ថ្នាក់​សិក្ខាសាលា
មេរៀនទី 26 ៖ ថ្ងៃទី 4 នីហ្វៃទី3 20–22


មេរៀនទី 26 ៖ ថ្ងៃទី 4

នីហ្វៃទី3 20–22

សេចក្តីផ្ដើម

អំឡុង​ថ្ងៃ​ទីពីរ​នៃ​ការបម្រើ​របស់​ទ្រង់​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ព្រះយេស៊ូវគ្រីស្ទ​បាន​បម្រើ​សាក្រាម៉ង់​ដល់​ប្រជាជន​ម្ដងទៀត ។ ទ្រង់​បាន​ថ្លែង​ទីបន្ទាល់​ថា នៅ​ថ្ងៃ​ចុងក្រោយ ព្រះវរបិតា​នឹង​បំពេញ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ក្នុង​ការប្រមូល​វង្ស​អ៊ីស្រាអែល និង ប្រទានពរ​ដល់​គ្រប់​ជាតិសាសន៍​ទាំងអស់​នៅលើ​ផែនដី ។ ទ្រង់​ក៏​បាន​ពន្យល់​ផងដែរ​ថា ការលេចមក​នៃ​ព្រះគម្ពីរ​មរមន​នៅ​ថ្ងៃ​ចុងក្រោយ នឹង​ជា​ទីសម្គាល់​មួយ​ថា ព្រះវរបិតា​បាន​ចាប់ផ្ដើម​បំពេញ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។

នីហ្វៃទី3 20:1–9

ព្រះអង្គ​សង្គ្រោះ​បម្រើ​សាក្រាម៉ង់​ដល់​ប្រជាជន​ម្ដងទៀត

ប្រសិនបើ​អ្នក​ជា​យុវជន​ម្នាក់ ហើយ​កាន់​បព្វជិតភាព​អើរ៉ុន សូម​សញ្ជឹង​គិត​សំណួរ​តទៅ​នេះ ៖ តើ​វា​មានន័យ​យ៉ាងណា​សម្រាប់​អ្នក ដែល​អាច​ជួយ​បម្រើ​សាក្រាម៉ង់​នោះ ? តើ​អ្នក​បង្ហាញ​ដល់​ព្រះអម្ចាស់​យ៉ាងណា​ថា អ្នក​យល់​ពី​លក្ខណៈ​ដ៏​ពិសិដ្ឋ​នៃ​ពិធី​បរិសុទ្ធ​នេះ ?

ប្រសិនបើ​អ្នក​ជា​យុវនារី​ម្នាក់ ឬ ជា​យុវជន​ម្នាក់​ដែល​ពុំ​ទាន់​កាន់​បព្វជិតភាព សូម​សញ្ជឹង​គិត​ពី​សំណួរ​តទៅ​នេះ ៖ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ពេល​អ្នក​ឃើញ​យុវជន​ដែល​មាន​ភាពសក្ដិសម​បម្រើ​សាក្រាម៉ង់ ? តើ​អ្នក​ធ្វើ​អ្វី អំឡុងពេល​នៃ​ការបម្រើ​សាក្រាម៉ង់ ដែល​បង្ហាញ​ថា​អ្នក​យល់​ពី​លក្ខណៈ​ពិសិដ្ឋ​របស់​វា ?

ដូច​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 20:3–5 នៅ​ដើម​ថ្ងៃ​ទីពីរ​នៃ​ការបម្រើ​របស់​ទ្រង់​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​នូវ​នំប៉័ង និង ស្រា​ដោយ​អព្ភូតហេតុ ដើម្បី​បម្រើ​សាក្រាម៉ង់​ម្ដងទៀត ។ សូមអាន នីហ្វៃទី3 20:1 ហើយ​រកមើល​អ្វី​ដែល​ទ្រង់​បានសុំ​ប្រជាជន​ឲ្យ​ធ្វើ មុន​នឹង​ទ្រង់​រៀបចំ និង ចែក​សាក្រាម៉ង់ ។ តើ​អ្នក​គិត​ថា ការអធិស្ឋាន​នៅក្នុង​ចិត្ត​អ្នក អាច​ជះ​ឥទ្ធិពល​ដល់​បទពិសោធន៍​នៃ​ការទទួលទាន​សាក្រាម៉ង់​ជា​រៀងរាល់​សប្ដាហ៍​របស់​អ្នក​យ៉ាងណា​ដែរ ?

