ថ្នាក់​សិក្ខាសាលា
មេរៀនទី 6 ៖ ថ្ងៃទី 4 នីហ្វៃទី2 9–10


មេរៀនទី 6 ៖ ថ្ងៃទី 4

នីហ្វៃទី 2 9–10

សេចក្ដីផ្ដើម

នៅក្នុង​មេរៀន​មុន អ្នក​បានសិក្សា​ពី​ទីបន្ទាល់​របស់​យ៉ាកុប អំពី​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​នឹង​ធ្វើ​សម្រាប់​យើង​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។នៅក្នុង​មេរៀន​នេះ អ្នក​នឹង​បញ្ចប់​ការ​សិក្សា​របស់​អ្នក​ក្នុង នីហ្វៃទី 2 9 និង ទេសនកថា​របស់​យ៉ាកុប​នៅ​ថ្ងៃ​ដំបូង ហើយ​និង​រៀន​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ទទួល​បាន​ពរជ័យ​ពី​ដង្វាយ​ធួន ។យ៉ាកុប​បាន​ព្រមាន​ជំទាស់​នឹង​ការធ្វើ​ការសម្រេច​ចិត្ត ដែល​នាំ​ទៅរក​ការបែក​ចេញ​ពី​វត្តមាន​នៃ​ព្រះ ហើយ​លោក​បាន​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ​មករក​ព្រះគ្រីស្ទ ហើយ​ទទួល​សេចក្តី​សង្គ្រោះ ។អ្នក​នឹង​អាន នីហ្វៃទី 2 10 ផងដែរ ហើយ​សិក្សា​ពី​អ្វី​ដែល​យ៉ាកុប​បានប្រាប់​ដល់​ប្រជាជន​នៅថ្ងៃ​បន្ទាប់​ទៀត ។យ៉ាកុប​បានបង្រៀន​ជា​ថ្មី​ម្តងទៀត​ថា បើទោះ​ជា​ពួកសាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​ខ្ចាត់ព្រាត់​ដោយ​ព្រោះ​តែ​អំពើបាប​ក៏ដោយ ក៏​ព្រះអម្ចាស់​នឹង​នៅតែ​ចងចាំ​សេចក្តី​សញ្ញា​របស់​ទ្រង់​ជាមួយ​ពួកគេ​ដែរ ហើយ​ទ្រង់​នឹង​ប្រមូល​ពួកគេ​នៅពេល​ពួកគេ​បាន​ប្រែចិត្ត ហើយ​ត្រឡប់​ទៅរក​ទ្រង់​វិញ ។យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា « គ្មាន​សាសន៍​ណា​ទៀត​នៅលើ​ផែនដី ដែល​នឹងឆ្កាង​ព្រះ​របស់​គេ​ឡើយ » ( នីហ្វៃទី 2 10:3 ) ។យ៉ាកុប​បានព្យាករ​ថា ប្រទេស​អាមេរិក​នឹង​ក្លាយជា​ដែនដី​នៃ​សេរីភាព ដែល​ត្រូវ​បាន​រឹងប៉ឹង​លើស​ជាតិ​ទាំងអស់ ហើយ​នឹង​គ្មាន​ស្តេច​នៅ​ដែនដី​នោះ​ទេ ។យ៉ាកុប​បានធ្វើ​ទីបន្ទាល់​ថា មនុស្ស​ម្នាក់​ត្រូវ​តែ​ចុះ​ចូល​នឹង​ព្រះហឫទ័យ​របស់​ព្រះ ហើយ​ចងចាំ​ថា មាន​តែ​តាម​ព្រះគុណ​នៃ​ព្រះ​ប៉ុណ្ណោះ​ដែល​ពួកគេ​នឹង​ត្រូវ​បាន​សង្គ្រោះ ។

នីហ្វៃទី 2 9:28–54

យ៉ាកុប​បាន​ព្រមាន​ពី​សកម្មភាព និង អាកប្បកិរិយា​ដែល​បំបែក​យើង​ចេញពី​ព្រះ និង អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យមក​រក​ព្រះគ្រីស្ទ

