ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 31 ៖ ថ្ងៃ​ទី 4 មរ៉ូណៃ 7:1–19


មេរៀនទី 31 ៖ ថ្ងៃ​ទី 4

មរ៉ូណៃ 7:1–19

សេចក្តី​ផ្ដើម

មរ៉ូណៃ​ បាន​កត់ត្រា​ពី​ទេសនកថា​មួយ ដែល​មរមន​ជា​ឪពុក​របស់​លោក​បាន​ផ្ដល់​ដល់ « បងប្អូន​ជា​ទី​ស្រឡាញ់ » របស់​លោក ជាច្រើន​ឆ្នាំ​មកហើយ ( មរ៉ូណៃ 7:2 ) ។ មេរៀន​នេះ ​រួម​មាន​នូវ​ផ្នែក​ដំបូង​នៃ​ទេសនកថា​របស់​មរមន ដែល​មាន​នៅក្នុង មរ៉ូណៃ 7 ។ វា​រៀបរាប់​អំពី​ការបង្រៀន​របស់​លោក​ក្នុង​​ការធ្វើ​កិច្ចការ​សុចរិត ដោយ​ស្មោះ​អស់​ពី​ចិត្ត និង ការពន្យល់​របស់​លោកអំ​​ពី​របៀប​ដែល​យើង​អាច​ដឹង​រវាង​ការណ៍​ល្អ និង អាក្រក់ ។ នៅក្នុង​មេរៀន​បន្ទាប់ អ្នក​នឹង​រៀន​អំពី​ទេសនកថា​ដែល​នៅសល់​ទាំង​ប៉ុន្មាន​របស់​មរមន ដែល​នៅក្នុង មរ៉ូណៃ 7 ។

មរ៉ូណៃ 7:1–10

មរមន ​បង្រៀន​ដល់​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ អំពី​កិច្ចការ និង គោលបំណង

រូបភាព
ផ្លែប៉ោម

តើ​អ្នក​ធ្លាប់​ឃើញ​អ្វី​មួយ​ដែលផ្នែក​​ខាងក្នុងវា​មិនល្អ ​ដូច​ដែល​ឃើញ​នៅ​ខាង​ក្រៅ ដែរ​ឬ​ទេ ? ឧទាហរណ៍​មួយ​អំពី​ការណ៍​នេះ អាច​ជា​ផ្លែឈើ​មួយ ដូចជា​ផ្លែប៉ោម​មួយ ដែល​ជូរ ឬ ​ទុំ​ពេក ។ សូម​រាយ​ឧទាហរណ៍​ពីរ​បី​ទៀត ដែល​អ្នក​អាច​គិត​ឃើញ ៖

ចូរ​ពិចារណា​ថា ​តើ​ឧទាហរណ៍​អំពី​វត្ថុ​​ទាំងនេះ ដែល​ឃើញ​ថា​ល្អ​នៅ​ខាង​ក្រៅ ប៉ុន្តែ​ការពិត​គឺ​មិន​ល្អ​នោះ អាច​ប្រៀបធៀប​ទៅនឹង​អាការៈ​ខាងក្រៅ និង គោលបំណង​ក្នុង​ខ្លួន​មនុស្ស​ដោយ​របៀប​ណា ។ មរ៉ូណៃ ​បាន​កត់ត្រា​ពាក្យ​សម្ដី​របស់​មរមន​ជា​ឪពុក​លោក អំពី​ស្ថានភាព​នៃ​ដួងចិត្ត​របស់​យើង ពេល​យើង​ធ្វើ​កិច្ចការ​សុចរិត ។ សូម​អាន មរ៉ូណៃ 7:2–3 ដើម្បី​រកមើល​​អ្នក​ស្ដាប់ ​ដែល ​មរមន ​បាន​ថ្លែង​ដល់ ។

