ថ្នាក់​សិក្ខាសាលា
មេរៀនទី 12 ៖ ថ្ងៃទី 1 ម៉ូសាយ 7–8


មេរៀនទី 12 ៖ ថ្ងៃទី 1

ម៉ូសាយ 7–8

សេចក្តីផ្ដើម

រូបភាព
ស្តេច​បេនយ៉ាមីន បាន​ផ្ទេរ​រាជ្យ​បល្ល័ង​ឲ្យ​ទៅ​ម៉ូសាយ

ស្តេច​ម៉ូសាយ​គឺ​ជា​បុត្រា​របស់​ស្តេច​បេនយ៉ាមីន ដែល​ជា​កូនប្រុស​របស់​ម៉ូសាយ​ដំបូង​គេ ដែល​បាន​រៀបរាប់​ក្នុង​ព្រះគម្ពីរ​មរមន ។ប្រមាណ​ជា​រយៈពេល 80 ឆ្នាំ​ពី​មុន​ពេល​ម៉ូសាយ​ក្លាយ​ជា​ស្តេច នោះ​មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីនិព្វ​ដែល​បាន​នាំ​ពួកសាសន៍​នីហ្វៃ​មួយ​ក្រុម​ចេញ​ពី​ក្រុង​សារ៉ាហិមឡា ត្រឡប់​ទៅ​រស់​នៅ​ដែនដី​នីហ្វៃ​វិញ ( សូម​មើលអោមណៃ 1:27–30 ) ។ម៉ូសាយ 7ពន្យល់​ថា ស្តេច​ម៉ូសាយ​បាន​អនុញ្ញាត​ឲ្យ « អ្នក​មាន​កម្លាំង​ខ្លាំងពូកែ​ម្នាក់ » ឈ្មោះ​អាំម៉ូន ( ម៉ូសាយ 7:3 ) និង មនុស្ស​មួយ​ក្រុម​តូច​ធ្វើ​ដំណើរ​ទៅកាន់​ដែនដី​នីហ្វៃ ( ជួនកាល​ហៅ​ដែនដី​នេះ​ថា ដែនដី​លីហៃ-នីហ្វៃ ) និង កំណត់​ជោគ​វាសនា​របស់​ក្រុម​មនុស្ស​របស់​ស៊ីនិព្វ ។អាំម៉ូន​បាន​រកឃើញ​ពូជពង្ស​នៃ​ប្រជាជន​ស៊ីនិព្វ ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​ចៅប្រុស​របស់​ស៊ីនិព្វ​គឺ លិមហៃ​នៅពេល​នោះ ។ការ​មក​ដល់​របស់​អាំម៉ូន​បាន​នាំ​មក​នូវ​សេចក្តី​សង្ឃឹម​ដល់​លិមហៃ និង ប្រជាជន​របស់​ទ្រង់ ដែល​គ្រា​នោះ​អំពើ​ទុច្ចរិត​របស់​ពួកគេ​បាន​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ចូល​ក្នុង​សេវកភាព​ក្រោម​ពួកសាសន៍​លេមិន ។នៅ​គ្រា​មុន​នោះ ខណៈពួក​គេ​បាន​ព្យាយាម​ស្វែងរក​ក្រុង​សារ៉ាហិមឡា និង សុំ​ជំនួយ នោះ​មនុស្ស​របស់​លិមហៃ​មួយ​ក្រុម​បាន​ប្រទះ​ឃើញ​ផ្ទាំង​មាស 24 សន្លឹក​ដែល​មាន​ចំណារ​ឆ្លាក់​នៅ​លើ​ផ្ទាំង​ទាំងនោះ ។ពេល​ដែល​លិមហៃ​បាន​សួរ​អាំម៉ូន​ថា តើ​លោក​អាច​បកប្រែ​ចំណារ​ទាំងនេះ​បាន​ឬ​ទេ នោះ​អាំម៉ូន​បាន​ពន្យល់​ថា អ្នកមើល​ឆុត​ម្នាក់​ដូច​ជា​ស្តេច​ម៉ូសាយ អាច​បកប្រែ​បញ្ជី​បុរាណ​ទាំងនេះ ។

