ថ្នាក់​សិក្ខាសាលា
មេរៀនទី 23 ៖ ថ្ងៃទី 2 ហេលេមិន 11–12


មេរៀនទី 23 ៖ ថ្ងៃទី 2

ហេលេមិន 11–12

សេចក្តីផ្ដើម

ហេលេមិន 11–12 រៀបរាប់​ពី​រយៈពេល 14 ឆ្នាំ នៃ​ប្រវត្តិសាស្ត្រ​សាសន៍​នីហ្វៃ និង បង្ហាញ​ពី​ប្រជជាន​ដែល​បាន​ឆ្លងកាត់​នូវ​វដ្ដ​នៃ​សេចក្ដី​សុចរិត និង សេចក្ដី​ទុច្ចរិត ។ ដោយសារ​ភាពឆ្មើងឆ្មៃ​របស់​ពួកគេ នោះ​ប្រជាជន​បាន​បដិសេធ​ដើម្បី​ប្រែចិត្ត​ពី​ភាពទុច្ចរិត​របស់​ពួកគេ ។ នីហ្វៃ​បាន​បិទភ្ជាប់​ស្ថានសួគ៌ ដែល​បណ្ដាល​ឲ្យ​មាន​ភាពរាំងស្ងួត និង អំណត់​អត់ ។ ភាពរាំងស្ងួត និង អំណត់​អត់ បាន​ធ្វើ​ឲ្យ​ប្រជាជន​បន្ទាប​ខ្លួន ហើយ​ពួកគេ​បាន​ប្រែចិត្ត និង បែរ​មករក​ព្រះអម្ចាស់ ។ ដោយសារ​ពួកគេ​ពុំ​បាន​ជ្រើសរើស​បន្ទាបខ្លួន នោះ​ប្រជាជន​បាន​ចាប់ផ្ដើម​ភ្លេច​ព្រះអម្ចាស់​ជា​ព្រះ​របស់​គេ​ដោយ​ងាយ រហូត​ទាល់តែ​ពួកគេ​ត្រូវបាន​នាំ​ឲ្យ​ដឹង ថាតើ​ពួកគេ​ត្រូវការ​ជំនួយ​របស់​ទ្រង់​ខ្លាំង​យ៉ាងណា ។ ព្រះ​វាយផ្ចាល​រាស្ត្រ​ទ្រង់​នៅក្នុង​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ ដើម្បី​នាំ​ពួកគេ​ឲ្យ​ប្រែចិត្ត និង ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ។

ហេលេមិន 11

ពួក​សាសន៍​នីហ្វៃ​ឆ្លងកាត់​វដ្ដ​នៃ​សេចក្ដី​សុចរិត និង សេចក្ដី​ទុច្ចរិត

  1. សូម​គូរ​រង្វង់​វដ្ដ​នៃ​សេចក្ដី​សុចរិត និង សេចក្ដី​ទុច្ចរិត​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ ជាញឹកញាប់ វដ្ដ​នេះ​សំដៅ​ដល់ « វដ្ដ​នៃ​ភាពឆ្មើងឆ្មៃ » ។ សូម​កត់ចំណាំ​ថា ចំណុច​លេខ 4 នៃ​វដ្ដ​នេះ​គឺ​នៅ​ចន្លោះ​ទទេ ។ តើ​អ្នក​គិត​ថា អ្វី​ដែល​នឹង​លើក​ប្រជាជន​ឡើង​ចេញពី​ការបំផ្លិច​បំផ្លាញ និង ការរងទុក្ខ ទៅកាន់​ភាពសុចរិត និង ការចម្រុង​ចម្រើន ? ពេល​អ្នក​សិក្សា ហេលេមិន 11 សូម​រកមើល​ព័ត៌មាន​ដើម្បី​ជួយ​អ្នក​បំពេញ​ជំហាន​នេះ ដែល​នៅក្នុង​វដ្ដ​នេះ ។

