ថ្នាក់​សិក្ខាសាលា
មេរៀនទី 19 ៖ ថ្ងៃទី 4 អាលម៉ា 38


មេរៀនទី 19 ៖ ថ្ងៃទី 4

អាលម៉ា 38

សេចក្តីផ្ដើម

ស៊ីបឡុន កូនប្រុស​របស់​អាលម៉ា បាន​បម្រើ​ជាមួយ​លោក​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ទៅកាន់​ពួក​សាសន៍​សូរាំ ។ បន្ទាប់​ពី​បេសកកម្ម​របស់​លោក អាលម៉ា​បាន​បង្ហាញ​ពី​សេចក្ដី​អំណរ​ចំពោះ​ភាពខ្ជាប់ខ្ជួន និង ភាពស្មោះត្រង់ ដែល​ស៊ីបឡុន​បាន​បង្ហាញ ​ខណៈដែល​ទទួល​រងទុក្ខ​នូវ​​ការបៀតបៀនក្នុង​ចំណោម​ពួក​សាសន៍សូរាំ ។ អាលម៉ា​បាន​ថ្លែង​ទីបន្ទាល់​ចំពោះ​ស៊ីបឡុន​អំពី​អំណាច​ដោះលែង​របស់​ព្រះយេស៊ូវគ្រីស្ទ និង បានទូន្មាន​គាត់​ឲ្យ​បន្ត​បង្រៀន​ដំណឹងល្អ ។

អាលម៉ា 38:1–3

អាលម៉ា​បង្ហាញ​សេចក្ដី​អំណរ​ចំពោះ​ភាពស្មោះត្រង់​របស់​ស៊ីបឡុន

សូម​យក​ពេល​មួយ​នាទី​គិត​ពី​ពេល​មួយ ដែល​ឪពុកម្ដាយ​អ្នក​មាន​អារម្មណ៍​នៃ​សេចក្ដី​អំណរ ដោយសារ​តែ​ការសម្រេច​ចិត្ត​ដ៏​ល្អ​ដែល​អ្នក ឬ សមាជិក​គ្រួសារ​ផ្សេងទៀត​បាន​ធ្វើ ឬ ដោយសារ​របៀប​ដែល​អ្នក​រស់នៅ ។

រូបភាព
ក្រុមគ្រួសារ​នៅឯ​តុ​អាហារ​ពេលល្ងាច

សូមអាន អាលម៉ា 38:1–3 ហើយ​រកមើល​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​របៀប​ដែល​អាលម៉ា​បាន​មាន​អារម្មណ៍​ចំពោះ​ស៊ីបឡុន និង មូលហេតុ ។ សូម​សរសេរ​ឃ្លា​មួយ​ចំនួន​ដែល​អ្នក​រកឃើញ ៖

ចេញ​ពី​ខ​ទាំងនេះ យើង​រៀន​ពី​គោលការណ៍​នេះ ៖ ខណៈដែល​យើង​ចាប់ផ្ដើម​ខ្ជាប់ខ្ជួន និង ស្មោះត្រង់​ក្នុង​ភាពយុវវ័យ​របស់​យើង ក្នុង​ការរក្សា​នូវ​បទបញ្ញត្តិ​ទាំងឡាយ នោះ​យើង​នាំមក​នូវ​សេចក្ដី​អំណរ​យ៉ាង​ធំធេង​ដល់​ឪពុកម្ដាយ​យើង ។

  1. យក​ពេល​មួយ​ស្របក់​ដើម្បី​សួរ​ដល់​ឪពុក ឬ ម្ដាយ​អ្នក អាណាព្យាបាល ឬ អ្នក​ដឹកនាំ​សាសនាចក្រ​អ្នក ថាតើ​ការសម្រេច​ចិត្ត​ដ៏​ល្អ​របស់​អ្នក​មាន​ឥទ្ធិពល​ចំពោះ​គាត់​យ៉ាងណា​ដែរ ។ សូម​សរសេរ​ចម្លើយ​របស់​គាត់​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

