ថ្នាក់​សិក្ខាសាលា
មេរៀនទី 18 ៖ ថ្ងៃទី 1 អាលម៉ា 25–29


មេរៀនទី 18 ៖ ថ្ងៃទី 1

អាលម៉ា 25–29

សេចក្តីផ្ដើម

បន្ទាប់​ពី​ការផ្សព្វផ្សាយ​ដំណឹងល្អ​អស់​ជាច្រើន​ឆ្នាំ​មក អាំម៉ូន​បាន​សរសើរ​តម្កើង​ព្រះអម្ចាស់ និង បង្ហាញ​ពី​ការដឹងគុណ​ចំពោះ​ពរជ័យ​នៃ​ការធ្វើ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​រស់​ទ្រង់ ក្នុង​ការនាំ​ដំណឹងល្អ​ទៅដល់​ពួក​សាសន៍​លេមិន ។ ពួក​សាសន៍​លេមិន​ជាច្រើន​នាក់​បាន​ចាប់ផ្ដើម​ជឿ​លើ​ព្រះអម្ចាស់ ប្រែចិត្ត និង បាន​ហៅ​ខ្លួន​គេ​ថា អាន់តៃ-នីហ្វៃ-លីហៃ ។ បន្ទាប់​ពី​ពួក​សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ បាន​ធ្វើ​សេចក្ដី​សញ្ញា​មួយ​ជាមួយ​នឹង​ព្រះ ថា​នឹង​មិនដែល​លើក​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​ម្ដងទៀត​ឡើយ នោះ​ពួក​សាសន៍​អាម៉ាលេកៃ និង ពួក​សាសន៍​លេមិន​បាន​ចាប់ផ្ដើម​រៀបចំ​ធ្វើ​សង្គ្រាម​ទាស់​នឹង​ពួកគេ ។ ដើម្បី​ជួយ​ពួកគេ​រក្សា​សេចក្ដី​សញ្ញា​របស់​គេ​ជាមួយ​ព្រះអម្ចាស់ ពួក​សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ បាន​ទទួលយក​ការការពារ​ពី​ពួក​សាសន៍​នីហ្វៃ ។ ព្យាការី​សាសន៍​នីហ្វៃ គឺ​អាលម៉ា បាន​បង្ហាញ​ពី​សេចក្ដី​អំណរ ដែល​លោក​បាន​មាន​ពី​ការផ្សព្វផ្សាយ​ដំណឹងល្អ និង ការអញ្ជើញ​អ្នក​ដទៃ​ទៀត​ឲ្យ​មករក​ព្រះយេស៊ូវគ្រីស្ទ ។

អាលម៉ា 25

ការព្យាករណ៍​របស់​អ័ប៊ីណាដៃ ត្រូវបាន​បំពេញ ហើយ​ពួក​សាសន៍​លេមិន​ជាច្រើន​បានផ្លាស់​​ប្រែចិត្ត​ជឿ

សូម​គិត​អំពី​ការផ្លាស់​ប្ដូរ​ណា​ក៏​ដោយ ដែល​អ្នក​បាន​ធ្វើ ពេល​អ្នក​ប្រែចិត្ត​ជឿ​កាន់តែ​ខ្លាំង​ទៅលើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អាលម៉ា 25 ប្រាប់​ពី​ការបំពេញ​នូវ​ការព្យាករណ៍​របស់​អ័ប៊ីណាដៃ​ដែល​ថា កូនចៅ​នៃ​ពួក​សង្ឃ​របស់​ស្ដេច​ណូអេ នឹង​ត្រូវគេ​ដេញ​ចាប់ និង សម្លាប់ ហើយ​បង្ហាញ​ថា ព្រះអម្ចាស់​ការ​ពារ​ដល់ពួក​ព្យាការី​ទ្រង់ និង បំពេញ​ការព្យាករណ៍​ដ៏​បំផុស​គំនិត​របស់​ពួកលោក ( សូមមើល អាលម៉ា 25:9 ) ។ វា​ក៏​ប្រាប់​ផងដែរ ពី​របៀប​ដែល​ពួក​សាសន៍​លេមិន​បាន​ប្រែចិត្ត ហើយ​ចូលរួម​ជាមួយ​ពួកសាសន៍​អាន់តៃ-នីហ្វៃ-លីហៃ ។ សូមអាន អាលម៉ា 25:14 ហើយ​រកមើល​ពី​អ្វី​ដែល​ពួក​សាសន៍​លេមិន​ទាំងនេះ​បាន​ធ្វើ ពេល​ពួកគេ​បានប្រែចិត្ត​ជឿ​ដល់​ដំណឹងល្អ ។ នៅក្នុង អាលម៉ា 25:15 យើង​រៀន​ពី​មូលហេតុ​ពីរ ដែល​ពួកគេ​រក្សា​ក្រិត្យវិន័យ​លោក​ម៉ូសេ ។

