ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 32 ៖ ថ្ងៃ​ទី 4 មរ៉ូណៃ 10:8–26, 30–34


មេរៀនទី 32 ៖ ថ្ងៃ​ទី 4

មរ៉ូណៃ 10:8–26, 30–34

សេចក្តី​ផ្ដើម

បន្ទាប់ពី​បង្រៀនអំ​ពី​របៀប​ដើម្បី​ទទួល​បាន​ទីបន្ទាល់​ពី​សេចក្ដី​ពិត​នៃ​ការណ៍​គ្រប់​យ៉ាង តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ហើយ មរ៉ូណៃ​ បាន​ទូន្មាន​ពួក​អ្នក​ដែល​នឹង​អាន​ពាក្យ​របស់​លោក ឲ្យ​ទទួល​ស្គាល់ និង ទទួល​យក​អំណោយទាន​ទាំងឡាយ​ខាង​ព្រះវិញ្ញាណ ។ មរ៉ូណៃ​ បាន​បញ្ចប់​ការកត់ត្រា​ព្រះគម្ពីរ​មរមន ដោយ​ការទូន្មាន​ដល់​មនុស្ស​ទាំងអស់​ឲ្យ​មកឯ​ព្រះយេស៊ូវគ្រីស្ទ ក្ដាប់​ជាប់​នូវ​គ្រប់​អំណោយទាន​ដែល​ល្អ ដែល​ទ្រង់​ប្រទាន និង ឲ្យ​បាន​ឥត​ខ្ចោះ​តាមរយៈ​ទ្រង់ ។

មរ៉ូណៃ 10:8–26

មរ៉ូណៃ​ បង្រៀន​អំពី​អំណោយទាន​នៃ​ព្រះវិញ្ញាណ និង គោលបំណង​របស់​អំណោយទាន​ទាំងនោះ នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។

សូម​គិត​អំពី​គ្រា​មួយ ពេលដែល​ព្រះវរបិតា​បាន​ប្រទាន​ពរ​អ្នក ឲ្យ​អាច​ធ្វើ​អ្វី​មួយ ​ដែល​អ្នក​មិន​អាច​ធ្វើ​ដោយ​ខ្លួន​អ្នក​បាន ។ នៅក្នុង​ជំពូក​បញ្ចប់​របស់​លោក មរ៉ូណៃ ​បាន​ថ្លែង​ទីបន្ទាល់អំ​ពី​ជំនួយ និង កម្លាំង​ដែល​ព្រះអម្ចាស់​អាច​ប្រទាន​ដល់​យើង ។ សូម​អាន មរ៉ូណៃ 10:8 ហើយ​រកមើល​ឃ្លា​ដែល​ពិពណ៌នា​អំពី​សមត្ថភាព ឬ ពរជ័យ​ខាង​វិញ្ញាណ ដែល​ព្រះវរបិតា​ប្រទាន​ដល់​កូនចៅ​ដ៏​ស្មោះត្រង់​របស់​ទ្រង់ ។

« អំណោយទាន​ទាំងឡាយ​នៃ​ព្រះ » ដែល​មរ៉ូណៃ​បាន​មាន​ប្រសាសន៍​នៅក្នុង មរ៉ូណៃ 10:8 ក៏​សំដៅ​ដល់ « អំណោយទាន​នៃ​ព្រះវិញ្ញាណ » ឬ « អំណោយទាន​ខាង​វិញ្ញាណ » ផងដែរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ឃ្លា « អំណោយទាន​ទាំងឡាយ​នៃ​ព្រះ » នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សរសេរ​សេចក្ដី​ពិត​ដូច​តទៅ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក នៅក្បែរ មរ៉ូណៃ 10:8 ៖ ព្រះ​ប្រទាន​អំណោយទាន​ទាំងឡាយ​នៃ​ព្រះវិញ្ញាណ ដើម្បី​ជា​គុណ​ប្រយោជន៍​ដល់​កូនចៅ​របស់​ទ្រង់ ។ ឃ្លា​ថា « ជា​គុណ​ប្រយោជន៍​ដល់​កូនចៅ​របស់​ទ្រង់ » មានន័យ​ថា​ជា​ប្រយោជន៍ ឬ ជា​ការបម្រើ​ដល់​កូនចៅ​ទ្រង់ ។

