ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 32 ៖ ថ្ងៃ​ទី 3 មរ៉ូណៃ 10:1–7, 27–29


មេរៀនទី 32 ៖ ថ្ងៃ​ទី 3

មរ៉ូណៃ 10:1–7, 27–29

សេចក្តី​ផ្ដើម

មរ៉ូណៃ​ បាន​ទូន្មាន​ពួក​សាសន៍​លេមិន និង អ្នក​ទាំងអស់​ផ្សេងទៀត ដែល​នឹង​អាន​ទីបន្ទាល់​របស់​លោក ឲ្យ​រៀន​ដោយ​ខ្លួន​គេ​ផ្ទាល់​នូវ​សេចក្ដី​ពិត​នៃ​ពាក្យ​សម្ដី​របស់​លោក ដោយរយៈ​ការសួរ​ដល់​ព្រះ ។ លោក​បាន​បង្រៀន​ថា ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន និង ព្រះយេស៊ូវគ្រីស្ទ នឹង​បាន​មក​ដោយ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មរ៉ូណៃ​ បាន​ប្រកាស​យ៉ាង​មោះមុត​ថា លោក​នឹង​ជួប​អ្នក​អាន​របស់​លោក​នៅ​ពីមុខ​វេទិកា​ជំនុំ​ជម្រះ​របស់​ព្រះ ជា​កន្លែង​ដែល​ព្រះ​នឹង​បញ្ជាក់​ពី​សេចក្ដី​ពិត​នៃ​ពាក្យ​សម្ដី​របស់​លោក ។

មរ៉ូណៃ 10:1–7

មរ៉ូណៃ ​ទូន្មាន​យើង​ឲ្យ​ទទួល​បាន​នូវ​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន និង អំពី​ព្រះយេស៊ូវគ្រីស្ទ

សូម​រំឭក​មេរៀន​ពី​ដំបូងៗ​អំពី​ព្រះគម្ពីរ​មរមន ដែល​នៅក្នុង​មេរៀនទី 1 នៃ​សៀវភៅ​ណែនាំ​នេះ ។ តើ​អ្នក​អាច​នៅ​ចាំ​អំ​ពី​គោលបំណង​នៃ​សិលា​គន្លឹះ ដែល​នៅក្នុង​ថែវ​ទ្វារឬទេ ហើយ​តើ​សិលា​គន្លឹះ​នោះ ទាក់ទង​ទៅនឹង​ព្រះគម្ពីរ​មរមនដោយ​របៀប​ណា ? សូម​បើក​ទៅ​បុព្វកថា​ព្រះគម្ពីរ​មរមន ( មាន​នៅ​ខាង​ដើម​នៃ​ព្រះគម្ពីរ ) ហើយ​អាន​សេចក្ដី​ថ្លែង​មកពី​ព្យាការី យ៉ូសែប ស៊្មីធ នៅក្នុង​កថាខណ្ឌ​ទី​ប្រាំមួយ ។

រូបភាព
ថែវ​ទ្វារ​ជាមួយ​នឹង​សិលា​គន្លឹះ

ព្យាការី យ៉ូសែប ស៊្មីធ បាន​ពិពណ៌នាអំ​ពី​ព្រះគម្ពីរ​មរមន​ថា​ជា « មូលដ្ឋាន​គ្រឹះ » នៃ​សាសនា​យើង មានន័យ​ថា ទីបន្ទាល់​របស់​យើង​អំពី​ព្រះគម្ពីរ​មរមន លើកឡើង និង ពង្រឹង​ទីបន្ទាល់​របស់​យើង​អំពី​សេចក្ដី​ពិត​ទាំងអស់​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារឡើង​វិញ ។ សូម​អាន​កថាខណ្ឌ​ចុងក្រោយ​នៃ​បុព្វកថា​ព្រះគម្ពីរ​មរមន ហើយ​រកមើល​សេចក្ដី​ពិត​ដែល​ថា មនុស្ស​ម្នាក់​អាច​បាន​ដឹង ដោយសារ​ការទទួល​បាន​នូវ​ទីបន្ទាល់​មួយ ​អំពី​ព្រះគម្ពីរ​មរមន ។ គឺ​ដូចជា​សិលាគ្រឹះមួយ​ដែល​ទប់​ថែវ​ទ្វារ​ដែរ តើ​ទីបន្ទាល់​របស់​អ្នក​ត្រូវបាន​ទប់ និង ពង្រឹង​ដោយ​ព្រះគម្ពីរ​មរមន​យ៉ាង​ណា​ដែរ ?

