ថ្នាក់​សិក្ខាសាលា
មេរៀនទី 10 ៖ ថ្ងៃទី 2 យ៉ាកុប 7


មេរៀនទី 10 ៖ ថ្ងៃទី 2

យ៉ាកុប 7

សេចក្តីផ្ដើម

យ៉ាកុប​បាន​ពឹងផ្អែក​លើ​ទីបន្ទាល់​របស់​លោក និង លើ​ព្រះអម្ចាស់​ដើម្បី​ឈ្នះ​លើ​គំនិត​ក្លែងក្លាយ និង ជម្លោះ​របស់​សេរេម​ដែល​ជា​អ្នក​ប្រឆាំង​នឹង​ព្រះគ្រីស្ទ ។អ្នក​ប្រឆាំង​នឹង​ព្រះគ្រីស្ទ​គឺជា​មនុស្ស​ម្នាក់​ដែល​ប្រឆាំង​នឹង​ព្រះគ្រីស្ទ​យ៉ាង​ម៉ឺងម៉ាត់ ឬ ដ៏ខ្លាំងក្លា ហើយ​ព្យាយាម​បំផ្លាញ​សេចក្តី​ជំនឿ​របស់​មនុស្ស​ផ្សេងទៀត​ដែល​មាន​ជំនឿ​លើ​ទ្រង់ លើ​សាសនាចក្រ​ដ៏ពិត​របស់​ទ្រង់ លើ​ដំណឹងល្អ​របស់​ទ្រង់ ឬ ផែនការ​នៃ​សេក្តី​សង្គ្រោះ ។

រូបភាព
យ៉ាកុប និង សេរេម

ដើម្បី​បញ្ឈប់​កិច្ច​ប្រឹងប្រែង​របស់​សេរេម លោក​យ៉ាកុប​បាន​ទាញយក​កម្លាំង​ពី​បទពិសោធន៍​ពី​អតីតកាល​ដែល​បាន​បង្កើន​សេចក្តី​ជំនឿ​របស់​លោក​លើ​ព្រះយេស៊ូវគ្រីស្ទ ។លោក​ក៏បាន​ពឹងផ្អែក​លើ​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ចំណេះដឹង​ពី​ព្រះគម្ពីរ និង ពាក្យសម្តី​នៃ​ពួក​ព្យាការី និង ទីបន្ទាល់​របស់​លោក​អំពី​ព្រះយេស៊ូវគ្រីស្ទ ។នៅពេល​សេរេម​ទាមទារ​រក​ទីសម្គាល់​មួយ​ដែល​នឹង​ឆ្លុះបញ្ចាំង​ថា តើ​សម្តី​របស់​យ៉ាកុប​ពិត​ដែរឬទេ នោះ​គាត់​ត្រូវ​ព្រះវាយ​ផ្ចាល ។យ៉ាកុប​បានបញ្ចប់​កំណត់ត្រា​របស់​លោក​ដោយ​ពិពណ៌នា​ពី​របៀប​ដែល​ពួកសាសន៍​នីហ្វៃ​បានទុក​ចិត្ត​លើ​ព្រះអម្ចាស់ កាលដែល​ពួកគេបាន​ពង្រឹង​ខ្លួន​ពួកគេ​ទាស់​ពួក​សាសន៍​លេមិន ។ពីមុន​ពេល​លោក​យ៉ាកុប​ស្លាប់ លោក​បាន​ប្រគល់​ផ្ទាំងតូច​ឲ្យ​អេណុស ជា​កូនប្រុស​របស់​លោក ។

យ៉ាកុប 7:1–14

យ៉ាកុប​បាន​ពឹងផ្អែក​លើ​ព្រះអម្ចាស់​នៅពេល​លោក​ប្រឈម​មុខ​នឹង​សេរេម​ជា​អ្នក​ប្រឆាំង​នឹង​ព្រះគ្រីស្ទ

អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ៖ « ការសាល្បង​ដ៏ធំ​មួយ​ក្នុង​ចំណោម​ការសាកល្បង​ទាំងឡាយ​នៃ​ជីវិត​រមែង​ស្លាប់ នឹង​កើតឡើង​នៅពេល​ដែល​សេចក្តី​ជំនឿ​របស់​យើង​ត្រូវបាន​គេ​ចោទសួរ ឬ រិះគន់ ។នៅពេល​បែប​នេះ យើង​អាច​ចង់​ឆ្លើយតប​វិញ​ទាំង​កំហឹង ។… ប៉ុន្តែ​ទាំងនេះ​គឺជា​ឱកាស​ដ៏សំខាន់​ដើម្បី​ពិចារណា អធិស្ឋាន និង ធ្វើតាម​គំរូ​ព្រះអង្គសង្គ្រោះ ។សូម​ចងចាំ​ថា ព្រះយេស៊ូវ ទ្រង់​ផ្ទាល់​ត្រូវ​បាន​គេ​ស្អប់ ហើយ​បដិសេធ​ពី​សំណាក់​លោកិយ​នេះ ។… នៅពេល​យើង​ឆ្លើយតប​នឹង​អ្នក​ចោទ​ប្រកាន់​យើង​ដូច​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ នោះយើង​មិន​ត្រឹមតែ​កាន់តែ​ប្រែក្លាយ​ដូច​ទៅនឹង​លក្ខណៈ​នៃ​គ្រីស្ទនោះទេ យើង​ក៏បាន​អញ្ញើញ​មនុស្ស​ដទៃ​ឲ្យ​មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​ពី​ទ្រង់ ហើយ​ធ្វើតាម​ទ្រង់​ផងដែរ » ( “Christian Courage: The Price of Discipleship,Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 72 ) ។

សូម​គិត​ពី​គ្រា​មួយ​នៅពេល​សេចក្តី​ជំនឿ​របស់អ្នក​ត្រូវ​បាន​គេ​ចោទសួរ ឬ រិះគន់ ។នៅពេល​អ្នក​សិក្សា យ៉ាកុប 7 អ្នក​នឹង​រៀន​ពី​របៀប​ដែល​យ៉ាកុប​ទទួល​បទពិសោធន៍​អំពី​ការរិះគន់​ចំពោះ​សេចក្តី​ជំនឿ​របស់​លោក​ពី​បុរស​ម្នាក់​ឈ្មោះ​សេរេម និង ពី​របៀប​ដែល​លោក​ឆ្លើយតប​ដោយ​ជោគជ័យ​ចំពោះ​ឧបសគ្គនេះ ។

សូម​អាន យ៉ាកុប 7:1–5 ហើយ​រកមើល​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ (1) អ្វី​ដែល​សេរេម​កំពុង​ព្យាយាម​ធ្វើ និង (2) របៀប​ដែល​គាត់​ព្យាយាម​ដើម្បី​សម្រេច​គោល​ដៅ​របស់​គាត់ ។អ្នក​អាច​ចង់​គូស​ចំណាំ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

យោង​ទៅតាម យ៉ាកុប 7:3 តើ​សេរេម​មាន​ឥទ្ធិពល​អ្វី​ទៅលើ​ប្រជាជន ?

  1. សូម​កត់សម្គាល់​នៅក្នុង យ៉ាកុប 7:4 ថា សេរេម « ជា​អ្នក​រៀន​សូត្រ » និង មាន « កលល្បិច​នៃ​សម្តី​ជាច្រើន » ។ សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ពី​មូលហេតុ​ដែល​ជួនកាល​វា​ពិបាក​ដើម្បី​ការពារ​សេចក្តី​ជំនឿ​អ្នក​ទាស់​នឹង​មនុស្ស​ដូចជា សេរេម ។

សូម​ចងចាំ​ថា មនុស្ស​ដែល​ចោទសួរ ឬ រិះគន់​សេចក្តី​ជំនឿ​របស់​យើង មិនមែន​ចាំបាច់​សុទ្ធតែ​ជា​មនុស្ស​ដែល​មាន​បំណង​ដូចជា​សេរេម​នោះ​ទេ ។ខណៈដែល​មនុស្ស​មួយ​ចំនួន​ដូចជា​សេរេម ព្យាយាម​បំផ្លាញ​សេចក្តី​ជំនឿ​ដោយ​មិន​សូញសាញ នោះ​មាន​មនុស្ស​ផ្សេងទៀត ដែល​អាច​ចោទសួរ​ពីសេចក្តី​ជំនឿ​របស់​យើង ដោយសារតែ​ពួកគេ​ចង់​ដឹង ឬ ប្រហែល​ពួកគេ​បាន​ទទួល​ព័ត៌មាន​ខុស​អំពី​សេចក្តីជំនឿ​យើង ។

