ថ្នាក់​សិក្ខាសាលា
មេរៀនទី 19 ៖ ថ្ងៃទី 1 អាលម៉ា 33–35


មេរៀនទី 19 ៖ ថ្ងៃទី 1

អាលម៉ា 33–35

សេចក្តីផ្ដើម

ដោយ​ប្រើប្រាស់​នូវ​ការបង្រៀន​ដែល​មាន​ក្នុង​ព្រះគម្ពីរ អាលម៉ា​បាន​ជួយ​ដល់​ពួកសាសន៍​​សូរាំ​ជា​ច្រើន​ឲ្យ​យល់​ថា ពួកគេ​អាច​ថ្វាយ​បង្គំ​ព្រះ ដោយ​មិន​គិត​ពី​ស្ថានភាព​របស់​ពួកគេ ។ លោក​បាន​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សម្លឹង​ទៅ​ព្រះយេស៊ូវគ្រីស្ទ និង ជឿ​លើ​ដង្វាយធួន​របស់​ទ្រង់ ។ អាមូលេក​បាន​បញ្ជាក់​ពី​ការបង្រៀន​របស់​អាលម៉ា និង បាន​ប្រកាស​នូវ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​លោក​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ អាមូលេក​បាន​សង្កត់​ធ្ងន់​ថា មាន​តែ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ដែល​មនុស្ស​លោក​អាច​បាន​សង្គ្រោះ ។ លោក​បាន​សន្យា​ថា បុគ្គល​ទាំងឡាយ​អាច​ទទួល​ពរជ័យ​ទាំងអស់​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ពេល​ពួកគេ​អនុវត្ត​សេចក្ដី​ជំនឿ​ទៅកាន់​ការប្រែចិត្ត ។ ពួកសាសន៍​​សូរាំ​ជា​ច្រើន​បាន​ស្ដាប់​តាម​ការព្រមាន​របស់​អាលម៉ា បាន​ប្រែចិត្ត ហើយ​បាន​ចូលរួម​នឹង​ពួក​នីហ្វៃ ។

អាលម៉ា 33:1–10

អាលម៉ា​បង្រៀន​ពួក​សាសន៍​សូរាំ​មួយ​ក្រុម​ថា ពួកគេ​អាច​ថ្វាយ​បង្គំ​ព្រះ នៅក្រៅ​កន្លែង​ថ្វាយ​បង្គំ​របស់​ពួកគេ

សូម​រំឭក​ឡើង​វិញ ដូច​ដែល​មាន​កត់ត្រា​នៅក្នុង អាលម៉ា 32 អាលម៉ា​បាន​បង្រៀន​ពួក​សាសន៍​សូរាំ​អំពី​សេចក្ដី​ត្រូវការ​ក្នុង​ការ​ដាំ​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ចិត្ត​ពួកគេ និង ក្នុង​ការ​អនុវត្ត​សេចក្ដី​ជំនឿ​នៅក្នុង​ព្រះបន្ទូល​នៃ​ព្រះ ។ សូមអាន អាលម៉ា 33:1 ហើយ​រកមើល​សំណួរ​ទាំងឡាយ​ដែល​ពួក​សាសន៍​សូរាំ​មាន អំពី​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​ពួកគេ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​ដល់​សំណួរ​របស់​ពួក​សាសន៍សូរាំ អំពី​ថាតើ​ពួកគេ​គប្បី​ចាប់ផ្ដើម​អនុវត្ត​សេចក្ដី​ជំនឿ​របស់​ពួកគេ​ដោយ​របៀប​ណា ។ បន្ទាប់មក ពេល​អ្នក​សិក្សា អាលម៉ា 33–34 សូម​ប្រៀបធៀប​ការឆ្លើយ​តប​របស់​អ្នក ទៅនឹង​អ្វី​ដែល​អាលម៉ា និង អាមូលេក​បាន​បង្រៀន​ពួកសាសន៍​សូរាំ ។

