ថ្នាក់​សិក្ខាសាលា
មេរៀនទី 21 ៖ ថ្ងៃទី 4 អាលម៉ា 59–63


មេរៀនទី 21 ៖ ថ្ងៃទី 4

អាលម៉ា 59–63

សេចក្តីផ្ដើម

ហេលេមិន​បាន​សរសេរ​សំបុត្រ​មួយ​ទៅកាន់​មេទ័ព​មរ៉ូណៃ ដោយ​ប្រាប់​លោក​អំពី​ការប្រឹងប្រែង​របស់​ពលទ័ព ហើយ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​សាសន៍​នីហ្វៃ ។ មេទ័ព​មរ៉ូណៃ​មាន​សេចក្ដី​ត្រេកអរ​ដែល​បាន​ដឹង​ពី​ភាពជោគជ័យ​របស់​ហេលេមិន ប៉ុន្តែ​លោក​ខឹង​នឹង​រដ្ឋាភិបាល​ដែល​មិន​អើពើ​ក្នុង​ការបញ្ជូន​ជំនួយ​មក ។ មេទ័ព​មរ៉ូណៃ​បាន​សរសេរ​សំបុត្រ​ស្ដី​បន្ទោស​មួយ​ទៅកាន់​ពេហូរ៉ាន​ជា​មេចៅក្រម ។ នៅក្នុង​ការឆ្លើយ​តប​របស់​លោក ពេហូរ៉ាន​បាន​ប្រាប់​ពី​ការបះបោរ​មួយ​ទាស់​នឹង​រដ្ឋាភិបាល ។ មរ៉ូណៃ​បាន​ជួយ​វាយ​យកឈ្នះ​ពួក​បះបោរ ។ បន្ទាប់មក​ពលទ័ព​ទាំងឡាយ​របស់​សាសន៍​នីហ្វៃ ដោយ​ភាពសាមគ្គី អាច​វាយឈ្នះ​ពួក​សាសន៍​លេមិន ។ បន្ទាប់ពី​សង្គ្រាម​អស់​រយៈ​ពេល 14 ឆ្នាំ ពួក​សាសន៍​នីហ្វៃ​បាន​មាន​សន្តិភាព​ជា​ថ្មី​ម្ដងទៀត​នៅក្នុង​ដែនដី ធ្វើ​ឲ្យ​ហេលេមិន និង បងប្អូន​របស់​លោក​អាច​ផ្ដោត​លើ​ការស្ថាបនា​សាសនាចក្រ ។

អាលម៉ា 59

ពួក​សាសន៍​នីហ្វៃ​បាត់បង់​តំបន់​ការពារ​មួយ ហើយ​មេទ័ព​មរ៉ូណៃ​សោក​សង្រេង​ដោយសារ​ភាពទុច្ចរិត​របស់​ប្រជាជន

ពេលដែល​មេទ័ព​មរ៉ូណៃ​បានទទួល​សំបុត្រ​ពី​ហេលេមិន ដែល​ពិពណ៌នា​ពី​ភាពជោគជ័យ​របស់​ពលទ័ព​លោក មរ៉ូណៃ និង ប្រជាជន​របស់​លោក​មាន​សេចក្ដី​ត្រេកអរ ។ បន្ទាប់មក មរ៉ូណៃ​បាន​ផ្ញើ​សំបុត្រ​មួយ​ទៅកាន់​ពេហូរ៉ាន ជា​អ្នកដឹកនាំ​សាសន៍​នីហ្វៃ​នៅក្នុង​សារ៉ាហិមឡា ដោយ​សុំ​ឲ្យ​លោក​បញ្ជូន​ទ័ព​ជំនួយ និង ស្បៀង​ទៅ​ហេលេមិន ។ ប៉ុន្តែ​ពុំ​មាន​ទ័ព​ជំនួយ​ដែល​ត្រូវបាន​បញ្ជូន​ទៅ​នោះទេ ។ ហេតុដូច្នោះ​ហើយ ពេល​ពួក​លេមិន​បាន​វាយ​ប្រហារ​ទីក្រុង​នីហ្វៃហា ប្រជាជន​នីហ្វៃហា​ត្រូវបាន​បង្ខំ​ឲ្យ​រត់​ភៀសខ្លួន ហើយ​ពួក​លេមិន​ដណ្ដើម​បាន​ទីក្រុង​នោះ ។

