ថ្នាក់​សិក្ខាសាលា
មេរៀនទី 23 ៖ ថ្ងៃទី 3 ហេលេមិន 13–14


មេរៀនទី 23 ៖ ថ្ងៃទី 3

ហេលេមិន 13–14

សេចក្តីផ្ដើម

ពីរបី​ឆ្នាំ​មុន​ការប្រសូត្រ​របស់​ព្រះអង្គ​សង្គ្រោះ ព្រះអម្ចាស់​បាន​បញ្ជូន​ព្យាការី​សាសន៍​លេមិន​ម្នាក់​ឈ្មោះ​សាំយូអែល ឲ្យ​ផ្សព្វផ្សាយ​ពី​ការប្រែចិត្ត​ដល់​ពួក​សាសន៍​នីហ្វៃ​នៅ​សារ៉ាហិមឡា ។ ព្យាការី​សាំយូអែល​ជា​សាក្សី​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ រួម​ជាមួយ​នឹង​ព្យាការី​នីហ្វៃ ។ លោក​បាន​ព្រមាន​ពួក​សាសន៍​នីហ្វៃ​ជាមុន ពី​ការបំផ្លិច​បំផ្លាញ​របស់​ពួកគេ ប្រសិនបើ​ពួកគេ​មិន​ប្រែចិត្ត​ទេ ។ សាំយូអែល​បាន​ជួប​ទល់​នឹង​ពួកគេ ដោយ​និយាយ​ពី​ទំនោរ​របស់​ពួកគេ​ក្នុង​ការបដិសេធ​ពួក​ព្យាការី និង លំនាំ​របស់​ពួកគេ​ក្នុង​ការស្វែងរក​សុភមង្គល​នៅក្នុង​ការធ្វើ​អំពើ​ទុច្ចរិត ។ លោក​បាន​ប្រកាស​ពី​ទីសម្គាល់​ទាំងឡាយ ដែល​នឹង​កំណត់​ពី​ការប្រសូត្រ និង ការសុគត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ លោក​ក៏​បាន​បង្រៀន​ផងដែរ​ថា តាមរយៈ​ការប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​មនុស្សលោក​ទាំងអស់​នឹង​ត្រូវបាន​នាំ​ទៅកាន់​វត្តមាន​របស់​ព្រះ​ដើម្បី​ជំនុំ​ជម្រះ ។

ហេលេមិន 13

សាំយូអែល​ព្រមាន​ពួក​សាសន៍​នីហ្វៃ​ពី​ការបំផ្លិច​បំផ្លាញ​របស់​ពួកគេ ប្រសិនបើ​ពួកគេ​ពុំ​ប្រែចិត្ត​ទេ

រូបភាព
សាំយូអែល​ជា​សាសន៍​លេមិន​នៅលើ​កំផែង

ពេល​អ្នក​បាន​ធ្វើ​អ្វី​មួយ​ខុស ហើយ​ត្រូវការ​ការកែតម្រូវ​ពី​ឪពុក/ម្ដាយ ឬ អ្នក​ដឹកនាំ​ផ្សេងទៀត តើ​អ្នក​បាន​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេច​ដែរ ?

ដំណើរ​រឿង​របស់​ព្យាការី​ម្នាក់ កំពុង​ហៅ​ប្រជាជន​ឲ្យ​ប្រែចិត្ត ដែល​មាន​កត់ត្រា​នៅក្នុង ហេលេមិន 13–16 គឺ​ពិសេស ដោយសារ​វា​ជា​អ្វី​ដែល​កើតឡើង​ជា​លើក​ទីមួយ​នៅក្នុង​ព្រះគម្ពីរ​មរមន អំពី​ព្យាការី​សាសន៍​លេមិន​ម្នាក់​ដែល​ហៅ​ពួក​សាសន៍​នីហ្វៃ​ឲ្យ​ប្រែចិត្ត ។

