ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 29 ៖ ថ្ងៃ​ទី 2 មរមន 9


មេរៀនទី 29 ៖ ថ្ងៃ​ទី 2

មរមន 9

សេចក្តី​ផ្ដើម

មរ៉ូណៃ​បាន​បញ្ចប់​បញ្ជី​របស់​ឪពុក​លោក ដោយ​ហៅ​ដល់​ពួក​អ្នក​ទាំងឡាយ​ដែល​ពុំ​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​ត្រឡប់​មក​រក​ព្រះ​វិញ តាមរយៈ​ការប្រែចិត្ត ។ លោក​បាន​បង្រៀន​ថា ព្រះ​គឺ​ជា​ព្រះ​នៃ​អព្ភូតហេតុ ដែល​មិន​ប្រែប្រួល​ឡើយ ។ លោក​ក៏​បាន​បង្រៀន​ផងដែរ​ថា អព្ភូតហេតុ​ឈប់ នៅពេល​ដែល​មនុស្ស​ឈប់​មាន​សេចក្ដី​ជំនឿ​ប៉ុណ្ណោះ ។ លោក​បាន​លើក​ទឹកចិត្ត​ឲ្យ​មនុស្ស​លោក​ទាំងអស់​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ទទួល​បាន​ការណ៍​ទាំងឡាយ​ដែល​ពួកគេ​ត្រូវការ ។

មរមន 9:1–6

មរ៉ូណៃ​ហៅ​ដល់​ពួក​អ្នក​ដែល​ពុំ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​ប្រែចិត្ត

សូម​ស្រម៉ៃ​ពី​អ្វី​ដែល​អ្នក​អាច​នឹង​គិត ហើយ​មាន​អារម្មណ៍ដឹង ប្រសិន​បើ​អ្នក​ត្រូវ​ចូល​ទៅក្នុង​វត្តមាន​នៃ​ព្រះ​នៅ​ថ្ងៃ​នេះ ។ តើ​អ្នក​គិត​ថា មនុស្ស​ទុច្ចរិត​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​នៅក្នុង​វត្តមាន​របស់​ទ្រង់ ? សូម​អាន មរមន 9:1–5 ហើយ​កត់ចំណាំ​ថា មរ៉ូណៃ​បាន​ពិពណ៌នា​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ទីបំផុត ពេល​មនុស្ស​ដែល​ជ្រើសរើស​មិន​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ត្រូវ​នាំ​មក​ក្នុង​វត្តមាន​របស់​ព្រះ​នៅ​ទីបំផុត ។

ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​ពន្យល់​ថា មនុស្ស​ជាច្រើន​ជឿ​ទាំង​ខុស​ថា ពួកគេ​នឹង​មាន​អារម្មណ៍​ស្រួល​នៅក្នុង​វត្តមាន​របស់​ព្រះ សូម្បី​បើ​ពួកគេ​ពុំ​បាន​ប្រែចិត្ត​ពី​អំពើ​បាប​របស់​គេ​ក៏​ដោយនោះ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« ពុំ​អាច​មាន​សេចក្ដី​សង្គ្រោះ ដោយ​ពុំ​មាន​ការប្រែចិត្ត​នោះទេ ។ មនុស្ស​ម្នាក់​ពុំ​អាច​ចូល​ទៅក្នុង​នគរ​ព្រះ នៅក្នុង​អំពើ​បាប​របស់​គេ​ឡើយ ។ វា​នឹង​ជា​រឿង​មួយ​ដែល​មិន​សមស្រប​ទាល់តែ​សោះ សម្រាប់​មនុស្ស​ម្នាក់​ដែល​ចូល​ទៅក្នុង​វត្តមាន​នៃ​ព្រះវរបិតា ហើយ​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ នៅក្នុង​អំពើ​បាប​របស់​គេនោះ ។ …

« ខ្ញុំ​គិត​ថា មាន​មនុស្ស​ច្រើន​ណាស់​នៅលើ​ផែនដី ​ប្រហែល​ជាមាន​ពួកគេ​ភាគច្រើននៅ​ក្នុង​សាសនាចក្រ—ឬយ៉ាងហោច​ណាស់​មាន​អ្នក​ខ្លះ នៅក្នុង​សាសនាចក្រ—ដែល​មាន​គំនិត​ថា ពួកគេ​អាច​ឆ្លងកាត់​ជីវិត​នេះ ដោយ​ការធ្វើ​អ្វី​ដែល​ពួកគេ​សប្បាយ​នឹង​ធ្វើ ដោយ​បំពាន​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ហើយ​ពួកគេ​នឹង​នៅតែ​ចូល​ទៅក្នុង​វត្តមាន​របស់​ទ្រង់​នៅ​ទីបំផុត ។ ពួកគេ​គិត​ថា ប្រហែល​ជា​ពួកគេ​នឹង​ប្រែចិត្ត ​នៅក្នុង​ពិភព​វិញ្ញាណ ។