សូមអាន អាលម៉ា 59:9–12 ដើម្បី​រៀន​ពី​ប្រតិកម្ម​របស់​មរ៉ូណៃ​ចំពោះ​ជ័យជំនះ​របស់​ពួក​លេមិន ។ សូម​ពិចារណា​ក្នុង​ការគូស​ចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នូវ​ឃ្លា​នេះ​ដែល​នៅក្នុង អាលម៉ា 59:9 ៖ « ជា​ការងាយ​ក្នុង​ការរក្សា​កុំ​ឲ្យ​ទីក្រុង​នោះ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​សាសន៍​លេមិន ជាង​វាយ​យក​វា​ពី​ពួកគេ​មក​វិញ » ។ ចេញពី​ឃ្លា​នេះ យើង​អាច​រៀន​ពី​គោលការណ៍​នេះ ៖ វា​ងាយ​ជាង និង ល្អជាង​ក្នុង​ការរក្សា​ការស្មោះត្រង់ ជាង​ការបែរ​ត្រឡប់​មករក​សេចក្ដី​ជំនឿ​វិញ បន្ទាប់ពី​បាន​វង្វេង​ហើយ ។

  1. សូម​សិក្សា​ឃ្លា​ដែល​អ្នក​បាន​គូស​ចំណាំ​នៅក្នុង អាលម៉ា 59:9 និង គោលការណ៍​ដែល​មាន​អក្សរ​ដិត​នៅ​កថាខណ្ឌ​ពី​មុន ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​វា​ងាយ​ក្នុង​ការចៀសវាង​ពី​ការញៀន​នឹង​សារធាតុ​ដែល​គ្រោះថ្នាក់ ជាង​ការយកឈ្នះ​ការញៀន ?

    2. ហេតុអ្វី​វា​ងាយ​ក្នុង​ការរក្សា​ទីបន្ទាល់ ជាង​ការទទួល​បាន​វា​មកវិញ បន្ទាប់ពី​បាត់បង់​វា​ហើយ​នោះ ?

    3. ហេតុអ្វី​វា​អាច​ជា​ការងាយ​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​ការបន្ត​សកម្ម​នៅក្នុង​សាសនាចក្រ ជាង​ការត្រឡប់​មក​កាន់​សាសនាចក្រ​ពី​ការអសកម្ម​វិញ​នោះ ?

រូបភាព
យុវជន​ផ្អែក​ទៅលើ​ទូ

អាលម៉ា 60–62

មរ៉ូណៃ​សួរ​ពេហូរ៉ាន​អំពី​បុព្វហេតុ​នៃ​ការមិន​អើពើ​របស់​ពួក​មេដឹកនាំ

បន្ទាប់ពី​ទីក្រុង​នីហ្វៃហា​ត្រូវកាន់កាប់​ដោយ​ពួក​សាសន៍​លេមិន​ហើយ មេទ័ព​មរ៉ូណៃ​បាន​សម្រេច​ចិត្ត​សរសេរ​សំបុត្រ​អំពាវនាវ​មួយ​ទៅកាន់​ពេហូរ៉ាន ដែល​ជា​មេចៅក្រម​ដែល​នៅក្នុង​ទីក្រុង​សារ៉ាហិមឡា ។ សូមអាន អាលម៉ា 60:17–24 ហើយ​រកមើល​ពី​ការចោទ​ប្រកាន់​ទាំងឡាយ​ដែល​មរ៉ូណៃ​បាន​ធ្វើ​ឡើង​ចំពោះ​ពេហូរ៉ាន និង ប្រជាជន​នៅក្នុង​ទីក្រុង​សារ៉ាហិមឡា ។

