ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 29 ៖ ថ្ងៃ​ទី 3 អេធើរ 1–2


មេរៀនទី 29 ៖ ថ្ងៃ​ទី 3

អេធើរ 1–2

សេចក្តី​ផ្ដើម

គម្ពីរ​អេធើរ គឺជា​ការសង្ខេប​របស់​មរ៉ូណៃ អំពី​ប្រវត្តិសាស្ត្រ​នៃ​សាសន៍​យ៉ារេឌ ។ ពួក​សាសន៍​យ៉ារេឌ​គឺជា​ប្រជាជន ដែល​បាន​មក​កាន់​អឌ្ឍគោល​ខាងលិច រាប់​សតវត្សរ៍​មុន​ប្រជាជន​របស់​លីហៃ ។ ក្រោយពី​ទឹកជំនន់​នៅ​ជំនាន់​របស់​ណូអេ កូនចៅ​ជាច្រើន​របស់​ពួក​អ្នក​ដែល​បាន​រួច​ជីវិត បាន​ប្រែ​ជា​ទុច្ចរិត ។ មាន​ប្រជាជន​មួយ​ក្រុម​បាន​ព្យាយាម​សង់​ប៉ម​មួយឡើង « ដែល​ខ្ពល់​ដល់​ផ្ទៃ​មេឃ » ( លោកុប្បត្តិ 11:4 ) ។ ដំណើរ​រឿង​របស់​ជាតិ​សាសន៍​យ៉ារេឌ បាន​ចាប់ផ្ដើម​ជាមួយ​នឹង​ការសង់​ប៉ម​នៃ​ក្រុង​បាបិល ។ ព្រះអម្ចាស់​បាន​ដោះស្រាយ​ជាមួយ​នឹង​សេចក្ដី​ទុច្ចរិត​ដែល​រីករាលដាល ដោយ​ការបំភាន់​ភាសា និង ធ្វើ​ឲ្យ​ប្រជាជាន​ខ្ចាត់ខ្ចាយ​ពេញ​ផ្ទៃ​ផែនដី ( សូម​មើល លោកុប្បត្តិ 11:5–8; អេធើរ 1:33 ) ។ ដំណើរ​រឿង​នៅក្នុង​គម្ពីរ​អេធើរ​នេះ ចាប់ផ្ដើម​ជាមួយ​នឹង​យ៉ារេឌ និង បងប្រុស​លោក ដែល​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ ពេល​ទ្រង់​បាន​បំភាន់​ភាសា​របស់​ប្រជាជន​នៅឯ​ប៉ម​នៃ​ក្រុង​បាបិល ។ ព្រះអម្ចាស់​បាន​រក្សា​ភាសា​របស់​យ៉ារេឌ បងប្រុស​លោក ព្រមទាំង​គ្រួសារ និង មិត្តភក្ដិ​របស់​ពួកគេ ហើយ​បាន​ដឹកនាំ​ពួកគេ​ឆ្លងកាត់​វាល​រហោស្ថាន​ទៅកាន់​ដែនដី​សន្យា ។ បន្ទាប់មក ព្រះអម្ចាស់​បាន​ណែនាំ​បង​របស់​យ៉ារេឌ ឲ្យ​សង់​ភេត្រា​ចំនួន​ប្រាំបី ដើម្បី​ដឹក​ប្រជាជន​លោក​ឆ្លងកាត់​សមុទ្រ ។

រូបភាព
ប្រជាជន​និយាយ​គ្នា​នៅ​ខាងក្រោម​​ប៉ម​នៃ​ក្រុង​បាបិល

អេធើរ 1:1–33

មរ៉ូណៃ​កត់ត្រា​ពី​ពង្សាវតា​របស់​អេធើរ ត្រឡប់​ទៅកាល​ពី​យ៉ារេឌ​នៅឯ​ប៉ម​នៃ​ក្រុង​បាបិល ។

