ថ្នាក់​សិក្ខាសាលា
មេរៀនទី 10 ៖ ថ្ងៃទី 4 យ៉ារ៉ុម និង អោមណៃ


មេរៀនទី 10 ៖ ទី 4

យ៉ារ៉ុម និង អោមណៃ

សេចក្តីផ្ដើម

គម្ពីរ​យ៉ារ៉ុម និង អោមណៃ មាន​នូវ​ការសរសេរ​ចុងក្រោយ​ដែល​ចេញ​ពី​ផ្ទាំង​តូច​នៃ​នីហ្វៃ ។យ៉ារ៉ុម​បាន​ទទួល​ផ្ទាំង​ពី​អេណុស ជា​ឪពុក​របស់​លោក និង បាន​កត់ត្រា​ការតស៊ូ និង ពរជ័យ​របស់​ពួកសាសន៍​នីហ្វៃ​អស់​រយៈ​ពេល​ប្រមាណ​ជា 60 ឆ្នាំ ។បន្ទាប់​មក​លោក​បាន​ប្រគល់​ផ្ទាំង​នេះ​ទៅ​ឲ្យ​កូនប្រុស​របស់​លោក​គឺ​អោមណៃ ។គម្ពីរ​អោមណៃ​មាន​ការសរសេរ​ទាំងឡាយ​របស់​អ្នក​ថែរក្សា​កំណត់ត្រា​សាសន៍​នីហ្វៃ​ប្រាំ​នាក់​ផ្សេងៗ​ពី​គ្នា និង គ្រប​ដណ្តប់​អស់​រយៈពេល​ប្រមាណ​ជា 230 ឆ្នាំ ។

យ៉ារ៉ុម 1:1–15; អោមណៃ 1:5–7

យ៉ារ៉ុម​ពិពណ៌នា​ពី​របៀប​ដែល​ពួកសាសន៍​នីហ្វៃ​រីកចម្រើន​ឡើង​នៅ​ពេល​ពួកគេ​រក្សា​បទបញ្ញតិ្ត​ទាំងឡាយ​នៃ​ព្រះអម្ចាស់

ដើម្បី​រៀបចំ​ការសិក្សា​គោលការណ៍​ដ៏​សំខាន់​ដែល​បាន​បង្រៀន​ក្នុង​យ៉ារ៉ុម និង អោមណៃ សូម​អាន​បទពិសោធន៍​តទៅ​នេះ​ដែល​បាន​ចែកចាយ​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វនៃ​គណៈប្រធាន​ទី​មួយ ៖

« ខ្ញុំ​ចងចាំ​ពី​ពេល​ខ្ញុំ​កំពុង​រៀបចំ​ទទួល​ការបំពាក់បំប៉ន​ជា​អ្នក​បើកបរ​យន្តហោះ​ចម្បាំង​ម្នាក់ ។យើង​បាន​ចំណាយ​ពេល​យ៉ាងច្រើន​ក្នុង​ការបំពាក់ប៉ន​ផ្នែក​យោធា​ដំបូង​ក្នុង​ការហ្វឹកហាត់​សម​ខាង​កាយសម្បទា ។ខ្ញុំ​នៅ​តែ​មិនទាន់​ដឹង​ច្បាស់​ប្រាកដ​ពី​មូលហេតុ​ដែល​ការរត់​ហាត់​ជា​ច្រើន​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ផ្នែក​រៀបចំ​ដ៏​សំខាន់​នៃ​ការក្លាយ​ខ្លួន​ជា​អ្នក​បើកបរ​យន្តហោះ​ម្នាក់​សោះ ។ទោះយ៉ាងណា​ក៏​ដោយ យើង​បាន​រត់ ហើយ​យើង​បាន​រត់ហើយ​និង​បាន​រត់​ថែម​ទៀត ។

« ខណៈពេល​ខ្ញុំ​កំពុង​រត់ ខ្ញុំ​បាន​ចាប់ផ្តើម​អង្កេត​ឃើញ​អ្វី​មួយ​ដែល​រំខាន​ចិត្ត​ខ្ញុំ​យ៉ាង​ប្រាកដណាស់ ។ជា​ញឹកញាប់ បុរស​ទាំងឡាយ​បាន​រត់​ហួស​ទៅ ជា​បុរស​ដែល​ជក់​បារី ផឹក​ស្រា និង ប្រព្រឹត្ត​គ្រប់​រឿង​ទាំងឡាយ​ដែល​ផ្ទុយ​ពី​ដំណឹងល្អ និង ជាពិសេសេ ផ្ទុយ​ពី​ច្បាប់​ពាក្យ​គតិ​បណ្ឌិត ។

