ថ្នាក់​សិក្ខាសាលា
មេរៀនទី 16: ថ្ងៃទី 3 អាលម៉ា 13


មេរៀនទី 16 ៖ ថ្ងៃទី 3

អាលម៉ា 13

សេចក្តីផ្ដើម

អាលម៉ា​បានបង្រៀន​ប្រជាជន​ដែល​បះបោរ​នៅ​អាំម៉ូណៃហា អំពី​ពួក​សង្ឃ​ជាន់ខ្ពស់​នៃ​បព្វជិតភាព​មិលគីស្សាដែក ដែល​ត្រូវបាន​តែងតាំង​ឲ្យ​ជួយ​ប្រជាជន​ប្រែចិត្ត និង ចូល​ក្នុង​ទីសម្រាក​របស់​ព្រះអម្ចាស់ ។ លោក​បាន​ផ្ដល់​គំរូ​ពី​មិលគីស្សាដែក ដែល​បាន​ជួយ​ប្រជាជន​លោក​ឲ្យ​ប្រែចិត្ត និង រស់នៅ​ក្នុង​សេចក្ដី​សុខសាន្ត ។ អាលម៉ា​បានព្យាយាម​បង្រៀន​ប្រជាជន​អាំម៉ូណៃហា ឲ្យ​មាន​សេចក្ដី​ជំនឿ និង សេចក្ដី​សង្ឃឹម ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ផ្លាស់​ប្ដូរ ដើម្បី​ពួកគេ​អាច​រៀបចំ​នឹង​ចូល​ក្នុង​ទីសម្រាក​នៃ​ព្រះអម្ចាស់ ។

អាលម៉ា 13:1–12

អាលម៉ា​បង្រៀន​ប្រជាជន​អាំម៉ូណៃហា​អំពី​ការហៅ​បម្រើ​របស់​ពួក​សង្ឃ​ជាន់ខ្ពស់

  1. សូមអាន​ការដកស្រង់​ខាងក្រោម​នេះ ហើយ​បន្ទាប់មក សូម​ឆ្លើយ​សំណួរ​ទាំងនោះ ៖

    « ក្នុង​ពិភព​វិញ្ញាណ​មុន​ផែនដី ព្រះ​បាន​ចាត់​វិញ្ញាណ​ជាក់លាក់​ទាំងឡាយ ឲ្យ​បំពេញ​បេសកកម្ម​ជាក់លាក់​នានា អំឡុង​ជីវិត​រមែង​ស្លាប់​របស់​ពួកគេ ។ ការណ៍​នេះ​ត្រូវបាន​ហៅ​ថា ការតែងតាំង​ជាមុន ។

    « ការតែងតាំង​ជាមុន ពុំបាន​ធានា​ថា បុគ្គល​ទាំងឡាយ​នឹង​ទទួល​ការហៅ​បម្រើ ឬ ការទទួល​ខុសត្រូវ​ជាក់លាក់​នោះទេ ។ ឱកាស​បែបនោះ​ចូល​មក​ក្នុង​ជីវិត ជា​លទ្ធផល​មួយ​នៃ​ការអនុវត្ត​យ៉ាង​សុចរិត​នូវ​សិទ្ធិ​ជ្រើសរើស គឺ​ដូច​ជា​ការតែងតាំង​ជាមុន​បាន​មក ជា​លទ្ធផល​មួយ​នៃ​ភាពសុចរិត​ដែល​នៅក្នុង​ជីវិត​មុន​ផែនដី​ដែរ » ( ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ [ ឆ្នាំ 2004 ] ទំព័រ 69 ) ។

    1. តើ​អ្វី​ជា​ទំនាក់ទំនង​រវាង​ការជ្រើសរើស​ដែល​បាន​ធ្វើឡើង​ក្នុង​ជីវិត​មុន​ផែនដី និង ការតែងតាំង​ជាមុន ?

    2. តើ​ការជ្រើសរើស​ដែល​ធ្វើឡើង​ក្នុង​ជីវិត​រមែង​ស្លាប់ ជះ​ឥទ្ធិពល​ដល់​ការតែងតាំង​ជាមុន​យ៉ាងណា​ដែរ ?