ដើម្បី​ជួយ​ឲ្យ​អ្នក​យល់​ថា​តើ​គម្ពីរ​អេធើរ​ចេញមក​ពី​ណា សូម​រំឭក « សេចក្ដី​សង្ខេប​របស់ ម៉ូសាយ 7–24 » ពី​មេរៀន​នៃមេរៀនទី 12 ៖ ថ្ងៃ​ទី 1 ( ទំព័រ 115-132 ) ។ សូម​មើល​ការធ្វើ​ដំណើរ ទី 4 ហើយ​កត់ចំណាំ​ពី​អ្វី​ដែល​ប្រជាជន​លិមហៃ​បាន​រកឃើញ​ក្នុង​ការធ្វើ​ដំណើរ​នេះ ។

មើល​ទៅ​ដើម​ដំបូង​នៃ​គម្ពីរ​អេធើរ ហើយ​រកមើល​ការពិពណ៌នា​សង្ខេបអំ​ពី​គម្ពីរ​នេះ នៅ​ខាងក្រោម​ចំណងជើង ។ ការពិពណ៌នា​នេះ​ពន្យល់​ថា បញ្ជី​របស់​សាសន៍​យ៉ារេឌ គឺ​យក​ចេញ​មក​ពី​ផ្ទាំង​មាស 24 សន្លឹក ដែល​រកឃើញ​ដោយ​ប្រជាជន​លិមហៃ ។

បន្ទាប់ពី​មរ៉ូណៃ​បាន​បញ្ចប់​បញ្ជី​របស់​ឪពុក​លោក​ហើយ លោក​បាន​យក​បញ្ជី​របស់​សាសន៍​យ៉ារេឌ ហើយ​បាន​បង្កើត​នូវ​កំណែ​ទម្រង់​ខ្លី​មួយ​ពី​បញ្ជី​នេះ ដើម្បី​ដាក់​បញ្ចូល​ក្នុង​ព្រះគម្ពីរ​មរមន ។ សូម​អាន អេធើរ 1:1–4 ហើយ​រកមើល​អ្វី​ដែល​មរ៉ូណៃ​បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​បញ្ចូល​ក្នុង​ការចងក្រង​របស់​លោក​ពី​បញ្ជី​របស់​សាសន៍​យ៉ារេឌ ។ បន្ទាប់​មក សូមអាន អេធើរ 1:5 ហើយ​រកមើល​ថា ​ដំណើរ​រឿងណា ដែល​មរ៉ូណៃ​បាន​បញ្ចូល​នៅក្នុង​បញ្ជី​របស់​លោក ។ ប៉ម​ដែល​ត្រូវបាន​និយាយ​ដល់​នៅក្នុង អេធើរ 1:5 គឺជា​ប៉ម​នៃ​ក្រុង​បាបិល ។ ដូច​មាន​ពន្យល់​នៅក្នុង អេធើរ 1:33 ព្រះអម្ចាស់ « បាន​បំភាន់ » ( ធ្វើ​ឲ្យ​ច្រឡំ ឬ ធ្វើ​ឲ្យ​ច្របូក​ច្របល់ ) ភាសា​របស់​ប្រជាជន​ដែល​ព្យាយាម​សង់​ប៉ម ដើម្បី​កុំ​ឲ្យ​ពួកគេ​អាច​យល់​គ្នា​ទៅវិញ​ទៅមក ហើយ​ទ្រង់​បាន​ធ្វើ​ឲ្យ​ប្រជាជន​ត្រូវ​ខ្ចាត់ខ្ចាយ​ពេញ​ផ្ទៃ​ផែនដី ។

ដូច​មាន​កត់ត្រា​នៅក្នុង អេធើរ 1:6–33 មាន​បុរស​ម្នាក់​ឈ្មោះ​អេធើរ បាន​សរសេរ​បញ្ជី​របស់​យ៉ារេឌ ។ មរ៉ូណៃ​បាន​កត់ត្រា​ពី​ពូជពង្ស​របស់​អេធើរ ត្រឡប់​ទៅដល់​បុរស​ម្នាក់​ឈ្មោះ​យ៉ារេឌ ដែល​បាន​រស់នៅ​ក្នុង​ជំនាន់​នៃ​ប៉ម​នៃ​ក្រុង​បាបិល ។