ប្រហែល 1,400 ឆ្នាំ មុន យ៉ូសែប ស៊្មីធ បាន​ទទួល​ផ្ទាំង​មាស ដែល​មរ៉ូណៃ​បាន​បញ្ចប់​បញ្ជី​របស់​ឪពុក​លោក ដោយ​សរសេរ​នូវ​ការទូន្មាន​ចុងក្រោយ​របស់​លោក ទៅដល់​ពួក​អ្នក​ដែល​នឹង​ទទួល​ព្រះគម្ពីរ​មរមន​នៅក្នុង​ថ្ងៃ​ចុងក្រោយ ( សូម​មើល មរ៉ូណៃ 10:1–2 ) ។ ពាក្យ ទូន្មាន មានន័យ​ថា លើក​ទឹកចិត្ត​ដល់​នរណា​ម្នាក់​យ៉ាង​ខ្លាំង ។ មរ៉ូណៃ​ បាន​ប្រើ​ពាក្យ​នេះ​ប្រាំបី​ដង នៅក្នុង​ជំពូក​ចុងក្រោយ​នៃ​ព្រះគម្ពីរ​មរមន ។ លោក​បាន​ទូន្មាន​ដល់​អស់​អ្នក​ដែល​ទទួល​ព្រះគម្ពីរ​មរមន ឲ្យ​ស្វែងរក​ទីបន្ទាល់​អំពី​សេចក្ដី​ពិត និង ទេវភាព​របស់​វា ។

សូម​អាន មរ៉ូណៃ 10:3–4 ហើយ​រកមើល​ការណ៍​ទាំងឡាយ​ដែល​មរ៉ូណៃ​បាន​មាន​ប្រសាសន៍​ថា យើង​គប្បី​ធ្វើ ដើម្បី​ទទួល​បាន​នូវ​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ការណ៍​ទាំងនេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សិក្សា​ព័ត៌មាន​ខាងក្រោម​នេះ អំពី​ការណ៍​នីមួយៗ​ដែល ​មរ៉ូណៃ​ បាន​មាន​ប្រសាសន៍​ថា​ យើង​គប្បី​ធ្វើ ៖

« អាន​ការណ៍​ទាំងនេះ »

ជំហាន​ទីមួយ​នៅក្នុង​ការទទួល​បាន​នូវ​ទីបន្ទាល់​ថា ព្រះគម្ពីរ​មរមន​ពិត គឺ​ត្រូវ​អាន​វា ។ អែលឌើរ ថាត អរ. ខាលីស្ទើរ នៃ​គណៈប្រធាន​នៃ​ពួក​ចិតសិបនាក់ បាន​ចែកចាយ​ពី​របៀប​ដែល​យុវនារី​ម្នាក់ បាន​ទទួល​ផល​ពី​ការអាន​ព្រះគម្ពីរ​មរមន​ទាំងមូល ៖

« ក្មេងស្រី​អាយុ 14 ឆ្នាំ ម្នាក់ … បាន​និយាយ​ថា នាង​បាន​ពិភាក្សាអំ​​ពី​សាសនា​ជាមួយ​មិត្ត​ម្នាក់​របស់​នាង​នៅ​សាលា ។ មិត្ត​របស់​នាង​បាន​និយាយ​ថា ‹ តើ​ឯង​នៅ​សាសនា​ណា ?›

« នាង​តប​ថា ‹ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឬ មរមន › ។

« មិត្ត​នាង​តប​ថា ‹ ខ្ញុំ​ស្គាល់​សាសនាចក្រ​នោះ ហើយ​ខ្ញុំ​ដឹង​ថា វា​មិន​​ពិត​ទេ › ។