មរមន ​បាន​សំដៅ​ដល់​បងប្អូន​របស់​លោក ដែល​លោក​បាន​និយាយ​ដល់នោះ​ ថា​ជា « អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ដោយ​សុខសាន្ត » ( មរ៉ូណៃ 7:3 ) ។ សូម​សិក្សា មរ៉ូណៃ 7:4–5 ដើម្បី​រកមើល​​របៀប ដែល​មរមន​បាន​ដឹង​ថា ពួក​សាសន៍​នីហ្វៃ​ទាំងនេះ គឺជា​សិស្ស​ដ៏​ពិត​របស់​ព្រះអង្គ​សង្គ្រោះ ។

តើ​អ្នក​គិត​ថា មនុស្ស​ម្នាក់ ​អាច​ធ្វើ​ពុត​ជា​សុចរិត​បាន​ទេ ? ហេតុអ្វី​បាន ឬ ហេតុ​អ្វី​មិនបាន ?

មរមន ​បាន​ថ្លែង​ពី​បញ្ហា​នេះ​នៅក្នុង មរ៉ូណៃ 7:6 ។ ពេល​អ្នក​សិក្សា​ខ​នេះ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ឃ្លា « ស្មោះ​អស់​ពី​ចិត្ត » ។ ការពន្យល់​មក​ពី អែលឌើរ ដាល្លិន អេក. អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ខាង​ក្រោម​នេះ អាច​ជួយ​អ្នក​ឲ្យ​យល់​ថា ការ​ស្មោះ​អស់​ពី​ចិត្ត​មានន័យ​យ៉ាង​ណា ។ សូម​គូស​បន្ទាត់​ពី​ក្រោម​ផ្នែក​នៃ​ការពន្យល់​ទាំងឡាយ​របស់​លោក ដែល​លេច​ធ្លោ​ចំពោះ​អ្នក ។

« យើង​មិន​ត្រឹម​តែ​ត្រូវ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​ទេ ។ យើង​ត្រូវតែ​ធ្វើ​ទង្វើ ដើម្បី​ហេតុផល​ត្រឹមត្រូវ ។ ពាក្យ​នៅ​សម័យ​ទំនើប​គឺ បំណង​ល្អ ។ ជា​ញឹកញាប់​ព្រះគម្ពីរ​បង្ហាញ​ប្រាប់​ពី​លក្ខណៈ​ខាង​គំនិតបញ្ញា​ដ៏​ត្រឹមត្រូវ​នេះ ជាមួយ​នឹង​ពាក្យ​ថា អស់​ពី​ដួងចិត្តស្មោះ​អស់​ពី​ចិត្ត ។

« ព្រះគម្ពីរ​ប្រាប់​យ៉ាងច្បាស់​ថា ព្រះ​ទ្រង់​យល់​ពីបំណង​របស់​យើង ហើយ​នឹង​ជំនុំ​ជម្រះ​យើង​ទៅតាម​សកម្មភាព​របស់​យើង » ( Pure in Heart [1988] ទំព័រ 15 ) ។

មរមន ​ពិពណ៌នា​ពី​លទ្ធផល​ដែល​មនុស្ស​ម្នាក់​ព្យាយាម​ធ្វើ​កិច្ចការ​ល្អ​ដោយ​ពុំ​ស្មោះ​អស់​ពី​ចិត្ត ។ សូម​ពិនិត្យ​មើល មរ៉ូណៃ 7:7–10 ហើយ​រកមើល​អ្វី​ដែល​កើតឡើង ពេល​យើង​ធ្វើ​ទង្វើ​សុចរិត​ដោយ​ពុំ​ស្មោះ​អស់​ពី​ចិត្ត ។ ចេញ​ពី​ខ​ទាំង​នេះ យើង​រៀន​ថា ដើម្បី​ទទួល​បាន​ពរជ័យ​សម្រាប់​កិច្ចការ​ល្អ យើង​ត្រូវតែ​ធ្វើ​វា​ដោយ​ស្មោះ​អស់​ពី​ចិត្ត ។ ស្មោះ​អស់​ពី​ចិត្ត​រួមមាន ការធ្វើ​កិច្ចការ​ល្អ​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង អ្នក​ដទៃ​ទៀត ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្វី​ខ្លះ​ជា​ភាពខុស​គ្នា ដែល​អ្នក​បាន​កត់​ចំណាំ ពេល​អ្នក​ធ្វើ​កិច្ចការ​ល្អ​ដោយ​គោលបំណង​ត្រឹមត្រូវ ដែល​ផ្ទុយ​ទៅ​នឹង​ការធ្វើ​អ្វី​មួយ​ដែល​ល្អ ដោយ​បំណង​ដ៏​អាត្មា​និយម​នោះ ?