« ខ្ញុំ​ចងចាំ​ពី​ការគិត​ថា ‹ គិត​មួយ​ភ្លេត​សិន !តើ​មិន​មែន​ខ្ញុំ​ត្រូវ​រត់ទៅ​ដោយ​ឥត​នឿយ​ហត់​ទេ​ឬ​អី ? ›ប៉ុន្តែ​ខ្ញុំមានការនឿយហត់ ហើយ​ខ្ញុំ​រត់​យឺត​ជាង​មនុស្ស​ដែល​មិន​ធ្វើ​តាម​ច្បាប់​ពាក្យ​គតិ​បណ្ឌិត​សោះ ។ខ្ញុំ​សារភាព​ថា វា​រំខាន​ដល់​ចិត្ត​ខ្ញុំ​ពិត​មែននៅពេល​នោះ ។ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា តើ​សេចក្តី​សន្យា​ជា​ការពិត ឬ ក៏​មិន​ពិត »( « Continue in Patience »EnsignLiahonaខែ ឧសភា ឆ្នាំ 2010ទំព័រ 58 ) ។

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា បើ ឬ ដោយ​របៀបណា​ទៅ​ដែល​ព្រះអម្ចាស់​នឹង​បំពេញ​សេចក្តី​សន្យា​របស់​ទ្រង់ដើម្បី​ប្រទានពរ​ដល់​អ្នក​ដោយ​សារ​តែ​ការរក្សា​បទបញ្ញតិ្ត​របស់​ទ្រង់ ?

ព្យាការី​យ៉ារ៉ុម ដែល​ជា​កូនប្រុស​របស់​អេណុស បាន​ពន្យល់​ពី​របៀប​ដែល​សេចក្តី​សន្យា​ដ៏​ជាក់លាក់​របស់​ព្រះអម្ចាស់​ចំពោះ​ដូនតា​លោក ត្រូវ​បាន​បញ្ជាក់ ឬ ត្រូវ​បាន​បង្ហាញ​ថា ជាការពិត ។សូម​អានយ៉ារ៉ុម 1:9 ហើយ​គូស​ចំណាំ​សេចក្តី​សន្យា​ដែល​ព្រះអម្ចាស់​បាន​បញ្ជាក់​ដល់​ប្រជាជន ។

  1. យ៉ារ៉ុម​បាន​បង្ហាញ​ថា នៅ​ពេល​យើង​គោរព​បទបញ្ញតិ្ត​នៃ​ព្រះ នោះ​យើង​នឹង​ចម្រើន​ឡើង ។ដើម្បី​ឃើញ​ពី​គំរូ​នៃ​សេចក្តី​ពិត​នេះ សូម​សិក្សា​ខគម្ពីរ​យោង​ខាង​ក្រោម ហើយ​ឆ្លើយ​សំណួរ​ដែល​មាន​អម​មក​ជាមួយ ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. យ៉ារ៉ុម 1:4–5, 8 ។តើ​មាន​គំរូ​អ្វី​ខ្លះ​ស្តី​ពី​របៀប​ដែល​ពួកសាសន៍​នីហ្វៃ​បាន​គោរព​ប្រតិបត្តិ និង របៀប​ដែល​ពួកគេ​បាន​ទទួល​ពរជ័យ ?

    2. យ៉ារ៉ុម 1:7, 10–12 ។តើ​ព្យាការី និង អ្នកដឹកនាំ​ដទៃ​ទៀត​មាន​តួនាទី​អ្វី​ក្នុង​ការជួយ​ពួកសាសន៍​នីហ្វៃ​ឲ្យ​គោរព​ប្រតិបត្តិ និង រីកចម្រើន​ឡើង ?

    3. អោមណៃ 1:5–7 ។តើ​សេចក្តី​សន្យា​របស់​ព្រះ​ត្រូវ​បាន​បញ្ជាក់​នៅ​ពេល​ខាង​មុខតាម​របៀប​ខុសគ្នា​យ៉ាង​ដូចម្តេច ?