« ពួកគេ​គួរតែ​អាន​ពាក្យ​សម្ដី​ទាំងនេះ​របស់​មរ៉ូណៃ ៖ ‹ តើ​អ្នក​រាល់គ្នា​គិត​ស្មាន​ថា អ្នក​រាល់​គ្នា​នឹង​នៅ​ជាមួយ​នឹង​ព្រះ [ ព្រះគ្រីស្ទ ] ដោយ​មាន​ការដឹង​នូវ​ទោស​របស់​ខ្លួន​ឬ ? តើ​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា អ្នក​រាល់​គ្នា​អាច​សប្បាយ​រីករាយ ហើយ​រស់នៅ​ជាមួយ​នឹង​តួអង្គ​ដ៏​បរិសុទ្ធ​នោះ នៅពេល​ព្រលឹង​របស់​អ្នក​ត្រូវ​ញាំញី ដោយ​ការដឹង​នូវ​ទោស​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​រំលង​ក្រិត្យវិន័យ​របស់​ទ្រង់​ឬ ?

« ‹ មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា បើ​អ្នក​រាល់​គ្នា​រស់នៅ​ជាមួយ​នឹង​ព្រះ​ដ៏​បរិសុទ្ធ ហើយ​យុត្តិធម៌ ដោយ​មាន​ការដឹង​នូវ​អំពើ​ស្មោកគ្រោក​របស់​ខ្លួន​នៅ​ចំពោះ​ទ្រង់ នោះ​អ្នក​រាល់​គ្នា​វេទនា​ច្រើន​ជាង​រស់នៅ​ជាមួយ​នឹង​ពួក​ជាប់​ទោស នៅក្នុង​ស្ថាន​នរក​ទៅ​ទៀត ។ ដ្បិត​មើលចុះ កាលណា​អ្នក​រាល់​គ្នា​ត្រូវបាន​នាំ​ទៅមើល​ឃើញ​ភាពអាក្រាត​របស់​ខ្លួន​នៅ​ចំពោះ​ព្រះ ហើយ​ឃើញ​សិរីល្អ​នៃ​ព្រះ​ផង និង បរិសុទ្ធភាព​នៃ​ព្រះយេស៊ូវគ្រីស្ទ ពេល​នោះ​អណ្ដាត​ភ្លើង​មួយ​ដែល​ឥត​រំលត់​បាន នឹង​ត្រូវ​បង្កាត់​ឡើង​នៅក្នុង​ខ្លួន​អ្នក​រាល់​គ្នា › [ មរមន 9:3–5 ] » ( Doctrines of Salvation, comp. Bruce R. McConkie, 3 vols. [1954–56], 2:195–96 ) ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វីបាន​ជា​​វាជា​ការ​ខុស​ឆ្គង ​ក្នុង​ការបង្អង់ពុំ​ប្រែចិត្ត​នៅក្នុង​ជីវិត​នេះ ដោយ​អ្នក​​ជឿ​ថា អ្នក​អាច​ប្រែចិត្ត​នៅ​ក្នុង​ជីវិត​បន្ទាប់​នោះ ? ( អ្នក​អាច​នឹង​ចង់​ប្រើប្រាស់​នូវ​អ្វី​ដែល​អ្នក​រៀន​ចេញពី មរមន 9:1–5; អាលម៉ា 12:14 និង អាលម៉ា 34:32–34 នៅក្នុង​ចម្លើយ​របស់​អ្នក ) ។