សេចក្តី​សង្ខេប​នៃម៉ូសាយ 7–24

តើ​អ្នក​ធ្លាប់​ចង់​ចេញ​ឲ្យ​រួច​ពី​អារម្មណ៍​អាក្រក់ ស្ថានភាព​ឈឺចាប់ កាលៈទេសៈ​ស្មុគស្មាញ ឬ បំពារបំពាន ឬ ទោស​នៃ​អំពើ​បាប​ដែរ​ឬ​ទេ ?បទពិសោធន៍​នៃ​មនុស្ស​ដែល​អ្នក​នឹង​សិក្សា​ក្នុងម៉ូសាយ 7–24អាច​បង្រៀន​អ្នក​អំពី​ការរំដោះ—កន្លែង​ដើម្បី​ស្វែងរក​ការរំដោះ របៀប​ដើម្បី​អញ្ជើញ​វា និង សូម្បី​តែ​របៀប​ដើម្បី​រង់ចាំ​វា ។សូម​រកមើល​វិធី​ដែល​អ្នក​អាច​អនុវត្ត​រឿង​នៃ​ប្រជាជន​របស់​ស៊ីនិព្វ និង កូនចៅ​របស់​ពួកគេ​ទៅនឹង​ជីវិត​ផ្ទាល់​របស់​អ្នក ដោយ​មាន​រួម​ទាំង​បំណង​ប្រាថ្នា​ដើម្បី​បាន​ការរំដោះ​ចេញ​ពី​អ្វី​ដែល​សង្កត់​សង្កិន​លើ​អ្នក ។

ពី​មុន​សិក្សាម៉ូសាយ 7វា​នឹង​ផ្តល់​ជា​ប្រយោជន៍​សម្រាប់​អ្នក​ក្នុង​ការ​ដឹង​ពី​ការ​ធ្វើ​ដំណើរ​ផ្សេងៗ​ដែល​មាន​កត់ត្រា​ក្នុងម៉ូសាយ 7–24 ។សកម្មភាព​ខាង​ក្រោម​នេះ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​សេចក្តី​សង្ខេប​នៃ​ការ​ធ្វើ​ដំណើរ​ទាំងនេះ​ដែល​កើត​ឡើង​អំឡុង​ពេល​ប្រមាណ​ជា 80 ឆ្នាំ ( 200 មុន.គ.ស.ទៅ 120 មុន.គ.ស. ) ។ព័ត៌មាន​ក្នុង​ប្រអប់​ស្រមោល​ទាំងឡាយ​នៅលើ​តារាង​ពន្យល់​ពី​អ្វី​ដែល​បាន​កើតឡើង​នៅ​ចន្លោះ​ការធ្វើ​ដំណើរ​ទាំងឡាយ ។

ការ​ធ្វើ​ដំណើរ

នរណា​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា

1

ស៊ីនិព្វ និង ពួកសាសន៍​នីហ្វៃ​ដទៃ​ទៀត​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​សារ៉ាហិមឡា​ទៅ​កាន់​ដែនដី​នីហ្វៃ ជា​ដែនដី​ដែល​បាន​ធ្លាក់​ក្នុង​ការគ្រប់គ្រង​ដោយ​ពួកសាសន៍​លេមិន ។ពួកសាសន៍​នីហ្វៃ​ទាំង​នេះ​បាន​ប្រយុទ្ធ​ជាមួយ​គ្នា​ឯង ហើយ​អ្នក​ដែល​នៅរស់​បាន​ត្រឡប់​ទៅ​ក្រុង​សារ៉ាហិមឡា​វិញ ( សូម​មើលអោមណៃ 1:27–28; ម៉ូសាយ 9:1–2 ) ។

2

ស៊ីនិព្វ និង អ្នក​ដទៃ​ទៀត​បាន​ចាកចេញ​ពី​ក្រុង​សារ៉ាហិមឡា ហើយ​ទៅតាំង​ទីលំនៅ​លើ​ដែនដី​នីហ្វៃ ( សូម​មើលអោមណៃ 1:29–30, ម៉ូសាយ 9:3–7 ) ។

