ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 30 ៖ ថ្ងៃ​ទី 2 អេធើរ 6


មេរៀនទី 30 ៖ ថ្ងៃ​ទី 2

អេធើរ 6

សេចក្តី​ផ្ដើម

បន្ទាប់ពី​ការរៀបចំ​ទៅតាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ហើយ ពួក​សាសន៍​យ៉ារេឌ​បាន​ចេញ​ភេត្រា​របស់​គេ ហើយ​បាន​ទុកចិត្ត​លើ​ព្រះអម្ចាស់ ក្នុង​ការនាំ​ពួកគេ​ដោយ​សុវត្ថិភាព ឆ្លងកាត់​ការធ្វើ​ដំណើរ​ដ៏​លំបាក​ទៅកាន់​ដែនដី​សន្យា ។ ព្រះអម្ចាស់​បាន​បញ្ជូន​ខ្យល់​បោកបក់​ភេត្រា​នៅលើ​រលក និង បាន​លិចកប់ទៅ​ក្នុង​សមុទ្រ​ជា​ច្រើន​ដង តែ​ខ្យល់​ដដែល​នោះ​ក៏​បាន​រុញ​ច្រាន​ពួកគេ​ឲ្យ​ឆ្ពោះ​ទៅ​ដែនដី​សន្យា​ផងដែរ ។ បន្ទាប់ពីពួកគេ​​បោះទី​តាំង​​នៅលើ​ដែនដី​ថ្មី​ហើយ ប្រជាជន​បាន​ជ្រើសរើស​ស្ដេច​មួយ​អង្គ ថ្វីបើ​មាន​ការព្រមាន​ពី​បង​របស់​យ៉ារេឌ​ក៏​ដោយ ។

អេធើរ 6:1–12

ព្រះអម្ចាស់​រុញច្រាន​ភេត្រា​របស់​ពួក​សាសន៍​យ៉ារេឌ​ដោយ​ខ្យល់ ទៅកាន់​ដែនដី​សន្យា

មាន​ពេល​ជា​ច្រើន​ដង ដែល​យើង​អាច​មាន​អារម្មណ៍​ថា វា​ពិបាក​នឹង​ធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​សុំ ដូចជា​ការចែកចាយ​ដំណឹង​ល្អ​ជាមួយ​មិត្តភក្ដិ ការរក្សា​ភាពស្អាតស្អំ​ខាង​សីលធម៌ ការជ្រើសរើស​មិត្តភក្ដិ​ដែល​មាន​បទដ្ឋាន​ខ្ពស់ និង ការដាក់​​អាទិភាព​ត្រឹមត្រូវ​នៅក្នុង​ជីវិត ។ តើ​អ្នក​អាច​គិត​ពី​ឧទាហរណ៍​ផ្សេងៗ​ទៀត​បាន​ទេ ពី​ពេល​ដែល​វា​ពិបាក​ក្នុង​ការធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​សុំ​ឲ្យ​ធ្វើ​នោះ ?

ដំណើរ​រឿង​នៃ​ការធ្វើ​ដំណើរ​របស់​ពួក​សាសន៍​យ៉ារេឌ ទៅកាន់​ដែនដី​សន្យា បង្រៀន​ពី​គោលការណ៍​ទាំងឡាយ ដែល​អាច​ដឹកនាំ​អ្នក ពេល​អ្នក​ឃើញ​ថា​វា​ពិបាក​នឹង​ធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​បញ្ជា ។ សូម​អាន អេធើរ 2:24–25 ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ព្រមាន​ដល់​ពួក​សាសន៍​យ៉ារេឌ​ថា នឹង​ធ្វើ​ឲ្យ​ការធ្វើ​ដំណើរ​របស់​ពួកគេ​ទៅកាន់​ដែនដី​សន្យា​មាន​ការពិបាក ។

ដើម្បី​ទប់ទល់​នឹង​ការលំបាក​ទាំងនេះ ព្រះអម្ចាស់​បាន​បញ្ជា​ពួក​សាសន៍​យ៉ារេឌ​ឲ្យ​ធ្វើ​ភេត្រា ដែល « ជិត​ដូច​ជា​ចាន » ( អេធើរ 2:17 ) ដោយ​មាន​ប្រហោង​នៅ​ខាងលើ និង នៅ​ខាងក្រោម ដែល​ពួកគេ​អាច​ដក​ឆ្នុក​ចេញ​ដើម្បី​មាន​ខ្យល់ ។ សូម​អាន អេធើរ 6:1–4 ហើយ​រកមើល​របៀប​ផ្សេងៗ​ទៀត ដែល​ព្រះអម្ចាស់​បាន​ឲ្យ​ពួក​សាសន៍​យ៉ារេឌ​រៀបចំ សម្រាប់​ការលំបាក​ទាំងឡាយ​នៃ​ការធ្វើ​ដំណើរ​តាម​សមុទ្រ ។

