ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 11 ៖ ថ្ងៃទី 1 ពាក្យ​សម្តី​នៃ​មរមន–ម៉ូសាយ 2


មេរៀនទី 11 ៖ ថ្ងៃទី 1

ពាក្យ​សម្តី​នៃ​មរមន–ម៉ូសាយ 2

សេចក្តីផ្ដើម

ពាក្យ​សម្តី​នៃ​មរមន​គឺជា​តំណរ​ភ្ជាប់​រវាង​ផ្ទាំងតូច​នៃ​នីហ្វៃ និង សេចក្តី​សង្ខេប​របស់​មរមន​ពី​ផ្ទាំងធំ​នៃ​នីហ្វៃ ។ត្រូវ​បាន​សរសេរ​រយៈពេល​ជិត 400 ឆ្នាំ​បន្ទាប់​ពី​ការប្រសូត្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ គម្ពីរ​នេះ​មាន​ការ​ពន្យល់​ខ្លី​មួយ​អំពី​អ្វី​ដែល​ជា​ផ្ទាំង​តូច​ទាំងឡាយ​នៃ​នីហ្វៃ និង មូលហេតុ​ដែល​លោក​មរមន​មាន​អារម្មណ៍​ថា ផ្ទាំង​នោះ​គឺចាំបាច់​ដាក់​បញ្ចូល​ជា​មួយ​នឹង​ការសរសេរ​ដ៏ពិសិដ្ឋ​ដទៃទៀត ។ពាក្យ​សម្តី​នៃ​មរមន​ក៏​ផ្តល់​នូវ​ការយល់ដឹង​ដ៏​មាន​តម្លៃ​អំពី​មូលហេតុ​ដែល​ស្តេច​បេនយ៉ាមីន​បាន​មាន​ឥទ្ធិពល​ដ៏មហិមា​ជាមួយ​ប្រជាជន​របស់​លោក ។

ផ្ទាំង​តូច​នៃ​នីហ្វៃ​បាន​ផ្តល់​ជា​ចម្បង​នូវ​រឿង​ខាង​វិញ្ញាណ និង ការបម្រើ និង ការបង្រៀន​ទាំងឡាយ​របស់​ពួក​ព្យាការី ។ភាគច្រើន​បំផុត​នៃ​ផ្ទាំង​ធំ​នៃ​នីហ្វៃ​គឺ​មាន​ប្រវត្តិសាស្ត្រ​ខាង​លោកិយ​នៃ​ប្រជាជន​ដែល​បាន​សរសេរ​ដោយ​ស្តេច​ទាំងឡាយ ដែល​ចាប់ផ្តើម​ជាមួយ​នឹង​នីហ្វៃ ។( សូមមើល នីហ្វៃទី 1 9:2–4 )។ទោះជា​យ៉ាងណា ចាប់ពី​រជ្ជកាល​នៃ​ម៉ូសាយ​មក ផ្ទាំងធំ​ក៏​បាន​ដាក់បញ្ចូល​នូវ​រឿងទាំងឡាយ​អំពី​សារៈសំខាន់​ចម្បងៗ​ខាង​វិញ្ញាណ​ផងដែរ ។

ផ្ទាំង​មរមន ឬ ផ្ទាំងមាស​បាន​ប្រគល់​ឲ្យ​លោក​យ៉ូសែប ស៊្មីធ រួម​មាន​នូវ​ការ​សង្ខេប​ដោយ​មរមន​ចេញពី​ផ្ទាំងធំ​នៃ​នីហ្វៃ ព្រមទាំង​មាន​បទអត្ថាធិប្បាយ​ជាច្រើន​ផងដែរ ។ផ្ទាំង​មាស​ទាំង​នេះ​ក៏​មាន​ប្រវត្តិសាស្ត្រ​បន្តទៀត​ដែល​សរសេរ​ដោយ​មរមន និង សរសេរ​បន្ថែមទៀត​ដោយ​កូនប្រុស​របស់​លោក គឺ មរ៉ូណៃ ។

