ថ្នាក់​សិក្ខាសាលា
មេរៀនទី 12 ៖ ថ្ងៃទី 3ម៉ូសាយ 11–14


មេរៀនទី 12 ៖ថ្ងៃទី 3

ម៉ូសាយ 11–14

សេចក្តីផ្ដើម

ស្តេច ណូអេ​បាន​រស់នៅ​ដោយ​រីករាយ​អស្ចារ្យ​ដោយ​មិន​គោរព​ដល់​ក្រឹត្យវិន័យ ហើយ​ដឹកនាំ​ប្រជាជន​របស់​ទ្រង់​ជា​ច្រើន​ឲ្យ​ធ្លាក់​ចូល​ក្នុង​អំពើ​ទុច្ចរិត ។ព្រះអម្ចាស់​បាន​បញ្ជូន​ព្យាការី​អ័ប៊ីណាដៃ​ឲ្យ​ប្រកាស​ដល់​ប្រជាជន​ណូអេ​អំពី​ការប្រែចិត្ត ហើយ​ព្រមាន​ពួកគេ​ពី​ការធ្លាក់​ខ្លួន​ជា​សេវកភាព​ក្នុង​ពេល​ដ៍​ខ្លី​ខាងមុខ ។ប្រជាជន​បាន​ជ្រើសរើស​មិន​ស្តាប់​តាម​ការព្រមាន​ទាំង​នេះ​ទេ ហើយ​អ័ប៊ីណាដៃ​ត្រូវ​បាន​យក​ទៅ​ដាក់​គុក​ដោយ​មក​ពី​ការព្យាករណ៍​ទាំងឡាយ​របស់​លោក ។នៅពេល​ពួកសង្ឃ​របស់​ស្តេច​ណូអេ​បាន​សួរ​សំណួរ​ដល់​អ័ប៊ីណាដៃ នោះ​ព្យាការី​បាន​ស្តី​បន្ទោស​ដល់​ពួកគេ ការ​ដែល​មិន​រស់នៅ​តាម ឬ មិន​បង្រៀន​ពី​បទបញ្ញត្តិទាំងឡាយ ។ព្រះ​បាន​ការពារ​អ័ប៊ីណាដៃ ហើយ​បាន​ប្រទាន​អំណាច​ដល់​លោក​ដើម្បី​បញ្ចប់​សារលិខិត​របស់​លោក​ទៅ​កាន់​ស្តេច​ណូអេ និង ពួក​សង្ឃ​របស់​ទ្រង់ ។ដោយ​ដកស្រង់​ពី​អេសាយ អ័ប៊ីណាដៃ​បាន​ថ្លែង​ទី​បន្ទាល់​ពី​សេចក្តី​ត្រូវ​ការ​របស់​មនុស្ស​ទាំង​អស់ ក្នុង​ការពឹកផ្អែក​ដល់​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់ ។

ម៉ូសាយ 11:1–19

ស្តេច​ណូអេ​បាន​ដឹកនាំ​ប្រជារាស្ត្រ​របស់​ទ្រង់​ឲ្យ​ធ្វើ​អំពើ​ទុច្ចរិត

សូម​ពិចារណា​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច បើសិន​ជា​ឪពុក ឬ ម្តាយ អាណាព្យាបាល ឬ អ្នក​ដឹកនាំ​របស់​អ្នក​បាន​លើកឡើង​ថា មិត្តភក្តិ​មួយ​ចំនួន​របស់​អ្នក​កំពុង​មាន​ឥទ្ធិពល​អាក្រក់​មក​លើ​អ្នក ?

  • តើ​អ្នក​នឹង​ធ្វើ​ដូចម្តេច បើសិន​ឪពុក ឬ ម្តាយ ឬ អ្នក​ដឹកនាំ​សាសនាចក្រ​ម្នាក់​របស់​អ្នក​សុំ​អ្នក​ឲ្យ​ស្លៀកពាក់​សមរម្យ​ជាង​នេះ សម្រាប់​ការ​ថ្វាយបង្គំ​នៅថ្ងៃ​អាទិត្យ និង សកម្មភាព​សាសនាចក្រ​ដទៃ​ទៀត ?