សូមអាន អាលម៉ា 60:23 ម្ដងទៀត ហើយ​កត់ចំណាំ​ពី​អ្វី​ដែល​មរ៉ូណៃ​សំដៅទៅ​ដល់ ​ការសម្អាត « ខាងក្នុង​ប្រដាប់ » ជាមុន​សិន​នោះ ។ លោក​សំដៅ​លើ​សេចក្ដី​ត្រូវការ​ក្នុង​ការលុប​បំបាត់​នូវ​អំពើ​ពុករលួយ​ពី​រដ្ឋាភិបាល និង ប្រជាជន​របស់​សាសន៍​នីហ្វៃ ។ ទោះយ៉ាងណា ខ​នេះ​អាច​អនុវត្ត​បាន​ចំពោះ​ជីវិត​យើង​ផងដែរ ។ សូម​ស្រមៃ​ពី​ការដាក់​ធូលី ឬ ភក់​នៅ​ខាងក្នុង​ពែង​មួយ ។ សូម្បី​បើ​អ្នក​បានលាង​ផ្នែក​ខាងក្រៅ​របស់​ពែង​ហើយ​ក៏​ដោយ តើ​អ្នក​មាន​អារម្មណ៍​ស្និត​នឹង​ផឹក​ពី​ពែង​នោះ​ទេ ?

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. បើ​យើង​គិត​ពី​ខ្លួន​យើង​ថា​ជា « ពែង » តើ​អ្នក​គិត​ថា សម្អាត​ខាងក្នុង​ពែង​មានន័យ​យ៉ាងណា ?

    2. ហេតុអ្វី​ការសម្អាត​ផ្នែក​ខាងក្នុង​នៃ​ពែង​របស់​យើង ជា​ការបម្រើ​កាន់​តែ​ធំធេង​​នៅក្នុង​នគរ​របស់​ព្រះដូច្នេះ ?

ដូច​មាន​កត់ត្រា​នៅក្នុង អាលម៉ា 60:33–36 មេទ័ព​មរ៉ូណៃ​បានប្រាប់​ពេហូរ៉ាន ឲ្យ​បញ្ជូន​ពួក​បុរសៗ និង ស្បៀង​ទៅ​ពលទ័ព​របស់​លោក និង ពលទ័ព​របស់​ហេលេមិន​ជា​ប្រញាប់ ។ បើសិន​ពេហូរ៉ាណ​មិន​ធ្វើ​ដូច្នោះ​ទេ មរ៉ូណៃ​បាន​និយាយ​ថា លោក​នឹង​ដឹកនាំ​កម្លាំង​ទាហាន​ទៅ​សារ៉ាហិមឡា ហើយ​បង្ខំ​លោក​ឲ្យ​ធ្វើ​ការណ៍​ទាំងនេះ ។ ពេហូរ៉ាន​បានទទួល​សំបុត្រ​របស់​មរ៉ូណៃ ហើយ​បាន​សរសេរ​តប​ទៅ​លោក​វិញ​ជា​ប្រញាប់ ។ សូមអាន អាលម៉ា 61:1–5 ដើម្បី​រកមើល​ពី​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ទីក្រុង​សារ៉ាហិមឡា ។