អាលម៉ា 26

អាំម៉ូន​ត្រេកអរ​នៅក្នុង​សេចក្ដី​មេត្តា​របស់​ព្រះអម្ចាស់​ចំពោះ​ពួក​សាសន៍​លេមិន និង ពួក​បុត្រា​នៃ​ម៉ូសាយ

រូបភាព
អ្នក​ធ្វើការ​សំណង់​ប្រើប្រាស់​ឧបករណ៍

តើ​ត្រូវការ​អ្វី​ខ្លះ ដើម្បី​កសាង​ផ្ទះ​មួយ ឬ ព្រះវិហារ​មួយ ? តើ​សាសនាចក្រ​បែប​ណា ដែល​ជាង​ដ៏​ចំណាន​ម្នាក់​ អាច​សាងសង់​ជាមួយ​នឹង​សម្ភារ និង ឧបករណ៍​ទាំងឡាយ​ដ៏​ត្រឹមត្រូវ ? នៅក្នុង អាលម៉ា 26 អាំម៉ូន​បានពិពណ៌នា​ពី​ខ្លួនលោក និង បងប្អូន​របស់​លោក ថា​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះ ក្នុង​ការធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ ។ សូមអាន អាលម៉ា 26:1–5, 12–13 ហើយ​រកមើល​ពី​អ្វី​ដែល​ព្រះអម្ចាស់​សម្រេច​បាន ដោយ​ការប្រើប្រាស់​អាំម៉ូន និង បងប្អូន​របស់​លោក ជា​ឧបករណ៍​ក្នុង​ព្រះហស្ដ​ទ្រង់ ។ ( អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ចម្លើយ​ទាំងឡាយ ដែល​អ្នក​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ) ។ នៅក្នុង ខ 5 ឃ្លា​ថា « លូក​កណ្ដៀវ » មានន័យ​ថា ធ្វើការ​ដោយ​ឧស្សាហ៍ « កណ្ដាប់​ស្រូវ » តំណាង​ឲ្យ​ពួក​អ្នក​ប្រែចិត្ត​ជឿ « ជង្រុក » តំណាង​ឲ្យ​សាសនាចក្រ និង ឃ្លា​ដែល​ថា ពួក​អ្នក​ដែល​ត្រូវបាន​ប្រមូល​គឺ​ពុំ​ត្រូវ « ខាតបង់ » គឺ​សំដៅ​ថា ព្រះ​រក្សា​ពួក​អ្នកប្រែចិត្ត​ជឿ ហើយនិង​ប្រទាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​ពួកគេ ។

សូម​រកមើល ឬ គូស​ចំណាំ​ឃ្លា​មួយ ឬ ច្រើន​ជាង​មួយ នៅក្នុង អាលម៉ា 26:12 ដែល​ចង្អុល​បង្ហាញ​ថា អាំម៉ូន​បាន​យល់​ថា លោក​គ្រាន់តែ​ជា​ឧបករណ៍​មួយ​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ហើយ​ថា គឺ​ព្រះអម្ចាស់ទេ​តើ ​ដែល​ធ្វើ​អព្ភូហេតុ​ទាំងឡាយ​អំឡុង​ពេល​នៃ​បេសកកម្ម​របស់​លោក ។