អាលម៉ា 38:4–9

អាលម៉ា​ថ្លែង​ទីបន្ទាល់​ពី​អំណាច​ក្នុង​ការដោះលែង​របស់​ព្រះអង្គ​សង្គ្រោះ

អាលម៉ា​បាន​រំឭក​ស៊ីបឡុន​ថា ពួកលោក​ទាំងពីរ​នាក់​បាន​ទទួល​បទពិសោធន៍​ពី​អំណាច​នៃ​ការដោះលែង​របស់​ព្រះអង្គ​សង្គ្រោះ ថ្វីបើ​តាម​របៀប​ខុស​គ្នា​ក៏​ដោយ ។ សូមអាន អាលម៉ា 38:4–8 ហើយ​បំពេញ​តារាង​ខាងក្រោម​នេះ ។ សូម​ប្រើប្រាស់​ផងដែរ​នូវ​អ្វី​ដែល​អ្នក​ដឹង​អំពី​ស៊ីបឡុន​ចេញពី អាលម៉ា 38:2–3 និង អ្វី​ដែល​អ្នក​​បាន​រៀន​អំពី​អាលម៉ា​ចេញពី​ជំពូក​ផ្សេងៗ​ទៀត​នៅក្នុង​ព្រះគម្ពីរ​មរមន ដើម្បី​ជួយ​អ្នក​បំពេញ​តារាង​នេះ ។

ស៊ីបឡុន ( អាលម៉ា 38:2–5 )

អាលម៉ា ( អាលម៉ា 38:6–8 )

តើ​លោក​ត្រូវបាន​ដោះលែង​ចេញពី​អ្វី ?

តើ​លោក​បានទទួល​ពរជ័យ​នៃ​ការដោះលែង​ដោយ​របៀប​ណា ?

ចេញពី​បទពិសោធន៍​របស់​ស៊ីបឡុន យើង​រៀន​ថា ៖ បើ​យើង​ទ្រាំទ្រ​នូវ​គ្រប់​ការណ៍​ទាំងអស់ ជាមួយ​នឹង​សេចក្ដី​អត់ធ្មត់ និង សេចក្ដី​ទុកចិត្ត​លើ​ព្រះ នោះ​ទ្រង់​នឹង​ដោះលែង​យើង​ចេញពី​ការលំបាក បញ្ហា និង ទុក្ខវេទនា​ទាំងឡាយ ហើយ​លើក​យើង​ឡើង​នៅថ្ងៃ​ចុងក្រោយ ។ ចេញពី​បទពិសោធន៍​របស់​អាលម៉ា យើង​រៀន​ថា ៖ ដើម្បី​ទទួលបាន​នូវ​ការផ្ដាច់​បាប​របស់​យើង និង រកឃើញ​នូវ​សេចក្ដី​សុខសាន្ត​​ដល់​ព្រលឹង​យើង យើង​ត្រូវតែ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ស្វែងរក​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ ។

រូបភាព
រូបចម្លាក់​ព្រះគ្រីស្ទ
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​រៀន​អ្វីខ្លះ ចេញពី​ដំណើរ​រឿង​របស់​ស៊ីបឡុន និង អាលម៉ា អំពី​អំណាច​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការដោះលែង​អ្នក ?

    2. សូម​ជ្រើសរើស​គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​ទាំងឡាយ ដែល​បង្ហាញ​ជា​អក្សរ​ដិត​នៅក្នុង​កថាខណ្ឌ​ពីមុន ហើយ​សរសេរ​ប្រយោគ​ពីរបី​អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​គោលការណ៍​នោះ​នៅក្នុង​ជីវិត​អ្នក ។

សូមអាន អាលម៉ា 38:9 ហើយ​រកមើល​អ្វី​ដែល​អាលម៉ា​ចង់​ឲ្យ​ស៊ីបឡុន​រៀន ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ឃ្លា​មួយ​នៅក្នុង​ខ​នេះ ដែល​អ្នក​មាន​អារម្មណ៍​ថា​វា​សង្ខេប​នូវ​អ្វី​ដែល​អាលម៉ា​ចង់​ឲ្យ​កូនប្រុស​លោក​បានយល់ ។

សូម​គិត​ពី​ពេល​មួយ​ដែល​អំណាច​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ដោះលែង​អ្នក​ចេញពី​ការលំបាក បញ្ហា ឬ ភាពមិន​សក្ដិសម​របស់​អ្នក ។ តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ស្វែងរក​ការដោះលែង​នោះ ? តើ​អ្នក​មាន​ការលំបាក ឬ អំពើ​បាប​នៅក្នុង​ជីវិត​របស់​អ្នក​ឥឡូវ​នេះ​ទេ ? តើ​អ្នក​អាច​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ​ដើម្បី​បាន​ការដោះលែង​ដោយ​របៀបណា ?