ថ្វីបើ​អ្នកកាន់​អំណាច​បព្វជិតភាព​ត្រូវបាន​ពិភាក្សា​នៅក្នុង អាលម៉ា 13 ក៏​ដោយ ក៏​ប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល បាន​រំឭក​យើង​ថា ពួក​បងប្អូន​ស្ត្រី​ក៏​ត្រូវបាន​ផ្ដល់​ឲ្យ​នូវ​ការហៅ​បម្រើ​ដ៏​ឧត្ដុង្គ​ឧត្ដម​ផងដែរ នៅក្នុង​ជីវិត​មុន​ផែនដី ៖ « ចូរ​ចងចាំ​ថា នៅក្នុង​ពិភព​មុន​យើង​មក​ទីនេះ ស្ត្រី​ដ៏​ស្មោះត្រង់​ទាំងឡាយ​ត្រូវបាន​ផ្ដល់ឲ្យ​នូវ​កិច្ចការ​ជាក់លាក់​នានា ខណៈ​ដែល​បុរស​ដ៏​សុចរិត​ត្រូវបាន​តែងតាំង​ជាមុន​ដល់​កិច្ចការ​បព្វជិតភាព​ជាក់លាក់​នានា » ( “The Role of Righteous Women” Ensign ខែ វិច្ឆិកា ឆ្នាំ 1979 ទំព័រ 102 ) ។

រូបភាព
ការប្រឹក្សា​ដ៏​ធំ​មហិមា

អែលឌើរ នែល អេ. ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បានបង្រៀន​ថា ៖ « ស្ថានភាព​មុន​ផែនដី​ពុំ​មែន​ជា​គោលលិទ្ធិ​ដែល​ផ្ដល់​មូលហេតុ​ឲ្យ​យើង​សម្រាក​នោះ​ទេ ។ សម្រាប់​យើង​ម្នាក់ៗ មាន​នូវ​ជម្រើស​ដែល​ត្រូវ​ជ្រើសរើស កិច្ចការ​ដែល​ពិបាក និង មិន​ឈប់ឈរ​ដែល​ត្រូវ​ធ្វើ ការឡកឡឺយ និង ភាពមិន​អនុគ្រោះ​ទាំងឡាយ​ដែល​ត្រូវ​ទទួល​បទពិសោធន៍ ពេលវេលា​ដែល​ត្រូវ​ចំណាយ ទេពកោសល្យ និង អំណោយទាន​ដែល​ត្រូវ​ប្រើប្រាស់​ឲ្យ​ល្អ ។ ដោយ​គ្រាន់តែ​យើង​ត្រូវបាន​ជ្រើសរើស ‹ នៅទីនោះ និង ពេលនោះ › មិន​ប្រាកដ​ជា​មានន័យ​ថា យើង​អាច​ខុសប្លែក​ពី​គេ ‹ នៅទីនេះ និង ពេលនេះ › នោះទេ ។ ទោះជា​មាន​ការតែងតាំង​ជាមុន​សម្រាប់​បុរស ឬ ការជ្រើសរើស​ទុក​ជាមុន​សម្រាប់​ស្ត្រី​ក៏​ដោយ ក៏​ពួក​អ្នក​ដែល​ត្រូវបាន​ហៅ និង រៀបចំ​ទាំងនោះ​ត្រូវតែ​បង្ហាញ​ផងដែរ​ថា ‹ ជា​ជន​ជម្រើស និង ស្មោះត្រង់ › ។ ( សូមមើល វិវរ. 17:14; គ. និង ស. 121:34–36 ) » ។ ( “Premortality, a Glorious Reality” Ensign ខែ វិច្ឆិកា ឆ្នាំ 1985 ទំព័រ 17 ) ។