សូមអាន នីហ្វៃទី3 20:8 ។ សូម​កត់ចំណាំ​ថា ពួក​សាសន៍​នីហ្វៃ​បាន​ប្រើប្រាស់​ស្រា​នៅ​ពេល​នោះ ប៉ុន្តែ​ការប្រើប្រាស់​ទឹក​គឺជា​ការអនុវត្តន៍​បច្ចុប្បន្ន​របស់​សាសនាចក្រ ( សូមមើល គ. និង ស. 27:2 ) ។ សូម​កត់ចំណាំ​ផងដែរ​ថាតើ​នំប៉័ង និង ទឹក​តំណាង​ឲ្យ​អ្វី ។ ពេល​យើង​ទទួលទាន​សាក្រាម៉ង់​ជា​ទៀងទាត់ យើង​បង្ហាញ​ពី​ឆន្ទៈ​របស់​យើង ក្នុង​ការធ្វើ​ឲ្យ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ជា​ផ្នែក​នៃ​ជីវិត​របស់​យើង ។

យោងតាម នីហ្វៃទី3 20:8 តើ​ព្រះយេស៊ូវគ្រីស្ទ​បាន​សន្យា​អ្វី ដល់​អ្នក​ទាំងឡាយ​ដែល​ទទួលទាន​សាក្រាម៉ង់ ? សូម​គិត​ពី​ទំហំ​នៃ​នំប៉័ង និង ទឹក​នៅក្នុង​សាក្រាម៉ង់ ។ ប្រសិន​បើ​អ្នក​ឃ្លាន និង ស្រេក​ខាង​រូបកាយ តើ​នំប៉័ង និង ទឹក​នៃ​សាក្រាម៉ង់​បំពេញ​ឲ្យ​ការឃ្លាន និង ការស្រេក​របស់​អ្នក​ដែរ​ឬ​ទេ ? ដើម្បី​យល់​កាន់តែ​ច្បាស់ ថាតើ​យើង​អាច​បាន​ពោរពេញ ដោយ​តាមរយៈ​ការទទួលទាន​សាក្រាម៉ង់​យ៉ាងណា​ដែរ​នោះ សូម​អាន នីហ្វៃទី3 20:9 ហើយ​បំពេញ​បញ្ចប់​គោលការណ៍​នេះ ៖ បើ​យើង​ទទួលទាន​សាក្រាម៉ង់​ដោយ​ភាពសក្ដិសម នោះ​យើង​បាន​ពោរពេញ​ដោយ  ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​ពី អែលឌើរ ដាល្លិន អេក. អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​គូស​បន្ទាត់​ពីក្រោម​របៀប​ទាំងឡាយ ដែល​លោក​ថា អ្នក​អាច​ត្រូវបាន​ប្រទានពរ ពេល​អ្នក​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ ៖

រូបភាព
អែលឌើរ ដាល្លិន អេក. អូក

« ចូរ​យើង​ធ្វើ​ឲ្យ​ខ្លួន​យើង​ឲ្យ​សក្ដិសម​នឹង​ការសន្យា​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ថា ដោយ​ការទទួលទាន​សាក្រម៉ង់​យើង​នឹង ‹ បាន​ពោរពេញ › (នីហ្វៃទី3 20:8; សូមមើល​ផងដែរ នីហ្វៃទី3 18:9 ) ដែល​មានន័យ​ថា យើង​នឹង ‹ បាន​ពោរពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ › ( នីហ្វៃទី3 20:9 ) ។ ព្រះវិញ្ញាណ—ព្រះវិញ្ញាណ​បរិសុទ្ធ—គឺជា​អង្គ​លួងលោម អង្គ​ស្វែងរក​ទិសដៅ អង្គ​ទំនាក់ទំនង អង្គ​បកស្រាយ អង្គសាក្សី​របស់​យើង និង ជា​អង្គ​ធ្វើ​ឲ្យ​យើង​បរិសុទ្ធ—ជា​អង្គ​ដឹកនាំ​ផ្លូវ​ដ៏​ច្បាស់លាស់ និង ជា​អង្គ​បន្សុទ្ធ​របស់​យើង សម្រាប់​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

