ថ្នាក់​សិក្ខាសាលា
មេរៀនទី 25 ៖ ថ្ងៃទី 2 នីហ្វៃទី3 13


មេរៀនទី 25 ៖ ថ្ងៃទី 2

នីហ្វៃទី3 13

សេចក្តីផ្ដើម

ដូច​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 13 ព្រះអង្គ​សង្គ្រោះ​បាន​បន្ត​ទេសនកថា​របស់​ទ្រង់​នៅឯ​ព្រះវិហារ​បរិសុទ្ធ ដែល​នៅក្នុង​ដែនដី​បរិបូរណ៍ ។ ទ្រង់​បាន​ព្រមាន​ប្រជាជន​ទាស់​នឹង​ការលាក់ពុត ហើយ​បាន​បង្រៀន​ពួកគេ​ថា កិច្ចការ​សុចរិត​របស់​ពួកគេ​សព្វ​ព្រះហឫទ័យ​ដល់​ព្រះវរបិតាសួគ៌ ។ ទ្រង់​ក៏​បាន​ណែនាំ​ដល់​បណ្ដាជន​ផងដែរ ឲ្យ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​នៅ​ស្ថានសួគ៌ ហើយ​បន្ទាប់មក​បាន​ណែនាំ​ឲ្យ​ពួកសិស្ស​ទាំង​ដប់ពីរ​នាក់​របស់​ទ្រង់ ឲ្យ​ស្វែងរក​នគរ​នៃ​ព្រះ​ជាមុន​សិន មុន​នឹង​ខ្វល់ខ្វាយ​ពី​កង្វល់​ខាង​សាច់ឈាម​របស់​ពួកគេ​ផ្ទាល់ ។

នីហ្វៃទី3 13:1–18

ព្រះអង្គ​សង្គ្រោះ​ព្រមាន​ពួក​សាសន៍​នីហ្វៃ​ទាស់នឹង​ការលាក់ពុត ហើយ​បង្រៀន​ពួកគេ​ឲ្យ​ធ្វើ​កិច្ចការ​សុចរិត​ដែល​សព្វ​ព្រះហឫទ័យ​ដល់​ព្រះវរបិតាសួគ៌

សូម​បំពេញ​ការប៉ាន់​ប្រមាណ​ខ្លួនឯង​ខាងក្រោម​នេះ នៅក្នុង​គំនិត​អ្នក ដោយ​ជ្រើសរើស​ឃ្លា​ណាមួយ​ដែល​ពិពណ៌នា​ច្បាស់​បំផុត ពី​ការជំរុញ​ទឹកចិត្ត​របស់​អ្នក​ឲ្យ​ធ្វើ​ទាន ( ការផ្ដល់​ឲ្យ​ដល់​អ្នក​ផ្សេងទៀត ) ការអធិស្ឋាន និង ការតម​អាហារ ៖

ខ្ញុំ​ធ្វើ​ទាន​ពីព្រោះ ៖

  1. ខ្ញុំ​ត្រូវ​ធ្វើ ។

  2. ខ្ញុំ​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​រីករាយ​នឹង​ជួយ​មនុស្ស​ផ្សេងទៀត ។

  3. ខ្ញុំ​ចង់ឲ្យ​អ្នក​ផ្សេង​គិត​ល្អ​ពី​ខ្ញុំ ។

ខ្ញុំ​អធិស្ឋាន​ពីព្រោះ ៖

  1. ខ្ញុំ​មិន​ចង់​និយាយ​ថា « ទេ » នៅមុខ​មនុស្ស​ផ្សេងទៀត ពេល​ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​អធិស្ឋាន ។

  2. វា​ជា​ផ្នែក​មួយ​នៃ​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ ។

  3. ខ្ញុំ​ចង់​ប្រាស្រ័យ​ទាក់ទង​នឹង​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ។

ខ្ញុំ​តម​អាហារ​ពីព្រោះ ៖

  1. ការតម​អាហារ​ជួយ​ខ្ញុំ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអម្ចាស់ ។

  2. មនុស្ស​ផ្សេងទៀត​នឹង​គិត​ថា ខ្ញុំ​អាក្រក់ បើ​ខ្ញុំ​មិន​ធ្វើ​វា​ទេ ។

  3. ឪពុក​ម្ដាយ​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ញ៉ាំ​ទេ ពេលដែល​ខ្ញុំ​គួរតែ​តម​អាហារ​នោះ ។