    រូបភាព
    Rightous Cycle

ពេល​អ្នក​អាន​នៅក្នុង ហេលេមិន 10 ប្រជាជន​មិន​ចង់​ស្ដាប់​ដល់​ព្រះបន្ទូល​នៃ​ព្រះ ដែល​ផ្ដល់​ដោយ​ព្យាការី​នីហ្វៃ​នោះទេ ។ សូម​រំឭក ហេលេមិន 10:18 ឡើងវិញ ហើយ​កំណត់​ពី​ទីតាំង​នៅលើ​វដ្ដ​នៃ​ភាពឆ្មើងឆ្មៃ ដែល​អ្នក​គិត​ថា ពួក​សាសន៍​នីហ្វៃ​ស្ថិត​នៅលើ​នៅ​ពេល​នោះ ( ចុង​ឆ្នាំ​ទី 71 នៃ​រជ្ជកាល​នៃ​ពួក​ចៅក្រម ) ។

សកម្មភាព​ព្រះគម្ពីរ​ខាងក្រោម​នេះ នឹង​ជួយ​អ្នក​ឲ្យ​ឃើញ​ពី​វដ្ដ​នៃ​សេចក្ដី​សុចរិត និង សេចក្ដី​ទុច្ចរិត​នេះ ដែល​មាន​នៅក្នុង​ចំណោម​ប្រជាជន​ក្នុង​ព្រះគម្ពីរ​មរមន អស់​រយៈពេល 14 ឆ្នាំ នៃ​ប្រវត្តិសាស្ត្រ​របស់​ពួកគេ ។ នៅក្នុង​តារាង​ខាងក្រោម សូម​អាន​ខ​យោង​ទាំងឡាយ​ដែល​ចេញពី ហេលេមិន 11 សរសេរ​ការពិពណ៌នា​សង្ខេប​មួយ​ពី​ស្ថានភាព​របស់​ពួក​សាសន៍​នីហ្វៃ ហើយ​សរសេរ​ចំនួន​ដង​ដែល​បង្ហាញ​ពី​ទីតាំង​នៅលើ​វដ្ដ​នៃ​ភាពឆ្មើងឆ្មៃ​ដែល​អ្នក​ដាក់​ពួកគេ​នៅលើ ។ មាន​ឧទាហរណ៍​ពីរ​ដែល​បាន​ផ្ដល់​ដល់​អ្នក ។ សូម​រកមើល​ពាក្យ​ទាំងឡាយ ដើម្បី​ជួយ​អ្នក​បំពេញ​ជំហាន​ទី​បួន​ដែល​នៅ​ចន្លោះ​ទទេ​នោះ នៅលើ​រង្វង់​វដ្ដ ដែល​អ្នក​គូរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ឆ្នាំ​នៃ​រជ្ជកាល​នៃ​ពួក​ចៅក្រម

ហេលេមិន 11

ការពិពណ៌នា​សង្ខេប​ពី​ស្ថានភាព​របស់​ពួក​សាសន៍​នីហ្វៃ

ទីតាំង​នៅលើ​រង្វង់​វដ្ដ

72–73

ខ 1–2

ការទាស់ទែងគ្នា និង សង្គ្រាម​បាន​កើនឡើង ពួក​ក្រុមចោរ​សម្ងាត់​បាន​បន្ត​កិច្ចការ​នៃ​ការបំផ្លិច​បំផ្លាញ ។

