ថ្នាក់​សិក្ខាសាលា
នីហ្វៃទី1


សេចក្តីផ្តើមនីហ្វៃ​ទី 1

តើ​ហេតុ​អ្វី​ត្រូវ​សិក្សា​ព្រះគម្ពីរ​នេះ ?

នៅ​ពេល​អ្នក​សិក្សា​នីហ្វៃ​ទី1 អ្នក​នឹង​រក​ឃើញ​ថា « សេចក្តី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់​ទាំងឡាយ​នៃ​ព្រះ​អម្ចាស់​មាន​មក​លើ​ជន​ទាំង​អស់​ណា​ដែល​ព្រះ​បាន​រើស ដោយ​សារ​សេចក្តីជំនឿ​របស់​គេ ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ខ្លាំង​ពូកែ » ( នីហ្វៃ​ទី1:20 ) ។ ជា​ឧទាហរណ៍ អ្នក​នឹង​ឃើញ​នូវរបៀប​ដែល​ព្រះ​បាន​ជួយ​នីហ្វៃ​ឲ្យ​ទទួលបាន​ផ្ទាំង​លង្ហិន ដើម្បី​ឲ្យគ្រួសារ​របស់​គាត់​អាច​មាន​ព្រះ​គម្ពីរ និង របៀប​ដែល​ព្រះ​បាន​សង្គ្រោះ​នីហ្វៃ​ឲ្យ​រួច​ពី​ការ​គំរាមគំហែង​ទាំងឡាយ​លើ​រូប​កាយ​នៅ​ក្នុង​ជីវិត​របស់​គាត់ និង របៀប​ដែល​ព្រះ​បាន​សង្គ្រោះ​លោក​លីហៃ និង ប្រជាជន​របស់​លោក​ពី​គ្រោះ​អំណត់​អត់​នៅ​ក្នុង​ទីរហោស្ថាន និង ការបំផ្លិច​បំផ្លាញ​នៅ​តាម​ទឹក​សមុទ្រ ដោយ​បាន​ដោះលែង​ពួកគេ​ឲ្យ​មាន​សុវត្ថិភាព​រហូត​ទៅ​ដល់​ដែនដី​សន្យា ។

លោកលីហៃ និង​ ប្រជាជន​របស់​លោក​បាន​ភ្លក់នូវ​សេចក្តី​មេត្តាករុណា និង ជំនួយ​របស់​ព្រះ នៅ​ពេល​ពួកគេ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ។ លោកលីហៃ និង នីហ្វៃ​បាន​ស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះ ហើយ​បាន​ទទួល​ការដឹកនាំ​តាម​រយៈ​ព្រះ​គម្ពីរ ការ​សុបិន្ត ការនិមិត្ត​ទាំងឡាយ និង ​លីអាហូណា ។ នីហ្វៃ​បាន​ទទួល និង បាន​កត់ត្រា​នូវ​ការ​និមិត្ត​មួយ​ស្តី​អំពី​ប្រវត្តិ​ផែន​ដី​នេះ ដែល​បាន​បង្ហាញ​ដល់​លោក​នូវ​ព្រះចេស្តា​នៃ​ការជ្រាប​ដឹង​ទាំងអស់​របស់​ព្រះ ។ តាម​រយៈ​ការ​និមិត្ត​ទាំងឡាយ នីហ្វៃ​បាន​ឃើញ​ពិធី​បុណ្យ​ជ្រមុជ​ទឹក កិច្ចការ​បម្រើ ការ​ឆ្កាង​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នា​ពេល​អនាគត ។

នៅ​ពេល​អ្នក​សិក្សា​ពីបទពិសោធន៍​ទាំងឡាយ​របស់​នីហ្វៃ និង លោកលីហៃ​នៅ​ក្នុង​ព្រះគម្ពីរ​នេះ នោះ​អ្នក​អាច​រៀន​អំពី​របៀប​ដើម្បី​ស្វែងរក និង ទទួល​ពរជ័យ​ពី​ឋាន​សួគ៌​នៅក្នុង​ជីវិត​អ្នក ។

តើ​នរណា​សរសេរ​ព្រះគម្ពីរ​នេះ ?