នៅក្នុង នីហ្វៃទី3 13 ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​បណ្ដាជន​នីហ្វៃ អំពី​សារៈសំខាន់​នៃ​ការជំរុញ​ទឹកចិត្ត​របស់​មនុស្ស​ម្នាក់ ក្នុង​ការធ្វើទាន អធិស្ឋាន និង តមអាហារ ។ ការឆ្លើយតប​ដែល​មាន​រាយ​នៅក្នុង​ការប៉ាន់​ប្រមាណ​ខ្លួនឯង​នេះ ឆ្លុះ​បញ្ចាំង​ពី​ការជំរុញ​ទឹកចិត្ត​ទាំងឡាយ ដែល​យើង​អាច​មាន​ក្នុង​ការធ្វើ​ការណ៍​ទាំងនេះ ឬ ទង្វើ​នៃ​ការលះបង់​ដ៏​សុចរិត​ផ្សេងៗ​ទៀត ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​មូលហេតុ ដែល​យើង​ធ្វើ​កិច្ចការ​សុចរិត​ទាំងឡាយ សំខាន់​ដែរ​ឬ​ទេ ? ហេតុអ្វី​សំខាន់ ឬ ហេតុអ្វី​មិន​សំខាន់ ?

  2. សូម​ចម្លង​តារាង​ខាងក្រោម​នេះ​ចូល​ទៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ហើយ​បំពេញ​វា​ដោយ​ការអាន​ខគម្ពីរ​យោង​នីមួយៗ ហើយ​ឆ្លើយ​សំណួរ​ទាំងពីរ ។ ពេល​អ្នក​អាន វា​អាច​ជា​ប្រយោជន៍​ក្នុង​ការដឹង​ថា មនុស្ស​លាក់ពុត គឺជា​នរណា​ម្នាក់​ដែល​បំពាក់​ដោយ​ឥរិយាបទ​សុចរិត​ក្លែងក្លាយ ឬ ដែល​និយាយ​ពី​ការណ៍​មួយ ហើយ​ធ្វើ​ការណ៍​មួយ​ផ្សេង​ទៀត ។

    សកម្មភាព

    ពេលដែល​យើង​ធ្វើ​សកម្មភាព​នេះ តើ​ការជំរុញ​ទឹកចិត្ត​អ្វី ដែល​ព្រះអម្ចាស់​បាន​ព្រមាន​ជំទាស់ ?

    តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា យើង​គួរ​ធ្វើ​សកម្មភាព​នេះ​ដោយ​របៀបណា ?

    ធ្វើទាន ( នីហ្វៃទី3 13:1–4 )

    អធិស្ឋាន ( នីហ្វៃទី3 13:5–6 )

    តមអាហារ ( នីហ្វៃទី3 13:16–18 )

សូម​ពិចារណា​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ការជំរុញ​ទឹកចិត្ត​របស់​យើង​ដើម្បី​ធ្វើ​កិច្ចការ​សុចរិត ជះ​ឥទ្ធិពល​យ៉ាងណា​ដល់​របៀប​ដែល​យើង​ធ្វើ​វា ?

  • តើ​ការជំរុញ​ទឹកចិត្ត​ដ៏​សុចរិត​អ្វី​ខ្លះ ដែល​អាច​បំផុស​ឲ្យ​មនុស្ស​ម្នាក់​ធ្វើ​ទាន អធិស្ឋាន ឬ តមអាហារ​ដោយ​សម្ងាត់ ?