សូម​អាន មរមន 9:6 ហើយ​រកមើល​អ្វី​ដែល « អ្នក​ទាំងឡាយ​ដែល​ពុំ​ជឿ » ត្រូវតែ​ធ្វើ ដើម្បី​ចៀសវាង​ពី​ការឈឺចាប់ ដែល​មរ៉ូណៃ​បាន​ពិពណ៌នា​នោះ ។ ចូរ​ពិចារណា​ក្នុង​ការគូស​ចំណាំ​ពាក្យ​ទាំងឡាយ​នៅក្នុង មរមន 9:6 ដែល​ពិពណ៌នា​អំពី​ស្ថានភាព​របស់​ប្រជាជន​ដែល​បែរ​មករក​ព្រះ ហើយ​សុំ​ការអត់​ទោស​ពី​ទ្រង់ ។ ចេញពី​ខ​ទាំងនេះ យើង​រៀន​ថា ៖ ប្រសិនបើ​យើង​នឹង​ប្រែចិត្ត ហើយ​អំពាវនាវ​ដល់​ព្រះ នោះ​យើង​នឹង​ពុំ​មាន​ប្រឡាក់ស្នាមឡើយ នៅពេល​យើង​ចូល​មក​ក្នុង​វត្តមាន​របស់​ទ្រង់ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​​ប្រយោគចំនួន​​ពីរ​បី ថាតើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ​នៅក្នុង​វត្តមាន​របស់​ព្រះ ប្រសិនបើ​អ្នក​បាន​ដឹង​ថា អ្នក​ត្រូវបាន​ធ្វើ​ឲ្យ​បរិសុទ្ធ និង គ្មាន​ប្រឡាក់ស្នាម តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​នោះ ។

តាមរយៈ​ការប្រែចិត្ត និង ការរស់នៅ​ដោយ​សុចរិត អ្នក​អាច​រៀបចំ​ខ្លួន ដើម្បី​មាន​អារម្មណ៍​សុខស្រួល​នៅក្នុង​វត្តមាន​របស់​ព្រះ ។ សូម​សញ្ជឹង​គិត​ពី​អ្វី​ដែល​សំខាន់​បំផុត ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​អាច​ធ្វើ​ឥឡូវ​នេះ ដើម្បី​រៀបចំ​ឲ្យ​រួច​ស្រេច ដើម្បី​ជួប​នឹង​ព្រះ ។

មរមន 9:7–20

មរ៉ូណៃ​ប្រកាស​ថា ព្រះ​ធ្វើអព្ភូតហេតុ និង ឆ្លើយតប​ការអធិស្ឋាន​របស់​ពួក​អ្នក​ស្មោះត្រង់

រូបភាព
ព្រះគ្រីស្ទ​ព្យាបាល​បុរស​ខ្វាក់​ភ្នែក

តើ​អ្នក​ធ្លាប់​ឃើញ ឬ មាន​បទពិសោធន៍​ពី​អព្ភូហេតុ​មួយឬ​ទេ ? សូម​សរសេរ​ពី​និយមន័យ​របស់​អ្នក​អំពី​ពាក្យ​អព្ភូតហេតុ ៖

មើល​ពាក្យ​miracle នៅក្នុង Bible Dictionary ឬ ពាក្យ អព្ភូតហេតុ នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ដើម្បី​បញ្ជាក់ ឬ បន្ថែម​ពីលើនិយមន័យ​របស់​អ្នក ។ តើ​អ្នក​គិត​ថា ហេតុអ្វី​មនុស្ស​មួយ​ចំនួន​នៅ​សព្វ​ថ្ងៃ​នេះ ពុំ​ជឿ​លើ​អព្ភូតហេតុ ?