សូម​អាន ហេលេមិន 13:1–8, 11 ដើម្បី​យល់​ពី​មូលហេតុ​ដែល​សាំយូអែល​បាន​ផ្សព្វផ្សាយ​ទៅដល់​ពួក​សាសន៍​នីហ្វៃ និង អ្វី​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​លោក​ឲ្យ​និយាយ ។ ខ​ទាំងនេះ​បង្ហាញ​ពី​គោលការណ៍​នេះ ៖ ពួក​ព្យាការី​ទទួល និង និយាយ​ពី​សារដំណឹង​ដែល​ព្រះ​ដាក់​នៅក្នុង​ចិត្ត​របស់​ពួកលោក ។ តើ​សារដំណឹង​អ្វី​ដែល​ព្រះ​បាន​ដាក់​នៅក្នុង​ចិត្ត​របស់​សាំយូអែល ? យោងតាម ហេលេមិន 13:7 តើ​សាំយូអែល​សង្ឃឹម​ថា សារដំណឹង​របស់​លោក​នឹង​មាន​ឥទ្ធិពល​អ្វី​ចំពោះ​ពួក​សាសន៍​នីហ្វៃ ?

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​ពេល​មួយ ដែល​អ្នក​មាន​អារម្មណ៍​ថា ឪពុក/ម្ដាយ ឬ អ្នក​ដឹកនាំ​សាសនាចក្រ​ត្រូវបាន​បំផុស​ឲ្យ​ផ្ដល់​សារដំណឹង​ជាក់លាក់​មួយ ។ តើ​សារដំណឹង​នោះ​បាន​មាន​ឥទ្ធិពល​យ៉ាងណា​ទៅលើ​អ្នក ?

នៅក្នុង​ចន្លោះ​ដែល​បាន​ផ្ដល់​ឲ្យ​នេះ សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នៅក្នុង​តារាង​ខាងក្រោម​នេះ ពេល​អ្នក​សិក្សា ហេលេមិន 13:17–23 និង ហេលេមិន 13:24–30 ។

ហេលេមិន 13:17–23

គោលការណ៍ ៖ ពេល​យើង​ពុំ​ចងចាំ​ព្រះអម្ចាស់ នោះ​យើង​កាន់តែ​ងាយ​នឹង​មាន​ភាពឆ្មើងឆ្មៃ និង អំពើ​ទុច្ចរិត ។

តើ​ខ​ណា​ខ្លះ ដែល​អ្នក​មាន​អារម្មណ៍​ថា បង្រៀន​ពី​គោលការណ៍​ខាងលើ​នេះ ?

តើ​សាំយូអែល​បាន​និយាយ​ថា បណ្ដាសា​អ្វី​ដែល​នឹង​ធ្លាក់​មកលើ​ពួក​សាសន៍​នីហ្វៃ ?

យោងតាម​សាំយូអែល តើ​ពួក​សាសន៍​នីហ្វៃ​ពុំ​បាន​ធ្វើ​អ្វី ពេលដែល​ពួកគេ​បាន​ភ្ជាប់​ទៅលើ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​នោះ ?

តើ​មាន​របៀប​អ្វី​ខ្លះ ដែល​ពួក​យុវវ័យ​នៅពេល​សព្វថ្ងៃ​នេះ អាច​នឹង​ភ្ជាប់​ចិត្ត​ទៅលើ​ទ្រព្យសម្បត្តិ​របស់​ខ្លួន—ជា​អ្វី​ដែល​ជា​កម្មសិទ្ធិ ការអនុវត្តន៍ និង បំណង​ប្រាថ្នា​ទាំងឡាយ—ដែល​អាច​នាំ​ទៅកាន់​ភាពឆ្មើងឆ្មៃ និង សេចក្ដី​ទុច្ចរិត​នោះ ?

តើ​អ្នក​គិត​ថា ហេតុអ្វី​វា​ជា​ការចាំបាច់​ដើម្បី « នឹករំឭក​ដល់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក នូវ​អ្វីៗ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​អ្នក » ? ( ខ 22 ) ។

ហេលេមិន 13:24–30

គោលការណ៍ ៖ ប្រសិនបើ​យើង​បដិសេធ​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​ជួប​បទពិសោធន៍​នៃ​ការស្ដាយ​ក្រោយ និង សោកសៅ ។

តើ​ខ​ណា​ខ្លះ ដែល​អ្នក​មាន​អារម្មណ៍​ថា បង្រៀន​ពី​គោលការណ៍​ខាងលើ​នេះ ?

