ថ្នាក់​សិក្ខាសាលា
មេរៀនទី 21 ៖ ថ្ងៃទី 2 អាលម៉ា 50–52, 54–55


មេរៀនទី 21 ៖ ថ្ងៃទី 2

អាលម៉ា 50–52; 54–55

សេចក្តីផ្ដើម

មេទ័ព​មរ៉ូណៃ​បន្ត​ជួយ​ប្រជាជន​លោក​ឲ្យ​ការពារ​ខ្លួនគេ ដោយ​ការពង្រឹង​ទីក្រុង​ទាំងឡាយ​របស់​ពួកគេ​ឲ្យ​រឹងមាំ ។ ពួក​សាសន៍​នីហ្វៃ​មាន​ភាពជោគជ័យ​ក្នុង​ការទប់ទល់​នឹង​ពួក​សាសន៍​លេមិន រហូត​ទាល់តែ​ការបះបោរ និង ភាពទុច្ចរិត​បាន​ចាប់ផ្ដើម​ធ្វើ​ឲ្យ​ពួកគេ​ចុះ​ទន់ខ្សោយ ។ ថ្វី​បើ​​មរ៉ូណៃ​មាន​ការប្រឹងប្រែង​ ដើម្បី​ឲ្យ​មាន​ការរួបរួម និង ការ​ការពារ​ប្រជាជន​ក៏​ដោយ ក៏​ពួក​សាសន៍​នីហ្វៃ​បាន​បាត់បង់​ទីក្រុង​ជាច្រើន ដោយសារតែ​ការទាស់ទែង​ក្នុង​ចំណោម​ពួកគេ​ផ្ទាល់ដែរ ។ នៅទី​បំផុត មរ៉ូណៃ ទីអានគុម និង លីហៃ បាន​គ្រប់គ្រង​ទីក្រុង​មូលេក​ម្ដងទៀត ហើយ​បាន​យកឈ្នះ​ពលទ័ព​ដ៏​ធំ​មួយ​របស់​ពួក​លេមិន ។ អាំម៉ូរ៉ុន ជា​អ្នក​ដឹកនាំ​ទុច្ចរិត​នៃ​ពួក​សាសន៍​លេមិន បាន​ព្យាយាម​ធ្វើ​ការចរចារ​ក្នុង​ការដោះដូរ​ឈ្លើយ ប៉ុន្តែ​មរ៉ូណៃ​បាន​ដោះលែង​ពួក​ឈ្លើយ​សាសន៍​នីហ្វៃ​ដោយ​ពុំ​មាន​ការបង្ហូរ​ឈាម ។ មរ៉ូណៃ​បានឈរ​យ៉ាង​រឹងមាំ ហើយ​ពុំ​បាន​សម្រុះសម្រួល​ជាមួយ​នឹង​អាំម៉ូរ៉ុន និង អ្នក​ដើរតាម​គាត់​នោះទេ ។

អាលម៉ា 50–51

ពួក​សាសន៍​នីហ្វៃ​ត្រូវបាន​ពង្រឹង និង ចម្រើន​ឡើង ពេល​ដែល​ពួកគេ​គោរព​ប្រតិបត្តិ​ដល់​ព្រះអម្ចាស់ និង មាន​ការសាមគ្គី​ក្នុង​ចំណោម​ពួកគេ​ផ្ទាល់ ។

សូម​គិត​ពី​ពេល​មួយ​នៅក្នុង​ជីវិត​អ្នក ពេលដែល​អ្នក​មាន​ការលំបាក​ក្នុង​ការយក​ឈ្នះ​ឧបសគ្គ​មួយ ដូចជា​ការល្បួង បញ្ហា​សុខភាព បញ្ហា​នៅ​សាលា ឬ បញ្ហា​ក្នុង​ទំនាក់ទំនង​ជាមួយ​មិត្តភក្ដិ ឬ សមាជិក​គ្រួសារ ។ តើ​អ្នកប៉ង​​ប្រាថ្នា​​ថា អ្នក​មាន​កម្លាំង​ខាង​វិញ្ញាណ​រឹងមាំ​ជាង​នៅ​ពេល​នោះឬទេ ?