អេធើរ 1:33–43

បង​របស់​យ៉ារេឌ​អធិស្ឋាន​សុំ​ជំនួយ ហើយ​សមាជិក​គ្រួសារ និង មិត្តភក្ដិ​លោក​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា និង ការដឹកនាំ

តើ​អ្នក​ធ្លាប់​នៅក្នុង​ប្រទេស ឬ តំបន់​មួយ ដែល​ប្រជាជន​និយាយ​ភាសា​មួយ​ដែល​អ្នក​មិន​យល់​ដែរ​ឬ​ទេ ? តើ​អ្នក​គិត​ថា អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា បើ​អ្នក​ពុំ​អាច​យល់​ពី​ភាសា​ដែល​អ្នក​ផ្សេងទៀត​នៅ​ជុំ​វិញ​អ្នក​កំពុង​និយាយនោះ ? ប្រសិន​បើ​អ្នក​អាច​ជ្រើសរើស​មនុស្ស​តែ​ពីរបី​នាក់ ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នៅក្នុង​ស្ថានភាព​នោះ តើ​អ្នក​នឹង​ជ្រើសរើស​នរណា ? ស្ថានភាព​នេះ​បាន​កើតឡើង​ចំពោះ​បុរស​ម្នាក់​ឈ្មោះ​យ៉ារេឌ និង បងប្រុស​លោក ក៏​ដូច​ជា​គ្រួសារ​របស់​ពួក​លោក ដែល​បាន​រស់នៅ​ក្នុង​អំឡុង​ពេល​ប៉ម​នៃ​ក្រុង​បាបិល ។ សូម​អាន អេធើរ 1:33–37 ហើយ​រកមើល​មនុស្ស​ដែល​យ៉ារេឌ​ចង់​ប្រាស្រ័យ​ទាក់ទង​ជាមួយ ។ បន្ទាប់ពី​បង​របស់​យ៉ារេឌ បាន​ទទួល​ការសន្យា​ពី​ព្រះអម្ចាស់​ថា ភាសា​របស់​ពួក​លោក​នឹង​មិន​ត្រូវ​បំភាន់ ( សូម​មើល អេធើរ 1:34–35 ) នោះ​លោក​បាន​អធិស្ឋាន​សម្រាប់​មិត្តភក្ដិ​របស់​លោក ( សូម​មើល អេធើរ 1:36–37 ) ។ ដូច​ដែល​បាន​បង្ហាញ​ដោយ​បង​របស់​យ៉ារេឌ ចរិត​លក្ខណៈ​មួយ​របស់​ប្រជាជន​ដែល​ស្មោះត្រង់ គឺ​អធិស្ឋាន​សម្រាប់​មិត្តភក្ដិ​របស់​គេ ដើម្បី​ឲ្យ​បាន​ទទួល​ពរជ័យ​ពី​ព្រះអម្ចាស់​ដែរ ។

ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​គ្រួសារ​របស់​យ៉ារេឌ និង បងប្រុស​លោក និង មិត្តភក្ដិ​របស់​ពួក​លោក ដើម្បី​ភាសា​របស់​ពួកគេ​មិន​ត្រូវបាន​បំភាន់ ។ បន្ទាប់មក យ៉ារេឌ​បាន​សុំ​ឲ្យ​បងប្រុស​លោក​អធិស្ឋាន​ដល់​ព្រះ សួរ​ទ្រង់​ថា កន្លែង​ណា​ដែល​គ្រួសារ​ពួក​លោក​ត្រូវ​ទៅ ។ ( សូម​មើល អេធើរ 1:38–40 ) ។

សូម​អាន អេធើរ 1:40–43 ហើយ​រកមើល​ការណែនាំ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​សាសន៍​យ៉ារេឌ ដើម្បី​ដឹកនាំ​ពួកគេ​នៅក្នុង​ការធ្វើ​ដំណើរ ។ តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​សម្រាប់​យ៉ារេឌ និង បងប្រុស​លោក ក្នុង​ការធ្វើ​តាម​ការណែនាំ​ទាំងនេះ​ដែល​បាន​មក​ពី​ព្រះអម្ចាស់ ?