បន្ទាប់​ពី​ស៊ីនិព្វ​បាន​ស្លាប់​ទៅ កូនប្រុស​របស់​គាត់​គឺ​ណូអេ​បាន​គ្រងរាជ្យ​ក្នុង​អំពើ​ទុច្ចរិត ។ព្រះអម្ចាស់​បាន​បញ្ជូន​ព្យាការី អ័ប៊ីណាដៃ​ឲ្យ​ទៅ​ព្រមាន​ប្រជាជន​ឲ្យ​ប្រែចិត្ត ។អាលម៉ា ជា​សង្ឃ​ម្នាក់​របស់​ស្តេច​ណូអេ បាន​គោរព​តាម​សារលិខិត​របស់​អ័ប៊ីណាដៃ ហើយ​បាន​បង្រៀន​សារលិខិត​នោះ​ទៅ​អ្នក​ដទៃ​ទៀត ( សូម​មើលម៉ូសាយ 11–18 ) ។

3

អាលម៉ា​បាន​រត់គេច​ខ្លួន​ទៅកាន់​ទឹក​មរមន ហើយ​ក្រោយ​មក​បាន​ដឹកនាំ​អ្នក​ជឿ​មួយ​ក្រុម​ទៅកាន់​ដែនដី​ហេឡាម ( សូម​មើលម៉ូសាយ 18:4–5, 32–35, 23:1–5, 19–20 ) ។

ពួកសាសន៍​លេមិន​បាន​វាយ​ប្រហារ​លើ​ប្រជាជន​របស់​ស្តេច​ណូអេ​ក្នុង​ដែនដី​នីហ្វៃ ។ក្រោយ​មក ស្តេច​ណូអេ​ត្រូវ​បាន​គេ​សម្លាប់ ហើយ​បុត្រា​របស់​ទ្រង់​គឺ លិមហៃ​បាន​គ្រង​រាជ្យ​បន្ត ។ប្រជាជន​របស់​លិមហៃ​ធ្លាក់​ក្នុង​សេវកភាព​របស់​ពួកសាសន៍​លេមិន ( សូម​មើលម៉ូសាយ 19–20 ) ។

4

លិមហៃ​បាន​បញ្ជូន​សាសន៍​នីហ្វៃ​មួយ​ក្រុម​ឲ្យ​ទៅ​ស្វែងរក​ក្រុង​សារ៉ាហិមឡា ។បន្ទាប់ពី​វង្វេង​ក្នុង​ទីរហោស្ថាន ពួកគេ​បាន​រកឃើញ​នូវ​កំទេចកំទី​នៃ​ប្រជាជាតិ​មួយ​ដែល​ត្រូវបាន​បំផ្លាញ​ចោល និង បញ្ជី​មួយ​ដែល​បាន​ចារ​លើ​ផ្ទាំងមាស​ដែល​មាន​ចំនួន 24 ផ្ទាំង ( សូម​មើលម៉ូសាយ 8:7–9 ,21:25–27 ) ។

5

អាំម៉ូន និង មនុស្ស 15 នាក់​ទៀត​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​សារ៉ាហិមឡា​ទៅ ដើម្បី​ស្វែងរក​អ្នក​ទាំងឡាយ​ដែល​បាន​ត្រឡប់​ទៅកាន់​ដែនដី​នីហ្វៃ ( សូម​មើលម៉ូសាយ 7:1–6, 21:22–24 ) ។

6

លិមហៃ និង ប្រជាជន​របស់​ទ្រង់​បាន​រត់គេច​ពី​ពួកសាសន៍​លេមិន ហើយ​ត្រូវ​បាន​ដឹកនាំ​ដោយ​អាំម៉ូន និង បងប្អូន​របស់​លោក ទៅ​ក្រុង​សារ៉ាហិមឡា ( សូមមើលម៉ូសាយ 22:10–13 ) ។

បន្ទាប់ពី​ប្រជាជន​របស់​លិមហៃ​បាន​គេច​ខ្លួន​រួច នោះ​ពួកសាសន៍​លេមិន​បាន​បញ្ជូន​កងទ័ព​ដេញតាម​ពួកគេ ។កងទ័ព​បាន​វង្វេង​ក្នុង​ទីរហោស្ថាន​នៅពេល​ពួកគេ​ប្រទះ​ឃើញ​អាលម៉ា និង ប្រជាជន​របស់​គាត់​ក្នុង​ដែនដី​ហេឡាម ។ពួកសាសន៍​លេមិន​បាន​ដាក់​ពួកគេ​ក្នុង​សេវកភាព ។ប្រជាជន​របស់​អាលម៉ា​បាន​អធិស្ឋាន​សុំ​ជំនួយ​ដើម្បី​គេច​ខ្លួន ( សូម​មើលម៉ូសាយ 22–24 ) ។