រូបភាព
រូបភាព​ស្ពាន

ម៉ូសាយ 1 គឺ​ជា​បញ្ជី​មួយ​នៃ​ការបង្រៀន​របស់​ស្តេច​បេនយ៉ាមីន​ទៅកាន់​ពួក​កូនប្រុស​របស់​ទ្រង់ ។ទ្រង់​បាន​បង្រៀន​ពួកគេ​ថា ព្រះគម្ពីរ​ជួយ​យើង​ចងចាំ​ពី​ព្រះ ហើយ​រក្សា​បទបញ្ញតិ្ត​របស់​ទ្រង់ ។នៅពេល​ដែល​ស្តេច​បេនយ៉ាមីន​បាន​ឈាន​ដល់​ចុង​បញ្ចប់​ជីវិត​របស់​ទ្រង់ ទ្រង់​បាន​មាន​បំណង​ចង់​មាន​បន្ទូល​ទៅកាន់​ប្រជារាស្ត្រ​របស់​ទ្រង់​អំពី​ការ​បម្រើ​របស់​ទ្រង់​ក្នុង​នាម​ជា​ស្តេច ហើយ​លើកទឹកចិត្ត​ពួកគេ​ឲ្យ​គោរព​ប្រតិបត្តិដល់​ព្រះ ។សុន្ទរកថា​របស់​ស្តេច​បេនយ៉ាមីន​ត្រូវ​បាន​កត់ត្រា​ក្នុងម៉ូសាយ 2–5និង មាន​រៀបរាប់​អំពី​ការរងទុក្ខ និង ដង្វាយ​ធួន​របស់​ព្រះគ្រីស្ទ មុខងារ​នៃ​សេចក្តី​យុត្តិធម៌ និង សេចក្តី​មេត្តា​ករុណា និង ភាពចាំបាច់​ក្នុង​ការ​យក​ព្រះនាម​ព្រះគ្រីស្ទ​មកដាក់​លើ​ខ្លួន​យើង តាមរយៈ​សេចក្តី​សញ្ញា ។នៅដើម​ដំបូង​នៃ​សុន្ទរកថា​របស់​ទ្រង់ដែល​មាន​កត់ត្រា​ក្នុងម៉ូសាយ 2 ស្តេច​បេនយ៉ាមីន​បាន​សង្កត់​ធ្ងន់​លើ​ភាព​ចាំបាច់​ក្នុង​ការ​បម្រើ​ព្រះតាមរយៈ​ការបម្រើ​ដល់​មនុស្ស​ដទៃ និង ស្ថានភាព​សុភមង្គល​នៃ​អស់​អ្នក​ទាំងឡាយ​ណា​ដែល​រក្សា​បទបញ្ញតិ្ត ។

ពាក្យ​សម្ដី​នៃ​មរមន 1:1–11

មរមន​បង្រៀន​ថា ព្រះ​បាន​ថែរក្សា​បញ្ជី​ផ្សេងៗ​សម្រាប់​គោលបំណង​ដ៏​វាងវៃ​មួយ ។

រូបភាព
មរមន​សង្ខេប​ផ្ទាំង​ទាំងឡាយ

សូម​គិត​អំពី​គ្រា​មួយ​នៅពេល​អ្នក​បាន​មាន​អារម្មណ៍​ថា ទទួល​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​ឲ្យ​ធ្វើ​អ្វី​មួយ ។តើ​អ្នក​ដឹង​ទេ​ថា ការណ៍​ទាំងអស់​នោះ​នឹង​ទៅ​ជា​យ៉ាងណា​បើសិន​អ្នក​បាន​ធ្វើតាម​ការ​បំផុស​គំនិត​នេះ ?តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ការប្តេជ្ញា​ចិត្ត និង ទំនុកចិត្ត​ក្នុង​ការ​ប្រព្រឹត្ត​តាម​ការបំផុស​គំនិត​នេះ ?

ព្រះ​បាន​បញ្ជា​ឲ្យ​ព្យាការី​មរមន​សង្ខេប​បញ្ជី​នៃ​ប្រជាជន​របស់​លោកដែល​បញ្ជី​នោះ​ត្រូវបាន​ថែរក្សា​ក្នុង​ផ្ទាំង​ទាំងឡាយ​នៃ​នីហ្វៃ ។នៅ​ប្រហែល​ជា​ឆ្នាំ 385គ.ស.នៅពេល​លោក​ហៀប​នឹង​ប្រគល់​បញ្ជី​សង្ខេប​របស់​លោក​ទៅកាន់​មរ៉ូណៃ ជា​កូនប្រុស​របស់​លោក នោះ​លោក​បាន​ធ្វើតាម​ការបំផុស​គំនិត​បើទោះជា​លោក​មិន​ទាំង​ដឹង​ពី​លទ្ធផល​របស់​វា​ក៏ដោយ ។

មរមន​បាន​រកឃើញ​អ្វី​មួយ​ខណៈ​ដែល​លោក​កំពុង​ពិនិត្យ​មើល​ក្នុង​បញ្ជី​ទាំងឡាយ ។សូម​អានពាក្យសម្តី​នៃ​មរមន 1:3ដើម្បី​រកមើល​អ្វី​ដែល​លោក​បាន​រកឃើញ ។( « ផ្ទាំង​ទាំងនេះ »សំដៅលើ​ផ្ទាំង​តូច​នៃ​នីហ្វៃ ដែល​មាន​ចាប់ពី​នីហ្វៃទី1 ដល់ អោមណៃ ) ។សូម​អានពាក្យ​សម្តី​នៃ​មរមន 1:4–6ហើយ​គិត​ពី​ការ​គូសចំណាំ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ពី​មួលហេតុ​ដែល​លោក​មរមន​សប្បាយ​រីករាយនៅពេល​លោក​បាន​រកឃើញ​អ្វី​ដែល​មាន​នៅលើ​ផ្ទាំង​តូច​ទាំងនេះ ។

