ថ្នាក់​សិក្ខាសាលា
មេរៀនទី 16 ៖ ថ្ងៃទី 1 អាលម៉ា 11


មេរៀនទី 16 ៖ ថ្ងៃទី 1

អាលម៉ា 11

សេចក្តីផ្ដើម

អាមូលេក​បានដេញដោល​គ្នា​ជាមួយ​នឹង​អ្នក​ច្បាប់​ស៊ីអ៊ែសរ៉ុម ដែល​បានព្យាយាម​ធ្វើ​ឲ្យ​លោក​បដិសេធ​ព្រះ​ដ៏​ពិត និង មាន​ព្រះជន្ម​រស់ ។ ខណៈ​ដែល​លោក​បានការពារ​សេចក្ដី​ជំនឿ​របស់​លោក ទាស់​នឹង​ការព្យាយាម​របស់​ស៊ីអ៊ែសរ៉ុម ក្នុង​ការដាក់​អន្ទាក់​លោក នោះ​អាមូលេក​បាន​ថ្លែង​ទីបន្ទាល់​ថា សេចក្ដី​សង្គ្រោះ​ពី​អំពើបាប បានមក​មានតែ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ។ អាមូលេក​បានថ្លែង​ទីបន្ទាល់​យ៉ាង​រឹងមាំ​ថា មនុស្សលោក​ទាំងអស់​នឹង​បានរស់​ឡើង​វិញ និង ត្រូវ​ជំនុំ​ជម្រះ​ដោយ​ព្រះ ។ ដោយសារ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ អ្នក​នឹង​បាន​រស់ឡើង​វិញ ហើយ​នៅថ្ងៃមួយ នឹង​ឈរ​នៅ​ចំពោះ​ព្រះ និង ផ្ដល់​នូវ​ដំណើររឿង​នៃ​ជីវិត​អ្នក​នៅលើ​ផែនដី ។

អាលម៉ា 11:1–25

អាមូលេក​ច្រានចោល​នូវ​ការល្បួង​របស់​ស៊ីអ៊ែសរ៉ុម ដែល​ល្បួង​លោក​ឲ្យ​បដិសេធ​ថា​មាន​ព្រះ ។

សូម​គិត​ពី​អ្វី​មួយ​ដែល​ជា​កម្មសិទ្ធ​របស់​អ្នក ​វា​មាន​តម្លៃ​យ៉ាងខ្លាំង​ចំពោះ​អ្នក ដែល​អ្នក​នឹង​មិន​លក់​វា​ឡើយ ។ សូម​គិត​ពី​មូលហេតុ​ដែល​វា​មាន​តម្លៃ​ដល់​ម្ល៉េះ​ចំពោះ​អ្នក ។ នៅក្នុង អាលម៉ា 11 ពេលដែល​អាលម៉ា និង អាមូលេក បានបន្ត​បង្រៀន​ប្រជាជន​អាំម៉ូណៃហា មាន​អ្នកច្បាប់​ទុច្ចរិត​ម្នាក់​ឈ្នោះ​ស៊ីអ៊ែសរ៉ុម បានមកប្រទល់​មុខ​គ្នា​នឹង​អាមូលេក ហើយ​បាន​ឲ្យ​ប្រាក់​ដល់​លោក ជា​ការប្ដូរ​នឹង​អ្វី​មួយ​ដែល​មាន​តម្លៃ​ខ្លាំងបំផុត​ចំពោះ​អាមូលេកនោះ ។ ព្រះគម្ពីរ​ពិពណ៌នាអំ​ពី​ស៊ីអ៊ែសរ៉ុម​ថា ​ជា « មនុស្ស​ដែល​ស្ទាត់​ជំនាញ​នឹង​មធ្យោបាយ​ទាំងឡាយ​ខាង​អារក្ស » ( អាលម៉ា 11:21 ) ដែល​មានន័យ​ថា គាត់​បាន​រៀន​ពី​របៀប​ប្រើប្រាស់​យុទ្ធសាស្ត្រ ផែនការ ការបំភាន់ និង ល្បិច​ដូចគ្នា ដែល​សាតាំង​ប្រើប្រាស់​ដើម្បី​ទាក់ចិត្ត​មនុស្ស​ផ្សេងទៀត ឲ្យ​ចេញ​ពី​សុចរិតភាព និង សេចក្ដី​ពិត ។