សូមអាន អាលម៉ា 61:9–14 ហើយ​គិត​អំពី​របៀប​ដែល​ពេហូរ៉ាន​បាន​ឆ្លើយតប​ចំពោះ​ការចោទ​ប្រកាន់​របស់​មរ៉ូណៃ ។ សូម​ពិចារណា​ក្នុង​ការគូស​ចំណាំ​សេចក្ដី​ថ្លែង​ទាំងនោះ ដែល​បង្ហាញ​ពី​ភាពអស្ចារ្យ​នៃ​ចរិត​លក្ខណៈ​របស់​ពេហូរ៉ាន ។ ជំនួស​ឲ្យ​ការអាក់អន់​ចិត្ត ពេហូរ៉ាណ​បាន​អញ្ជើញ​មរ៉ូណៃ​ឲ្យ​រួបរួម​នឹង​លោក​ក្នុង​កម្លាំង​នៃ​ព្រះអម្ចាស់ ដើម្បី​ប្រយុទ្ធ​នឹង​ពួក​សត្រូវ ។ សូមអាន អាលម៉ា 62:1 ដើម្បី​រកមើល​ថាតើ​មរ៉ូណៃ​បាន​មាន​អារម្មណ៍​យ៉ាងណា ពេល​លោក​បាន​ទទួល​សំបុត្រ​ឆ្លើយតប​ពី​ពេហូរ៉ាន ។

សូម​ពិចារណា​ក្នុង​ការសរសេរ​សេចក្ដី​ពិត​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ យើង​អាច​ជ្រើសរើស​មិន​អាក់អន់​ចិត្ត​ដោយសារ​ពាក្យ​សម្ដី ឬ ទង្វើ​របស់​មនុស្ស​ដទៃ​ទៀត ។ ពេល​យើង​រួបរួម​ជាមួយ​អ្នក​ដទៃទៀត​នៅក្នុង​ភាពសុចរិត នោះ​យើង​កាន់តែ​រឹងមាំ​នៅក្នុង​ចម្បាំង​ទប់ទល់​នឹង​អំពើ​អាក្រក់ ។

អែលឌើរ ដាវីឌ អេ. បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ ដាវីឌ អេ. បែដណា

« តាមរយៈ​អំណាច​នៃ​ការពង្រឹង​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​អ្នក និង ខ្ញុំ អាច​ត្រូវបាន​ប្រទានពរ​ឲ្យ​ចៀសវាង និង យកឈ្នះ​លើ​ការអាក់អន់​ចិត្ត ។ ‹ ពួកអ្នក​ដែល​ស្រឡាញ់​ក្រិត្យវិន័យ​ទ្រង់ នោះ​មាន​សេចក្ដី​សុខ​ដ៏​លើសលុប ហើយ​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ › ( ទំនុកដំកើង 119:165 ) ។ …

« … មរ៉ូណៃ … បានសរសេរ​ទៅ​ពេហូរ៉ាន ‹ ទុកជា​ការកាត់ទោស › ( អាលម៉ា 60:2 ) ហើយ​បានចោទ​ប្រកាន់​លោក​ដោយ​សាហាវ ពី​ការមិន​គិតគូរ ភាពខ្ជិល​ច្រអូស និង ការមិន​អើពើ ។ ពេហូរ៉ាន​អាច​អន់ចិត្ត​នឹង​មរ៉ូណៃ និង សារលិខិត​របស់​លោក​ដោយងាយ ប៉ុន្តែ​លោក​ជ្រើសរើស​មិន​អន់ចិត្ត​វិញ ។ …

« ចំណុចដ៏​សំខាន់​បំផុត​មួយ​ដែល​បង្ហាញ​ពី​ភាពចាស់ទុំ​ខាង​វិញ្ញាណ​របស់​យើង​ផ្ទាល់ គឺ​ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ​នៅក្នុង​របៀប​ដែល​យើង​ឆ្លើយតប​ចំពោះ​ភាពទន់ខ្សោយ ការខ្វះ​បទពិសោធន៍ និង សកម្មភាព​ដែល​អាច​ធ្វើ​ឲ្យ​អាក់អន់​ចិត្ត​របស់​អ្នក​ដទៃ​ទៀត ។ របស់​មួយ ព្រឹត្តិការណ៍​មួយ ឬ ការបង្ហាញ​មួយ អាច​ធ្វើ​ឲ្យ​អាក់អន់​ចិត្ត ប៉ុន្តែ​អ្នក និង ខ្ញុំ អាច​ជ្រើសរើស​ដើម្បី​មិន​អន់ចិត្ត—ហើយ​និយាយ​ជាមួយ​នឹង​ពេហូរ៉ាន​ថា ‹ វា​មិន​ជា​អ្វី​ទេ › [ អាលម៉ា 61:9 ] ( “And Nothing Shall Offend Them” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ 90–91 ) ។