« ‹ តើ​ឯង​ដឹង​ដោយ​របៀប​ណា ? › នាង​សួរ​តប ។

« មិត្ត​នាង​និយាយថា ‹ ពីព្រោះ​ខ្ញុំ​បាន​ស្រាវជ្រាវ​វា › ។

« ‹តើ​ឯង​បាន​អាន​ព្រះគម្ពីរ​មរមន​ទេ ? ›

« ‹ ទេ › នាង​បាន​ឆ្លើយ​មក​វិញ ។ ‹ ខ្ញុំ​មិន​បាន​អាន​ទេ ›។

« បន្ទាប់មក យុវនារី​គួរ​ស្រឡាញ់​​នេះ​ បាន​ឆ្លើយ​តប​ថា ‹ ដូចនេះ ឯង​មិន​បាន​ស្រាវជ្រាវ​ពី​សាសនាចក្រ​របស់​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​បាន​អាន​គ្រប់​ទំព័រ​របស់​ព្រះគម្ពីរ​មរមន ហើយ​ខ្ញុំ​ដឹង​ថា វា​ពិត › » ( “The Book of Mormon—a Book from God” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 76 ) ។

តើ​អ្នក​គិត​ថា ហេតុអ្វី​ការអាន​ព្រះគម្ពីរ​មរមន​ គឺ​ចាំបាច់ នៅក្នុង​ការទទួល​បាន​នូវ​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​ដ៏​ពេញលេញ​របស់​វា ?

« នឹក​ចាំ​​ថា​តើ​ព្រះអម្ចាស់​មាន​សេចក្ដី​មេត្តា​កុរណា​យ៉ាង​ណា »

ជំហាន​បន្ទាប់​ទៀត​នៅក្នុង​ដំណើរការ​នេះ​គឺ « នឹក​ចាំ​​ថា​តើ​ព្រះអម្ចាស់​មាន​សេចក្ដី​មេត្តា​កុរណា​យ៉ាង​ណា » ។ ការនឹកចាំ​ពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​យើង អាច​បន្ទន់​ចិត្ត​យើង និង រៀបចំ​យើង​ឲ្យ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​សញ្ជឹង​គិត​ពី​ពេល​វេលា​ទាំងឡាយ ដែល​អ្នក​មាន​អារម្មណ៍អំ​​ពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​អ្នក ។

នៅ​ដើម​ដំបូង​នៃ​ព្រះគម្ពីរ​មរមន នីហ្វៃ​បាន​ប្រកាស​ថា តាមរយៈ​ការសរសេរ​របស់​លោក លោក​នឹង​បង្ហាញ​យើង​ពី​គំរូ​នានា​នៃ​សេចក្ដី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​របស់​ព្រះអម្ចាស់ ( សូម​មើល នីហ្វៃទី1 1:20 ) ។ នៅ​ចុង​បញ្ចប់​នៃ​ព្រះគម្ពីរ​មរមន មរ៉ូណៃ​ បាន​សុំ​យើង​ឲ្យ​នឹកចាំ​អំ​ពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ដែល​មាន​ចំពោះ​យើង ( សូម​មើល មរ៉ូណៃ 10:3 ) ។ អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដី​យោង​បទ​គម្ពីរ​ នីហ្វៃទី1 1:20 នៅក្បែរ មរ៉ូណៃ 10:3 ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ ៖

    1. តើ​មាន​ភស្ដុតាង​អ្វីខ្លះ អំ​ពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ដែល​អ្នក​បាន​ឃើញ​នៅក្នុង​ជីវិត​អ្នក ?

    2. តើ​អ្នក​គិត​ថា ការនឹកឃើញ​ពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ជួយ​មនុស្ស​ម្នាក់​ឲ្យ​ទទួល​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន​យ៉ាង​ដូច​ម្ដេច​ដែរ ?