នៅពេល​អ្នក​អាន យ៉ាកុប 7:5–14 សូម​សញ្ចឹងគិត​ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយតប​ចំពោះ​មនុស្ស​ម្នាក់​ដូច​ជា សេរេម ។នៅពេល​អ្នក​សិក្សា​អំពី​ការឆ្លើយតប​របស់​យ៉ាកុប អ្នក​នឹង​ឃើញថា នៅពេល​យើង​ពឹងផ្អែក​លើ​ព្រះអម្ចាស់ នោះ​យើង​អាច​ឈ្នះលើ​ឧបសគ្គដែល​កើតឡើង​ចំពោះ​សេចក្តី​ជំនឿ​របស់​យើង ។ អ្នក​អាច​ចង់​សរសេរ​គោលការណ៍​នេះ​នៅលើ​គែម​នៃ​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ​នឹង​ខគម្ពីរ​ទាំងនោះ ។សូម​រកមើល​របៀប​ដែល​លោកយ៉ាកុប​បាន​ចង្អុលបង្ហាញ​គោលការណ៍​នេះ​នៅពេល​ប្រឈមមុខ​នឹង​សេរេម ។

ក្នុង​តារាង​ខាងក្រោម​នេះ សូម​អាន​ខគម្ពីរ​ទាំងនេះ​ពី យ៉ាកុប 7:5–14 ក្នុង​គូឡោន​ទីមួយ ហើយ​ផ្គូផ្គង​ខគម្ពីរ​យោង​នោះ​ទៅនឹង​សេចក្តីថ្លែង​ក្នុង​គូឡោន​ទីពីរ​ដែល​ពិពណ៌នា​សមស្រប​បំផុត អំពី​របៀប​ដែល​លោក​យ៉ាកុប​បានពឹងផ្អែក​លើ​ព្រះអម្ចាស់​ក្នុង​ខគម្ពីរ​យោង​នោះ ។សូម​សរសេរ​អក្សរ​នៃ​សេចក្តី​ថ្លែង​នៅលើ​បន្ទាត់​ក្បែរ​នឹង​ខគម្ពីរ​យោង ។

អ្វី​ដែល​យ៉ាកុប​បានធ្វើ​ដើម្បី​ពឹងផ្អែក​លើ​ព្រះអម្ចាស់

  1. យ៉ាកុប 7:5

  2. យ៉ាកុប 7:8

  3. យ៉ាកុប 7:10–11

  4. យ៉ាកុប 7:12

  5. យ៉ាកុប 7:13–14

  1. លោក​បាន​ធ្វើ​ទីបន្ទាល់​អំពី​ព្រះគម្ពីរ និង ពាក្យសម្តី​របស់​ពួក​ព្យាការី ។

  2. លោក​បានទុក​លទ្ធផល​ក្នុង​ព្រះហស្ដ​របស់ព្រះ ។

  3. លោក​បានពឹងផ្អែក​លើ​ការដឹកនាំ និង កម្លាំង​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  4. លោក​បានចងចាំ​បទពិសោធន៍​ពីមុនៗ​ដែល​បានពង្រឹង​សេចក្តី​ជំនឿ​របស់​លោក ។

  5. លោក​បានចែកចាយ​ទីបន្ទាល់​ដែល​លោក​បានទទួល​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

អ្នក​អាច​ពិនិត្យ​មើល​ចម្លើយ​របស់​អ្នក​ទៅនឹង​សកម្មភាព​ផ្គូផ្គង​នេះ ដោយ​យោង​ទៅ​លើ​ចម្លើយ​ដ៏ត្រឹមត្រូវ​ដែល​មាន​នៅចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

តើ​អ្នក​អាច​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​យ៉ាង​ណា ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​អ្នក​មិន​បាត់បង់​នៅពេល​អ្វី​ដែល​អ្នក​ជឿ​ត្រូវបាន​ចោទសួរ ឬ រិះគន់​នោះ ?សូម​កត់សម្គាល់​ក្នុង យ៉ាកុប 7:5 ថា លោក​យ៉ាកុប​ចង្អុល​បង្ហាញ​សេចក្តី​ពិត​តទៅ​នេះ ៖ យើង​មិនអាច​បាត់បង់​សេចក្តី​ជំនឿ​របស់​យើង​ឡើយ បើសិន​ទីបន្ទាល់​របស់​យើង​ពឹងផ្អែក​ទៅលើ​វិវរណៈ និង បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏ពិត​ប្រាកដ ។ សូម​សញ្ជឹងគិត​ពី​កម្លាំង​នៃ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ពង្រឹង​វា ។