  • តើ​អ្នក​នឹង​ធ្វើ​ដូចម្តេច បើសិន​ព្យាការី​បាន​មាន​ប្រសាសន៍​ថា អ្នក​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​បទដ្ឋាន​កម្សាន្ត​របស់​អ្នក ?

មនុស្ស​អាច​ឆ្លើយ​តប​ចំពោះ​សំណួរ​ខាង​លើ​នេះ​ក្នុង​របៀប​ខុសៗ​គ្នា ។នៅ​ពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​រកមើល​របៀប​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​ឆ្លើយតប​ចំពោះ​មនុស្ស​ដែល​ទ្រង់​បញ្ជូន​ឲ្យ​មក​ជួយ​អ្នក​ឲ្យ​រស់នៅ​ដោយ​សុចរិត ។

នៅ​ពេល​អ្នក​រៀបចំ​ខ្លួន​ដើម្បី​សិក្សាម៉ូសាយ 11 វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា បន្ទាប់​ពី​ស៊ីនិព្វ​បាន​ស្លាប់​ទៅ នោះ​កូនប្រុស​របស់​លោក គឺ​ណូអេ​បាន​គ្រប់គ្រង​លើ​ពួកសាសន៍​នីហ្វៃ​ដែល​បាន​រស់​នៅ​លើ​ដែនដី​នីហ្វៃ ។សូម​អានម៉ូសាយ 11:1–2, 5–7, 14–19ហើយ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​សកម្មភាព​របស់​ស្តេច​ណូអេ និង អ្វី​ដែល​ទ្រង់​បាន​ព្យាយាម​តាមរក​បន្ទាប់ពី​បាន​ក្លាយ​ជា​ស្តេច​មួយ​អង្គ ។បន្ទាប់​មក សូម​អានម៉ូសាយ 11:2, 6–7, 15, 19ហើយ​គូស​ចំណាំ​ដោយ​ប្រើ​ពណ៌​ខុសៗ​គ្នា ( បើសិន​អ្នក​អាច ) នូវ​ឥទ្ធិពល​ដែល​សកម្មភាព​របស់​ណូអេ​បាន​មាន​មក​លើ​ប្រជាជន​ក្នុង​នគរ ។

ខ​ទាំងនេះ​បង្ហាញ​ពី​របៀប​ដែល​មនុស្ស​ដែល​យើង​មាន​ទំនាក់ទំនង​ជា​មួយ អាច​ជះ​ឥទ្ធិពល​លើ​សកម្មភាព​របស់​យើង ។សូម​ពិចារណា​ពី​របៀប​ដែល​មិត្តភក្តិ​របស់​អ្នក​មាន​ឥទ្ធិពល​លើ​ជម្រើស​ទាំងឡាយ​ដែល​អ្នក​ជ្រើសរើស ។សូម​សញ្ចឹង​គិត​មួយ​ភ្លែត​នូវ​អ្វី​ដែល​មនុស្ស​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ជួនកាល​ធ្វើ​ដែល​គេ​អាច​ប្រដូច​ទៅនឹង​ការ​ធ្វើការ « យ៉ាងខ្លាំងក្លា​ដើម្បី​ចិញ្ចឹម​អំពើ​ទុច្ចរិត » ( ម៉ូសាយ 11:6 ) ។

