​ក្នុង​អតីតកាល ? បន្ទាប់មក សូម​សរសេរ​អំពី​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ ដែល​អ្នក​មិន​ចង់​ភ្លេច ។

បន្ទាប់​ពី​ការហៅ​ប្រជាជន​អាំម៉ូណៃហា​ឲ្យ​ប្រែចិត្ត​ហើយ អាលម៉ា​បាន​បង្រៀន​ពួកគេ​ថា ពួកគេ​គួរ​រៀបចំ​ខ្លួន​សម្រាប់​ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​នឹង​យាង​មក​ផែនដី ។ សូមអាន អាលម៉ា 9:26–27 ហើយ​គូស​ចំណាំ​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​លក្ខណៈ​របស់​ព្រះអង្គ​សង្គ្រោះ ។ ( ពាក្យ សេចក្ដី​យុត្តិធម៌ មាន​ន័យ​ថា​ភាពស្មើគ្នា និង យុត្តិធម៌ ) ។ តើ​ពាក្យ និង ឃ្លា​ទាំងនេះ​បង្រៀន​អ្នក​អ្វី​ខ្លះ អំពី​ព្រះអង្គ​សង្គ្រោះ ? ក្នុង​សប្ដាហ៍​ខាង​មុខ​នេះ សូម​យកពេល​គិត​អំពី​ពាក្យ និង ឃ្លា​ទាំងនោះ ។

អាលម៉ា 10

អាមូលេក​ពិពណ៌នា​ពី​បទពិសោធន៍​របស់​លោក​ដែល​មាន​ជាមួយ​នឹង​ទេវតា​មួយ​អង្គ ហើយ​ទូន្មាន​ប្រជាជន​ឲ្យ​ប្រែចិត្ត

សូម​គូស​រង្វង់​សេចក្ដី​ថ្លែង​ដែល​ពិពណ៌នា​ល្អ​បំផុត ពី​របៀប​ដែល​អ្នក​បាន​ភ្ញាក់​ពី​ដេក​នៅ​ព្រឹក​នេះ ៖

  • ខ្ញុំ​បាន​ភ្ញាក់​ដោយ​ខ្លួន​ឯង ដោយ​មិន​បាន​ប្រើ​នាឡិកា​រោទ៍ ឬ ដាស់​ដោយ​នរណា​ម្នាក់​នោះទេ ។

  • ខ្ញុំ​បាន​ភ្ញាក់​ពេល​នាឡិកា​ខ្ញុំ​រោទ៍​លើក​ទីមួយ ឬ ពេល​ខ្ញុំ​ត្រូវ​បាន​ដាស់​លើក​ដំបូង ។

  • នាឡិកា​ខ្ញុំ​រោទ៍​ជា​ច្រើន​ដង ឬ ខ្ញុំ​ត្រូវបាន​ដាស់​ជា​ច្រើន​ដង មុន​ពេល​ខ្ញុំ​ភ្ញាក់ ។

សូមអាន អាលម៉ា 10:6 ហើយ​រកមើល​ថាតើ​មាន « ការហៅ​ឲ្យ​ភ្ញាក់​ឡើង » ខាង​វិញ្ញាណ​ប៉ុន្មាន​ដង ដែល​អាមូលេក​បាន​ទទួល ខណៈដែល​លោក​បាន​បន្ត​បះបោរ​ទាស់​នឹង​ព្រះអម្ចាស់ ។ នៅលើ​បន្ទាត់​ដែល​ផ្ដល់​ឲ្យ​នេះ សូម​សរសេរ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​នេះ ៖ តើ​អ្នក​គិត​ថា ឃ្លា​ថា « ខ្ញុំ​ធ្វើ​ជា​មិន​ឮ » និង « ខ្ញុំ​ធ្វើ​ជា​មិន​ដឹង » ចង្អុល​បង្ហាញ​ពី​ស្ថានភាព​ខាង​វិញ្ញាណ​របស់​អាមូលេក​យ៉ាងណា មុនពេល​ដែល​ទេវតា​បាន​យាង​មក​ជួប​លោក ?