  2. ដើម្បី​ជួយ​អ្នក​យល់​ឲ្យ​កាន់តែ​ច្បាស់អំ​ពី​គោលការណ៍​ដែល​ថា ដើម្បី​ទទួល​បាន​ពរជ័យ​សម្រាប់​កិច្ចការ​ល្អ យើង​ត្រូវតែ​ធ្វើ​វា​ដោយ​ស្មោះ​អស់​ពី​ចិត្ត នោះ​សូម​ពិចារណា​សាច់រឿង​ដូច​តទៅ​នេះ ៖ មិត្ត​ម្នាក់​ដែល​អាន​ព្រះគម្ពីរ​មរមន សុំ​ឲ្យ​អ្នក​ជួយ​ពន្យល់ មរ៉ូណៃ 7:9 ហើយ​និយាយ​ថា « ខ្ញុំ​អាន​ថា ប្រសិន​បើ​មនុស្ស​ម្នាក់​អធិស្ឋាន​ដោយ​ពុំ​ស្មោះ​អស់​ពី​ចិត្ត ‹ ការអធិស្ឋាន​នោះ​ពុំ​មាន​ផល​ប្រយោជន៍​អ្វី​ដល់​ជន​នោះ​ឡើយ ត្បិត​ព្រះ​ទ្រង់​ពុំ​ទទួល​មនុស្ស​បែបនេះ​ទេ › ។ ជា​ញឹកញាប់​ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ខ្ញុំ​ពុំ​បាន​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត ។ តើ​ខ្ញុំ​គួរតែ​ឈប់​អធិស្ឋាន​ឬ ? » នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយតប​ដល់​សំណួរ​នេះ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​ឆ្លើយតប​របៀប​នោះ ។

ប្រធាន ព្រិកហាំ យ៉ង់ បាន​ផ្ដល់​នូវ​ដំបូន្មាន​ដ៏​មាន​ប្រយោជន៍​នេះ អំពី​របៀប​ដែល​យើង​អាច​ទទួល​បាន​នូវ​បំណង​ប្រាថ្នា​ដើម្បី​អធិស្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត ៖ « មិន​ថា​អ្នក ឬ ខ្ញុំ​មាន​អារម្មណ៍​ចង់​អធិស្ឋាន ឬ អត់​នោះ​ទេ ពេល​ដែល​ពេលវេលា​អធិស្ឋាន​មកដល់ នោះ​ចូរ​អធិស្ឋានចុះ ។ បើ​យើង​មិន​មាន​អារម្មណ៍​នឹង​អធិស្ឋាន​ទេ យើង​គប្បី​អធិស្ឋាន​រហូត​ទាល់តែ​យើង​ចង់ » ( Teachings of Presidents of the Church: Brigham Young [1997] ទំព័រ 45 ) ។

សូម​គិត​អំពី​របៀប​ដែល​ដំបូន្មាន​របស់ ប្រធាន យ៉ង់ អាច​ទាក់ទង​នឹង​ការគោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​ផ្សេងៗ​ទៀត ក្រៅ​ពី​ការអធិស្ឋាន ។ ការធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​ជា​ញឹកញាប់ អាច​ជួយ​នាំ​មក​នូវ​បំណង​ប្រាថ្នា​មួយ ដើម្បី​បន្ត​គោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​នោះ សម្រាប់​មូលហេតុ​ដ៏​ត្រឹមត្រូវ ។

