មេរៀនទី 6 ៖ ថ្ងៃទី 1
នីហ្វៃទី 2 4–5
សេចក្ដីផ្ដើម
នៅក្នុង នីហ្វៃទី 2 4 អ្នកនឹងអានពីរបៀបដែលលីហៃបានហៅកូនចៅរបស់លោកឲ្យជួបជុំគ្នា ដើម្បីផ្តល់ការទូន្មាន និង ពរជ័យចុងក្រោយរបស់លោកពីមុនលោកស្លាប់ ។ បន្ទាប់ពីការស្លាប់របស់លីហៃ នោះលេមិន និង លេមយួលបានខឹងជាមួយនីហ្វៃ ដោយសារតែការប្រៀនប្រដៅពួកគេអំពី « សេចក្តីដាស់តឿនរបស់ព្រះអម្ចាស់ » ( សូមមើល នីហ្វៃទី 2 4:13–14 ) ។ដោយព្រួយបារម្ភពីអាកប្បកិរិយា និង សកម្មភាពរបស់បងៗលោក និង ដោយភាពទន់ខ្សោយ និង អំពើបាបខ្លួនលោកផង នោះនីហ្វៃបានកត់ត្រាទុកនូវអារម្មណ៍របស់លោក ជាពាក្យពេចន៍ដែលផុសចេញពីចិត្ត និង បែបជាកំណាព្យ ( សូមមើល នីហ្វៃទី 2 4:15–35 ) ។ដូចដែលមានកត់ត្រាទុកនៅក្នុង នីហ្វៃទី 2 5 ព្រះអម្ចាស់បានព្រមាននីហ្វៃ និង អ្នកទាំងឡាយណាដែលគាំទ្រលោក ឲ្យភៀសខ្លួនចេញពីលេមិន លេមយួល និង ពួកកូនប្រុសរបស់អ៊ីសម៉ាអែល ។បន្ទាប់ពីការបែកចេញនេះ នោះសាសន៍នីហ្វៃបានរស់នៅក្នុងសេចក្ដីសុចរិត និង សុភមង្គល ខណៈដែលអ្នកទាំងឡាយណាដែលនៅជាមួយនឹងលេមិន និង លេមយួលបានផ្ដាច់ខ្លួនពួកគេខាងវិញ្ញាណចេញពីព្រះអម្ចាស់ ។ ភក្តីភាពរបស់នីហ្វៃចំពោះព្រះអម្ចាស់បានពង្រឹងលោកឲ្យយកឈ្នះលើអំពើបាប និង ការបាក់ទឹកចិត្ត ។ បន្ទាប់មក នីហ្វៃបានកត់ត្រាទុកពីរបៀបដែលលោក និង ប្រជាជនរបស់លោក « បានរស់នៅតាមរបៀបនៃ សុភមង្គល » ( នីហ្វៃទី 2 5:27 ) ។
នីហ្វៃទី 2 4:3–11
លីហៃទូន្មាន និង ឲ្យពរដល់គ្រួសាររបស់លោក
សូមគិតដល់ពេលមួយដែលអ្នកទទួលដំបូន្មាន ឬ ការណែនាំពីឪពុកម្តាយ ឬ អ្នកដឹកនាំរបស់អ្នក ។ តើអ្នកបានធ្វើតាមការណែនាំនោះដែរឬទេ ? តើហេតុអ្វីបានជាអ្នកធ្វើតាម ឬ មិនធ្វើតាមកាណែនាំនោះ ? តើអ្នកមានការសោកស្តាយដែរឬទេ ? នៅក្នុង នីហ្វៃទី 2 4:1–11 នីហ្វៃបានកត់ត្រាទុកដំទូន្មាន និងពរជ័យចុងក្រោយរបស់លីហៃសម្រាប់គ្រួសាររបស់លោក ។ សូមអាន នីហ្វៃទី 2 4:4–5 ហើយរកមើលដំបូន្មានដែលលីហៃបានផុ្ដល់ដល់កូនចៅរបស់លោក ហើយដែលវាក៏អាចអនុវត្តចំពោះអ្នកផងដែរ ។ តើឪពុកម្តាយ សមាជិកគ្រួសារ ឬ អ្នកដឹកនាំរបស់អ្នកធ្លាប់ផ្តល់ដំបូន្មានស្រដៀងគ្នានេះដល់អ្នកដែរឬទេ ?
