ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 14 ៖ ថ្ងៃទី 2 ម៉ូសាយ 27


មេរៀនទី 14 ៖ ថ្ងៃទី 2

ម៉ូសាយ 27

សេចក្តីផ្ដើម

ម៉ូសាយ 27រៀបរាប់​ពី​ការប្រែចិត្ត​ជឿ​របស់​អាលម៉ា ( កូនប្រុស​របស់​អាលម៉ា ) និង ពួកបុត្រា​របស់​ស្តេច​ម៉ូសាយ ។វា​រៀបរាប់​ប្រាប់​ពី​ការព្យាយាម​បះបោរ​របស់​ពួកគេ​ដើម្បី​បំផ្លាញ​សាសនាចក្រ​នៃ​ព្រះ ការយាង​មក​ជួប​នៃ​ទេវតា​មួយ​អង្គ ការផ្លាស់ប្ដូរ​ប្រកប​ដោយ​អព្ភូត​ហេតុ​របស់​អាលម៉ា និង ការខិតខំ​របស់​បុរស​វ័យ​ក្មេង​ទាំងនេះ​ដើម្បី​ជួសជុល​ការខូចខាត​ដែល​ពួកគេ​បាន​ធ្វើ ។ដំណើរ​រឿង​នៃ​ការប្រែចិត្ត​ជឿ​របស់ ​អាលម៉ា​ គូស​បញ្ជាក់​ពី​សេចក្តី​ត្រូវការ​សម្រាប់​បុគ្គល​គ្រប់​រូប​ដើម្បី​កើត​ជា​ថ្មី​ម្តងទៀត ហើយ​រស់នៅ​ក្នុង​ភាពសុចរិត ។ជំពូក​នេះ​ក៏​បង្ហាញ​ពី​ពរជ័យ​ទាំងឡាយ​នៃ​ការអធិស្ឋាន ​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​ជ្រើសរើស​មិន​ធ្វើ​តាម​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។

រូបភាព
អាលម៉ា​ដឹង​ខ្លួន​ឡើង

ម៉ូសាយ 27:1–23

ទេវតា​ហៅ​អាលម៉ា​ជា​កូន និង ពួកបុត្រា​នៃ​ម៉ូសាយ​ឲ្យ​ប្រែចិត្ត

សូម​គិត​អំពី​អ្នក​ទាំងឡាយ​ដែល​អ្នក​ស្គាល់​ ដែល​គ្មាន​ទីបន្ទាល់​អំពី​ដំណឹង​ល្អ ឬ បាន​ឃ្លាត​ឆ្ងាយ​ចេញ​ពី​សាសនាចក្រ ។តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ បើសិន​មាន​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួកគេ ​បាន​បដិសេធ​រាល់​កិច្ចប្រឹងប្រែង​ទាំងឡាយ​របស់​អ្នក​ក្នុង​ការ​ជួយ​គាត់នោះ ?សូម​រកមើល​ការយល់ដឹង​ក្នុង​សំណួរ​នេះ​ នៅ​ពេល​អ្នក​សិក្សា​នៅ​ថ្ងៃ​នេះ ។

សូម​អានម៉ូសាយ 27:8–10ហើយ​រកមើល​របៀប​ដែល​ខទាំងនេះ​ ពិពណ៌នា​អំពី​អាលម៉ា និង ពួកបុត្រា​របស់​ម៉ូសាយ ។តើ​អាលម៉ា និង ពួកបុត្រា​របស់​ម៉ូសាយ ​កំពុង​ព្យាយាម​ធ្វើ​អ្វីខ្លះ សម្រាប់​សាសនាចក្រ និង សមាជិក​ទាំងឡាយ ?

តើ​ផ្នែក​ណា​នៃ​ការពិពណ៌នា​អំពី​អាលម៉ា និង ពួកបុត្រា​របស់​ម៉ូសាយ ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ខ្លាំង​បំផុត ?ហេតុអ្វី ?