អេធើរ 2:1–12

ពួក​សាសន៍​យ៉ារេឌ​បាន​ចាប់ផ្ដើម​ដំណើរ​របស់​គេ​ឆ្ពោះ​ទៅកាន់​ដែនដី​សន្យា

សូម​អាន អេធើរ 2:1–3 ដើម្បី​រកមើល​ថា តើ​ពួក​សាសន៍​យ៉ារេឌ​ឆ្លើយតប​បាន​ល្អ​យ៉ាង​ណា ចំពោះ​ការណែនាំ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកគេ អំពី​ការរៀបចំ​ក្នុង​ការធ្វើ​ដំណើរ​ទៅកាន់​ដែនដី​សន្យានោះ ( សូម​មើល អេធើរ 1:41–42 ) ។ បន្ទាប់មក អាន អេធើរ 2:4–6 ហើយ​រកមើល​អ្វី​ដែល​បាន​កើតឡើង​បន្ទាប់​ទៀត ។ សូម​កត់ចំណាំ​ថា ដោយសារ​តែ​ពួក​សាសន៍​យ៉ារេឌ​បាន​គោរព​ដល់​ការណែនាំ​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​បាន​ប្រទាន​ការណែនាំ​បន្ថែម​ទៀត​ដល់​ពួកគេ ។ សូម​សញ្ជឹង​គិត​ពី​ពរជ័យ និង ការដឹកនាំ​ទាំងឡាយ ដែល​ពួក​សាសន៍​យ៉ារេឌ​បាន​ទទួល ដោយសារ​តែ​ពួកគេ​បាន​ធ្វើតាម​ការណែនាំ​របស់​ព្រះអម្ចាស់ ។

ចេញពី​បទពិសោធន៍​របស់​ពួក​សាសន៍​យ៉ារេឌ យើង​រៀន​ពី​គោលការណ៍​នេះ ៖ ពេល​យើង​ប្រព្រឹត្ត​ដោយ​សេចក្ដី​ជំនឿ តាម​ការណែនាំ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង នោះ​យើង​អាច​ទទួល​បាន​ការដឹកនាំ​បន្ថែម​ទៀត​ពី​ទ្រង់ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ អេធើរ 2:6 ។

តើ​អ្នក​អាច​គិត​ពី​ការបំផុស​មួយ ដែល​អ្នក​បាន​ទទួល​ពី​ព្រះអម្ចាស់ ពេល​អធិស្ឋាន ពេល​សិក្សា​ព្រះគម្ពីរ ឬ ពេល​ចូលរួម​ក្នុង​ការប្រជុំ​នៅ​សាសនាចក្រ​ដែរ​ឬ​ទេ ? សូម​ចាំ​ទុក​ពី​ការបំផុស​នោះ ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​របស់ អែលឌើរ រីឆាដ ជី. ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ អំពី​របៀប​ដែល​ជាញឹកញាប់​យើង​ទទួល​បាន​ចម្លើយ​ចំពោះ​ការអធិស្ឋាន ៖ « ដោយ​កម្រ​ណាស់ ដែល​អ្នក​នឹង​ទទួល​បាន​ការឆ្លើយតប [ ចំពោះ​ការអធិស្ឋាន ] ទាំងអស់​ក្នុង​ពេល​តែ​មួយ​នោះ ។ វា​នឹង​មក​មួយ​ផ្នែក​ម្ដងៗ ជា​សំណុំ​ទាំងឡាយ ដើម្បី​ឲ្យ​សមត្ថភាពអ្នក​លូតលាស់ ។ ដោយ​ផ្នែក​នីមួយៗ​បាន​មក​ដោយ​សេចក្ដី​ជំនឿ នោះ​អ្នក​នឹង​ត្រូវបាន​ដឹកនាំ​ទៅកាន់​ផ្នែក​ផ្សេងៗ​ទៀត រហូត​ទាល់​តែ​អ្នក​បាន​ចម្លើយ​ពេញលេញ​ទាំងស្រុង ។ គំរូ​នោះ តម្រូវ​ឲ្យ​អ្នក​អនុវត្ត​នូវ​សេចក្ដី​ជំនឿ​លើ​សមត្ថភាព​ក្នុង​ការឆ្លើយ​តប​របស់​ព្រះវរបិតា​យើង ។ ខណៈ​ដែល​វា​ពិបាក​ខ្លាំង​នៅពេល​ខ្លះ នោះ​វា​ផ្ដល់​លទ្ធផល​ជា​ការលូតលាស់​ផ្ទាល់ខ្លួន​ដ៏​សក្ដិសម » ( “Using the Supernal Gift of Prayer” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2007 ទំព័រ 9 ) ។