-
សូមធ្វើបញ្ជីមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកស្តីពីពរជ័យទាំងឡាយដែលបានកើតមានក្នុងជីវិតរបស់អ្នក មកពីការស្តាប់តាមដំបូន្មានរបស់អ្នកទាំងឡាយដែលខ្វល់ខ្វាយពីអ្នក ។ តើពរជ័យអ្វីខ្លះដែលបានមកពីការគោរពប្រតិបត្តិចំពោះបទបញ្ញត្តិរបស់ព្រះអម្ចាស់ ?
នីហ្វៃទី 2 4:12–35
នីហ្វៃបង្ហាញការទុកចិត្តរបស់លោកលើព្រះអម្ចាស់ ហើយទទួលស្គាល់ភាពទន់ខ្សោយរបស់លោក
នៅក្នុង នីហ្វៃទី 2 4:12–35 នីហ្វៃបានសរសេរ « រឿងទាំងឡាយនៃព្រលឹង [ របស់លោក ] » ( នីហ្វៃទី 2 4:15 ) ។សូមអាន នីហ្វៃទី 2 4:15–16 ហើយរកមើលថានីហ្វៃត្រេកអរចំពោះអ្វី ។
សូមគិតអំពីការណ៍ដ៏ល្អត្រឹមត្រូវទាំងឡាយ ដែលនាំសេចក្តីអំណរអស្ចារ្យមកដល់អ្នក ។សូមបំពេញឃ្លាដូចតទៅនេះជាមួយនឹងចម្លើយមួយចំនួន ៖ ព្រលឹងខ្ញុំត្រេកអរចំពោះ .
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើអ្នកគិតថា ការត្រេកអរក្នុងរឿងទាំងឡាយរបស់ព្រះអម្ចាស់ មានន័យយ៉ាងណា ។
នីហ្វៃបានរៀបរាប់ថា « ចិត្តរបស់ [ លោក ] រំពឹងគិត » ( នីហ្វៃទី 2 4:15 ) ពីបទគម្ពីរ ។ ការរំពឹងគិតមានន័យថា មិនត្រឹមតែតាំងអារម្មណ៍ និង គិតយ៉ាងជ្រាលជ្រៅអំពីបទគម្ពីរនោះទេ ប៉ុន្តែថែមទាំងបើកដួងចិត្តរបស់យើងដើម្បីទទួលវិវរណៈ និង ការយល់ដឹងផងដែរ ។
នីហ្វៃបានមានបទពិសោធន៍ពីគ្រានៃសេចក្តីអំណរដ៏អស្ចារ្យនៅក្នុងជីវិតរបស់លោក ទោះយ៉ាងណាក៏លោកបានជួបនឹងគ្រាលំបាកទាំងឡាយផងដែរ ។ សូមត្រឡប់ទៅមើល នីហ្វៃទី 2 4:12–13 វិញ ដើម្បីរកមើលឧបសគ្គដ៏លំបាកនានាដែលនីហ្វៃមាននៅគ្រានោះក្នុងជីវិតរបស់លោក ។
សូមអាន នីហ្វៃទី 2 4:17–18 ហើយស្វែងរករឿងផ្សេងទៀតដែលធ្វើឲ្យនីហ្វៃសោកសៅជាខ្លាំង ។នៅពេលអ្នកអាន សូមរក្សាការចងចាំអត្ថន័យដូចតទៅនេះ ៖ វេទនា មានន័យថា លំបាក ឬ គ្មានតម្លៃ ។សាច់ឈាម សំដៅទៅលើភាពទន់ខ្សោយនៅក្នុងស្ថានភាពរមែងស្លាប់របស់យើង ។រំខាន មានន័យថា ហ៊ុមព័ទ្ធ ឬ គាបសង្កត់គ្រប់ទីកន្លែង ឆាឆៅ ឬ ចាំរំខាន ។ បើទោះជានីហ្វៃមានអារម្មណ៍សោកសៅចំពោះអំពើបាបរបស់លោកក៏ដោយ ការណ៍នេះគួរតែមិនត្រូវបានយល់ខុសថា លោកមានកំហុសចំពោះអំពើរំលងធំៗណាមួយនោះទេ ។