ចេញពី​ខ​ទាំងនេះ យើង​រៀន​ពី​គោលការណ៍​នេះ ៖ ពេល​យើង​រៀបចំ និង បន្ទាប​ខ្លួនយើង នោះ​ព្រះអម្ចាស់​ពង្រឹង​យើង និង ប្រើប្រាស់​យើង​ជា​ឧបករណ៍​មួយ​នៅក្នុង​ព្រះហស្ដ​ទ្រង់ ។ យើង​ក៏​បានរៀន​ពី គោលការណ៍​អម​មួយ​ទៀត នៅក្នុង អាលម៉ា 26 គឺ ៖ យើង​មាន​បទពិសោធន៍​នៃ​សេចក្ដី​អំណរ ពេល​យើង​បម្រើ​ព្រះអម្ចាស់ និង កូនចៅ​ទ្រង់​ដោយ​ស្មោះត្រង់ ។ សូមអាន អាលម៉ា 26:11, 13, 16 ហើយ​គូស​ចំណាំ​ពាក្យ សេចក្ដី​អំណរអររីករាយ រាល់​ដង​ដែល​អ្នក​ឃើញ​វា ។

សូមអាន អាលម៉ា 26:13–16 ហើយ​រកមើល​មូលហេតុ​ទាំងឡាយ ដែល​អាំម៉ូន​បានផ្ដល់ឲ្យ​ ចេញ​ពី​ការអររីករាយ​របស់​លោក ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​មូលហេតុ​ដែល​អ្នក​គិត​ថា យើង​ទទួល​បាន​បទពិសោធន៍​នៃ​សេចក្ដី​អំណរ ពេល​យើង​នៅក្នុង​ការបម្រើ​របស់​ព្រះអម្ចាស់ ។ អ្នក​អាច​នឹង​ចង់​សរសេរ​ផងដែរ អំពី​ពេលមួយ ដែល​អ្នក​បាន​មាន​អារម្មណ៍​នៃ​សេចក្ដី​អំណរ ដែល​ជា​លទ្ធផល​មួយ​នៃ​ការបម្រើ​របស់​អ្នក​នៅក្នុង​សាសនាចក្រ ។

សូម​អាន​ខ​ទាំងឡាយ​ខាងក្រោម​នេះ ហើយ​សូម​គិត​ពី​ចម្លើយ​ដល់​សំណួរ​ដែល​អម​មក​ជាមួយ​នេះ ៖

អាលម៉ា 26:22–23, 26–29 ។ សូម​កត់ចំណាំ​ពី​តម្រូវការ​ទាំងឡាយ ដើម្បី​ដឹង​ពី​អាថ៌កំបាំង​របស់​ព្រះ ដែល​មាន​រៀបរាប់​ក្នុង​នោះ ។ តើ​ការសន្យា​អ្វី ដែល​មាន​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​មាន​លក្ខណៈ​សម្បត្តិ​ទាំងនេះ ? តើមាន​​ឧបសគ្គ​អ្វី​ខ្លះ ដែល​អាំម៉ូន និង បងប្អូន​លោក​បាន​ជួប នៅក្នុង​ការបម្រើ​របស់​ពួកលោក ចំពោះ​ព្រះអម្ចាស់ និង ពួក​សាសន៍​លេមិន ? តើ​ឧបសគ្គ​ណា​មួយ​ក្នុង​ចំណោម​ឧបសគ្គ​ទាំងនេះ ស្រដៀង​គ្នា​ទៅនឹង​ឧបសគ្គ​ទាំងឡាយ​ដែល​បាន​ជួប​ប្រទះ ដោយ​ពួក​អ្នក​ទាំងឡាយ​ដែល​បម្រើ​ព្រះអម្ចាស់​នៅ​សព្វថ្ងៃ​នេះ ? តើ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​សម័យ​ទំនើប​នេះ រៀន​អ្វី​ខ្លះ​ចេញពី អាលម៉ា 26:29 អំពី​ទីកន្លែង​ដែល​ពួកគេ​គួរ​បង្រៀន​ដំណឹងល្អ ?

អាលម៉ា 26:30 តើ​អ្វី​ដែល​បាន​លើក​ទឹកចិត្ត​ដល់​ពួក​បុត្រា​នៃ​ម៉ូសាយ ឲ្យ​បន្ត​បម្រើ សូម្បីតែ​នៅ​អំឡុង​ពេល​នៃ​គ្រា​ដ៏​លំបាក​ទាំងឡាយ​នោះ ?

