ថ្នាក់​សិក្ខាសាលា
មេរៀនទី 24 ៖ ថ្ងៃទី 4 នីហ្វៃទី3 11:1–17


មេរៀនទី 24 ៖ ថ្ងៃទី 4

នីហ្វៃទី3 11:1–17

សេចក្តីផ្ដើម

មួយ​រយៈ​ក្រោយពី​ការបំផ្លិច​បំផ្លាញ​ដ៏​ធំ និង ភាពងងឹត​អស់​រយៈពេល​បី​ថ្ងៃ មាន​បុរស ស្ត្រី និង កុមារ ប្រហែល 2,500 នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​ជុំ​វិញ​ព្រះវិហារ​បរិសុទ្ធ​នៅ​ដែនដី​បរិបូរណ៍ ( សូមមើល នីហ្វៃទី3 17:25 ) ។ ពួកគេ​បាន​ឮ​សំឡេង​មួយ ដែល​ពួកគេ​ពុំ​បាន​យល់​ពី​ដំបូង ។ ពេល​ពួកគេ​ព្យាយាម​ស្ដាប់ ពួកគេ​បាន​យល់​ថា វា​ជា​សំឡេង​ព្រះវរបិតាសួគ៌​ណែនាំ​ឲ្យ​ស្គាល់​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​បាន​បង្ហាញ​អង្គ​ទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទ​បានអញ្ជើញ​ប្រជាជន​ម្ដងម្នាក់ៗ​ឲ្យ​ឃើញ​ដោយ​ផ្ទាល់​ខ្លួន​ថា ទ្រង់​ត្រូវបាន​គេ​ធ្វើគត់ សម្រាប់​អំពើ​បាប​នៃ​ពិភពលោក ដោយ​ឲ្យ​ពួកគេ​ប៉ះ​ស្នាម​របួស​នៅ​ចំហៀង​ទ្រង់ និង ស្នាម​ដែកគោល​នៅ​ព្រះហស្ដ និង ព្រះបាទ​ទ្រង់ ។

នីហ្វៃទី3 11:1–7

ប្រជាជន​ឮ​សំឡេង​របស់​ព្រះវរបិតា ប្រកាស​ពី​ការយាង​មក​របស់​ព្រះរាជបុត្រា​របស់​ទ្រង់

សូម​ទៅ​ខាងក្រៅ​ដោយ​មាន​ខ្មៅដៃ​មួយ និង សៀវភៅ​ណែនាំ​ការសិក្សា​នេះ ហើយ​ស្ដាប់​ឲ្យ​បាន 60 វិនាទី ។ សូម​សរសេរ​នូវ​សំឡេង​ទាំងឡាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន នៅក្នុង​ចន្លោះ​ដែល​ផ្ដល់​ឲ្យ​នេះ ៖

ឥឡូវ​នេះ សូម​ដាក់​ផ្កាយ​មួយ​ឲ្យ​សំឡេង​នីមួយៗ ដែល​អ្នក​គិត​ថា​ពិបាក​នឹង​កំណត់​ថា​ជា​អ្វី ឬ ដែល​អ្នក​ទំនង​ជា​ពុំ​អាច​កត់សម្គាល់​បាន​បើ​មិន​ព្យាយាម​ស្ដាប់​ទេ​នោះ ។ បន្ទាប់មក ត្រឡប់​ចូល​ក្នុង​វិញ ។

ភ្លាមៗ បន្ទាប់ពី​ការបំផ្លិច​បំផ្លាញ​ដ៏​ធំ និង ភាពងងឹត ដែល​ជា​ទីសម្គាល់​ពី​ការសុគត​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​ប្រជាជន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ដែនដី​បរិបូរណ៍ ។ ខណៈដែល​ពួកគេ​កំពុង​ពិភាក្សា​គ្នា​ពី​អ្វី​ដែល​បាន​កើតឡើង នោះ​មាន​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​បាន​កើតឡើង ដែល​ពួកគេ​ពុំ​អាច​យល់​បាន​ពី​ដំបូង ។ សូមអាន នីហ្វៃទី3 11:1–3 ហើយ​រកមើល​អ្វី​ដែល​ប្រជាជន​មាន​ការពិបាក​នឹង​យល់ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ ពី​របៀប​ដែល​សំឡេង​របស់​ព្រះអម្ចាស់​ត្រូវបាន​ពិពណ៌នា និង ឥទ្ធិពល​ដែល​សំឡេង​នោះ​បានមាន​ទៅលើ​ពួក​អ្នក​ដែល​បាន​ឮ​វា ។