អាលម៉ា​បានបង្រៀន​បងប្អូន​ប្រុស​នៅ​អាំម៉ូណៃហា​ថា បុរស​ជាច្រើន​ត្រូវបាន​តែងតាំង​ជាមុន​ក្នុង​ជីវិត​មុន​ផែនដី ដើម្បី​ទទួល​បព្វជិតភាព ។ សូមអាន អាលម៉ា 13:1, 8–9 ហើយ​រកមើល​ថា​បព្វជិតភាព​ណាមួយ​ដែល​អាលម៉ា​បាន​ពិភាក្សា ។ វា​អាច​ជា​ប្រយោជន៍ដែល​ដឹង​ថា នៅក្នុង​ជំពូក​នេះ ឃ្លា​ថា « របៀប​ដ៏​បរិសុទ្ធ » មានន័យ​ថា​បព្វជិតភាព​មិលគីស្សាដែក ឬ « បព្វជិតភាព​ដ៏​បរិសុទ្ធ តាម​របៀប​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ » ( គ. និង ស. 107:3 ) ។ សូម​ពិចារណា​អំពី​ការគូស​ចំណាំ​ឃ្លា « របៀប​ដ៏​បរិសុទ្ធ » ពេល​អ្នក​សិក្សា​ផ្នែក​ដែល​នៅសល់​ក្នុង​ជំពូក​នេះ ( សូមមើល អាលម៉ា 13:2, 6–7, 10–11, 16, 18 ) ។ អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​ថា ៖ « ពួក​សាសន៍​នីហ្វៃ ដែល​បាន​ស្មោះត្រង់ និង ពិត​ត្រង់​ក្នុង​ការរក្សា​ក្រិត្យវិន័យ​នៃ​ម៉ូសេ បាន​មាន​បព្វជិតភាព​មិលគីស្សាដែក ដែល​មានន័យ​ថា ពួកគេ​បាន​មាន​នូវ​ភាពពេញលេញ​នៃ​ដំណឹងល្អ » ( The Promised Messiah: The First Coming of Christ [1978] ទំព័រ 421 ) ។ នេះ​មានន័យ​ថា ព្យាការី​ទាំងឡាយ​ក្នុង​ព្រះគម្ពីរ​មរមន​មាន​បព្វជិតភាព​មិលគីស្សាដែក ហើយ​បាន​ដឹង​ពី​របៀប​ដែល​វា​ប្រតិបត្តិការ ។

សូម​ពិនិត្យ​មើល អាលម៉ា 13:2–6, 10 រកមើល​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ហើយ​សរសេរ​ចម្លើយ​នៅក្នុង​សៀវភៅ​ណែនាំ​ការសិក្សា​របស់​អ្នក ៖

  • តើ​លក្ខណៈ​អ្វី​ខ្លះ ដែល​ពួក​អ្នក​ដែល​ត្រូវបាន​តែងតាំង​ដល់​បព្វជិតភាព​មិលគីស្សាដែក​មាន ? ( សូមមើល អាលម៉ា 13:3–5, 10 ) ។

  • តើ​​ពួក​អ្នក​កាន់​បព្វជិតភាព​ទាំងនេះ​ត្រូវបាន​តែងតាំង​ឲ្យ​ធ្វើអ្វី​ខ្លះ ? ( សូមមើល អាលម៉ា 13:6 ) ។

  • តើ​អ្នក​បានឃើញ​ថា ការណ៍​នេះ​ត្រូវបាន​ធ្វើ​ដោយ​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក ​ដែល​អ្នក​ស្គាល់ នៅក្នុង​វួដ ឬ សាខា​របស់​អ្នក​យ៉ាងណា​ដែរ ហើយ​តើ​វា​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​អ្នក និង ជីវិត​អ្នក​ផ្សេង​ទៀត​យ៉ាងណា​ដែរ ?

