ថ្នាក់​សិក្ខាសាលា
មេរៀនទី 19 ៖ ថ្ងៃទី 3 អាលម៉ា 37


មេរៀនទី 19 ៖ ថ្ងៃទី 3

អាលម៉ា 37

សេចក្តីផ្ដើម

ដូច​ដែល​មាន​កត់ត្រា​នៅក្នុង អាលម៉ា 37 អាលម៉ា​បន្ដ​ការផ្ដល់​ដំបូន្មាន​ដល់​ហេលេមិន​ជា​កូនប្រុស​លោក ហើយ​លោក​បាន​ផ្ដល់​ការទទួល​ខុសត្រូវ​ចំពោះ​បញ្ជី​ពិសិដ្ឋ​ទាំងឡាយ​ដល់​គាត់ ។ លោក​បាន​រំឭក​ហេលេមិន​ថា ព្រះគម្ពីរ​ទាំងឡាយ​គឺជា​មធ្យោបាយ​ក្នុង​ការនាំ​ពួក​សាសន៍​លេមិន​រាប់​ពាន់​នាក់​មកកាន់​ព្រះអម្ចាស់​រួច​មកហើយ ហើយ​លោក​បាន​ព្យាករណ៍​ថា ព្រះអម្ចាស់​មាន​គោលបំណង​ដ៏​អស្ចារ្យ​ផ្សេងទៀត​សម្រាប់​បញ្ជី​ទាំងនេះ​នៅក្នុង​ពេល​អនាគត ។ អាលម៉ា​បាន​ណែនាំ​កូនប្រុស​លោក ពី​អ្វី​ដែល​គាត់​គប្បី​បង្រៀន​ដល់​ប្រជាជន ហើយ​លោក​បាន​បង្រៀន​ហេលេមិន​ពី​សារៈសំខាន់​នៃ​ការសម្លឹង​ទៅកាន់​ព្រះបន្ទូល​នៃ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​បាន​ការដឹកនាំ ដោយ​បាន​ប្រៀបធៀប​ព្រះបន្ទូល​នៃ​ព្រះអង្គ​សង្គ្រោះ​ទៅនឹង​លីអាហូណា ។

អាលម៉ា 37

អាលម៉ា​ផ្ទុកផ្ដាក់​ជាមួយ​នឹង​ហេលេមិន​នូវ​បញ្ជី​ទាំងឡាយ រួច​ទូន្មាន​គាត់​ឲ្យ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ ហើយ​រំឭក​គាត់​ពី​របៀប​ដែល​លីអាហូណា​ធ្វើ​កិច្ចការ​ទៅតាម​សេចក្ដី​ជំនឿ ។

សូម​ពិចារណា​ពី​រូបភាព​ខាងក្រោម​នេះ ៖

រូបភាព
ព្រួញ

សូម​គិត​ពី​ការណ៍​តូចតាច និង ងាយៗចំនួន​ពីរ ឬ បី ដែល​បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ភាពរំជើប​រំជួល ដូចជា​អំពូល​ភ្លើង​ជាដើម ។ សូម​គិត​ពី​ការណ៍​តូចតាច​មួយ​ចំនួន ដែល​បាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​សម្រាប់​ការណ៍​ល្អ​នៅក្នុង​ជីវិត​អ្នក ។ សូម​សរសេរ​នូវ​ការណ៍​តូចតាច​ទាំងនេះ​ចំនួន​ពីរ នៅផ្នែក​ខាង​ឆ្វេង​នៃ​រូបភាព​ខាងលើ ។ នៅ​ផ្នែក​ខាង​ស្ដាំ សូម​សរសេរ​ពាក្យ​ពីរបី​មាត់ ដែល​ពិពណ៌នា​អំពី​ឥទ្ធិពល​ដ៏​ធំ ដែល​ការណ៍​តូចតាច​ទាំងនេះ​បាន​មានមក​​លើ​ជីវិត​អ្នក ។

ដូច​ដែល​មាន​កត់ត្រា​នៅក្នុង អាលម៉ា 37 អាលម៉ា​កំពុង​រៀបចំ​ហេលេមិន​កូនប្រុស​លោក ឲ្យ​ក្លាយ​ជា​អ្នក​រក្សា​បញ្ជី​ពិសិដ្ឋ ​បន្ទាប់​ពី​លោក ។ អាលម៉ា​បាន​បង្រៀន​ហេលេមិន​នូវ​គោលការណ៍​មួយ​ស្ដី​អំពី​តួនាទី​នៃ​ការណ៍​ដ៏​តូចតាច និង ងាយ នៅក្នុង​ផែនការ​របស់​ព្រះអម្ចាស់ ។ សូមអាន អាលម៉ា 37:6–7 ហើយ​បន្ទាប់​មក​សូម​បំពេញ​គោលការណ៍​តទៅ​នេះ ៖ ដើម្បី​ធ្វើ​ឲ្យ​គោលបំណង​ដ៏​អស់កល្ប​របស់​ទ្រង់​កើតឡើង​បាន ព្រះអម្ចាស់​ធ្វើ​កិច្ចការ​ដោយ .

