ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 28 ៖ ថ្ងៃ​ទី 1 នីហ្វៃ​ទី4 1


មេរៀនទី 28 ៖ ថ្ងៃ​ទី 1

នីហ្វៃទី4 1

សេចក្តី​ផ្ដើម

បន្ទាប់ពី​ការយាង​មក និង ការបម្រើ​របស់​ព្រះគ្រីស្ទ​នៅក្នុង​ទ្វីប​អាមេរិក ប្រជាជន​បាន​អនុវត្ត​តាម​ការបង្រៀន​របស់​ទ្រង់ ហើយ​បាន​សប្បាយ​រីករាយ​ជាមួយ​នឹង​សាមគ្គីភាព ភាព​ចម្រុង​ចម្រើន និង សុភមង្គល បាន​រយៈពេល 200 ឆ្នាំ ។ ប៉ុន្តែ នៅទី​បំផុត ប្រជាជន​បាន​ចាប់ផ្ដើម​ឆ្មើងឆ្មៃ និង ប្រែ​ក្លាយ​ទៅ​ជា​កាន់តែ​ទុច្ចរិត​ខ្លាំង​ឡើង ។ មិន​យូរ​ប៉ុន្មាន ពួកគេ​បាន​បែងចែក​ទៅជា​សាសន៍​នីហ្វៃ និង សាសន៍​លេមិន​ម្ដងទៀត ហើយ​បន្ទាប់​ពី 300 ឆ្នាំ ក្រោយមក ទាំងពួក​សាសន៍​នីហ្វៃ និង សាសន៍​លេមិន​ក្លាយ​ទៅជា​ទុច្ចរិត ដោយ​មាន​តែ​ប្រជាជន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​នៅ​សុចរិត ។

នីហ្វៃទី4 1:1–18

ប្រជាជន​ទាំងអស់​បាន​ប្រែចិត្ត​ជឿ និង បាន​ទទួល​បទពិសោធន៍​នៃ​សេចក្ដី​សុខសាន្ត និង សុភមង្គល

រូបភាព
យុវនារី​បី​នាក់​កំពុង​ញញឹម

តើ​អ្វី​ដែល​ជួយ​អ្នក​ឲ្យ​រីករាយ​ដោយ​ពិត​ប្រាកដ ?

តើ​អ្នក​គិត​ថា អ្វី​ជា​ភាពខុស​គ្នា​រវាង​ការណ៍​ទាំងឡាយ​ដែល​នាំ​សុភមង្គល​បណ្ដោះ​អាសន្ន​ដល់​អ្នក និង ការណ៍​ទាំងឡាយ​ដែល​អាច​នាំ​អ្នក​ទៅ​រក​សុភមង្គល​ដែល​គ្មាន​ទីបញ្ចប់ ? សូម​អាន នីហ្វៃទី4 1:16 ដើម្បី​រកមើល​ពី​អ្វី​ដែល​មរមន​បាន​សរសេរ​អំពី​ប្រជាជន បន្ទាប់ពី​ព្រះអង្គ​សង្គ្រោះ​បាន​យាង​មក​ជួប​នឹង​ពួកគេ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ឃ្លា​ថា « ពិត​ជា​គ្មាន​ប្រជាជន​ណា​ដែល​រីករាយ​សប្បាយ​ជាង » ។

  1. សូម​សរសេរ​ចំណងជើង គ្មាន​ប្រជាជន​ណា​ដែល​រីករាយ​សប្បាយ​ជាង នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ហើយ​គូរ​រង្វង់​មួយ​នៅ​ពី​ក្រោម​វា ដូច​មាន​បង្ហាញ​នៅក្នុង​រូប​ខាង​ក្រោម​នេះ ។ ( អ្នក​នឹង​សរសេរ​នៅក្នុង និង ជុំវិញ​រង្វង់​នោះ ) ។ សូម​អាន នីហ្វៃទី4 1:1–2 ហើយ​រកមើល​អ្វី​ដែល​ប្រជាជន​បាន​ធ្វើ ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​សុភមង្គល ។ សូម​សរសេរ​នូវ​អ្វី ដែល​អ្នក​រកឃើញ​ក្នុង​រង្វង់ ។