ម៉ូសាយ 11:20–12:17

អ័ប៊ីណាដៃ​ជំរុញ​ប្រជាជន​ឲ្យ​ប្រែចិត្ត ហើយ​ព្រមាន​ពួកគេ​អំពី​សេវកភាព

បើទោះជា​ស្តេច​ណូអេ និង ប្រជារាស្រ្ត​របស់​ទ្រង់​កំពុង​ជ្រើសរើស​អំពើ​ទុច្ចរិត​ក៏​ដោយ ក៏​ព្រះអម្ចាស់​ស្រឡាញ់​ពួកគេ និង មាន​ព្រះទ័យ​ចង់​ជួយ​ពួកគេ ។សូម​ពិនិត្យ​មើល​ដោយ​យកចិត្ត​ទុក​ដាក់​នូវ​អក្សរ​បួន​ជួរ​ដំបូង​គេ​នៃម៉ូសាយ 11:20ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដើម្បី​ជួយ​ប្រជាជន​របស់​ណូអេ ។

សូម​សរសេរ​សេចក្តី​ពិត​តទៅ​នេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរម៉ូសាយ 11:20 ៖ព្រះ​បញ្ជូន​ព្យាការី​ដើម្បី​ជួយ​យើង​ឲ្យ​ប្រែចិត្ត ហើយ​ចៀសវាង​ពី​ទុក្ខវេទនា ។

ព្រះអម្ចាស់​បាន​បញ្ជា​អ័ប៊ីណាដៃ​ពីរ​លើក​ខុសៗ​គ្នា​ដើម្បី​ឲ្យ​ព្រមាន​ដល់​ប្រជាជន ។

  1. សូម​ចម្លង​តារាង​ខាងក្រោម​នេះ​ដាក់​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ហើយ​ទុក​កន្លែង​ចន្លោះ​គ្រប់​គ្រាន់​ខាងក្រោម​ខគម្ពីរ​យោង​នីមួយៗ​ដើម្បី​សរសេរ​សេចក្តី​សង្ខេប ។សូម​សិក្សា​ខ​ដែល​បាន​ផ្តល់​ឲ្យ ហើយ​សរសេរ​សេចក្តី​សង្ខេប​មួយ​អំពី​ការព្រមាន​របស់​អ័ប៊ីណាដៃ និង ប្រតិកម្ម​របស់​ប្រជាជន ។

សារលិខិត​របស់​អ័ប៊ីណាដៃ

ប្រតិកម្ម​របស់​ប្រជាជន

ការព្រមាន​លើកទី​មួយ

ម៉ូសាយ 11:20–25

ម៉ូសាយ 11:26–29

កាព្រមាន​លើក​ទីពីរ

ម៉ូសាយ 12:1–8

ម៉ូសាយ 12:9–10, 13–17

  1. ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​អំពី​ប្រតិកម្ម​របស់​ប្រជាជន​ទៅ​កាន់​ការព្រមាន​របស់​អ័ប៊ីណាដៃ ៖

    1. តើ​អ្នក​គិត​ថា ហេតុ​អ្វី​ប្រជាជន​ឆ្លើយតប​ដោយ​កំហឹង​ទៅកាន់​អ័ប៊ីណាដៃ ដែល​កំពុង​ព្យាយាម​ជួយ​ពួកគេ​យ៉ាង​ដូច្នេះ ?តើ​អ្នក​គិត​ថា ហេតុ​អ្វី​ពួកគេ​ការពារ​ស្តេច​ណូអេ ដែល​កំពុង​ដឹកនាំ​ពួកគេ​ឆ្ពោះទៅ​រក​ទុក្ខវេទនា​យ៉ាងដូច្នេះ ?

    2. សូម​កត់​ចំណាំ​ឃ្លា « ភ្នែក​របស់​ប្រជាជន​ខ្វាក់ » ក្នុងម៉ូសាយ 11:29 ។ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ជឿ​ថា គំរូ​នៃ​អាកប្បកិរិយា និង ឥទ្ធិពល​អ្វី​ខ្លះ​ដែល​សាតាំង​កំពុង​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​ទាញ​យក​មនុស្ស​ល្អ​ឲ្យ « ខ្វាក់ » ធ្លាក់​ចូល​ទៅ​ក្នុង​នោះ ?