2, 3

73–75

ខ 3–6

75

ខ 7, 9–12

76–77

ខ 17–18, 20–21

ប្រជាជន​រីករាយ និង តម្កើង​ព្រះ ពួកគេ​សុចរិត ហើយ​ចម្រើន​ឡើង​ម្ដងទៀត ។

4, 1

78–79

ខ 22–23

80

ខ 24–26

80–81

ខ 27–30, 32–35

82–85

ខ 36–37

ដូច​មាន​បង្ហាញ​នៅក្នុង​សកម្មភាព​ព្រះគម្ពីរ ចំណុច​លេខ 4 នៅក្នុង​វដ្ដ​នៃ​ភាពឆ្មើងឆ្មៃ​គឺ « ការបន្ទាប​ខ្លួន និង ការប្រែចិត្ត » ។ សូម​សរសេរ​វា​នៅលើ​តារាង​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  1. វដ្ដ​នៃ​ភាពឆ្មើងឆ្មៃ មិន​ត្រឹមតែ​ជា​ការឆ្លុះ​បញ្ចាំង​ពី​សង្គម​មួយ​ប៉ុណ្ណោះ​ទេ ។ វា​ក៏​អាច​ត្រូវ​គេ​មើលឃើញ​នៅក្នុង​ក្រុមគ្រួសារ​មួយ ឬ នៅក្នុង​ជីវិត​បុគ្គល​ម្នាក់​ផងដែរ ។ ការយល់​ថាតើ​វា​កើតឡើង​ដោយ​របៀប​ណា អាច​ជួយ​អ្នក​ចៀសវាង​ពី​វា ។ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​អ្វី​ដែល​អ្នក​គិត​ថា​ចាំបាច់​សម្រាប់​អ្នក ដើម្បី​ចៀសវាង​ពី​ការចូល​ទៅក្នុង​ទីតាំង « ការឆ្មើងឆ្មៃ និង ភាពទុច្ចរិត » ឬ « ការបំផ្លិចបំផ្លាញ និង ការរងទុក្ខ » របស់​វដ្ដ​នោះ ។

អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​តទៅ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅ ហេលេមិន 11 ៖ តាមរយៈ​ការបន្ទាបខ្លួន និង ការប្រែចិត្ត យើង​អាច​ចៀសវាង​ពី​ការឆ្មើងឆ្មៃ និង ការបំផ្លិច​បំផ្លាញ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នៅក្នុង ហេលេមិន 11:4 នូវ​អ្វី​ដែល​នីហ្វៃ​បាន​សង្ឃឹម​ថា អំណត់​អត់​នឹង​ធ្វើ​សម្រាប់​ប្រជាជន​នេះ ។

សូម​គិត​អំពី​ចម្លើយ​ទាំងឡាយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​សង្គម​មួយ ក្រុមគ្រួសារ​មួយ ឬ បុគ្គល​ម្នាក់ ត្រូវតែ​ធ្វើ​តាម​វដ្ដ​នៃ​ភាពឆ្មើងឆ្មៃ​ឬ ?

  • តើ​អ្នក​គិត​ថា សង្គម​មួយ ក្រុមគ្រួសារ​មួយ ឬ បុគ្គល​ម្នាក់​ត្រូវ​ធ្វើ​អ្វី ដើម្បី​ចៀសវាង​ពី​ការធ្លាក់​ចូល​ទៅក្នុង​វដ្ដ​នៃ​ភាពឆ្មើងឆ្មៃ ?