រូបភាព
រង្វង់

ដោយសារ​តែ​ប្រជាជន​បាន​អនុវត្ត​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ពួកគេ « ទាំងអស់​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ » ( នីហ្វៃទី4 1:2 ) និង បាន​សប្បាយ​រីករាយ​ជាមួយ​នឹង​សុភមង្គល​ដ៏​មហិមា ។

អែលឌើរ រីឆាដ ជី. ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​របៀប​ដែល​ការប្រែ​ចិត្ត​ជឿ និង សុភមង្គល មាន​ទំនាក់ទំនង​នឹង​គ្នា ។ ពេល​អ្នក​អាន​ពាក្យ​សម្ដី​របស់​លោក សូម​គូស​បន្ទាត់​ពីក្រោម​អ្វី​ដែល​ជា​អត្ថន័យ​នៃ​ការប្រែ​ចិត្ត​ជឿ ៖

រូបភាព
អែលឌើរ រីឆាដ ជី. ស្កត

« សុភមង្គល​របស់​អ្នក​ក្នុង​ពេល​ឥឡូវ​នេះ និង រហូត​តទៅ គឺ​ត្រូវបាន​កម្រិត​លក្ខខណ្ឌ​ទៅលើ​កម្រិត​នៃ​ការប្រែ​ចិត្ត​ជឿ​របស់​អ្នក និង ការប្រែប្រួល​ដែល​ការប្រែ​ចិត្ត​ជឿ​នោះ​នាំមក​ដល់​ជីវិត​អ្នក ។ ពេលនោះ តើ​អ្នក​អាច​ប្រែចិត្ត​ជឿ​ដោយ​ពិត​ប្រាកដ​ដោយ​របៀប​ណា ? ប្រធាន [ ម៉ារ៉ុន ជី ] រ៉មនី ពិពណ៌នា​អំពី​ជំហាន​ដែល​អ្នក​ត្រូវតែ​ដើរ​តាម ៖

« ‹ ភាពជា​សមាជិក​នៅក្នុង​សាសនាចក្រ និង ការប្រែ​ចិត្ត​ជឿ គឺ​មិន​ចាំបាច់​ថា​ជា​ពាក្យ​ដែល​មាន​ន័យ​ដូច​គ្នា​នោះទេ ។ ការប្រែ​ចិត្ត​ជឿ និង ការមាន​ទីបន្ទាល់ ក៏​មិន​មែន​ចាំបាច់​ថា​ជា​រឿង​ដូចគ្នា​នោះ​ដែរ ។ ទីបន្ទាល់​បាន​មក នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​នូវ​ទីបន្ទាល់​មួយ​អំពី​សេចក្ដី​ពិត ដល់​អ្នក​ស្វែងរក​ដ៏​ស្មោះ ។ ទីបន្ទាល់​ដ៏​រំជួល​ចិត្ត​មួយ​ធ្វើ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ដ៏​ក្លៀវក្លា ។ វា​នាំឲ្យ​មាន​ការប្រែចិត្ត និង ការគោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ ។ ការប្រែ​ចិត្ត​ជឿ​គឺជា​ផល ឬ ជា​រង្វាន់​សម្រាប់​ការប្រែចិត្ត និង ការគោរព​ប្រតិបត្តិ › [ នៅក្នុង Conference Report, Guatemala Area Conference 1977 ទំព័រ 8–9 ] ។

« និយាយ​ដោយ​សាមញ្ញ​ទៅ ការប្រែ​ចិត្ត​ជឿ​ដ៏​ពិត​គឺជា​ផល​នៃ​សេចក្ដី​ជំនឿ ការប្រែ​ចិត្ត និង ការគោរព​ប្រតិបត្តិ​ដ៏​ខ្ជាប់ខ្ជួន ។ …

« ការប្រែ​ចិត្ត​ជឿ​ដ៏​ពិត​នាំមក​នូវ​ផល​នៃ​សុភមង្គល​ដ៏​ឋិតថេរ ដែល​យើង​អាច​សប្បាយ​រីករាយ​ជាមួយ ទោះបី​ជា​នៅពេល​ដែល​ពិភពលោក​នេះ​នៅក្នុង​ការច្រួល​ច្របល់ ហើយ​ដែល​មនុស្ស​ភាគច្រើន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង តែ​នៅ​តែ​មិន​សប្បាយ » ( “Full Conversion Brings Happiness” Ensign ខែ ឧសភា ឆ្នាំ 2002 ទំព័រ 25–26 ) ។