  1. សូមអាន អាលម៉ា 26:35–37 ហើយ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​សេចក្ដី​ពិត​អ្វី​ខ្លះ ដែល​មាន​បង្រៀន​នៅក្នុង​ខ​ទាំងនេះ ដែល​នឹង​ផ្ដល់​ដល់​អ្នក​នូវ​មូលហេតុ​ទាំងឡាយ​ដើម្បី​អររីករាយ នៅក្នុង​សេចក្ដី​ល្អ​នៃ​ព្រះ ? ( អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ឃ្លា​ទាំងឡាយ ដែល​ចង្អុល​បង្ហាញ​ពី​សេចក្ដី​ពិត​ទាំងនេះ ) ។

    2. តើ​មាន​ភាពខុស​ប្លែក​គ្នា​យ៉ាងណា ក្នុង​ការដែល​ដឹង​ថា​ព្រះអម្ចាស់​ចងចាំ​អ្នក ?

អាលម៉ា 27

អាំម៉ូន​ដឹកនាំ​ប្រជាជន​អាន់តៃ-នីហ្វៃ-លីហៃ ទៅកាន់​កន្លែង​សុវត្ថិភាព​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ

ពេល​អ្នក​រៀបចំ​សិក្សា អាលម៉ា 27 សូម​គិត​អំពី​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​ធ្លាប់​មាន​នរណា​ម្នាក់​ធ្វើ​ការសន្យា​ដល់​អ្នក ហើយ​បន្ទាប់​មក​ក្បត់​ការ​សន្យា​នោះ​ឬទេ ?

  • តើ​អ្នក​ស្គាល់​នរណា​ម្នាក់ ដែល​តែងតែ​រក្សា​ការសន្យា​របស់​គាត់​ចំពោះ​អ្នក​ដែរ​ឬ​​ទេ ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ចំពោះ​មនុស្ស​ដែល​រក្សា​ការសន្យា​របស់​ពួកគេ ? ហេតុអ្វី ?

ក្រោយពី​ការប្រឹងប្រែង​ដែល​មិន​បាន​ជោគជ័យ​របស់​ពួកគេ ក្នុង​ការបំផ្លាញ​ពួក​សាសន៍​នីហ្វៃ នោះ​ពួក​សាសន៍​លេមិន​បាន​ព្យាយាម​បំផ្លាញ​ពួក​លេមិន​ទាំងនោះ ( គឺ​ពួកសាសន៍​អាន់តៃ-នីហ្វៃ-លីហៃ ) ដែល​បាន​ប្រែចិត្ត​ជឿ ដោយសារ​អាំម៉ូន និង បងប្អូន​លោក ។ សូម​ចងចាំ​ថា ពួក​សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ បានកប់​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​ពួកគេ ដើម្បី​បង្ហាញ​ថា ពួកគេ​នឹង​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ ថា​ពួកគេ​នឹង​មិន​កាប់​សម្លាប់​ម្ដង​ទៀត​ឡើយ ។ ដើម្បី​រកមើល ថាតើ​ពួក​សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ មាន​ការតាំងចិត្ត​យ៉ាងណា ក្នុង​ការរក្សា​សេចក្ដី​សញ្ញា​នោះ សូមអាន អាលម៉ា 27:2–3 ។

រូបភាព
ចម្បាំង​ពួកសាសន៍​​លេមិន

សូម​ស្រមៃ​ពី​កម្លាំង​នៃ​ការតាំងចិត្ត​របស់​ពួក​សាសាន៍​អាន់តៃ-នីហ្វៃ-លីហៃ ក្នុង​ការគោរព​ដល់​សេចក្ដី​សញ្ញា​របស់​ពួកគេ ថា​នឹង​មិន​លើក​អាវុធ ពេល​ដែល​ពួកគេ​ត្រូវបាន​វាយ​ប្រហារ ។ សូម​ពិចារណា ថាតើ​អ្នក​អាច​ពង្រឹង​ការតាំងចិត្ត​របស់​អ្នកយ៉ាង​ដូចម្ដេច​ ក្នុង​ការរក្សា​សេចក្ដី​សញ្ញា​របស់​អ្នក​ជាមួយ​ព្រះវរបិតាសួគ៌ ពេល​វា​ហាក់​ដូច​ជា​ពិបាក​នឹង​ធ្វើ​ដូច្នោះ ។