សូម​ពិនិត្យ​មើល អាលម៉ា 11:21–22 ហើយ​រកមើល ថាតើ​ប្រាក់​ប៉ុន្មាន​ដែល​ស៊ីអ៊ែសរ៉ុម​បាន​ផ្ដល់​ដល់​អាមូលេក និង អ្វី​ដែល​គាត់​ចង់​ឲ្យ​អាមូលេក​ធ្វើ​ជា​ថ្នូរ​នឹង​ប្រាក់​នោះ ។ មួយ « អុនតៃ » គឺ​ជា​ប្រាក់​ដែល​មាន​តម្លៃ​បំផុត​នៃ​ប្រាក់កាក់​របស់​ពួក​សាសន៍​នីហ្វៃ ( សូមមើល អាលម៉ា 11:6, 11–13 ) ។ មួយ​អុនតៃ​មាន​តម្លៃ​ប្រហែល​នឹង​ប្រាក់​កម្រៃ​មួយ​សប្ដាហ៍​របស់​ចៅក្រម​ម្នាក់ ( សូមមើល អាលម៉ា 11:3 ) ។

សូម​ឆ្លើយ​សំណួរ​ខាងក្រោម​ទាំងនេះ ៖

  • តើ​ពេល​ណា​ដែល​អ្នក​បានឃើញ​នរណា​ម្នាក់ បដិសេធ​ការទាក់ចិត្ត​នៃ​លោកិយ ដូចជា​អ្វី​ដែល​បាន​ផ្ដល់​ដល់​អាមូលេក​នោះ ?

  • តើ​ការឃើញ​ពី​ការណ៍​នេះ បាន​បំផុស​អ្នក​ឲ្យ​នៅ​ស្មោះត្រង់​យ៉ាងណា​ដែរ ?

សូម​អាន អាលម៉ា 11:23–25 ដើម្បី​ឃើញ ថាតើ​អាមូលេក​បាន​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ការ​ផ្ដល់ឲ្យ​របស់​ស៊ីអ៊ែសរ៉ុម ។ បន្ទាប់មក សូម​ឆ្លើយ​សំណួរ​ដែល​នៅក្នុង​សៀវភៅ​ណែនាំ​ការសិក្សា​របស់​អ្នក​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា ហេតុអ្វី​អាមូលេក​មិន​ចាប់​អារម្មណ៍​លើ​ការផ្ដល់ឲ្យ​របស់​ស៊ីអ៊ែសរ៉ុម ?

  • តាមរយៈ អាលម៉ា 11:25 តើ​អ្វី​ជា​ផែនការ​របស់​ស៊ីអ៊ែសរ៉ុម នៅក្នុង​ការផ្ដល់ឲ្យ​ប្រាក់​ចំនួន​ប្រាំមួយ​អុនតៃ​ទៅ​អាមូលេក ?

  • តើ​ការណ៍​នេះ​ស្រដៀង​គ្នា​យ៉ាងណា​ដែរ ទៅនឹង​អ្វី​ដែល​សាតាំង​ធ្វើ ពេល​មនុស្ស​ព្រម​ធ្លាក់ចូល​ក្នុង​ការល្បួង​របស់​វា​នោះ ?