សូម​អាន មរ៉ូណៃ 10:9–16 ហើយ​គូស​ចំណាំ​អំណោយទាន​ខាង​វិញ្ញាណ​នីមួយៗ ដែល​មរ៉ូណៃ​បាន​លើក​ឡើង ។ វា​សំខាន់​ក្នុង​ការដឹង​ថា អំណោយទាន​ខាង​វិញ្ញាណ ដែល​ មរ៉ូណៃ​ បាន​ពិភាក្សា គឺ​គ្រាន់តែ​ជា​គំរូ​មួយ​ចំនួន​ចេញពី​អំណោយទាន​ខាង​វិញ្ញាណ​ជា​ច្រើន​ដែល​មាន​ប៉ុណ្ណោះ ។ អែលឌើរ ម៉ាវីន ជេ. អាស្តុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « ព្រះ​បាន​ប្រទាន​ដល់​យើង​ម្នាក់ៗ​នូវ​ទេពកោសល្យ​ពិសេស​មួយ ឬ ច្រើន​ជាង​នោះ » ៖

រូបភាព
អែលឌើរ ម៉ាវីន ជេ. អាស្តុន

« ចំពោះ​ខ្ញុំ សោកនាដកម្ម​ដ៏​ធំ​មួយ​នៃ​ជីវិត គឺ​នៅពេល​មនុស្ស​ម្នាក់​ចាត់​ខ្លួន​គាត់​ថា ​ជា​មនុស្ស​ម្នាក់​ដែល​ពុំ​មាន​ទេពកោសល្យ ឬ អំណោយទាន ។ … ក្នុង​ការសន្មត់​ថា យើង​ពុំ​មាន​អំណោយទាន​នានា នៅពេល​យើង​វិនិច្ឆ័យ​ខ្លួនឯង​ដោយ​ភាពខ្ពង់ខ្ពស់ ឬ ទាប បញ្ញា កម្រិត​ពិន្ទុ​ក្នុង​ថ្នាក់ ទ្រព្យសម្បត្តិ អំណាច មុខងារ ឬ រូបរាង​ខាងក្រៅ គឺ​ពុំ​គ្រាន់តែ​មិន​យុត្តិធម៌​នោះទេ តែ​ថែមទាំង​គ្មាន​ហេតុផល​ទៀត​ផង ។​ …

« … ដោយ​រៀបរាប់​ត្រួសៗ សូម​ឲ្យ​ខ្ញុំ​លើក​ឡើង​នូវ​អំណោយទាន​មួយ​ចំនួន ដែល​មិន​តែងតែ​កើតឡើង​ជាក់ស្ដែង ឬ គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​សំខាន់​ខ្លាំងណាស់ ។ ក្នុង​ចំណោម​អំណោយទាន​ទាំងនេះ អាច​ជា​អំណោយទាន​ទាំងឡាយ​របស់​អ្នក—ជា​អំណោយទាន​ទាំងឡាយ​ដែល​មិន​ជាក់ស្ដែង ប៉ុន្តែ​ពិត ហើយ​មាន​តម្លៃ ។

« ចូរ​យើង​រំឭក​ឡើង​នូវ​អំណោយទាន​ដែល​មិន​សូវ​លេចធ្លោ​ទាំងនេះ ៖ អំណោយទាន​នៃ​ការសួរ អំណោយទាន​នៃ​ការស្ដាប់ អំណោយទាន​នៃ​ការឮ និង ការប្រើ​នូវ​សម្លេង​ដ៏​តូច​រហៀង អំណោយទាន​នៃ​ការ​អាច​សម្រក់​ទឹកភ្នែក អំណោយទាន​នៃ​ការចៀសវាង​ពី​ការទាស់ទែង អំណោយទាន​នៃ​ការអាច​យល់ស្រប​បាន អំណោយទាន​នៃ​ការចៀសវាង​ការច្រំ​ដែលៗ​ឥត​ប្រយោជន៍ អំណោយទាន​នៃ​ការស្វែងរក​អ្វី​ដែល​សុចរិត អំណោយទាន​នៃ​ការមិន​ធ្វើ​ការវិនិច្ឆ័យឆាប់​ពេក អំណោយទាន​នៃ​ការសម្លឹង​ទៅ​ព្រះ​សុំ​ការដឹកនាំ អំណោយទាន​នៃ​ការធ្វើ​ជា​សិស្ស អំណោយទាន​នៃ​ការខ្វល់ខ្វាយ​ចំពោះ​អ្នក​ដទៃ អំណោយទាន​នៃ​ការអាច​សញ្ជឹង​គិត អំណោយទាន​នៃ​ការផ្ដល់​ការអធិស្ឋាន អំណោយទាន​នៃ​ការថ្លែង​ទីបន្ទាល់​ដ៏​មហិមា និង អំណោយទាន​នៃ​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។