សូម​អានពាក្យសម្តី​នៃ​មរមន 1:7ហើយ​រកមើល​មូលហេតុ​ដែល​មរមន​ដាក់​បញ្ចូល​ផ្ទាំង​តូច​ទាំងនេះ​ជាមួយ​នឹង​ការសង្ខេប​ផ្ទាំង​នៃ​នីហ្វៃ​របស់​លោក ។អ្នក​អាច​ចង់​គូស​ចំណាំ​គោលការណ៍​នេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ៖ « ព្រះអម្ចាស់​ទ្រង់​ជ្រាប​នូវ​គ្រប់​ការណ៍​ទាំងអស់ » ។ តាមរយៈ​ការយល់​ដឹង និង ការជឿជាក់​លើ​សេចក្តី​ពិត​នេះ នោះ​អ្នក​អាច​អភិវឌ្ឍ​សេចក្តី​ជំនឿ​ដើម្បី​គោរព​តាម​ការបំផុស​គំនិត​ទាំងឡាយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​អ្នក​ទទួល ។

ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​នីហ្វៃ​ធ្វើ​ផ្ទាំង​តូចៗ ហើយ​សរសេរ​រឿង​ពិសិដ្ឋ​ទាំងឡាយ​នៃ​ប្រជាជន​របស់​លោក​នៅលើ​ផ្ទាំង​ទាំងនោះ ( សូមមើលនីហ្វៃទី1 9:3 ) ។នៅ​ពេល​នោះ នីហ្វៃ​បាន​ប្រកាស​ថា « ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា​ខ្ញុំ​ឲ្យ​ធ្វើ​ផ្ទាំង​ទាំងនេះសម្រាប់​គោលបំណង​ដ៏​សំខាន់​មួយ​ចំពោះ​ទ្រង់ ឯ​គោល​បំណង​នោះ​ខ្ញុំ​មិន​ដឹង​ទេ »( នីហ្វៃទី 1 9:5 ) ។

រូបភាព
ផ្ទាំង​មាស

គោល​បំណង​នេះ​ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់ ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក នៅ​ឆ្នាំ 1829 នៅពេល​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធបាន​ចាប់ផ្តើម​បកប្រែ​ផ្ទាំងមាស​នេះ ។លោក​បាន​បកប្រែ​ចំនួន 116 ទំព័រ​ដំបូងគេ​ដែល​ជា​ការ​សរសេរ​សង្ខេប​របស់​មរមន​នៅលើ​ផ្ទាំង​ធំ​នៃ​នីហ្វៃ ហើយ​បន្ទាប់​មក ផ្ទាំង​ទាំងនេះ​ត្រូវបាន​បាត់ ឬ ត្រូវ​គេ​លួច​នៅពេល​យ៉ូសែប​អនុញ្ញាត​ឲ្យ ម៉ាទិន ហារិស យក​ផ្ទាំង​ទាំងនោះ​ទៅ ។ព្រះអម្ចាស់​បាន​ប្រាប់ យ៉ូសែបមិនឲ្យ​បកប្រែ​ឡើងវិញ​នូវ​ផ្នែក​ដែល​បាត់​នោះ​ទេ ដោយសារ​មនុស្ស​អាក្រក់​បាន​មាន​ផែនការ​ដើម្បី​កែប្រែ​នូវ​ពាក្យពេចន៍​ទាំងឡាយ​ក្នុង​ទំព័រ​ដែល​បាត់​នោះ ហើយ​ដោយ​ហេតុ​នេះ នឹង​បង្ខូច​ដល់​ភាពត្រឹមត្រូវ​នៃ​ព្រះគម្ពីរ​មរមន ។ព្រះអម្ចាស់​បានប្រាប់​លោក​ឲ្យ​បកប្រែ​ប្រវត្តិ​នៅលើ​ផ្ទាំង​តូច ដែល​បាន​គ្របដណ្តប់​លើ​អំឡុង​ពេល​ដូចគ្នា ។ប្រវត្តិសាស្ត្រ​នេះ​បាន​ផ្តោត​កាន់​តែ​ខ្លាំង​លើ​រឿង​ពិសិដ្ឋ​ទាំងឡាយ ។( សូម​មើលគ.និងស. 10:10, 41–43; សូម​មើលនីហ្វៃទី 1 9:3–4ផងដែរ ) ។

បទពិសោធន៍​នេះ​គឺ​ជា​ភស្តុតាង​ដ៏​សំខាន់​បំផុត​ថា ព្រះអម្ចាស់​ទ្រង់​ជ្រាប​ដឹង​នូវ​គ្រប់​ការណ៍​ទាំងអស់​ដែល​នឹង​កើតឡើង ។ទ្រង់​បាន​ជ្រាប​ដឹង​ថា ប្រវត្តិសាស្ត្រ​លើ​ផ្ទាំង​តូច​គឺ​ចាំ​បាច់​ជា​ខ្លាំង ហើយ​ទ្រង់​បាន​បំផុស​គំនិត​មរមន​ឲ្យ​ដាក់​បញ្ចូល​ផ្ទាំង​ទាំងនេះ​ជាមួយ​នឹង​ផ្ទាំង​សង្ខេប​របស់​លោក ។

តើ​ការដឹង​សេចក្តី​ពិត​នេះ​ជួយ​អ្នក​ដោយ​របៀប​ណានៅពេល​អ្នក​ទទួល​ការបំផុស​គំនិត​ទាំងឡាយ​ពី​ព្រះវិញ្ញាណ ?