  1. សូម​សរសរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថាតើ​អ្នក​ឆ្លើយ​តប ( ឬ អាច​ឆ្លើយតប ) ចំពោះ​ការបំផុស​ខាង​វិញ្ញាណ ដែល​អ្នក​បាន​គិត​ពី​ខាងលើ ដោយ​របៀប​ណា ។ អ្នក​ក៏​អាច​បញ្ចូល​នូវ​ពរជ័យ​ទាំងឡាយ​ដែល​អ្នក​បាន​ទទួល ( ឬ អាច​ទទួល ) ពី​ការប្រព្រឹត្ត​តាម​ការបំផុស​នោះ ។

ដូច​មាន​កត់ត្រា​នៅក្នុង អេធើរ 2:7–12 ព្រះអម្ចាស់​បាន​ប្រាប់​ដល់​បង​របស់​យ៉ារេឌ​ថា ពេល​លោក និង ប្រជាជន​លោក​មកដល់​ដែនដី​សន្យា ពួកគេ​នឹង​ត្រូវ « បម្រើ​ទ្រង់​ដែល​ជា​ព្រះ​ដ៏​ពិត​តែ​មួយ បើ​ពុំ​នោះ​សោត​ទេ ពួកគេ​នឹង​ត្រូវ​កំចាត់​ចេញ » ( អេធើរ 2:8 ) ។

អេធើរ 2:13–15

ព្រះអម្ចាស់​ស្ដី​បន្ទោស​ដល់​បង​របស់​យ៉ារេឌ ដែល​មិន​បាន​អំពាវនាវ​ដល់​ទ្រង់​ក្នុង​ការអធិស្ឋាន

សូម​អាន អេធើរ 2:13–15 ហើយ​រកមើល​អ្វី​ដែល​បាន​កើតឡើង ពេលដែល​ពួក​សាសន៍​យ៉ារេឌ​បានមក​ដល់​សមុទ្រ​ដ៏​ធំ ​ដែល​ចែក​ដែនដី ។ ពួកគេ​ត្រូវបាន​ដឹកនាំ​ឲ្យ​ឆ្លងកាត់​ទីវាល​រហោស្ថាន​ដោយ​ព្រះអម្ចាស់ ពីព្រោះ​ពួកគេ​បាន​ស្ដាប់​តាម​ព្រះអម្ចាស់ និង បាន​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។ ទោះ​យ៉ាងណា បន្ទាប់ពី​ពួកគេ​បាន​បោះ​ជំរុំ​នៅ​ជិត​សមុទ្រ​ដ៏​ធំ​អស់​រយៈពេល​បួន​ឆ្នាំ ព្រះអម្ចាស់​បាន​យាង​មក​ជួប​នឹង​បង​របស់​យ៉ារេឌ ហើយ​បាន​ស្ដី​បន្ទោស​ដល់​លោក​ដែល​មិន​បាន​អធិស្ឋាន ។

អេធើរ 2:14–15 ជួយ​យើង​រៀន​ពី​គោលការណ៍​ទាំងនេះ ៖ ព្រះអម្ចាស់​ពុំ​សព្វ​ព្រះហឫទ័យ​ទេ ពេល​យើង​មិន​បាន​អំពាវនាវ​ដល់​ទ្រង់​នៅក្នុង​ការអធិស្ឋាន ។ ព្រះអម្ចាស់​មាន​ព្រះបំណង​ចង់​ឲ្យ​យើង​អំពាវនាវ​ដល់​ទ្រង់​នៅក្នុង​ការអធិស្ឋាន ។