អែលឌើរ រីឆាដ ជី. ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ទាក់ទង​ទៅនឹង​ការអធិស្ឋាន​របស់​នីហ្វៃ ដូច​តទៅ​នេះ​ថា ៖ « ព្រះអម្ចាស់​បានឮ​ការទូល​អង្វរ​របស់​អ្នក​បម្រើ​ទ្រង់ [ នៅក្នុង ហេលេមិន 11:10–14 ] ហើយ​បានធ្វើ​ឲ្យ​ឈប់​មាន​អំណត់អត់ ប៉ុន្តែ​មិនបាន​ឈប់​ភ្លាមៗ​ទេ គឺ​រហូត​ដល់​ឆ្នាំ​ក្រោយ​ទៀត ។ ហេតុការណ៍​នេះ​បង្ហាញ​ថា ព្រះអម្ចាស់​ឮ​ការអង្វរ​របស់​យើង​ភ្លាមៗ ប៉ុន្តែ ឆ្លើយតប​នៅពេល​ណា នោះ​គឺ​ទៅតាម​ប្រាជ្ញា​ទ្រង់ យើង​នឹង​ទទួល​បាន​ផលប្រយោជន៍​ធំបំផុត​ពី​ការឆ្លើយតប​របស់​ទ្រង់ » ( “Nephi, Son of Helaman” នៅក្នុង Heroes from the Book of Mormon [1995] ទំព័រ 154 ) ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ ដើម្បី​ចៀសវាង​ពី​ការធ្លាក់​ចូល​ក្នុង​វដ្ដ​នៃ​ភាពឆ្មើងឆ្មៃ​ថា ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ព្រះ​នឹង​មាន​មនុស្ស​បន្ទាប​ខ្លួន ។ យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាបខ្លួន ឬ យើង​អាច​ត្រូវ​បង្ខិត​បង្ខំ​ឲ្យ​បន្ទាបខ្លួន ។ អាលម៉ា​បាន​និយាយ​ថា ‹ មាន​ពរ​ហើយ​ដល់​ពួក​អ្នក​ណា​ដែល​បាន​បន្ទាបខ្លួន​ដោយ​ពុំ​បាច់​គេ​បង្ខំ › ។ ( អាលម៉ា 32:16 ) ។

« ចូរ​យើង​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួន ។

« យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួន​ឯង ដោយ​ការយកឈ្នះ​នូវ​ភាពអមិត្ត [ ការស្អប់ ] ចំពោះ​បងប្អូន​ប្រុសស្រី​របស់​យើង ដោយ​ការគោរព​រាប់អាន​ពួកគេ​ដូច​ខ្លួន​យើង​ដែរ ហើយ​លើក​ពួកគេ​ឡើង​ឲ្យ​ខ្ពស់ ឬ ខ្ពស់​ជាង​យើង ។ …

« យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួន​ឯង ដោយ​ការទទួល​ដំបូន្មាន និង ការរិះគន់ ។ …

« យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួន​ឯង ដោយ​ការអត់ទោស​ដល់​ពួក​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​យើង​អាក់អន់​ចិត្ត ។ …

« យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួន​ឯង ដោយ​ការផ្ដល់​នូវ​ការបម្រើ​ដែល​គ្មានភាព​អាត្មា​និយម ។ …

« យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួន​ឯង ដោយ​ការទៅ​បម្រើ​បេសកកម្ម និង ផ្សព្វផ្សាយ​នូវ​ពាក្យ​ដែល​ធ្វើ​ឲ្យ​អ្នក​ផ្សេងទៀត​បន្ទាបខ្លួន ។ …

« យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួន​ឯង ដោយ​ការទៅកាន់​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​កាន់តែ​ញឹកញាប់ ។

« យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួន​ឯង ដោយ​ការសារភាព និង លះបង់​ចោល​នូវ​អំពើ​បាប​របស់​យើង និង កើត​ពី​ព្រះ ។ …

« យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួន​ឯង ដោយ​ការស្រឡាញ់​ព្រះ ព្រមចុះចូល​បំណង​របស់​យើង​ទៅ​នឹង​របស់​ទ្រង់ និង ដាក់​ទ្រង់​ជា​ទីមួយ​នៅក្នុង​ជីវិត​យើង ។ …

« ចូរ​យើង​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួន ។ យើង​អាច​ធ្វើ​វា​បាន ។ ខ្ញុំ​ដឹង​ថា​យើង​អាច » ( “Beware of Pride” Ensign ខែ ឧសភា ឆ្នាំ 1989 ទំព័រ 6–7 ) ។

ហេលេមិន 12

មរមន​ពន្យល់​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​វាយផ្ចាល​ប្រជាជន