  1. សូម​ពិពណ៌នា​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ពីគ្រា​មួយ​ដែល​អ្នក ឬ អ្នក​ណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ បើទោះជា​អ្នក ឬ ពួកគេ​អាច​មិន​យល់​ពី​ការបំផុស​គំនិត​នោះ​ពី​ដំបូង​ក៏​ដោយ ។សូម​សរសេរ​ថា​តើ​អ្នក​គិត​ថា អ្នក​អាច​រៀបចំ​ខ្លួន​កាន់តែ​ប្រសើរ​ដើម្បី​ស្គាល់ និង ឆ្លើយតប​ចំពោះ​ការបំផុស​គំនិត​របស់​ព្រះអម្ចាស់​ដោយ​របៀប​ណា ។សូម​ចងចាំ​ថា នៅពេល​អ្នក​ស្មោះត្រង់​ចំពោះ​ការបំផុស​គំនិត​ទាំងឡាយ​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ធ្វើការ « ក្នុង [ អ្នក ] ដើម្បី​ធ្វើ​អ្វីៗ​ស្របតាម​ព្រះហឫទ័យ​ទ្រង់ » ( ពាក្យសម្តី​នៃ​មរមន 1:7 ) ។

ពាក្យ​សម្ដី​នៃ​មរមន 1:12–18

ស្តេច​បេនយ៉ាមីន​វាយ​ឈ្នះលើ​ពួកសាសន៍​លេមិន ហើយ​គ្រង​រាជ្យ​ដោយ​សេចក្តី​សុចរិត ។

ស្តេច​បេនយ៉ាមីន​ជា​ស្តេច​សុចរិត​ម្នាក់​ដែល​បាន​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន​ក្នុង​អំឡុង​រជ្ជកាល​របស់​ទ្រង់ មាន​រួមទាំង​សង្គ្រាម​ជាមួយ​ពួកសាសន៍​លេមិន និង ការទាស់ទែងគ្នា​ពី​គោលលទ្ធិ​ក្នុង​ចំណោម​ប្រជាជន​របស់​ទ្រង់ ។ស្តេច​បេនយ៉ាមីន​បាន​ដឹកនាំ​ពលទ័ព​នៃ​ពួកសាសន៍​នីហ្វៃ « នៅក្នុង​កម្លាំង​របស់​ព្រះអម្ចាស់ » ទប់ទល់​នឹង​សត្រូវ​របស់​ពួកគេ ហើយ​ទីបំផុត បានបង្កើត​សន្តិភាព​នៅលើ​ដែនដី ( សូម​មើល ពាក្យសម្តី​នៃ​មរមន 1:13–14 ) ។ដោយ​មាន​ជំនួយ​ពី « មនុស្ស​បរិសុទ្ធ​ជា​ច្រើន » នោះ​ទ្រង់​បាន​ធ្វើការ​ស្តីបន្ទោស​ដល់​ពួក​ព្យាការី​ក្លែងក្លាយ និង គ្រូបង្រៀន​ក្លែងក្លាយ​ដែល​បង្ក​ឲ្យមាន​ការទាស់ទែងគ្នា​ក្នុង​ចំណោម​ប្រជាជន ដោយ​ហេតុ​ដូច្នោះ ក៏​បាន​បង្កើត​ឲ្យ​មាន​សន្តិភាព​ដែល​កើតឡើង​មកពី​សេចក្តី​សុចរិត​ម្តងទៀត( សូមមើលពាក្យសម្តី​នៃ​មរមន 1:15–18 ) ។

សូម​អានពាក្យ​សម្តី​នៃ​មរមន 1:12–18ហើយ​បំពេញ​កន្លែង​ចន្លោះ​ខាងក្រោម​នេះ​ជាមួយ​នឹង​តួលេខ​នៃ​ខគម្ពីរ​ទាំងឡាយ​ដែល​បង្រៀន​សេចក្តី​ពិត​ខាងក្រោម​នេះ​បាន​ល្អ​បំផុត ៖

  • ព្រះ​ហៅ​ព្យាការី​ទាំងឡាយ ដែល​អាច​ដឹកនាំ​ប្រជាជន​ទៅកាន់​សន្តិភាព បើទោះ​ជា​មាន​ឧបសគ្គ​ទាំងឡាយ​ក៏ដោយ ។

  • យើង​អាច​ស្វែងរក​សន្តិភាព​បាន​តាមរយៈ​ការធ្វើតាម​ភាព​ជាអ្នក​ដឹកនាំ​ដែល​ប្រកប​ដោយ​ការបំផុស​គំនិត របស់​ពួក​ព្យាការី ។

  • នៅ​ក្នុង​កម្លាំង​នៃ​ព្រះអម្ចាស់ យើង​អាច​យកឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ​បាន ។

ម៉ូសាយ 1:1–18

ស្តេច​បេនយ៉ាមីន​បង្រៀន​ពួក​បុត្រា​របស់​ទ្រង់​ពី​សារៈសំខាន់​នៃ​ព្រះគម្ពីរ

សូម​ស្រម៉ៃ​ថា តើ​ជិវិត​របស់​អ្នក​នឹង​ក្លាយ​ទៅជា​យ៉ាងណា​បើសិន​អ្នក​មិន​ដែល​មាន​ព្រះគម្ពីរ​សម្រាប់​អាន សិក្សា និង ត្រូវ​បាន​បង្រៀន​ពី​ព្រះគម្ពីរ​នោះ ។