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

សូម​អាន​អ្វី​ដែល​ប្រធាន អុជដូហ្វ បាន​បង្រៀន និង ថ្លែង​ទីបន្ទាល់​អំពី​បទពិសោធន៍​របស់​លោកអំពី​ចម្ងល់​ថា បើ​ព្រះអម្ចាស់​នឹង​បញ្ជាក់​សេចក្តី​សន្យា​ដែល​បាន​ប្រទាន​ឲ្យ​ក្នុង​ច្បាប់​ពាក្យ​គតិ​បណ្ឌិត​ដែរ​ឬ​ទេ​នោះ ៖ « ចម្លើយ​មិន​បាន​មក​ភ្លាមៗ​នោះទេ ។ប៉ុន្តែ​នៅ​ទី​បំផុត ខ្ញុំ​បាន​រៀន​ថា សេចក្តី​សន្យា​នៃ​ព្រះ​មិន​តែងតែ​ត្រូវ​បាន​បំពេញ​ឆាប់​រហ័ស​ដូច ឬ តាម​របៀប​ដែល​យើង​រំពឹង​ទុក​នោះទេ សេចក្តី​សន្យា​ទាំង​នោះ​មក​ស្រប​ទៅ​តាម​ពេលវេលា​របស់​ទ្រង់ និង មធ្យោបាយ​របស់​ទ្រង់ ។ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​អាច​ឃើញ​ភស្តុតាង​ដ៏​ច្បាស់លាស់​នៃ​ពរជ័យ​ខាង​សាច់ឈាម​ដែល​មាន​មក​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​គោរព​ច្បាប់​ពាក្យ​គតិ​បណ្ឌិត—ដែល​បន្ថែម​លើ​ពរជ័យ​ខាង​វិញ្ញាណ​ដែល​មក​ភ្លាមៗ​មកពី​ការ​គោរព​ប្រតិបត្តិ​ដល់​ក្រិត្យវិន័យ​ណា​មួយ​នៃ​ព្រះ ។ចំពោះ​ការគិត​នូវ​អ្វី​ដែល​បាន​កើតឡើង​នេះ ខ្ញុំ​ដឹង​យ៉ាង​ប្រាដក​ថាសេចក្តី​សន្យា​នៃ​ព្រះអម្ចាស់ បើទោះជា​ប្រហែល​ជា​មិន​តែងតែ​កើតឡើង​ភ្លាមៗ ក៏​តែងតែ​នៅ​ច្បាស់លាស់ » ( « Continue in Patience » ទំព័រ 58 បន្ថែម​ជា​អក្សរ​ទ្រេត )។

  1. ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពិពណ៌នា​ពី​បទពិសោធន៍​មួយ​នៅ​ពេល​ព្រះអម្ចាស់​បាន​ប្រទានពរ ឬ ធ្វើ​ឲ្យ​អ្នក​រីកចម្រើន​ឡើង​តាម​រយៈ​ការរក្សា​បទបញ្ញតិ្ត​របស់​ទ្រង់ ។តាមរយៈ​បទពិសោធន៍​របស់​អ្នក តើ​អ្នក​អាច​ថ្លែង​ទីបន្ទាល់​អ្វី​ពី​ព្រះអម្ចាស់ និង សេចក្តី​សន្យា​របស់​ទ្រង់ ?

អោមណៃ 1:1–30

អ្នក​ថែរក្សា​កំណត់ត្រា​បាន​រៀបរាប់​ពី​ប្រវត្តិ​ពួក​សាសន៍​នីហ្វៃ

ពូជពង្ស​របស់​យ៉ារ៉ុម​បាន​សរសេរ​គម្ពីរ​អោមណៃ ដែល​គ្រប់ដណ្តប់​រយៈពេល​ប្រមាណជា 230ឆ្នាំ ។សូម​គូស​ចំណាំ​ឈ្មោះ​នៃ​បុរស​ផ្សេងៗ ដែល​បាន​ថែរក្សា​ផ្ទាំង​តូច​បន្ទាប់​ពី​យ៉ារ៉ុម ។អ្នក​អាច​ស្វែងរក​ឈ្មោះ​ទាំងនេះ​ក្នុងអោមណៃ 1:1, 4, 9, 10, 12 និង 25 ។