ជួនកាល យើង​អាច​ត្រូវ​បាន​ល្បួង​ឲ្យ​ជឿ​ថា មនុស្ស​នេះ​នឹង​មិន​ផ្លាស់ប្តូរ ហើយ​មក​រក​ព្រះអម្ចាស់​នោះទេ ។សូម​គិត​អំពី​ឥរិយាបទ​នេះ ​នៅពេល​អ្នក​បន្ត​ការសិក្សា​របស់​អ្នក​ក្នុងម៉ូសាយ 27 ។

សូម​អានម៉ូសាយ 27:11–14ហើយ​គូស​បន្ទាត់​ពីខាង​ក្រោម​មូលហេតុ​ដែល​ទេវតា​បាន​មក​ជួប​អាលម៉ា និង ពួកបុត្រា​នៃ​ម៉ូសាយ ។

ម៉ូសាយ 27:14បង្រៀន​គោលការណ៍​នេះ ៖ព្រះអម្ចាស់​ឆ្លើយតប​ការអធិស្ឋាន​ដោយ​ក្តី​ជំនឿ​របស់​យើង​សម្រាប់​មនុស្ស​ដទៃ​ទៀត ។អ្នក​អាច​ចង់​សរសេរ​គោលការណ៍​នេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរម៉ូសាយ 27:14 ។មិន​មែន​មនុស្ស​រាល់គ្នា​ចាំបាច់​តែ​ប្រែចិត្តនោះ​ទេ ហើយ​ក៏​មិនមែន​មនុស្ស​រាល់​គ្នា​ដែល​យើង​អធិស្ឋាន​ឲ្យ ​នឹង​ទទួល​បាន​ការយាង​មក​ជួប​នៃ​ទេវតា​នោះដែរ ។ព្រះ​អម្ចាស់​ ឆ្លើយតប​ចំពោះ​ការអធិស្ឋាន​ដោយ​ក្តី​ជំនឿ​របស់​យើង​សម្រាប់​មនុស្ស​ដទៃ ​ស្រប​ទៅ​តាម​ប្រាជ្ញា​របស់​ទ្រង់ ។

  1. ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​មួយ ឬ ទាំងពីរ​ខាងក្រោម​នេះ ៖

    1. តើ​នៅ​ពេល​ណា ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា ការអធិស្ឋាន​ទាំងឡាយ​របស់​អ្នក ​បាន​មាន​ការផ្លាស់ប្តូរ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ ?

    2. តើ​ការជឿថា ព្រះអម្ចាស់​ឆ្លើយតប​ចំពោះ​ការអធិស្ឋាន​ដោយ​ស្មោះ​ត្រង់​របស់​យើង​ឲ្យ​មនុស្ស​ដ៏ទៃ អាច​មាន​ឥទ្ធិពល​យ៉ាង​ដូចម្តេច ​លើ​របៀប​ដែល​អ្នក​អធិស្ឋាន ?

សូម​សញ្ជឹងគិត​ ពី​របៀប​ដែល​អ្នក​អាច​ប្រដូច​ដំណើរ​រឿង​របស់​អាលម៉ា និង ពួកបុត្រា​ម៉ូសាយ​ទៅនឹង​ជីវិត​របស់​អ្នក ។អ្នក​អាច​បន្ត​អធិស្ឋាន​សម្រាប់​អ្នក​ទាំងឡាយ​ដែល​អ្នក​ស្គាល់ និង ស្រលាញ់​ ដែល​ជ្រើសរើស​ប្រព្រឹត្ត​ផ្ទុយ​នឹង​ការបង្រៀន​ទាំងឡាយ​របស់​ព្រះអម្ចាស់ ។អ្នក​អាច​ចងចាំ​ថា ព្រះអម្ចាស់​ស្ដាប់​ឮ​ការអធិស្ឋាន​ទាំងឡាយ​របស់​អ្នក ហើយ​ឆ្លើយតប​តាម​របៀប និង ពេលវេលា​របស់​ទ្រង់​ផ្ទាល់ ក៏​ប៉ុន្តែ​ទ្រង់​ប្រទាន​ឲ្យ​បុគ្គល​ម្នាក់ៗ​នូវ​សិទ្ធិសេរីភាព​របស់​គេ ។ហើយសូម​គិត​យ៉ាង​យកចិត្តទុក​ដាក់ ​អំពី​សំណួរ​ទាំងឡាយ​នេះ ៖ តើ​អ្នក​ណា​ ដែល​ប្រហែល​ជា​កំពុង​អធិស្ឋាន​សម្រាប់​សុខុមាភាព​របស់​អ្នក ?តើ​ព្រះអម្ចាស់ ​អាច​ចង់​ឲ្យ​អ្នក​ផ្លាស់ប្តូរ​យ៉ាង​ដូចម្តេច ?តើ​អ្នក​ត្រូវ​ធ្វើ​អ្វីខ្លះ ​ដើម្បី​ឲ្យ​មាន​ការផ្លាស់ប្តូរ​នោះ​កើតឡើង​បាន ?