តើ​សាំយូអែល​បាន​និយាយ​ថា ការដោះសា​អ្វី​ខ្លះ​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​ប្រើ ដើម្បី​បដិសេធ​ពួក​ព្យាការី​របស់​ព្រះអម្ចាស់ ?

តើ​អ្នក​គិត​ថា ហេតុអ្វី​ជាញឹកញាប់​ប្រជាជន​ទទួល​ពួក​ព្យាការី​ក្លែងក្លាយ​ដែល​នៅក្នុង​របៀប​ដែល​សាំយូអែល​បាន​ពិពណ៌នា​នោះ ?

សូម​ឆ្លើយ​សំណួរ​ពីរ​បន្ទាប់​នេះ ដោយ​ការសិក្សា​សន្ទរកថា​ពី​សន្និសីទ​ទូទៅ​ថ្មីៗ​បំផុត នៅក្នុង Ensignលីអាហូណា ៖

តើ​អ្វី​ខ្លះ​ដែល​ជា​ការបង្រៀន​ជាក់លាក់​មួយ​ចំនួន ពី​ពួក​ព្យាការី និង សាវក​ដែល​នៅ​រស់​របស់​យើង ?

តើ​អ្វី​ខ្លះ​ជា​បញ្ហា​ជាក់លាក់​មួយ​ចំនួន ដែល​ពួក​ព្យាការី និង សាវក​បាន​ព្រមាន​យើង​ឲ្យ​ចៀសវាង ?

សូម​រំឭក ហេលេមិន 13:26–28 ឡើងវិញ ដោយ​រកមើល​ពី​របៀប​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​ឆ្លើយ​តប​ចំពោះ​ពួក​ព្យាការី​ក្លែងក្លាយ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ប្រកាស​ថា ៖ « របៀប​ដែល​យើង​ឆ្លើយតប​ចំពោះ​ពាក្យ​សម្ដី​របស់​ព្យាការី​ដែល​នៅរស់ ពេល​លោក​ប្រាប់​យើង​ពី​អ្វី​ដែល​យើង​ត្រូវ​ដឹង ប៉ុន្តែ​បែរជា​មិន​ស្ដាប់ គឺជា​ការសាកល្បង​មួយ​ដល់​ភាពស្មោះត្រង់​របស់​យើង » ( The Teachings of Ezra Taft Benson [1988] ទំព័រ 140 ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្វី​ជា​ឧទាហរណ៍​មួយ អំពី​ដំបូន្មាន​ដែល​ប្រកប​ដោយ​ការព្យាករណ៍ ដែល​អ្នក​បាន​ជ្រើសរើស​គោរព​ប្រតិបត្តិ ?

    2. តើ​អ្នក​បាន​ទទួល​ពរជ័យ​ដូច​ម្ដេច​ដែរ ដោយ​ការធ្វើ​តាម​ដំបូន្មាន​នេះ ?

    3. តើ​អ្នក​អាច​ធ្វើ​តាម​ដំបូន្មាន​របស់​ពួក​ព្យាការី​ដែល​នៅរស់​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ដោយ​របៀប​ណា ?

សាំយូអែល​បាន​ព្យាករ​ថា ពួក​សាសន៍​នីហ្វៃ​នឹង​ត្រូវ​បំផ្លាញ​នៅក្នុង 400 ឆ្នាំ ទៀត ប្រសិន​បើ​ពួកគេ​ពុំ​ប្រែចិត្ត​ទេ ( សូម​មើល ហេលេមិន 13:9–10 ) ហើយ​លោក​បាន​បង្រៀន​ថា មូលហេតុ​តែ​មួយ​គត់​ដែល​ពួកគេ​មិន​ទាន់​បាន​ត្រូវ​បំផ្លាញ​នៅឡើយ គឺ​ដោយសារ​ប្រជាជន​សុចរិត​ដែល​រស់នៅ​ក្នុង​ចំណោម​ពួកគេ ( សូម​មើល ហេលេមិន 13:12–14 ) ។