ការជំរុញ​ទឹកចិត្ត​ដ៏​សុចរិត​មួយ​ដើម្បី​ធ្វើ​ការណ៍​ទាំងនេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌​សព្វ​ព្រះហឫទ័យ ។ សូមអាន នីហ្វៃទី3 13:4, 6, 18 ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​សន្យា​ដល់​ពួក​អ្នក​ទាំងឡាយ​ដែល​ប្រព្រឹត្ត​ដោយ​សុចរិត​នៅ​ទីសម្ងាត់ ។

គោលការណ៍​សំខាន់​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នៅក្នុង​ខ​ទាំងនេះ​គឺ ៖ បើ​យើង​ប្រព្រឹត្ត​ដោយ​សុចរិត ពីព្រោះ​យើង​ស្រឡាញ់​ព្រះវរបិតាសួគ៌ នោះ​ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​យើង​ដោយ​បើកចំហរ​វិញ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសរ​អំពី​ពេល​ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ថា​មាន​ពរជ័យ ដោយព្រោះ​ការព្យាយាម​ធ្វើ​អ្វី​មួយ ដើម្បី​ធ្វើឲ្យ​ព្រះវរបិតាសួគ៌​សព្វ​ព្រះហឫទ័យ ជាជាង​ឲ្យ​អ្នក​ដទៃ​ឃើញ ។

សូម​រំឭក​ដោយ​សង្ខេប​ពី​ការប៉ាន់​ប្រមាណ​ខ្លួនឯង​របស់​អ្នក​នៅ​ខាងដើម​មេរៀន ហើយ​ធ្វើ​ការវាយ​តម្លៃ​ពី​ការជំរុញ​ទឹកចិត្ត​របស់​អ្នក​ដើម្បី​ធ្វើទាន អធិស្ឋាន និង តមអាហារ ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​ការបង្រៀន​ទាំងឡាយ​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​អភិវឌ្ឍ​ការជំរុញ​ទឹកចិត្ត​របស់​អ្នក​ក្នុង​ការធ្វើ​ការណ៍​ទាំងនេះ ឬ ទង្វើ​នៃ​ការលះបង់​ផ្សេងៗទៀត​សម្រាប់​ព្រះអម្ចាស់ ។

ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​នូវ​ការណែនាំ​បន្ថែម​ទៀត​ដល់​ពួក​សាសន៍​នីហ្វៃ អំពី​ការអធិស្ឋាន ។ សូមអាន នីហ្វៃទី3 13:7 ហើយ​រកមើល​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ពិពណ៌នា​ពី​ឃ្លា​ច្រំដែល ឬ បរិយាយ​យ៉ាង​ល្អិតល្អន់ ដែល​និយាយ​នៅក្នុង​ការអធិស្ឋាន​ដោយ​គ្មាន​ភាពស្មោះត្រង់ ។ ពាក្យ​ឥត​ប្រយោជន៍ មានន័យ​ថា គ្មាន​ខ្លឹមសារ គ្មាន​ការគិត ឬ អារម្មណ៍ ។ ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ អាច​មានន័យ​ផងដែរ​ថា ការនិយាយ​ពាក្យ​ដដែល​ដោយ​គ្មាន​ការគិត ឬ ការអធិស្ឋាន​ដោយ​គ្មាន​សេចក្ដី​ជំនឿ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​ដើម្បី​ចៀសវាង​ពី​ពាក្យ​ឥតប្រយោជន៍​ផ្ទួនៗ​នៅក្នុង​ការអធិស្ឋាន​របស់​យើង​ទៅកាន់​ព្រះវរបិតាសួគ៌ ?

    2. តើ​មាន​អ្វី​ខ្លះ ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ចៀសវាង​ពី​ការនិយាយ​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ​ពេល​អ្នក​អធិស្ឋាន ?

សូមអាន នីហ្វៃទី3 13:8 ហើយ​រកមើល​គោលការណ៍​មួយ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​បន្ទូល​ពី​ព្រះវរបិតាសួគ៌ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ កម្មវត្ថុ​មួយ​នៃ​ការអធិស្ឋាន​របស់​យើង​គឺ « ដើម្បី​ខ្លួន​យើង​ផុត​ពី​គ្រោះភ័យ និង ដើម្បី​បាន​ពរជ័យ​ផ្សេងៗ​ដែល​ព្រះ​មាន​ព្រះបំណង​រួច​ជាស្រេច​ដើម្បី​ប្រទាន ប្រសិន​បើ​យើង​នឹង​សុំ​ទ្រង់​ដោយ​សេចក្ដី​ជំនឿ » ( Bible Dictionary, “Prayer” ) ។

រូបភាព
យុវជន​អធិស្ឋាន

សូមអាន នីហ្វៃទី3 13:9–15 ហើយ​សញ្ជឹង​គិត​ពី​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​រៀន​អំពី​ការអធិស្ឋាន ។ សូម​គិត​ពី​របៀប​នានា ដើម្បី​អភិវឌ្ឍ​ការអធិស្ឋាន​របស់​អ្នក ដោយ​ការ​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​បានរៀន​ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។