សូម​យក​ពេល​មួយ​ស្របក់​ដើម្បី​គិត ថាតើ​លក្ខណៈ​របស់​សំឡេង​ដែល​ប្រជាជន​បានឮ​នោះ ដូចគ្នា​ទៅ​នឹង​ការបំផុស​ដែល​យើង​ទទួល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច​ដែរ ។ តើ​សេចក្ដី​ពិត​អ្វី​ដែល​អ្នក​អាច​រៀន​ចេញពី នីហ្វៃទី3 11:1–3 អំពី​របៀប​ដែល​ព្រះអម្ចាស់ និង ព្រះវិញ្ញាណ​បរិសុទ្ធ ជាញឹកញាប់​មាន​បន្ទូល​មក​កាន់យើង ? គោលលទ្ធិ​មួយ​ដែល​យើង​អាច​ឃើញ ដែល​មាន​បង្ហាញ​នៅក្នុង​ខ​ទាំងនេះ​គឺ ៖ ជាញឹកញាប់ វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​មកកាន់​យើង​ដោយ​សំឡេង​តូច​រហៀង ដែល​យើង​ទទួល​អារម្មណ៍​នៅក្នុង​ដួងចិត្ត​យើង ។

ប្រធាន ប៊យដ៏ ឃេ. ផាកកឺ ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានពន្យល់​ពី​របៀប​ដែល​សំឡេង​នៃ​ព្រះអម្ចាស់ ធ្វើការ​នៅក្នុង​គំនិត និង ដួងចិត្ត​យើង តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ. ផាកកឺ

« ប្រហែល​អ្វី​មួយ​ដែល​អស្ចារ្យ​បំផុត ដែល​ខ្ញុំ​បាន​រៀន​ចេញពី​ការអាន​ព្រះគម្ពីរ​មរមន គឺ​ថា​សំឡេង​របស់​ព្រះវិញ្ញាណ​មក​ជា​អារម្មណ៍ ជាជាង​សំឡេង​មួយ ។ អ្នក​នឹង​រៀន ដូចជា​ខ្ញុំ​បាន​រៀន​ដែរ ដើម្បី ‹ ស្ដាប់ › សំឡេង​នោះ នោះ​គឺជា​អារម្មណ៍ ជាជាង​ការឮ ។ …

« អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ … នឹង​ដឹកនំា ហើយ​ការពារ​អ្នក និង សូម្បីតែ​កែតម្រូវ​ទង្វើ​ទំាងឡាយ​របស់​អ្នក​ផង ។ វា​ជា​សំឡេង​ខាង​វិញ្ញាណ​មួយ ដែល​ចូលមក​ក្នុង​សតិ ជា​គំនិត ឬ ជា​អារម្មណ៍​មួយ ដែល​ដាក់​ចូល​ក្នុង​ដួងចិត្ត​អ្នក » ( “Counsel to Youth” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 17–18 ) ។

  1. សូម​គិត​អំពី​ពេល​មួយ ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ពី​សំឡេង​របស់​ព្រះអម្ចាស់ ឬ ការបំផុស​របស់​ព្រះវិញ្ញាណ ដែល​ចូលមក​ក្នុង​គំនិត ឬ ដួងចិត្ត​អ្នក ។ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​បទពិសោធន៍​របស់​អ្នក និង ថាតើ​វា​មាន​អារម្មណ៍​យ៉ាងណា ។

ពួក​សាសន៍​នីហ្វៃ​បាន​ឮ​សំឡេង​ពីរ​ដង ហើយ​ពុំ​បាន​យល់​សំឡេង​នោះ​ទេ ។ សូមអាន នីហ្វៃទី3 11:4–7 ហើយ​រកមើល​អ្វី​ដែល​ពួក​សាសន៍​នីហ្វៃ​បានធ្វើ​ខុសពី​មុន នៅ​លើក​ទីបី ដើម្បី​យល់​ពី​សំឡេង​នោះ ។ តើ​អ្នក​គិត​ថា ដែល​ប្រជាជន​បាន​បើក « ត្រចៀក​ស្ដាប់ » ដល់​សំឡេង​នោះ មានន័យ​យ៉ាងណា ? ( នីហ្វៃទី3 11:5 ) ។