សូមអាន អាលម៉ា 37:1–7 ហើយ​រកមើល​អ្វី​ដែល​អាលម៉ា​បាន​ពិពណ៌នា​ថា​ជា​កិច្ចការ​តូចតាច និង ងាយ ។ សូម​ពិនិត្យ​មើល អាលម៉ា 37:8–10 ផងដែរ រកមើល​របៀប​ទាំងឡាយ​ដែល​ផ្ទាំង​លង្ហិន ( ដែល​មាន​នៅក្នុង​ព្រះគម្ពីរ ) នាំ​ទៅកាន់​ការណ៍​ដ៏​ធំ​អស្ចារ្យ​ទាំងឡាយ សម្រាប់​ប្រជាជន​នៅក្នុង​ព្រះគម្ពីរ​មរមន ។ ពេល​អ្នក​អាន សូម​គូស​ចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នូវ​​ពរជ័យ​ទាំងនេះ ដែល​អ្នក​ក៏​បាន​ទទួល​តាម​រយៈ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​អ្នក​ផងដែរ​នោះ ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើមាន​​របៀបចំនួនពីរ ឬ​បី​ ​ណា​​ខ្លះ ដែល​ព្រះគម្ពីរ​បាន​បណ្ដាល​ឲ្យ​មាន​ការណ៍​ដ៏​ធំ​អស្ចារ្យ​កើតឡើង​ក្នុង​ជីវិត​អ្នក ?

អាលម៉ា 37:13–16 មាន​កត់ត្រា​នូវ​ដំបូន្មាន​ដែល​អាលម៉ា​បាន​ផ្ដល់​ដល់​ហេលេមិន ពេលដែល​លោក​បានផ្ដល់​ការទទួល​ខុសត្រូវ​ចំពោះ​បញ្ជី​ទាំងឡាយ​ដល់​កូនប្រុស​លោក ។ សូម​សិក្សា​ខ​ទាំងនេះ ហើយ​រកមើល​គោលការណ៍​ទាំងឡាយ​ដែល​អាលម៉ា​បាន​បង្រៀន ។ គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​ទាំងនេះ​គឺ ៖ បើ​យើង​គោរព​ប្រតិបត្តិ​តាម​បញ្ញត្តិ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​បាន​ចម្រើន​ឡើង ។ សូម​ពិចារណា​ថាតើ​គោលការណ៍​នេះ ទាក់ទង​ទៅនឹង​រូបភាព​នៅ​ខាងដើម​នៃ​មេរៀន​នេះ​យ៉ាង​ណា ។

ដូច​មាន​កត់ត្រា​នៅក្នុង អាលម៉ា 37:35–47 អាលម៉ា​បាន​ណែនាំ​ហេលេមិន​ឲ្យ​បង្រៀន​ប្រជាជន ឲ្យ​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ និង ការល្បួង តាមរយៈ​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ខាងក្រោម​នេះ​គឺជា​គ្រោង​មេរៀន​ពីរ​ដែល​គ្របដណ្ដប់​លើ​ការបង្រៀន​ទាំងនេះ ។ សូម​សិក្សា​មេរៀន​នីមួយៗ និង បទគម្ពីរ​ដែល​មាន​ក្នុង​នោះ ។ បន្ទាប់មក សូម​រៀបចំ​បង្រៀន​មេរៀន​មួយ​ក្នុង​ចំណោម​មេរៀន​ទាំងពីរ​នេះ ទៅកាន់​សមាជិក​គ្រួសារ​ម្នាក់ ក្រុមគ្រួសារ​ទាំងមូល ( ប្រហែល​ជា​ផ្នែក​មួយ​នៃ​មេរៀន​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ) ឬ ទៅកាន់​មិត្ត​ម្នាក់ ។ អ្នក​អាច​នឹង​ចង់​ធ្វើ​ការកែ​សម្រួល​ខ្លះៗ​ចំពោះ​មេរៀននោះ អាស្រ័យ​ទៅលើ នរណា និង កន្លែង​ណា​ដែល​អ្នកនឹង​​បង្រៀន ។ សូម​ណាត់​ពេល​មួយ ហើយ​បង្រៀន​មេរៀន​នេះ​ នៅថ្ងៃ​ដែល​បាន​ណាត់​នោះ ។ ប្រសិនបើអ្នក​​ត្រូវបាន​​ហៅឲ្យ​បង្រៀន​ សូម​យក​គ្រោង​មេរៀន​របស់​អ្នក​ទៅថ្នាក់​​សិក្សានៅ​​ផ្ទះ​បន្ទាប់ទៀត ហើយ​រៀបចំ​ជាស្រេច ដើម្បី​បង្រៀន​មេរៀន​របស់​អ្នក​ទៅកាន់​សិស្ស​ក្នុង​ថ្នាក់ ។