អាលម៉ា 13 រួមមាន​ការពិភាក្សា​ដ៏​ជ្រាលជ្រៅ​មួយ អំពី​បព្វជិតភាព​មិលគីស្សាដែក ។ វា​បង្រៀន​ថា បុរស​ដែល​ទទួល​បព្វជិតភាព​នេះ គឺ​ត្រូវបាន​តែងតាំង​ជាមុន​ដើម្បី​ទទួល​វា ( សូមមើល ខ 3 ) ។ ពួក​អ្នក​ដែល​កាន់​បព្វជិតភាព​នេះ គឺ​ត្រូវ​បង្រៀន​បទបញ្ញត្តិ​របស់​ព្រះ​ដល់​អ្នក​ផ្សេងទៀត « ក៏​ដើម្បី​ឲ្យ​ពួកគេ​អាច​ចូល​ទៅក្នុង​សេចក្ដី​សម្រាក​របស់​ទ្រង់​ផង » ( ខ 6 ) ។ បព្វជិតភាព​គឺ​អស់កល្ប​ជានិច្ច ( សូមមើល ខ 9 ) ហើយ​វា​ត្រូវបាន​ប្រគល់​ដល់​បុរស​ទាំងឡាយ « ដោយសារ​តែ​សេចក្ដី​ជំនឿ​ដ៏​លើសលប់ និង ការប្រែចិត្ត​របស់​គេ និង អំពើ​សុចរិត​របស់​គេ​ចំពោះ​ព្រះ » ( ខ 10 ) ។ អ្នក​កាន់​បព្វជិតភាព​ត្រូវបាន​ញែក​ជា​បរិសុទ្ធ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ពេល​ពួកគេ​រៀន​ខ្ពើមឆ្អើម ( ស្អប់ ) អំពើ​បាប ហើយ​ហេតុដូច្នោះ ត្រូវ « បាន​ធ្វើ​ឲ្យ​បរិសុទ្ធ ហើយ​ចូល​ទៅក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ ជា​ព្រះ​របស់​ពួកគេ » ( ខ 12 ) ។

សូមអាន អាលម៉ា 13:11–12 ហើយ​រកមើល​ឥទ្ធិពល​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​ធ្វើ​ឲ្យ​បរិសុទ្ធ ដែល​អ្នក​កាន់​បព្វជិតភាព​ទាំងនោះ​បាន​ទទួល ដោយសារ​សេចក្ដី​ជំនឿ ការប្រែចិត្ត និង សេចក្ដី​សុចរិត​របស់​ពួកគេ ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​រៀន​អ្វី​ខ្លះ ពី​គំរូ​នៃ​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ទាំងនេះ អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ទទួលបាន​នូវ​ឥទ្ធិពល​នៃ​ដង្វាយធួន ​ដែល​ធ្វើ​ឲ្យ​បរិសុទ្ធ នៅក្នុង​ជីវិត​របស់​អ្នក ?

  2. សូម​សរសេរ​សេចក្ដី​ពិត​តទៅ​នេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ អាលម៉ា 13:1–12 ឬ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ បុរស​ទាំងឡាយ​ដែល​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​ដ៏​អស្ចារ្យ និង ជ្រើសរើស​សេចក្ដី​សុចរិត គឺ​ត្រូវបាន​ហៅ​ឲ្យ​ទទួល​​បព្វជិតភាព ដើម្បី​នាំ​អ្នក​ផ្សេងទៀត​មកកាន់​ព្រះ ។ បន្ទាប់មក សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថាតើ​ការដឹង​ពី​គោលការណ៍​ដំណឹងល្អ​នេះ អាច​ជះ​ឥទ្ធិពល​ដល់​របៀប​ដែល​អ្នក​ឆ្លើយតប​ចំពោះ​អ្នក​ដឹកនាំ​បព្វជិតភាព​យ៉ាងណា អស់​ពេញ​មួយ​ជីវិត​អ្នក ។

អាលម៉ា 13:13–20

អាលម៉ា​បង្រៀន​អំពី​មិលគីស្សាដែក ជា​សង្ឃ​ជាន់​ខ្ពស់​ដ៏​អស្ចារ្យ​ម្នាក់ ដែល​បាន​ស្ថាបនា​សេចក្ដី​សុខសាន្ត​ក្នុង​ចំណោម​ប្រជាជន​របស់​លោក