    3. តើ​អ្នក​អាច​ធ្វើ​ដូចម្តេច​ដើម្បី​បង្ហាញ​ពី​ការបន្ទាបខ្លួននៅ​ពេល​សមាជិក​គ្រួសារ ពួកអ្នក​ដឹកនាំ​សាសនាចក្រ និង ព្យាការី​លើកទឹកចិត្ត​អ្នក​ឲ្យ​ធ្វើតាម​ព្រះបន្ទូល​នៃ​ព្រះ ?

ម៉ូសាយ 12:18–13:26

ព្រះ​ការពារ​អ័ប៊ីណាដៃ​នៅពេល​លោក​ស្តីបន្ទោស​ដល់​ស្តេច​ណូអេ និង ពួកសង្ឃ​របស់​ទ្រង់​ព្រោះតែ​ការមិន​ប្រតិបត្តិ​តាម និង មិន​បង្រៀន​បទបញ្ញតិ្ត​ទាំងឡាយ

ពី​មុន​បន្ត​ការសិក្សា​របស់​អ្នក​ពីម៉ូសាយ 12សូម​វាយ​តម្លៃ​ខ្លួន​អ្នក​ផ្ទាល់​នូវ​កម្រិត​ពី​លេខ 1 ដល់​លេខ 10 ( លេខ 10​គឺ​ជា​ការយល់​ព្រម​ទាំងស្រុង ) ថា​តើ​សេចក្ដី​ថ្លែង​ខាង​ក្រោម​នេះ​ពិពណ៌នា​បាន​ត្រឹមត្រូវ​ប៉ុណ្ណា ចំពោះ​ខ្លួន​អ្នក​នៅពេល​នេះ ៖

ខ្ញុំ​ដឹង​នូវ​អ្វី​ដែល​ខ្ញុំ​គួរ​ធ្វើ​ដើម្បី​រស់​នៅ​តាម​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ខ្ញុំ​រស់នៅ​តាម​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

នៅ​ពេល​អ្នក​រៀន​អំពី​ស្តេច​ណូអេ និង ពួកសង្ឃ​របស់​ទ្រង់ សូម​ពិចារណា​ថា តើ​ពួក​គេបាន​ដឹងច្រើន​ប៉ុណ្ណា ហើយ​ថា តើ​ពួកគេ បាន​រស់​នៅ​តាម បទបញ្ញត្តិ​ល្អ​ប៉ុណ្ណា ។បន្ទាប់ពី ណូអេ​បាន​យក​អ័ប៊ីណាដៃ​ចេញ​ពី​គុក​វិញ ពួកសង្ឃ​ទាំងឡាយ​បាន​ចាប់​ផ្តើម​ចោទ​សួរ​ដល់​លោក​ទាក់ទង​នឹង​ព្រះគម្ពីរ ។សូម​អានម៉ូសាយ 12:26–30ហើយ​គូស​ចំណាំ​អ្វី​ដែល​អ័ប៊ីណាដៃ​បាន​និយាយ​ដើម្បី​ស្តី​បន្ទោស​ដល់​ណូអេ និង ពួកសង្ឃ​របស់​ទ្រង់ ។

តើ​អ្នក​គិត​ថា​ស្តេច ណូអេ និង ពួកសង្ឃ​របស់​ទ្រង់​គួរ​តែ​វាយ​តម្លៃ​ក្នុង​កម្រិត​ណា​ពី​លេខ 1 ដល់ 10 ក្នុង​ការបញ្ជាក់​ពី​ការយល់​ដឹង និង ការរស់​នៅ​តាម​បទបញ្ញត្តិ ?តើ​អ្នក​គិត​ថា វា​មាន​ន័យ​ដូចម្តេច​ក្នុង​ការតាំង « ចិត្ត​រៀន​ឲ្យ​យល់ » ?( សូម​មើល ម៉ូសាយ 12:27 ) ។សូម​មើល​ក្នុងម៉ូសាយ 12:33ហើយ​គូស​បន្ទាត់​ខាងក្រោម​គោលការណ៍​មួយ​ដែល​បង្ហាញ​ពី​មូលហេតុ​ដែល​វា​សំខាន់​ដើម្បី រស់នៅតាម​បទបញ្ញត្តិ ។