« … ចេញពី​ទង្វើ​ដែល​ហាក់បី​ដូច​ជា​តូច នៃ​ការរំឭក​ឡើងវិញ​ដោយ​មាន​មនសិការ និង គារវភាព នូវ​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង នោះ​ពរជ័យ​នៃ​បុណ្យ​ជ្រមុជ​ដោយ​ទឹក និង ដោយ​ព្រះវិញ្ញាណ​ក៏​បាន​ដល់​យើង​ជាថ្មី​ទៀត ដើម្បី​យើង​អាច​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​យើង​ជានិច្ច ។ នៅក្នុង​របៀប​នេះ យើង​ទាំងអស់​គ្នា​នឹង​ត្រូវបាន​ដឹកនាំ ហើយ​នៅក្នុង​របៀប​នេះ យើង​ទាំងអស់​គ្នា​អាច​បាន​សម្អាត » ( “Always Have His Spirit” Ensign ខែ វិច្ឆិកា ឆ្នាំ 1996 ទំព័រ 61 ) ។

  1. សូម​គិត​អំពី​ពេល​មួយ ដែល​អ្នក​បាន​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ពេល​អ្នក​ទទួលទាន​សាក្រាម៉ង់ ។ សូម​អាន​ការអធិស្ឋាន​សាក្រាម៉ង់​នៅក្នុង មរ៉ូណៃ 4:3 និង 5:2 ។ តើ​ការទទួលទាន​សាក្រាម៉ង់​រៀងរាល់​សប្ដាហ៍ ជួយ​អ្នក​ឲ្យ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដោយ​របៀប​ណា​ដែរ ? សូម​សរសេរ​ពី​របៀប​ខ្លះៗ​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

នីហ្វៃទី3 20:10–46

ព្រះអង្គ​សង្គ្រោះ​បង្រៀន​ពួក​សាសន៍​នីហ្វៃ អំពី​សេចក្ដី​សញ្ញា​ទាំងឡាយ​ដែល​នឹង​ត្រូវ​បាន​បំពេញ​នៅ​ថ្ងៃ​ចុងក្រោយ ។

សូម​គិត​អំពី​គុណសម្បត្តិ​ដ៏​សំខាន់​បំផុត​មួយ​ចំនួន​ក្នុង​ចំណោម​គុណសម្បត្តិ​ដ៏​សំខាន់​បំផុត​នានា​របស់​អ្នក ។ តើ​គុណសម្បត្តិ​ប្រភេទ​ណា​ដែល​អ្នក​ផ្ដោត​ទៅលើ ? តើ​វា​ជា​ចរិត​លក្ខណៈ​ខាង​សាច់ឈាម លក្ខណៈ​ជា​បុគ្គល​ដោយ​ឡែក​ពី​គេ ឬ គុណសម្បត្តិ​ខាង​វិញ្ញាណ ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​ដែល​ថ្លែង​ដោយ អែលឌើរ ដាវីឌ អេ. បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​គូស​ចំណាំ​ពី​របៀប​ដែល​លោក​បាន​ចង្អុល​បង្ហាញ​ពី​លក្ខណៈ​ថា​យើង​ជា​នរណា ៖ « អ្នក​អាច​នឹង​ចូលចិត្ត​តន្ត្រី អត្តពលកម្ម ឬ ជាប់ចិត្ត​ទៅនឹង​គ្រឿងយន្ត ហើយ​ថ្ងៃ​មួយ អ្នក​អាច​នឹង​ធ្វើការ​នៅក្នុង​ជំនួញ​មួយ ឬ វិជ្ជាជីវៈ ឬ នៅក្នុង​ផ្នែក​សិល្បៈ ។ ដូច​ដែល​សកម្មភាព និង ការងារ​បែបនេះ​សំខាន់​យ៉ាងនេះ នោះ​វា​ក៏​ពុំ​បាន​ចង្អុល​បង្ហាញ​ពី​លក្ខណៈ​ថា​យើង​ជា​នរណា​នោះទេ ។ ដែល​ជា​ដំបូង និង សំខាន់​បំផុត យើង​គឺជា​តួអង្គ​ខាង​វិញ្ញាណ ។ យើង​ជា​បុត្រា [ និង បុត្រី ] នៃ​ព្រះ និង ជា​ពូជ​នៃ​អ័ប្រាហាំ » ( “Becoming a Missionary” EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 47 ) ។

ជា​ពូជ​នៃ​អ័ប្រាហាំ មានន័យ​ថា យើង​ជា​កូនចៅ​របស់​អ័ប្រាហាំ​ពិតៗ ឬ យើង​បានក្លាយ​ជា​កូន​ប្រុសស្រី​របស់​លោក តាមរយៈ​ការគោរព​ប្រតិបត្តិ​ដល់​ក្រិត្យវិន័យ និង ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ទាំងអស់​គ្នា​ទទួល​សេចក្ដី​សន្យា និង សេចក្ដី​សញ្ញា​ដូច​គ្នា ដែល​ព្រះ​បានធ្វើ​ជាមួយ​អ័ប្រាហាំ ។