ពេល​អ្នក​អាន​សេចក្ដី​ថ្លែង​ការណ៍​តទៅ​នេះ​មកពី អែលឌើរ ដូណល អិល. ស្ទេហេលី ដែល​បាន​បម្រើ​ជា​សមាជិក​មួយ​រូប​នៃ​ពួក​ចិតសិប សូម​គិត​ថា​តើ​អ្នក​អធិស្ឋាន​ញឹកញាប់​ប៉ុណ្ណា ៖ « ការអធិស្ឋាន​ដោយ​ក្លៀវក្លា​ជា​ប្រចាំ​ថ្ងៃ ដើម្បី​ស្វែងរក​ការអត់ទោស និង ជំនួយ​ពិសេស និង ការណែនាំ គឺ​ចាំបាច់​ចំពោះ​ជីវិត​យើង ហើយ​ចាំបាច់​ដល់​ការបីបាច់​ទីបន្ទាល់​របស់​យើង ។ ពេល​យើង​ប្រញាប់ និយាយ​ច្រំដែល មិន​សូវ​ខ្វល់ខ្វាយ ឬ ភ្លេច​ក្នុង​ការអធិស្ឋាន នោះ​យើង​ទំនង​ជា​នឹង​បាត់បង់​ភាពជិតស្និទ្ធ​នៃ​ព្រះវិញ្ញាណ ដែល​ជា​អ្វី​ចាំបាច់​ខ្លាំង​ណាស់​នៅក្នុង​ការណែនាំ​ជា​បន្ត​បន្ទាប់ ដែល​យើង​ត្រូវការ ដើម្បី​ដោះស្រាយ​ដោយ​ជោគជ័យ​នូវ​ឧបសគ្គ​នានា​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង » ( “Securing Our Testimonies” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2004 ទំព័រ 39 ) ។

សូម​ឆ្លើយតប​សំណួរ​តទៅ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​របស់​អ្នក ឬ នៅលើ​ក្រដាស​ដោយ​ឡែក​មួយ ៖

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា អំពី​ភាពញឹកញាប់​នៃ​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​អ្នក ?

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា អំពី​ភាពស្មោះត្រង់​នៃ​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​អ្នក ?

  • នៅក្នុង​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​អ្នក តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​ពិតជា​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​ឬ​ទេ ? ហេតុអ្វី​មាន ឬ ហេតុអ្វី​អត់ ?

  • ប្រសិនបើ​អ្នក​អាច​ធ្វើ​ការផ្លាស់​ប្ដូរ​មួយ ដែល​នឹង​អភិវឌ្ឍ​ដល់​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​របស់​អ្នក តើ​វា​ជា​អ្វី ?

ដូច​មាន​កត់ត្រា​នៅក្នុង អេធើរ 2:16 បង​របស់​យ៉ារេឌ​បាន​ប្រែចិត្ត​ពី​អំពើ​បាប​របស់​លោក ហើយ​បាន​អធិស្ឋាន​ដល់​ព្រះអម្ចាស់​សម្រាប់​សមាជិក​គ្រួសារ និង មិត្តភក្ដិ​លោក ។ ព្រះអម្ចាស់​បាន​ប្រាប់​លោក​ថា លោក​ត្រូវបាន​អត់ទោស​ឲ្យ ប៉ុន្តែ​ថា លោក​ត្រូវតែ​បន្ត​នៅក្នុង​ភាពសុចរិត ដើម្បី​ត្រូវបាន​ដឹកនាំ​ទៅកាន់​ដែនដី​សន្យា ។