រូបភាព
អ័ប៊ីណាដៃ នៅ​ចំពោះ​មុខ​ស្តេច ណូអេ

អ័ប៊ីណាដៃ​បាន​ប្រកាស​សេចក្តី​ពិត​នេះ ៖ បើសិន​យើង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ នោះ​យើង​នឹង​ត្រូវ​បាន​សង្គ្រោះ ។ តើ​ហេតុអ្វីការស្គាល់ផ្លូវ​ដើម្បី​រស់នៅ​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​យើង​សម្រាប់​សេចក្តី​សង្គ្រោះ ?

អ័ប៊ីណាដៃ​បាន​ប្រាប់​ដល់​ស្តេច​ណូអេ និង ពួកសង្ឃ​របស់​ទ្រង់​ថា ពួកគេ​មិន​កំពុង​រស់នៅ​តាម ឬ បង្រៀន​បទបញ្ញត្តិ​ទាំងឡាយ​ទេ ហើយ​គាត់​បាន​ចាប់ផ្តើម​រៀបរាប់​អំពី​ក្រឹត្យវិន័យ​ដប់​ប្រការ ។ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ស្តេច​ខឹង​ជា​ខ្លាំង ហើយ​ទ្រង់​បាន​បញ្ជា​ថា អ័ប៊ីណាដៃ​ត្រូវ​កាត់ទោស​ប្រហារ​ជីវិត ។ព្រះ​បាន​ការពារ​អ័ប៊ីណាដៃ ហើយ​បាន​ប្រទាន​ដល់​លោក​នូវ​អំណាច​ដើម្បី​បន្ត​បង្រៀន​អំពី​ក្រឹត្យវិន័យ​ដប់ប្រការ ។អ្នក​អាច​ចង់​គូស​ចំណាំ ហើយ​ដាក់​លេខ​រៀង​ក្នុងម៉ូសាយ 12:35–36និងម៉ូសាយ 13:12–24 ។តារាង​ខាង​ក្រោម​នេះ​នឹង​ជួយ​អ្នក​ស្គាល់​ក្រឹត្យវិន័យ​នីមួយៗ​ទាំង​ដប់​ប្រការ​នេះ ៖

អ័ប៊ីណាដៃ​បាន​បង្រៀន​ក្រឹត្យវិន័យ​ដប់ប្រការ

  1. ម៉ូសាយ 12:35

  1. ម៉ូសាយ 12:36; 13:12–13

  1. ម៉ូសាយ 13:15

  1. ម៉ូសាយ 13:16–19

  1. ម៉ូសាយ 13:20

  1. ម៉ូសាយ 13:21

  1. ម៉ូសាយ 13:22

  1. ម៉ូសាយ 13:22

  1. ម៉ូសាយ 13:23

  1. ម៉ូសាយ 13:24

អ័ប៊ីណាដៃ បាន​ស្តី​បន្ទោស​ដល់​ណូអេ និង ពួកសង្ឃ​របស់​ទ្រង់​ដោយ​ក្លាហាន ព្រោះតែ​មិន​រក្សា​ក្រឹត្យវិន័យ​ដប់ប្រការ ដោយ​និយាយ​ថា « ខ្ញុំ​យល់​ថា ព្រះបញ្ញត្តិ​ទាំងនេះ​ពុំ​ទាន់​បាន​សរសេរ​ទុក​នៅ​ក្នុង​បេះដូង​របស់​អ្នក​នៅឡើយ​ទេ » ( ម៉ូសាយ 13:11 ) ។ដើម្បី​ជួយ​អ្នក​គិត​ថា តើ​អ្នក​កំពុង​រស់នៅ​តាម​ក្រឹត្យវិន័យ​ដប់ប្រការ​បាន​ល្អ​ប៉ុណ្ណា សូម​បំពេញ​ការវាយតម្លៃ–ខ្លួន​ឯង នៅ​ខាង​ក្រោម​នេះ ៖