គម្ពីរ​អោមណៃ​ពិពណ៌នា​ពី​ព្រឹត្តិការណ៍​សំខាន់ៗ​មួយ​ចំនួន​ពី​ប្រវត្តិសាសន៍​ក្នុង​ព្រះគម្ពីរ​មរមន ។អ្នក​អាច​ចងចាំ​ថា នៅ​សម័យ​របស់​នីហ្វៃ ពួកសាសន៍​នីហ្វៃ​បាន​ចាកចេញ​ពី​ពួកសាសន៍​លេមិន ហើយ​តាំង​ទីលំនៅ​កន្លែង​មួយ​ដែល​ពួកគេ​ហៅ​ថា ដែនដី​នីហ្វៃ ។ការផ្លាស់​ទី​លំនៅ​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​លើ​ផែនទី​ដោយ​សញ្ញា​ព្រួញ​ពី​ដែនដី​តាំងទីលំនៅ​ដំបូង​ទៅ​ដែនដី​នីហ្វៃ ។

សូម​អានអោមណៃ 1:12–13ហើយ​រកមើល​ពី​របៀប​ដែល​ពួកសាសន៍​នីហ្វៃ​បាន​មក​រស់​នៅ​ក្នុង​ដែនដី​សារ៉ាហិមឡា ។អ្នក​អាច​ចង់​គូស​បន្ទាត់​ពីក្រោម​ឃ្លា​ទាំងឡាយ​ណា​ក្នុង​ខគម្ពីរ​ទាំង​នេះ​ដែល​បង្ហាញ​ពី​ពួកសាសន៍​នីហ្វៃ​បាន​ធ្វើ​ដំណើរ​តាមរយៈ​ការណែនាំ និង ព្រះចេស្តា​នៃ​ព្រះអម្ចាស់ ។នៅលើ​ផែនទី សញ្ញា​ព្រួញ​ពី​ដែនដី​នីហ្វៃ​ទៅ​ដែនដី​សារ៉ាហិមឡា​តំណាង​ឲ្យ​ការ​ផ្លាស់ទីលំនៅ​នេះ ។

រូបភាព
ផែនទី​នៃ​ការផ្លាស់ទីលំនៅ

សូម​អានអោមណៃ 1:14–19ហើយ​រកមើល​ភាពស្រដៀងគ្នា និង ភាព​ខុសគ្នា​រវាង​ពួកសាសន៍​នីហ្វៃ និង ប្រជាជន​ដែល​ពួកគេ​បាន​រកឃើញ​ក្នុង​ដែនដី​សារ៉ាហិមឡា ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការគ្មាន​ព្រះគម្ពីរ​បាន​ប៉ះពាល់​លើ​ប្រជាជន​សារ៉ាហិមឡា​យ៉ាង​ដូចម្តេច ?

    2. តើ​ការដឹង​រឿង​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​អំណរគុណ​កាន់​តែខ្លាំង​លើ​ព្រះគម្ពីរ និង កាន់តែ​ឧស្សាហ៍​ព្យាយាម​ក្នុង​ការសិក្សា​ព្រះគម្គីរ​យ៉ាង​ដូចម្តេច​ដែរ ?

គម្ពីរ​អោមណៃ​ក៏​ណែនាំ​នូវ​មនុស្ស​ពីរក្រុម​ផ្សេងទៀត​ដែល​អ្នក​នឹង​សិក្សា​ក្នុង​ព្រះគម្ពីរ​មរមន​នៅពេល​ក្រោយ ។ដើម្បី​ស្គាល់​មនុស្ស​មួយ​ក្រុម​នៃ​ក្រុម​ទាំងនេះ សូម​អានអោមណៃ 1:20–22ហើយ​សរសេរ​ពាក្យ​ពួកសាសន៍​យ៉ារេឌក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរនឹង​ខគម្ពីរ​ទាំងនោះ ។កូរីអានទុមមើរ​គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​នៅរស់រាន​មាន​ជីវិត​ពីរនាក់​ចុងក្រោយ​គេ​នៃ​ប្រជាជាតិ​សាសន៍​យ៉ារេឌ មនុស្ស​ម្នាក់​ផ្សេងទៀត​គឺ​ជា​ព្យាការី​អេធើរ ។អ្នក​នឹង​រៀន​អំពី​ពួកសាសន៍យ៉ារេឌ​ក្នុង​ការសិក្សា​របស់​អ្នក​ពី​គម្ពីរ​អេធើរ ។