ដូច​មាន​កត់ត្រា​នៅក្នុង មរមន 9:7–8 មរ៉ូណៃ​បាន​សរសេរ​ទៅកាន់​មនុស្ស​នៅ​ថ្ងៃ​ចុងក្រោយ ដែល​នឹង​បដិសេធ​ថា ព្រះ​មាន​ព្រះជន្ម​រស់ ថា​ទ្រង់​ប្រទាន​វិវរណៈ ហើយ​ថា ទ្រង់​ចាក់​អំណោយទាន​ទាំងឡាយ​ទៅលើ​ពួក​អ្នក​ស្មោះត្រង់ ។ មរ៉ូណៃ​បាន​បង្រៀន​ប្រកប​ដោយ​អំណាច​ថា មាន​ព្រះ​មួយ​អង្គ និង ថា​ទ្រង់​គឺ​នៅ​ដដែល « ពី​ថ្ងៃ​ម្សិល ថ្ងៃនេះ និង រហូត​តទៅ » ( មរមន 9:9 ) ។ ទ្រង់​បន្ត​ធ្វើ​អព្ភូតហេតុ​ក្នុង​ចំណោម​មនុស្ស​ស្មោះត្រង់​នៅក្នុង​គ្រប់​ជំនាន់​ទាំងអស់ ។ សូម​អាន មរមន 9:9–11, 15–19 ហើយ​រកមើល​ពី​អ្វី​ដែល​មរ៉ូណៃ​បាន​បង្រៀន អំពី​លក្ខណៈ​របស់​ព្រះ ដើម្បី​លោក​អាច​ជួយ​មនុស្ស​ឲ្យ​ជឿ​ថា ព្រះ​នៅតែ​ធ្វើ​អព្ភូតហេតុ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​អ្វី​ដែល​អ្នក​បានរៀន​ចេញពី មរមន 9:9–11, 15–19 អំពី​លក្ខណៈ​របស់​ព្រះ ។ សរសេរ​ផងដែរ​នូវ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​នេះ ៖ តើ​ខ​ទាំងនេះ​បង្រៀន​អ្វី​ដល់​អ្នក អំពី​ព្រះហឫទ័យ និង សមត្ថភាព​របស់​ព្រះ ក្នុង​ការធ្វើ​អព្ភូតហេតុ​ទាំងឡាយ នៅក្នុង​ជីវិត​របស់​មនុស្ស​នៅ​សព្វថ្ងៃ​នេះ ?

សូម​អាន មរមន 9:20 ហើយ​រកមើល​មូលហេតុ​ដែល​មនុស្ស​មួយ​ចំនួន ពុំ​អាច​ទទួល​បទពិសោធន៍​ពី​អព្ភូតហេតុ​នានា ។

ពាក្យ​សម្ដី​របស់​មរ៉ូណៃ ដែល​មាន​កត់ត្រា​នៅក្នុង មរមន 9:9–19 បង្រៀន​ពី​គោលការណ៍​នេះ ៖ ដោយសារ​តែ​ព្រះ​ពុំ​ផ្លាស់ប្ដូរ នោះ​ទ្រង់​នឹង​ប្រទាន​អព្ភូតហេតុ​ទៅតាម​សេចក្ដី​ជំនឿ​របស់​កូនចៅ​ទ្រង់ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅក្បែរ មរមន 9:19–20 នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

យើង​អាច​ទទួល​បទពិសោធន៍​ពី​ព្រះចេស្ដា​ដ៏​ប្រកប​ដោយ​អព្ភូតហេតុ​របស់​ព្រះ តាម​របៀប​ជា​ច្រើន​នៅក្នុង​ជីវិត​យើង ។ បន្ទាប់​ពី​រំឭក​ពី​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ​ចំនួន​ដែល​មាន​ពិពណ៌នាក្នុង​ព្រះគម្ពីរ បងស្រី ស៊ីដនី អេស. រេណល ដែល​បាន​បម្រើ​នៅក្នុង​គណៈប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ បាន​បង្រៀន​ថា ៖

« ‹ អព្ភូតហេតុ​ផ្ទាល់ខ្លួន › តូចៗ ក៏​សំខាន់​ដូចជា ‹ អព្ភូតហេតុ​ដ៏ធំ › ទាំងឡាយ​ដែរ ដែលវា​​បង្រៀន​យើង​ម្នាក់ៗ​ឲ្យ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ ។ អព្ភូតហេតុ​ទាំងនេះ​កើតឡើង ពេល​យើង​ទទួល​ស្គាល់ និង ស្ដាប់​​ការបំផុសពី​ព្រះវិញ្ញាណ​នៅក្នុង​ជីវិត​យើង ។ …