សេចក្ដី​ថ្លែង​ខាងក្រោម​នេះ​អាច​បង្ហាញ​ថា តើ​ក្រឹត្យវិន័យ​ដប់ប្រការ​កំពុង​សរសេរ​ទុក​ក្នុង​បេះដូង​របស់​អ្នក​បាន​ល្អ​ប៉ុណ្ណា ។សូម​គូស​ចំណាំ​ថា តើ​សេចក្ដី​ថ្លែង​ទាំងនេះ​គឺ​ពិត​ចំពោះ​អ្នក​ញឹកញាប់​ប៉ុណ្ណា ។

ស្ទើរ​តែ​មិន​ដែល

ពេល​ខ្លះ

ច្រើន​ពេល

ស្ទើរ​តែ​គ្រប់ពេល

ខ្ញុំ​ស្រលាញ់​ព្រះវរបិតា​របស់​ខ្ញុំ ។

ខ្ញុំ​ដាក់​ព្រះ​មុន​គេ​ក្នុង​ជីវិត​របស់​ខ្ញុំ ( ពីមុន​មិត្តភក្កិ កិច្ចការ​កម្សាន្ត ទ្រព្យសម្បត្តិ បំណង​ប្រាថ្នា​ផ្ទាល់ខ្លួន​របស់​ខ្ញុំ និង រឿង​ដទៃ​ទៀត ) ។

ខ្ញុំ​និយាយ​ព្រះនាម​របស់​ព្រះអម្ចាស់​ដោយ​គាវរភាព ។

ខ្ញុំ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ​ដោយ​ការចូលរួម​ក្នុង​សកម្មភាព​ទាំងឡាយ​ដែល​ជួយ​ខ្ញុំ​ឲ្យ​ខិត​ទៅ​ជិត​ព្រះអម្ចាស់ ។ ខ្ញុំ​បាន​ទទួល​ស្គាល់​ថ្ងៃ​នោះ​ជា​ថ្ងៃ​របស់​ទ្រង់ មិន​មែន​ជា​ថ្ងៃ​របស់​ខ្ញុំ​នោះទេ ។

ខ្ញុំ​គោរព​ដល់​ឪពុក​ម្តាយ​ដោយ​ការប្រតិបត្តិ និង ការគោរព ។

ខ្ញុំ​គ្រប់គ្រង​កំហឹង​របស់​ខ្ញុំ ហើយ​មិន​ប្រព្រឹត្ត​អំពើ​ហឹង្សា​ចំពោះ​អ្នក​ដទៃ ។

ខ្ញុំ​ជា​មនុស្ស​បរិសុទ្ធ​ខាងផ្លូវ​ភេទ ។ខ្ញុំ​ចៀសវាង​ពី​រូបភាព ភាសា និង សកម្មភាព​ទាំងឡាយ​ដែល​ជា​អាសក្រាម ។

ខ្ញុំ​ចៀសវាង​ពី​ការលួច និង ការ​បន្លំ ។

ខ្ញុំ​និយាយ​តែ​ការពិត ។

ខ្ញុំ​ចៀសវាង​ពី​ការលោភ​ចង់បាន ( ដែល​មានន័យ​ថា ប្រាថ្នា​ចង់​បាន​អ្វី​មួយ​ដោយ​មិន​ត្រឹមត្រូវ​ដែល​ជា​កម្មសិទ្ធ​របស់​មនុស្ស​ម្នាក់​ទៀត ) ។