សូម​ស្រមៃ​ថា អ្នក​ជា​ព្យាការី​មរមន ហើយ​បាន​បញ្ចប់​ការសរសេរ​អំពី​ប្រវត្តិសាស្ត្រ​រយៈពេល 14 ឆ្នាំ របស់​សាសន៍​នីហ្វៃ ដែល​មាន​ក្នុង ហេលេមិន 11 ។ តើ​អ្នក​នឹង​បំពេញ​សេចក្ដី​ថ្លែង​តទៅ​នេះ​ដូចម្ដេច ៖ « ម៉្លោះហើយ យើង​អាច​ឃើញ​ថា  » ។

សូម​អាន ហេលេមិន 12:1 ហើយ​រកមើល​ពី​អ្វី​ដែល​មរមន​ចង់​ឲ្យ​យើង​ឃើញ ។ សូម​គិត​ថាតើ​មរមន​អាច​មានន័យ​យ៉ាងណា ដោយ​ការនិយាយ​ថា « ចិត្ត​នៃ​កូនចៅ​មនុស្ស​ខុសឆ្គង ហើយ​គ្មាន​ភាពនឹងន​យ៉ាងណា » ?

សូម​សិក្សា ហេលេមិន 12:2–3 ហើយ​រកមើល​មេរៀន​ផ្សេងៗ​ទៀត ដែល​មរមន​ចង់​ឲ្យ​យើង​រៀន ។ សូម​យកចិត្ត​ទុកដាក់​ឲ្យ​បាន​ដិតដល់​ដល់​ឃ្លា​ថា « យើង​អាច​ឃើញ​ថា » ( ខ 2 ) និង « ម៉្លោះហើយ យើង​ឃើញ​ថា » ( ខ 3 ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​វា​ងាយស្រួល​នឹង​ភ្លេច​ព្រះ​ម៉្លេះ សម្រាប់​ពួក​អ្នក​ទាំងឡាយ​ដែល​កំពុង​ចម្រើន​ឡើង​នោះ ?

    2. តើ​គំរូ​ពី​ភាពងាយស្រួល និង ភាពចម្រុង​ចម្រើន​អ្វីខ្លះ នៅក្នុង​ជំនាន់​របស់​យើង​នេះ ដែល​នាំ​មនុស្ស​ម្នាក់​ឲ្យ​ភ្លេច​ព្រះ ?

    3. តើ​អ្នក​ដឹង​ថា ស្ថានភាព​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ ឬ មួយក្រុម​ភ្លេច​ព្រះ នៅក្នុង​ភាពចម្រុង​ចម្រើន​របស់​ពួកគេ ?

មេរៀន​មួយ​ចំនួន​ដែល​មរមន​ចង់​ឲ្យ​អ្នក​អាន​របស់​លោក​រៀន​គឺ ៖ បើ​យើង​មិន​ប្រុងប្រយ័ត្ន​ទេ នោះ​ភាពចម្រុង​ចម្រើន​របស់​យើង អាច​នាំ​យើង​ឲ្យ​ភ្លេច​ព្រះ និង ព្រះអម្ចាស់​វាយផ្ចាល​រាស្ត្រ​ទ្រង់​ដើម្បី​ដាស់​ការចងចាំ​របស់​ពួកគេ​ពី​ទ្រង់ ។

រូបភាព
អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន

អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​វាយផ្ចាល​យើង​ថា ៖

« ទោះបី​ជា​វា​ពិបាក​ស៊ូទ្រាំ តែ​ជា​ការពិត យើង​គួរតែ​រីករាយ​ដែល​ព្រះ​ទ្រង់​ចាត់ទុក​ថា​យើង​មាន​តម្លៃ​សម​នឹង​ពេលវេលា និង បញ្ហា​ដែល​ត្រូវ​កែតម្រូវ ។