ប្រធាន ប៊យដ៏ ឃេ. ផាកកឺ បាន​ផ្ដល់​ដំបូន្មាន​ខាងក្រោម​នេះ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ស្ដាប់ និង យល់​សំឡេង​របស់​ព្រះអម្ចាស់ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​គូស​បន្ទាត់​ពីក្រោម​ពាក្យ ឬ ឃ្លា​ទាំងឡាយ ដែល​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ឬ អ្វី​ដែល​ត្រូវ​ចៀសវាង ដើម្បី​បានឮ​សំឡេង​របស់​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ ឲ្យ​បាន​កាន់តែ​ច្បាស់ ។

« ព្រះវិញ្ញាណ​ពុំ​ទាញ​ការយកចិត្ត​ទុកដាក់​របស់​យើង ដោយ​ការស្រែក​នោះ​ទេ ។ ទ្រង់​មិនដែល​អង្រួន​យើង​ដោយ​ដៃ​ធ្ងន់ៗ​នោះទេ ។ ព្រះវិញ្ញាណ​ខ្សឹប ។ ការពិត ទ្រង់​បបោស​អង្អែល​ដោយ​ថ្មមៗ ដែល​បើ​យើង​ខ្វល់​អំពល់ នោះ​យើង​ពុំ​អាច​ទទួល​អារម្មណ៍​ពី​ទ្រង់​សោះឡើយ ។

« ជួនកាល ព្រះវិញ្ញាណ​នឹង​ប៉ះពាល់​គ្រាន់តែ​ខ្លាំង​ល្មម ឬ ជាញឹកញាប់​គ្រាន់តែ​គ្រប់គ្រាន់ ដើម្បី​ឲ្យ​យើង​ផ្ដោត​យកចិត្ត​ទុកដាក់ ប៉ុន្តែ​តាម​បទពិសោធន៍​របស់​ខ្ញុំ ភាគច្រើន​បំផុត ប្រសិនបើ​យើង​ពុំ​ស្ដាប់​នូវ​អារម្មណ៍​ដ៏​ទន់ភ្លន់ ប្រសិនបើ​យើង​ពុំ​ស្ដាប់​ដោយ​អារម្មណ៍​ទាំងនោះ​ទេ នោះ​ព្រះវិញ្ញាណ​នឹង​ចាកចេញ ហើយ​ចាំ​រហូត​ទាល់តែ​យើង​មក​រក ហើយ​ស្ដាប់ ដោយ​តាម​របៀប​យើង និង ដោយ​សម្ដែង​នូវ​មនោសញ្ចេតនា​របស់​យើង » ( “How Does the Spirit Speak to Us?” New Era ខែ កុម្ភៈ ឆ្នាំ 2010 ទំព័រ 3 ) ។

អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​តទៅ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ នីហ្វៃទី3 11:5–6 និង នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ពេល​យើង​រៀន​ពី​របៀប​ស្ដាប់​ដល់​សំឡេង​របស់​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​នឹង​អាច​យល់​ពី​ការទាក់ទង​ដែល​ទ្រង់​ប្រទាន​ដល់​យើង ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្វី​ជួយ​អ្នក​ឲ្យ​រៀបចំ​គំនិត និង ដួងចិត្ត​អ្នក​ឲ្យ​ស្ដាប់ និង យល់​សំឡេង​របស់​ព្រះអម្ចាស់ ?

    2. តើ​ពេលណា​ដែល​អ្នក​បាន​យល់​ពី​ការទាក់ទង​ពី​ព្រះអម្ចាស់ ដែល​ជា​ការទាក់ទង​ដែល​អ្នក​អាច​នឹង​ខកខាន បើ​អ្នក​មិនបាន​ព្យាយាម​ស្ដាប់​ទេ​នោះ ?

    3. តើ​ពេលណា ដែល​អ្នក​បាន​ទទួល​ការបំផុស​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ច្រើន​ជាង​ម្ដង មុនពេល​ដែល​អ្នក​បាន​យល់ និង ធ្វើ​តាម ?