  1. ដើម្បី​អនុវត្ត​ការបង្រៀន​របស់​មរមន អំពី​សារៈសំខាន់​នៃ​ការធ្វើ​កិច្ចការ​ល្អ​ដោយ​ស្មោះ​អស់​ពី​ចិត្ត សូម​ជ្រើសរើស​បទបញ្ញត្តិ​មួយ​ចេញ​ពី​បទបញ្ញត្តិ​ទាំងឡាយ​នេះ ៖ ការតម​អាហារ ការបង់​ដង្វាយ​មួយ​ភាគ​ដប់ ការបម្រើ​អ្នក​ដទៃ ការសិក្សា​ព្រះគម្ពីរ ការគោរព​ឪពុកម្ដាយ ការរស់នៅ​ឲ្យ​មាន​ភាពស្អាតស្អំ​ខាង​សីលធម៌ ។ ( ការរក្សា​ភាពស្អាតស្អំ​ខាង​សីលធម៌ រួមមាន​ការប្រកប​ដោយ​គុណធម៌ ពេល​ប្រើប្រាស់​អ៊ិនធើរណិត ឬ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ វា​ក៏​រួម​បញ្ចូល​ផងដែរ​នូវ​ការណ៍​មិន​ធ្វើ​អ្វីៗ ដែល​អាច​នាំ​ទៅកាន់​ការរំលង​ខាង​ផ្លូវភេទ ) ។ បន្ទាប់​មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​ធ្លាប់​បាន​ទទួល​ពរជ័យយ៉ាង​ដូចម្ដេច ពេល​អ្នក​បាន​ព្យាយាម​គោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​នោះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ?

    2. តើ​ដំបូន្មាន​អ្វី​ដែល​អ្នក​នឹង​ផ្ដល់​ដល់​មិត្ត​របស់​អ្នក អំពី​របៀប​គោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​នោះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ?

មរ៉ូណៃ 7:11–19

មរមន​បង្រៀនអំ​ពី​របៀប​វិនិច្ឆ័យ​រវាង​ការល្អ និង ការអាក្រក់

តើ​យើង​អាច​ប្រាប់​ថា ​អ្វី​មួយ​អាក្រក់​ដោយ​មិន​បាន​សាកល្បង​វា​ផ្ទាល់បាន​​ដោយ​របៀប​ណា ? មរមន​ បាន​ផ្ដល់​ដំបូន្មាន ដើម្បី​ជួយ​យើង ពេលដែល​ប្រឈម​នឹង​ស្ថានភាព​បែប​នោះ ។

  1. សូម​អាន មរ៉ូណៃ 7:11–13 ហើយ​រកមើល​របៀប​ក្នុង​ការវិនិច្ឆ័យការ​​ល្អ​ចេញ​ពី​ការ​អាក្រក់ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​ដែល​អ្នក​ចាប់​អារម្មណ៍ ។ សូម​សង្ខេប​អ្វី​ដែល​អ្នក​រៀន​ចេញ​ពី​ខ​ទាំងនេះ ដោយ​ការបំពេញ​សេចក្ដី​ថ្លែង​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. អ្វី​ដែល​មក​ពី​ព្រះ …