រូបភាព
ប្រធាន ហិនរី ប៊ី. អាវរិង

ប្រធាន ហិនរី ប៊ី. អាវរិង នៃ​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា ៖ « ពេលដែល​កម្លាំង [ នៃ​អំពើ​បាប ] នៅ​ជុំវិញ​យើង​មាន​កម្លាំង​កើនឡើង នោះ​កម្លាំង​ខាង​វិញ្ញាណ​អ្វី​ក៏​ដោយ​ដែល​ធ្លាប់​មាន​គ្រប់គ្រាន់ នោះ​គឺ​មិន​គ្រប់គ្រាន់​ទេ ។ ទោះ​ជា​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ ដែល​ជួន​កាល​យើង​គិត​ថា​វា​គ្រប់​គ្រាន់​ក៏​ដោយ ក៏​ការ​លូត​លាស់​បន្ថែម​​ទៀត​នៅ​តែ​អាច​កើត​មាន​ចំពោះ​យើង​ដែរ ។ សេចក្ដី​ត្រូវការ ​ទាំង​កម្លាំង​ខាង​វិញ្ញាណ និង ឱកាស​ខាង​វិញ្ញាណ ដើម្បី​ទទួល​បាន​នូវ​ការលូតលាស់​ដែល​ធំធេង​ជាង​នោះ នឹង​កើនឡើង​ដល់​កម្រិត​ដែល​យើង​ប៉ាន់ប្រមាណ​មិន​ដល់ » ( “Always” Ensign ខែ តុលា ឆ្នាំ 1999 ទំព័រ 9 ) ។

ការរៀបចំ​របស់​ពួក​សាសន៍​នីហ្វៃ ដែល​ពួកគេ​បាន​រៀបចំ​សម្រាប់​ចម្បាំង​របស់​ពួកគេ អាច​ជួយ​យើង​រៀន​ពី​សេចក្តីពិត​នេះ ៖ ប្រសិនបើ​យើង​រៀបចំ​ខ្លួន​យើង​ខាង​វិញ្ញាណ នោះ​យើង​អាច​យកឈ្នះ​នូវ​ឧបសគ្គ​ទាំងឡាយ​ក្នុង​ជីវិត ។

សូម​រំឭក​ឡើង​វិញ អាលម៉ា 50:1–6 ។ តើ​ពួក​សាសន៍​នីហ្វៃ​បាន​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​បន្ទាយ​ការពារ​ជុំវិញ​ទីក្រុង​ទាំងឡាយ​របស់​ពួកគេ ? សូមអាន អាលម៉ា 50:7 ។ តើ​អ្វី​ផ្សេងទៀត​ដែល​ពួកសាសន៍​នីហ្វៃ​បាន​ធ្វើ ដើម្បី​រៀបចំ​សម្រាប់​ចម្បាំង ?

ពួក​សាសន៍​នីហ្វៃ​កសាង​បន្ទាយ​ការពារ ដែល​ផ្ដល់​កម្លាំង​ដល់​ពួកគេ​នៅក្នុង​គ្រា​មួយ​ដ៏​លំបាក​ក្រៃលែង ។ យើង​អាច​ធ្វើ​តាម​គំរូ​របស់​ពួកគេ ដោយ​ការកសាង​កម្លាំង​ខាង​វិញ្ញាណ​របស់​យើង​ឥឡូវ​នេះ ដើម្បី​យើង​នឹង​មាន​កម្លាំង​ដែល​យើង​ត្រូវការ​នៅក្នុង​គ្រា​លំបាក ។ កម្លាំង​ខាង​វិញ្ញាណ​ត្រូវបាន​កសាង​ឡើង​ដោយ​មាន​ប្រសិទ្ធភាព​បំផុត ដោយ​ការខិតខំ​ប្រឹងប្រែង​ដ៏​ខ្ជាប់ខ្ជួន​រៀងរាល់​ថ្ងៃ ។ យើង​កាន់តែ​បាន​រឹងមាំ​ខាង​វិញ្ញាណ តាមរយៈ​កិច្ចការ​មួយ​ចំនួន​ដូចជា ការសិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់ ការអធិស្ឋាន ការចូលរួម​ការប្រជុំ​ទាំងឡាយ​នៅ​ព្រះវិហារ ការបំពេញ​នូវ​ការហៅ​បម្រើ​របស់​យើង ការបង្ហាញ​នូវ​ការដឹងគុណ​ចំពោះ​ព្រះ ការបម្រើ​អ្នក​ដទៃ និង ការស្ដាប់​ដល់​ដំបូន្មាន​របស់​អ្នក​ដឹកនាំ​សាសនាចក្រ​របស់​យើង ។