ដើម្បី​រៀន​អំពី​ក្រុម​មនុស្ស​ចុងក្រោយ​ដែល​បាន​ពិពណ៌នា​ក្នុង​អោមណៃ សូម​គូស​សញ្ញា​ព្រួញ​នៅលើ​ផែនទី​ដែល​ឆ្ពោះ​ពី​ដែនដី​សារ៉ាហិមឡា​ទៅ​ជិត​ដល់​ដែនដី​នីហ្វៃ ហើយ​បន្ទាប់មក​ត្រឡប់​ទៅ​សារ៉ាហិមឡា​វិញ ហើយ​គូស​សញ្ញា​ព្រួញ​ពី​ដែនដី​សារ៉ាហិមឡា​ឆ្ពោះ​ទៅ​រហូត​ដល់​ដែនដី​នីហ្វៃ​វិញ ។សញ្ញា​ព្រួញ​ទាំងនេះ​តំណាង​ឲ្យ​ការផ្លាស់ទីលំនៅ​នៃ​ប្រជាជន​ស៊ីនិព្វ ដែល​ពោល​សំដៅ​ដល់​នៅក្នុងអោមណៃ 1:27–30 ។( អ្នក​អាច​ចង់​សរសេរ « ប្រជាជន​ស៊ីនិព្វ »ក្បែរ​ខគម្ពីរ​ទាំងនេះ ) ។អ្នក​នឹង​រៀន​អំពី​ក្រុម​នេះ​នៅពេល​អ្នក​សិក្សា​គម្ពីរ​ម៉ូសាយ ។

ព្រះគម្ពីរ​មរមន​មិន​បាន​អះអាង​ថា​ជា​កំណត់ត្រា​មួយ​របស់​ប្រជាជន​ទាំងអស់​ដែល​បាន​តាំងទីលំនៅ​ក្នុង​ទ្វីប​អាមេរិក​នោះទេ ។ក្រៅ​ពី​ពួកសាសន៍​យ៉ារេឌ ប្រជាជន​សារ៉ាហិមឡា និង ពូជពង្ស​លីហៃ ក៏​មាន​មនុស្ស​ដទៃ​ទៀត​ដែល​បានមក​កាន់​ទ្វីប​អាមេរិក​ផងដែរ ។ប្រធាន អានថូនី ដបុលយូ អាយវិនស៍ នៃ​គណៈប្រធាន​ទីមួយ​បាន​ថ្លែង​នៅ​ខែ មេសា ឆ្នាំ 1929 ក្នុង​សន្និសីទ​ទូទៅ​ថា ៖ « ព្រះគម្ពីរ​មរមន … មិនប្រាប់​យើង​ថា គ្មាន​មនុស្ស​ណាម្នាក់​នៅទី​នេះ​ពីមុន [ ប្រជាជន​នៃ​ព្រះគម្ពីរ​មរមន ] នោះទេ ។ព្រះគម្ពីរ​មរមន​មិន​ប្រាប់​យើង​ថា មនុស្ស​មិន​បាន​មក​តាម​ក្រោយ​នោះ » ( in Conference Report ខែ មេសា ឆ្នាំ 1929 ទំព័រ 15 )។

សូម​កត់​សម្គាល់​ក្នុងអោមណៃ 1:23–24ថា ផ្នែក​ចុងក្រោយ​នៃ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ដោយ​អាម៉ាលេកៃ ។លោក​បាន​រស់នៅ​អំឡុង​សម័យ​ស្តេច​បេនយ៉ាមីន បន្ទាប់​ពី​ការផ្លាស់​ទីលំនៅ​របស់​ពួកសាសន៍​នីហ្វៃ​ទៅ​កាន់​ដែនដី​សារ៉ាហិមឡា ។សូម​អានអោមណៃ 1:25–26 ហើយ​គូស​ចំណាំ​ការអញ្ជើញ​មួយ​ដែល​អាម៉ាលេកៃ បាន​អញ្ជើញ​បីដង ។

សូម​កត់សម្គាល់​ថា ការអញ្ជើញ​នីមួយៗ​នៃ​ការអញ្ជើញ​ទាំងបី​នេះ​ក្នុង​ការមក​រក​ព្រះគ្រីស្ទ​នៅ​ក្នុងអោមណៃ 1:25–26ត្រូវបាន​បន្ត​តាម​ក្រោយ​ដោយ​ពាក្យ​ហើយព្រមទាំង​ការណែនាំ​ជាក់លាក់​ដែល​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប​មករក​ព្រះគ្រីស្ទ ។សូម​មើលអោមណៃ 1:25–26ម្ដង​ទៀត ហើយ​គូស​ចំណាំ​អ្វី​ដែល​អាម៉ាលេកៃ​បាន​លើកទឹកចិត្ត​ពួក​យើង​ឲ្យ​ធ្វើ ដើម្បី​មករក​ព្រះគ្រីស្ទ ។