នីហ្វៃទី3 13:19–24

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​បណ្ដាជន​ឲ្យ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​នៅ​ស្ថានសួគ៌

តើ​អ្នក​ធ្លាប់​អាន ឬ ធ្លាប់​ឮ​ពី​រឿង​មួយ​អំពី​ទ្រព្យសម្បត្តិ​ដែល​បាត់បង់ ឬ កប់ទុក​ទេ ? ជួនកាល នៅក្នុង​រឿង​ទាំងនេះ អ្នក​ប្រមាញ់​ទ្រព្យសម្បត្តិ​បាន​ទៅដល់​គោលដៅ​របស់​គេ​នៅ​ទីបំផុត ដោយ​គ្រាន់តែ​ដើម្បី​ឃើញ​ថា ទ្រព្យសម្បត្តិ​នោះ​បាត់បង់​ទៅហើយ ឬ ទ្រព្យសម្បត្តិ​នោះ​មិនដែល​មាន​ពិត​នោះ​ទេ ។ សូមអាន នីហ្វៃទី3 13:19–20 ហើយ​រកមើល​ទ្រព្យសម្បត្តិ​ពីរ​យ៉ាង ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ដល់ ។ តើ​ទ្រព្យសម្បត្តិ​ណាមួយ​ដែល​ទ្រង់​មាន​បន្ទូល​ថា តែងតែ​នៅ​ទីនោះ​សម្រាប់​យើង បើ​យើង​ស្វែងរក​វា​នោះ ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្វី​ជា​ភាពខុសគ្នា​រវាង « ទ្រព្យ​សម្បត្តិ​នៅ​ផែនដី » និង « ទ្រព្យ​សម្បត្តិ​នៅឯ​ស្ថានសួគ៌ » ?

    2. ចេញពី​អ្វី​ដែល​អ្នក​រៀន​នៅក្នុង នីហ្វៃទី3 13:21–24 តើ​សេចក្ដី​ពិត​អ្វី​ខ្លះ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​ការស្វែងរក​ទ្រព្យ​សម្បត្តិ​ខាង​លោកិយ និង ទ្រព្យ​សម្បត្តិ​នៅ​ស្ថានសួគ៌ ? ( វា​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ខ​ទាំងនេះ ក្នុង​ការដឹង​ថា​ពាក្យ​ទ្រព្យ​សម្បត្តិ គឺជា​ពាក្យ​សម្រាប់​ភាពខាង​លោកិយ ឬ ភាពស្ដុកស្ដម្ភ ) ។

    3. តើ​ការស្វែងរក​ទ្រព្យ​សម្បត្តិ​នៅ​ផែនដី អាច​បង្អាក់​យើង​ពី​ការស្វែងរក​ទ្រព្យ​សម្បត្តិ​នៅ​ស្ថានសួគ៌​យ៉ាង​ដូច​ម្ដេច​ដែរ ?

ព្រះអង្គ​សង្គ្រោះ​ពុំ​បាន​បង្រៀន​ថា លុយកាក់ ឬ ទ្រព្យ​សម្បត្តិ​ខាង​លោកិយ​គឺ​អាក្រក់​នោះទេ ។ ប៉ុន្តែ​ទ្រង់​ពិតជា​បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ការដាក់​ដួងចិត្ត​របស់​យើង​ទៅលើ​ទ្រព្យ​សម្បត្តិ​នៅ​ស្ថានសួគ៌ ដែល​នឹង​នៅ​រហូត ហើយ​ពុំ​មែន​ទៅលើ​ភាពមាន​បាន​ខាង​លោកិយ​នោះទេ ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញពី នីហ្វៃទី3 13:19–24 គឺ ៖ ដើម្បី​មាន​ព្រះ​ជា​គ្រូ​របស់​យើង យើង​ត្រូវតែ​ស្រឡាញ់ និង បម្រើ​ទ្រង់ លើស​អស់​ទាំង​អ្វីៗ​នៅ​លើ​លោក​នេះ ។