សូម​អាន​ព្រះ​បន្ទូល​ដែល​នៅ​សល់​របស់​ទេវតា​ទៅកាន់​អាលម៉ា ដូច​ដែល​មាន​កត់ត្រា​ក្នុងម៉ូសាយ 27:15–16 ។សូម​ចងចាំ​ថា ទេវតា​បាន​មាន​បន្ទូល « ហាក់​បី​ដូច​ជា​សូរ​ផ្គរលាន់​ដែល​ធ្វើឲ្យ​ផែនដី​កក្រើក » ( ម៉ូសាយ27:11 ) ។សូម​ស្រម៉ៃ​ពី​របៀប​ដែល​បទពិសោធន៍​នេះ ​នឹង​មាន​ឥទ្ធិពល​លើ​អ្នក បើសិន​អ្នក​បាន​នៅជាមួយ​អាលម៉ា និង ពួកបុត្រា​របស់​ម៉ូសាយ ។

តើ​អ្នក​នឹង​សង្ខេប​សារលិខិត​របស់​ទេវតា​ដោយ​របៀប​ណា ?

រូបភាព
ឪពុក​របស់​លោក ​បាន​អរ​សប្បាយ

បន្ទាប់ពី​សារ​លិខិត​របស់​ទេវតា អាលម៉ា​ មិន​អាច​និយាយ​បាន ។លោក​បាន​ប្រែទៅជា​អស់​កម្លាំង ហើយ​លោក​ត្រូវ​បាន​គេ « សែងគាត់​ទៅ​ដោយ​ឥតកម្រើក » ( ម៉ូសាយ 27:19 )ទៅ​កាន់​ឪពុក​គាត់ ។នៅពេល​ឪពុក​របស់​អាលម៉ា​បាន​ឮ​ពី​អ្វី​ដែល​បាន​កើតឡើង លោក « បាន​អររីករាយ ព្រោះ​លោក​ដឹង​ថា នោះ​គឺ​ជា​ព្រះចេស្ដា​នៃ​ព្រះ » ( ម៉ូសាយ 27:20 ) ។លោក​បាន​ចាត់​ឲ្យ​ពួក​បណ្ដា​ជន​ប្រមូលគ្នា​មក « ដើម្បី​គេ​អាច​ធ្វើ​ជាសាក្សី​ចំពោះ​អ្វីៗ​ ដែល​ព្រះអម្ចាស់​ទ្រង់​បាន​ធ្វើ​ដល់​កូនប្រុស​របស់​លោក » ( ម៉ូសាយ 27:21 ) ។ឪពុក​របស់​អាលម៉ា ​បាន​ស្នើសុំ​ពួកសង្ឃ​ឲ្យ​តម​អាហារ និង អធិស្ឋាន​ ដើម្បី​ឲ្យ​កូនប្រុស​របស់​លោក​អាច​ទទួល​បាន​កម្លាំង និង អាច​និយាយ​បាន​វិញ ( សូម​មើលម៉ូសាយ 27:22 ) ។ព្រះអម្ចាស់ ​បាន​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​ពួកគេ ។