សូមពិចារណាពីគ្រាមួយនៅក្នុងជីវិតរបស់អ្នកដែលអ្នកអាចយល់ពីអារម្មណ៍របស់នីហ្វៃ ( ដូចជា នៅពេលអ្នកបានបាត់បង់មនុស្សជាទីស្រឡាញ់ អ្នកផ្សេងបានខឹងនឹងអ្នកព្រោះតែអ្នកបានធ្វើតាមព្រះអម្ចាស់ អ្នកបានប្រឈមមុខនឹងការលំបាក ការខកចិត្ត ឬ អ្នកមានអារម្មណ៍សោកសៅដោយសារតែអំពើបាប ភាពទន់ខ្សោយ និង ការល្បួងទាំងឡាយរបស់អ្នក ) ។សូមអាន នីហ្វៃទី 2 4:19 ហើយរកមើលឃ្លាដែលបង្ហាញពីក្តីសង្ឃឹមរបស់នីហ្វៃ បើទោះមានការសោកសៅក៏ដោយ ។តើអ្នកគិតថា នីហ្វៃចង់មានន័យយ៉ាងណាដែរ នៅពេលលោកបានមានប្រសាសន៍ថា « ខ្ញុំស្គាល់អ្នកដែលខ្ញុំទុកចិត្ត » ?តើអ្នកអាចដាក់ទីទុកចិត្តលើព្រះឲ្យកាន់តែខ្លាំងថែមទៀតដោយរបៀបណា ?
នៅពេលអ្នកបន្តកាសិក្សារបស់អ្នក សូមរកមើលភស្តុតាងពីគោលការណ៍នៃដំណឹងល្អដែល ព្រះគាំទ្រអ្នកទាំងឡាយដែលដាក់ទីទុកចិត្តរបស់ពួកគេលើទ្រង់ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរទាំងឡាយក្នុងតារាងដូចតទៅនេះ ៖
ខគម្ពីរយោង |
របៀបដែលខគម្ពីរទាំងនេះអនុវត្តចំពោះនីហ្វៃ |
របៀបដែលខគម្ពីរទាំងនេះអនុវត្តចំពោះអ្នក |
---|---|---|
|
| |
|
| |
|
|
សូមអាន នីហ្វៃទី 2 4:34–35 ហើយគូសចំណាំឃ្លាទាំងឡាយណាដែលបង្ហាញពីទំនុកចិត្តរបស់នីហ្វៃលើព្រះអម្ចាស់ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកពីអ្វីដែលអ្នកបានរៀនពីការសិក្សាក្នុង នីហ្វៃទី 2 4:17–35 និង របៀបដែលអ្នកចង់បង្កើនការទុកចិត្តរបស់អ្នកលើព្រះអម្ចាស់ ។
នីហ្វៃទី 2 5:1–8
ព្រះអម្ចាស់បានបំបែកសាសន៍នីហ្វៃចេញពីសាសន៍លេមិន
នៅពេលអ្នកសិក្សា នីហ្វៃទី 2 5 សូមគិតដល់បញ្ហា និង ការសម្រេចចិត្តពិបាកៗដែលអ្នកអាចនឹងមាន ឬ ធ្លាប់ជួបរួចមកហើយ ។នៅក្នុងជំពូកនេះ នីហ្វៃបានពន្យល់ថា ពួកបងប្រុសរបស់លោក « បានព្យាយាមចង់យកជីវិតខ្ញុំ » ( នីហ្វៃទី 2 5:2 ) ។សូមកត់សម្គាល់ក្នុង នីហ្វៃទី 2 5:1 នូវអ្វីដែលនីហ្វៃបានធ្វើ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ ។បន្ទាប់មក សូមគូសចំណាំក្នុងព្រះគម្ពីររបស់អ្នក នូវអ្វីដែលព្រះអម្ចាស់បានធ្វើដើម្បីជួយនីហ្វៃក្នុង នីហ្វៃទី 2 5:5 ។