តើ​អ្វី​ខ្លះ​ដែល​អាច​ជា​គំរូ​នៃ​ការព្យាយាម​បម្រើ​ព្រះ និង បម្រើ​ទ្រព្យ​សម្បត្តិ​នៅក្នុង​ពេល​តែ​មួយ ? ហេតុអ្វី​វា​អាច​ជា​ការពិបាក ក្នុង​ការស្រឡាញ់ និង បម្រើ​ព្រះ​ជានិច្ច ជំនួស​ឲ្យ​របស់​ខាង​លោកិយ​នោះ ? ហេតុអ្វី​ការដាក់​ព្រះ​ជា​មុន មាន​តម្លៃ​សម​នឹង​ការខិតខំ​នោះ ?

  1. សូម​អាន​គំរូ​ខាងក្រោម​នេះ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ចង្អុល​បង្ហាញ​ថា​ចៅហ្វាយ​ណាមួយ​ដែល​អ្នក​គិត​ថា មនុស្ស​នោះ​កំពុង​បម្រើ ៖ ព្រះ ឬ ទ្រព្យ​សម្បត្តិ ( ភាពខាង​លោកិយ ) ។

    1. យុវជន​ម្នាក់​ពុំ​ព្រម​ទទួល​ការងារ​មួយ ដែល​តម្រូវ​ឲ្យ​គេ​ខកខាន​ការប្រជុំ​ថ្ងៃ​អាទិត្យ ហើយ​បាន​ជ្រើសរើស​ការងារ​មួយ​ដែល​ទទួល​បាន​ប្រាក់ខែ​តិចជាង​វិញ ដែល​មិន​តម្រូវ​ឲ្យ​គេ​ធ្វើការ​នៅ​ថ្ងៃ​អាទិត្យ ។

    2. យុវនារី​ម្នាក់​រអ៊ូរទាំ​ជាញឹកញាប់ ទៅកាន់​ឪពុក​ម្ដាយ​នាង​ពី​ការចង់​មាន​សម្លៀក​បំពាក់​ថ្មីៗ ។ សម្លៀក​បំពាក់​ដែល​នាង​ចង់បាន មាន​តម្លៃ​ថ្លៃ​ជាង​អ្វី​ដែល​គ្រួសារ​នាង​អាច​លៃលក​ទិញ​បាន ។

    3. យុវជន​ម្នាក់​បង់​ដង្វាយ​មួយ​ភាគ​ដប់​របស់​គេ​ជា​ទៀងទាត់ ជាមួយ​នឹង​លុយ​ដែល​គេ​ទទួល​បាន​ពី​ការងារ​គេ ។ ប៉ុន្តែ​គេ​ប្រើប្រាស់​ចំណូល​ដែល​នៅ​សល់​ដើម្បី​ទិញ​គ្រឿង​កម្សាន្ត​នានា រួមទាំង​កុន និង ចម្រៀង​ដែល​មិន​សមរម្យ​ផងដែរ ហើយ​មិន​បាន​សន្សំ​លុយ​ទុក​បង់​សម្រាប់​បេសកកម្ម ឬ ការអប់រំ​ឡើយ ។

    4. យុវនារី​ម្នាក់​ប្រើប្រាស់​ចំណូល​របស់​នាង​ជាញឹកញាប់ ដើម្បី​ទិញ​អំណោយ​តូចៗ ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​នាង​ចំពោះ​អ្នក​ផ្សេង​ទៀត ។

នីហ្វៃទី3 13:25–34

ព្រះអង្គ​សង្គ្រោះ​ណែនាំ​ពួក​សិស្ស​ទាំង​ដប់ពីរ​នាក់ ឲ្យ​ស្វែងរក​នគរ​នៃ​ព្រះ​ជាមុន​សិន មុននឹង​ខ្វល់ខ្វាយ​ពី​កង្វល់​ខាង​សាច់ឈាម​របស់​ពួកគេ​ផ្ទាល់