ដោយសារតែ​ការធ្លាក់ និង ដោយសារតែ​អំពើបាប​ផ្ទាល់ខ្លួន​យើង នោះ​យើង​រាល់គ្នា​ត្រូវការ​ព្រះអង្គ​សង្គ្រោះ ។យ៉ាកុប​បាន​ធ្វើ​ទីបន្ទាល់​ថា តាមរយៈ​ដង្វាយធួន នោះ​យើង​ត្រូវបាន​រួចផុត​ពី​លទ្ធផល​ទាំងឡាយ​នៃ​ការធ្លាក់ និង អាច​ឈ្នះ​លើ​អំពើ​បាប​របស់​យើង ហើយ​ទទួល​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។យ៉ាកុប​បាន​ប្រើប្រាស់​រូបភាព​ជា​ទ្វារ និង ផ្លូវ​មួយ​ដើម្បី​ចង្អុល​បង្ហាញ​នូវ​ការណ៍​នេះ ។សូម​អាន នីហ្វៃទី 2 9:41 ហើយ​រកមើល​របៀប​ដែល​យ៉ាកុប​បាន​ពិពណ៌នា​អំពី​ផ្លូវ​មួយ​ដែល​យើង​ត្រូវតែ​ដើរ ដើម្បី​ទទួល​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។សូម​សញ្ជឹង​គិត​ពី​សំណួរ​ដូច​តទៅ​នេះ ៖ តើ​អ្នក​គិត​ថា « ចូរ​មក​រក​ព្រះអម្ចាស់ » មាន​ន័យ​បែបណា ?( សូម​ពិចារណា​ថា បើសិន​ជា​អ្នក​នៅតាម​ផ្លូវ​ដែល​នឹងនាំ​អ្នក​ឲ្យ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ) ។តើ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​ថា « ផ្លូវ [ ទៅកាន់​ព្រះអង្គ​សង្គ្រោះ ] គឺ​ចង្អៀត ប៉ុន្តែ​សន្ធឹង​ត្រង់ ? »

រូបភាព
ផ្លូវ​ខ្វាត់ខ្វែង​ដែល​មាន​ផ្លូវ​ត្រង់​នៅកណ្តាល

យ៉ាកុប​ក៏​បាន​ពិពណ៌នា​ផងដែរ​ថា ព្រះអង្គ​សង្គ្រោះ​ជា « អ្នក​ឆ្មាំ​ទ្វារ » ។នេះ​ជា​និមិត្តរូប​នៃ​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ ថាជា​អង្គ​ជំនុំជម្រះ​របស់​យើង ។គឺ​ទ្រង់​នេះ​ហើយ​ដែល​ផ្តល់​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់​ដល់​យើង ដោយ​ផ្អែក​ទៅលើ​អាកប្បកិរិយា និង សកម្មភាព​ទាំងឡាយ​របស់​យើង ។យ៉ាកុប​ក៏​បាន​បង្រៀន​យើង​បន្ថែម​ទៀត ជា​ពិសេស​ពី​របៀប​ដែល​អាកប្បកិរិយា និង សកម្មភាព​របស់​យើង​ប៉ះពាល់​ដល់​សមត្ថភាព​របស់​យើង​ក្នុង​ការមករក​ព្រះអង្គ​សង្គ្រោះ ។

  1. ដើម្បី​ជួយ​អ្នក​ស្គាល់​អាកប្បកិរិយា គំនិត និង សកម្មភាព​ទាំងឡាយ​ដែល​អាច​ដឹកនាំ​យើង​ទៅរក​ព្រះអង្គ​សង្គ្រោះ សូម​ធ្វើ​តាម​ចំណុច​ខាង​ក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ៖

    1. សូម​គូស​បន្ទាត់​ចំ​កណ្តាល​ទំព័រ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ហើយ​សរសេរ ការធ្វើ​ឲ្យ​ខ្លួន​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះគ្រីស្ទនៅ​ម្ខាង ហើយ​សរសេរ មក​រក​ព្រះគ្រីស្ទនៅ​ម្ខាង​ទៀត ។