ដោយសារ​​ការបៀតបៀន និង ការវាយ​ប្រហារ​ពី​ពួក​សាសន៍​លេមិន​ដែល​ទុច្ចរិត នោះ​អាំម៉ូន​បាន​ដឹកនាំ​ពួក​សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ ទៅកាន់​ដែនដី​សារ៉ាហិមឡា—ទីក្រុង​មួយ​របស់​ពួក​សាសន៍​នីហ្វៃ—ជា​កន្លែង​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​សន្យា​ថា នឹង​ការពារ​ពួកគេ​ពី​សត្រូវ​របស់​ពួកគេ ។ សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ជួយ​ពួក​អ្នក​ដែល​នៅ​ជុំ​វិញ​អ្នក​ឲ្យ​រក្សា​សេចក្ដី​សញ្ញា ដែល​ពួកគេ​បាន​ធ្វើ​ជាមួយ​ព្រះអម្ចាស់ ។

ពេល​នៅក្នុង​ទីក្រុង​សារ៉ាហិមឡា ពួក​សាសន៍​នីហ្វៃ​បានហៅ​ពួក​សាសន៍​អាន់តៃ-នីហ្វៃ-លីហៃ ថា​ជា​ប្រជាជន​អាំម៉ូន ។ សូមអាន អាលម៉ា 27:27–30 រកមើល​ថាតើ​ប្រជាជន​អាំម៉ូន​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មនុស្ស​យ៉ាងណា ? សូម​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ ដែល​បង្រៀន​ពី​គោលការណ៍​តទៅ​នេះ ៖ ពេល​យើង​ប្រែចិត្ត​ជឿ​ទាំងស្រុង​លើ​ព្រះអម្ចាស់ នោះ​យើង​រក្សា​សេចក្ដី​សញ្ញា​ដែល​យើង​បាន​ធ្វើ​ជាមួយ​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ ទាំងពីរ​នៃ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​មាន​បទពិសោធន៍​យ៉ាង​ណា ពេលដែល​វា​ពិបាក​សម្រាប់​អ្នក​ក្នុង​ការរក្សា​សេចក្ដី​សញ្ញា​របស់​អ្នក​ជាមួយ​ព្រះអម្ចាស់ ប៉ុន្តែ​អ្នក​នៅតែ​រក្សា​វា ?

    2. តើ​នរណា​ជា​គំរូ​ដល់​អ្នក ដែលជា​មនុស្ស​​ស្មោះត្រង់ និង ពិត​ចំពោះ​សេចក្ដី​សញ្ញា​របស់​គាត់​ជាមួយ​ព្រះអម្ចាស់ ? តើ​មនុស្ស​នោះ​បាន​បង្ហាញ​ពី​ភាពស្មោះត្រង់​របស់​គាត់​ចំពោះ​សេចក្ដី​សញ្ញា​ទាំងនោះ ដោយ​របៀប​ណា​ដែរ ?

អាលម៉ា 28

ពួក​សាសន៍​នីហ្វៃ​ឈ្នះ​លើ​ពួក​សាសន៍​លេមិន​នៅក្នុង​ចម្បាំង​ដ៏​ធំ​មួយ

  1. សូម​ស្រមៃ​ថា អ្នក​ជា​អ្នក​យកការណ៍​ម្នាក់​ ដែល​ត្រូវបាន​ចាត់តាំង​ឲ្យ​ទៅ​យកការណ៍​ពី​ព្រឹត្តិការណ៍​ដែល​មាន​នៅក្នុង អាលម៉ា 28 ។ សូមអាន អាលម៉ា 28:1–6, 11–14 ហើយ​សរសេរ​កថាខណ្ឌ​ខ្លី​មួយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​សង្ខេប​ពី​អ្វី​ដែល​បាន​កើតឡើង ។ សូម​ប្រាកដ​ថា​ អ្នក​នឹង​ឆ្លើយ​នូវ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​កថាខណ្ឌ​របស់​អ្នក ។