មេរៀនទី 1—អាលម៉ា 37:35–37

សូម​ពន្យល់​ដល់​ពួក​អ្នក​ដែល​អ្នក​បង្រៀន​ថា វា​ជា​ការធម្មតា​សម្រាប់​អ្នក​ដែល​ដាំ​ដើម​រុក្ខជាតិ ដើម្បី​ចង​ភ្ជាប់​ដើម​ដែល​នៅ​ខ្ចី​ទៅ​នឹង​បង្គោល​មួយ ហើយ​យក​បង្គោល​ចេញ​នៅ​ពេល​ក្រោយ ពេល​ដែល​ដើម​នោះ​ធំ​ឡើង ។ សូមសួរ ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​ដើម​រុក្ខជាតិ​មួយ​ត្រូវការ​បង្គោល​សម្រាប់​ទប់​វា ពេល​វា​នៅ​ខ្ចី និង កំពុង​លូតលាស់ដូច្នេះ ?

សូម​អាន​បទពិសោធន៍​ខាងក្រោម​នេះ​ពី​ជីវិត​របស់ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី ៖

រូបភាព
ដើម​ផ្អៀង​ទៅ​ម្ខាង

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​លោក​បាន​រៀបការ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បានដាំ​កូន​ឈើ​​មួយដើម​​នៅ​ក្បែរ​ផ្ទះ​លោក ។ ជា​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ លោក​បានថែ​ទាំ​ដើម​នោះ​តិច​តួច​ប៉ុណ្ណោះ ។ ថ្ងៃមួយ លោក​បាន​កត់សម្គាល់​ថា ដើម​នោះ​ដុះ​ឡើង​វៀច ហើយ​ផ្អៀង​ទៅ​ខាង​លិច ព្រោះ​ខ្យល់​បក់​ពី​ខាង​កើត​មក បាន​ធ្វើ​ឲ្យ​វា​កោង ពេល​វា​នៅទន់​​ខ្ចី ។ លោក​បាន​ចេញទៅ ហើយ​ព្យាយាម​រុញ​វា​ឲ្យ​ត្រង់ ប៉ុន្តែ​ដើម​នោះ​ធំ​ពេក​ទៅហើយ ។ លោក​បាន​ព្យាយាម​យក​ខ្សែពួរ និង រ៉ក ដើម្បី​តម្រង់​វា ប៉ុន្តែ​វា​មិន​ពត់​​ទៅវិញ​ទេ ។ ទីបំផុត លោក​បាន​យក​រណា​កាត់​មែក​ដែល​ធ្ងន់​នៅ​ខាង​លិច​ចេញ ​ធ្វើ​ឲ្យ​វា​មាន​ស្នាម​យ៉ាង​អាក្រក់​មើល ។ ក្រោយមក លោក​បាន​មាន​ប្រសាសន៍​ពី​ដើម​នោះ​ថា ៖

រូបភាព
ដើម​ដែល​កាត់​មែក​ចេញ

« វា​ជាង​កន្លះ​សតវត្ស​ទៅ​ហើយ ចាប់​តាំងពី​ខ្ញុំ​បាន​ដាំ​ដើម​នោះ ។ កូនស្រី​ខ្ញុំ និង គ្រួសារ​នាង​រស់នៅ​ទីនោះ​ឥឡូវ​នេះ ។ ថ្ងៃ​មួយ​នោះ ខ្ញុំ​បាន​មើល​ទៅ​ដើម​នោះ​ម្ដងទៀត ។ វា​ធំ ។ រូបរាង​វា​ល្អ​ជាង​មុន ។ វា​ជា​ប្រយោជន៍​ដ៏​ធំ​សម្រាប់​ផ្ទះ​នោះ ។ ប៉ុន្តែ ដំបៅ​នៃ​យុវវ័យ​របស់​វា​ធ្ងន់ធ្ងរ​ណាស់ ហើយ​ការព្យាបាល​ដែល​ខ្ញុំ​ប្រើប្រាស់​ដើម្បី​តម្រង់​វា​នោះ​គឺ​ឃោរឃៅ​ណាស់ ។