  1. សូម​បំពេញ​សេចក្ដី​ថ្លែង​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ខ្ញុំ​អាច​កសាង​កម្លាំង​ខាង​វិញ្ញាណ​ដោយ ( រាយ​នូវ​ការណ៍​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ ) ។

    2. ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កាន់តែ​ខ្ជាប់ខ្ជួន​នូវ ( ជ្រើសរើស​ចំណុចមួយ​ចេញពី​បញ្ជី​ដែល​អ្នក​បាន​រាយ ) ជា​រៀងរាល់​ថ្ងៃ ដើម្បី​កសាង​កម្លាំង​ខាង​វិញ្ញាណ​របស់​ខ្ញុំ ។

សូមអាន អាលម៉ា 50:19–23 ហើយ​រកមើល​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ពួក​សាសន៍​នីហ្វៃ​ដែល​ស្មោះត្រង់​ចំពោះ​ទ្រង់ ថ្វីបើ​មាន​កាលៈទេសៈ​លំបាក​យ៉ាងណា​ក៏​ដោយ​ក្នុង​ជំនាន់​របស់​ពួកគេ​នោះ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅជិត​ខ​ទាំងឡាយ ៖ ភាពស្មោះត្រង់​ចំពោះ​ព្រះ​នាំ​មក​នូវ​ពរជ័យ​ទាំងឡាយ សូម្បីតែ​នៅក្នុង​គ្រា​ដ៏​ចលាចល​ក៏​ដោយ ។ សូម​មើល អាលម៉ា 50:21 ដើម្បី​ឃើញ​ពី​អ្វី​ដែល​មរមន​បាន​និយាយ ពី​បុព្វហេតុ​ដែល​នាំ​ពួក​សាសន៍​នីហ្វៃ​បាត់បង់​ពរជ័យ​ទាំងនេះ ។

អំឡុង​ពេល​ដែល​មេទ័ព​មរ៉ូណៃ​ដឹកនាំ​ពួក​សាសន៍​នីហ្វៃ​នៅក្នុង​ចម្បាំង​របស់​ពួក​គេ​តទល់​នឹង​ពួក​លេមិន ពេហូរ៉ាន​បាន​ក្លាយ​ជា​មេចៅក្រម​នៃ​ពួក​សាសន៍​នីហ្វៃ ។ លោក​ជា​បុរស​សុចរិត​មា្នក់ ហើយ​លោក​បាន​ធ្វើ​កិច្ចការ​ដើម្បី​ស្ថាបនា​ក្ដី​សុខសាន្ត​នៅក្នុង​ដែនដី ។ ទោះ​យ៉ាងណា មាន​ពួក​នីហ្វៃ​មួយ​ក្រុម​ដែល​មាន​បំណង​ចង់​ផ្លាស់​ប្ដូរ​ច្បាប់​របស់​សាសន៍​នីហ្វៃ ដើម្បី​ឲ្យ​ពួកគេ​បាន​គ្រប់គ្រង​ដោយ​ស្ដេច​មួយ​អង្គ​វិញ មិនមែន​ប្រព័ន្ធ​ចៅក្រម​នោះទេ ។ បញ្ហា​នេះ​ត្រូវបាន​ដាក់​ឲ្យ​បោះឆ្នោត ហើយ​ប្រជាជន​បាន​បោះឆ្នោត​ឲ្យ​រក្សា​ប្រព័ន្ធ​ចៅក្រម ។ ទោះយ៉ាងណា « ពួក​អ្នក​និយម​ស្ដេច » មិន​គាំទ្រ​សំឡេងរបស់​ប្រជាជន​នោះទេ ហើយ​បាន​បដិសេធ​ក្នុង​ការចូលរួម​ប្រយុទ្ធ​ជាមួយ​ពួក​សាសន៍​នីហ្វៃ​ដទៃ​ទៀត ពេលដែល​ពួក​សាសន៍​លេមិន​មក​ធ្វើ​ចម្បាំង ។ មរ៉ូណៃ​ត្រូវតែ​ដឹកនាំ​ពួក​ពលទ័ព​របស់​លោក​តទល់​នឹង​ពួក​អ្នក​និយម​ស្ដេច ដើម្បី​បង្ខំ​ពួកគេ​ឲ្យ​ចូលរួម​នឹង​ពួក​សាសន៍​នីហ្វៃ ។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ពួក​សាសន៍​នីហ្វៃ​មាន​ការចុះ​ខ្សោយ​ជា​ខ្លាំង​នៅក្នុង​ចម្បាំង​តទល់​នឹង​ពួក​សាសន៍​លេមិន ( សូមមើល អាលម៉ា 51:1–21 ) ។