    1. តើ​ពួកសាសន៍​​​នីហ្វៃបាន​​បង់ថ្លៃអ្វី​ខ្លះ ក្នុង​ការជួយ​ដល់​ប្រជាជន​អាំម៉ូន​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ ? ( សូមមើល អាលម៉ា 28:1–3 ) ។

    2. តើ​ការស្លាប់​នេះ​ជះ​ឥទ្ធិពល​ខ្លាំង​ប៉ុណ្ណា​​ ដល់​ពួក​សាសន៍​នីហ្វៃ ? ( សូមមើល អាលម៉ា 28:4–6 ) ។

    3. ហេតុ​អ្វី​មនុស្ស​មួយ​ចំនួន​ភ័យខ្លាច នៅពេល​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​ស្លាប់ ខណៈដែល​អ្នក​ផ្សេងទៀត​រីករាយ ហើយ​មាន​ក្ដី​សង្ឃឹម ? ( សូមមើល អាលម៉ា 28:11–12 ) ។

សូម​សរសេរ​សេចក្ដី​ថ្លែង​នៃ​គោលការណ៍​មួយ ដើម្បី​សង្ខេប​ពី​អ្វី​ដែល​អ្នក​បាន​រៀន​ចេញពី អាលម៉ា 28:11–12 ៖

គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​នានា នៅក្នុង អាលម៉ា 28 គឺ ៖ ពេល​យើង​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ការសន្យា​របស់​ទ្រង់ នោះ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម និង មាន​សេចក្ដី​អំណរ ថ្វីបើ​មាន​ការស្លាប់​ក៏​ដោយ ។

  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ ​សំណួរទាំងពីរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​​អ្នក​ធ្លាប់​បាន​ឃើញ​នរណា​ម្នាក់ ​ប្រឈម​មុខចំពោះ​សេចក្តី​ស្លាប់ផ្ទាល់​ខ្លួន ឬ សេចក្តី​ស្លាប់​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​ម្នាក់ ដោយសារតែ​​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទនៅ​ពេល​ណា ?

    2. តើ​អ្នក​នឹង​ពន្យល់​ពី​សេចក្ដី​ស្លាប់​ទៅ​មនុស្ស​ម្នាក់​ដោយ​របៀបណា ដើម្បី​ជួយ​មនុស្ស​នោះ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម បន្ទាប់​ពី​ការស្លាប់​របស់​មនុស្ស​ជាទី​ស្រឡាញ់គេ​ម្នាក់នោះ ?

សូម​រកមើល​សេចក្ដី​ថ្លែងការណ៍​ទាំង​បី​នៃ​ឃ្លាថា « ហើយ យើង​ឃើញ » របស់​មរមន​នៅក្នុង អាលម៉ា 28:13–14 ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​វា នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ តើ​មរមន​សង្កត់​ធ្ងន់លើ​​ចំណុច​អ្វី​ខ្លះ ពេលដែល​លោក​បញ្ចប់​ដំណើរ​រឿង​នៃ​បេសកកម្ម​របស់​ពួក​បុត្រា​នៃ​ម៉ូសាយ ទៅកាន់​ពួក​សាសន៍​លេមិននោះ ? សូម​ពិចារណា​ពី​មូលហេតុ ដែល​សេចក្ដី​ពិត​ទាំងនេះ​សំខាន់​សម្រាប់​អ្នក​ដើម្បី​ដឹង ?

អាលម៉ា 29

អាលម៉ា​រីករាយ​នៅក្នុង​ការនាំ​ព្រលឹង​ទាំងឡាយ​មកឯ​ព្រះអម្ចាស់

តើ​អ្នក​ធ្លាប់​ប្រាថ្នា​ថា អ្នក​មាន​អំណាច​ដើម្បី​នាំមក​នូវ​ការល្អ​ដ៏​អស្ចារ្យ ឬ បញ្ឈប់​ការអាក្រក់​ខ្លះៗ​នៅក្នុង​ពិភពលោក​នេះ ដោយ​ខ្លួន​អ្នក​ផ្ទាល់​តែ​ម្នាក់​ឯង​ឬទេ ? អាលម៉ា 29 មាន​នូវ​ការបង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​អាលម៉ា ដើម្បី​ធ្វើ​ជា​ឧបករណ៍​មួយ​នៅក្នុង​ព្រះហស្ដ​ព្រះអម្ចាស់ ។ សូម​ពិនិត្យ​មើល អាលម៉ា 29:1–3 ហើយ​រកមើល​ពី​បំណង​ប្រាថ្នា​នៃ​ចិត្ត​របស់​អាលម៉ា ។