    2. សូម​អាន នីហ្វៃទី 2 9:27–39 ហើយ​រកមើល​សកម្មភាព ឬ អាកប្បកិរិយា​ទាំងឡាយ​ដែល​យ៉ាកុប​បាន​ព្រមាន​ថា អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះអង្គ​សង្គ្រោះ ។សូម​ធ្វើ​បញ្ជី​មួយពី​អ្វី​ដែល​អ្នក​រក​ឃើញ​ដែល​មាននៅក្នុង​ជួរឈរ« ការធ្វើ​ឲ្យ​ខ្លួន​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះគ្រីស្ទ » នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។អ្នក​អាច​នឹង​ចង់​គូសចំណាំ​ផងដែរ ពី​អ្វី​ដែល​អ្នក​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។( សូម​កត់​ចំណាំ​ថា នីហ្វៃទី 2 9:28–29 គឺជា​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ។អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅពេល​ខាង​មុខ ) ។

    3. សូម​ជ្រើសរើស​មួយ​ចេញពី​សកម្មភាព ឬ អាកប្បកិរិយា​ទាំងឡាយ​ដែល​អ្នក​រកឃើញ ហើយ​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ នៅក្នុង​ទំព័រ​ផ្សេងពីគ្នា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​សកម្មភាព ឬ អាកប្បកិរិយា​នេះ​អាច​រារាំង​យើង​ពី​ការ​មករក​ព្រះគ្រីស្ទ ហើយ​ទទួល​បាន​ពរជ័យ​ដ៏​ពេញលេញ​ពី​ដង្វាយធួន​របស់​ទ្រង់​យ៉ាងដូច​ម្តេច​ដែរ ?

    4. ក្រៅ​ពី​ការព្រមាន​អំពី​សកម្មភាព និង អាកប្បកិរិយា​ទាំងឡាយ​ដែល​ធ្វើ​ឲ្យ​យើង​ឃ្លាតឆ្ងាយ​ពី​ព្រះអម្ចាស់ យ៉ាកុប​បាន​បង្រៀន​អំពី​សកម្មភាព និង អាកប្បកិរិយា​ទាំងឡាយ​ដែល​នឹង​ជួយ​យើង​ឲ្យមករក​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។សូម​អាន នីហ្វៃទី 2 9:23, 42, 45–46, 49–52 ហើយ​រកមើល​អ្វី​ដែល​យ៉ាកុប​បានបង្រៀន ដែល​នឹង​នាំ​យើង​ទៅរក​ព្រះអម្ចាស់ ។សូម​រាយ​ពី​អ្វី​ដែល​អ្នក​រកឃើញ​នៅក្នុង​ជួរ​ឈរ « មករក​ព្រះគ្រីស្ទ » នៃតារាង​របស់​អ្នក ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ

ពេល​សិក្សា នីហ្វៃទី 2 9:28–54 អ្នក​បាន​រៀន​ពី​គោលការណ៍​នេះ ៖ តាមរយៈ​ការជ្រើសរើស​ដើម្បី​មករក​ព្រះអម្ចាស់ ហើយ​រស់នៅ​ស្របតាម​ព្រះហឫទ័យ​របស់​ទ្រង់ នោះ​យើង​អាច​ទទួល​បាន​ពរជ័យ​ដ៏​ពេញលេញ​ពី​ដង្វាយធួន ។

  1. ដើម្បី​ជួយអ្នក​អនុវត្ត​អ្វី​ដែល​អ្នក​បានរៀន សូម​សរសេរ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ទាំងឡាយ នៅក្នុង​កិច្ចការ​មួយ ឬ ច្រើនជាង​នោះ ដែល​បានដាក់​ឲ្យ​ធ្វើ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ៖

    1. ក្នុង នីហ្វៃទី 2 9:23 អ្នក​បាន​អាន​ថា ព្រះអម្ចាស់​បាន​បញ្ជា​ដល់​យើង​ឲ្យ​ប្រែចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។បើទោះ​ជា​អ្នក​អាច​ទទួលបុណ្យ​ជ្រមុជ​ទឹក​ហើយ​ក៏ដោយ តើ​ការំឭក​សេចក្តី​សញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក តាម​រយៈ​ពិធី​សាក្រាម៉ង់​ជួយ​អ្នក​ឲ្យ​មករក​ព្រះអម្ចាស់ ហើយ​ទទួល​ពរជ័យ​ពី​ដង្វាយធួន​របស់ទ្រង់​យ៉ាង​ដូច​ម្តេច ?