សូមអាន អាលម៉ា 51:22–27 ហើយ​រកមើល​ភស្ដុតាង​ដែល​ពួក​លេមិន​អាច​បង្កើន​អំណាច​លើ​ពួក​សាសន៍​នីហ្វៃ ដោយសារតែ​ការទាស់ទែង​ជាមួយ​នឹង​ពួក​អ្នក​និយម​ស្ដេច ។ សូម​គិត​អំពី​គោលការណ៍​នេះ ៖ ការបែកចែក និង ការទាស់ទែង​បំផ្លាញ​សន្តិភាព ។

  1. សូមអាន អាលម៉ា 50:39–40 និង អាលម៉ា 51:22 ហើយ​កត់ចំណាំ​ថា តើ​ពេហូរ៉ាន និង មេទ័ព​មរ៉ូណៃ​បាន​ព្យាយាម​ដោយ​ឧស្សាហ៍​យ៉ាងណា​ដើម្បី​ស្ថាបនា​សន្តិភាព​នៅក្នុង​ចំណោម​ប្រជាជន​របស់​ពួកលោក ។ សូម​គិត​អំពី​ពេលមួយ​នៅក្នុង​ជីវិត​អ្នក ពេលដែល​អ្នក​បានឃើញ​ការទាស់ទែង មិនថា​នៅក្នុង​ចំណោម​មិត្តភក្ដិ សមាជិក​គ្រួសារ នៅ​សាលា ឬ អ្នក​ផ្សេងៗ​ទៀតនោះ​ទេ ។ សូម​គិត​ផងដែរ អំពី​ចរិត​លក្ខណៈ​របស់​មនុស្ស​ម្នាក់ ដែល​ព្យាយាម​ដើម្បី​កសាង​សន្តិភាព ។ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​ចរិត​លក្ខណៈ​របស់​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព​ម្នាក់​អាច​មាន ៖