ការនឹកចាំ​ពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​ដែល​មាន​ចំពោះ​អ្នក​ផ្សេង​ទៀត និង ចំពោះ​ខ្លួន​យើង អាច​រៀបចំ​យើង​ឲ្យ​សញ្ជឹង​គិត​អំ​ពី​សារដំណឹង​របស់​ព្រះគម្ពីរ​មរមន​ចំពោះ​យើង ។

« រំពឹងគិត​នៅក្នុង​ចិត្ត​អ្នក​ចុះ »

ជំហាន​បន្ទាប់​ទៀត​ដែល​មរ៉ូណៃ​បាន​បង្រៀន​គឺ « រំពឹងគិត​នៅក្នុង​ចិត្ត​អ្នក​ចុះ » ។ អែលឌើរ ម៉ាវីន ជេ. អាស្តុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពី​របៀប​ដែល​ការសញ្ជឹង​គិត អាច​ជួយ​យើង​ឲ្យ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​យើង ៖

រូបភាព
អែលឌើរ ម៉ាវីន ជេ. អាស្តុន

« ពេល​ខ្ញុំ​សិក្សា​ព្រះគម្ពីរ ខ្ញុំ​ត្រូវបាន​ជំរុញ និង រំជួល​ចិត្ត​ដោយ​ពាក្យ​សញ្ជឹង​គិត ដែល​ប្រើ​យ៉ាង​ញឹកញាប់​នៅក្នុង​ព្រះគម្ពីរ​មរមន ។ វចនានុក្រម​ពន្យល់​ថា ពាក្យ​សញ្ជឹង​គិត/រំពឹង​គិត មានន័យ​ថា ថ្លឹងថ្លែង​ខាង​គំនិត គិត​យ៉ាង​ជ្រៅ គិត​ដោយ​ផ្ចិតផ្ចង់ ភាវនា ។ … មរ៉ូណៃ​បាន​ប្រើ​ពាក្យ​នេះ ពេល​លោក​បិទ​បញ្ជី​របស់​លោក [ សូម​មើល មរ៉ូណៃ 10:3 ] ។

« ដោយ​ការសញ្ជឹង​គិត ឬ រំពឹង​គិត នោះ​យើង​ផ្ដល់​ឱកាស​ដល់​ព្រះវិញ្ញាណ​ឲ្យ​បង្ហាញ និង ណែនាំ​យើង ។ ការសញ្ជឹង​គិត ឬ រំពឹង​គិត គឺជា​ទំនាក់ទំនង​ដ៏​មាន​ឥទ្ធិពល​មួយ​រវាង​ដួងចិត្ត និង គំនិត ។ ពេល​យើង​អាន​ព្រះគម្ពីរ ដួងចិត្ត និង គំនិត​របស់​យើង​ត្រូវបាន​ធ្វើ​ឲ្យ​រំជួល ។ បើ​យើង​ប្រើប្រាស់​អំណោយទាន​នៃ​ការសញ្ជឹង​គិត ឬ រំពឹង​គិត​នេះ នោះ​យើង​អាច​ទទួល​យក​សេចក្ដី​ពិត​ដ៏​អស់កល្ប​ទាំងនេះ ហើយ​ដឹង​ថា​យើង​អាច​បញ្ចូល​វា​ទៅក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើងតាម​របៀប​ ណា ។ …

« ការសញ្ជឹង​គិត ឬ រំពឹង​គិត គឺជា​ការតាម​រក​ខាង​គំនិត​មួយ​ដែល​ជឿន​ទៅ​មុខ ។ វា​គឺជា​អំណោយទាន​ដ៏​មហិមា​មួយ​ដល់​ពួក​អ្នក​ដែល​រៀន​ដើម្បី​ប្រើ​វា ។ យើង​រកឃើញ​ការយល់​ដឹង ការយល់ដឹង​ជ្រាលជ្រៅ និង ការអនុវត្តន៍​ដែល​អាច​ធ្វើ​បាន ប្រសិន​បើ​យើង​នឹង​ប្រើ​អំណោយទាន​នៃ​ការសញ្ជឹង​គិត ឬ រំពឹង​គិត » ( “There Are Many Gifts” Ensign ខែ វិច្ឆិកា ឆ្នាំ 1987 ទំព័រ 20 ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​មួយ ឬ ទាំងពីរ​ខាងក្រោម​នេះ ៖

    1. តើ​ការសញ្ជឹង​គិត ឬ រំពឹង​គិត ពេល​អ្នក​សិក្សា​ព្រះគម្ពីរ​មរមន បាន​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាង​ណា​ដែរ ?