    2. តើ​អ្នក​គិតថា វា​មាន​ន័យ​ដូចម្តេច ក្នុង​ការមាន « សេចក្តី​ជំនឿ​ដ៏​ឥត​ខ្ចោះ ជឿ​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល » ( នីហ្វៃទី 2 9:23 ) ?តើ​មាន​របៀប​ណា​ខ្លះ ដែល​អ្នក​បង្ហាញ​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់ នៅពេល​ថ្មីៗ​នេះ ?

    3. តើ​វា​មាន​អត្ថន័យ​បែបណា​ចំពោះ​ឃ្លា « ចូរ​បែរចេញ​ពី​អំពើបាប​ទាំងឡាយ​របស់​អ្នក​រាល់គា្ន​ចុះ » ( នីហ្វៃទី 2 9:45 ) ?តើ​អ្វី​អាច​ជួយ​អ្នក​បែរ​ចេញពី​អំពើ​បាប​របស់​អ្នក ?

    4. តើ​មាន​ឧទាហរណ៍​អ្វី​ខ្លះ ពី​ការចំណាយ​លុយ « ដែល​ឥត​ប្រយោជន៍ » ឬ ក៏ធ្វើ​ការ « សម្រាប់​អ្វី​ដែល​ពុំ​អាច​ធ្វើ​ឲ្យបាន​ស្កប់ស្កល់ » ( នីហ្វៃទី 2 9:51 ) ?តើ​ការចៀសវាង​ពី​អំពើ​អាក្រក់ ឬ ការតាម​រក​អ្វី​ឥត​ប្រយោជន៍ អាច​ជួយអ្នក​ឲ្យ​មករក​ព្រះអម្ចាស់​ដូច​ម្ដេច​ដែរ ?តើ​អ្នក​អាច​ធ្វើ​ឲ្យ​របៀបដែល​អ្នក​ចំណាយ​ពេល​ក្នុង​សកម្មភាព​ផ្សេងៗ​ក្នុង​សាលា ការសិក្សា សាសនាចក្រ ការ​សប្បាយ និង សកម្មភាព​ក្នុង​សង្គមមាន​តុល្យភាពកាន់តែប្រសើរឡើងតាមរបៀបណា ?

    5. តើ​មាន​របៀប​ណាខ្លះ​ដែល​អ្នក​អាច « ទទួល​ទាន​នូវអ្វី​ដែល​មិន​វិនាស » (នីហ្វៃទី 2 9:51 ) ?

    6. យ៉ាកុប​បាន​ជំរុញ​ប្រជាជន​ឲ្យ « ថ្លែង​អំណរគុណ » ហើយ « សូម​ឲ្យ​ចិត្ត​របស់អ្នកបាន​សប្បាយ​រីករាយ » ( នីហ្វៃទី 2 9:52 ) ។ហេតុអ្វី​អ្នក​គិត​ថា វា​សំខាន់​ដើម្បី​ធ្វើតាម​ពាក្យ​ទូន្មាន​នេះ នៅពេល​អ្នក​ព្យាយាម​មករក​ព្រះអង្គ​សង្គ្រោះ ?