សូម​អាន ហេលេមិន 13:38 ដើម្បី​ឃើញ​ពី​របៀប​ដែល​ពួក​សាសន៍​នីហ្វៃ​ជាច្រើន​នៅក្នុង​ជំនាន់​របស់​សាំយូអែល​បាន​ក្លាយ​ជា​ទុច្ចរិត​ជាខ្លាំង ។

សាំយូអែល​បាន​ប្រកាស​ថា យើង​ពុំអាច​ទទួល​បាន​សុភមង្គល​នៅក្នុង​ការធ្វើ​អំពើ​ទុច្ចរិត​នោះទេ ការណ៍​នេះ​ជួយ​យើង​ឲ្យ​យល់​ថាសុភមង្គល​ដ៏​ពិត​ប្រាកដ​បាន​មក​តែ​នៅពេល​យើង​រក្សា​បទបញ្ញត្តិ​របស់​ព្រះ​ប៉ុណ្ណោះ ។ តើ​ចំណេះ​ចំណាន​ខគម្ពីរ​មួយ​ណា ដែល​បង្រៀន​ពី​សេចក្ដី​ពិត​នេះ​ផងដែរ ? ( សូម​មើល​លេខ​យោង  សម្រាប់ ហេលេមិន 13:38 ) ។

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានជួយ​យើង​យល់​ពី​គោលការណ៍​នេះ នៅពេល​លោក​បាន​មាន​ប្រសាសន៍​ថា ៖ « មាន​ការនិយាយ​ពី​បុរាណ​មួយ​ថា ៖ ការរៀបចំ និង ការពារ គឺ​ប្រសើរ​ជាង ជួសជុល និង ប្រែចិត្ត ។ ឱ​វា​ជា​ការពិត​ម៉្លេះ ។ … ជួរ​ទីមួយ​នៃ​ការបង្ការ និង រក្សា​ខ្លួន​យើង​ឲ្យ​បាន​ស្អាតស្អំ​ខាង​សីលធម៌ គឺ​ការរៀបចំ​ខ្លួនយើង ដើម្បី​ទប់ទល់​នឹង​ការល្បួង និង ការពារ​ខ្លួន​យើង​ពី​ការធ្លាក់​ទៅក្នុង​អំពើ​បាប » ( “The Law of Chastity” នៅក្នុង Brigham Young University 1987–88 Devotional and Fireside Speeches [1988] ទំព័រ 51; speeches.byu.edu ) ។

សាំយូអែល​បាន​បង្រៀន​ថា ការសម្រេច​ចិត្ត​របស់​ពួក​សាសន៍​នីហ្វៃ ក្នុង​ការពន្យា​ការប្រែចិត្ត នឹង​នាំ​ឲ្យ​ពួកគេ​ទទួល​ទុក្ខវេទនា និង ការបំផ្លិច​បំផ្លាញ ។ ដំណើរ​រឿង​ផ្សេងៗ​ទៀត​នៅក្នុង​ព្រះគម្ពីរ​មរមន​បង្រៀន​ថា បុគ្គល​ទាំងឡាយ​អាច​មានះ​នៅក្នុង​ការបះបោរ និង សេចក្ដី​ទុច្ចរិត រហូត​ទាល់តែ​វិញ្ញាណ​នៃ​ការប្រែចិត្ត​អាច​នឹង​ចាកចេញ​ពី​ពួកគេ ។ ជា​ឧទាហរណ៍ លេមិន និង លេមយួល មិន​ស្ដាប់​ដល់​ព្រះ ហើយ​បាន​ក្លាយ​ជា « មាន​ចិត្ត​វក់វិញ » ( នីហ្វៃទី1 17:45 ) ។ គំរូ​បែបនេះ​បង្ហាញ​ពី​មូលហេតុ ដែល​វា​សំខាន់​ណាស់​សម្រាប់​យើង ដើម្បី​កុំ​ពន្យាពេល​ក្នុង​ការប្រែចិត្ត​របស់​យើង​ឡើយ ។ តាមរយៈ​ការប្រែចិត្ត អ្នក​អាច​ធ្វើឲ្យ​អ្វីៗ​បាន​ត្រឹមត្រូវ និង ការពារ​អំពើ​បាប និង ការល្បួង កុំ​ឲ្យ​ឈ្នះ​លើ​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការធ្វើ​តាម​ព្រះ ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ ដើម្បី​យល់​ឲ្យ​កាន់តែ​ច្បាស់​ថា អ្នក​អាច​ទទួល​បាន​នូវ​ដំណើរ​ត្រឹមត្រូវ​ក្នុង​ជីវិត​ម្ដងទៀត ប្រសិនបើ​អ្នក​ជ្រើស​យក​ផ្លូវ​ខុស ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ

« អំឡុងពេល​នៃ​ការហ្វឹកហ្វឺន​របស់​ខ្ញុំ ដើម្បី​ក្លាយជា​មេបញ្ជាការ​ជើង​អាកាស​ម្នាក់ ខ្ញុំ​ត្រូវតែ​រៀន​ពី​របៀប​បើកបរ​យន្ដហោះ​ផ្លូវឆ្ងាយ ។ ការហោះហើរ​កាត់​មហាសមុទ្រ​ដ៏​ធំ កាត់​វាល​ខ្សាច់​ដ៏​ល្វឹងល្វើយ និង ឆ្លង​ទ្វីប ត្រូវការ​ផែនការ​ដ៏​ប្រុងប្រយ័ត្ន ដើម្បី​ប្រាកដ​ថា​ទៅដល់​ដោយ​សុវត្ថិភាព​នៅ​ទិសដៅ​ដែល​បាន​គ្រោងទុក ។ ការហោះហើរ​ឥតមាន​ឈប់​ទាំងនេះ​មួយ​ចំនួន អាច​ហោះ​រហូត​ដល់ 14 ម៉ោង និង មាន​ចម្ងាយ​ស្ទើរ 14,481 គីឡូម៉ែត្រ ។

« មាននូវ​ចំណុច​នៃ​ការសម្រេច​ចិត្ត​ដ៏​សំខាន់​មួយ អំឡុងពេល​នៃ​ការហោះហើរ​ដ៏​យូរ​បែបនោះ ដែល​ជាធម្មតា​ត្រូវគេ​ស្គាល់​ថា​ជា ចំណុច​នៃ​ការត្រឡប់​វិញ​ដោយ​សុវត្ថិភាព ។ រហូត​ដល់​ចំណុច​នេះ យន្តហោះ​ត្រូវ​មាន​សាំង​គ្រប់គ្រាន់​ដើម្បី​បក​ត្រឡប់​មក​វិញ ហើយ​ត្រឡប់​ដោយ​សុវត្ថិភាព​មកកាន់​វាល​យន្តហោះ​ដែល​បាន​ចាកចេញ​ពី​ខាង​ដើម​វិញ ។ ដោយ​ការហោះហើរ​ហួស​ពី​ចំណុច​នៃ​ការត្រឡប់​វិញ​ដោយ​សុវត្ថិភាព​នេះ នោះ​មេបញ្ជាការ​បាន​បាត់បង់​ជម្រើស​នេះ​ហើយ ហើយ​ត្រូវតែ​បន្ត​ហោះ​ទៅមុខ​ទៀត ។ នេះ​ជា​មូលហេតុ​ដែល​ចំណុច​នេះ​ជាញឹកញាប់​ត្រូវគេ​សំដៅ​ថា​ជា ចំណុច​គ្មាន​ការត្រឡប់​វិញ ។

« … សាតាំង​ចង់​ឲ្យ​យើង​គិត​ថា នៅពេល​យើង​ធ្វើ​អំពើ​បាប​ហើយ នោះ​យើង​បាន​ទៅ​ហួស​ពី ‹ ចំណុច​គ្មាន​ការត្រឡប់​វិញ ›—ថា​វា​យឺត​ពេល​ហើយ​ក្នុង​ការផ្លាស់ប្ដូរ​ផ្លូវ​របស់​យើង ។ …