    2. តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​សញ្ជឹង​គិត ឬ រំពឹង​គិត ឲ្យ​បាន​កាន់តែ​ខ្ជាប់ខ្ជួន និង កាន់តែ​មាន​ប្រសិទ្ធភាព ពេល​អ្នក​សិក្សា​ព្រះគម្ពីរ ?

រូបភាព
យុវជន​កំពុង​អាន

« សួរ​ដោយ​ចិត្ត​ស្មោះ​ស គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ »

ពេល​មនុស្ស « សួរ​ដោយ​ចិត្ត​ស្មោះ​ស គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត » វា​មានន័យ​ថា ពួកគេ « ចង់​ធ្វើ​ទៅតាម​ចម្លើយ​ដែល​ពួកគេ​បាន​ទទួល​មកពី​ព្រះ » ( ប្រកាស​ដំណឹងល្អ​របស់​យើង [ 2004 ] ទំព័រ 113 ) ។

បុរស​ម្នាក់​ឈ្មោះ រ៉ូដុលហ្វូ អាម៉ានដូ ពេរ៉េ បូនីលឡា បានរៀន​អំពី​សារៈសំខាន់​នៃ​ការអធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត ។ គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​អាយុ​ប្រាំបួន​ឆ្នាំ ប៉ុន្តែ​គ្រួសារ​គាត់​មិន​បាន​សកម្ម​នៅ​ក្នុង​សាសនាចក្រ​ទេ ។ ពេល​គាត់​ក្លាយ​ជា​យុវជន​ម្នាក់ គាត់​បាន​ចាប់ផ្ដើម​គិត​អំពី​ដំណឹង​ល្អ ហើយ​បាន​មាន​បទពិសោធន៍​ដូច​តទៅ​នេះ ៖

« យូរៗ​ម្តង ខ្ញុំ​បាន​អធិស្ឋាន​ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ ប៉ុន្តែ​ភាគ​ច្រើន​វា​ជា​គំនិតសើរៗ ជាជាង​សំណួរ​ដ៏​ស្មោះ​ស ។ ក្រោយមក មាន​យប់​មួយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​អធិស្ឋាន​ដោយ ‹ ស្មោះ​អស់​ពី​ចិត្ត › ។

« ខ្ញុំ​បាន​ទូល​ព្រះវរបិតា​ថា ខ្ញុំ​ចង់​ស្គាល់​ទ្រង់ ហើយ​ចង់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សាសនាចក្រ​របស់​ទ្រង់ ។ ខ្ញុំ​បាន​សន្យា​ថា ៖ ‹ បើ​ទ្រង់​នឹង​ប្រទាន​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា យ៉ូសែប ស៊្មីធ ជា​ព្យាការី​ពិត ហើយ​ថា​ព្រះគម្ពីរ​មរមន​ពិត នោះ​ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង ដែល​ទ្រង់​នឹង​ឲ្យ​ខ្ញុំ​ធ្វើ ។ បើ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ពិត នោះ​ខ្ញុំ​នឹង​ធ្វើ​តាម​សាសនាចក្រ ហើយ​នឹង​មិន​ដែល​បោះបង់​សាសនាចក្រ​នេះ​ឡើយ › ។

« ខ្ញុំ​ពុំ​មាន​ការបើក​សម្ដែង​ដ៏​អស្ចារ្យ​នោះទេ ប៉ុន្តែ​ខ្ញុំ​បាន​ទទួល​អារម្មណ៍​សន្តិភាព ហើយ​បាន​ចូល​ទៅ​គេង ។ ប៉ុន្មាន​ម៉ោង​ក្រោយមក ខ្ញុំ​បាន​ភ្ញាក់​ឡើង​ជាមួយ​នឹង​គំនិត​ដ៏​ច្បាស់លាស់​ថា ៖ ‹ យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​ដ៏​ពិត ហើយ​ព្រះគម្ពីរ​មរមន​ពិត › ។ គំនិត​នោះ​បានមាន​ឡើង​ដោយ​ភាព​សុខសាន្ដមួយ ​ដែល​ពុំ​អាច​ពិពណ៌នា​បាន ។ ខ្ញុំ​បាន​គេងលក់​ម្តងទៀត ហើយ​ក្រោកឡើង​នៅពេល​ក្រោយ ដោយ​មាន​គំនិត និង អារម្មណ៍​ដដែល​ដូច​មុន​ដែរ ។