អាលម៉ា 52

មរ៉ូណៃ និង ទីអានគុម ធ្វើការ​រួមគ្នា​ដើម្បី​យក​ឈ្នះ​លើ​ពួក​សាសន៍​លេមិន ។

រូបភាព
មេទ័ព​មរ៉ូណៃ និង ទង់​ឥស្សរភាព

ដូច​មាន​កត់ត្រា​នៅក្នុង អាលម៉ា 51:33–34 អាម៉ាលិកាយ​ត្រូវបាន​សម្លាប់​ដោយ​ទីអានគុម ជា​អ្នក​ដឹកនាំ​ទាហាន​ដ៏​អស្ចារ្យ​ម្នាក់​របស់​សាសន៍​នីហ្វៃ ។ បន្ទាប់ពី​ការស្លាប់​របស់​អាម៉ាលិកាយ​ហើយ ប្អូនប្រុស​របស់​គាត់​ឈ្មោះ​អាំម៉ូរ៉ុន​បាន​គ្រប់គ្រង​ពលទ័ព​លេមិន ។ មរ៉ូណៃ​បាន​ផ្ដល់​ការណែនាំ​ដល់​ទីអានគុម ដើម្បី​បន្ត​ពង្រឹង​បន្ទាយ និង ការពារ​ផ្នែក​ខាងជើង​នៃ​ដែនដី​បរិបូរណ៍ ហើយ​បើ​អាច​ធ្វើ​ទៅបាន នោះ​ត្រូវ​យកមក​វិញ​នូវ​ទីក្រុង​របស់​សាសន៍​នីហ្វៃ​ណា​ក៏​ដោយ ដែល​កាន់កាប់​ដោយ​ពួក​សាសន៍​លេមិន​នៅ​ពេល​នោះ ( សូមអាន អាលម៉ា 52:1–10 ) ។ សូមអាន អាលម៉ា 52:15–17 ហើយ​រកមើល​ពី​មូលហេតុ​ដែល​ទីអានគុម​បាន​សម្រេច​ចិត្ត​មិន​ធ្វើ​ការវាយ​ប្រហារ​លើទីក្រុង​មូលេក ។

ទីអានគុម​បាន​ដឹង​ថា ពេល​ដែល​ពលទ័ព​ស្ថិត​នៅក្នុង​តំបន់​ការពារ​របស់​គេ នោះ​វា​ពិបាក​នឹង​យកឈ្នះ ។ ចេញពី​បទពិសោធន៍​នេះ យើង​អាច​រៀន​គោលការណ៍​នេះ ៖ ប្រសិនបើ​យើង​ចៀសវាង​ពី​តំបន់​ការពារ​របស់​មារសត្រូវ នោះ​យើង​កាន់តែ​អាច​ចៀសវាង ហើយ​តទល់​នឹង​ការល្បួង ។

  1. តើ​កន្លែង​ណា​ខ្លះ ដែល​អាច​ចាត់​ថា​ជា​តំបន់​ការពារ​របស់​មារសត្រូវ ? ( ទាំងនេះ​គឺជា​កន្លែង ឬ ស្ថានភាព​ទាំងឡាយ ដែល​អ្នក​អាច​ត្រូវបាន​ជះ​ឥទ្ធិពល​ឲ្យ​ធ្វើ​អំពើ​បាប ប្រសិន​បើ​អ្នក​ទៅ​ទីនោះ—ឧទាហរណ៍ ពិធី​ជប់លៀង​មួយ​ដែល​មនុស្ស​ផឹក​គ្រឿង​ស្រវឹង ឬ មើល​កុន​ដែល​មិន​សមរម្យ ) ។ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​ទីកន្លែង​មួយ​ចំនួន​បែបនោះ ។ សូម​សរសេរ​ផងដែរ ពី​មូលហេតុ​ដែល​អ្នក​គិត​ថា ​អ្នក​គប្បី​ចៀសវាងទៅ​កាន់​កន្លែង​ទាំងនេះ ។