ពេល​អាលម៉ា​បាន​ចាប់ផ្ដើម​ឆ្លើយ​ដល់​សំណួរ​របស់​ពួកសាសន៍​សូរាំ លោក​បាន​កែតម្រូវ​នូវ​គំនិត​ខុសឆ្គង​មួយ​ស្ដី​អំពី​ការថ្វាយ​បង្គំ​ដែល​កំពុង​រារាំង​ពួកគេ​ពី​ការអនុវត្ត​សេចក្ដី​ជំនឿ​ពួកគេ​ឲ្យ​បាន​ពេញលេញ ។ សូមអាន អាលម៉ា 33:2 ហើយ​រកមើល​គំនិត​ខុសឆ្គង​នេះ ។ សូម​រំឭក​ឡើង​វិញ​ថា ពួកសាសន៍​សូរាំ​ពុំ​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​ក្រីក្រ​ចូល​ក្នុង​កន្លែង​ថ្វាយ​បង្គំ​របស់​ពួកគេ ដើម្បី​ថ្វាយ​បង្គំ​នោះទេ ( សូមមើល អាលម៉ា 32:1–3 ) ។ យោង​ទៅ​តាម អាលម៉ា 33:2 តើ​អាលម៉ា​បាន​ប្រាប់​ដល់​ប្រជាជន​ថា ពួកគេ​គប្បី​ធ្វើ​អ្វីខ្លះ ដើម្បី​ស្វែងរក​ចម្លើយ​ ដែល​នឹង​កែតម្រូវ​ដល់​គំនិត​ខុសឆ្គង​នេះ ?

ដើម្បី​កែតម្រូវ​ដល់​គំនិត​ខុសឆ្គង​របស់​ពួកសាសន៍សូរាំ អំពី​ការថ្វាយ​បង្គំ​ព្រះ នោះ​អាលម៉ា​បាន​ដកស្រង់​បទគម្ពីរ​ដែល​បាន​សរសេរ​ដោយ​ព្យាការី​ម្នាក់​ឈ្មោះ​ស៊ីណូស ។ ស៊ីណូស​បាន​បង្រៀន​ប្រជាជន​អ៊ីស្រាអែល​ក្នុង​ជំនាន់​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ប៉ុន្តែ​ការព្យាករណ៍​របស់​លោក​ត្រូវបាន​កត់ត្រា​តែ​នៅក្នុង​ព្រះគម្ពីរ​មរមន​ប៉ុណ្ណោះ ។ សូមអាន អាលម៉ា 33:3 ហើយ​រកមើល​ពាក្យ​ដែល​អាលម៉ា​បានប្រើ​ដើម្បី​ពិពណ៌នា​ពី​ការថ្វាយ​បង្គំ ។

សូម​ពិចារណា​ក្នុង​ការសរសេរ​នូវ​គោលការណ៍​តទៅ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក នៅក្បែរ អាលម៉ា 33:3 ឬ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ យើង​អាច​ថ្វាយបង្គំ​ព្រះ​ជានិច្ច​តាម​រយៈ​ការអធិស្ឋាន ។

សូមអាន អាលម៉ា 33:4–11 ហើយ​សូម​គូស​ចំណាំ​កាលៈទេសៈ​នីមួយៗ ដែល​ស៊ីណូស​បាន​អធិស្ឋាន ។ តើ​ព្រះអម្ចាស់​បាន​ធ្វើ​អ្វី រាល់ដង​ដែល​ស៊ីណូស​បាន​អធិស្ឋាន ? ដើម្បី​ជួយ​អ្នក​ប្រដូច​ខ​ទាំងនេះ​ទៅនឹង​ជីវិត​អ្នក សូម​គូស​បន្ទាត់​ផ្គូផ្គង​កាលៈទេសៈ​ទាំងឡាយ​ដែល​ស៊ីណូស​បាន​អធិស្ឋាន ទៅនឹង​កាលៈទេសៈ​ស្រដៀង​គ្នា​ទាំងឡាយ​ដែល​អាច​មាន​ក្នុង​ជីវិត​អ្នក​ផ្ទាល់ ។ ( សូម​ជ្រើសរើស​ស្ថានភាព​ទាំងឡាយ​ដែល​ទាក់ទង​គ្នា​បំផុត​ទៅនឹង​ជីវិត​អ្នក ។ ពុំ​មាន​ចម្លើយ​ខុស ឬ ត្រូវ​នៅក្នុង​លំហាត់​នេះ​ទេ ) ។