« … ដើម្បី​ធ្វើ​ឲ្យ​យើង​អស់​សង្ឃឹម មាន​អារម្មណ៍​វេទនា​ដូច​វា​ដែរ ហើយ​ជឿ​ថា យើង​ទៅហួស​ពី​ការអត់ទោស​ឲ្យ​ហើយ នោះ​សាតាំង​អាច​នឹង​បំភ្លៃ​ពាក្យ​ចេញ​ពី​ព្រះគម្ពីរ ដែល​សង្កត់​ធ្ងន់​ពី​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ ដើម្បី​ប្រាប់​ថា គ្មាន​សេចក្ដី​មេត្តា​ករុណា​នោះទេ ។ …

« ព្រះគ្រីស្ទ បាន​យាង​មក​ដើម្បី​សង្គ្រោះ​យើង ។ ប្រសិន​បើ​យើង​បាន​រើស​យក​ផ្លូវ​ខុស​មួយ នោះ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​អាច​ផ្ដល់​ការធានា​ឲ្យ​យើង​ថា អំពើ​បាប​គឺ​មិនមែន​ជា​ចំណុច​គ្មាន​ការត្រឡប់​វិញ​នោះ​ទេ ។ ការត្រឡប់​វិញ​ដោយ​សុវត្ថិភាព​គឺ​អាច​ធ្វើ​ទៅ​បាន ប្រសិនបើ​យើង​នឹង​ធ្វើតាម​ផែនការ​របស់​ព្រះ​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង » ( “Point of Safe Return” Ensign លីអាហូណា ខែ ឧសភា ឆ្នាំ 2007 ទំព័រ 99 ) ។

តើ​ប្រសាសន៍​របស់ ប្រធាន អុជដូហ្វ អាច​ផ្ដល់​សេចក្ដី​សង្ឃឹម​យ៉ាងណា ដល់​ពួក​អ្នក​ដែល​មាន​អារម្មណ៍​ថា ពួកគេ​បាន​ធ្វើ​អំពើ​បាប​ច្រើន​ណាស់ រហូត​ដល់​ពួកគេ​បាន​ទៅហួស​ពី « ចំណុច​គ្មាន​ការត្រឡប់​វិញ » ទៅហើយ​នោះ ?

ហេលេមិន 14

សាំយូអែល​ព្យាករ​ពី​ទីសម្គាល់​ទាំងឡាយ​នៃ​ការប្រសូត និង ការសុគត​របស់​ព្រះអង្គ​សង្គ្រោះ

សូម​គិត​ពី​ព្រឹត្តិការណ៍​មួយ ដែល​បាន​កើតឡើង​ថ្មីៗ​នេះ​នៅក្រៅ​ប្រទេស​អ្នក ហើយ​ទទួល​ការចាប់​អារម្មណ៍​ទូទាំង​ពិភពលោក ។ តើ​ប្រជាជាន​ដឹង​ពី​ព្រឹត្តិការណ៍​ទាំងឡាយ​ដែល​កើតឡើង​នៅ​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​បាន​ដោយ​របៀប​ណា ដូចជា​គ្រោះធម្មជាតិ និង សង្គ្រាម​នានា ? ហេតុ​អ្វី​ប្រជាជន​ចង់​ដឹង​ពី​ព្រឹត្តិការណ៍ ដែល​កើតឡើង​នៅ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ពិភពលោក ?