រូបភាព
ដើម​ដែល​មាន​ស្នាម​កាត់

« ពេល​ទើប​ដាំ​វា​ពី​ដំបូង គ្រាន់តែ​ខ្សែ​មួយ​សរសៃ​ក៏​អាច​ជួយ​វា​ឲ្យ​ទប់ទល់​នឹង​កម្លាំង​ខ្យល់​បាន​ទៅហើយ ។ ខ្ញុំ​អាច ហើយ​គួរតែ​បាន​ចង​ខ្សែ​នោះ ដោយ​គ្រាន់តែ​ប្រើ​កម្លាំង​បន្តិច​បន្តួច​ប៉ុណ្ណោះ ។ ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ធ្វើ​វា​ទេ ហើយ​វា​បានពត់​​ទៅតាម​កម្លាំង​ខ្យល់​ដែល​បក់​វា​នោះ » ( “Bring up a Child in the Way He Should Go” Ensign ខែ វិច្ឆិកា ឆ្នាំ 1993 ទំព័រ 59 ) ។

រូបភាព
ដើម​ខ្ចី​ដែល​មាន​បង្គោល​ទប់

សូម​ឲ្យ​នរណា​ម្នាក់​អាន​ដំបូន្មាន​របស់​អាលម៉ា​ទៅកាន់​ហេលេមិន នៅក្នុង អាលម៉ា 37:35 ហើយ​ពិភាក្សា​ថាតើ​ខ​នេះ​ទាក់ទង​នឹង​បទពិសោធន៍​របស់​ប្រធាន ហ៊ិងគ្លី ជាមួយ​នឹង​ដើម​ឈើ​នោះ​យ៉ាងណា​ដែរ ។ ( អាលម៉ា 37:35 គឺជា​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅពេល​ខាង​មុខ ) ។

សូម​អញ្ជើញ​មនុស្ស​​ដែល​អ្នក​បង្រៀន ឲ្យ​ថ្លែង​ពី​គោលការណ៍​មួយ​ដែល​សង្ខេប អាលម៉ា 37:35 ។ ( វា​អាចមាន​ន័យ​ដូច​តទៅ​នេះ ៖ យើង​គប្បី​រៀន​រក្សា​បទបញ្ញត្តិ​នៃ​ព្រះ នៅក្នុង​យុវវ័យ​របស់​យើង ។ អ្នក​អាច​នឹង​ចង់​សួរ​សំណួរ​មួយ ឬ ច្រើន​ នៃ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា មាន​ការផ្លាស់​ប្ដូរ​អ្វី​អាច​កើតឡើង​ក្នុង​ជីវិត​របស់​មនុស្ស ប្រសិនបើ​ពួកគេ​រៀន​រក្សា​បទបញ្ញត្តិ​នៃ​ព្រះ ពេល​ពួកគេ​នៅ​ក្មេង ?

  • តើ​ការរក្សា​បទបញ្ញត្តិ​ពេល​អ្នក​នៅក្នុង​យុវវ័យ​របស់​អ្នក បាន​ធ្វើ​ឲ្យ​មាន​ការខុសប្លែក​យ៉ាងណា​ដែរ​សម្រាប់​អ្នក ?

  • តើ​អ្នក​អាច​គិត​ពី​នរណា​ម្នាក់ ដែល​បាន​ទទួល​ពរជ័យ​អស់​មួយ​ជីវិត​គាត់ ដោយសារ​គាត់​បាន​រៀន​គោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ ​ពេល​គាត់​នៅ​ក្មេង​ដែរ​ឬ​ទេ ? តើ​បុគ្គល​នេះ​បាន​ទទួល​ពរជ័យ​យ៉ាង​ណា​ដែរ ?