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​សម្រាប់​អ្នក ដើម្បី​ដឹង​ថា មាន « ផ្លូវ ឬ មធ្យោបាយ » តែ​មួយ​គត់​ដែល​អ្នក​អាច​បាន​សង្គ្រោះ គឺ​តាម​រយៈ​ព្រះអង្គ​សង្គ្រោះ ? ( សូមមើល អាលម៉ា 38:9 ) ។

អាលម៉ា 38:10–15

អាលម៉ា​ទូន្មាន​ស៊ីបឡុន​ឲ្យ​បន្ត​អភិវឌ្ឍ​លក្ខណៈ​សុចរិត

សូម​គិត​ពី​គ្រូ ឬ អ្នក​ដឹកនាំ​សាសនាចក្រ​ម្នាក់ ដែល​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ជីវិត​អ្នក ។ សូម​គិត​ពី​លក្ខណៈ​សម្បត្តិ​ទាំងឡាយ​ដែល​បុគ្គល​នោះ​មាន​ដែល​អ្នក​កោត​សរសើរ ។

ដូច​ដែល​មាន​កត់ត្រា​នៅក្នុង អាលម៉ា 38:10–15 អាលម៉ា​បាន​លើក​ទឹកចិត្ត​ដល់​ស៊ីបឡុន​ឲ្យ​បន្ត​អភិវឌ្ឍ​លក្ខណៈ​សម្បត្តិ​ទាំងឡាយ ដែល​នឹង​ជួយ​គាត់​ពេល​ដែល​គាត់​បន្ត​បង្រៀន​ដំណឹងល្អ និង បម្រើ​អ្នក​ដទៃ​ទៀត ។ ដំបូន្មាន​ដែល​អាលម៉ា​បានផ្ដល់​ដល់​ស៊ីបឡុន អាច​អនុវត្ត​បាន​ចំពោះ​មនុស្ស​គ្រប់គ្នា ដែល​ចង់​ជះ​ឥទ្ធិពល​ល្អ​ដល់​អ្នក​ដទៃ​ទៀត តាមរយៈ​ការបម្រើ ការបង្រៀន និង តាម​របៀប​ផ្សេងៗ​ទៀត ។ សូម​សិក្សា អាលម៉ា 38:10–15 ហើយ​រកមើល​ដំបូន្មាន​ណា​ក៏​ដោយ​ដែល​អ្នក​មាន​អារម្មណ៍​ថា អាច​ជា​ប្រយោជន៍​យ៉ាង​ពិសេស​សម្រាប់​អ្នក ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

  1. ខាងក្រោម​នេះ​គឺជា​សេចក្ដី​ណែនាំ​ការសិក្សា ដើម្បី​ជួយ​អ្នក​យល់​កាន់តែ​ច្បាស់ និង អនុវត្ត​ដំបូន្មាន​របស់​អាលម៉ា​ដែល​បាន​ផ្ដល់​ដល់​ស៊ីបឡុន​កូនប្រុស​លោក ( សូមមើល អាលម៉ា 38:10–15 ) ។ សូម​ជ្រើសរើស​ចេញ​ពី​កូឡោន​ខាង​ឆ្វេង នូវ​ដំបូន្មាន​របស់​អាលម៉ា​ពីរ ឬ បី​ផ្នែក ដែល​អ្នក​មាន​អារម្មណ៍​ថា នឹង​មាន​តម្លៃ​បំផុត​ចំពោះ​អ្នក ។ សូម​បញ្ចប់​នូវ​សកម្មភាព​សម្រាប់​រៀនសូត្រ​ដែល​ទាក់ទង នៅក្នុង​កូឡោន​ខាង​ស្ដាំ ។ សូម​សរសេរ​ការឆ្លើយតប​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