កាលៈទេសៈ​របស់​ស៊ីណូស

កាលៈទេសៈ​របស់​អ្នក

នៅក្នុង​ទីវាល​រហោស្ថាន

នៅ​កន្លែង​ធ្វើការ

ស្ដីអំពី​ពួក​មារសត្រូវ​របស់​លោក

នៅ​ព្រះវិហារ

នៅ​ទីវាល​របស់​លោក

ការអធិស្ឋាន​ជា​គ្រួសារ

នៅក្នុង​ផ្ទះ​របស់​លោក

ពេល​អ្នក​ពុំ​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី ឬ ពេល​អ្នក​ភ័យខ្លាច

នៅក្នុង​បន្ទប់​របស់​លោក

ពេល​អ្នក​មាន​អារម្មណ៍​ឯកោ

នៅក្នុង​ក្រុម​ជំនុំ​របស់​ព្រះអម្ចាស់

ការអធិស្ឋាន​ផ្ទាល់ខ្លួន

ពេល​លោក​ត្រូវ​បណ្ដេញ​ចេញ និង ត្រូវ​គេ​ស្អប់

នៅក្នុង​គ្រប់​កាលៈទេសៈ​លំបាក​ទាំងឡាយ​របស់​អ្នក

នៅក្នុង​គ្រប់​សេចក្ដី​ទុក្ខ​វេទនា​របស់​លោក

ពេល​អ្នក​មាន​បញ្ហា​ជាមួយ​មិត្តភក្ដិ

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការអធិស្ឋាន​នៅក្នុង​កាលៈទេសៈ​ទាំងអស់​នេះ អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​អ្នក​យ៉ាងណា​ដែរ ? សូម​សរសេរ​គោលដៅ​ផ្ទាល់​ខ្លួន​មួយ ពី​របៀប​ដែល​អ្នក​អាច​អធិស្ឋាន​កាន់តែ​ញឹកញាប់ ។

សូម​ពិចារណា​ពី​ការគូស​ចំណាំ​ឃ្លា​ទាំងឡាយ​នៅក្នុង អាលម៉ា 33:4–5, 8–9 ដែល​លើកឡើង​ពី​សេចក្ដី​មេត្តា​ករុណា​នៃ​ព្រះ ហើយ​សូម​សញ្ជឹង​គិត ថាតើ​ការអធិស្ឋាន​កាន់តែ​ញឹកញាប់ អាច​ជួយ​អ្នក​ទទួល​អារម្មណ៍ពី​សេចក្ដី​មេត្តា​ករុណា និង សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​តាម​របៀប​ណា ។ សូម​រកមើល​ពី​មូលហេតុ​ដែល​សេចក្ដី​មេត្តា​ករុណា​នេះ​អាច​កើតមាន ពេល​អ្នក​បន្ត​សិក្សា អាលម៉ា 33 ។

អាលម៉ា 33:11–23

អាលម៉ា​បង្រៀន​ពួក​​សាសន៍​សូរាំ​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
ការឆ្កាង

មូលហេតុ​មួយ ដែល​ពួកសាសន៍​សូរាំ​មួយ​ចំនួន​មានបញ្ហា​ក្នុង​ការដឹង​ពី​របៀប​ថ្វាយបង្គំ​ព្រះ គឺ​ដោយសារ​ពួកគេ​ពុំ​បាន​ដឹង​ថា សេចក្ដី​ជំនឿ​របស់​ពួកគេ ​គប្បី​ជឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​ពុំ​បាន​យល់ ឬ ជឿ​លើ​តួនាទី​របស់​ទ្រង់ នៅក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ទេ ( សូមមើល អាលម៉ា 33:14 ) ។ សូមអាន អាលម៉ា 33:12–16 ដែល​ក្នុង​នោះ​អាលម៉ា​បាន​ពិភាក្សា​ពី​ការបង្រៀន​របស់​ស៊ីណូស ហើយ​បន្ទាប់​មក​បាន​ណែនាំ​ពី​ពាក្យ​សម្ដី​របស់​ស៊ីណូស ដែល​ជា​ព្យាការី​ក្នុង​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ចាស់​ម្នាក់​ទៀត ។ សូម​រកមើល​ពរជ័យទាំងឡាយ ដែល​អាលម៉ា​បាន​កំណត់​ឲ្យ​ឃើញ​ថា​មាន​ដល់​យើង ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ឃ្លា « ដោយសារ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ » រាល់ដង​ដែល​ឃើញ​វា ។ ចេញពី​ខ​ទាំងនេះ យើង​រៀន​សេចក្ដី​ពិត​នេះ ៖ យើង​ទទួល​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះវរបិតាសួគ៌ រួមទាំង​ការអត់ទោស​ដល់​អំពើ​បាប​ទាំងឡាយ​របស់​យើង ដោយសារ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សញ្ជឹង​គិត​ពី​សេចក្ដី​មេត្តា​ករុណា​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​អ្នក រួមទាំង​លទ្ធភាព​ក្នុង​ការប្រែចិត្ត និង បាន​ការអត់ទោស​ពី​អំពើបាប​ទាំងឡាយ​របស់​អ្នក ដោយសារ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