  1. សូម​គិត​អំពី​ពេល​មួយ​ដែល​អ្នក​ជ្រើសរើស​មិន​អាក់អន់​ចិត្ត​ដោយសារ​ពាក្យ​សម្ដី ឬ សកម្មភាព​របស់​អ្នក​ផ្សេង ។ សូម​សរសេរ​កថាខណ្ឌ​ខ្លី​មួយ អំពី​សារៈសំខាន់​នៃ​ការជ្រើសរើស​មិន​អាក់អន់​ចិត្ត ។

ដូច​មាន​កត់ត្រា​នៅក្នុង អាលម៉ា 62 មេទ័ព​មរ៉ូណៃ​បាននាំ​ពលទ័ព​របស់​លោក​ទៅកាន់​សារ៉ាហិមឡា ដើម្បី​ជួយ​ពេហូរ៉ាន​ផ្ដួល​រំលំ​ពួក​អ្នក​និយម​ស្ដេច—ជា​ពួកសាសន៍​នីហ្វៃ​ដែល​បែកចេញ ដើម្បី​ទៅ​បង្កើត​ស្ដេច និង ចូល​ទៅរួម​សម្ព័ន្ធភាព​នឹង​ពួក​សាសន៍​លេមិន ។ ពួក​អ្នក​និយម​ស្ដេច​បានរារាំង​ពេហូរ៉ាន​ពី​ការបញ្ជូន​ពួក​បុរសៗ និង សម្ភារ​ទៅ​ផ្ដល់​ជំនួយ​ដល់​មរ៉ូណៃ និង ហេលេមិន ។ បន្ទាប់មក មរ៉ូណៃ និង ពេហូរ៉ាន បាន​រួបរួម​កម្លាំង​គ្នា ហើយ​ទទួល​បាន​ជំនួយ​ពី​ពលទ័ព​សាសន៍​នីហ្វៃ​ផ្សេងទៀត ដើម្បី​ដេញ​ពួក​សាសន៍​លេមិន​ចេញ​ពី​ដែនដី ។ អំឡុង​ពេល​នេះ មាន​ពួក​លេមិន​ជាច្រើន​បាន​ប្រែចិត្ត ហើយ​ចូលរួម​នឹង​ប្រជាជន​អាំម៉ូន ។

សូម​ស្រមៃ​ពី​ឧបសគ្គ​មួយ​ចំនួន​ដែល​អាច​មាន​ចំពោះ​ក្រុមគ្រួសារ និង បុគ្គល​ទាំងឡាយ នៅពេល​ចប់​សង្គ្រាម​បែបនេះ ។ សូមអាន អាលម៉ា 62:39–41 ដើម្បី​ឃើញ​ពី​របៀប​ដែល​សាសន៍​នីហ្វៃ ត្រូវ​រងប៉ះពាល់​ដោយសារ​ការលំបាក​ទាំងឡាយ​នៃ​សង្គ្រាម ។ ពេល​អ្នក​អាន សូម​រកមើល​សេចក្ដី​ពិត​ទាំងឡាយ​ដែល​អ្នក​អាច​រកឃើញ​នៅក្នុង​ខ​ទាំងនេះ ។

សូម​សរសេរ​គោលការណ៍ ឬ សេចក្ដី​ពិត​តទៅ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ អាលម៉ា 62: 39–41 ឬ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ យើង​អាច​ឈាន​ទៅ​កាន់តែ​ជិត​ព្រះអម្ចាស់ អំឡុងពេល​នៃ​ការលំបាក​របស់​យើង ។

  1. សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​មនុស្ស​មួយ​ចំនួន​ឈាន​កាន់តែ​ជិត​ព្រះអម្ចាស់ ពេល​ប្រឈម​នឹង​ការលំបាក ខណៈដែល​អ្នក​ផ្សេងទៀត​បែរចេញ​ពី​ទ្រង់​ដូច្នេះ​ទៅវិញ ?