ដូច​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 20:11–13 ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​សាសន៍​នីហ្វៃ​អំពី​សេចក្ដី​សញ្ញា និង សេចក្ដី​សន្យា​ដែល​បាន​ធ្វើ​ដល់​អ័ប្រាហាំ និង កូនចៅ​របស់​លោក ដែល​ជា​វង្ស​អ៊ីស្រាអែល ។ ទ្រង់​បាន​បង្រៀន​ថា ព្រះវរបិតា​នឹង​បំពេញ​សេចក្ដី​សញ្ញា​របស់​ទ្រង់​ក្នុង​ការប្រមូល​វង្ស​អ៊ីស្រាអែល​នៅក្នុង​ថ្ងៃ​ចុងក្រោយ ។ សូមអាន នីហ្វៃទី3 20:13 ហើយ​កត់​ចំណាំ​ថា ការចេះដឹង​អ្វី​ដែល​វង្ស​អ៊ីស្រាអែល​នឹង​ទទួល​បាន ដែល​ជា​ផ្នែក​ដ៏​ចាំបាច់​មួយ​នៃ​ការប្រមូល​ផ្ដុំ​នេះ ។ តើ​អ្នក​គិត​ថា ហេតុអ្វី​ការចេះដឹង​នេះ​ចាំបាច់ ?

សូមអាន នីហ្វៃទី3 20:25–26 ហើយ​រកមើល​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន អំពី​របៀប​ដែល​ពួក​កូនចៅ​របស់​លីហៃ​ត្រូវបាន​ប្រទានពរ ដោយសារ​តែ​សេចក្ដី​សញ្ញា​ដែល​ព្រះវរបិតា​បាន​ធ្វើ​ជាមួយ​អ័ប្រាហាំ ។ ព្រះអង្គ​សង្គ្រោះ​បាន​សង្កត់​ធ្ងន់​ថា ព្រះវរបិតា​បាន​បញ្ជូន​ទ្រង់​មក​ជប​នឹង​ពួក​សាសន៍​នីហ្វៃ ហើយ​សង្គ្រោះ​ពួកគេ​ពី​អំពី​បាប « មកពី [ ពួកគេ​ជា ] កូនចៅ​ក្នុង​សេចក្ដី​សញ្ញា » ( នីហ្វៃទី3 20:26 ) ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​របៀប​ដែល​អ្នក​ត្រូវបាន​ប្រទានពរ​ដោយសារ​សេចក្ដី​សញ្ញា​ដែល​អ្នក​បាន​ធ្វើ​ជាមួយ​ព្រះវរបិតាសួគ៌​នៅ​បុណ្យ​ជ្រមុជ​ទឹក ។ ដោយសារ​អ្នក​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​សមាជិក​ម្នាក់​នៃ​សាសនាចក្រ នោះ​អ្នក​ជា​ពូជ​របស់​អ័ប្រាហាំ ហើយ​អ្នក​មាន​ការទទួល​ខុសត្រូវ​មួយ​ក្នុង​ការជួយ​បំពេញ​សេចក្ដី​សញ្ញា​ដែល​ព្រះ​បាន​ធ្វើ​ជាមួយ​អ័ប្រាហាំ ។

សូមអាន នីហ្វៃទី3 20:27 ហើយ​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​ដែល​បង្រៀន​ពី​គោលការណ៍​តទៅ​នេះ ៖ ក្នុង​នាម​ជា​ពូជ​របស់​អ័ប្រាហាំ យើង​មាន​ការទទួល​ខុសត្រូវ​លើ​សេចក្ដី​សញ្ញា​មួយ ក្នុង​ការផ្ដល់​ពរ​ដល់​មនុស្ស​ទាំងអស់​នៅលើ​ផែនដី ។