ការ​ឆ្លើយតប​របស់​យ៉ាកុប​ទៅកាន់​សេរេម​ផ្តល់ឲ្យ​នូវ​គំរូ​មួយ​សម្រាប់​យើង​ដើម្បី​ធ្វើតាម នៅពេល​យើង​ឆ្លើយតប​ចំពោះ​បុគ្គល​ទាំងឡាយ​ដែល​ចោទសួរ ឬ រិះគន់​ដល់​សេចក្តី​ជំនឿ​របស់​យើង ។

  1. សូម​ឆ្លើយ​សំណួរ​បី​ខាងក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដើម្បី​ជួយ​អ្នក​គិត​អំពី​រឿង​ទាំងឡាយ​ដែល​លោក​យ៉ាកុប​បានធ្វើ​ដើម្បី​ពឹងផ្អែក​លើ​ព្រះអម្ចាស់ និង របៀប​ដែល​សកម្មភាព​ដូច​គ្នា​នេះ​បាន​ជួយ​អ្នក ឬ អាច​ជួយ​អ្នក​នៅពេល​មនុស្ស​ដទៃ​ជំទាស់​នឹង​សេចក្តី​ជំនឿ​អ្នក ៖

    1. សូម​កត់សម្គាល់​ក្នុង យ៉ាកុប 7:5 ថា ដោយសារ​តែ​បទពិសោធន៍​ខាង​វិញ្ញាណ​របស់​យ៉ាកុប​ពីមុន នោះ​សេចក្តី​ជំនឿ​របស់​លោក​មិន​បាន​បាត់បង់​ទៅឡើយ ។តើ​មាន​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​ពង្រឹង​សេចក្តី​ជំនឿ​អ្នក ?តើ​ការចងចាំ ឬ ការកត់ត្រា​ទុក​នូវ​បទពិសោធន៍​ទាំងនេះ​អាច​ជួយ​អ្នក​យ៉ាង​ដូចម្តេច​ដែរ នៅពេល​នរណា​ម្នាក់​ចោទសួរ ឬ រិះគន់​ដល់​សេចក្តី​ជំនឿ​អ្នក ?

    2. ក្នុង យ៉ាកុប 7:8 លោក​យ៉ាកុប​បានថ្លែង​ថា « ព្រះ​ទ្រង់​បាន​ស្រោច​ព្រះវិញ្ញាណ​របស់​ទ្រង់​មកលើ​ព្រលឹង​ខ្ញុំ » ។តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​អាច​មាន​ព្រះវិញ្ញាណ​ស្រោច​មកលើ​ព្រលឹង​របស់​អ្នក ?តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​អ្នក​ដោយ​របៀប​ណា​នៅពេល​អ្នក​ដោះស្រាយ​ជាមួយ​សំណួរ ឬ ការរិះគន់​ទាំងឡាយ​អំពី​សេចក្តី​ជំនឿ​របស់​អ្នក ?

    3. តើ​ទម្លាប់​នៃ​ការ​សិក្សា​ព្រះគម្ពីរ និង ពាក្យសម្តី​នៃ​ពួក​ព្យាការី​ថ្ងៃ​ចុងក្រោយ​ប្រចាំ​ថ្ងៃ អាចជួយ​អ្នក​ដោយ​របៀប​ណាក្នុង​កាលៈទេសៈ​ទាំងឡាយ នៅពេល​មនុស្ស​ដទៃ​ចោទសួរ ឬ រិះគន់​ដល់​សេចក្តី​ជំនឿ​អ្នក ?( សូមមើល យ៉ាកុប 7:10–11 ) ។

    4. តើ​នៅ​ពេល​ណា ដែល​អ្នក​បាន​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​ជាមួយ​មនុស្ស​ម្នាក់​ដែល​បាន​ចោទសួរ ឬ រិះគន់​ដល់​សេចក្តី​ជំនឿ​អ្នក ?( សូមមើល យ៉ាកុប 7:12 ) ។តើ​លទ្ធផល​គឺជា​អ្វី ?

    5. ជា​ជាង​ការព្យាយាម​បង្ហាញ​ភស្តុតាង​អំពី​សេចក្តី​ពិត​ដ៏ពេញ​លេញ​នៃ​ទីបន្ទាល់​របស់​លោក នៅពេល​សេរេម​ស្វែងរក​ទីសម្គាល់​មួយ នោះ​លោក​យ៉ាកុប​បានទុក​លទ្ធផល​នេះ​ក្នុង​ព្រះហស្ដ​នៃ​ព្រះ​វិញ ( សូមមើល យ៉ាកុប 7:14 ) ។តើ​វា​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ថា អ្នក​មិន​ត្រូវការ​បង្ហាញ​សេចក្តីពិត​ដ៏ពេញលេញ​នៃ​ទីបន្ទាល់​របស់​អ្នក​ទៅកាន់​អ្នក​ទាំងឡាយ​ដែល​ជំទាស់​នឹង​សេចក្តី​ជំនឿ​អ្នក​យ៉ាង​ដូចម្តេច ?