« ការវាយផ្ចាល​ដ៏​ទេវភាព​មាន​គោលបំណង​យ៉ាងហោច​ណាស់​បី ៖ ( 1 ) ដើម្បី​លួងលោម​យើង​ឲ្យ​ប្រែចិត្ត ( 2 ) ដើម្បី​ដុះខាត់ និង ធ្វើ​ឲ្យ​យើង​បាន​បរិសុទ្ធ និង ( 3 ) នៅពេល​នានា គឺ​ដើម្បី​តម្រង់​ទិស​នៃ​ជីវិត​យើង​ឡើងវិញ ទៅ​នឹង​អ្វី​ដែល​ព្រះ​ជ្រាប​ថា​ជា​ផ្លូវ​ល្អ​ជាង » ( “As Many as I Love, I Rebuke and Chasten” Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ 2011 ទំព័រ 98 ) ។

តើ​គោលបំណង​ណា​មួយ​នៃ​គោលបំណង​ទាំងនោះ ដែល​អ្នក​មាន​អារម្មណ៍​ថា​ឆ្លុះ​បញ្ចាំង​ពី​ព្រះបំណង​របស់​ព្រះអម្ចាស់ នៅក្នុង​ការវាយផ្ចាល​ពួក​សាសន៍​នីហ្វៃ និង ពួក​សាសន៍​លេមិន នៅក្នុង ហេលេមិន 11–12 ? តើ​គោលបំណង​មួយ​ណា​ដែល​ទ្រង់​បានប្រើប្រាស់​ក្នុង​ការវាយផ្ចាល​ក្នុង​ជីវិត​អ្នក ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូមអាន ហេលេមិន 12:4–6 ហើយ​រកមើល​ការពិពណ៌នា​បន្ថែម​ពី​ពួកអ្នក​ដែល​ភ្លេច​ព្រះ ។ តើ​អាកប្បកិរិយា​ផ្ទាល់​ខ្លួន​អ្វី​ខ្លះ ដែល​រារាំង​បុគ្គល​ទាំងឡាយ​ពី​ការចងចាំ​ព្រះ ?

    2. សូម​អាន ហេលេមិន 12:7–13 ។ ហេតុអ្វី​បាន​ជា​មរមន​និយាយ​ថា « កូនចៅ​នៃ​មនុស្ស … អន់ជាង​ធូលីដី​ទៅទៀត » ? តើ​ធូលីដី​ធ្វើ​អ្វី ដែល​មនុស្ស​ពុំ​មាន​ឆន្ទៈ​នឹង​ធ្វើ នៅពេល​ខ្លះ ?

រូបភាព
ព្រះយេហូវ៉ា​បង្កើត​ផែនដី
រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​បង្រៀន​ថា ៖ « ឥឡូវ​នេះ ព្យាការី [ មរមន ] នេះ ពុំ​បាន​មានន័យ​នឹង​និយាយ​ថា ព្រះអម្ចាស់​ខ្វល់ខ្វាយ និង ស្រឡាញ់​ធូលីដី​ច្រើន​ជាង​ទ្រង់​ស្រឡាញ់​កូនចៅ​របស់​ទ្រង់​នោះទេ ។ … អ្វី​ដែល​លោក​មានន័យ​នោះ​គឺ​ថា ធូលីដី​គោរព​ប្រតិបត្តិ ។ វា​ធ្វើ​ចលនា​ចុះឡើង​ទៅតាម​បញ្ជា​របស់​ព្រះអម្ចាស់ ។ គ្រប់​អ្វីៗ​ទាំងអស់​គឺ​ស្រប​នឹង​ក្រិត្យវិន័យ​របស់​ទ្រង់ ។ ដូចដែល​ខ្ញុំ​ដឹង គ្រប់​អ្វីៗ​ទាំងអស់​នៅក្នុង​សកលលោក​នេះ គោរព​ប្រតិបត្តិ​ដល់​ក្រិត្យវិន័យ​ដែល​បាន​ផ្ដល់​ដល់​វា លើកលែង​តែ​មនុស្ស​ប៉ុណ្ណោះ​ដែល​មិន​គោរព ។ គ្រប់​ទីកន្លែង​ដែល​អ្នក​ក្រឡេក​មើល អ្នក​ឃើញ​មាន​ក្រិត្យវិន័យ និង របៀប ធាតុ​ទាំងឡាយ​ដែល​គោរព​ប្រតិបត្តិ​ដល់​ក្រិត្យវិន័យ​ដែល​បាន​ផ្ដល់​ដល់​ពួកវា គឺ​ពិតត្រង់​ចំពោះ​ការហៅ​របស់​វា ។ ប៉ុន្តែ មនុស្ស​បះបោរ ហើយ​ក្នុង​ករណី​នេះ មនុស្ស​គឺ​អន់ជាង​ធូលីដី ដោយសារ​គេ​បដិសេធ​ដំបូន្មាន​របស់​ព្រះអម្ចាស់ » ( នៅក្នុង Conference Report ខែ មេសា ឆ្នាំ 1929 ទំព័រ 55 ) ។