រូបភាព
អែលឌើរ ដាវីឌ អេ. បែដណា

ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​ដែល​ថ្លែង​ដោយ អែលឌើរ ដាវីឌ អេ. បែដណា សូម​រកមើល​ពី​របៀប​ដែល—ក្នុង​នាម​ជា​ពូជ​របស់​អ័ប្រាហាំ—យើង​ត្រូវ​ផ្ដល់ពរ​ដល់​មនុស្ស​ទាំងអស់​នៅលើ​ផែនដី​បាន​ដោយ​របៀប​ណា ៖ « អ្នក និង ខ្ញុំ នៅ​ថ្ងៃនេះ និង ជានិច្ច​តទៅ ត្រូវ​ផ្ដល់ពរ​ដល់​មនុស្ស​ទាំងអស់​នៅក្នុង​គ្រប់​ជាតិសាសន៍​ទាំងអស់​នៅលើ​ផែនដី ។ អ្នក និង ខ្ញុំ នៅ​ថ្ងៃនេះ និង ជានិច្ច​តទៅ ត្រូវ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ប្រកាស​ពី​សារដំណឹង​នៃ​ការស្ដារ​ឡើងវិញ ។ អ្នក និង ខ្ញុំ នៅ​ថ្ងៃនេះ និង ជានិច្ច​តទៅ ត្រូវ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​សេចក្ដី​សង្គ្រោះ ។ ការប្រកាស​ពី​ដំណឹងល្អ ពុំ​មែន​ជា​កាតព្វកិច្ច​ខាង​បព្វជិតភាព​ក្រៅម៉ោង​មួយ​នោះទេ ។ វា​មិនមែន​គ្រាន់តែ​ជា​សកម្មភាព​មួយ ដែល​យើង​ចូលរួម​ត្រឹម​ពេល​កំណត់​មួយ ឬ ជា​ការចាត់តាំង​មួយ ដែល​យើង​ត្រូវតែ​បំពេញ​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នោះ​ទេ ។ ជាងនោះ​ទៅ​ទៀត កិច្ចការ​ផ្សព្វផ្សាយ​សាសនា គឺជា​ការបង្ហាញ​ពី​អត្តសញ្ញាណ និង កេរ្តិ៍មរតក​ខាង​វិញ្ញាណ​របស់​យើង ។ យើង​ត្រូវបាន​តែងតាំង​ជាមុន​នៅក្នុង​ជីវិត​មុន​ផែនដី ហើយ​បាន​កើតមក​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ដើម្បី​បំពេញ​សេចក្ដី​សញ្ញា និង សេចក្ដី​សន្យា​ដែល​ព្រះ​បានធ្វើ​ជាមួយ​អ័ប្រាហាំ ។ យើង​នៅ​ទីនេះ នៅលើ​ផែនដី​នៅ​ពេលនេះ ដើម្បី​តម្កើង​បព្វជិតភាព និង ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ ។ នោះហើយ​ដែល​យើង​ជា​នរណា ហើយ​នោះហើយ​ជា​មូលហេតុ​ដែល​យើង​នៅ​ទីនេះ—នៅ​ថ្ងៃនេះ និង ជានិច្ច​តទៅ » ( “Becoming a Missionary” ទំព័រ 47 ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ក្នុង​នាម​ជា​យុវវ័យ​ម្នាក់ តើ​អ្នក​អាច​ធ្វើ​អ្វី​នៅពេល​ឥឡូវ​នេះ ដើម្បី​ផ្ដល់ពរ​ដល់​អ្នក​ផ្សេងទៀត​នៅក្នុង​ពិភពលោក​នេះ ?

    2. តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​សម្រាប់​អ្នក​ក្នុង​ការយល់​ថា អ្នក​គឺជា​ពូជ​របស់​អ័ប្រាហាំ ?

នីហ្វៃទី3 21–22

ព្រះយេស៊ូវគ្រីស្ទ​ប្រាប់​ជាមុន​នូវ​ទីសម្គាល់​សម្រាប់​ការប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ

ដូច​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 21–22 ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​សាសន៍​នីហ្វៃ​នូវ​ការណ៍​ជាច្រើន​អំពី​ថ្ងៃ​ចុងក្រោយ—ពី​ពេល​ដែល​ដំណឹងល្អ​នឹង​ត្រូវបាន​ស្ដារ​ឡើងវិញ​ដល់​ផែនដី ហើយ​ពួក​បរិសុទ្ធ​នឹង​រៀបចំ​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។

  1. ដើម្បី​ជួយ​អ្នក​រកឃើញ​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​ការប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ ដូចមាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 21–22 សូម​អាន​បទគម្ពីរ​ទាំងអស់​នៅក្នុង​គូឡោន​ខាង​ឆ្វេង​នៃ​តារាង​ខាងក្រោម​នេះ ។ បន្ទាប់មក សូម​ជ្រើសរើស​សំណួរ​ពីរ ដែល​នៅក្នុង​គូឡោន​ខាង​ស្ដាំ ដើម្បី​ឆ្លើយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ខគម្ពីរ