  1. សូម​អាន នីហ្វៃទី4 1:2–3, 5, 7, 10–13, 15–18 ហើយ​រកមើល​ពាក្យ និង ឃ្លា​ទាំងឡាយ ដែល​ពិពណ៌នា​ពី​អ្វី​ដែល​ប្រជាជន​បាន​ទទួល​បទពិសោធន៍ ដោយសារ​គ្រប់​គ្នា​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពាក្យ និង ឃ្លា​មួយ​ចំនួន​ទាំងនេះ នៅ​ជុំវិញ​ខាងក្រៅ​រង្វង់​ដែល​អ្នក​បាន​គូរ​នៅ​កិច្ចការ​ពី​មុន​នេះ ។

យើង​អាច​រៀន​ពី​គ្រា​នៃ​សុភមង្គល និង ភាព​ចម្រុង​ចម្រើន​នៅក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​នេះ​ថា នៅពេល​មនុស្ស​មួយ​ក្រុម​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់ នោះ​វា​នាំមក​នូវ​សាមគ្គីភាព និង សុភមង្គល ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ នីហ្វៃទី4 1:16 ឬ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

សូម​សញ្ជឹង​គិត ថាតើ​អ្នក​គិត​ថា វា​នឹង​ទៅ​ជា​យ៉ាងណា ប្រសិនបើ​មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញ​អ្នក បាន​ប្រែចិត្ត​ជឿ​ដ៏​ពិត​ប្រាកដ​ចំពោះ​ព្រះអម្ចាស់​នោះ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា នឹង​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​ក្រុម​គ្រួសារ​អ្នក ប្រសិនបើ​គ្រប់​គ្នា​នៅក្នុង​គ្រួសារ​អ្នក​រស់នៅ​ដូចជា​ប្រជាជន​ក្នុង នីហ្វៃទី4 នោះ ?

    2. គិត​អំពី​ពេល​មួយ​នៅក្នុង​ជីវិត​អ្នក ពេលដែល​អ្នក​ត្រូវបាន​ប្រទានពរ ដោយ​ការធ្វើ​ជា​ផ្នែក​នៃ​ក្រុម​មួយ​ដែល​បាន​រួបរួម​គ្នា​នៅក្នុង​សេចក្ដី​សុចរិត—ដូចជា ក្នុង​ក្រុម​គ្រួសារ កូរ៉ុម ឬ ថ្នាក់ ឬ ក្រុម​មិត្តភក្ដិ​អ្នក ។ តើ​អ្នក​គិត​ថា អ្វី​ទៅ​ដែល​បាន​ជួយ​ក្រុម​នេះ​ឲ្យ​រួបរួម​គ្នា​នៅក្នុង​សេចក្ដី​សុចរិត ? តើ​ពរជ័យ​អ្វី​ខ្លះ ដែល​អ្នក និង អ្នក​ទាំងឡាយ​ដែល​នៅ​ជាមួយ​អ្នក​បាន​ទទួល ?

នីហ្វៃទី4 1:19–49

ភាពទុច្ចរិត​ត្រឡប់​មកវិញ និង រីករាលដាល រហូត​ដល់​មាន​ប្រជាជន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​នៅ​សុចរិត

តើ​អ្នក​គិត​ថា អ្វី​ដែល​អាច​បំផ្លាញ​សង្គម​ដ៏​រីករាយ​មួយ ដូចជា​ប្រជាជន​ដែល​ត្រូវបាន​ពិពណ៌នា​នៅក្នុង នីហ្វៃទី4 ?

  1. សូម​សរសេរ​ចំណងជើង « ការបំផ្លិច​បំផ្លាញ​នៃ​សង្គម​ដ៏​រីករាយ​មួយ » នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ហើយ​គូរ​រង្វង់​មួយ​នៅ​ពីក្រោម ស្រដៀង​ទៅនឹង​រង្វង់​ដែល​អ្នក​បាន​គូរ​នៅក្នុង​កិច្ចការ​ទីមួយ​ដែរ ។ សូម​អាន នីហ្វៃទី4 1:20, 23–24 ហើយ​រកមើល​អ្វី​ដែល​បាន​ចាប់ផ្ដើម​ក្នុង​ការបំផ្លិច​បំផ្លាញ​សុភមង្គល និង សេចក្ដី​សុខសាន្ត​របស់​ប្រជាជន ។ សូម​សរសេរ​ការរក​ឃើញ​ទាំងឡាយ​របស់​អ្នក​នៅក្នុង​រង្វង់ ។

អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ ដែល​ថ្លែង​ដោយ ប្រធាន ហិនរី ប៊ី. អាវរិង នៃ​គណៈប្រធាន​ទីមួយ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ នីហ្វៃទី4 1:24 ឬ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ « សេចក្ដី​ឆ្មើងឆ្មៃ​គឺជា​សត្រូវ​ដ៏​ធំ​នៃ​សាមគ្គីភាព » ( “Our Hearts Knit as One” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 70 ) ។ តើ​អ្នក​គិត​ថា នៅក្នុង​របៀប​ណា​ខ្លះ ដែល​សេចក្ដី​ឆ្មើងឆ្មៃ​ជា​សត្រូវ​នៃ​សាមគ្គីភាព ?

សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ពី ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ នៃ​គណៈ​ប្រធាន​ទីមួយ ផ្ដល់​នូវ​ការយល់​ដឹង​ជ្រាលជ្រៅ​បន្ថែម​ទៀត​អំពី​សេចក្ដី​ឆ្មើងឆ្មៃ ។ សូម​គូស​បន្ទាត់​ពី​ក្រោម​ឃ្លា​ទាំងឡាយ ដែល​ពន្យល់​ពី​មូលហេតុ​ដែល​សេចក្ដី​ឆ្មើងឆ្មៃ​គឺជា​ការវិនាស​ខ្លាំង​ម៉្លេះ ។

រូបភាព
ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ

« សេចក្ដី​ឆ្មើងឆ្មៃ​គឺ​ពោរពេញ​ដោយ​អំពើ​បាប … ដោយសារ​វា​បណ្ដុះ​នូវ​ភាពស្អប់ ឬ ប្រទូសភាព ហើយ​ដាក់​យើង​ទៅ​ក្នុង​អ្វី​ដែល​ផ្ទុយ​ពី​ព្រះ និង បងប្អូន​យើង ។ ជា​គោល សេចក្ដី​ឆ្មើងឆ្មៃ​គឺជា​អំពើ​បាប​មួយ​នៃ​ការប្រៀបធៀប ដ្បិត​ជា​ធម្មតា វា​ចាប់ផ្ដើម​ដោយ ‹ មើលចុះ ខ្ញុំ​អស្ចារ្យ​យ៉ាងណា ហើយ​មើលចុះ ខ្ញុំ​បាន​ធ្វើ​ការណ៍​អស្ចារ្យ​ទាំងឡាយ › វា​ហាក់បី​ដូច​ជា​តែងតែ​បញ្ចប់​ដោយ ‹ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​ល្អ​ជាង​អ្នក › ។

« ពេល​ដួងចិត្ត​របស់​យើង​ត្រូវបាន​បំពេញ​ដោយ​សេចក្ដី​ឆ្មើងឆ្មៃ នោះ​យើង​ប្រព្រឹត្ត​នូវ​អំពើ​បាប​ដ៏​ធ្ងន់​មួយ ដ្បិត​យើង​បំពាន​បទបញ្ញត្តិ​ដ៏​ធំ​ទាំង​ពីរ [ សូម​មើល ម៉ាថាយ 22:36–40 ] ។ ជំនួស​ឲ្យ​ការថ្វាយ​បង្គំ​ព្រះ និង ស្រឡាញ់​អ្នក​ជិតខាង​យើង យើង​បង្ហាញ​ពី​បំណង​ដ៏​ពិត​នៃ​ការថ្វាយ​បង្គំ និង ការស្រឡាញ់​របស់​យើង—គឺ​ដល់​រូបភាព​ដែល​យើង​ឃើញ​នៅក្នុង​កញ្ចក់​នោះ​ឯង » ( “Pride and the Priesthood” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 56 ) ។