    អាលម៉ា 38:10–12 សេចក្ដី​ណែនាំ​ការសិក្សា

    ដំបូន្មាន​របស់​អាលម៉ា

    សកម្មភាព​សម្រាប់​រៀនសូត្រ

    « មាន​ការព្យាយាម ហើយ​ចេះ​ទប់ចិត្ត​ក្នុង​គ្រប់​ការណ៍​ទាំងអស់ » ( អាលម៉ា 38:10 ) ។

    មនុស្ស​ម្នាក់​ដែល​ឧស្សាហ៍​ព្យាយាម ដាក់​នូវ​ការ​ប្រឹងប្រែង​ដ៏​ខ្ជាប់ខ្ជួន និង ស្វាហាប់​ក្នុង​សកម្មភាព​ទាំងឡាយ​ក្នុង​ជីវិត​គេ ។ មនុស្ស​ម្នាក់​ដែល​ចេះទប់ចិត្ត ប្រើប្រាស់​នូវ​ការចេះ​ប្រមាណ​នៅក្នុង​គ្រប់​ការណ៍​ទាំងអស់ ហើយ​អនុវត្ត​នូវ​ការចេះ​គ្រប់គ្រប់​ខ្លួន​ឯង ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​មូលហេតុ​ដែល​លក្ខណៈ​សម្បត្តិ​ទាំងពីរ​នេះ ជា​តម្រូវការ​ក្នុង​ការបម្រើ​អ្នក​ដទៃ​ទៀត ។ សូម​សរសេរ ថាតើ​អ្នក​អាច​មាន​ភាពឧស្សាហ៍​ព្យាយាម ឬ មាន​ការចេះទប់​ចិត្ត​កាន់តែ​ច្រើន​ជាង​មុន​ដោយ​របៀប​ណា នៅក្នុង​ចំណុច​មួយ ឬ ច្រើន​នៃ​ជីវិត​អ្នក ហើយ​ថាតើ​ការធ្វើ​ដូច្នោះ​អាច​ជួយ​អ្នក​ឲ្យ​បម្រើ​អ្នក​ដទៃ​ទៀត​ដោយ​ប្រសិទ្ធភាព​ដោយ​របៀប​ណា​ដែរ ។

    « ប្រយ័ត្ន​កុំ​លើក​ខ្លួន​ឡើង​ទៅជា​ឆ្មើងឆ្មៃ មែនហើយ​ចូរ​ឲ្យ​ឃើញ​ថា កូន​មិន​អួតអាង » ( អាលម៉ា 38:11 ) ។

    ពាក្យ​ឆ្មើងឆ្មៃ នៅក្នុង​ព្រះគម្ពីរ គឺ​ពេល​ដែល​មនុស្ស​ម្នាក់​ដាក់​សេចក្ដី​ទុកចិត្ត​លើ​ខ្លួន​ឯង ជាង​លើ​ព្រះ ។ វា​ក៏​មានន័យ​ថា មនុស្ស​ម្នាក់​គិត​ថា ខ្លួនគាត់​អស្ចារ្យ​ជាង​អ្នក​ដទៃ ។ អ្វី​ដែល​ផ្ទុយ​ទៅនឹង​ភាពឆ្មើងឆ្មៃ​ដ៏​មិន​សុចរិត​នេះ​គឺ ភាពរាបទាប ។ ពួក​អ្នក​ដែល​បន្ទាបខ្លួន ព្យាយាម​គិត​ពី​អ្នក​ដទៃ​ទៀត​ក្នុង​របៀប​ដូច​គ្នា​ដែល​ពួកគេ​គិត​ពី​ខ្លួន​គេ​ផ្ទាល់ ហើយ​ពួកគេ​ស្រឡាញ់​ព្រះ និង ទុក​ទ្រង់​ជា​ទីមួយ​ក្នុង​ជីវិត​គេ ។ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​អ្វី​ដែល​អាច​កើតឡើង ប្រសិនបើ​សមាជិក​សាសនាចក្រ​ម្នាក់​ឆ្មើងឆ្មៃ ហើយ​អួតអាង​ក្នុង​ការហៅ​បម្រើ​របស់​គាត់ ។ សូម​គិត​ពី​ការហៅ​បម្រី​របស់​អ្នក​ក្នុង​សាសនាចក្រ ឬ ឱកាស​ផ្សេងទៀត​ដែល​អ្នក​មាន​ដើម្បី​បម្រើ ។ សូម​សរសេរ​របៀប​មួយ ឬ ពីរ ដែល​អ្នក​នឹង​ព្យាយាម​ដើម្បី​បន្ទាប​ខ្លួន និង ចៀសវាង​ពី​ភាពឆ្មើងឆ្មៃ ឬ អួតអាង ពេលដែល​អ្នក​ធ្វើ​ការបម្រើ ។

    « ចូរ​ប្រើ​សេចក្ដី​ក្លាហាន ប៉ុន្តែ​កុំ​កោងកាច » ( អាលម៉ា 38:12 ) ។

    ដើម្បី​ក្លាហាន គឺ​មានន័យ​ថា មាន​ទំនុកចិត្ត​ថា ព្រះ​គង់​នៅ​ជាមួយ​យើង ហើយ​អាច​ជួយ​យើង​ឲ្យ​ធ្វើ​កិច្ចការ​ដោយ​ពុំ​មាន​ភ័យខ្លាច​នៅក្នុង​ការងារ​បម្រើ​ទ្រង់ ។ កោងកាច អាច​មានន័យ​ថា ដាក់​ការជឿ ឬ អាកប្បកិរិយា​របស់​យើង​បង្ខំ​​អ្នក​ដទៃ​ទៀត ដោយ​ពុំមាន​ការគិតគូរ​ចំពោះ​សេចក្ដី​ត្រូវការ និង អារម្មណ៍​របស់​គេ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​មូលហេតុ​ដែល​អ្នក​គិត​ថា ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ក្លាហាន ។ សូម​កត់ត្រា​ផងដែរ​នូវ​របៀប​ជាក់លាក់​មួយ ដែល​អ្នក​អាច​អនុវត្ត​ដំបូន្មាន​នេះ ដើម្បី​ប្រើ​ភាពក្លាហាន ប៉ុន្តែ​ពុំ​កោងកាច ពេល​អ្នក​ព្យាយាម​បម្រើ​អ្នក​ដទៃ​ទៀត ។