នីហ្វៃទី3 11:8–17

ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​អង្គ​ទ្រង់ ហើយ​អញ្ជើញ​ប្រជាជន​ឲ្យ​មក​ប៉ះ​ស្នាម​របួស​របស់​ទ្រង់​ម្ដង​ម្នាក់ៗ

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​អង្គទ្រង់​ដល់​ពួក​សាសន៍​នីហ្វៃ

សូម​ព្យាយាម​នឹក​ស្រមៃ​ក្នុង​ចិត្ត​ពី​ព្រឹត្តិការណ៍​ទាំងឡាយ​ក្នុង នីហ្វៃទី3 11:8–10 ពេល​អ្នក​អាន​វា ។

  1. កាលដែល​អ្នក​ពិចារណា​ថា​វា​យ៉ាងណា បើ​បានឃើញ​ដោយ​ផ្ទាល់​ពី​ការបង្ហាញ​អង្គទ្រង់​របស់​ព្រះយេស៊ូវគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នោះ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​គំនិត​អ្វី និង អារម្មណ៍​យ៉ាងណា​ដែល​អ្នក​អាច​នឹង​ទទួល​បទពិសោធន៍ បើ​អ្នក​បាន​នៅ​ទីនោះ ។

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​អំពី​សារៈសំខាន់​នៃ​ការបង្ហាញ​អង្គទ្រង់​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ពួក​សាសន៍​នីហ្វៃ​ថា ៖

« ការបង្ហាញ​អង្គទ្រង់​នោះ និង ការប្រកាស​នោះ បាន​បង្កើត​ជា​ចំណុច​ប្រសព្វ​គ្នា ជា​ពេលវេលា​ដ៏​ឧត្ដុង្គ​ឧត្ដម​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​ព្រះគម្ពីរ​មរមន​ទាំងមូល ។ វា​ជា​ការបើក​សម្ដែង និង ជា​ក្រិត្យក្រម ដែល​បាន​ផ្ដល់​ជា​ព័ត៌មាន និង បាន​បំផុស​ដល់​ព្យាការី​សាសន៍​នីហ្វៃ​គ្រប់​រូប អស់​រយៈពេល​ប្រាំមួយ​រយ​ឆ្នាំ​មក​ហើយ ដោយ​មិន​និយាយ​ដល់​ពួក​អយ្យកោ​សាសន៍​អ៊ីស្រាអែល និង សាសន៍​យ៉ារេឌ​របស់​ពួកគេ តាំងពី​រាប់ពាន់​ឆ្នាំ​ពីមុន​នោះ​ផង ។

« គ្រប់​គ្នា​បាន​និយាយ​ពី​ទ្រង់ ច្រៀង​ពី​ទ្រង់ សុបិន្ត​ពី​ទ្រង់ និង អធិស្ឋាន​សម្រាប់​ការបង្ហាញ​អង្គទ្រង់—ប៉ុន្តែ​ពេលនេះ ទ្រង់​ពិត​ជា​នៅ​ទីនេះ​ពិតមែន ។ ជា​ថ្ងៃ​មួយ​អស្ចារ្យ​បំផុត​ជាង​ថ្ងៃ​នានា​ទាំងអស់ ! ព្រះ​ដែល​ជា​អង្គ​ដែល​បង្វែរ​រាល់​រាត្រី​ដ៏​ងងឹត​ទៅជា​ពន្លឺ​នាពេល​ព្រឹក បាន​យាង​មក​ហើយ » ( Christ and the New Covenant: The Messianic Message of the Book of Mormon [1997] ទំព័រ 250–51 ) ។