អេធើរ 2:16–25

ពួក​សាសន៍​យ៉ារេឌ ​បាន​សង់​ភេត្រា ដើម្បី​ឆ្លងកាត់​មហា​សមុទ្រ​ទៅកាន់​ដែនដី​សន្យា

រូបភាព
ភេត្រា​របស់​សាសន៍​យ៉ារេឌ

សូម​គិត​ពី​ការសម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​ដ៏​សំខាន់​មួយ ដែល​អ្នក​កំពុង​ប្រឈម​មុខ ឬ អាច​នឹង​ប្រឈមមុខ​នៅ​ពេល​អនាគត ដូចជា​របៀប​ដោះស្រាយ​ជាមួយ​នឹង​គ្រួសារ​មួយ ​ដែល​ពិបាក ឬ ស្ថានភាព​សង្គម របៀប​រៀន​ឲ្យ​ពូកែ​នៅ​សាលា ត្រូវ​រៀបការ​ជាមួយ​នរណា ឬ ត្រូវ​រក​វិជ្ជាជីវៈ​អ្វី ។ តើ​អ្នក​ធ្លាប់​គិត​ទេ ថាតើ​ព្រះអម្ចាស់​អាច​នឹង​ប្រទាន​ការណែនាំ ឬ ជួយ​អ្នក​ក្នុង​ស្ថានភាព​នោះ​ដោយ​របៀប​ណា ? ពេល​អ្នក​សិក្សាខ​ដែល​នៅសល់​ក្នុង អេធើរ 2 សូម​សញ្ជឹង​គិត​ពី​ការសម្រេច​ចិត្ត ដែល​អ្នក​បាន​កំណត់ ហើយ​រកមើល​គោលការណ៍​ទាំងឡាយ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​បាន​​ជំនួយ​ពី​ព្រះអម្ចាស់ ។

សូមអាន អេធើរ 2:16–17 ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បានសុំ​ឲ្យ​ពួក​សាសន៍​យ៉ារេឌ​ធ្វើ ដើម្បី​បន្ត​ឆ្ពោះ​ទៅកាន់​ដែនដី​សន្យា ។ បង​របស់​យ៉ារេឌ​បាន​ប្រឈម​មុខ​នឹង​បញ្ហា​បី ដែល​កើតឡើង​មកពី​ការធ្វើ​ភេត្រា ។ សូម​អាន អេធើរ 2:18–19 ហើយ​គូស​ចំណាំ​បញ្ហា​ទាំងបី ដែល​បង​របស់​យ៉ារេឌ​បាន​ទូល​ទៅដល់​ព្រះអម្ចាស់ ។

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​នឹក​ស្រម៉ៃ​ក្នុង​ចិត្ត​ឃើញ​ពី​អ្វី​ដែល​អ្នក​បាន​អាន​នៅក្នុង អេធើរ 2:16–19 សូម​គូរ​អ្វី​ដែល​អ្នក​គិត​ថា​ជា​រូប​ភេត្រា នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

∂តារាង​ខាងក្រោម​នេះ នឹង​ជួយ​អ្នករក​ឃើញ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​បង​របស់​យ៉ារេឌ ដោះស្រាយ​បញ្ហា​របស់​លោក​ជាមួយ​នឹង​ភេត្រា ។ សូម​សិក្សា​ខ​គម្ពីរ​ទាំងឡាយ​នៅក្នុង​តារាង ហើយ​បន្ទាប់មក​ប្រើប្រាស់​ព័ត៌មាន​នោះ ដើម្បី​បំពេញ​នៅក្នុង តារាង​ជួរឈរ « ដំណោះស្រាយ​ចំពោះ​បញ្ហា » ។