រូបភាព
សាសន៍​នីហ្វៃ​ទាំងបី​នាក់

ពេល​ពួកគេ​បាន​ទៅ​ធ្វើ​ការបម្រើ​ក្នុង​ចំណោម​ប្រជាជន ព្រះយេស៊ូវគ្រីស្ទ​បាន​ណែនាំ​ពួក​សិស្ស​សាសន៍​នីហ្វៃ​ទាំង​ដប់ពីរ​របស់​ទ្រង់​ថា កុំ​ឲ្យ​ព្រួយ​បារម្ភ​ពី​សេចក្ដី​ត្រូវការ​ខាង​សាច់ឈាម​របស់​គេ ដូចជា​អាហារ និង សម្លៀក​បំពាក់ ( សូមមើល នីហ្វៃទី3 13:25–31 ) ។ សូមអាន នីហ្វៃទី3 13:32–33 ហើយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​ដល់​ពួក​សិស្ស​របស់​ទ្រង់ ទាក់ទង​នឹង​សេចក្ដី​ត្រូវការ​ខាង​សាច់ឈាម​របស់​គេ ។ តើ​ទ្រង់​បាន​សន្យា​អ្វី​ខ្លះ ដល់​អ្នក​ទាំងឡាយ​ដែល​ដាក់​ព្រះ និង នគរ​របស់​ទ្រង់​ជាមុន​នៅក្នុង​ជីវិត​គេ ?

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញពី​ខ​ទាំងនេះ​អាចជា ៖ បើ​យើង​ស្វែងរក​នគរ​ព្រះ​ជាមុន​សិន នោះ​ទ្រង់​នឹង​ជួយ​យើង​ផ្គត់ផ្គង់​ដល់​សេចក្ដី​ត្រូវការ​របស់​យើង ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មនុស្ស​ម្នាក់ « ស្វែងរក​នគរ​នៃ​ព្រះ … ជាមុនសិន » ដោយ​របៀប​ណា​ដែរ ? ( នីហ្វៃទី3 13:33 ) ។

    2. តើ​ព្រះអម្ចាស់​បាន​មើល​ការខុសត្រូវ​ចំពោះ​សេចក្ដី​ត្រូវការ​របស់​អ្នក​ដោយ​របៀប​ណា ពេលដែល​អ្នក​ទុក​ទ្រង់​ជាមុន​សិន​នៅក្នុង​ជីវិត​អ្នក ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានថ្លែង​ទីបន្ទាល់​ពី​ពរជ័យ​ទាំងឡាយ​ដែល​បានមក​ពី​ការទុក​ព្រះ​ជាមុន​សិន នៅក្នុង​ជីវិត​យើង ( អ្នក​អាច​នឹង​ចង់​សរសេរ​ការដកស្រង់​នេះ នៅលើ​ក្រដាស​មួយ ហើយ​រក្សា​វា​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ដើម្បី​រំឭក​វា ឬ ចែកចាយ​វា​នៅ​ពេល​ខាងមុខ​ទៀត ) ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ពេល​យើង​ទុក​ព្រះ​ជាមុន នោះ​អ្វីៗ​ទាំងអស់​ផ្សេងទៀត​ចូល​ទៅក្នុង​កន្លែង​ត្រឹមត្រូវ​របស់​វា ឬ ក៏​ចេញ​ពី​ជីវិត​យើង » ។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់​ត្រូវបាន​បង្ហាញ​ដោយ​មនោសញ្ជេតនា​របស់​យើង ដោយ​របៀប​ដែល​យើង​ចំណាយ​ពេលវេលា​របស់​យើង ចំណូលចិត្ត​ដែល​យើង​តាមរក និង លំដាប់​លំដោយ​នៃ​អាទិភាព​របស់​យើង ។ …

« យើង​គប្បី​ថ្វាយ​ដល់​ព្រះ ជា​ព្រះវរបិតា​នៃ​វិញ្ញាណ​របស់​យើង នូវ​អ្វី​ដែល​ខ្ពស់​បំផុត​នៅក្នុង​ជីវិត​យើង » ( “The Great Commandment—Love the Lord” Ensign ខែ ឧសភា ឆ្នាំ 1988 ទំព័រ 4–5 ) ។

សូម​សញ្ជឹងគិត​ពី​របៀប​ដែល​អ្នក ឬ អ្នក​ទាំងឡាយ​ដែល​អ្នក​ស្គាល់ ត្រូវបាន​ប្រទានពរ​ដោយព្រោះ​ការទុក​ព្រះ​ជាមុន​នៅក្នុង​ជីវិត​អ្នក ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី3 13 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