នេះ​ជា​ពេល​ដ៏​លំបាក​មួយ​សម្រាប់​ពួក​សាសន៍​នីហ្វៃ ព្រោះ​ពួក​សាសន៍​លេមិន​កាន់កាប់​បាន​ទីក្រុង​ជាច្រើន​របស់​សាសន៍​នីហ្វៃ ខណៈដែល​ពួក​នីហ្វៃ​កំពុង​ប្រយុទ្ធ​នឹង​ពួក​អ្នក​និយម​ស្ដេច ។ ពួក​សាសន៍​លេមិន​បាន​ប្រើប្រាស់​ទីក្រុង​ទាំងនោះ​ជា​តំបន់​ការពារ ដូច្នេះ​វា​ពិបាក​សម្រាប់​ពួក​សាសន៍នីហ្វៃ​ក្នុង​ការយក​ទីក្រុង​ទាំងនោះ​មក​វិញ ។ មរ៉ូណៃ​បាន​បង្កើត​ផែនការ​មួយ​ដើម្បី​ឲ្យ​ពួក​លេមិន​ចេញ​ពី​ទីក្រុង​មូលេក ដើម្បី​ពួក​សាសន៍​នីហ្វៃ​អាច​បាន​ទីក្រុង​នោះ​មក​វិញ ។ សូមអាន អាលម៉ា 52:21–26 ដើម្បី​ឃើញ​ពី​អ្វី​ដែល​មរ៉ូណៃ និង ទីអានគុម​បាន​ធ្វើ ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​អ្វី​ដែល​មរ៉ូណៃ និង ទីអានគុម​បាន​ធ្វើ ដើម្បី​វាយយក​ទីក្រុង​មូលេក ( សូមអាន អាលម៉ា 52:21–26 ) ។ សូម​សរសេរ​ផងដែរ​ពី​អ្វី​ដែល​អ្នក​គិត​អំពី​មរ៉ូណៃ​ក្នុង​នាម​ជា​មេបញ្ជាការ​ទ័ព​ម្នាក់ ។ តើ​លោក​ជា​មេបញ្ជាការ​ទ័ព​ដ៏​ល្អ​ម្នាក់​សម្រាប់​សាសន៍​នីហ្វៃ​ដោយ​របៀប​ណា​ខ្លះ ?

អាលម៉ា 54–55

មរ៉ូណៃ​បដិសេធ​នឹង​ផ្លាស់ប្ដូរ​ពួកឈ្លើយ​ជាមួយ​អាំម៉ូរ៉ុន ហើយ​យកបាន​ទីក្រុង​គីឌ​មក​វិញ

គ្រប់​ការធ្វើ​សង្គ្រាម​ទាំង​អស់​រវាង​ពួក​សាសន៍​លេមិន និង ពួក​សាសន៍​នីហ្វៃ ភាគី​ទាំង​សង​ខាង​​ចាប់​បាន​ពួក​ឈ្លើយ​សង្គ្រាម​ជាច្រើន ។ អាំម៉ូរ៉ុន​ជា​អ្នក​ដឹកនាំ​របស់​ពួក​លេមិន បាន​ផ្ញើ​សំបុត្រ​មួយ​ទៅកាន់​មរ៉ូណៃ ដោយ​ស្នើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ពួកឈ្លើយ ។ មរ៉ូណៃ​រីករាយ​នឹង​ផ្លាស់ប្ដូរ​ពួក​ឈ្លើយ ដើម្បី​ឲ្យ​ពួក​សាសន៍​នីហ្វៃ​ដែល​ត្រូវ​ចាប់​អាច​ត្រឡប់​មកវិញ និង ដើម្បី​ពួក​ពលទ័ព​របស់​លោក​ពុំ​ចាំបាច់​ផ្ដល់​អាហារ និង ថែទាំ​ពួក​ឈ្លើយ​របស់​ពួក​លេមិន ។ ( សូមមើល អាលម៉ា 54:1–2 ) ។

ទោះជា​យ៉ាងណា​ក៏​ដោយ ពេលដែល​លោក និង អាំម៉ូរ៉ុន​បាន​ដោះដូរ​សំបុត្រ នោះ​អាំម៉ូរ៉ុន​បាន​សរសេរ​បញ្ជា​ថា ពួក​សាសន៍​នីហ្វៃ​ត្រូវ​ព្រម​ចុះចាញ់ ហើយ​ឲ្យ​ពួក​លេមិន​គ្រប់គ្រង​ពួកគេ ។ គាត់​បាន​និយាយ​ថា ពួក​សាសន៍​នីហ្វៃ​ជា​ឃាតករ ហើយ​ថា​ពួក​លេមិន​គឺ​ត្រឹមត្រូវ​ក្នុង​ការវាយ​ប្រហារ​ពួកគេ ។ គាត់​ក៏​បាន​ប្រកាស​ផងដែរ​ថា ពុំ​មាន​ព្រះ​នោះទេ ។ ( សូមមើល អាលម៉ា 54:16–24 ) ។