វា​អាច​ជា​ប្រយោជន៍​ក្នុង​ការយល់​ថា « ដោយ​ទីពឹង​ដល់​ព្រះអម្ចាស់​ជា​ព្រះ​របស់​ពួកគេ » ( អេធើរ 6:4 ) គឺ​មានន័យ​ថា ពួក​សាសន៍​យ៉ារេឌ​បាន​ផ្ទុក​ផ្ដាក់​ខ្លួនគេ​ទៅលើ​ព្រះ ដើម្បី​ថែ​រក្សា និង ការពារ​ពួកគេ ។

  1. សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​វា​អាច​ជា​ការពិបាក​សម្រាប់​ពួក​សាសន៍​យ៉ារេឌ ក្នុង​ការទុកចិត្ត​លើ​ព្រះអម្ចាស់ ក្នុង​ស្ថានភាព​នេះ ?

    2. តើ​អ្នក​គិត​ថា ហេតុអ្វី​ក៏​ទាំង​ការរៀបចំ និង ការទីពឹង​លើ​ព្រះអម្ចាស់​ជា​ការចាំបាច់ដូច្នេះ ?

ពេល​អ្នក​អាន អេធើរ 6:5–11 សូម​ព្យាយាម​ស្រម៉ៃ​ថា ​វា​យ៉ាង​ដូច​ម្ដេច​ដែរ ក្នុង​ការដែល​ធ្វើ​ដំណើរ​នៅក្នុង​ភេត្រា​របស់​ពួកសាសន៍​យ៉ារេឌ​នោះ ។

  1. ដើម្បី​ជួយ​អ្នក​រៀបចំ​ក្នុង​ការរកមើល​គោលការណ៍​ដំណឹងល្អ​នានា ដែល​អ្នក​អាច​រៀន​ចេញពី​ដំណើរ​រឿង​នេះ សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពួក​សាសន៍​យ៉ារេឌ ​បាន​បង្ហាញ​ពី​ការទុកចិត្ត​របស់​ពួកគេ​ទៅលើ​ព្រះអម្ចាស់​យ៉ាង​ដូច​ម្ដេច​ដែរ ក្នុង​អំឡុង​ពេល​នៃ​ការធ្វើ​ដំណើរ​ដ៏​ពិបាក​របស់​គេ ? ( សូម​មើល អេធើរ 6:7, 9 ) ។

    2. តើ​ព្រះ​បាន​ប្រទាន​ពរ​យ៉ាង​ណា ក្នុង​ការធ្វើ​ដំណើរ​របស់​គេ ?

បន្ទាប់​ពី​រយៈពេល​ជិត​មួយ​ឆ្នាំ​នៅលើ​ទឹក ការធ្វើ​ដំណើរ​របស់ ​ពួក​សាសន៍​យ៉ារេឌ ​បាន​មក​ទី​បញ្ចប់ ។ សូម​អាន អេធើរ 6:12 ហើយ​រកមើល​ថា ពួកគេ​បាន​មាន​អារម្មណ៍​បែប​ណា ពេល​ពួកគេ​បាន​មក​ដល់​ដែនដី​សន្យា ។ ចូរ​សង្ខេប​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង​មេរៀន​នេះ មក​ដល់​ត្រឹមនេះ ដោយ​ការបំពេញ​សេចក្ដី​ថ្លែង​គោលការណ៍​តទៅ​នេះ ៖ ពេល​យើង​ទុកចិត្ត​លើ​ព្រះអម្ចាស់ និង ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង  ។