  1. សូម​បំពេញ​លំហាត់​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ដើម្បី​រកឃើញ​ឲ្យ​កាន់តែ​ច្បាស់ ពី​របៀប​ដែល​អាមូលេក​អាច​ទប់ទល់​មិន​ចុះចាញ់​ការផ្ដល់ឲ្យ​របស់​ស៊ីអ៊ែសរ៉ុម សូមអាន អាលម៉ា 11:22 ហើយ​បំពេញ​សេចក្ដី​ថ្លែង​តទៅ​នេះ ៖ « ខ្ញុំ​នឹង ​ពុំធ្វើអ្វី​ដែល​ផ្ទុយ​នឹង​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ឡើយ » ។ បន្ទាប់មក សូម​សរសេរ​ពាក្យ​បីបួន​មាត់​ផ្សេងទៀត ដែល​អ្នក​អាច​ដាក់​បាន​នៅក្នុង​ចន្លោះ​នោះ ដែល​ជា​សេចក្ដី​ថ្លែង​ពិត​ផងដែរ ( ឧទាហរណ៏ សូម​ពិចារណា​ពី​ពាក្យ ធ្វើ អាន ស្លៀកពាក់ មើល និង សរសេរ ) ។

    2. សូម​សរសេរ​សេចក្ដី​ថ្លែង​មួយ ដោយ​ផ្អែក​លើ អាលម៉ា 11:22 ដែល​អាច​ជួយ​អ្នក​ឲ្យ​ចាំ​ពី​របៀប​ដែល​អ្នក​អាច​យក​ឈ្នះ​ការល្បួង ដោយ​មាន​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អ្វី​ដែល​អ្នក​សរសេរ គួរតែ​បង្ហាញ​ពី​សេចក្ដី​ពិត​ដែល​ចេញ​ពី​ពាក្យ​សម្ដី​អ្នក​ផ្ទាល់​ថា ពេល​យើង​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​យកឈ្នះ​ការល្បួង​បាន ។

សូម​ផ្អាក​ក្នុង​ការសិក្សា​របស់​អ្នក​មួយ​ស្របក់ ហើយ​ពិចារណា​ពី​សំណួរ​តទៅ​នេះ ៖ តើ​ការរស់នៅ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ងាយ​ស្គាល់​ព្រះវិញ្ញាណ​បរិសុទ្ធ និង ធ្វើ​តាម​ការបំផុស​របស់​ទ្រង់ ជួយ​ខ្ញុំ​ឲ្យ​ឈ្នះ​ការល្បួង​យ៉ាងណា​ដែរ ?

សូម​អាន​ដំបូន្មាន​ខាងក្រោម​នេះ​ពី ប្រធាន ប៊យដ៍ ឃេ. ផាកកឺ ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដើម្បី​ឃើញ​ថាតើ​ការពឹងផ្អែក​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​ជួយ​អ្នក​យកឈ្នះ​លើ​ការល្បួង​យ៉ាងណា ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ. ផាកកឺ

« បើ​អ្នក​កំពុងតែ​រអិល​ធ្លាក់​ទៅក្នុង​ការណ៍​ទាំងឡាយ ដែល​អ្នក​មិនគួរ​ធ្លាក់​ចូល ឬ បើ​អ្នក​កំពុង​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស ដែល​កំពុង​តែ​ទាញ​អ្នក​ចេញ​ទៅក្នុង​ទិសដៅ​ខុស នោះ​គឺ​ជា​ពេលវេលា​ដើម្បី​ការពារ​ឯករាជ្យភាព​របស់​អ្នក សិទ្ធិ​ជ្រើសរើស​របស់​អ្នក ។ ចូរ​ស្ដាប់​ដល់​សំឡេង​នៃ​ព្រះវិញ្ញាណ ហើយ​អ្នក​នឹង​មិនត្រូវ​បាន​ដឹកនាំ​ឲ្យ​វង្វេង​ឡើយ ។ …

« … ក្នុង​នាម​ជា​អ្នក​បម្រើ​ម្នាក់​របស់​ព្រះអម្ចាស់ ខ្ញុំ​សូម​សន្យា​ថា អ្នក​នឹង​ត្រូវបាន​ការពារ​ពី​ការវាយប្រហារ​​របស់​មារសត្រូវ បើ​អ្នក​នឹង​ស្ដាប់​តាម​ការបំផុស​ដែល​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ » ( “Counsel to Youth” Ensign លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 18 ) ។