ក្រៅពី​ការរំឭក​ដល់​ពួកសាសន៍​សូរាំ អំពី​ការបង្រៀន​របស់​ស៊ីណូស និង ស៊ីណុក អាលម៉ា​ក៏​បាន​រំឭក​ពួកគេ ពី​គ្រា​​មួយ​ដែល​ម៉ូសេ​បាន​បង្រៀន​អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ផងដែរ ។ ពេល​ម៉ូសេ និង កូនចៅ​នៃ​សាសន៍​អ៊ីស្រាអែល​នៅក្នុង​ទីវាល​រហោស្ថាន មាន​សត្វ​ពស់​ពិស​ចិក​​ប្រជាជន ។ ព្រះអម្ចាស់​បាន​ប្រាប់​ដល់​ម៉ូសេ ឲ្យ​ធ្វើ​សត្វពស់​​លង្ហិនមួយ រួច​ចង​វា​នៅលើ​បង្គោល​មួយ ហើយ​បញ្ជា​ឲ្យ​ពួក​អ៊ីស្រាអែល ​ដែល​ត្រូវ​ពស់​ចិកនោះ សម្លឹងមើល ។ ពស់​លង្ហិន​នៅលើ​បង្គោល​នោះ គឺជា « គំរូ » មួយ ឬ ជា​និមិត្តរូប​មួយ​ពី​ព្រះយេស៊ូវគ្រីស្ទ​នៅលើ​ឈើឆ្កាង ( សូមមើល អាលម៉ា 33:19 ) ។

រូបភាព
ម៉ូសេ និង ពស់​លង្ហិន

សូមអាន អាលម៉ា 33:19–20 ហើយ​រកមើល​ពី​អ្វី​ដែល​បាន​កើតឡើង​ដល់​ពួក​សាសន៍​អ៊ីស្រាអែល ដែល​បាន​ជ្រើសរើស​សម្លឹង​មើល​ពស់​លង្ហិន​នោះ ពេលដែល​ពួកគេ​ត្រូវ​ពស់​ចិក និង អ្វី​ដែល​បាន​កើតឡើង​ដល់​ពួក​អ្នក​ ដែល​ជ្រើសរើស​មិន​សម្លឹង​មើល ។

សូម​ពិចារណា​ពី​ចម្លើយ​ចំពោះ​សំណួរ​តទៅ​នេះ ៖ តើ​ដំណើរ​រឿង​នៃ​សាសន៍​អ៊ីស្រាអែល និង ពស់​លង្ហិន បង្រៀន​យើង​អ្វី​ខ្លះ ដែល​យើង​ត្រូវតែ​ធ្វើ​ដើម្បីទទួល​​បាន​ការព្យាបាល​ខាង​វិញ្ញាណ ? តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​សម្លឹង​ទៅ​ព្រះអង្គ​សង្គ្រោះ ដើម្បី​ទ្រង់​អាច​ជួយ​អ្នក​ខាង​វិញ្ញាណ ?

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​មាន​របៀប​ជាក់លាក់​អ្វី​ខ្លះ ដែល​អ្នក​អាច​សម្លឹង​ទៅកាន់​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​ជីវិត​អ្នក​រាល់ថ្ងៃ ?