យ៉ាកុប 7:15–23

សេរេម​ត្រូវ​បាន​វាយ សារភាព ហើយ​ក៏​ស្លាប់​ទៅ ដែល​បាន​នាំ​បណ្ដាជន​សាសន៍​នីហ្វៃ​ឲ្យបែរ​ទៅរក​ព្រះអម្ចាស់​វិញ

អែលឌើរ រ៉ូបឺត ឌី ហែល បានបង្រៀន​ថា ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

« នៅពេល​យើង​មិន​សងសឹក—នៅពេល​យើង​បែរ​កំផ្លៀង​ម្ខាង​ទៅ ហើយ​ទប់​អារម្មណ៍​នៃ​កំហឹង—នោះ​យើង​កំពុង​ធ្វើ​តាម​គំរូ​នៃ​ព្រះអង្គ​សង្គ្រោះ ។យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដែល​ជា​អំណាច​តែ​មួយ​គត់​ដែល​អាច​ឈ្នះលើ​បច្ចាមិត្ត និង ឆ្លើយ​តប​ដល់​អ្នក​ចោទប្រកាន់​យើង​ដោយ​មិន​ចោទប្រកាន់​ពួកគេ​វិញទេ ។នោះ​មិន​មែន​ជា​ភាព​ទន់ខ្សោយទេ ។នោះ គឺជា​ភាពក្លាហាន​នៃ​គ្រីស្ទសាសនិក ។

« យើង​បាន​រៀន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ថា ឧបសគ្គទាំងឡាយ​ដែល​មាន​ចំពោះ​សេចក្តី​ជំនឿ​របស់​យើង​មិន​មែន​ជារឿង​ថ្មីទេ ហើយ​ឧបសគ្គទាំងនោះ​ក៏​មិន​ទំនង​ជា​បាត់​ទៅ​នៅ​ពេល​ឆាប់ៗ​នេះដែរ ។ប៉ុន្តែ សិស្ស​ដ៍ពិត​នៃ​ព្រះ​គ្រីស្ទ​មើល​ឃើញ​ឱកាស​ដែល​មាន​ក្នុង​ភាពផ្ទុយ​គ្នា ។ …

« … សំណាងល្អ ព្រះអម្ចាស់​ស្គាល់​ដួងចិត្ត​នៃ​ពួក​អ្នក​ចោទប្រកាន់​យើង និង របៀប​ដែល​យើង​អាច​ឆ្លើយ​តប​ដោយប្រសិទ្ធិភាព​បំផុត​ដល់​ពួកគេវិញ ។នៅពេល​សិស្ស​ដ៏ពិត​ស្វែករក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ពួកគេ​ទទួល​បាន​ការបំផុស​គំនិត​ដែល​ស្រប​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នីមួយៗ ។ ហើយ​ក្នុង​រាល់​ស្ថានភាព សិស្ស​ដ៏ពិត​ឆ្លើយ​តប​តាម​មធ្យោបាយ​ទាំងឡាយ​ដែល​អញ្ជើញ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ » ( «Christian Courage: The Price of Discipleship» ទំព័រ 72–73) ។

តើ​អ្នក​គិត​ថា ឃ្លា « មើល​ឃើញ​ឱកាស​ដែល​មាន​ក្នុង​ភាពផ្ទុយ​គ្នា » មានន័យ​យ៉ាងណា ?

យើង​អាច​ទទួល​បាន​លទ្ធផល​ល្អ នៅពេល​យើង​ឆ្លើយ​តប​នឹង​អ្នក​ទាំងឡាយ​ដែល​ជំទាស់​នឹង​សេចក្តី​ជំនឿ​យើង​តាម​មធ្យោបាយ​ដែល​អញ្ជើញ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។សូម​អាន យ៉ាកុប 7:15–23 ហើយ​រកមើល​សេចក្តី​ល្អ​ដែល​ជា​លទ្ធផល​មកពី​ជំនួប​របស់​យ៉ាកុប​ជាមួយ​សេរេម ។

តើ​អ្នក​បានឃើញ​ភស្តុតាង​អ្វី​ក្នុង យ៉ាកុប 7:21–22 ដែល​ថា​យ៉ាកុប​ចង់ឲ្យ​បទពិសោធន៍​របស់​លោក​ជាមួយ​សេរេម ជួយ​មនុស្ស​ដទៃ​ទៀត ?