ខ​គម្ពីរ

បញ្ហា​ជាមួយ​នឹង​ភេត្រា

ដំណោះស្រាយ​ចំពោះ​បញ្ហា

អេធើរ 2:20–21

គ្មាន​ខ្យល់

អេធើរ 6:4–9

គ្មាន​ចង្កូត

អេធើរ 2:22–3:6

គ្មាន​ពន្លឺ

អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ និង អ្វី​ដែល​ទ្រង់​តម្រូវ​ឲ្យ​បង​របស់​យ៉ារេឌ​ធ្វើ គឺ​ខុសគ្នា​សម្រាប់​បញ្ហា​នីមួយៗ ។ ចេញពី​បញ្ហា និង ដំណោះស្រាយ​នីមួយៗ​នេះ យើង​អាច​រៀន​ពី​សេចក្ដី​ពិត​ផ្សេងៗ​គ្នា អំពី​របៀប​ដែល​ព្រះអម្ចាស់​ជួយ​យើង ពេល​យើង​ត្រូវការ​ជំនួយ ។ សូម​ប្រៀបធៀប​ដំណោះស្រាយ​ទាំងឡាយ​ដែល​អ្នក​បាន​សរសេរ​នៅក្នុង​តារាង ជាមួយ​នឹង​អ្វី​ដែល​មាន​ក្នុង​បញ្ជី​ខាងក្រោម​នេះ ៖

គ្មាន​ខ្យល់ ( អេធើរ 2:20–21 ) ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ព្រះអម្ចាស់​បាន​ប្រាប់​បង​របស់​យ៉ារេឌ​ពី​អ្វី​ដែល​លោក​គួរ​ធ្វើ ។ ពេលនោះ បង​របស់​យ៉ារេឌ​មាន​សេចក្ដី​ជំនឿ​នឹង​ធ្វើ​តាម​ការណែនាំ​របស់​ព្រះអម្ចាស់ ។

គ្មាន​ចង្កូត ( អេធើរ 6:4–9 ) ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ព្រះអម្ចាស់​បាន​ប្រទាន​ចម្លើយ​ចំពោះ​បញ្ហា​នេះ​ដោយ​ទ្រង់​ផ្ទាល់ ។

គ្មាន​ពន្លឺ ( អេធើរ 2:22–3:6 ) ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​ខ្លះៗ​ដល់​បង​របស់​យ៉ារេឌ ។ ពេល​នោះ បង​របស់​យ៉ារេឌ​ត្រូវតែ​គិត​ពី​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ—ដោយ​ផ្អែក​លើ​ព័ត៌មាន​ដែល​លោក​មាន—រួច​សុំ​ការអនុញ្ញាត និង ជំនួយ​របស់​ព្រះអម្ចាស់​នៅក្នុង​ការអនុវត្តន៍​វា ។

ចេញពី​បទពិសោធន៍​បង​របស់​យ៉ារេឌ យើង​រៀន​ពី​គោលការណ៍​នេះ ៖ ពេល​យើង​ប្រឹងប្រែង​ព្យាយាម​ធ្វើ​ផ្នែក​របស់​យើង ដើម្បី​ដោះស្រាយ​បញ្ហា នោះ​យើង​អាច​ទទួល​បាន​ជំនួយ​ពី​ព្រះអម្ចាស់ ។ គិត​អំពី​ការសម្រេច​ចិត្ត​ផ្ទាល់​ខ្លួន ដែល​អ្នក​បាន​គិត​ពីមុន​នេះ តើ​ការដឹង​ពី​គោលការណ៍​នេះ អាចជួយ​អ្នក​ឲ្យ​ទទួល​បាន​ជំនួយ ឬ ការដឹកនាំ ទាក់ទង​នឹង​ការសម្រេច​ចិត្ត​នេះ យ៉ាង​ដូច​ម្ដេច​ដែរ ? តើ​អ្នក​គិត​ថា ព្រះអម្ចាស់​អាច​នឹង​រំពឹង​ឲ្យ​អ្នក​ធ្វើ​អ្វីខ្លះ នៅក្នុង​ការធ្វើ​ការសម្រេច​ចិត្ត​របស់​អ្នក ?

  1. សរសេរ​កថាខណ្ឌ​មួយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​អ្វី​ដែល​អ្នក​បាន​រៀន​ចេញពី​បទពិសោធន៍​បង​របស់​យ៉ារេឌ អំពី​ការអធិស្ឋាន និង អំពី​ការទទួល​ជំនួយ និង ការណែនាំ​ពី​ព្រះអម្ចាស់ នៅក្នុង​ជីវិត​អ្នក ។

  2. សូម​សរសេរ​ចំណុចដែល​នៅ​ខាងក្រោម​នេះ ពីខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អេធើរ 1–2 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