សុំ​នរណា​ម្នាក់​ឲ្យ​អាន អាលម៉ា 37:36–37 ឮៗ ហើយ​រកមើល​ដំបូន្មាន​ជាក់លាក់​ដែល​អាច​ជួយ​ដល់​មនុស្ស​ម្នាក់​ឲ្យ​រក្សា​បទបញ្ញត្តិ ។ សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ការធ្វើតាម​ដំបូន្មាន​នេះ​ជា​ប្រចាំ​ថ្ងៃ អាច​ជួយ​អ្នក​ឲ្យ​រក្សា​បទបញ្ញត្តិ​បានតាម​របៀប​ណា​ដែរ ?

  • តើ​អ្នក​ព្យាយាម​ទុក​ព្រះ​ជា​ទីមួយ​នៅក្នុង​គំនិត និង ទង្វើ​របស់​អ្នក តាម​របៀប​ណា​ខ្លះ ? តើ​អ្នក​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​យ៉ាង​ដូចម្ដេច ?

  • តើ​ការសន្យា​អ្វី​ខ្លះ ដែល​ត្រូវបាន​ផ្ដល់​ឲ្យ​ពួក​អ្នក​ដែល​ពោរពេញ​ដោយ​ការអធិស្ឋាន​នោះ ?

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក ថាតើ​ការប្រឹក្សា​នឹង​ព្រះអម្ចាស់​បាន​ជួយ​អ្នក​ឲ្យ​រក្សា​បទបញ្ញត្តិ​​យ៉ាង​ដូចម្ដេចខ្លះ ។ សូម​អញ្ជើញ​មនុស្ស​​ដែល​អ្នក​បង្រៀន​នោះ ឲ្យ​ធ្វើ​តាម​ពាក្យ​សម្ដី​របស់​អាលម៉ា​ស្ដី​អំពី​ការប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់ ។

មេរៀនទី 2—អាលម៉ា 37:38–45

រូបភាព
លីអាហូណា

ចូរសួរ​ដល់​មនុស្ស​ដែល​អ្នក​បង្រៀន បើសិនជា​ពួកគេ​ស្គាល់​ឈ្មោះ​ត្រីវិស័យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ក្រុមគ្រួសារ​លីហៃ ដែល​បាន​ជួយ​ពួកគេ​ឲ្យ​ធ្វើ​ដំណើរ​ទៅកាន់​ដែនដី​សន្យា ។ បន្ទាប់មក សុំ​ម្នាក់​ឲ្យ​អាន អាលម៉ា 37:38 ។ សូម​ពន្យល់​ថា អាលម៉ា​បាន​និយាយ​អំពី​លីអាហូណា​ក្នុង​ការបង្រៀន​ដល់​ហេលេមិន ពី​គោលការណ៍​ដ៏​សំខាន់​មួយ​អំពី​របៀប​ដែល​ព្រះអម្ចាស់​ដឹកនាំ​កូនចៅ​ទ្រង់ ។

សូម​ឲ្យ​ពួក​អ្នក​ដែល​អ្នក​បង្រៀន​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដោយ​អាន​នូវ​ខ​ទាំងឡាយ​ដែល​មាន ហើយ​ពិនិត្យ​រកមើល​ចម្លើយ ៖

  • យោងតាម អាលម៉ា 37:38–40 តើ​លីអាហូណា​ធ្វើការ​ដោយ​របៀប​ណា ?

  • យោងតាម អាលម៉ា 37:41–42 ហេតុអ្វី​លីអាហូណា​ឈប់​ធ្វើការ​នៅពេល​ខ្លះ ?

  • យោងតាម អាលម៉ា 37:43–45 តើ​លីអាហូណា​ប្រៀប​ដូច​ទៅ​នឹង​ព្រះបន្ទូល​នៃ​ព្រះ​របៀប​ណា ?

សូម​ពន្យល់​ថា ពាក្យ ស្រមោល និង គំរូអាលម៉ា 37:43, 45 ) មានន័យ​ថា អ្វី​ដែល​ត្រូវបាន​ប្រើប្រាស់​ជា​និមិត្ត​សញ្ញា​នៃ​គំនិត​មួយ​ដ៏​ទូលំ​ទូលាយ​ជាង ។ ជា​ឧទាហរណ៍ ការគោរព​ប្រតិបត្តិ ឬ មិន​គោរព​ប្រតិបត្តិ​របស់​ក្រុមគ្រួសារ​លីហៃ ចំពោះ​ទិស​នៃ​លីអាហូណា គឺជា​និមិត្ត​សញ្ញា​មួយ​នៃ​ជម្រើស​របស់​យើង ក្នុង​ការគោរព​ប្រតិបត្តិ ឬ មិន​គោរព​ប្រតិបត្តិ​ចំពោះ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ។ ដូច​ជា​ក្រុមគ្រួសារ​លីហៃ​បាន​ទៅដល់​ដែនដី​សន្យា​ដោយ​ការដើរតាម​លីអាហូណា​ដែរ នោះ​យើង​នឹង​ទទួល​នូវ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ពេល​យើង​ធ្វើ​តាម​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ។