យោង​ទៅតាម យ៉ាកុប 7:23 តើ​ជំនួប​របស់​យ៉ាកុប​ជាមួយ​នឹង​សេរេម​ប៉ះពាល់​លើ​បណ្ដាជន​យ៉ាង​ដូច​ម្តេច​នៅ​ទីបញ្ចប់ ?

  1. គោលការណ៍​មួយ​ដែល​យើង​រៀន​ពី​ជំនួប​របស់​យ៉ាកុប​ជាមួយ​សេរេម​គឺថា នៅពេល​យើង​ឆ្លើយតប​ចំពោះ​សំណួរ ឬ ការរិះគន់​ទាំងឡាយ​ចំពោះ​សេចក្តី​ជំនឿ​របស់​យើង​ក្នុង​មធ្យោបាយ​ដែល​អញ្ញើញ​ព្រះវិញ្ញាណ នោះ​យើង​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យបែរ​ទៅរក​ព្រះអម្ចាស់ ។ សូម​សរសេរ​ចម្លើយ​ទាំងឡាយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ​អំពី​គោលការណ៍​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការយល់ដឹង​គោលការណ៍​នេះ​បានធ្វើ​ឲ្យ​អ្នក​ជួយ​មនុស្ស​ដទៃ​ឲ្យ​បែរ​ទៅរក​ព្រះអម្ចាស់​យ៉ាង​ដូចម្តេច ?

    2. តើ​អ្នក​អាច​ព្យាយាម​អនុវត្ត​គោលការណ៍​នេះ​យ៉ាង​ដូចម្តេច ?

យ៉ាកុប 7:24–27

យ៉ាកុប​ពិពណ៌នា​អំពី​ដំណោះស្រាយ​របស់​ពួក​សាសន៍​នីហ្វៃ​ជាមួយ​នឹង​ពួកសាសន៍​លេមិន និង បញ្ចប់​កំណត់ត្រា​របស់​លោក

សូម​អាន យ៉ាកុប 7:24–27 ។សូម​ផាត់ពណ៌​លើ​ឃ្លា​មួយ​ក្នុង យ៉ាកុប 7:25 ដែល​គូសបញ្ជាក់​កាន់តែ​ខ្លាំង​ពី​សារ​របស់​យ៉ាកុប​អំពី​សារៈសំខាន់​នៃ​ការពឹងផ្អែក​លើ​ព្រះអម្ចាស់ នៅពេល​យើង​ប្រឈម​មុខ​នឹង​ឧបសគ្គទាំងឡាយ ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្វី​មួយ​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​រៀបចំ​សម្រាប់​ស្ថានភាព​មួយ​នៅពេល​មនុស្ស​ណា​ម្នាក់​ល្បង​ជំទាស់​នឹង​សេចក្តី​ជំនឿ​របស់​អ្នក ?

បើសិន​អ្នក​មាន​កង្វល់​អំពី​របៀប​ក្នុង​ការ​ដោះស្រាយ​ជាមួយ​សំណួរ ឬ ការរិះគន់​ជាក់លាក់​ទាំងឡាយ​ចំពោះ​សេចក្តី​ជំនឿ​របស់​អ្នក សូម​សិក្សា​កូន​សៀវភៅ ពិត​ចំពោះ​សេចក្តី​ជំនឿ ៖ ឯកសារ​យោង​ដំណឹងល្អ សេចក្ដី​ថ្លែង​ការណ៍​នៃ​សន្និសីទ​ទូទៅ​របស់​អែលឌើរ រ៉ូបឺត ឌី ហែល « Christian Courage: The Price of Discipleship » ( EnsignLiahona វិច្ឆិកា ឆ្នាំ 2008 ទំព័រ 72–75 ) និង​ធនធាន​ដទៃ​ទៀត​អាច​រកបាន​នៅលើ​គេហទំព័រ LDS.org និង youth.lds.org ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ាកុប 7 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖

ចម្លើយ​ចំពោះ​សកម្មភាព​ផ្គូផ្គង់​នៅ​ពេល​ចាប់ផ្តើម​មេរៀន​នេះ ៖ 1 ) ឃ, 2) គ, 3) ក, 4) ង, 5) ខ ។