សាំយូអែល​បានព្យាករ​អំពី​ការប្រសូត និង ការសុគត​របស់​ព្រះអង្គ​សង្គ្រោះ ជា​ព្រឹត្តិការណ៍​ដែល​នឹង​កើតឡើង​នៅ​ឆ្ងាយ​ពី​ទីក្រុង​សារ៉ាហិមឡា ។ សូម​សិក្សា ហេលេមិន 14:3–6 ហើយ​គូសចំណាំ​វា​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ពី​ទីសម្គាល់​ទាំងឡាយ​ដែល​បង្ហាញ​ពី​ការប្រសូត្រ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សិក្សា ហេលេមិន 14:20–27 ហើយ​គូស​ចំណាំ​ពី​ទីសម្គាល់​ទាំងឡាយ​ដែល​នឹង​បង្ហាញ​ពី​ការសុគត​របស់​ទ្រង់ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ថាតើ​អ្នក​គិត​ថា អ្នក​ឆ្លើយតប​យ៉ាងណា ប្រសិនបើ​អ្នក​នៅ​ទីនោះ ហើយ​បានឮ​សាំយូអែល​ធ្វើ​ការព្យាករណ៍​ទាំងនេះ ។ ចេញពី​ទីសម្គាល់​ទាំងអស់​ដែល​បាន​ផ្ដល់​ឲ្យ តើ​ទីសម្គាល់​មួយ​ណា​ដែល​អ្នក​គិត​ថា បំផុស​អ្នក​ខ្លាំង​បំផុត​ពី​សេចក្ដី​ត្រូវការ​ក្នុង​ការប្រែចិត្ត ?

ទីសម្គាល់​ទាំងនេះ​គឺជា​ការណែនាំ​ផង និង ជា​និមិត្តរូប​ផង ។ ពេល​ព្រះយេស៊ូវគ្រីស្ទ​បានយាង​មក​ក្នុង​ពិភពលោក​នេះ ពន្លឺ​បាន​កើន​ឡើង ។ ពេល​ទ្រង់​សុគត ភាពងងឹត​បាន​កើនឡើង ។ ការណ៍​ដូចគ្នា​នេះ​កើតឡើង​នៅក្នុង​ជិវិត​យើង ពេល​យើង​អនុញ្ញត​ទ្រង់​ឲ្យ​ចូល​ក្នុង​ដួងចិត្ត​យើង ឬ រារាំង​ទ្រង់​កុំ​ឲ្យ​ចូល ។

សូម​អាន ហេលេមិន 14:11–13 ហើយ​រកមើល​គោលបំណង​របស់​សាំយូអែល នៅក្នុង​ការផ្សព្វផ្សាយ​ទៅដល់​ពួក​សាសន៍​នីហ្វៃ ។ អ្នក​អាច​នឹង​ចង់​ដាក់​លេខ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ពី​អ្វី​ដែល​សាំយូអែល​ចង់​ឲ្យ​ពួក​សាសន៍​នីហ្វៃ​ដឹង និង ធ្វើ ។ ( ឃ្លា​ថា « តាមរយៈ​ព្រះគុណ​ទ្រង់ » នៅក្នុង​ខ 13 មានន័យ​ថា តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ) ។ ចេញពី​ខ​ទាំងនេះ យើង​រៀន​ថា ការជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នាំ​ទៅកាន់​ការប្រែចិត្ត និង ការផ្ដាច់​បាប ។

សូម​អាន ហេលេមិន 14:28–29 ហើយ​រកមើល​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ប្រទាន​ទីសម្គាល់ និង ការអស្ចារ្យ​ទាំងឡាយ ។ សេចក្ដី​ពិត​មួយ​ដែល​យើង​រៀន​គឺ ៖ ព្រះអម្ចាស់​ប្រទាន​ទីសម្គាល់ និង ការអស្ចារ្យ​ទាំងឡាយ​ដើម្បី​ជួយ​ឲ្យ​ប្រជាជន​ជឿ​លើ​ទ្រង់ ។ សូម​សញ្ជឹងគិត​ពី​ទីសម្គាល់ ( ភស្ដុតាង​ទាំងឡាយ ) ដែល​អ្នក​មាន​អារម្មណ៍​ថា ជួយ​អ្នក​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