សូម​ចងចាំ​ថា ពួក​សាសន៍​នីហ្វៃ និង ពួក​សាសន៍​លេមិន​ដែល​នៅ​សេសសល់ ទើបតែ​បាន​ជួប​បទពិសោធន៍​នៃ​ការបំផ្លិច​បំផ្លាញ​ដ៏​សាហាវ និង ភាពងងឹត​ទាំងស្រុង​អស់​បីថ្ងៃ ។ សូមអាន នីហ្វៃទី3 11:10–12 ហើយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​ចង់ឲ្យ​ប្រជាជន​ដឹង​អំពី​ទ្រង់ និង អំពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ អំឡុងពេល​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ។ តើ​សេចក្ដី​ថ្លែង​របស់​ព្រះអង្គ​សង្គ្រោះ​ណា​មួយ ដែល​អ្នក​គិត​ថា ជា​ការលួងលោម​បំផុត​សម្រាប់​អ្នក ប្រសិនបើ​អ្នក​បាន​នៅ​ទីនោះ ? សូម​សញ្ជឹង​គិត​ថា ហេតុអ្វី​សេចក្ដី​ថ្លែង​នោះ​មានន័យ​ខ្លាំង​ម្ល៉េះ​ចំពោះ​អ្នក ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ដែល​មាន​អត្ថន័យ​បំផុត​ចំពោះ​អ្នក ។

សូមអាន នីហ្វៃទី3 11:13–15 ហើយ​គូស​ចំណាំ​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​អញ្ជើញ​ប្រជាជន​ឲ្យ​ធ្វើ ដើម្បី​ទទួល​បាន​នូវ​ការចេះដឹង​ផ្ទាល់ខ្លួន ដែល​ទ្រង់​ចង់​ឲ្យ​ពួកគេ​មាន ទាក់ទង​នឹង​ទ្រង់ ។ សូម​គិត​អំពី​ចម្លើយ​ចំពោះ​សំណួរ​តទៅនេះ ៖ យោងតាម នីហ្វៃទី3 11:14 តើ​ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​ប្រជាជន​ដឹង​ពី​អ្វី ចេញពី​បទពិសោធន៍​នេះ ? សូម​ពិចារណា​ថា មាន​ប្រជាជន​ប្រហែល 2,500 នាក់ បាន​មាន​វត្តមាន​នៅ​ពេលនោះ ( សូមមើល នីហ្វៃទី3 17:25 ) តើ​ការណ៍​នេះ​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ទៅ ? តើ​ការណ៍​នេះ​បង្រៀន​អ្វី​ដល់​អ្នក អំពី​ព្រះអង្គ​សង្គ្រោះ ?

រូបភាព
ម្ដង​ម្នាក់ៗ
  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​ព្រះអម្ចាស់​ចង់​ឲ្យ​ប្រជាជន​បាន​ឃើញ និង ប៉ះ​ទ្រង់ « ម្ដង​មា្នក់ៗ » ? ( នីហ្វៃទី3 11:15 ) ។

    2. តើ​វា​នឹង​មាន​ឥទ្ធិពល​ចំពោះ​អ្នក​យ៉ាងណា បើ​បាន​ប៉ះ​ស្នាម​របួស​ដែល​ព្រះអង្គ​សង្គ្រោះ​បានរង​នៅពេល​ទ្រង់​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើ​បាប​របស់​អ្នក​នោះ ?

សូម​ពិចារណា​ក្នុង​ការសរសេរ​សេចក្ដី​ពិត​តទៅ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ នីហ្វៃទី3 11:11–15 ឬ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​ខ្ញុំ​ឲ្យ​ទទួល​នូវ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​មួយ​ថា ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​មាន​អារម្មណ៍​ថា ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ​រឹងមាំ​ប៉ុណ្ណា ? តើ​វា​បាន​លូតលាស់ និង កាន់តែ​រឹងមាំ​យ៉ាងណា ក្នុង​រយៈពេល​កន្លង​មក​ថ្មីៗ​នេះ ?

    2. តើ​បទពិសោធន៍​អ្វី​ខ្លះ ដែល​បាន​ដឹកនាំ​អ្នក​ឲ្យ​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ឬ តើ​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ទទួល​ទីបន្ទាល់​កាន់តែ​រឹងមាំ ?

    3. តើ​អ្នក​អាច​ដឹង​បាន​ដោយ​របៀបណា​ថា ព្រះអង្គ​សង្គ្រោះ​ស្គាល់​អ្នក​ដោយ​ផ្ទាល់ខ្លួន​ម្នាក់ៗ​នោះ ?