រូបភាព
មិលគីស្សាដែក​ផ្ដល់​ពរ​ដល់​អាប់រ៉ាម

សូមអាន អាលម៉ា 13:13–18 ហើយ​រកមើល​ពាក្យ​ដែល​អាលម៉ា​បានប្រើ ក្នុង​ការពិពណ៌នា​ពី​មិលគីស្សាដែក និង អ្វី​ដែល​មិលគីស្សាដែក​បាន​ធ្វើ​សម្រាប់​ប្រជាជន​លោក ។ សូម​គិត​អំពី​របៀប​ដែល​ពាក្យ​ទាំងនេះ ពិពណ៌នា​ពី​ជីវិត​ដូច​ជា​ព្រះគ្រីស្ទ​របស់​មិលគីស្សាដែក ។ អាលម៉ា​បានបង្រៀន​ថា អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​គឺ « តាម​របៀប​នៃ​ព្រះរាជបុត្រា ដែល​ជា​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះវរបិតា » ( អាលម៉ា 13:9; សូមមើល​ផងដែរ គ. និង ស. 107:2–4 ) ដែល​ជា​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដែល​ពួកលោក​ចង្អុល​បង្ហាញ​យើង​ទៅ​កាន់​ទ្រង់ តាមរយៈ​គំរូ និង ការបង្រៀន​របស់​ពួកលោក ។ អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី បាន​ថ្លែង​ថា ៖ « គ្មាន​ការសង្ស័យ​ទេ​ថា មាន​ព្រឹត្តិការណ៍​ជា​ច្រើន​នៅក្នុង​ជីវិត​នៃ​ព្យាការី​ជាច្រើន ដែល​បាន​ញែក​ពួក​មនុស្ស​សុចរិត​ទាំងនោះ​ចេញ ជា​ប្រភេទ និង ជា​ស្រមោល​នៃ​ព្រះមែស៊ី​របស់​ពួកគេ ។ វា​គឺជា​ការល្អ និង ត្រឹមត្រូវ ក្នុង​ការរកមើល​ពី​ភាពស្រដៀង​គ្នា​នឹង​ព្រះគ្រីស្ទ​នៅ​គ្រប់​ទីកន្លែង និង ដើម្បី​ប្រើប្រាស់​ភាពស្រដៀង​គ្នា​ទាំងនោះ​ដដែលៗ នៅក្នុង​ការរក្សា​ទ្រង់ និង ក្រិត្យវិន័យ​របស់​ទ្រង់​ឲ្យ​ខ្ពស់​បំផុត​នៅក្នុង​គំនិត​របស់​យើង » ( The Promised Messiah ទំព័រ 453 ) ។

សូមអាន អាលម៉ា 13:19 ហើយ​រកមើល​អ្វី​ដែល​ខ​នេះ​ប្រាប់​យើង​អំពី​មិលគីស្សាដែក ។ សូមមើល​ម្ដងទៀត​ទៅលើ អាលម៉ា 13:17 ដើម្បី​ឃើញ ថាតើ​អាលម៉ា​បាន​ពិពណ៌នា​ពី​ប្រជាជន​នៅ​ស្រុក​សាឡិម​ដោយ​របៀប​ណា ពេលដែល​មិលគីស្សាដែក​បាន​ក្លាយ​ជា​ស្ដេច​របស់​ពួកគេ ។ សូម​កត់ចំណាំ​ពី​របៀប​ដែល​ពាក្យ​ទាំងនេះ​ក៏​អាច​ពិពណ៌នា​ពី​ប្រជាជន​នៅ​អាំម៉ូណៃហា​ផងដែរ ( សូមមើល អាលម៉ា 8:9; 9:28 ) ។ តើ​ប្រជាជន​នៅ​សាឡិម​បាន​ធ្វើ​អ្វីខ្លះ ដែល​ជា​លទ្ធផល​នៃ​កិច្ចខិតខំ​របស់​មិលគីស្សាដែក ? ( សូមមើល អាលម៉ា 13:18 ) ។