  1. ដើម្បី​ពិចារណា​ពី​ការអនុវត្ត​ដែល​អាច​ប្រព្រឹត្ត​ទៅបាន​ពី​អ្វី​ដែល​អ្នក​បានរៀន នោះ​សូម​ឆ្លើយ​នូវ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ស្ថានភាព​អ្វី​ខ្លះ ដែល​ពួក​យុវវ័យ​ត្រូវបាន​ល្បួង​ឲ្យ​កែសម្រួល​ទីបន្ទាល់​របស់​ខ្លួន ឬ មិន​អើពើរ​នឹង​ទីបន្ទាល់ ដើម្បី​រឿង​​ខាង​លោកិយ ?

    2. តើ​យោបល់​អ្វី​ខ្លះ ដែល​អ្នក​ផ្ដល់​ដល់​សិស្ស​រួម​ថ្នាក់​ម្នាក់ ដែល​នឹង​ជួយ​គាត់​ឲ្យ​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ ពេល​ប្រឈម​នឹង​ការល្បួង​បែប​នេះ ?

សូម​អនុវត្ត​អ្វី​ដែល​អ្នក​បានរៀន ដោយ​ការចងចាំ​ពី​គំរូ​របស់​អាមូលេក ពេលក្រោយ​នៅពេល​ដែល​អ្នក​ត្រូវបាន​ល្បួង​ឲ្យ​កែសម្រួល​ការជឿ ឬ តម្លៃ​របស់​អ្នក ។ សូម​ចាំ​ថា អ្នក​អាច​មាន​បទពិសោធន៍​ពី​ការ​មាន​ទំនុកចិត្ត និង ការបញ្ជាក់​អះអាង​ដែល​កាន់តែ​អស្ចារ្យ​ជាង​មុន ពេល​ដែល​អ្នក​រស់នៅ​ដោយ​សក្ដិសម និង ធ្វើ​តាម​ការបំផុស​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

អាលម៉ា 11:26–40

អាមូលេក​ថ្លែង​ទីបន្ទាល់​ពី​ព្រះរាជបុត្រា​នៃ​ព្រះ និង យកឈ្នះ​ការព្យាយាម​របស់​ស៊ីអ៊ែសរ៉ុម ក្នុង​ការបង្ខូច​ពាក្យ​សម្ដី​របស់​លោក ។

ស៊ីអ៊ែសរ៉ុម​វាយប្រហារ​សេចក្ដី​ជំនឿ​របស់​អាមូលេក​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បី​ធ្វើ​ឲ្យ​ទាក់ទង​ទៅនឹង​ខ្លួន​យើង​ផ្ទាល់ នូវ​អ្វី​ដែល​បាន​កើតឡើង​ បន្ទាប់​ពី​ស៊ីអ៊ែសរ៉ុម​បរាជ័យ​ក្នុង​ការធ្វើ​ឲ្យ​អាមូលេក​បដិសេធ​ថា​មាន​ព្រះ នោះ​សូម​គិត​ពី​ពេល​មួយ ដែល​ប្រហែល​មាន​នរណា​ម្នាក់​ទាស់​នឹង​ការជឿ​របស់​អ្នក ។ សូមអាន​ពី​ការសន្ទនា​របស់​ស៊ីអ៊ែសរ៉ុម នៅក្នុង អាលម៉ា 11:26–34 ហើយ​បន្ទាប់​មក​មើល​ពី​របៀប​ដែល​ស៊ីអ៊ែសរ៉ុម​មួល​បង្កាច់​ពាក្យ​របស់​អាមូលេក នៅក្នុង អាលម៉ា 11:35 ។