មរមន​បានយល់​ថា មនុស្ស​ដែល​នឹង​ទុក​ព្រះ​ជា​អ្នក​ដឹកនាំ​របស់​ខ្លួន គឺ​ប្រសើរ​ជាង​ធូលីដី ។ ការប្រៀបធៀប​របស់​លោក គឺ​ដើម្បី​ទាញ​ការយកចិត្ត​ទុកដាក់​របស់​ពួកអ្នក​ដែល​ឆ្មើងឆ្មៃ និង បដិសេធ​សំឡេង​របស់​ព្រះអម្ចាស់ និង ពួក​អ្នក​ដែល​គ្មាន​ចិត្ត​នឹងន ។ ដូច​មាន​កត់ត្រា​នៅក្នុង ហេលេមិន 12:9–20 មរមន​បាន​រំឭក​យើង​ពី​អំណាច​ដ៏​មហិមា​របស់​ព្រះអម្ចាស់ ទៅលើ​ធាតុ​ខាង​សាច់ឈាម​ទាំងឡាយ—ពួកវា​ធ្វើ​ចលនា​ទៅតាម​បញ្ជា​របស់​ទ្រង់ ។ សូម​យក​ពេល​មួយ​ស្របក់ ដើម្បី​សញ្ជឹងគិត​ពី​កម្រិត​នៃ​ការគោរព​ប្រតិបត្តិ​របស់​អ្នក ចំពោះ​បទបញ្ញត្តិ​របស់​ព្រះ ។ តើ​ឆន្ទៈ​របស់​អ្នក​ក្នុង​ការគោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ បង្ហាញ​ពី​ការបន្ទាប​ខ្លួន​ដូច​ម្ដេច​ដែរ ? តើ​ការប្រើប្រាស់​សិទ្ធិ​ជ្រើសរើស​របស់​យើង ដើម្បី​មិន​គោរព​ដល់​ព្រះបន្ទូល​របស់​ទ្រង់ បង្ហាញ​ពី​ភាពឆ្មើងឆ្មៃ​ដូច​ម្ដេច​ដែរ ?

  1. សូម​សរសេរ និង បញ្ចប់​ឃ្លា​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ម៉្លោះហើយ ខ្ញុំ​ឃើញ​នៅក្នុង ហេលេមិន 11–12 ថា…

    2. ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​នឹង …

ពេល​យើង​ចងចាំ​ព្រះអម្ចាស់ ស្ដាប់​ដល់​សំឡេង​របស់​ទ្រង់ និង ប្រែចិត្ត នោះ​យើង​បង្ហាញ​ពី​ការបន្ទាប​ខ្លួន​របស់​យើង និង សេចក្ដី​ជំនឿ​របស់​យើង​លើ​ទ្រង់ ។ ត្រឡប់​មកវិញ ទ្រង់​រក្សា​ការសន្យា​របស់​ទ្រង់​ថា​ប្រទានពរ និង ធ្វើ​ឲ្យ​យើង​ចម្រុង​ចម្រើន ដោយ​ប្រទាន​នូវ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​យើង នៅទី​បំផុត ។

  1. សូម​សរសេរ​កំណត់​ចំណាំ​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ហេលេមិន 11–12 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