សេ្តច​បេនយ៉ាមីន​បាន​បង្រៀន​ពួក​បុត្រា​របស់​ទ្រង់​ពី​របៀប​ដែល​ជីវិត​រស់នៅ​របស់​ពួកគេ​នឹង​ខុស​ពី​នេះ​យ៉ាង​ណា បើសិន​ពួកគេ​គ្មាន​ព្រះគម្ពីរ​ទេ​នោះ ។ដូច​ដែល​មាន​កត់ត្រា​ក្នុងម៉ូសាយ 1:3–5ទ្រង់​បានប្រើប្រាស់​ឃ្លា « បើ​ពុំ​ដោយសារ​ផ្ទាំង​ទាំងនេះ [ ព្រះគម្ពីរ ] »ក្នុង​ទម្រង់​ផ្សេងគ្នា​បី​ដង ដើម្បី​ជួយ​ពួក​បុត្រា​របស់​ទ្រង់​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ព្រះគម្ពីរ ។

  1. នៅពេល​អ្នក​អានម៉ូសាយ 1:1–8សូម​រកមើល​ពរជ័យ​ទាំងឡាយ​ដែល​ពួកសាសន៍​នីហ្វៃ​នឹង​បាត់បង់ បើសិន​ពួកគេ​មិន​បាន​មាន​ព្រះគម្ពីរ​ទេ​នោះ ។សូម​ប្រៀបធៀប​អ្វី​ដែល​អ្នក​បាន​រៀន​ជាមួយ​នឹងអោមណៃ 1:17–18 ។ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពី​របស់​អ្នក សូម​សរសេរ​ប្រយោគ​បី ឬ បួន​ដើម្បី​បំពេញ​ឃ្លា​តទៅ​នេះ ៖ បើសិន​ខ្ញុំ​មិន​បាន​មាន​ព្រះគម្ពីរ​ទេ …

សូម​ពិចារណា​ក្នុង​ការសរសេរ​គោលការណ៍​តទៅ​នេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ​នឹង ម៉ូសាយ 1:1–8 ៖ការសិក្សា​ក្នុង​ព្រះគម្ពីរ​ជួយ​យើង​ឲ្យ​ដឹង និង រក្សា​បទបញ្ញតិ្ត ។

រូបភាព
ក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក

ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ដល់​ប្រជារាស្ត្រ​របស់​ទ្រង់​ពី​សារៈសំខាន់​នៃ​ភាព​ស្មោះត្រង់​ចំពោះ​បទបញ្ញត្តិ និង បាន​ពន្យល់​ពី​អ្វី​ដែល​កើតឡើង​ដល់​អ្នក​ទាំងឡាយ​ដែល​ក្លាយ​ជា​មនុស្ស​ទុច្ចរិត​បន្ទាប់ពី​បាន​ក្លាយ « ជា​ប្រជាជន​ដ៏​សំណព្វ​ជាខ្លាំង​នៃ​ព្រះអម្ចាស់ » ( ម៉ូសាយ 1:13 ) ។សូម​អានម៉ូសាយ 1:13–17ហើយ​ប្រៀបធៀបម៉ូសាយ 1:13ជាមួយ​នឹងអាលម៉ា 24:30 ។បន្ទាប់មក សូម​រកមើល​លទ្ធផល​យ៉ាងហោច​ណាស់​ឲ្យ​បាន​ប្រាំ​ដែល​ធ្លាក់​មក​លើ​អ្នក​ទាំងឡាយ​ណា​ដែល​បែរចេញ​ពី​ព្រះអម្ចាស់ ។អ្នក​អាច​ចង់​គូសចំណាំ ឬ ដាក់​លេខ​រៀង​ចំពោះ លទ្ធផល​ទាំងនេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

ម៉ូសាយ 2:1–41

ពួកសាសន៍​នីហ្វៃ​ប្រមូល​ផ្តុំគ្នា​ដើម្បី​ស្តាប់​ពាក្យពេចន៍​របស់​ស្តេច​បេនយ៉ាមីន

សូម​អានម៉ូសាយ 2:1–9ហើយ​សរសេរ​ជា​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​នរណា​ប្រមូលផ្តុំ​គ្នា ?

  • តើ​ពួកគេ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​ណា ?

  • តើ​ពួកគេ​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​ឲ្យ​ហ្វូង​មនុស្ស​ដ៏​ច្រើន​អាច​ឮ​ពាក្យពេចន៍​របស់​ស្តេច​បេនយ៉ាមីន ?

ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​ចរិត​លក្ខណៈ​របស់​ស្តេច​បេនយ៉ាមីន សូម​អានម៉ូសាយ 2:11–15 ហើយ​រកមើល​ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ថា ស្តេច​បេនយ៉ាមីន​បាន​ផ្តោត​ទៅលើ​សេចក្តី​សុចរិត និង ការបម្រើ​ជាជាង​តំណែង ឬការទទួល​ស្គាល់ ។

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

បន្ទាប់​មក សូម​ពិចារណា​សេចក្ដី​ថ្លែង​ការណ៍​តទៅ​នេះ ដែល​ថ្លែង​ដោយ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ៖ « កុំ​ខ្វល់​ខ្វាយ​នឹង​តំណែង​ខ្លាំង​ពេក ។តើ​អ្នក​ចងចាំ​ពាក្យ​ទូន្មាន​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ទាក់ទង​នឹង​អ្នក​ទាំងឡាយ​ណា​ដែល​ស្វែង​រក › ទីកន្លែង​ដែល​មុខ​គេ ›ឬ › កន្លែង​លេខ 1 › ដែរ​ឬ​ទេ ?‹ អ្នកណា​ដែល​ធំ​ជាង​គេ​ក្នុង​ពួកអ្នក​រាល់​គា្ននោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​ដល់​អ្នក​រាល់​គ្នា​វិញ › ។( ម៉ាថាយ 23:6, 11 ) ។វា​ជា​ការណ៍​សំខាន់​ក្នុង​ការ​ដែល​មាន​គេ​ស្ងើច​សរសើរ ។ប៉ុន្តែ​ការ​ផ្តោត​យកចិត្ត​ទុកដាក់​របស់​យើង​គួរតែ​ទៅ​លើ​សេចក្តី​សុចរិត មិនមែន​ការ​ទទួល​ស្គាល់ ទៅលើ​ការបម្រើ មិនមែន​តំណែង​នោះទេ » ( “To the Women of the Church,Ensignខែ វិច្ឆិកា ឆ្នាំ 1992 ទំព័រ 96 ) ។

សូម​សិក្សាម៉ូសាយ 2:16–17ហើយ​គូស​ចំណាំ​គោលការណ៍​ដែល​យើង​អាច​រៀន​ពី​ការបម្រើ​របស់​សេ្តច​បេនយ៉ាមីន ៖ កាលណា​យើង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​យើង​កំពុង​បម្រើ​ដល់​ព្រះ ។ម៉ូសាយ 2:17គឺជា​វគ្គ​គម្ពីរ​ចំណេះ​ចំណាន​ខគម្ពីរ ។អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅ​ក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅពេល​ខាងមុខ ) ។

សូម​គិត​អំពី​គ្រា​មួយ​នៅ​ពេល​អ្នក​ណា​ម្នាក់​បាន​ផ្ដល់​ពរ​ដល់​ជីវិត​អ្នក​តាមរយៈ​ការបម្រើ​ដល់​អ្នក ។តើ​អ្នក​បាន ( ឬ អ្នក​អាច ) បង្ហាញ​ការដឹងគុណ​របស់​អ្នក​ដោយ​របៀប​ណា ចំពោះ​ព្រះ​សម្រាប់​មនុស្ស​ដែល​បាន​បម្រើ​ដល់​អ្នក និង បម្រើ​ដល់​ព្រះ​ដោយ​សេចក្តី​សុចរិត​នោះ ?តើ​អ្នក​បាន​បង្ហាញ​ការដឹងគុណ​របស់​អ្នក​ដល់​មនុស្ស​នោះ​យ៉ាង​ដូចម្តេច ?

បន្ទាប់​ពី​ការបង្រៀន​ដល់​ប្រជារាស្ត្រ​របស់​ទ្រង់​អំពី​សេចក្តី​ចាំបាច់​ក្នុង​ការបម្រើ​ដល់​អ្នក​ដទៃ នោះ​ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​អំពី​វីធី​ជាច្រើន​ដែល​ព្រះ​ប្រទានពរ​ដល់​យើង និង សេចក្តី​ត្រូវការ​របស់​យើង​ក្នុង​ការ​មាន​អំណរគុណ​ចំពោះ​ទ្រង់ ។

  1. នៅពេល​អ្នក​សិក្សាម៉ូសាយ 2:19–24, 34សូម​ពិចារណា​អំពី​វិធី​ជាច្រើន​ដែល​ព្រះ​ប្រទានពរ​ដល់​អ្នក ។សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​បង្ហាញ​អំណរគុណ​របស់​អ្នក​ដល់​ទ្រង់ ។បន្ទាប់​មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ហេតុអ្វី​ស្តេច​បេនយ៉ាមីន​ពោល​សំដៅ​ដល់​ខ្លួន​ទ្រង់​ផ្ទាល់ ដល់​ប្រជា​រាស្ត្រ​របស់​ទ្រង់ និង ដល់​យើង​រាល់គ្នា​ថា​ជា « អ្នក​បម្រើ​ដ៏​ឥត​ប្រយោជន៍ » ?

    2. តើ​ហេតុ​អ្វី វា​សំខាន់​សម្រាប់​យើង​ក្នុង​ការ​ចងចាំ​ថា យើង​ជំពាក់​គុណ​ព្រះ ?