ម៉ូសាយ 27:24–31

អាលម៉ា​ជា​កូន និង ពួកបុត្រា​នៃ​ម៉ូសាយ បាន​ប្រែចិត្ត និង កើត​សារជាថ្មី​ម្តង​ទៀត

សូម​អានម៉ូសាយ 27:23–24, 28–30ដើម្បី​ស្វែងរក​របៀប​ដែល​អាលម៉ា​ជាកូន ​បាន​ផ្លាស់ប្តូរ​ដោយសារ​តែ​បទពិសោធន៍​របស់​លោក​ជាមួយ​ទេវតា ។នៅក្នុង​តារាង​ខាង​ក្រោម​នេះ សូម​សរសេរ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​អំពី​ខ​ទាំងនេះ​ ដែល​ពិពណ៌នា​ពី​ស្ថានភាព​ខាងវិញ្ញាណ​របស់​អាលម៉ា មុន​ពេល និង ក្រោយ​ពេល​ការផ្លាស់ប្តូរ​ដួងចិត្ត​របស់​លោក ។

ពីមុន

បន្ទាប់មក

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​ទុក​នូវ​ឃ្លា​មួយ​ដែល​អ្នក​បាន​សរសេរ​ក្នុង​ជួរឈរបន្ទាប់មកដែល​អ្នក​សង្ឃឹម​ថា នឹង​ពិពណ៌នាអំពី​អ្នក​អស់​មួយ​ជីវិត ។សូម​ពន្យល់​មូលហេតុ ។

សូម​រំឭកម៉ូសាយ 27:24, 28ហើយ​គូស​ចំណាំ​អំពី​អ្វី​ដែល​អាលម៉ា​បាន​ធ្វើ និង អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ ​ដែល​នាំ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ដួងចិត្ត​របស់​អាលម៉ា ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្ស​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​ទុក​ពី​មូលហេតុ​ដែល​វា​សំខាន់​ដើម្បី​យល់​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ នៅពេល​យើង​ព្យាយាម​ផ្លាស់ប្តូរ​ជីវិត​រស់នៅ​របស់​យើង និង អ្វី​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ​សម្រាប់​យើង ។

  2. សូម​ឆ្លើយ​សំណួរ​មួយ ឬ ទាំងពីរ​ខាង​ក្រោម​នេះ ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើម៉ូសាយ 27ជួយ​មនុស្ស​ដែល​បាក់​ទឹក​ចិត្ត ហើយ​គិត​ថា ពួកគេ​មិន​អាច​ប្រែចិត្ត​មករក​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

    2. តើម៉ូសាយ 27អាច​ជួយដល់​មនុស្ស​ដែល​ជឿ​ថា មនុស្ស​ម្នាក់ ​នឹង​មិនអាច​ប្រែចិត្ត ហើយ​មករក​ព្រះអម្ចាស់​បាន​យ៉ាង​ដូចម្តេច ?

សូម​អានម៉ូសាយ 27:25–26ហើយ​រកមើល​ថា តើ​អ្នក​ណា​ដែល​នឹង​ត្រូវ​ផ្លាស់ប្រែ ​តាមរយៈ​ដង្វាយធួន—ឬ​និយាយ​ម្យ៉ាង​ទៀត អ្នក​ណា​ដែល​ត្រូវ​កើត​ពី​ព្រះ​ម្តង​ទៀត ។

ខ​ទាំងនេះ​បង្រៀន​គោលការណ៍​ថា ៖ យើង​រាល់គ្នា ​ត្រូវ​កើត​ជា​ថ្មី​ម្តងទៀត​ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ការ​កើត​ជា​ថ្មី​ពី​ព្រះ​មាន​ន័យ​ថា ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ បណ្តាល​ឲ្យ​មាន​ការផ្លាស់ប្តូរ​យ៉ាងធំ​ក្នុង​ដួងចិត្ត​របស់​មនុស្ស​ម្នាក់ ដើម្បី​គាត់​ពុំមាន​បំណង​ប្រាថ្នា​ធ្វើ​អាក្រក់​ទៀត​ឡើយ ប៉ុន្ដែ​មាន​បំណង​ស្វែងរក​ការណ៍​នៃ​ព្រះវិញ ( សូម​មើលម៉ូសាយ 5:2 ) ។អាលម៉ា និង ពួកបុត្រា​របស់​ម៉ូសាយ ​មាន​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​ក្នុង​ដួងចិត្ត​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​ពួកយើង​ភាគ​ច្រើន​ត្រូវ​បាន​ផ្លាស់ប្ដូរ ​តាមរយៈ​ដង្វាយធួន​បន្ដិច​ម្ដងៗ ។ការកើត​ជា​ថ្មី​ពី​ព្រះ​ គឺ​ជា​ដំណើរការ​មួយ ជា​ជាង​ហេតុការណ៍​មួយ ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​ធ្លាប់​បាន​ផ្លាស់ប្តូរ ​តាមរយៈ​ដង្វាយធួន នៅពេល​អ្នក​បាន​ប្រែចិត្ត ហើយព្យាយាម​រាល់ថ្ងៃ ​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ​ដែរ​ឬ​ទេ ?