ចូរ​សុំ​ម្នាក់​ឲ្យ​ពន្យល់​ថា យើង​អាច​រកឃើញ​ព្រះបន្ទូល​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ជីវិត​របស់​យើង​នៅ​កន្លែង​ណា​ខ្លះ ។ ( ចម្លើយ​មួយ​ចំនួន អាច​មាន​នៅក្នុង​ព្រះគម្ពីរ ពាក្យ​សម្ដី​របស់​ព្យាការី​សម័យ​ទំនើប ពរ​របស់​លោក​អយ្យកោ និង ការបំផុស​នៃ​ព្រះវិញ្ញាណ ) ។

សូមសួរ ៖ តើ​គោលការណ៍​អ្វី​ខ្លះ ដែល​អាលម៉ា​បង្រៀន​ដល់​ហេលេមិន ដោយ​ការប្រើ​នូវ​ឧទាហរណ៍​អំពី​លីអាហូណា ? ( ចម្លើយ​អាច​ជា​អ្វី​មួយ ដូចជា​គោលការណ៍​តទៅ​នេះ ៖ បើ​យើង​ស្ដាប់​ដល់​ព្រះបន្ទូល​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​ព្រះបន្ទូល​នឹង​ដឹកនាំ​យើង​ឲ្យ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ អ្នក​អាច​នឹង​ចង់​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ថា ការស្ដាប់​តាម និង ការគោរព​ប្រតិបត្តិ​ដល់​ព្រះបន្ទូល​នៃ​ព្រះ នឹង​នាំមក​នូវ​ពរជ័យ​ដ៏​ធំធេង​ដល់​ជីវិត​យើង ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ប្រយោគ​ពីរបី ពិពណ៌នា​ពី​អ្វី​ដែល​អ្នក​បាន​រៀន​ចេញពី​ការសិក្សា​មេរៀន​ដែល​អ្នក​ជ្រើសរើស​ដើម្បី​បង្រៀន​នេះ ។

  2. សូម​សរសេរ​អ្វី​ដែល​មាន​ដូច​តទៅ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ខ្ញុំ​បាន​សម្រេច​ចិត្ត​បង្រៀន​មេរៀន​របស់​ខ្ញុំ​អំពី អាលម៉ា 37 ៖ ( សូម​សរសេរ​ខទាំងឡាយ​ដែល​អ្នក​នឹង​បង្រៀន ) ។ ខ្ញុំ​នឹង​បង្រៀន ( សរសេរ​នរណា​ដែល​អ្នក​បាន​ជ្រើសរើស​នឹង​បង្រៀន ) នៅ ( សរសេរ​កាលបរិច្ឆេទ​ដែល​អ្នក​បាន​ណាត់​ដើម្បី​បង្រៀន​មេរៀន​នេះ ) ។

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—អាលម៉ា 37:35

សូម​គូស​ចំណាំ អាលម៉ា 37:35 ។ ព្យាយាម​ទន្ទេញ​ខ​នេះ ។ បន្ទាប់មក សូត្រ​វា ឬ អានវា​ទៅកាន់​ឪពុក ឬ ម្ដាយ ឬ មនុស្ស​ពេញវ័យ​ណា​ម្នាក់​ដែល​អ្នក​ទុកចិត្ត ។ សូម​សួរ​ដល់​បុគ្គល​នេះ​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ការគោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​របស់​ព្រះ បាន​ជួយ​អ្នក​ក្នុង​ជីវិត​អ្នក​យ៉ាងដូចម្ដេច​ខ្លះ ?

  • តើ​អ្នក​មាន​ដំបូន្មាន​អ្វី​ខ្លះ​សម្រាប់​ខ្ញុំ ដែល​អាច​ជួយ​ខ្ញុំ​ឲ្យ​កាន់តែ​មាន​ភាពឆ្លាតវៃ​នៅក្នុង​យុវវ័យ​របស់​ខ្ញុំ ?

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​អ្វី​ដែល​អ្នក​បានរៀន​ពី​មនុស្ស​ដែល​អ្នក​បាន​និយាយ​ជាមួយ អំពី អាលម៉ា 37:35 ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 37 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