សូម​កត់ចំណាំ​ពី​អ្វី​ដែល​មិលគីស្សាដែក​បាន​អនុវត្ត បាន​ទទួល និង បាន​ផ្សព្វផ្សាយ នៅក្នុង អាលម៉ា 13:18 ។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​រៀន ថាតើ​អ្នកដឹកនាំ​បព្វជិតភាព​ម្នាក់​គួរ​ជា​មនុស្ស​របៀបណា ចេញ​ពី​គំរូ​នៃ​មិលគីស្សាដែក ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ពេលណា​ដែល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ បាន​ទទួល​បទពិសោធន៍​នៃ​សេចក្ដី​សុខសាន្ត បន្ទាប់​ពី​ការធ្វើតាម​ដំបូន្មាន​របស់​អ្នក​ដឹកនាំ​បព្វជិតភាព​ដ៏​សុចរិត​ម្នាក់ ?

អាលម៉ា 13:21–31

អាលម៉ា​អញ្ជើញ​ប្រជាជន​ឲ្យ​ស្ដាប់​ដល់​សំឡេង​ព្រះអម្ចាស់ ហើយ​ចូល​ក្នុង​ទីសម្រាក​របស់​ទ្រង់

សូម​រកមើល ហើយ​គូស​ចំណាំ​ឃ្លា​ដែល​មាន​ផ្ទួនៗ « សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ » ( ឬ ឃ្លា​ស្រដៀង​គ្នា​នោះ ) នៅក្នុង អាលម៉ា 13:12, 13, 16, និង 29 ។ អាលម៉ា​បានបង្រៀន​ប្រជាជន​អាំម៉ូណៃហា​ថា ព្រះអម្ចាស់​បាន​ហៅ​បុរស​ទាំងឡាយ​ឲ្យ​កាន់​បព្វជិតភាព ដើម្បី​ជួយ​ប្រជាជន​ចូល​ក្នុង​ទីសម្រាក​នៃ​ព្រះអម្ចាស់ ។ លោក​បានប្រើ​គំរូ​មិលគីស្សាដែក ដើម្បី​បង្ហាញ​ពួកគេ​ថា មនុស្ស​ដែល​ពេញ​ដោយ​អំពើ​ទុច្ចរិត អាច​ប្រែចិត្ត​បាន ហើយ​ចូល​ទៅក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ ( សូមមើល អាលម៉ា 13:17–18; សូមមើល​ផងដែរ គ. និង ស. 84:24 ) ។

ប្រធាន យ៉ូសែប អេហ្វ. ស៊្មីធ បាន​មាន​ប្រសាសន៍​ថា ការចូល​ទៅក្នុង​ទីសម្រាក​របស់​ព្រះ « មានន័យ​ថា ការចូល​ទៅក្នុង​ការចេះដឹង និង សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដោយ​មាន​សេចក្ដី​ជំនឿ​ក្នុង​គោលបំណង និង ផែនការ​របស់​ទ្រង់ រហូត​ដល់​កម្រិត​មួយ​ដែល យើង​ដឹង​ថា​យើង​ត្រឹមត្រូវ ហើយ​ថា យើង​មិនមែន​កំពុងតែ​ស្វែងរក​អ្វី​ផ្សេងទៀត​នោះទេ យើង​មិន​ត្រូវបាន​រុកគួន​ដោយ​ខ្យល់​នៃ​សេចក្ដី​បង្រៀន​បោក ឬ ដោយ​សេចក្ដី​ឆបោក​របស់​ផង​មនុស្ស ហើយ​ដោយ​ឧបាយកល​ដែល​គេ​ប្រើ​នាំ​ឲ្យ​វង្វេង​នោះ​ឡើយ ។ យើង​ស្គាល់​ពី​គោលលទ្ធិ ដែល​ជា​របស់​ព្រះ » ( Teachings of Presidents of the Church: Joseph F. Smith [1998] ទំព័រ 56 ) ។

តើ​អ្នក​រំពឹង​ថា ការប្រព្រឹត្ត​របស់​មនុស្ស​ម្នាក់​ គួរ​តែមាន​ដូចម្ដេច ប្រសិនបើ​គាត់​បាន​ចូល​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់​នៅក្នុង​ជីវិត​នេះ ដូច​ជា​ប្រធាន យ៉ូសែប អេហ្វ. ស៊្មីធ បាន​ពិពណ៌នា​ពី​វា​នោះ ?

អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី បាន​បង្រៀន​ថា ៖ « ពួក​បរិសុទ្ធ​ដ៏​ពិត​ប្រាកដ ចូល​ទៅក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ ខណៈដែល​នៅក្នុង​ជីវិត​នេះ ហើយ​ដោយ​ការនៅ​ជាប់​នឹង​សេចក្ដីពិត នោះ​ពួកគេ​បន្ត​នៅក្នុង​ស្ថានភាព​ដ៏​មាន​ពរជ័យ​នោះ រហូត​ដល់​ពួកគេ​ចូល​ក្នុង​សេចក្ដី​សម្រាក​ជាមួយ​ព្រះអម្ចាស់​នៅ​ស្ថានសួគ៌ ។ … សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ នៅក្នុង​ភាពអស់កល្ប​ជានិច្ច គឺ​ការដែល​បាន​គ្រង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ទទួលបាន​នូវ​ភាពពេញលេញ​នៃ​សិរី​រុងរឿង​របស់​ព្រះអម្ចាស់ » ( Mormon Doctrine, កំណែ​ទីពីរ [1966] ទំព័រ 633 ) ។

បន្ទាប់ពី​អាលម៉ា​បានព្រមាន​ប្រជាជន​នៅ​អាំម៉ូណៃហា ឲ្យ​រៀបចំ​សម្រាប់​ការយាង​មក​របស់​ព្រះគ្រីស្ទ​ហើយ ( សូមមើល អាលម៉ា 13:21–26 ) នោះ​លោក​បាន​ផ្ដល់​នូវ​ការណែនាំ​បន្ថែម​ទៀត ពី​របៀប​ដើម្បី​ចូល​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ ។ សូមអាន អាលម៉ា 13:27–29 ដើម្បី​ឃើញ​ពី​ការណែនាំ​ទាំងនោះ​ថា​ជា​អ្វី​ខ្លះ ។

ការបង្រៀន​របស់​អាលម៉ា អាច​ត្រូវបាន​សង្ខេប​ដោយ​គោលការណ៍​ដូច​តទៅ​នេះ ៖ ពេល​យើង​ឆ្លើយតប​ដោយ​បន្ទាប​ខ្លួន ចំពោះ​ការអញ្ជើញ​ឲ្យ​ប្រែចិត្ត នោះនៅ​ទីបំផុត ព្រះវិញ្ញាណ​នឹង​ដឹកនាំ​យើង​ចូល​ទៅកាន់​សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ ។

  1. សូម​រកមើល​ពរជ័យ​មួយ​ក្នុង​ចំណោម​ពរជ័យទាំងឡាយ​ដែល​បាន​លើកឡើង​ក្នុង អាលម៉ា 13:27–29 ដែល​អ្នក​ចង់​ទទួល​បាន ។ បន្ទាប់ពី​អ្នក​រកឃើញ​ពរជ័យ​នោះ​ហើយ សូម​រកមើល​ដំបូន្មាន​ដែល​អាលម៉ា​បាន​ផ្ដល់ ដែល​នឹង​ជួយ​អ្នក​រៀបចំ​ដើម្បី​ទទួល​ពរជ័យ​នោះ ។ បន្ទាប់មក សូម​សរសេរ​គោលដៅ​មួយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដែល​ទាក់ទង​ពី​របៀប​ដែល​អ្នក​នឹង​អនុវត្ត​នូវ​ដំបូន្មាន​របស់​អាលម៉ា ដើម្បី​អ្នក​អាច​ចូល​ទៅក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះអម្ចាស់ នៅក្នុង​ជីវិត​នេះ និង ជីវិត​បន្ទាប់ ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 13 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