សូមអាន អាលម៉ា 33:22–23 ហើយ​គូស​ចំណាំ​អ្វី​ដែល​យើង​ត្រូវ​ជឿ អំពី​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ទ្រង់ ។

អាលម៉ា 34:1–14

អាមូលេក​បង្រៀន​ពួកសាសន៍​សូរាំ​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ

ទីបន្ទាល់​របស់​អាមូលេក ទៅកាន់​ពួកសាសន៍​សូរាំ ដូចដែល​មាន​កត់ត្រា​ក្នុង អាលម៉ា 34 បាន​ផ្ដល់​នូវ​ទីបន្ទាល់​ទីពីរ​ចំពោះ​ទីបន្ទាល់​របស់​អាលម៉ា​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អាន​មួយ​ផ្នែក​នៃ​ទីបន្ទាល់​របស់​អាមូលេក ដែល​មាន​ក្នុង អាលម៉ា 34:8–9 ហើយ​ពិចារណា​ក្នុង​ការគូស​ចំណាំ​នូវ​អ្វី ដែល​អាមូលេក​បាន​បង្រៀន​អំពី​ការត្រូវការ​នូវ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សញ្ជឹង​គិត​ពី​សំណួរ​នេះ ៖ តើ​ជីវិត​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាងណា បើ​ព្រះយេស៊ូវគ្រីស្ទ​ពុំ​បាន​យាង​មក ហើយ​បំពេញ​តួនាទី​ដ៏​ពិសេស​របស់​ទ្រង់​ទេ​នោះ ?

សូមអាន អាលម៉ា 34:10–14 ហើយ​រកមើល​ឃ្លា​ទាំងឡាយ​ដែល​រួមបញ្ចូល​ពាក្យ ដ៏​និរន្តរ៍ និង អស់កល្ប​ជានិច្ច ។ សូម​សរសេរ​សេចក្ដី​ពិត​តទៅនេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ដង្វាយធួន​ដ៏​និរន្តរ៍ និង អស់កល្ប​ជានិច្ច​របស់​ព្រះយេស៊ូវគ្រីស្ទ ផ្ដល់​នូវ​សេចក្ដី​សង្គ្រោះ​ដល់​មនុស្សលោក​ទាំងអស់ ។

ដើម្បី​ជួយ​យើង​ឲ្យ​យល់ ថាតើ​ដង្វាយធួន​គឺ​និរន្តរ៍ និង អស់កល្ប​ជានិច្ច​មានន័យ​យ៉ាងណា នោះ​ប៊ីស្សព រីឆាឌ ស៊ី. អែជ្ជលី នៃ​គណៈប៊ីស្សព​ជា​អធិបតី បាន​បង្រៀន​ថា ៖ « ក្នុង​ការនិយាយ​ដល់​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ខ្ញុំ​ចូលចិត្ត​និយមន័យ​ក្នុង​វចនានុក្រម​នូវ​​ពាក្យ និរន្តរ៍ និង អស់កល្ប​ជានិច្ច ពីព្រោះ​ខ្ញុំ​ជឿ​ថា វា​ពន្យល់​យ៉ាង​ត្រឹមត្រូវ​ពី​អ្វីដែល​​ព្រះឲ្យន័យ ។ និរន្តរ៍ ៖ ‹ ពុំមាន​ព្រំដែន ឬ ការកំណត់ › ។ ហើយ​និយមន័យ​របស់ អស់កល្ប​ជានិច្ច ៖ ‹ ពុំមាន​ការចាប់ផ្ដើម ឬ ចុង​បញ្ចប់ › ( The American Heritage Dictionary of the English Language, 4th ed. [2000], “infinite,” “eternal,” ទំព័រ 898, 611 ) » ( “For Thy Good” Ensign ខែ ឧសភា ឆ្នាំ 2002 ទំព័រ 66 ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ អាច​ជា​និរន្ដរ៍ និង អស់កល្ប​ជានិច្ចតាមរបៀប​ណា​ខ្លះ ?

    2. តើ​ការដឹង​ថា ដង្វាយធួន​គឺ​ជា​និរន្តរ៍ និង អស់កល្ប​ជានិច្ច បង្កើន​ការដឹងគុណ​របស់​អ្នក​ចំពោះ​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ណា ? តើ​វា​បង្កើន​នូវ​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ទ្រង់​តាម​របៀបណា​ដែរ ?