7

ព្រះអម្ចាស់​បាន​រំដោះ​អាលម៉ា និង ប្រជាជន​របស់​លោក ហើយ​បាន​ដឹកនាំ​ពួកគេ​ទៅកាន់​សារ៉ាហិមឡា ( សូម​មើលម៉ូសាយ 24:20–25 ) ។

សូម​បង់​លេខ​នៃ​ការធ្វើ​ដំណើរ​នីមួយៗ​នៅក្នុង​រង្វង់មូល​នៃ​ផែនទី​ឲ្យ​បានត្រឹមត្រូវ ៖

រូបភាព
រូបភាព​នៃ​ការធ្វើ​ដំណើរ

ម៉ូសាយ 7:1–8:4

អាំម៉ូន​រកឃើញ​ដែនដី​នីហ្វៃ ( លីហៃ–នីហ្វៃ ) ហើយ​ស្តេច​លិមហៃ​បាន​ពិពណ៌នា​ពី​របៀប​ដែល​ប្រជាជន​របស់​ទ្រង់​ធ្លាក់​ចូល​ក្នុង​សេកវភាព

ក្នុងម៉ូសាយ 7អាំម៉ូន និង បុរស​ដ៏​រឹងមាំ 15 នាក់​ទៀត​បាន​ធ្វើ​ដំណើរ​ពី​សារ៉ាហិមឡា​ដើម្បី​ដឹង​ពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ប្រជាជន​ដែល​ស៊ីនិព្វ​ដែល​បាន​ដឹកនាំ​ទៅកាន់​ដែនដី​នីហ្វៃ​នៅ​រយៈពេល 80 ឆ្នាំ​មុន ( សូម​មើលម៉ូសាយ 7:2; សូមមើល​ផងដែរ​នូវ​ការធ្វើដំណើរ​លេខ 5 នៅលើ​ផែនទី ) ។ទាក់ទង​នឹង​ការមកដល់​ដែនដី​នីហ្វៃ អាំម៉ូន និង បងប្អូន​ប្រុស​បី​នាក់​របស់​លោក​ត្រូវ​បាន​ចាប់ខ្លួន ហើយ​បាន​យក​ទៅដាក់​គុក ( សូម​មើលម៉ូសាយ 7:6–11 ) ។ពីរថ្ងៃ​ក្រោយ​មក ពួកគេ​បាន​នាំ​លោក​ចេញ​ពី​គុក​ទៅ​សួរ​ចម្លើយ​ដោយ​ស្តេច លិមហៃដែល​ជា​ចៅ​ប្រុស​របស់​ស៊ីនីព្វ ។សូម​អានម៉ូសាយ 7:12–15ដើម្បី​រក​មើល​ពី​របៀប​ដែល​អាំម៉ូន​បាន​ពន្យល់​ពី​វត្តមាន​របស់​លោក​ក្នុង​ដែនដី​នីហ្វៃ និង របៀប​ដែល​លិមហៃ​បាន​ឆ្លើយតប​វិញ ។

សូម​កត់សម្គាល់​អក្សរ​យោង សម្រាប់ម៉ូសាយ 7:14 ឲ្យ​អ្នក​មើល​នៅម៉ូសាយ 21:25–26 ។សូម​អាន​ខគម្ពីរ​ទាំងនេះ​ដើម្បី​យល់​ដឹង​បន្ថែម​ទៀត​ពី​មូលហេតុ​ដែល​លិមហៃ​មាន « សេចក្តី​រីករាយ​ជា​ខ្លាំង » ដែល​ដឹង​ពី​កន្លែង​ដែល​អាំម៉ូន​បាន​ចេញមក ។

ដោយ​ប្រើ​ប្រាស់​អ្វី​ដែល​អ្នក​បាន​រៀន​ក្នុងម៉ូសាយ 21:25–26 សូម​ពន្យល់​ជា​សង្ខេប​នូវ​មូលហេតុ​ដែល​លិមហៃ​មាន​សេចក្តី​រីករាយ​ខ្លាំង​ដោយ​ដឹង​ថា អាំម៉ូន​បាន​មក​ពី​សារ៉ាហិមឡា ៖