សូមអាន នីហ្វៃទី3 11:16–17 ហើយ​រកមើល​អ្វី​ដែល​ប្រជាជន​បានធ្វើ បន្ទាប់ពី​ពួកគេ​បាន​មាន​បទពិសោធន៍​ផ្ទាល់ខ្លួន​នេះ ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ ។ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការយល់​ថា « ហូសាណា » គឺ​ជា​ឧទានសព្ទ​នៃ​ការសរសើរ​តម្កើង​ដល់​ព្រះអម្ចាស់ ។

សូម​មើល​ឲ្យ​បាន​ដិតដល់​ទៅលើ នីហ្វៃទី3 11:15 ហើយ​រកមើល​អ្វី​ដែល​ប្រជាជន​បានធ្វើ បន្ទាប់ពី​ពួកគេ​បាន​ប៉ះ​ស្នាម​របួស​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ផ្ទាល់​រួចមក ។ ដោយសារ​អ្នក​មិន​បាន​នៅ​ទីនោះ ដើម្បី​ប៉ះ​ស្នាម​របួស​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ផ្ទាល់ ដូចជា​ប្រជាជន​ដែល​នៅក្នុង នីហ្វៃទី3 តើ​អ្នក​អាច​ដឹង​បាន​ដោយ​របៀប​ណា​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ? ( សូមមើល យ៉ូហាន 20:30–31; មរ៉ូណៃ 10:3–7; គ. និង ស. 46:13–14 សម្រាប់​ចម្លើយ​មួយ​ចំនួន​ដែល​អាច​មាន ) ។

ដើម្បី​ប្រដូច នីហ្វៃទី3 11:15 ទៅ​នឹង​ខ្លួន​អ្នក សូម​បំពេញ​សេចក្ដី​ថ្លែង​ដូច​តទៅ​នេះ ៖ ពេល​ខ្ញុំ​ទទួល​ទីបន្ទាល់​ផ្ទាល់ខ្លួន​អំពី​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​មាន​ការទទួល​ខុសត្រូវ​ដើម្បី  ។

សូម​គិត​អំពី​របៀប​ទាំងឡាយ ដែល​មនុស្ស​ម្នាក់​ដែល​មាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ អាច « ធ្វើ​បន្ទាល់ » ពី​ទ្រង់ ។

ប្រធាន ប៊យដ៏ ឃេ. ផាកកឺ បាន​បង្រៀន​អំពី​ទីបន្ទាល់​ទាំងឡាយ​ដូច​តទៅ​នេះ​ថា ៖ « អ្នក​មិនអាច​បង្ខំ​ការណ៍​ទាំងឡាយ​ខាង​វិញ្ញាណ​បាន​ទេ ។ ទីបន្ទាល់​មួយ​ពុំ​ចាក់សំរុក​ទៅលើ​អ្នក​នោះទេ វា​លូតលាស់ ។ ហើយ​ទីបន្ទាល់​មួយ​គឺជា​ទីបន្ទាល់​មួយ ហើយ​វា​គប្បី​ត្រូវបាន​គេ​គោរព មិនថា​វា​តូច ឬ ធំ​នោះទេ ។ យើង​កាន់តែ​លូតលាស់​ខ្ពស់ទៅៗ​នៅក្នុង​ទីបន្ទាល់​របស់​យើង ដូចជា​យើង​លូតលាស់​ខាង​រូបកាយ​របស់​យើង​ដែរ ហើយ​ពិបាក​នឹង​ដឹង​ថា​វា​កំពុងតែ​កើតឡើង ដោយសារ​វា​បានមក​ដោយ​ការលូតលាស់ » ( “How Does the Spirit Speak to Us?” ទំព័រ 3 ) ។

  1. សូម​បញ្ចប់​មេរៀន​នេះ ដោយ​សរសេរ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ អ្នក​អាច​នឹង​ចង់​បញ្ចូល​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ ដើម្បី​ទទួល​បាន​ទីបន្ទាល់​របស់​អ្នក ឬ អ្វី​ដែល​អ្នក​ដាក់​ផែនការ​នឹង​ធ្វើ ដើម្បី​ពង្រឹង​វា ។ ប្រសិនបើ​ត្រូវបាន​បំផុស​ដោយ​ព្រះវិញ្ញាណ សូម​អាន​វា​ដល់​នរណា​ម្នាក់​ផ្សេងទៀត ឬ អញ្ជើញ​នរណា​ម្នាក់​ឲ្យ​អាន​វា ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី3 11:1–17 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