អាលម៉ា 34:15–41

អាមូលេក​បង្រៀន​ពី​របៀប​ដើម្បី​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន

សូមអាន អាលម៉ា 34:15–17 ដើម្បី​ឃើញ​ពី​អ្វី​ដែល​អាមូលេក​បាន​បង្រៀន​ដល់​ពួក​សាសន៍​សូរាំ​ថា​ពួកគេ​ត្រូវធ្វើ ដើម្បី​ទទួល​ពរជ័យ​ទាំងឡាយ ​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះរាជបំណង​ប្រទាន​ដល់​យើង តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។ សូម​សរសេរ​សេចក្ដី​ពិត​តទៅនេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ដើម្បី​ទទួល​បាន​នូវ​ពរជ័យ​ពេញលេញ​នៃ​ដង្វាយធួន យើង​ត្រូវតែ​អនុវត្ត​សេចក្ដី​ជំនឿ​ទៅរក​​ការប្រែចិត្ត ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ពី ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ នៃ​គណៈ​ប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ

« យើង​ត្រូវការ​សេចក្ដី​ជំនឿ​ដ៏​រឹងមាំ​មួយ ដើម្បី​អាច​ប្រែចិត្ត ។ … បើ​យើង​ជឿ​ថា ព្រះ​ទ្រង់​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ ពេញ​ដោយ​ក្ដី​ស្រឡាញ់ និង ពេញ​ដោយ​សេចក្ដី​មេត្តា​ករុណា នោះ​យើង​នឹង​អាច​ដាក់​ការទុកចិត្ត​របស់​យើង​លើ​ទ្រង់​ដោយ​ពុំ​ងាករេ ដើម្បី​បាន​សេចក្ដី​សង្គ្រោះ​របស់​យើង ។ សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នឹង​ផ្លាស់ប្ដូរ​ការគិត ការជឿ និង ការប្រព្រឹត្ត​របស់​យើង ដែល​មិន​ស្រប​នឹង​ព្រះបំណង​របស់​ព្រះ ។

« ការប្រែចិត្ត​ដ៏​ពិត នាំ​យើង​ត្រឡប់​ទៅ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​វិញ ។ … ការប្រែចិត្ត​មានន័យ​ថា ការផ្លាស់ប្ដូរ​គំនិត និង ដួងចិត្ត—យើង​ឈប់​ធ្វើ​អ្វីៗ​ដែល​ខុស ហើយ​យើង​ចាប់ផ្ដើម​ធ្វើ​អ្វីៗ​ដែល​ត្រឹមត្រូវ​វិញ ។ វា​នាំ​មកដល់​យើង​នូវ​អាកប្បកិរិយា​ថ្មី​មួយ​ចំពោះ​ព្រះ ចំពោះមនុស្ស​ម្នាក់ និង ចំពោះ​ជីវិត​ជា​ទូទៅ » ( “Point of Safe Return” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2007 ទំព័រ 100 ) ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​តាម​របៀប​ណា ពេល​យើង​ប្រែចិត្ត ?

សូមអាន អាលម៉ា 34:17–27 ហើយ​រកមើល​អ្វី​ដែល​អាមូលេក​បាន​បង្រៀន អំពី​ពេលណា​ដែល​យើង​គប្បី​អធិស្ឋាន និង អំពី​អ្វី​ដែល​យើង​គួរ​អធិស្ឋាន ។ តើ​អ្នក​គិត​ថា ដំបូន្មាន​នេះ​បាន​ជួយដល់​​ពួក​សាសន៍​សូរាំ ដែល​បានគិត​ថា ពួកគេ​អាច​ថ្វាយបង្គំ​តែ​ម្ដង​ក្នុង​មួយ​សប្ដាហ៍​នោះ ដោយ​របៀបណា​ដែរ ? សូម​ជ្រើសរើស​ខ​មួយ​ដែល​អ្នក​គិត​ថា អាច​ជួយ​អ្នក​បាន​ជា​ពិសេស ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​ដំបូន្មាន ​អំពី​ការអធិស្ឋាន នៅក្នុង​ខ​នេះ អំឡុង​ពេល​សប្ដាហ៍​ខាងមុខ​នេះ ។