សូមអាន​ពី​របៀប​ដែល​អាមូលេក​កែ​ពាក្យ​បង្កាច់​បង្ខូច​នេះ នៅក្នុង អាលម៉ា 11:36–37 ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ លេខយោង 34 នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក និង អាន ហេលេមិន 5:10–11 ។ បន្ទាប់មក សូម​ពន្យល់​ជា​ពាក្យ​សម្ដី​របស់​អ្នក​ផ្ទាល់ ពី​ភាពខុសគ្នា​រវាង​ការ​ដែល​ត្រូវបាន​សង្គ្រោះ « ក្នុង​អំពើបាប​របស់​យើង » និង ការ​ដែល​ត្រូវបាន​សង្គ្រោះ « ពី​អំពើបាប​របស់​យើង » ( អក្សរត្រេត​ត្រូវបាន​បន្ថែម ) ៖

សូមអាន អាលម៉ា 11:40 ហើយ​រកមើល​ជំហាន​ទីមួយ ដែល​អាមូលេក​បាននិយាយ​ថា​ប្រជាជន​ត្រូវ​ធ្វើ ដើម្បី​បានសង្គ្រោះ​ពី​អំពើបាប​របស់​ពួកគេ ។ មាន​មនុស្ស​ខ្លះ ដែល​ប្រកាស​ថា​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ តែ​ពួកគេ​ពុំ​ចង់​ផ្លាស់ប្ដូរ​ការប្រព្រឹត្ត​របស់​ពួកគេ​ទេ ។ ការជឿ​លើ​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ មានន័យ​ថា​មាន​សេចក្ដី​ជំនឿ​លើ​ទ្រង់ ។

រូបភាព
ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ

ដើម្បី​យល់​ឲ្យ​កាន់តែ​ច្បាស់ ថាតើ « ការជឿ​លើ​ព្រះនាម​របស់​ទ្រង់ » ( ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ) នាំ​ទៅកាន់​ការប្រែចិត្ត​យ៉ាងណា​នោះ សូម​អាន​ការដកស្រង់​តទៅ​នេះ​ពី ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ ៖ « យើង​ត្រូវការ​សេចក្ដី​ជំនឿ​ដ៏​រឹងមាំ​ក្នុង​ព្រះគ្រីស្ទ ដើម្បី​អាច​ប្រែចិត្ត​បាន ។ សេចក្ដី​ជំនឿ​របស់​យើង ត្រូវតែ​រួម​បញ្ចូល​ទាំង ‹ គំនិត​ត្រឹមត្រូវ​អំពី​និស្ស័យ ភាពឥតខ្ចោះ និង លក្ខណៈ [ របស់​ព្រះ ] › ( Lectures on Faith [1985] ទំព័រ 38 ) ។ បើ​យើង​ជឿ​ថា ព្រះ​ទ្រង់​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ ពេញ​ដោយ​ក្ដី​ស្រឡាញ់ និង ពេញ​ដោយ​សេចក្ដី​មេត្តា​ករុណា នោះ​យើង​នឹង​អាច​ដាក់​ការទុកចិត្ត​របស់​យើង​លើ​ទ្រង់​ដោយ​ពុំ​ងាករេ ដើម្បី​បាន​សេចក្ដី​សង្គ្រោះ​របស់​យើង ។ សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នឹង​ផ្លាស់ប្ដូរ​ការគិត ការជឿ និង ការប្រព្រឹត្ត​របស់​យើង ដែល​មិន​ស្រប​នឹង​ព្រះបំណង​របស់​ព្រះ » ( “Point of Safe Return” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2007 ទំព័រ 100 ) ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ

តើ​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ បាន​ជំរុញ​អ្នក​ឲ្យ​ផ្លាស់​ប្ដូរ​ការគិត ការជឿ និង ការប្រព្រឹត្ត​របស់​អ្នក​យ៉ាងណា​ដែរ ?