របៀប​មួយ​ក្នុង​ការបំពេញ​សេចក្ដី​ថ្លែង​នេះ គឺបំពេញ​​ជាមួយ​នឹង​ឃ្លា​ថា « តម្រង់​ផ្លូវ​នៃ​ជីវិត​យើង » ។ ដើម្បី​ធ្វើ​ឲ្យ​ការយល់​ដឹង​របស់​អ្នក​ពី​គោលការណ៍​នេះ មាន​កាន់​តែ​ជ្រៅជ្រះ សូម​មើល​ត្រឡប់​ទៅ​ស្ថានភាព​ទាំងឡាយ ដែល​មាន​រាយ​នៅ​ខាង​ដើម​មេរៀន ខណៈដែល​យើង​អាច​មាន​អារម្មណ៍​ថា វា​ពិបាក​ក្នុង​ការធ្វើ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​សុំឲ្យ​ធ្វើ ។ ដូច​ជា​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង ពួក​សាសន៍​យ៉ារេឌ ដែរ ព្រះអម្ចាស់​រៀបចំ​យើង​ឲ្យ​យកឈ្នះ​លើ​ការលំបាក​ទាំងឡាយ ដែល​យើង​នឹង​ប្រឈម​នៅក្នុង​ជីវិត ពេលដែល​យើង​អធិស្ឋាន ធ្វើ​តាម​ព្យាការី និង រក្សា​បទបញ្ញត្តិ​ទាំងឡាយ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​ថា ​តើ​មនុស្ស​ម្នាក់​អាច​បង្ហាញ​ការទុកចិត្ត​លើ​ព្រះអម្ចាស់​ដោយ​របៀប​ណា ។ ដោយ​ផ្អែក​លើ​គំរូ​របស់​ពួក​សាសន៍​យ៉ារេឌ តើ​យើង​គប្បី​ធ្វើ​អ្វី ពេល​ប្រឈម​មុខ​នឹង​បទបញ្ញត្តិ​ដ៏​លំបាក​មួយ​មក​ពី​ព្រះអម្ចាស់ ?

  2. សូម​សញ្ជឹង​គិត​ពី​គោលការណ៍​តទៅ​នេះ ៖ បើ​យើង​ទុកចិត្ត​លើ​ព្រះអម្ចាស់ នោះ​មាសត្រូវ និង ការលំបាក អាច​ជួយ​យើង​ឲ្យ​រីកចម្រើន និង ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា ។ ( អ្នក​អាច​នឹង​ចង់​សរសេរ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ អេធើរ 6:5–10 ) ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ ៖

    1. តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​បាន​រីកចម្រើន និង ទទួល​បាន​ពរជ័យ​យ៉ាង​ណា ដោយ​ការស៊ូទ្រាំ​ដោយ​ស្មោះត្រង់ ចំពោះ​ការលំបាក​ទាំងឡាយ​ដែល​អ្នក​បាន​ប្រឈម ឬ ដែល​កំពុង​តែ​ប្រឈម​នៅក្នុង​ជីវិត​អ្នក ?

    2. តើ​អ្នក​អាច​ទុកចិត្ត​លើ​ព្រះអម្ចាស់​កាន់តែ​ខ្លាំង និង ធ្វើ​តាម​ការណែនាំ​របស់​ទ្រង់ នៅក្នុង​ស្ថានភាព​ពិបាកៗ​ដែល​អ្នក​អាច​នឹង​ជួប យ៉ាង​ដូច​ម្ដេច​ដែរ ?

អេធើរ 6:13–18

ពួក​សាសន៍​យ៉ារេឌ​ បង្រៀន​កូនចៅ​របស់​គេ ឲ្យ​ដើរ​ដោយ​រាបទាប​នៅ​ចំពោះ​ព្រះអម្ចាស់

សូម​ស្រម៉ៃ​ថា អ្នក​ទើបតែ​បាន​ឆ្លង​កាត់​មហា​សមុទ្រ និង មកដល់​ដែនដី​មួយ​ដែល​ថ្មី​ទាំងស្រុង​ចំពោះ​អ្នក ដូចជា​ពួកសាសន៍​យ៉ារេឌ​ដែរ ។ សូម​អាន អេធើរ 6:13–18 ហើយ​គិត​អំពី​សំណួរដូច​​តទៅ​នេះ ៖ តើ​អ្វី​ខ្លះ​ជា​ឧទាហរណ៍​មួយ​ចំនួន អំពី​អត្ថន័យ​នៃ​ការដើរ​ដោយ​រាបទាប​ចំពោះ​ព្រះអម្ចាស់ ? តើ​ឪពុក​ម្ដាយ និង អ្នក​ផ្សេងទៀត​បាន​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ដើរ​ដោយ​រាបទាប​ចំពោះ​ព្រះអម្ចាស់ យ៉ាង​ដូច​ម្ដេច​ដែរ ? តើ​អ្នក​គិត​ថា អ្វី​ជា​ទំនាក់​ទំនង​រវាង​ការដើរ​ដោយ​រាបទាប និង ការដែល​ត្រូវបាន​បង្រៀន​ពី​ស្ថានលើ ? តើ​ពេល​ណា ដែល​អ្នក​មាន​អារម្មណ៍​ថា « ត្រូវបាន​បង្រៀន​ពី​ស្ថានលើ » ? ( អេធើរ 6:17 ) ។

  1. សូម​សរសេរ​ចំណុចដែល​នៅ​ខាងក្រោម​នេះ ពីខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អេធើរ 6 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