« ចាប់តាំង​ពី​ពេល​នោះ​មក ខ្ញុំ​ពុំ​ដែល​សង្ស័យ​ថា យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​ពិត ឬ មិន​ពិត​ទៀត​ឡើយ ។ ខ្ញុំ​ដឹង​ថា នេះ​ជា​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ថា ព្រះវរបិតា​នឹង​ឆ្លើយ​តប​ការស្នើ​សុំ​ដ៏​ស្មោះ​របស់​យើង » ( “How I Know” Ensign ខែ តុលា ឆ្នាំ 2011 ទំព័រ 64 ) ។

  1. សូម​គិត​ថា តើ​អ្នក​ចង់​មាន​ទីបន្ទាល់​រឹងមាំ​ខ្លាំង​យ៉ាងណា អំពី​សេចក្ដី​ពិត​ដ៏​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ។ ចូរ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​ការណ៍​មួយ​ចំនួន​ដែល​អ្នក​បាន​ធ្វើ​រួច​មក​ហើយ ដើម្បី​ទទួល​បាន​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន ។ បន្ទាប់​មក សរសេរ​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ទទួល​បាន​ទីបន្ទាល់​ដែល​កាន់តែ​រឹងមាំ​ថែម​ទៀត អំពី​ព្រះគម្ពីរ​មរមន ។

រូបភាព
យុវនារី​កំពុង​អធិស្ឋាន

សូមស្រាវជ្រាវ មរ៉ូណៃ 10:4 ហើយ​រកមើល​អ្វី​ដែល​មរ៉ូណៃ​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះ​នឹង​ធ្វើ​សម្រាប់​ពួក​អ្នក​ដែល​ធ្វើតាម​ដំណើរការ​នៃ​ការអាន ការនឹកចាំ ការសញ្ជឹង​គិត ឬ រំពឹង​គិត និង ការសួរ​នេះ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ការសន្យា​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ ( មរ៉ូណៃ 10:4–5 ជា​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ) ។

សូម​អាន មរ៉ូណៃ 10:5–7 ហើយ​រកមើល​អ្វី​ផ្សេង​ទៀត​ដែល​មរ៉ូណៃ​បាន​សន្យា​ថា យើង​អាច​ដឹង​ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ ចេញមកពី មរ៉ូណៃ 10:3–7 គឺ ៖ បើ​យើង​ស្វែងរក​ដោយ​សេចក្ដី​ជំនឿ នោះ​យើង​អាច​ទទួល​បាន​នូវ​ទីបន្ទាល់​មួយ​អំពី​ព្រះគម្ពីរ​មរមន និង អំពី​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក នៅក្បែរ​ខ​ទាំងនេះ ។

  1. សូម​ធ្វើ​ដូច​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​កត់ត្រា​ថា ការអាន ការនឹកចាំ ការសញ្ជឹង​គិត ឬ រំពឹង​គិត និង ការអធិស្ឋាន​នៅ​ឆ្នាំ​នេះ បាន​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​យ៉ាងណា អំពី​ព្រះគម្ពីរ​មរមន និង សេចក្ដី​ពិត​ទាំងឡាយ​ដែល​ព្រះគម្ពីរ​នេះ​បង្រៀន ឬ ថា​វា​បាន​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​នេះ​របៀប​ណា ។