ដូច​ដែល​បាន​កត់ត្រា​នៅក្នុង អាលម៉ា 10:2–11 អាមូលេក​បាន​ពិពណ៌នា​ពី​ជីវិត​របស់​លោក​ពីមុន​ដែល​លោក​ជួប​នឹង​ទេវតា និង ការប្រែចិត្ត​ជឿ​របស់​លោក​ចំពោះ​ដំណឹងល្អ ។ សូម​ពិនិត្យ​មើល អាលម៉ា 10:1–6 រកមើល​ព័ត៌មាន​ពិស្ដា ដែល​ជួយ​អ្នក​ស្គាល់​អាមូលេក​បន្ថែម​ទៀត ។

រូបភាព
ការបង្រៀន​របស់​អាមូលេក

អាមូលេក​បាន​រៀបរាប់​ថាតើ​ទេវតា​បាន​ណែនាំ​លោក​យ៉ាងណា ដើម្បី​ទទួល​អាលម៉ា​ចូល​ក្នុង​ផ្ទះ​លោក និង ថែទាំ​លោក ។ សូមអាន អាលម៉ា 10:7–11 ហើយ​រកមើល​ថាតើ​អាមូលេក និង អ្នក​ផ្សេងទៀត​បាន​ទទួល​ពរជ័យ​យ៉ាងណា ដោយសារ​តែ​អាមូលេក​បាន​គោរព​តាម​ទេវតា ។

សូម​សរសេរ​គោលការណ៍​នេះ​នៅជិត អាលម៉ា 10:11–12 ៖ ពេល​យើង​ឮ ហើយ​គោរព​តាម​ការហៅ​របស់​ព្រះអម្ចាស់ នោះ​ពរជ័យ​នឹង​មាន​ដល់​យើង និង អ្នក​ផ្សេងទៀត ។ មាន​របៀប​ជាច្រើន​ដែល​ព្រះអម្ចាស់​អាច « ហៅ » យើង—តាមរយៈ​ការបំផុស​ពី​ព្រះវិញ្ញាណ តាមរយៈ​អារម្មណ៍ តាមរយៈ​សុបិន តាមរយៈ​ពាក្យ​សម្ដី​នៃ​អ្នក​ដឹកនាំ​សាសនាចក្រ គ្រូបង្រៀន ឬ ឪពុក​ម្ដាយ តាមរយៈ​ការហៅ​បម្រើ​មុខ​នាទី​ក្នុង​សាសនាចក្រ តាមរយៈ​ការលំបាក ឬ តាម​របៀប​ផ្សេងៗ​ទៀត ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​តទៅ​នេះ ៖ តើ​ពេលណា​ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា​បាន​ទទួល​ពរជ័យ ដោយសារ​អ្នក​បាន​គោរព​ប្រតិបត្តិ​ដល់ « ការហៅ » មួយ​មក​ពី​ព្រះអម្ចាស់ ?

ដូច​ដែល​បាន​ពិពណ៌នា​ក្នុង​ផ្នែក​​ដែល​នៅសល់​ក្នុង អាលម៉ា 10 មនុស្ស​ជាច្រើន​នៅ​អាំម៉ូណៃហា មិន​ស្ដាប់​​ពាក្យ​សម្ដី​របស់​អាមូលេក​នោះទេ ។ អាមូលេក​បានព្រមាន​ពួកគេ​ថា បើ​ពួកគេ​មិន​ប្រែចិត្ត​ទេ ថ្ងៃ​នោះ​នឹង​មកដល់ ពេល​ដែល​ពួកគេ​នឹង​ត្រូវ​បំផ្លិចបំផ្លាញ ។ សូមអាន អាលម៉ា 10:22–23 ហើយ​រកមើល​ពី​មូលហេតុ​ដែល​ប្រជាជន​ត្រូវបាន​សង្គ្រោះ​ពី​ការបំផ្លិចបំផ្លាញ​នៅ​ពេល​នោះ ។ តើ​ខ​ទាំងនេះ​បង្រៀន​អ្នក​អ្វី​ខ្លះ អំពី​សារៈសំខាន់​នៃ​ការធ្វើ​ជា​មនុស្ស​សុចរិត ទោះជា​ពេល​ដែល​អ្នក​នៅ​ជុំវិញ​យើង​មិន​មែន​ជា​មនុស្ស​សុចរិត​ក៏​ដោយនោះ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 8–10 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