រូបភាព
រូប​សំណាក​ព្រះគ្រីស្ទ

អ្នក​គួរ​តែ​បាន​រកឃើញ​នូវ​ដំបូន្មាន​ខាង​ក្រោម​នេះ​ពី​របៀប​ដើម្បី​មករក​ព្រះគ្រីស្ទ ៖

  • ជឿ

  • ទទួល​ទាន​នូវ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់ ( ទទួល​ពរជ័យ​នៃ​ដង្វាយធួន )

  • ថ្វាយ​ព្រលឹង​អ្នក​ទាំងមូល​ដល់​ទ្រង់ ( ថ្វាយ​ចិត្ត បំណង​ប្រាថ្នា និង កិច្ចប្រឹងប្រែង​អស់​ពី​សមត្ថភាព​របស់​អ្នក—ដោយ​មិន​ទុក​អ្វីឡើយ )។

  • តម​អាហារ និង អធិស្ឋាន

  • កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត

អាម៉ាលេកៃ​បាន​ផ្តល់​សេចក្តី​សន្យា​មួយ​នៅ​ចុង​បញ្ចប់​នៃអោមណៃ 1:26ទៅ​កាន់​អ្នក​ទាំងឡាយ​ដែល​ធ្វើ​តាម​ពាក្យ​ទូន្មាន​នេះ ។សូម​ស្វែងរក​សេចក្តី​សន្យា​នោះ ហើយ​បំពេញ​គោលការណ៍​តទៅ​នេះ ៖ បើសិន​យើង​មក​រក​ព្រះគ្រីស្ទ ហើយកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត នោះ​យើង ។

  1. សូម​ជ្រើសរើស​ឃ្លា​មួយ​នៃ​ឃ្លា​ទាំងឡាយ​ក្នុង​ពាក្យ​ទូន្មាន​ពី​របៀប​ដើម្បី​មករក​ព្រះគ្រីស្ទ ដែល​មាន​រាយ​នៅខាង​លើ​នេះ ហើយ​សរសេរ ឬ ដកស្រង់​ចូល​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​ការនិយាយ​រយៈពេល​មួយ​ទៅពីរ​នាទី​ដែល​ពន្យល់​ពី​របៀប​ដែល​យើង​អាច​មករក​ព្រះគ្រីស្ទ​តាមរយៈ​ការអនុវត្ត​គោលការណ៍​នេះ ។

    ឧទាហរណ៍ អ្នក​អាច​សរសេរ​ការនិយាយ​របស់​អ្នក​ពី​របៀប​ដែល​ការតម​អាហារ និង ការអធិស្ឋាន​អាច​ជួយ​យើង​ឲ្យ​មករក​ព្រះគ្រីស្ទ ។ការនិយាយ​របស់​អ្នក​អាច​មាន​រួមមាន ( 1 ) ការអានអោមណៃ 1:25–26ហើយ​ពន្យល់​ជា​ពាក្យ​ផ្ទាល់​របស់​អ្នក​នូវ​ឃ្លា​ដែល​អ្នក​ជ្រើសរើស ( 2 ) ខគម្ពីរ​បន្ថែម​ទៀត​ដែល​បញ្ជាក់ ឬ បន្ថែម​អត្ថន័យ​ដល់​ឃ្លា​នេះ ( 3 ) បទពិសោធន៍​មួយ​ពី​ជីវិត​របស់​អ្នក ឬ ពី​ជីវិត​របស់​អ្នក​ណាម្នាក់​ដែល​អ្នក​ដឹង​ថា បង្ហាញ​គំរូ​មួយ​នៃ​ឃ្លា​នេះ និង ( 4 ) គំនិត អារម្មណ៍ និង សក្ខីភាព​របស់​អ្នក ។

គ្រូបង្រៀន​របស់​អ្នក​អាច​សុំ​អ្នក​ឲ្យ​ចែកចាយ​ការនិយាយ​របស់​អ្នក​នៅពេល​ក្រោយ​ទៀត​ដែល​អ្នក​ជួបគ្នា ។អ្នក​ក៏​អាច​ចង់​ចែកចាយ​ការនិយាយ​របស់​អ្នក​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ឬ ក្នុង​កម្មវិធី​មួយ​ចំនួន​ទៀត ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​យ៉ារ៉ុម–អោមណៃ​ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ )។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