រូបភាព
អាលម៉ា​ក្រោកឡើង

ចងចាំ​ពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​អាលម៉ា ​ពេល​គាត់នៅ​​​ជា​យុវជន​ម្នាក់ សូម​ពិចារណា​ពី​មូលហេតុ​ដែល​អាលម៉ា​អាច​នឹង​មាន​បំណង​ប្រាថ្នា​ដែល​លោក​បាន​បង្ហាញ​នោះ ។ សូម​កត់ចំណាំ​នៅក្នុង អាលម៉ា 29:3 ពី​មូលហេតុ​ដែល​លោក​បាន​មាន​អារម្មណ៍​ថា លោក​កំពុង​ធ្វើ​អំពើ​បាប​នៅក្នុង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​លោក ។ សូម​អាន អាលម៉ា 29:4–5 ហើយ​រកមើល​ពី​អ្វី​ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​ពួក​អ្នក​ដែល​មាន​បំណង​ប្រាថ្នា​សុចរិត ។

សូម​ពិនិត្យ​មើល អាលម៉ា 29:10, 14–16 ហើយ​គូស​ចំណាំ​រង្វាន់​ដែល​អាលម៉ា​បាន​ទទួល សម្រាប់​ការនាំ​ព្រលឹង​ទាំងឡាយ​មកឯ​ព្រះគ្រីស្ទ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​រាល់​ពេល​ដែល​អាលម៉ា​ប្រើ​ពាក្យ សេចក្ដី​អំណរ នៅក្នុង​ខ​ទាំងនេះ ។

គោលការណ៍​មួយ​ដែល​បាន​បង្រៀន​នៅក្នុង អាលម៉ា 29 គឺ ៖ យើង​នឹង​ទទួល​បទពិសោធន៍​នៃ​សេចក្ដី​អំណរ ពេល​យើង​ជួយ​អ្នក​ដទៃ​ទៀត​ឲ្យ​ប្រែចិត្ត និង មកឯ​ព្រះយេស៊ូវគ្រីស្ទ ។ តើមាន​​បទពិសោធន៍​អ្វី​ខ្លះ​ដែល​​បាន​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​នៃ​សេចក្ដី​អំណរ​នៅក្នុង​ការជួយ​អ្នក​ដទៃ​ទៀត​ឲ្យ​មកឯ​ព្រះគ្រីស្ទនោះ ?

សូម​សញ្ជឹង​គិត​មួយ​ស្របក់ ពី​របៀប​ទាំងឡាយ​ដែល​អ្នក​អាច​ជួយ​ដល់​បុគ្គល​ទាំងឡាយ​ដែល​នៅក្នុង​ក្រុម​មនុស្ស​ខាងក្រោម​នេះ ដើម្បី​ធ្វើ​ការផ្លាស់​ប្ដូរ​ដែល​ចាំបាច់​នៅក្នុង​ជីវិត​របស់​ពួកគេ ហើយ​មកឯ​ព្រះយេស៊ូវគ្រីស្ទ ៖ ( ក ) មិត្តភក្ដិ​អ្នក ( ខ ) សមាជិក​ក្នុង​គ្រួសារ​អ្នក និង ( គ ) មនុស្ស​ទាំងឡាយ​​ដែល​អ្នក​មិន​ទាន់​បាន​ស្គាល់​ច្បាស់​នៅឡើយ ។ សូម​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ពេល​អ្នក​រកមើល​ឱកាស​ទាំងឡាយ ដើម្បី​នាំ​អ្នក​ដទៃ​ទៀត​មកកាន់​ព្រះយេស៊ូវគ្រីស្ទ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 25–29 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