    2. តើ​មាន​អ្វី​មួយ ​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​មុន ដើម្បី​មក​ឯ​ព្រះអម្ចាស់ ហើយ​អនុញ្ញាត​ឲ្យ​ដង្វាយធួន​ផ្លាស់ប្តូរ​ជីវិត​របស់​អ្នកឬទេ ?

ម៉ូសាយ 27:32–37

អាលម៉ា​ជា​កូន និង ពួកបុត្រា​ម៉ូសាយ ​បាន​ធ្វើ​ដំណើរ​ពាសពេញ​ដែនដី ​សារភាព​អំពើ​បាប​ទាំងឡាយ​របស់​ពួកគេ ហើយ​ពង្រឹង​សាសនាចក្រ

រូបភាព
អាលម៉ា​ផ្សព្វផ្សាយ

នៅ​ខ​បន្ទាប់​ដែល​អ្នក​នឹង​សិក្សា​ក្នុងម៉ូសាយ 27បង្ហាញ​គោលការណ៍​ថា ៖ ដើម្បី​ប្រែចិត្ត​ពិត​ប្រាកដ មនុស្ស​ម្នាក់ ​ត្រូវតែ​ធ្វើ​រាល់​ការណ៍​ទាំងអស់ ​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួសជុល​ការខូចខាត​ដែល​គេ​បាន​ធ្វើ ។ ការ​សង​ឡើងវិញ​មាន​ន័យ​ថា ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ ដើម្បី​កែតម្រូវ​លទ្ធផល​ទាំងឡាយ​នៃ​ជម្រើស​អាក្រក់​របស់​យើង ហើយ​ស្តារឡើង​វិញ​នូវ​អ្វី​ដែល​ខូចខាត ​តាមរយៈ​សកម្មភាព​របស់​យើង ។ជា​ឧទាហរណ៍ បើសិន​នរណា​ម្នាក់​បាន​លួច​របស់​មួយ​ពី​អ្នក​ជិត​ខាង​ម្នាក់ ការសង​វិញ​ នឹង​មាន​រួមទាំង ​ការប្រគល់​របស់​ដែល​បាន​លួច​ដល់​ម្ចាស់​គេ​វិញ ។សូម​អានម៉ូសាយ 27:32–37ហើយ​រកមើល​អ្វី​ដែល​អាលម៉ា និង ពួកបុត្រា​ម៉ូសាយ​បាន​ធ្វើ ដើម្បី​ដោះស្រាយ​អំពើ​បាប​ទាំងឡាយ​របស់​ពួកគេ​វិញ ។

សូម​កត់ត្រា​ទុក​ពី​របៀប​ដែល​មនុស្ស​ម្នាក់​អាច​ធ្វើ ​ដើម្បី​ដោះស្រាយ​នូវ​អំពើ​បាប​ទាំងឡាយ​ខាង​ក្រោម ៖

  • ការកុហក​ឪពុក​ម្តាយ ៖

  • ការនិយាយ​ដើម​អំពី​នរណា​ម្នាក់ ៖

  • ការ​លួច​ចម្លង​កិច្ចការ​សាលា ៖

នៅពេល​អ្នក​គិត​អំពី​របៀប​ដែល​អ្នក​អាច​ផ្លាស់ប្តូរ ​តាមរយៈ​ដង្វាយធួន សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ប្រែចិត្ត និង ធ្វើការ​ដោះស្រាយ​សម្រាប់​អំពើ​បាប​ទាំងឡាយ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាង​ក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សាម៉ូសាយ 27 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជា​មួយ​គ្រូ​របស់​ខ្ញុំ ៖