    2. អ្វី​ដែល​មក​ពី​អារក្ស …

មរមន បាន​​អះអាង​បញ្ជាក់​ថា ព្រះ​ អញ្ជើញ ហើយ​ញុះញង់​យើង​ឲ្យ​ធ្វើ​ល្អ​ជានិច្ច ។ សូម​កត់ចំណាំ​ថា យោង​ទៅតាម មរ៉ូណៃ 7:12 អារក្ស​ក៏​អញ្ជើញ និង ញុះញង់​យើង​ផងដែរ ។ ចូរ​គិត​អំពី​របៀប​មួយ​ចំនួន ដែល​អារក្ស​អញ្ជើញ និង ញុះញង់​យើង​ឲ្យ​ធ្វើអំពើ​បាប ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពិភាក្សា​ពី​បំណង​​របស់​សាតាំង​ក្នុង​ការព្យាយាម​ញុះញង់​យើង​ឲ្យ​ធ្វើ​អាក្រក់​ឥត​ឈប់ឈរ​ថា ៖ « សាតាំង ឬ លូស៊ីហ្វើរ ឬ បិតា​នៃ​សេចក្តី​កុហក—ចូរហៅ​វា​តាម​អ្វី​ដែល​អ្នក​នឹង​ហៅ​ចុះ—គឺ​វា​មាន​ពិត វា​គឺជា​តួអង្គ​នៃ​ការអាក្រក់​នោះឯង ។ បំណង​របស់​វា គឺ​មាន​នៅក្នុង​គ្រប់​ករណី​ដែល​អាក្រក់ ។ … វា​ជំទាស់ដ៏​អស់កល្ប​ជានិច្ច​ទៅនឹង​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង កិច្ចការ​នៃ​សេចក្ដី​សុខសាន្ត និង សេចក្ដី​សង្គ្រោះ ។ វា​នឹង​ប្រយុទ្ធ​តទល់​នឹង​ការណ៍​ទាំងនេះ នៅ​ពេល​ណា និង កន្លែង​ណា​ក៏​ដោយ ដែល​វា​អាច​ធ្វើ​បាន ។ វា​ដឹង​ថា វា​នឹង​ត្រូវ​វាយ​ឲ្យ​ចាញ់ និង ត្រូវ​បណ្ដេញ​ចេញ​នៅ​ទី​បំផុត ប៉ុន្តែ​វា​បានប្ដេជ្ញា​ចិត្ត​ដើម្បី​យកមនុស្ស​ទៅ​​ជាមួយ​វា​ឲ្យ​បាន​ច្រើន​បំផុត ​តាម​ដែល​វា​អាច​ធ្វើ​ទៅ​បាន » ( “We Are All Enlisted” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 44 ) ។

  1. ដើម្បី​ជួយ​អ្នក​រៀបចំ​អនុវត្ត​ការបង្រៀន​របស់​មរមន អំពី​ការវិនិច្ឆ័យ​រវាងការ​ល្អ និង ការ​អាក្រក់ សូម​រាយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​កម្មវិធី​ទូរទស្សន៍ ក្រុម​តន្ត្រី ទំព័រ​អ៊ិនធើរណិត វីដេអូ​ហ្គេម ឬ របស់​ទ្រព្យ​ផ្ទាល់​ខ្លួន ​ដែល​អ្នក​ចូលចិត្ត​មួយ​ចំនួន ។ ( អ្នក​អាច​នឹង​ចង់​កែប្រែ​បញ្ជី​នេះ ទៅតាម​ចំណូល​ចិត្ត​របស់​អ្នក ) ។ អ្នក​នឹង​ត្រឡប់​មក​បញ្ជី​នេះ​នៅ​ពេល​ក្រោយ នៅក្នុង​មេរៀន​នេះ ។

សូម​អាន មរ៉ូណៃ 7:15–17 ហើយ​រកមើល​សេចក្ដី​ពិត​ទាំងឡាយ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​របៀបធ្វើ​ការវិនិច្ឆ័យ​ថា តើ​អ្វី​មួយ​មក​ពី​ព្រះ ឬ មក​ពី​អារក្ស ។

ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ ត្រូវបាន​ហៅ​ផងដែរ​ថា​ជា ពន្លឺ​នៃ​ព្រះគ្រីស្ទ ( សូម​មើល មរ៉ូណៃ 7:18 ) ។ ប្រធាន ប៊យដ៏ ឃេ. ផាកកឺ ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​នូវ​ការពន្យល់​នេះ ដែល​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់អំ​ពី​ពន្លឺ​នៃ​ព្រះគ្រីស្ទ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ. ផាកកឺ

« ព្រះវិញ្ញាណ​បរិសុទ្ធ និង ពន្លឺ​នៃ​ព្រះគ្រីស្ទ គឺ​ខុស​ពី​គ្នា ។ ខណៈ​ដែល​ពេលខ្លះ ព្រះវិញ្ញាណ​បរិសុទ្ធ និង ពន្លឺ​នៃ​ព្រះគ្រីស្ទ ត្រូវបាន​ពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ ដោយ​ពាក្យ​ដូចគ្នា​ក៏​ដោយ ក៏​វា​គឺជា​អ្វី​ពីរ​ ដែល​ដាច់ដោយ​ឡែក​ពី​គ្នាដែរ ។ …

« កាលណា​យើង​កាន់តែ​ដឹង​ច្រើនអំ​ពី​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ច្រើន​ប៉ុណ្ណា នោះ​យើង​ក៏​នឹង​កាន់តែ​យល់​អំពី​ជីវិត និង កាន់តែ​មាន​សេចក្ដី​ស្រឡាញ់​ជ្រាលជ្រៅ​ចំពោះ​មនុស្ស​លោក​ទាំងអស់​ច្រើន​ប៉ុណ្ណោះ​ដែរ ។ …

« ដោយ​មិន​គិត​ថា តើ​ពន្លឺ​នៅ​ខាងក្នុង​ខ្លួន​នេះ​ជា​អ្វី​ទេ ការចេះដឹងអំ​ពី​ត្រូវ និង ខុស​នេះ គឺ​ត្រូវបាន​ហៅ​ថា​ ពន្លឺ​នៃ​ព្រះគ្រីស្ទ ញាណ​ខាង​សីលធម៌ ឬ សតិសម្បជញ្ញៈ ដែល​វា​អាច​ដឹកនាំ​យើង​ឲ្យ​ទប់​នូវ​ទង្វើ​របស់​យើង—លុះត្រា​តែ​យើង​ជំនះ​វា ឬ ធ្វើ​ឲ្យ​វា​ស្ងប់ស្ងាត់ ។ …

« បុរស ស្ត្រី និង កុមារ​គ្រប់​រូប គ្រប់​ជាតិ​សាសន៍ គ្រប់​សាសនា ឬ គ្រប់​ពណ៌​សម្បុរ—គ្រប់ៗ​គ្នា មិន​ថា​ពួកគេ​រស់នៅ​ទីណា ឬ ​ជឿអ្វី ឬ ​ធ្វើអ្វី​នោះទេ—គឺ​ពួកគេ​មាន​នូវ​ពន្លឺ​នៃ​ព្រះគ្រីស្ទនៅ​ឋិតថេរក្នុងខ្លួន​របស់​​ពួកគេ ។ នៅក្នុង​ន័យ​នេះ​គឺ​ថា មនុស្ស​ទាំងអស់ ​ត្រូវបាន​បង្កើត​មក​ឲ្យ​មាន​ភាព​ស្មើៗ​គ្នា ។ ពន្លឺ​នៃ​ព្រះគ្រីស្ទ​ ដែល​នៅក្នុង​ខ្លួន​មនុស្ស​គ្រប់​គ្នា គឺជា​ទីបន្ទាល់​មួយ​ថា ព្រះ​ពុំ​រើស​មុខ​មនុស្ស​ណា​ឡើយ » ( “The Light of Christ” Ensign ខែ មេសា ឆ្នាំ 2005 ទំព័រ 8–10 ) ។