ក្រុម​មនុស្ស​ដែល​លិមហៃ​បាន​បញ្ជូល​ទៅ​ស្វែងរក​ជំនួយ បាន​រកឃើញ​កំទេចកំទី​នៃ​ប្រជាជាតិ​សាសន៍​យ៉ារេឌ ។ពួក​គេ​បាន​ជឿ​ខុស ថា វា​គឺ​ជា​ក្រុង​សារ៉ាហិមឡា ហើយ​ថា ពួកសាសន៍​នីហ្វៃ​ត្រូវ​បាន​បំផ្លិចបំផ្លាញ ( សូមមើល​ការធ្វើដំណើរ​លេខ 4 នៅលើ​ផែនទី ) ។អ្នក​នឹង​រៀន​អំពី​ប្រជាជាតិ​សាសន៍​យ៉ារេឌ​ក្នុង​គម្ពីរ​អេធើរ ។

ស្តេច​លិមហៃ​បាន​ប្រមូល​ប្រជារាស្ត្រ​របស់​ទ្រង់​ដើម្បី​ណែនាំ​អាំម៉ូន​ឲ្យ​ពួកគេ​ស្គាល់ ។លិមហៃ​បាន​និយាយ​ទៅ​កាន់​ប្រជារាស្ត្រ​របស់​ទ្រង់​អំពី​សេវកភាព​របស់​ពួកគេ​ក្រោម​ពួកសាសន៍​លេមិន និង បាន​បង្ហាញ​អារម្មណ៍​នៃ​សេចក្តីសង្ឃឹម​ថា ព្រះ​នឹង​រំដោះ​ពួកគេ​ឆាប់ៗ​នេះ ( សូមមើលម៉ូសាយ 7:17–19 ) ។សូម​អានម៉ូសាយ 7:20, 24–26ហើយ​គូស​ចំណាំ​មូលហេតុ​ដែល​ប្រជារាស្ត្រ​របស់​លិមហៃ​ត្រូវ​បាន​ធ្លាក់ចូល​ក្នុង​សេវកភាព ។( ព្យាការី​ដែល​បាន​ពិពណ៌នា​ក្នុងម៉ូសាយ 7:26គឺ​ជា​អ័ប៊ីណាដៃ​ដែល​ប្រជាជន​បាន​ដុត​សម្លាប់​ដោយ​ភ្លើង​អំឡុង​ពេល​នៃ​ការគ្រងរាជ្យ​របស់​ស្តេច​ទុច្ចរិត​គឺ​ណូអេ ពី​មុនពេល​អាំម៉ូន​មក​ដល់​ដែនដី​នេះ ) ។

រូបភាព
ស្តេច​លិមហៃ​កំពុង​មាន​បន្ទូល

អ្នក​អាច​ចង់​គូស​ចំណាំ​ឃ្លា « មាន​ហេតុផល​ដ៏​ធំ​ទាំងឡាយ​សម្រាប់​ទួញ​សោក » ក្នុង ម៉ូសាយ 7:24ដើម្បី​ជួយ​អ្នក​ចងចាំ​ថា អំពើ​ទុច្ចរិត ឬ អំពើ​បាប មាន​នូវ​លទ្ធផល​របស់​វា ។ក្នុង​ករណី​នេះ មនុស្ស​ជាច្រើន​ត្រូវ​បាន​សម្លាប់​នៅពេល​ពួកសាសន៍​លេមិន និង ប្រជាជន​ត្រូវ​បាន​ធ្លាក់​ក្នុង​សេវកភាព ។ទួញ​សោក មាន​ន័យថា មាន​អារម្មណ៍​ក្រៀមក្រំចិត្ត ឬ សោកស្តាយ ។សូម​សញ្ចឹង​គិត​មួយ​ភ្លែត​បើសិន​អ្នក​ធ្លាប់​ទួញ​សោក « ព្រោះតែ​សេចក្ដី​ទុច្ចរិត » ។