សំណួរ

សូមអាន នីហ្វៃទី3 21:1–2, 7 ។ ពេលដែល​ព្រះគម្ពីរ​មរមន​ចេញមក​នៅថ្ងៃ​ចុងក្រោយ វា​នឹង​ជា​ទីសម្គាល់​មួយ​ថា ព្រះវរបិតា​បាន​ចាប់ផ្ដើម​ប្រមូល​វង្ស​អ៊ីស្រាអែល​ហើយ ។

  1. តើ​ពេលណា ដែល​អ្នក​បាន​ឃើញ​ថា ព្រះគម្ពីរ​មរមន​បានដឹកនាំ ( ឬ ប្រមូល ) មនុស្ស​ម្នាក់ រួមទាំង​ខ្លួន​អ្នក​ដែរ មកកាន់​ព្រះយេស៊ូវគ្រីស្ទ និង សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ ?

សូមអាន នីហ្វៃទី3 21:9 ។ ឃ្លា​ថា « កិច្ចការ​ដ៏​ធំ ហើយ​អស្ចារ្យ » សំដៅ​ដល់​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  1. តើ​អ្នក​គិត​ថា អ្វី​ដែល​ធំ ហើយ​អស្ចារ្យ អំពី​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

សូមអាន នីហ្វៃទី3 21:10–11 ហើយ​សញ្ជឹង​គិត​ពី​របៀប​ដែល​ការពិពណ៌នា​នេះ​ត្រូវ​ទៅនឹង​ព្យាការី យ៉ូសែប ស្ម៊ីធ ។

  1. ហេតុអ្វី​វា​ចាំបាច់​ក្នុង​ការជឿ​ដល់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដែល​ត្រូវបាន​នាំ​ចេញមក​ដោយ​ព្យការី យ៉ូសែប ស្ម៊ីធ ?

សូមអាន នីហ្វៃទី3 21:22 ។ ប្រសិនបើ​ប្រជាជន​ប្រែចិត្ត ហើយ​មិន​ពង្រឹង​ចិត្ត​របស់​គេ នោះ​ពួកគេ​នឹង​ត្រូវបាន​រាប់​ក្នុង​ចំណោម​វង្ស​អ៊ីស្រាអែល ។

  1. តើ​អ្នក​គិត​ថា ហេតុអ្វី​ការប្រែចិត្ត​ចាំបាច់​ម្ល៉េះ​សម្រាប់​មនុស្ស​ម្នាក់ ដើម្បី​ឲ្យ​ត្រូវបាន​ប្រមូល​ចូលក្នុង​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ ?

សូមអាន នីហ្វៃទី3 22:7–10 ហើយ​រកមើល​ការសន្យា​ទាំងឡាយ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ចំពោះ​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ដែល​ត្រឡប់​មករក​ទ្រង់​វិញ បន្ទាប់ពី​បាន​បំភ្លេច​សេចក្ដី​សញ្ញា​ទាំងឡាយ​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយ​ទ្រង់ ។

  1. តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​ក្នុង​ការយល់​ថា ព្រះអម្ចាស់​បង្ហាញ​ពី​សេចក្ដី​មេត្តា​ករុណា​ដ៏​គ្មាន​ទីបំផុត ដល់​ពួក​អ្នក​ដែល​បាន​វង្វេង​ចេញ​ពី​ទ្រង់ ?

សូម​គិត​ពី​នរណា​ម្នាក់​ដែល​អ្នក​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ព្រះគម្ពីរ​មរមន និង ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ និង បេសកកម្ម​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ដើម្បី​ជួយ​ដល់​មនុស្ស​នេះ​ឲ្យ​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ ។ សូម​សញ្ជឹង​គិត​ផងដែរ ពី​របៀប​ដែល​អ្នក​អាច​លើក​ទឹកចិត្ត​ដល់​អ្នក​ផ្សេងទៀត​ឲ្យ​មករក​ព្រះអម្ចាស់ រួម​ទាំង​ពួក​អ្នក​ដែល​ដែល​ពោរពេញ​ដោយ​សេចក្ដី​ជំនឿ​កាល​ពីមុន ប៉ុន្តែ​ពុំមាន​ជំនឿ​ទៀត ។ ប្រសិនបើ​អ្នក​គិត​អំពី​បុគ្គល​ជាក់លាក់​ណា​ម្នាក់ សូម​ដាក់​គោលដៅ​ដើម្បី​ធ្វើ​តាម​ការបំផុស​ទាំងឡាយ​ដែល​អ្នក​បាន​ទទួល ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី3 20–22 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