ពាក្យ​ពេចន៍​របស់​ស្តេច​បេនយ៉ាមីន​បង្រៀន​យើង​ថា នៅពេល​យើង​មាន​អារម្មណ៍​ថា យើង​ជំពាក់​គុណ​ព្រះ នោះ​យើង​ចង់​បម្រើ​អ្នក​ដទៃ ហើយ​អំណរគុណ​របស់​យើង​នឹង​កើនឡើង ។

ក្នុងម៉ូសាយ 2:34ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ថា យើង​គួរតែ « តបស្នង​គុណ » ដល់​ព្រះ​អង្គ​វិញ​នូវ​អ្វី​ទាំងអស់​ដែល​យើង​មាន ។ដើម្បីតបស្នង​គុណមាន​ន័យ​ថា « ផ្តល់​ឲ្យ ឬ ថ្វាយ » ។អ្នក​អាច​ចង់​សរសេរ​និយមន័យ​នេះ​ក្បែរ​ពាក្យ​នេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។សូម​សញ្ជឹងគិត​ពី​របៀប​ដែល​អ្នក​អាច​ថ្វាយ​ដល់​ព្រះ​នូវ​អ្វី​ទាំងអស់​ដែល​អ្នក​មាន និង ខ្លួន​អ្នក ។សូម​ចងចាំ​ថា នៅពេល​អ្នក​រក្សា​បទបញ្ញតិ្ត​របស់​ព្រះ ហើយ​ព្យាយាម​ផ្តល់​ការបម្រើ​ដ៏ស្មោះ​អស់​ពី​ចិត្ត នោះ​ទ្រង់​នឹង​ប្រទានពរ​ដល់​អ្នក​សម្រាប់​ការបម្រើ​នោះ ។

នៅ​ខគម្ពីរ​ចុង​ក្រោយ​នៃម៉ូសាយ 2មាន​នូវ​ការព្រមាន​ដ៏​សំខាន់​មួយ​ពី​ស្តេច​បេនយ៉ាមីន​ទៅ​កាន់​ប្រជារាស្ត្រ​របស់​ទ្រង់ ។តើ​អ្នក​ធ្លាប់​បាន​ឃើញ​ស្លាកសញ្ញា​មួយ​ដែល​ប្រាប់​អ្នក​ថា « ចូរ​ប្រុងប្រយ័ត្ន » ?( ជា​ឧទាហរណ៍ ស្លាក​សញ្ញា​អាច​ព្រមាន​អ្នក​អំពី​ខ្សែភ្លើង​ដែល​មាន​បន្ទុក​ថាមពល​ខ្លាំង ដុំថ្ម​ធ្លាក់​លើ សត្វ​ព្រៃ ឬ ខ្សែទឹក​ខ្លាំង ) ។សូម​អានម៉ូសាយ 2:32–33, 36–38ដើម្បី​រកមើល​អ្វី​ដែល​ស្តេច​បេនយ៉ាមីន​បាន​ប្រាប់​ដល់​ប្រជារាស្រ្ត​របស់​ទ្រង់​ឲ្យ​ប្រុងប្រយ័ត្ន ។( ពាក្យការវេទនាក្នុង​ខ 33 មានន័យ​ថា « សោកសៅ និង ទុក្ខ​វេទនា » ។សូម​សរសេរ​ប្រយោគ​មួយ​ដែល​ពិពណ៌នា​ពី​អ្វី​ដែល​នឹង​កើតឡើង​ដល់​អ្នក​ទាំងឡាយ​ដែល « ចេញ​មុខ​បះបោរ​ទាស់​នឹង​ព្រះ » ( ខ 37 ) ឬ នរណា​ម្នាក់​ដែល​បំពាន​បទបញ្ញត្តិនៃ​ព្រះ​ទាំង​បាន​ដឹង​ហើយ ។

សូម​អាន​សេចក្ដី​ថ្លែង​ការណ៍​តទៅ​នេះ ៖ « មាន​មនុស្ស​មួយ​ចំនួន​ល្មើសនឹង​បញ្ញត្តិ​របស់​ព្រះ​ទាំង​បំពាន រួច​ដាក់​ផែនការ​ប្រែចិត្ត​តាម​ក្រោយ​ដូច​ជា​ពីមុន​ពួកគេ​ចូល​ព្រះវិហារ​បរិសុទ្ធ ឬ ចេញ​បម្រើ​បេសកកម្ម ។អំពើ​បាប​ដែល​គិត​ទុក​ជាមុន​ដូច្នេះ​ចំអក​ដល់​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ » ( ដើម្បី​កម្លាំង​នៃ​យុវវ័យ [ កូន​សៀវភៅ ឆ្នាំ 2011 ] ទំព័រ 29 ) ។

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បញ្ចេញ​មតិ​ពី​សារៈសំខាន់​នៃ​ការដឹងខ្លួន​នៅពេល​យើង​អាច​នឹង​ដកខ្លួន​ចេញ​ពី​ព្រះវិញ្ញាណ​ថា ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« យើង​គួរតែ … ព្យាយាម​ដើម្បី​ញែក​ដឹង​នៅពេល​យើង ‹ ដក[ ខ្លួន​យើង ] ថយ​ចេញពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ …› ( ម៉ូសាយ 2:36 ) ។ …