ជាលទ្ធផលនៃការព្រមាននេះ នីហ្វៃ និង « អស់ … អ្នកណាដែលជឿនូវសេចក្តីព្រមានទាំងឡាយ និង វិវរណៈទាំងឡាយរបស់ព្រះ » ( នីហ្វៃទី 2 5:6 ) បានចាកចេញពីដែនដីកេរដំណែលដំបូងរបស់គេ ។ពួកគេបានធ្វើដំណើរ « អស់រយៈពេលជាច្រើនថ្ងៃ » ( នីហ្វៃទី 2 5:7 ) ហើយតាំងទីលំនៅនៅកន្លែងមួយដែលពួកគេហៅថា នីហ្វៃ ។ បទពិសោធន៍នេះបង្ហាញថាសុវត្ថិភាពបានមកពីការគោរពប្រតិបត្តិតាមវិវរណៈរបស់ព្រះ ។
សូមអានទីបន្ទាល់ដូចតទៅនេះពី អែល ឌើរ ផល វី ចនសុន នៃពួកចិតសិបនាក់ ៖ « វាមិនមែនជាការភ្ញាក់ផ្អើលទេថា នៅក្នុងការប្រឈមមុខនឹងអំពើអាក្រក់ និង ការល្បួងដ៏ខ្លាំងមហិមានោះ គឺព្រះអម្ចាស់ពុំទុកយើងចោលឲ្យស្វែងរកផ្លូវតែម្នាក់ឯងនោះទេ ។តាមពិតទៅ មានការដឹកនាំលើសពីតម្រូវការទៅទៀតសម្រាប់យើងគ្រប់គ្នា បើសិនយើងនឹងស្តាប់តាម ។ អ្នកបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹកនាំ និង បំផុសគំនិតអ្នក ។អ្នកមានព្រះគម្ពីរ ឪពុកម្តាយ ពួកអ្នកដឹកនាំសាសនាចក្រ និង គ្រូបង្រៀន ។អ្នកក៏មានពាក្យសម្ដីរបស់ពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈដែលរស់នៅក្នុងសម័យរបស់យើងនេះ ។មានការដឹកនាំ និង ការណែនាំជាច្រើនដែលអ្នកនឹងមិនអាចប្រព្រឹត្តកំហុសធំៗនៅក្នុងជីវិតរបស់អ្នកបាននោះទេ លុះត្រាតែអ្នកព្រងើយកន្តើយនឹងការដឹកនាំដែលអ្នកទទួលនោះ » ( « The Blessings of General Conference » Ensign ខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 51 ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរការព្រមានមួយដែលអ្នកបានទទួលពីព្រះអម្ចាស់ ព្យាការីរបស់ទ្រង់ ឬ ពួកអ្នកដឹកនាំសាសនាចក្រដទៃទៀត ។តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីធ្វើតាមការព្រមាននោះ ?តើការស្ដាប់តាមការព្រមាននោះ បានជួយអ្នកយ៉ាងដូចម្តេចនៅក្នុងជីវិតអ្នក ហើយតើការព្រមាននោះនឹងជួយអ្នកយ៉ាងដូចម្តេចនៅពេលអនាគត ?