បើ​ទោះ​វា​ជា​ការប្រសើរ​ដែល​មិន​ប្រព្រឹត្ត​អំពើ​បាប​ក៏​ដោយ ក៏​ការរៀន​ពី​កំហុស​របស់​អ្នក ការបែរ​ទៅ​រក​ព្រះអម្ចាស់​ដើម្បី​បាន​ជំនួយ និង ការប្រែចិត្ត នាំ​អ្នក​ឲ្យ​ខិតទៅ​ជិត​ព្រះ ។សូម​អានម៉ូសាយ 7:29–32ហើយ​រកមើល​ភស្តុតាង​ថែមទៀត​ដែល​ថា លិមហៃ​បាន​យល់​ពី​ភាពទាក់ទង​គ្នា​រវាង​អំពើ​ទុច្ចរិត​របស់​ប្រជាជន​ទ្រង់ និង ក្ដី​សោកសៅ​ដែល​ពួកគេ​បាន​ជួប​ប្រទះ ។(« ច្រូតកាត់​បាន​អង្កាម » ក្នុង​ខ​ទី 30 មាន​ន័យថា ទទួល​បាន​អ្វី​មួយ​ដែល​ឥត​ប្រយោជន៍ « ច្រូតកាត់​ខ្យល់​ពី​ទិស​ខាងកើត » ក្នុង​ខទី 31 មានន័យ​ថា ត្រូវ​បំផ្លាញ​ចោល ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​លទ្ធផល​ទាំងឡាយ​សម្រាប់​អំពើបាប​អាច​មាន​ប្រយោជន៍​បែបណា​ខ្លះ​ក្នុង​ជីវិត​រស់នៅ​របស់​យើង ?តើ​យើង​អាច​អនុវត្ត​ការរៀន​សូត្រ​របស់​យើង និង មិន​ប្រព្រឹត្ត​អំពើបាប​ម្តងទៀត​យ៉ាងដូចម្តេច ?

    2. តើ​ហេតុអ្វី​វា​សំខាន់​ដើម្បី​ដឹង ហើយ​ទទួល​ស្គាល់​ថា​អំពើបាប​របស់​យើង​ធ្ងន់ធ្ងរ​យ៉ាង​ណា​នោះ ?តើ​ហេតុ​អ្វី​វា​សំខាន់​ដើម្បី​មាន​សេចក្ដី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​សម្រាប់​អំពើ​បាប​ទាំងនោះ ?( សូម​មើលកូរិនថូសទី 2 7:10សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​គឺ​ជា​ការដឹង​ខ្លួន​យ៉ាង​ច្បាស់​ថា​សកម្មភាព​របស់​យើង​បាន​ធ្វើ​ឲ្យ​ព្រះវរបិតា​សួគ៌​មិន​គាប់​ព្រះហឫទ័យ ) ។តើ​ហេតុអ្វី​វា​សំខាន់​ក្នុង​ការ​មិន​ពន្យា​ពេល​ក្នុង​ការទទួល​ស្គាល់ និង ក្នុង​ការមានអារម្មណ៍​សោកសៅ​សម្រាប់​អំពើបាប​របស់​យើង ?

បន្ទាប់ពី​លិមហៃ​បាន​ពន្យល់​ដល់​ប្រជាជន​របស់​ទ្រង់​ពី​អំពើបាប​ដ៏ធ្ងន់ធ្ងរ​របស់​ពួក​គេ​ហើយ ទ្រង់​បាន​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​នូវ​ការណ៍​ជាក់លាក់​ទាំងឡាយ ។សូម​គូស​ចំណាំ​អ្វី​ដែល​លិមហៃ​បាន​លើក​ទឹក​ចិត្ត​ប្រជាជន​របស់​ទ្រង់​ឲ្យ​ធ្វើ​ក្នុងម៉ូសាយ 7:33 ។

យើង​រៀន​ពី​បទពិសោធន៍​របស់​ប្រជាជន​លិមហៃ​ថាការទទួល​ស្គាល់​អំពើ​ទុច្ចរិត​របស់​យើង ហើយ​មាន​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់ព្រះ​ចំពោះ​អំពើបាប​ទាំងនោះអាច​នាំយើង​ឲ្យ​បែរទៅ​រក​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ការរំដោះ ។