    « ទប់​អស់​ទាំង​តណ្ហា​របស់​កូន » ( អាលម៉ា 38:12 ) ។

    ទប់​មានន័យ​ថា ដឹកនាំ ឬ គ្រប់គ្រង ។ តណ្ហា​គឺជា​អារម្មណ៍​ដ៏​ខ្លាំងក្លា​មួយ ។ សូម​ពិចារណា​លើ​សំណួរ​តទៅ​នេះ ហើយ​កត់ត្រា​ចម្លើយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​សម្រាប់​យើង ដើម្បី​ទប់​តណ្ហា​របស់​យើង—និយាយ​ម្យ៉ាង​ទៀត​គឺ​ថា ដើម្បី​ដឹកនាំ និង គ្រប់គ្រប់​អារម្មណ៍​ដ៏​ខ្លាំងក្លា​របស់​យើង ? តើ​អ្នក​គិត​ថា ការទប់​តណ្ហា​របស់​អ្នក អាច​ជួយ​អ្នក​ឲ្យ​បាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​យ៉ាងណា​ដែរ ? តើ​អ្នក​នឹង​ធ្វើ​អ្វី ដើម្បី​ធ្វើ​តាម​ដំបូន្មាន​របស់​អាលម៉ា ក្នុង​ការទប់​អស់​ទាំង​តណ្ហា​របស់​អ្នក ?

    « ទប់​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ក្នុង​ការខ្ជិល​ច្រអូស » ( អាលម៉ា 38:12 ) ។

    សូម​រកមើល​ពាក្យ « Idle, Idleness » នៅក្នុង Guide to the Scripturesscriptures.lds.org ) ឬ « Idleness, Idle, Idler » នៅក្នុង Topical Guide ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​អត្ថន័យ​របស់​ការខ្ជិល​ច្រអូស ។ សូម​ជ្រើសរើស​ខ​ពីរ​ចេញពី​ខ​ទាំងឡាយ​ដែល​មាន​រាយ​នៅ​ខាងក្រោម​ប្រធានបទ ហើយ​សិក្សា​ខ​ទាំង​នោះ ។ សូម​កត់ត្រា​នូវ​អ្វី​ដែល​អ្នក​រៀន​ពី​ខ​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សរសេរ​ថាតើ​ដំបូន្មាន​ឲ្យ​ទប់​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ទៅក្នុង​ការខ្ជិល​ច្រអូស នឹង​ជួយ​អ្នក​ឲ្យ​បម្រើ​អ្នក​ដទៃ​ទៀត​កាន់តែ​មាន​ប្រសិទ្ធភាព​យ៉ាងណា​ដែរ ។ នៅ​ទីបញ្ចប់ សូម​សរសេរ​របៀប​ជាក់លាក់​មួយ​ដែល​អ្នក​នឹង​ព្យាយាម​ដើម្បី​ទប់​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ទៅក្នុង​ភាពខ្ជិល​ច្រអូស ។

ដំបូន្មាន​របស់​អាលម៉ា​ទៅដល់​ស៊ីបឡុន នៅក្នុង អាលម៉ា 38:10–15 បង្រៀន​នូវ​គោលការណ៍​នេះ ៖ ការអភិវឌ្ឍ​នូវ​លក្ខណៈ​សម្បត្តិ​សុចរិត រៀបចំ​យើង​ឲ្យ​បង្រៀន និង បម្រើ​អ្នក​ដទៃ​ទៀត ។ សូម​ពិចារណា​ថា តើ​ការអភិវឌ្ឍ​នូវ​លក្ខណៈ​សម្បត្តិ​សុចរិត ដែល​អ្នក​បាន​អាន​នៅក្នុង អាលម៉ា 38 អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​អ្នក និង ជីវិត​នៃ​អ្នក​ដែល​នៅ​ជុំ​វិញ​អ្នក​យ៉ាងណា​ដែរ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 38 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