ពេល​មរ៉ូណៃ​បាន​ទទួល​សំបុត្រ​នេះ លោក​បាន​ដឹង​ថា​អាំម៉ូរ៉ុន​កុហក ។ អាំម៉ូរ៉ុន​បាន​ដឹង​ថា ពួក​លេមិន​ពុំ​មាន​ហេតុផល​សុចរិត​ដើម្បី​វាយ​ប្រហារ​ពួកសាសន៍​នីហ្វៃ​នោះទេ ។ មរ៉ូណៃ​បាន​និយាយ​ថា លោក​នឹង​ពុំ​ផ្លាស់ប្ដូរ​ពួក​ឈ្លើយ ហើយ​ផ្ដល់​កម្លាំង​បន្ថែម​ដល់​ពួក​លេមិន​នោះ​ឡើយ ។ លោក​នឹង​រក​របៀប​មួយ​ដើម្បី​រំដោះ​ពួក​ឈ្លើយ​សាសន៍​នីហ្វៃ ដោយ​ពុំមាន​ការ​ផ្លាស់ប្ដូរ​ពួកគេ ។ ( សូមមើល អាលម៉ា 55:1–2 ) ។

សូមអាន អាលម៉ា 55:3–24 ដើម្បី​រកមើល​ពី​អ្វី​ដែល​មរ៉ូណៃ​បាន​ធ្វើ ដើម្បី​រំដោះ​ពួក​ឈ្លើយ​សាសន៍​នីហ្វៃ ។

ពេល​មរ៉ូណៃ​បាន​បដិសេធ​នឹង​ធ្វើ​តាម​បញ្ជា​របស់​អាំម៉ូរ៉ុន ហើយ​បាន​រក​មធ្យោបាយ​មួយ​ដើម្បី​រំដោះ​ពួក​ឈ្លើយ​សាសន៍​នីហ្វៃ លោក​បាន​រារាំង​ពួក​សាសន៍​លេមិន​កុំ​ឲ្យ​កាន់តែ​មាន​ប្រៀប​លើ​ពួក​សាសន៍​នីហ្វៃ តែ​ឲ្យ​ពួក​សាសន៍​នីហ្វៃ​មាន​ប្រៀប​វិញ ។ សេចក្ដី​ពិត​មួយ​ដែល​យើង​អាច​រៀន​ចេញពី​គំរូ​របស់​មរ៉ូណៃ​គឺ ៖ ប្រសិនបើ​យើង​ទុកចិត្ត​លើ​ព្រះអម្ចាស់ ហើយ​គោរព​ប្រតិបត្តិ​ទ្រង់​ដោយ​ឥត​ល្អៀង នោះ​ទ្រង់​នឹង​គាំទ្រ​យើង​នៅក្នុង​ការលំបាក​របស់​យើង ។

រឿង​ដែល​មាន​នៅក្នុង អាលម៉ា 55:3–24 គឺជា​រឿង​ដ៏​រំភើប​មួយ​អំពី​ការរំដោះ ។ សូមគិត​ពី​សមាជិក​គ្រួសារ ឬ មិត្តភក្ដិ​ម្នាក់​ដែល​នឹង​មាន​ភាពរីករាយ​ក្នុង​ការស្ដាប់​រឿង​នេះ ហើយ​រក​ពេល​មួយ​ប្រាប់​រឿង​នេះ​ទៅកាន់​មនុស្ស​ម្នាក់​នោះ ។ អ្នក​ក៏​អាច​នឹង​ចង់​ចែកចាយ​ជាមួយ​មនុស្ស​នេះ នូវ​គោលការណ៍​ដែល​មាន​អក្សរ​ដិត​នៅក្នុង​កថាខណ្ឌ​ខាងលើ ហើយ​ពន្យល់​ថាតើ​មរ៉ូណៃ​ជា​គំរូ​មួយ​នៃ​គោលការណ៍​នេះ​យ៉ាងណាផងដែរ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 50–52; 54–55 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