នីហ្វៃទី 2 5:9–18, 26–27
ពួកសាសន៍នីហ្វៃរស់នៅតាមរបៀបនៃសុភមង្គល
បន្ទាប់ពីរៀបរាប់ពីកាលៈទេសៈផ្សេងៗដែលនាំឲ្យមានការបែកបាក់គ្នាក្នុងគ្រួសាររបស់លីហៃ នោះនីហ្វៃបានពិពណ៌នាពីជីវិតរស់នៅក្នុងចំណោម « ប្រជាជននីហ្វៃ » ( នីហ្វៃទី 2 5:9 ) ។សូមអាន នីហ្វៃទី 2 5:27 ហើយគូសចំណាំឃ្លាដែលបង្ហាញពីរបៀបដែលពួកសាសន៍នីហ្វៃបានរស់នៅ ។ តើអ្នកគិតថាពាក្យថារស់នៅ « តាមរបៀបនៃសុភមង្គល » មានន័យដូចម្តេច ?
-
សូមអាន នីហ្វៃទី 2 5:10–18, 26 ដោយយកចិត្តទុកដាក់ ហើយគូសចំណាំនៅក្នុងព្រះគម្ពីររបស់អ្នក នូវអ្វីដែលពួកសាសន៍នីហ្វៃបានមាន ឬ បានធ្វើដែលរួមចំណែកដល់ការធ្វើឲ្យមានសុភមង្គលរបស់ពួកគេ ។សូមជ្រើសរើសរឿងមួយនៃរឿងទាំងនេះ ហើយសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីរបៀបដែលសកម្មភាព ឬ អាកប្បកិរិយានោះ បានជួយដល់សុភមង្គលអ្នក ។ឧទាហរណ៍ បើសិនអ្នកបានជ្រើសរើសការពិតមួយដែលពួកសាសន៍នីហ្វៃបានសាងព្រះវិហារបរិសុទ្ធមួយ ( សូមមើល នីហ្វៃទី 2 5:16 ) នោះអ្នកអាចសរសេរពីរបៀបដែលព្រះវិហារបរិសុទ្ធបាននាំសុភមង្គលកាន់តែខ្លាំងមកដល់អ្នក ឬ គ្រួសាររបស់អ្នក ។
សកម្មភាព និង អាកប្បកិរិយាទាំងឡាយដែលអ្នករកឃើញ គឺជាផ្នែកមួយនៃការរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។អ្នកគួរសរសេរគោលការណ៍ដូចតទៅនេះក្នុងព្រះគម្ពីររបស់អ្នកក្បែរនឹង នីហ្វៃទី 2 5:27 ៖ នៅពេលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទក្លាយជារបៀបដែលយើងរស់នៅ នោះយើងមានសុភមង្គលកាន់តែច្រើន ។ នេះគឺជាការពិតសម្រាប់ពួកសាសន៍នីហ្វៃ បើទោះជាក្នុងអំឡុងពេលដ៏លំបាកបំផុតមួយក៏ដោយ ។ សូមពិនិត្យមើលពីជីវិតអ្នក ហើយកំណត់អ្វីមួយដែលអ្នកនឹងធ្វើ ដើម្បីរស់នៅតាមរបៀបនៃសុភមង្គល ឲ្យបានកាន់តែពេញលេញថែមទៀត ។សូមសរសេរក្នុងកំណត់ហេតុផ្ទាល់ខ្លួន ឬ ក្នុងព្រះគម្ពីររបស់អ្នក ។គោលការណ៍ទាំងឡាយដែលអ្នកបានសិក្សានៅថ្ងៃនេះនាំទៅរកសុភមង្គល ។
-
សូមសរសេរចំណុចខាងក្រោមនេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា នីហ្វៃទី 2 4–5 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