  2. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​របៀប​ដែល​សកម្មភាព ឬ អាកប្បកិរិយា​មួយ ឬ ច្រើន ដែល​អ្នក​បាន​សិក្សា បាន​នាំ​អ្នក​ឲ្យ​ខិត​កាន់តែជិត​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—នីហ្វៃទី 2 9:28–29

តើ​អ្នក​នឹង​ធ្វើ​អ្វី ដើម្បី​ទាញយក​ចំណេះដឹង​ឲ្យ​បាន​ច្រើន​បំផុត ចេញពី​ឱកាស​នៃ​ការអប់រំ​ថ្មីៗ​របស់​អ្នក ?តើ​អ្នក​មាន​ផែនការ​អ្វី​នាពេល​អនាគត​សម្រាប់​ការអប់រំ​របស់អ្នក ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​ពី​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ហើយសូម​គូស​បន្ទាត់​ពីក្រោម​ពរជ័យ​ទាំងឡាយ ដែល​អាច​ទទួល​បាន​មកពី​ការរៀនសូត្រ ៖ « អ្នក​ប្រឈម​នឹង​ឧបសគ្គ​ធំៗ​ជាច្រើន​នាពេល​អនាគត ។អ្នក​កំពុង​ដើរ​ក្នុង​ពិភពលោក​មួយ​ដែល​មានការ​ប្រកួតប្រជែង​ដ៏​កាច​សាហាវ ។អ្នក​ត្រូវតែ​ទទួល​ការ​អប់រំ​ទាំងអស់​ដែល​អ្នក​អាច​ធ្វើ​ទៅបាន ។ព្រះអម្ចាស់​បាន​ណែនាំ​យើង​អំពី​សារសំខាន់​នៃ​ការ​អប់រំ ។វា​នឹង​ផ្តល់​ជា​គុណសម្បត្តិ​ដល់​អ្នក សម្រាប់​ឱកាស​កាន់តែ​ល្អៗ​ជាច្រើន ។វា​នឹង​រៀបចំ​អ្នក ដើម្បី​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ក្នុង​ពិភពលោក​ដ៏​ធំ​ក្រៃលែង​ដែល​ប្រកប​ដោយ​ឱកាស​នៅ​នឹង​មុខ ។បើសិន​អ្នក​អាច​ចូល​រៀន​នៅ​មហាវិទ្យាល័យ ហើយ​នោះ​គឺ​ជា​បំណងប្រាថ្នា​របស់អ្នក ចូរ​ធ្វើ​វា​ទៅ ។បើសិន​អ្នក​គ្មាន​បំណង​ប្រាថ្នា​ដើម្បី​រៀន​នៅ​មហាវិទ្យាល័យ អញ្ចឹង ចូរ​រៀន​វគ្គ​បំពាក់​បំប៉ន​ខ្លីៗ ឬ សាលា​ជំនួញ ដើម្បី​កែខៃ​ជំនាញ ហើយ​បង្កើន​សមត្ថភាព​របស់អ្នក » ( “Converts and Young MenEnsign ខែ ឧសភា ឆ្នាំ 1997 ទំព័រ 49–50 ) ។

សូម​អាន នីហ្វៃទី 2 9:28 ហើយ​គូសចំណាំ​នូវ​អ្វី​ដែល​យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា ជា​គ្រោះថ្នាក់​នៃ​ការ​រៀនសូត្រ​ជាមួយនឹង​អាកប្បកិរិយា​ដែល​ខុស ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ៖

    1. តើ​អ្នក​គិតថា​សេចក្ដី​ថ្លែង​ដែល​ថា « កាលណា​គេ​បាន​រៀន​សូត្រ គេ​ស្មានថា​គេ​ឆ្លាតវៃ » មាន​អត្ថន័យ​ដូចម្តេច ?

    2. តើ​អ្វី​ទៅ​ជា​គ្រោះថ្នាក់​នៃ​ការគិត​ថា យើង​ឆ្លាតវៃ​ជាង​ឪពុក ឬ ម្តាយ ប៊ីស្សព ឬ ប្រធាន​សាខា ព្យាការី ឬ ព្រះវរបិតាសួគ៌​របស់​យើង ?

សូមអាន នីហ្វៃទី 2 9:29 ហើយ​រកមើល​អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវ​ចងចាំ ខណៈ​ពេល​ដែល​អ្នក​ស្វែងរក​ការអប់រំ ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ការសិក្សា​ព្រះគម្ពីរ​ដោយ​ឧស្សាហ៍​ព្យាយាម ជួយ​អ្នកឲ្យ​រស់នៅ​ស្របតាម​គោលការណ៍​នៅក្នុង នីហ្វៃទី 2 9 :2 យ៉ាង​ដូចម្តេច ?