សមាជិក​សាសនាចក្រ​ដែល​បាន​ជ្រមុជ​ទឹក​ហើយ ក៏​មាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ផងដែរ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចេះ​ញែក​ដឹង​រវាងសេចក្ដី​ល្អ និង សេចក្ដី​អាក្រក់ ។ ប្រធាន ផាកកឺ បាន​បង្រៀន​ថា « ព្រះវិញ្ញាណ​បរិសុទ្ធ ​អាច​ធ្វើការ​តាម​រយៈ​ពន្លឺ​នៃ​ព្រះគ្រីស្ទ » ( “Light of Christ” ទំព័រ 10 ) ។

សូម​ពិនិត្យ​មើល មរ៉ូណៃ 7:18–19 ដើម្បី​រកមើល​ដំបូន្មាន​របស់​ មរមន អំពី​របៀប​ឆ្លើយតប​ចំពោះ​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ដែល​នៅខាង​ក្នុងខ្លួន​​យើង ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​នៅក្នុង​ខ​ទាំងនេះ ដែល​ចង្អុល​បង្ហាញ​ថា ពេល​យើង​ព្យាយាម​ធ្វើតាម​ពន្លឺ​នៃ​ព្រះគ្រីស្ទ នោះ​យើង​អាចចេះ​ញែក​​ដឹង​រវាងសេចក្ដី​ល្អ និង សេចក្ដី​អាក្រក់​បាន ។

សូម​មើល​បញ្ជី​ដែល​អ្នក​បាន​ធ្វើ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នៅក្នុង​កិច្ចការ 5 ។ សូម​សញ្ជឹង​គិត​ដោយ​ប្រុង​ប្រយ័ត្ន​ទៅលើ​អ្វី​ដែល​មាន​នៅក្នុង​បញ្ជី​របស់​អ្នក ហើយ « ព្យាយាម​ស្វែងរក​នៅក្នុង​ពន្លឺ​នៃ​ព្រះគ្រីស្ទ » ( មរ៉ូណៃ 7:19 ) ដើម្បី​កំណត់​ថា​ តើ​អ្វីៗ​​ទាំងនេះ​មក​ពី​ព្រះ ឬ អត់ ។ សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ អាច​មាន​ប្រយោជន៍​ក្នុង​ការពិចារណា ៖

  • តើ​ការណ៍​ទាំងនេះ​ អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​ល្អ ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ ឲ្យ​ស្រឡាញ់​ព្រះ និង បម្រើ​ទ្រង់​ល្អ​យ៉ាង​ណា ?

  • តើ​មាន​អ្វី​ចេញពី​ការណ៍​ទាំងនេះ ដែល​បញ្ចុះ​បញ្ចូល​​អ្នក​ឲ្យ « ធ្វើ​អាក្រក់ … មិន​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ … បដិសេធ​ទ្រង់ [ ឬ ] មិន​បម្រើ​ព្រះ » ដែរ​ឬ​ទេ ? ( មរ៉ូណៃ 7:17 ) ។

  • តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​គួរតែ​ដកចេញ​នូវ​ចំណុច​ណា​មួយ​នៃ​ចំណុច​ទាំងនេះ ចេញពី​ជីវិត​របស់​អ្នក​ដែរ​ឬ​ទេ ? បើ​ដូច្នោះ តើ​អ្នក​នឹង​ធ្វើ​វា​ដោយ​របៀប​ណា ?

មរមន ​បាន​សន្យា​ថា ពេល​អ្នក​ជ្រើសរើស​​ដកចេញ​នូវ​អ្វីៗ​ដែល​មិន​ល្អ​ចេញ​ពី​ជីវិត​អ្នក ហើយ​ព្យាយាម « ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ » នោះ​អ្នក​នឹង​ក្លាយ​ជា « កូន​នៃ​ព្រះគ្រីស្ទ » ( មរ៉ូណៃ 7:19 ) ។

  1. សូម​សរសេរ​ចំណុចដែល​នៅ​ខាងក្រោម​នេះ ពីខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា មរ៉ូណៃ 7:1–19 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