សូម​ស្រម៉ៃ​ថា មិត្តភក្កិ​មា្នក់ ឬ សមាជិក​គ្រួសារ​ម្នាក់​មាន​វិប្បដិសារី​ចំពោះ​អំពើ​បាប​របស់​គាត់ ហើយ​មាន​បំណងប្រាថ្នា​ដ៏​ស្មោះ​ដើម្បី​ប្រែចិត្ត និង បែរ​ទៅ​រក​ព្រះអម្ចាស់ ប៉ុន្តែ​មិន​ដឹង​ច្បាស់​ថា តើ​ត្រូវ​ធ្វើ​ដោយ​របៀប​ណា ។សូម​ពិនិត្យ​មើលម៉ូសាយ 7:33ហើយ​រំឭក​ឃ្លា​ទាំងឡាយ​ដែល​បង្រៀន​ពី​របៀប​ដើម្បី « បែរត្រឡប់​មករក​ព្រះអម្ចាស់ » ដោយ​ពិតប្រាកដ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​សំបុត្រ​មួយ​ទៅ​កាន់​មិត្តភក្កិ ឬ សមាជិក​គ្រួសារ​ម្នាក់​នេះដោយ​បង្រៀន​គាត់​ពី​របៀប​ដើម្បី​បែរ​ត្រឡប់​មករក​ព្រះអម្ចាស់ ។សូម​ចែកចាយ​ឃ្លា​ទាំង​បី​ពីម៉ូសាយ 7:33ដែល​អ្នក​បាន​រកឃើញ ហើយ​ពន្យល់​ពី​អត្ថន័យ​នៃ​ឃ្លា​នីមួយៗ ដោយ ( 1 ) សរសេរ​ឃ្លា​នោះ​ជា​ពាក្យសម្ដី​ផ្ទាល់​របស់​អ្នក ឬ ( 2 ) ផ្តល់ជា​គំរូ​នៃ​សកម្មភាព ឬ ឥរិយាបទ​អ្វី​ដែល​យើង​អាច​ឃើញ​ក្នុង​ជីវិត​របស់​អ្នកណា​ម្នាក់​ដែល​កំពុង​ព្យាយាម​អនុវត្ត​ឃ្លា​នោះ ។

សូម​ពិចារណា​បើសិន​អ្នក​មាន​អំពើ​បាប​ដែល​មិន​ទាន់​បាន​ប្រែចិត្ត​ដែល​អាច​ធ្វើ​ឲ្យ​មាន​សេចក្តី​ទុក្ខព្រួយ និង សោកស្តាយ​សម្រាប់​អ្នក និង អ្នក​ទាំងឡាយ​ដែល​អ្នក​ស្រលាញ់ ។អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ផ្តល់​ពាក្យ​ទូន្មាន​តទៅ​នេះ​អំពី​ការចាប់ផ្តើម​ដំណើរការ​ប្រែចិត្ត ៖ « សិក្សា និង សញ្ចឹងគិត​ដើម្បី​កំណត់​ថា តើ​ព្រះអម្ចាស់​កំណត់​ពី​អំពើ​រំលង​របស់​អ្នក​ធ្ងន់ធ្ងរ​យ៉ាងណា ។ការណ៍​នេះ​នឹង​នាំ​ទៅ​រក​សេចក្តី​ព្រួយចិត្ត និង សេចក្តី​សោកស្តាយ​ដែល​ប្រកប​ដោយ​ការព្យាបាល ។វា​ក៏​នឹង​នាំ​ទៅរក​បំណង​ប្រាថ្នា​ដ៏​ស្មោះ​មួយ​សម្រាប់​ការផ្លាស់ប្តូរ និង ឆន្ទៈ​ឲ្យ​ស្រប​ទៅ​នឹង​រាល់​តម្រូវការ​សម្រាប់​ការអភ័យទោស » ( « Finding Forgiveness » Ensignខែ ឧសភា ឆ្នាំ 1995 ទំព័រ 76 ) ។

ម៉ូសាយ 8:5–21

អាំម៉ូន​រៀន​ពី​ផ្ទាំង​សាសន៍​យ៉ារេឌ 24 សន្លឹក ហើយ​ប្រាប់​លិមហៃ​ពី​អ្នក​មើល​ឆុត​ម្នាក់​ដែល​អាច​បកប្រែ​ផ្ទាំង​ទាំង​នោះ