អាមូលេក​បាន​បង្រៀន​ថា យើង​គប្បី​មាន​ឆន្ទៈ​ក្នុង​ការទទួល​យក​នូវ​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​ការប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​យើង​ឥឡូវ​នេះ ជាជាង​រង់ចាំ​ប្រែចិត្ត​នៅ​ពេលក្រោយ ។ សូមអាន អាលម៉ា 34:30–35 ហើយ​គូស​បន្ទាត់​ពីក្រោម​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​កំណត់​ពី​មូលហេតុ ដែល​យើង​ពុំ​គួរ​ពន្យាពេល​ក្នុង​ការប្រែចិត្ត​របស់​យើង ។ នៅក្នុង​ខ 31 សូម​រកមើល​ពរជ័យ​ដែល​អាមូលេក​បាន​និយាយ​ថា នឹង​មាន​​ដល់​ពួក​អ្នក​ដែល​ជ្រើសរើស​ដើម្បី​ប្រែចិត្ត​ឥឡូវ​នេះ ។ សូម​រំឭក​ខ 32 ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​បន្ទាប់​មក​ពិចារណា​ថា ៖ តើ​ខ​នេះ​អាច​ជះ​ឥទ្ធិពល​ដល់របៀប​ដែល​ខ្ញុំ​រស់នៅ​រាល់ថ្ងៃ​ដោយ​របៀប​ណា ?

សូម​រំឭក អាលម៉ា 34:33 ហើយ​ពិចារណា​ពី​អ្វី​ដែល ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​មាន​ប្រសាសន៍​ថា ៖ « ដូច​ដែល​វា​អាច​ត្រូវ​នឹង​គោលការណ៍​ដំណឹងល្អ​ដែរ ការពន្យា​ពេល​គឺជា​ចោរ​លួច​នៃ​ជីវិត​អស់កល្ប​ជានិច្ច ដែល​ជា​ជីវិត​រស់​នៅ​ក្នុង​វត្តមាន​របស់​ព្រះវរបិតា និង ព្រះរាជបុត្រា ។ មាន​មនុស្ស​ជាច្រើន​ក្នុង​ចំណោម​ពួកយើង សូម្បីតែ​សមាជិក​នៃ​សាសនាចក្រ​ផងដែរ ដែល​មាន​អារម្មណ៍​ថា ពុំ​ចាំបាច់​ប្រញាប់​ប្រញាល់​ទេ នៅក្នុង​ការប្រតិបត្តិ​តាម​គោលការណ៍​ដំណឹងល្អ និង ក្នុង​ការរក្សា​បទបញ្ញត្តិ​ទាំងឡាយនោះ » ( នៅក្នុង Conference Report ខែ មេសា ឆ្នាំ 1969 ទំព័រ 121 ) ។

អាលម៉ា 35

ពួក​សាសន៍​សូរាំ​ដែល​ប្រែចិត្ត​បាន​ស្នាក់នៅ​ក្នុង​ចំណោម​ពួក​សុចរិត

ពួក​សាសន៍​សូរាំ​ជាច្រើន​បាន​ស្ដាប់​តាម​ការព្រមាន​របស់​អាមូលេក ក្នុង​ការ​មិន​​ពន្យា​ពេលធ្វើការ​​​ប្រែចិត្ត​របស់​ពួកគេ ហើយ​ពួកគេ​បាន​ប្រែចិត្ត និង បាន​ផ្លាស់​ប្ដូរ​ជីវិត​គេ ។ ពួក​អ្នក​គ្រប់គ្រង​សាសន៍​សូរាំ បាន​បណ្ដេញ​ពួកគេ​ចេញ​ពី​ដែនដី​របស់​គេ ហើយ​ប្រជាជន​ទាំងនេះ​បាន​មក​ឯ​ដែនដី​យើសុន ជា​កន្លែង​ដែល​ពួកគេ​ត្រូវបាន​ស្វាគមន៍​ដោយ​ប្រជាជន​អាំម៉ូន—ដែល​ត្រូវបាន​ហៅ​ថា អាន់តៃ-នីហ្វៃ-លីហៃ នោះ ( សូមមើល អាលម៉ា 35:6–7 ) ។ ពួកសាសន៍​​សូរាំ​ដែល​ទុច្ចរិត និង ពួក​សាសន៍​លេមិន ​បាន​ខឹង ដែល​ប្រជាជន​អាំមូន​បាន​ទទួល​ពួកសាសន៍​​សូរាំ​ដែល​ប្រែចិត្ត ហើយ​ពួកគេ​បាន​ចាប់ផ្ដើម​រៀបចំធ្វើ​សង្គ្រាម​ទាស់​នឹង​ពួក​សាសន៍​នីហ្វៃ ( សូមមើល អាលម៉ា 35:8–11 ) ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 33–35 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