    2. សូម​គិត​អំពី​ពេល​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ​ដែល​ថ្លែង​ទីបន្ទាល់​ដល់​អ្នក​អំពី​សេចក្ដី​ពិត​ដ៏​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ឬ សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​ផ្សេង​ទៀត ។ វា​សំខាន់​ដើម្បី​ចងចាំ​ថា វិវរណៈ​ច្រើន​បំផុត ​ពុំ​បាន​មក​នៅក្នុង​របៀប​ដ៏​អស្ចារ្យ​នោះ​ទេ ។ មនុស្ស​ភាគច្រើន​នឹង​ទទួល​អារម្មណ៍​បំផុសគំនិត​​ដ៏​ស្ងប់ស្ងាត់ និងល្អិតល្អន់​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដូចជា​អារម្មណ៍​កក់ក្ដៅ សន្ដិភាព ឬ ការធានា​អះអាងអំ​ពី​សេចក្ដី​ពិត ។ ព្រះវិញ្ញាណ​ ក៏​អាច​នឹង​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​មួយ​បន្ទាត់​ម្ដងៗ​ផងដែរ ដោយ​ជួយ​យើង​រៀន​ពី​សេចក្ដី​ពិត​ជា​បន្ត​បន្ទាប់មួយ​រយៈកាល​មក ។ សូម​សរសេរ​អំពី​គ្រា​​មួយ ពេល​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​នៃ​ការបញ្ជាក់​សាក្សី​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

មរ៉ូណៃ 10:27–29

មរ៉ូណៃ ​បាន​ថ្លែង​ទីបន្ទាល់​ថា លោក​នឹង​ជួប​ពួកយើង​នៅឯ​វេទិកា​ជំនុំ​ជម្រះ​របស់​ព្រះ

សូម​អាន មរ៉ូណៃ 10:27–29 ហើយ​ពិចារណា​ថា ខ​ទាំងនេះ​បង្រៀន​អំពី​គោលការណ៍​តទៅ​នេះ​យ៉ាងដូចម្ដេច ៖ ពួក​អ្នក​ដែល​បាន​ទទួល​ព្រះគម្ពីរ​មរមន នឹង​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ សម្រាប់​ការឆ្លើយ​តប​របស់​ពួកគេ​ចំពោះ​ព្រះគម្ពីរ​នេះ ។ សូម​ស្រម៉ៃ​ថា អ្នក​មាន​ឱកាស​ដើម្បី​ជួប​នឹង​ មរ៉ូណៃ ​នៅឯ​វេទិកា​ជំនុំ​ជម្រះ​របស់​ព្រះ ។ ចូរ​សញ្ជឹង​គិត​អំពី​អ្វី​ដែល​អ្នក​នឹង​និយាយ​ទៅ​កាន់​លោក អំពី​ព្រះគម្ពីរ​មរមន និង ថា​វា​ជះ​ឥទ្ធិពល​ចំពោះ​ជីវិត​អ្នក​យ៉ាងណាខ្លះ ។

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—មរ៉ូណៃ 10:4–5

ការទន្ទេញ មរ៉ូណៃ 10:4–5 អាច​ជា​ជំនួយ​ដ៏​ធំ​មួយ​ដល់​អ្នក នៅក្នុង​ការចែកចាយ​សារ​ដំណឹង​នៃ​ព្រះគម្ពីរ​មរមន​ជាមួយ​អ្នក​ផ្សេង​ទៀត ។ សូម​ពិចារណា​ធ្វើ​ការ​ចំណាយ​​ពេលខ្លះ​ៗឥឡូវ​នេះ ដើម្បី​ទន្ទិញ​វា​មួយ​ពាក្យៗ ។ របៀប​មួយ​ក្នុងការ​​ធ្វើ​វា គឺ​អាន​វគ្គ​បទគម្ពីរ​ឲ្យ​ឮៗ​ជា​ច្រើន​ដង ។ បន្ទាប់មក​សរសេរ​វា​មួយ​ពាក្យៗ​ចំនួន​បី​ដង នៅលើ​ក្រដាស​មួយ​សន្លឹក ឬ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ ពេល​អ្នក​បញ្ចប់វា​ហើយ សូម​មើល​ថា ​បើ​អ្នក​អាច​សូត្រ​ខ​ទាំងនេះ​ដោយ​ការចងចាំ​បាន​ឬ​ទេ ។

  1. សូម​សរសេរ​ចំណុចដែល​នៅ​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា មរ៉ូណៃ 10:1–7, 27–29 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