« ខ្ញុំ​ជឿ​ថា យើង​ទាំងអស់​គ្នា ​អាច​ថ្លែង​ទីបន្ទាល់​ចំពោះ​អព្ភូតហេតុ​តូចៗ​ទាំងនេះ​បាន ។ យើង​ស្គាល់​ពួក​កូនក្មេង ដែល​អធិស្ឋាន​សុំ​ជំនួយ​ដើម្បី​រកឃើញ​របស់​ដែល​បាត់ ហើយក៏បាន​រក​វា​ឃើញ ។ យើង​ស្គាល់​ពួក​មនុស្ស​វ័យក្មេង ដែល​ប្រមូល​ភាពក្លាហាន​ដើម្បី​ឈរ​ជា​សាក្សី​ដល់​ព្រះ ហើយ​បាន​ដឹង​ពី​ ​ការ​គាំទ្រ​ដោយ​ព្រះហស្ដ​របស់​ទ្រង់ ។ យើង​ស្គាល់​មិត្តភក្ដិ ដែល​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​គេ ជាមួយ​នឹង​ប្រាក់​ទាំងអស់​របស់​គេ ហើយ​តាមរយៈ​អព្ភូតហេតុ នោះ​យើង​ឃើញ​ថា​ពួកគេ​អាច​បង់​ថ្លៃ​សាលា ឬ បង់​ថ្លៃ​ផ្ទះ ឬ មាន​ម្ហូប​អាហារ​សម្រាប់​គ្រួសារ​គេ ។ យើង​អាច​ចែកចាយ​បទពិសោធន៍​នៃ​ការអធិស្ឋាន​ដែលទទួលបាន​ចម្លើយ និង ពរជ័យ​នៃ​បព្វជិតភាព ដែល​បាន​ផ្ដល់​ភាពក្លាហាន នាំមក​នូវ​ការលួងលោម ឬ នាំឲ្យ​មាន​សុខភាព​ល្អ​ឡើង​វិញ ។ អព្ភូតហេតុ​ប្រចាំ​ថ្ងៃ​ទាំងនេះ ធ្វើ​ឲ្យ​យើង​ស្គាល់​ព្រះហស្ដ​នៃ​ព្រះអម្ចាស់​នៅក្នុង​ជីវិត​យើង » ( “A God of Miracles” Ensign ខែ ឧសភា ឆ្នាំ 2001 ទំព័រ 12 ) ។

  1. សូម​សរសរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​បទពិសោធន៍​មួយ ដែល​អ្នក​បាន​មាន ឬ បទពិសោធន៍​មួយ​ដែល​អ្នក​ដឹង ដែល​បញ្ជាក់​ថា ព្រះ​នៅតែ​ជា​ព្រះ​នៃ​អព្ភូតហេតុ នៅ​សព្វ​ថ្ងៃ​នេះ ។

មរមន 9:21–37

មរ៉ូណៃ​បង្រៀន​អំពី​ការអធិស្ឋាន និង អំពី​គោលបំណង​នៃ​បញ្ជី​របស់​នីហ្វៃ

រូបភាព
យុវតីអធិស្ឋាន

តើ​អ្នក​អាច​នឹកឃើញ​ពីគ្រា​មួយ ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​អ្នក​នូវ​ជំនួយ​ដែល​អ្នក​ត្រូវការ ដោយសារ​តែ​អ្នក​បាន​អធិស្ឋាន​ដែរ​ឬទេ ? សូម​អាន មរមន 9:21 ហើយ​រកមើល​អ្វី​ដែល​មរ៉ូណៃ​បាន​បង្រៀន អំពី​ការអធិស្ឋាន​ដល់​ព្រះវរបិតាសួគ៌​ដើម្បី​សុំ​ជំនួយ ។

សូម​អាន​សេចក្ដី​ថ្លែង​តទៅ​នេះ ហើយ​រកមើល​ថា ការ​អធិស្ឋាន​នៅក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ មាន​ន័យ​យ៉ាង​ណា ៖ « យើង​អធិស្ឋាន​នៅក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ ពេលដែល​គំនិត​របស់​យើង​ គឺជា​គំនិត​របស់​ព្រះគ្រីស្ទ ហើយ​បំណង​ប្រាថ្នា​របស់​យើង គឺជា​បំណង​ប្រាថ្នា​របស់​ព្រះគ្រីស្ទ—ពេលដែល​ព្រះបន្ទូល​របស់​ទ្រង់​គឺ​ស្ថិត​នៅក្នុង​យើង ( យ៉ូហាន 15:7 ) ។ រួចហើយ​យើង​ទូលសុំ​ព្រះ​ប្រទាន​នូវ​អ្វីៗ​ដែល​អាច​កើតឡើង​ទៅ​បាន ។ មាន​ការអធិស្ឋាន​ជា​ច្រើន​នៅតែ​មិន​ទាន់​បាន​ទទួល​ចម្លើយ ដោយ​សារ​ការអធិស្ឋាន​ទាំងនោះ​មិន​នៅ​ក្នុង​ព្រះនាម​របស់​ព្រះគ្រីស្ទ​ទាល់​តែ​សោះ ការអធិស្ឋាន​នោះ​មិន​បាន​តំណាង​ឲ្យ​គំនិត​របស់​ទ្រង់ទេ តែ​ផ្តោត​លើ​គំនិត​អាត្មា​និយម​នៃ​ដួងចិត្ត​មនុស្ស​ទៅវិញ » ( Bible Dictionary, “Prayer” ) ។