ពេល​អ្នក​រៀន​អំពី​ទីសម្គាល់​ទាំងឡាយ​ដែល​ព្យាករ​ដោយ​សាំយូអែល វា​សំខាន់​ក្នុង​ការចងចាំ​ថា ព្រះអម្ចាស់​ប្រទាន​ទីសម្គាល់​ទាំងនេះ ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​សុចរិត​ឲ្យ​ជឿ និង ប្រែចិត្ត ខណៈដែល​ពួក​ទុច្ចរិត​ស្វែងរក ឬ តម្រូវ​ឲ្យ​មាន​ទីសម្គាល់​សម្រាប់​មូលហេតុ​ដ៏​អាត្មា​និយម​របស់​ពួកគេ​ផ្ទាល់ ( សូម​មើល គ. និង ស. 46:9 ) ។ ខណៈដែល​ទីសម្គាល់​ទាំងឡាយ​នៃ​ការសុគត​របស់​ព្រះអម្ចាស់ ឬ ទីសម្គាល់​ទាំងឡាយ​នៃ​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ គឺ​សំខាន់​ដើម្បី​ដឹង នោះ​ការបង្រៀន​របស់​សាំយូអែល​ដែល​ទាក់ទង​នឹង​ភាពចាំបាច់​នៃ​ការសុគត និង ដំណើរ​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​ក៏​ចាំបាច់​ដើម្បី​នឹង​ដឹង​ផងដែរ ។

សូម​អាន ហេលេមិន 14:15–19 ហើយ​បន្ទាប់មក​សិក្សា​រូបភាព​ខាងក្រោម​នេះ ។

រូបភាព
ផែនដី និង វត្តមាន​របស់​ព្រះ

បន្ទាប់ពី​អាន ហេលេមិន 14:15–19 និង សិក្សា​រូបភាព​ហើយ សូម​ពិចារណា​ពី​ចំណុច​ខាង​ក្រោម​នេះ ៖

  • ការកើត​មក​ក្នុង​ជីវិត​រមែង​ស្លាប់ អាច​ត្រូវបាន​ហៅថា​ជា​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ ដោយសារ​យើង​ត្រូវបាន​បំបែក​ចេញ​ពី​វត្តមាន​នៃ​ព្រះវរបិតាសួគ៌​របស់​យើង ។

  • តាមរយៈ​ការសុគត និង ដំណើរ​រស់​ឡើងវិញ​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​ប្រោសលោះ​មនុស្ស​លោក​ទាំងអស់​ពី​ការធ្លាក់ ដើម្បី​យើង​អាច​ត្រឡប់​ទៅ​វត្តមាន​នៃ​ព្រះ​វិញ ។

  • តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ មនុស្ស​លោក​ទាំងអស់​ត្រូវបាន​នាំ​ត្រឡប់​ទៅ​វត្តមាន​នៃ​ព្រះ​វិញ ដើម្បី​ទទួល​ការជំនុំ​ជម្រះ ។

  • នៅឯ​ការជំនុំ​ជម្រះ​ចុងក្រោយ មនុស្ស​ដែល​បន្ត​បដិសេធ​នឹង​ប្រែចិត្ត នឹង​ជួប​បទពិសោធន៍​នៃ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​មួយ​ទៀត—គឺ​ត្រូវកាត់​ចេញ​ពី​វត្តមាន​នៃ​ព្រះ​ជារៀង​រហូត ។

  • ព្រះយេស៊ូវគ្រីស្ទ​ប្រោសលោះ​យើង​ពី​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ ដោយ​លក្ខខណ្ឌ​នៃ​ការប្រែចិត្ត ។

សូម​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​នៅក្នុង ហេលេមិន 14:15–19 ដែល​ស្របគ្នា​នឹង​គោលលទ្ធិ​ទាំងឡាយ​ដែល​សរសេរ​ជា​អក្សរ​ដិត ដែល​អ្នក​ទើបតែ​បាន​អាន ។ សូម​បញ្ចប់​ដោយ​ការអាន ហេលេមិន 14:30–31 ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​របៀប​ដែល​អ្នក​នឹង​ប្រើ ហេលេមិន 14:30–31 ដើម្បី​ពន្យល់​ដល់​មិត្ត​មា្នក់ ពី​មូលហេតុ​ដែល​ការជ្រើសរើស​របស់​អ្នក​នៅក្នុង​ជីវិត​នេះ​សំខាន់​ខ្លាំង​ម៉្លេះ ។

  2. សូម​សរសេរ​កំណត់​ចំណាំ​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ហេលេមិន 13–14 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