នីហ្វៃ​ជា​កូន​របស់​លោកលីហ្វៃ បាន​សរសេរ​ព្រះគម្ពីរ​នេះ ក្នុង​ការ​គោរព​តាម​ការ​បញ្ជា​របស់​ព្រះ​អម្ចាស់​ដែល​ថា លោក​ត្រូវតែ​រក្សា​បញ្ជី​ប្រវត្តិ​នៃ​ប្រជាជន​របស់​លោក ។ នីហ្វៃ​ទំនង​ជា​កើត​នៅ​ក្នុង​ក្រុង​យេរូសាឡិម ឬ នៅ​ក្បែរ​នោះ ។ លោក​រស់​នៅ​ទី​នោះ​អំឡុង​ពេល​កិច្ចការ​បម្រើ​របស់​ព្យាការី​យេរេមា និង រជ្ជកាល​របស់​ស្តេច​សេដេគា ។

នីហ្វៃ​បាន​ស្វែង​រក​សាក្សី​ផ្ទាល់​ខ្លួន​លោក​ពី​ពាក្យ​សម្តី​របស់​ឪពុក​លោកដែល​ទាក់​ទង​ទៅ​នឹង​ការ​បំផ្លិច​បំផ្លាញ​នៃ​ក្រុង​យេរូសាឡិម និង ជាការ​ចាំបាច់​ដែល​គ្រួសារ​របស់​ពួកលោក​ត្រូវ​ចាកចេញ ។ នៅពេល​ដែលលោក​​បន្ត​ស្វែង​រក និង ធ្វើតាម​ពាក្យ​ទូន្មាន​របស់​ព្រះអម្ចាស់ នោះ​នីហ្វៃ​បាន​ក្លាយ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះ​ហស្ត​របស់ព្រះ ។ លោក​បាន​គោរព​តាម​ដោយ​ត្រឡប់​ទៅ​កាន់​ក្រុង​យេរូសា​ឡិម​វិញ​ជា​មួយ​នឹង​បង​ប្រុសៗ​របស់​គាត់​ចំនួន​ពីរ​លើក— លើក​ទីមួយ គឺ​ដើម្បី​ទៅ​យក​ផ្ទាំង​លង្ហិន ហើយ​ក្រោយ​មក គឺ​ដើម្បី​បញ្ចុះ​បញ្ចូល​គ្រួសារ​អ៊ីសម៉ាអែល​ឲ្យ​ចូល​រួម​ទៅ​ជា​មួយ​គ្រួសារ​របស់​លោក​លីហៃ​នៅ​ទីរហោស្ថាន ។ ដោយ​មាន​ជំនួយ​ពី​ព្រះ​អម្ចាស់ នីហ្វៃ​បាន​សង់​សំពៅ​មួយ​ដើម្បី​យក​គ្រួសារ​របស់​លោក និង អ្នក​ដទៃ​ទៀត ឆ្លង​កាត់​សមុទ្រ​ទៅ​កាន់​ដែនដី​សន្យា ។ នៅពេល​ដែល​លោក​លីហៃ​បាន​ស្លាប់​ទៅ នីហ្វៃ​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​ម្នាក់​លើ​ប្រជាជន​របស់​លោក ។

តើ​ព្រះគម្ពីរ​នេះត្រូវ​បាន​សរសេរ​នៅ​ពេល​ណា និង នៅកន្លែង​ណា ?

នីហ្វៃ​បាន​សរសេរ​ដំណើរ​រឿង​នេះ ដែល​វា​បាន​ក្លាយ​ទៅ​ជា​នីហ្វៃ​ទី1 នៅ​ប្រមាណ​ជា​ឆ្នាំ 570  ម.គ.ស.—គឺ​រយៈពេល​30 ឆ្នាំ​បន្ទាប់​ពី​ពេល​ដែល​លោក និង គ្រួសារ​របស់​លោក​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​មក ( សូម​មើលនីហ្វៃទី2 5:28–31)។ គាត់​បាន​សរសេរ​ព្រះគម្ពីរ​នេះ​នៅ​ពេល​ដែល​គាត់​នៅ​ដែនដី​នីហ្វៃ ។