  1. ហេតុអ្វី​មនុស្ស​ម្នាក់​ត្រូវការ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ប្រែចិត្ត ? ដោយ​ប្រើប្រាស់​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​អាមូលេក និង ប្រធាន អុជដូហ្វ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថាតើ​អ្នក​នឹង​ពន្យល់​គោលការណ៍​តទៅ​នេះ​ដោយ​របៀប​ណា ៖ សេចក្ដី​ជំនឿ​ដ៏​ពិត​លើ​ព្រះយេស៊ូវគ្រីស្ទ គឺជា​ការចាប់ផ្ដើម​ដំណើរការ​នៃ​ការប្រោសលោះ​ពី​អំពើ​បាប​របស់​យើង ។

អាលម៉ា 11:41–46

អាមូលេក​បង្រៀន​អំពី​ដំណើរ​រស់​ឡើង​វិញ និង ការជំនុំ​ជម្រះ​របស់​មនុស្ស​លោក​ទាំងអស់

មុនពេល​អ្នក​អាន​ពី​សេចក្ដី​បញ្ចប់​នៃ​ទីបន្ទាល់​របស់​អាមូលេក ទៅកាន់​ស៊ីអ៊ែសរ៉ុម សូម​សញ្ជឹងគិត​ពី​សំណួរ​តទៅ​នេះ ៖ ដោយ​ការមិន​ជឿ​លើ​ជីវិត​បន្ទាប់​ពី​សេចក្ដី​ស្លាប់ តើ​សកម្មភាព​របស់​មនុស្ស​ម្នាក់​អាច​ត្រូវបាន​ជះ​ឥទ្ធិពល​លើ​យ៉ាង​ណា ?

  1. សូម​សរសេរ​ពាក្យ ដំណើរ​រស់​ឡើងវិញ និង ការជំនុំ​ជម្រះ ជា​ចំណងជើង​នៃ​កូឡោន​ពីរ​ផ្សេងគ្នា នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ បន្ទាប់មក សូម​ពិនិត្យ​មើល អាលម៉ា 11:41–45 រកមើល​ព័ត៌មាន​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​រកបាន អំពី​ដំណើរ​រស់​ឡើងវិញ និង ការជំនុំ​ជម្រះ ហើយ​សរសេរ​ពី​អ្វី​ដែល​អ្នក​រៀន​នៅក្រោម​ចំណងជើង​នីមួយៗ ។ អ្នក​អាច​នឹង​ចង់​សរសេរ​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​ទាំងអស់​នឹង​បាន​រស់​ឡើងវិញ ហើយ​នឹង​ត្រូវបាន​ជំនុំ​ជម្រះ​ទៅតាម​កិច្ចការ​របស់​ពួកគេ ។ ខ​ទាំងនេះ​ក៏​បង្រៀន​ផងដែរ​ថា ដំណើរ​រស់​ឡើងវិញ មានន័យ​ថា ការផ្គុំ​គ្នា​ជាថ្មី​នៃ​រូបកាយ និង វិញ្ញាណ​របស់​យើង ក្នុង « ប្រាណ​ដ៏​ល្អ​ឥតខ្ចោះ » និង « ដោយ​ត្រឹមត្រូវ » ដោយ​មិន​ត្រូវ​បំបែក​គ្នា​ម្ដងទៀត​ឡើយ ( សូមមើល អាលម៉ា 11:43, 45 ) ។

  2. សូម​ឆ្លើយ​សំណួរ​មួយ ឬ ទាំងពីរ​នៃ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការគិត និង អារម្មណ៍​អ្វី​ខ្លះ ដែល​អ្នក​មាន ពេល​អ្នក​គិត​អំពី​ការបាន​រស់​ឡើងវិញ និង ត្រូវ​ជំនុំ​ជម្រះ​នោះ ?

    2. តើ​ការជឿ​របស់​អ្នក​ដែល​ថា អ្នក​នឹង​បាន​រស់ឡើង​វិញ និង ត្រូវ​ជំនុំ​ជម្រះ​នោះ ជះ​ឥទ្ធិពល​យ៉ាងណា​ទៅលើ​របៀប​ដែល​អ្នក​ជ្រើសរើស​រស់នៅ​រាល់ថ្ងៃ ?

  3. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 11 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