សូម​ពិចារណា​ពី​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​អ្នក ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​ទើប​នឹង​បាន​អាន ។ តើ​អ្នក​អាច​ធ្វើ​អ្វី ដើម្បី​អធិស្ឋាន​ឲ្យ​បាន​កាន់តែ​ពេញលេញ​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

ដើម្បី​ផ្ដល់​ជា​ឧទាហរណ៍​មួយ អំពី​មនុស្ស​ដែល​បាន​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ ហើយ​អាច​ធ្វើ​អព្ភូតហេតុ​នានា នោះ​មរ៉ូណៃ​បាន​ដកស្រង់​នូវ​អ្វី ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​ដល់​ពួក​សិស្ស​សាសន៍​នីហ្វៃ​របស់​ទ្រង់ ។ ដូច​មាន​កត់ត្រា​នៅក្នុង មរមន 9:22–25 ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជា​ដល់​ពួក​សិស្ស​របស់​ទ្រង់ ឲ្យ​ទៅ​ទូទាំង​ពិភពលោក ហើយ​ផ្សព្វផ្សាយ​ដំណឹង​ល្អ ហើយ​ទ្រង់​បាន​សន្យា​ថា « ទីសម្គាល់ [ ដែល​ប្រកប​ដោយ​អព្ភូតហេតុ ] ទាំងនេះ នឹង​មក​តាម​អ្នក​ដែល​ជឿ » ( មរមន 9:24 ) ។ បន្ទាប់មក មរ៉ូណៃ​បាន​បន្ត​ការបង្រៀន​របស់​លោក​អំពី​ការអធិស្ឋាន ។

  1. សូម​អាន មរមន 9:27–29 ហើយ​រកមើល​អ្វី​ដែល​មរ៉ូណៃ​បាន​បង្រៀន អំពី​របៀប​ដែល​យើង​គប្បី​អធិស្ឋាន​នៅក្នុង​សេចក្ដី​ជំនឿ ។ ចូរ​​សរសេរ​ចំណុចដែល​អ្នក​រកឃើញ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ បន្ទាប់មក សូម​សរសេរ​ពីរបី​ប្រយោគ ដែល​ពិពណ៌នា​អំពី​របៀប​ដែល​អ្នក​ប្រើប្រាស់​ការបង្រៀន​មួយ​ចេញ​ពី​ការបង្រៀន​ទាំងនេះ ដើម្បី​អភិវឌ្ឍ​ការអធិស្ឋាន​ផ្ទាល់ខ្លួន​របស់​អ្នក ។

អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​តទៅ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ មរមន 9:27 ៖ បើ​យើង​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ​ទៅកាន់​ព្រះវរបិតាសួគ៌ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​ទ្រង់​នឹង​ប្រទាន​ពរជ័យ​ដល់​យើង ដែល​នឹង​ជួយ​យើង​ឲ្យ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ។

ពេល​មរ៉ូណៃ​បាន​បញ្ចប់​ពាក្យ​សម្ដី​របស់​លោក លោក​បាន​បង្ហាញ​កង្វល់​ថា មនុស្ស​មួយ​ចំនួន​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ នឹង​បដិសេធ​ព្រះគម្ពីរ​មរមន ដោយសារ​តែ​ភាពមិន​ឥតខ្ចោះ​របស់​អ្នក​ដែល​សរសេរ​វា ( សូម​មើល មរមន 9:30–34 ) ។ សូម​អាន មរមន 9:35–37 ហើយ​រកមើល​អ្វី​ដែល​មរមន​បាន​ប្រកាស អំពី​គោលបំណង​នៃ​ព្រះគម្ពីរ​មរមន ។

សូម​ពិចារណា ថា​តើ​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ជា​ភស្ដុតាង​បន្ថែម​ទៀត​ថា ព្រះ​គឺជា​ព្រះ​នៃ​អព្ភូតហេតុ ហើយ​ថា ទ្រង់​ឆ្លើយតប​ការអធិស្ឋាន យ៉ាង​ដូច​ម្ដេច​ដែរ ។

  1. សូម​សរសេរ​ចំណុចដែល​នៅ​ខាងក្រោម​នេះ ពីខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា មរមន 9 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