« បទដ្ឋាន​គឺ​ច្បាស់លាស់ ។បើសិន​អ្វី​មួយ​ដែល​យើង​គិត ឃើញ ឮ ឬ ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះវិញ្ញាណ នោះ​យើង​គួរតែ​បញ្ឈប់​ការគិត ការឃើញ ការឮ ឬ ការធ្វើ​រឿង​នោះ ។ឧទាហរណ៍ បើសិន​ការណ៍​នោះ​ធ្វើឲ្យ​អ្នក​សប្បាយ ប៉ុន្តែ​ធ្វើ​ឲ្យ​អ្នក​ឃ្លាត​ឆ្ងាយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ បើ​សញ្ជឹង ការសប្បាយ​បែប​នោះ​ពិតជា​មិនមែន​សម្រាប់​យើង​ទេ ។ដោយសារ​ព្រះវិញ្ញាណ​មិន​អាច​គង់នៅ​ជាមួយ​នឹង​ការសប្បាយ​បែប​នោះ​ដែល​ជា​ការថោកទាប ឈ្លើយ ឬ មិន​រាបសា​នោះ​ឡើយ នោះ​ប្រាកដ​ណាស់​ថា រឿង​ទាំង​នេះ​គឺ​មិនមែន​សម្រាប់​យើង​ទេ ។ដោយសារ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​នៅពេល​យើង​ភ្ជាប់ខ្លួន​ទៅ​នឹង​សកម្មភាព​ដែល​យើង​ដឹង​ថា យើង​គួរតែ​ចៀសវាង នោះ​រឿង​បែបនេះ​ប្រាកដ​ណាស់​ថា មិនមែន​សម្រាប់​យើង​ទេ » ( ថា យើង​អាច​តែងតែ​មាន​ព្រះវិញ្ញាណ​ទ្រង់​នៅជាប់​ជាមួយ​នឹង​យើង »EnsignLiahonaខែ ឧសភា ឆ្នាំ 2006 ទំព័រ 30 ) ។

សូម​សញ្ជឹងគិត​ពី​អ្វី​ដែល​មនុស្ស​បាត់បង់—ជួនកាល​ដោយ​មិនទាំង​ដឹង​ថា​បាត់​វា​ផង—នៅពេល​ពួកគេ​ដក​ខ្លួន​ចេញ​ពី​ព្រះវិញ្ញាណ ។សូម​អានម៉ូសាយ 2:40–41ហើយ​រកមើល​អ្វី​ដែល​ស្តេច​បេនយ៉ាមីន​បាន​ចង់​ឲ្យ​យើង​ពិចារណា និង អ្វី​ដែល​ទ្រង់​បាន​ចង់​ឲ្យ​យើង​ចងចាំ ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​កត់ត្រា​នូវ​បទពិសោធន៍​មួយ​ចំនួន​ដែល​បាន​បង្រៀន​អ្នក​ថា បើសិន​អ្នក​គោរព​ប្រតិបត្តិ​ដល់​ព្រះអម្ចាស់ នោះ​អ្នក​នឹង​ត្រូវ​បាន​ប្រទានពរ​ទាំងខាង​សាច់​ឈាម និង ខាង​វិញ្ញាណ ។

    2. សូម​ជ្រើសរើស​នូវ​ចំណុច​មួយ​នៃ​ជីវិត​របស់​អ្នក​ដែល​អ្នក​ចង់​គោរព​ប្រតិបត្តិ​ដល់​បទបញ្ញតិ្ត​របស់​ព្រះ​កាន់តែ​ខ្លាំងឡើង ។សូម​សរសេរ​គោលដៅ​មួយ​ដើម្បី​កែលម្អ​ចំណុច​នោះ ។

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—ម៉ូសាយ 2:17

សូម​អានម៉ាថាយ 22:36–40; 25:40 និងម៉ូសាយ 2:17 ។សូម​ធ្វើ​បញ្ជី​ខគម្ពីរ ប្រទាក់គ្នា ឬ ផ្តុំគ្នា​ដោយ​ធ្វើ​សេចក្តី​យោង​បទគម្ពីរ​ទាំងនេះ​រួមគ្នា ។បច្ចេកទេស​នៃ​ការ​សិក្សា​បទគម្ពីរ​នេះ​នឹង​ជួយ​បញ្ជាក់​អត្ថន័យ និង ពង្រីក​ការយល់​ដឹង ។

សូម​ពន្យល់​ពី​ទំនាក់​ទំនង​រវាង​វគ្គ​បទគម្ពីរ​ទាំងឡាយ​ដែល​អ្នក​ទើបតែ​បាន​ភ្ជាប់​គ្នា​នោះ ។

សូម​សញ្ជឹងគិត​សំណួរ​ខាងក្រោម ៖

  • តើ​ពេល​ណា ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា អ្នក​កំពុង​បម្រើ​ព្រះ​តាមរយៈ​ការបម្រើ​ដល់​មនុស្ស​ម្នាក់ទៀត ?

  • តើ​មាន​ការណ៍​ជាក់លាក់​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​សម្រាប់​នរណា​ម្នាក់​ដូចដែល​ព្រះអង្គសង្គ្រោះ​នឹង​ធ្វើ​បើសិន​ជា​ទ្រង់​គង់​នៅ​ទីនេះ ?

  1. បន្ទាប់ពី​អ្នក​បាន​ព្យាយាម​ទន្ទេញ ម៉ូសាយ 2:17ហើយ សូម​សរសេរ​វា​តាម​ការចងចាំ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​ពាក្យ​សម្តី​នៃ​មរមនម៉ូសាយ 2ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