    2. តើ​ជំពូក​ទាំងឡាយ​ស្ដី​អំពី​សង្គ្រាម​បាន​បង្រៀន​អ្នក​អ្វី​ខ្លះ អំពី​ការធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​គ្រា​ដ៏​លំបាក​ទាំងឡាយ ?

អាលម៉ា 63

ពួក​សាសន៍​នីហ្វៃ​ជាច្រើន​ធ្វើ​ដំណើរ​ទៅកាន់​ដែនដី​នៅ​ទិស​ខាងជើង

បន្ទាប់ពី​ហេលេមិន​បាន​ស្លាប់​ទៅ ( សូមមើល អាលម៉ា 62:52 ) ស៊ីបឡុន ជា​ប្អូនប្រុស​លោក​បាន​ទទួល​រក្សា​បញ្ជី​ពិសិដ្ឋ​ទាំងឡាយ ។ សូមអាន អាលម៉ា 63:1–2 ដើម្បី​ឃើញ​ថា ស៊ីបឡុន​ជា​មនុស្ស​របៀប​ណា ។ ដូច​មាន​កត់ត្រា​នៅក្នុង អាលម៉ា 63 មរ៉ូណៃ និង ស៊ីបឡុន​បាន​ស្លាប់​ទៅ ហើយ​មរ៉ូណៃហា ជា​កូនប្រុស​របស់​មរ៉ូណៃ​បាន​កាន់កាប់​ពលទ័ព​សាសន៍​នីហ្វៃ ។

សូមអាន អាលម៉ា 63:10–13 ។ មុនពេល​លោក​ស្លាប់ ស៊ីបឡុន​បាន​ប្រគល់​ដល់​ហេលេមិន ដែល​ជា​កូនប្រុស​របស់​ហេលេមិន នូវ​ការទទួល​ខុសត្រូវ​លើ​បញ្ជី​ពិសិដ្ឋ​ទាំងឡាយ ។ ហេលេមិន​បាន​រក្សា​បញ្ជី​ដែល​បាន​សរសេរ​រួច​ហើយ​នោះ និង បាន​ចាប់ផ្ដើម​រក្សា​បញ្ជី​ដែល​ក្រោយមក​ក្លាយ​ជា​គម្ពីរ​ហេលេមិន ។

អាលម៉ា 63:5–8 កត់ត្រា​ថា ពួក​សាសន៍​នីហ្វៃ​ជាច្រើន​បាន​ធ្វើ​ដំណើរ​ដោយ​នាវា​ទៅកាន់​ដែនដី​នៅ​ទិស​ខាងជើង ហើយ​មិនដែល​បាន​ឮ​ពី​ពួកគេ​ទៀត​ឡើយ ។ មួយវិញទៀត នៅ​ចុង​បញ្ចប់​នៃ អាលម៉ា 63 បង្ហាញ​ថា មាន​ការចាប់ផ្ដើម​នូវ​ការទាស់ទែង​ជាថ្មី​ម្ដងទៀត រវាង​ពួក​សាសន៍​លេមិន និង ពួក​សាសន៍​នីហ្វៃ ហើយ​គម្ពីរ​អាលម៉ា​ដ៏​វែង និង ពោរពេញ​ដោយ​ការបំផុស​គំនិត​បាន​បញ្ចប់​ដោយ​យ៉ាង​ដូច្នោះ​ឯង ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 59–63 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