នីហ្វៃទី 2 10

យ៉ាកុប​លើក​ទឹកចិត្ត​ប្រជាជន​ឲ្យ​អររីករាយ ហើយ​មករក​ព្រះអម្ចាស់

អំឡុង​ថ្ងៃ​ទីពីរ​នៃ​ការបង្រៀន​របស់​លោក យ៉ាកុប​បានធ្វើ​ទីន្ទាល់​ម្ដងទៀត ពី​ព្រះចេស្តា​នៃ​ការរំដោះ​របស់​ព្រះអម្ចាស់ ចេញ​ពី​លទ្ធផល​ទាំងឡាយ​នៃ​អំពើ​បាប ។យ៉ាកុប​បាន​បង្រៀន​ដល់​ប្រជាជន​របស់លោក​ផងដែរ ពី​របៀប​ដែល​ពួកគេ​គួរតែ​ឆ្លើយតប​វិញ​ចំពោះ​អំណោយ​ទាន​នៃ​ដង្វាយធួន​ដែល​ប្រកប​ដោយ​សេចក្តី​មេត្តា​ករុណា​នោះ ។សូមអាន នីហ្វៃទី 2 10:20, 23–25 ហើយ​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ពី​អ្វី​ដែល​យ៉ាកុប​បានបង្រៀន​ថា យើង​គប្បីធ្វើ​ក្នុង​ការតបស្នង​ចំពោះ​ការលះបង់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​យើង ។

  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ ច្រើន​ជាងនោះ ចេញពី​សំណួរ​ដូច​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​បាន​សិក្សា​អំពី​ព្រះអង្គ​សង្គ្រោះ ហេតុ​អ្វី​អ្នក​ចង់ « នឹកចាំ​ដល់​ទ្រង់ » ជានិច្ច ( នីហ្វៃទី 2 10:20 ) ?

    2. ហេតុអ្វី​អ្នក​មាន​អារម្មរណ៍​ថា ការ​បញ្ឈប់ ឬ ការ​ប្រែចិត្ត​ពី​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ខុស នឹង​បង្ហាញ​អំណរ​គុណ និង សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះអង្គ​សង្គ្រោះ ?

    3. តើ​អ្នក​បានរៀន​អ្វី​អំពី​ព្រះអង្គ​សង្រ្គោះ ដែល​ជួយ​អ្នក​ទទួល​អារម្មណ៍​នៃ​សេចក្តី​សង្ឈឹម​ជាជាង « ការ​ជ្រប់មុខ » ទាំង​បាក់ទឹក​ចិត្ត ?

ឃ្លា​ដ៏​សំខាន់​មួយ​ក្នុង​ជំពូក​នេះ​គឺ « សម្រុះ​សម្រួល​ខ្លួន​ទៅតាម​បំណង​នៃព្រះ » ( នីហ្វៃទី 2 10:24 ) ។វា​មានន័យ​ថា យើង​គួរតែ​បង្កើត​ទំនាក់ទំនង​ជិតស្និត​ឡើងវិញ​ជាមួយ​ព្រះអម្ចាស់ ក្នុង​របៀប​ដែល​យើង​គោរព​ប្រតិបត្តិ និង ស្រប​តាម​បំណង​នៃ​ព្រះ ។សូម​ពិនិត្យ​មើល​ឡើងវិញ​លើ​បទគម្ពីរ​ទាំងឡាយ​ដែល​អ្នក​បាន​គូសចំណាំ​ក្នុង នីហ្វៃទី 2 9–10 ។សូម​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​កំណត់​ពី​អ្វីមួយ​ដែល​អ្នក​អាច​ធ្វើ ដើម្បី​សម្រុះ​សម្រួល​ខ្លួន​អ្នក​ជាមួយ​នឹង​បំណង​នៃព្រះ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី 2 9–10 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការ​យល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