  1. សូម​អាន នីហ្វៃទី4 1:25–27, 30–35, 38–45 ហើយ​រកមើល​ពាក្យ និង ឃ្លា​ទាំងឡាយ​ណា ដែល​ពិពណ៌នា​ពី​ឥទ្ធិពល​ទាំងឡាយ​នៃ​សេចក្ដី​ឆ្មើងឆ្មៃ​ដែល​មាន​ក្នុង​ចំណោម​ប្រជាជន ។ សរសេរ​ពាក្យ និង ឃ្លា​ទាំងនេះ​នៅ​ជុំវិញ​ខាងក្រៅ​រង្វង់​ដែល​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សម្រាប់​កិច្ចការ 4 ។

សេចក្ដី​ពិត​មួយ​ដែល​យើង​អាច​រៀន​ចេញពី​ព្រឹត្តិការណ៍​ទាំងនេះ គឺ​ថា អំពើ​បាប​នៃ​សេចក្ដី​ឆ្មើងឆ្មៃ​បង្កើត​នូវ​ការបែក​ខ្ញែក និង នាំ​ទៅរក​សេចក្ដី​ទុច្ចរិត​ដែល​កាន់តែ​ធំធេង ។ អ្នក​អាច​នឹង​ចង់​សរសេរ​ឃ្លា​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ តើ​សេចក្ដី​ឆ្មើងឆ្មៃ​របស់​មនុស្ស​ម្នាក់ ឬ ពីរ​នាក់ អាច​ប៉ះពាល់​ដល់​សុភមង្គល​របស់​ក្រុម​ទាំងមូល​យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​ពិចារណា​ថា នរណា​នៅក្នុង​រឿង​ខាងក្រោម​នេះ ដែល​អាច​ទទួល​រង​នូវ​ការប៉ះពាល់​ជា​អវិជ្ជមាន​ពី​សេចក្ដី​ឆ្មើងឆ្មៃ​របស់​បុគ្គល​ម្នាក់ ៖

  • សមាជិក​ម្នាក់​នៃ​ថ្នាក់​មួយ​នៅក្នុង​ក្រុម​យុវនារី ពុំ​ចង់​ស្ដាប់​មេរៀន​ដែល​គ្រូ​នាង​បាន​រៀបចំ អំពី​ពរជ័យ​ដែល​បាន​មក​ពី​ការគោរព​ប្រតិបត្តិ​តាម​ពាក្យ​គតិ​បណ្ឌិត ។ នាង​មាន​អារម្មណ៍​ថា នាង​មិន​ត្រូវការ​ឲ្យ​គេ​បង្រៀន​ម្ដងទៀត​អំពី​ពាក្យ​គតិ​បណ្ឌិត​នោះទេ ហើយ​បាន​រំខាន និង បដិសេធ​ក្នុង​ការចូលរួម​នៅក្នុង​ថ្នាក់ ។

  • មិត្ត​ម្នាក់​និយាយ​ចំអន់ ឬ និយាយ​មើលងាយ​ឥត​ឈប់ ដល់​សមាជិក​ក្នុង​ក្រុម​ម្នាក់​ទៀត ដោយសារ​តែ​របៀប​ដែល​មនុស្ស​នោះ​ស្លៀកពាក់ បង្ហាញ​ថា​គាត់​ពុំ​មាន​លុយ​ច្រើន ។

  1. សូម​សញ្ជឹង​គិត ថាតើ​មាន​នូវ​ធាតុ​ទាំងឡាយ​នៃ​សេចក្ដី​ឆ្មើងឆ្មៃ​នៅក្នុង​ជីវិត​អ្នក​ផ្ទាល់ ឬ អត់ ។ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការរំឭក​ឡើង​វិញ​នូវ​សេចក្ដី​ថ្លែងការណ៍​របស់ ប្រធាន អុជដូហ្វ ពេល​ដែល​អ្នក​ធ្វើ​ការសញ្ជឹង​គិត ។ សូម​គិត​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​តទល់​នឹង​សេចក្ដី​ឆ្មើងឆ្មៃ និង ដើម្បី​ស្វែងរក​ជំនួយ​ក្នុង​ការបង្កើន​សាមគ្គីភាព និង សេចក្ដី​សុចរិត​នៅក្នុង​គ្រួសារ កូរ៉ុម ថ្នាក់ ឬ ក្រុម​មិត្តភក្ដិ​របស់​អ្នក ។ សរសេរ​ពី​គំនិត និង គោលដៅ​ទាំងឡាយ​របស់​អ្នក នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  2. សូម​សរសេរ​ចំណុចដែល​នៅ​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី4 1 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