  1. សូម​មើល​ឡើង​វិញ​នូវ​ការឆ្លើយ​តប​របស់​អ្នក ហើយ​ដាក់​គោលដៅ​មួយ​ដើម្បី​រស់នៅ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ស្រប​តាម​ក្រឹត្យវិន័យ​មួយ​នៃ​ក្រឹត្យវិន័យ​ដប់​ប្រការ ។សូម​សរសេរ​គោលដៅ​របស់​អ្នក​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ម៉ូសាយ 13:27–14:12

អ័ប៊ីណាដៃ​បង្រៀន​អំពី​ការយាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ

សូម​អានម៉ូសាយ 13:28, 32–35ហើយ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ណា​ក៏​ដោយ​ដែល​អាច​បំពេញ​ការដកស្រង់​តទៅ​នេះ​ដោយ​អែលឌើរ ដាល្លិន អេក. អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖ « ក្រោយពី​ការគោរព​ប្រតិបត្តិ និង កិច្ចការ​ល្អ​ទាំងអស់​ដែល​យើង​បាន​ធ្វើ នោះ​យើង​មិន​អាច​ត្រូវបាន​សង្គ្រោះ​ពី​សេចក្តី​ស្លាប់ ឬ ពី​លទ្ធផល​នៃ​អំពើ​បាប​របស់​យើង​ម្នាក់ៗ​ដោយ​គ្មាន  » ។

ការដកស្រង់​ទាំងស្រុង​ដោយ​អែលឌើរ អូក អាន​ថា ៖ « ក្រោយ​ពី​ការគោរព​ប្រតិបត្តិ និង កិច្ចការ​ល្អ​ទាំង​អស់​ដែល​យើង​បាន​ធ្វើ នោះ​យើង​មិន​អាច​ត្រូវ​បាន​សង្គ្រោះ​ពី​សេចក្តី​ស្លាប់ ឬ ពី​លទ្ធផល​នៃ​អំពើបាប​របស់​យើង​ម្នាក់ៗ​ដោយ​គ្មាន​ព្រះគុណ​ដែល​ប្រទាន​មក​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​នោះទេ »( « Another Testament of Jesus Christ » Ensign ខែ មិនា ឆ្នាំ 1994 ទំព័រ 67 ) ។

អ្នក​អាច​ចង់​សរសេរ​សេចក្តី​ពិត​នេះ​ក្បែរម៉ូសាយ 13:28 ៖ គ្មាន​នរណា​ម្នាក់​អាច​ត្រូវ​បាន​សង្គ្រោះ​ទេ លើកលែង​តែ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​តែ​ប៉ុណ្ណោះ ។

សូម​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​សិក្សាម៉ូសាយ 14:1–12ហើយ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ក្នុង​ជីវិត​រមែង​ស្លាប់​ដើម្បី​ជួយ​អ្នក​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅជួប​ព្រះវរបិតា​សួគ៌​របស់​យើង ។សូម​គិត​អំពី​ទុក្ខព្រួយ សោកសៅ និង អំពើ​បាប​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួល​រង​ជំនួស​អ្នក ។ខ​ទាំងនេះ​ស្របនឹងអេសាយ 53:1–12 ។អ័ប៊ីណាដៃ​កំពុង​ដកស្រង់​អ្វី​ដែល​អេសាយ​បាន​សរសេរ ( សូម​មើលម៉ូសាយ 14:1 ) ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​របៀប​ដែល​អ្នក​នឹង​ពន្យល់​ទៅ​កាន់​មិត្តភក្តិ​ម្នាក់​នូវ​អ្វី​ដែលម៉ូសាយ 14:4–5បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាង​ក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សាម៉ូសាយ 11–14 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជា​មួយ​គ្រូ​របស់​ខ្ញុំ ៖