សូម​រក​នឹក​ពី​ការធ្វើដំណើរ​ចំនួន 4 លើក​នៅ​លើ​ផែនទី​នៅពេល​ចាប់ផ្តើម​មេរៀន​នេះ​ថា មនុស្ស​ដែល​បាន​ព្យាយាម​ស្វែងរក​ផ្លូវ​ទៅកាន់​សារ៉ាហិមឡា បាន​ប្រទះ​ឃើញ​កំទេចកំទី​នៃ​ជាតិសាសន៍​ទាំងមូល​ដែល​ត្រូវបាន​បំផ្លាញ​ចោល ។ពួក​គេ​ក៏បាន​ប្រទះឃើញ​ផ្ទាំង​មាស​ចំនួន 24 ផ្ទាំង​ដែល​ពួកគេ​យក​ទៅ​ឲ្យ​លិមហៃ ( សូមមើលម៉ូសាយ 8:5–9 ) ។លិមហៃ​បាន​សួរ​អាំម៉ូន​ថា តើ​គាត់​ស្គាល់​នរណា​ម្នាក់​ដែល​មាន​សមត្ថភាព​ដើម្បី​បកប្រែ​ផ្ទាំង​ទាំងនេះ ( សូម​មើលម៉ូសាយ 8:12 ) ។អាំម៉ូន​បាន​ពន្យល់​ថា បុគ្គល​មួយ​ចំនួន​អាច​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​អំណាច​មក​ពី​ព្រះ​ដើម្បី​បកប្រែ ។សូម​អានម៉ូសាយ 8:13ហើយ​គូស​ចំណាំ​នូវ​អ្វី​ដែល​អាំម៉ូន​បាន​ហៅ​អ្នក​ទាំងឡាយ​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​សមត្ថភាព​នេះ ។

អាំម៉ូន​បាន​ពន្យល់​ថា ម៉ូសាយ ជា​ស្តេច​សាសន៍​នីហ្វៃ​ក្នុង​សារ៉ាហិមឡា​គឺ​ជា​អ្នក​មើល​ឆុត​ម្នាក់ ។សូម​ពិនិត្យ​មើលម៉ូសាយ 8:16–18ហើយ​គូសចំណាំ​នូវ​សមត្ថភាព​ទាំងឡាយ​ដែល​អ្នក​មើលឆុត​ម្នាក់​ត្រូវ​បាន​ប្រទាន​ឲ្យ​បន្ថែម​លើ​អំណាច​ដើម្បី​បកប្រែ ។

ខ​ទាំងនេះ​បង្រៀន​ថា ព្រះអម្ចាស់​ប្រទាន​នូវ​ព្យាការី អ្នក​មើលឆុត និង អ្នក​ទទួល​វិវរណៈ​ទាំងឡាយ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក ។ សព្វ​ថ្ងៃ​នេះ រាល់​សមាជិក​ម្នាក់​ៗ​នៃ​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​គឺ​ជា​ព្យាការី អ្នក​មើលឆុត និង អ្នក​ទទួល​វិវរណៈ ។

អែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានបង្រៀន​ថា ៖ « បុរស​15​នាក់​នេះ​ដែល​យើង​គាំទ្រ​ជា​ព្យាការី អ្នក​មើលឆុត និង អ្នក​ទទួល​វិវរណៈ​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​អំណាច​ដ៏​ទេវភាព​ដើម្បី​មើលឃើញ​នូវ​អ្វី​ដែល [ អ្នកដទៃ ] ជួនកាល មើលមិនឃើញ » ( « Beware of the Evil behind the Smiling Eyes » Ensignឬ​Liahonaខែ ឧសភា ឆ្នាំ 2005 ទំព័រ 47 ) ។

រូបភាព
នៅ​ខាង​ក្នុង​មជ្ឈមណ្ឌល​សន្និសិទ
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុ​អ្វី​វា​គឺ​ជា​ការឆ្លាតវៃ​ក្នុង​ការស្តាប់​អ្នក​ទាំងឡាយ​ដែល​អាច​មើល​ឃើញ​រឿង​ទាំងឡាយ​ដែល​អ្នក​មិន​អាច​មើល​ឃើញ ?

    2. តើ​អ្នក​បាន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការស្តាប់​តាម​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ​សម័យ​ទំនើប ?

    3. តើ​មាន​វិធី​ណា​ខ្លះ​ដែល​អ្នក​អាច​រៀន​ពី​ព្យាការី អ្នក​មើលឆុត និង អ្នក​ទទួល​វិវរណៈ​សម័យ​ទំនើប ?

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សាម៉ូសាយ 7–8 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