« យើង​ត្រូវតែ​ចងចាំ​ថា មនុស្ស​គ្រប់​រូប​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​អំណោយទាន​មួយ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ [ សូម​មើល គ. និង ស. 46:11–12 ] ។ វា​ជា​សិទ្ធិ និង ការទទួល​ខុស​ត្រូវ​របស់​យើង ក្នុង​ការទទួល​យក​នូវ​អំណោយទាន​ទាំងឡាយ​របស់​យើង ហើយ​ចែកចាយ​វា ។ អំណោយទាន និង អំណាច​របស់​ព្រះ​មាន​ដល់​យើង​ទាំងអស់​គ្នា » ( “There Are Many Gifts” Ensign ខែ វិច្ឆិកា ឆ្នាំ 1987 ទំព័រ 20 ) ។

សូម​អាន មរ៉ូណៃ 10:17 ហើយ​កត់​ចំណាំ​ការបង្រៀន​របស់ ​មរ៉ូណៃ ​ថា សមាជិក​សាសនាចក្រ​ស្មោះត្រង់​គ្រប់​រូប យ៉ាងហោច​ណាស់​មាន​អំណោយទាន​ខាង​វិញ្ញាណ​មួយ ( សូម​មើល​ផងដែរ គ. និង ស. 46:11 ) ។ អែលឌើរ រ៉ូបឺត ឌី. ហែលស៍ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « អំណោយទាន​ទាំងឡាយ​នៃ​ព្រះវិញ្ញាណ … នឹង​ជួយ​យើង​ម្នាក់ៗ​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​នៃ​ជីវិត​អស់កល្ប​របស់​យើង ។

រូបភាព
អែលឌើរ រ៉ូបឺត ឌី. ហែលស៍

« អំណោយទាន​នៃ​ព្រះវិញ្ញាណ​ទាំងនេះ ​គឺ​ត្រូវបាន​ក្រសោប​ដោយ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ គឺជា​សមាជិក​ទីបី​នៃ​ក្រុមព្រះ​ដ៏​អស់កល្ប​ជានិច្ច ហើយ​ត្រូវបាន​កំណត់​អត្តសញ្ញាណ​ថា​ជា ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នេះ​ គឺជា​អំណោយទាន​មួយ​មក​ពី​ព្រះ ដើម្បី​ជួយ​យើង​ធ្វើ​ការសម្រេច​ចិត្ត ដែល​នឹង​អនុញ្ញាត​ឲ្យ​យើង​រកឃើញ និង បំពេញ​បេសកកម្ម​របស់​យើង ។ …

« នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ការយល់​អំពី​អំណោយទាន​ទាំងឡាយ​នៃ​ព្រះវិញ្ញាណ ត្រូវបាន​ប្រទាន​ដល់​យើង​ដោយ​វិវរណៈ ដូច​ដែល​មាន​កត់ត្រា​ទុក​នៅក្នុង​កណ្ឌទី 46 នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។ កណ្ឌ​ទី 46 ប្រាប់​អំ​ពី​​អំណោយទាន​នៃ​ព្រះវិញ្ញាណ​ទាំងឡាយ​ជាក់លាក់​​ដូច​តទៅ​នេះ ៖

« ‹ ដ្បិតមនុស្ស​ទាំងអស់​ពុំ​បាន​គ្រប់​អំណោយទាន ដែល​បាន​ប្រទាន​ដល់​ពួកគេ​ឡើយ ត្បិត​មាន​អំណោយទាន​ជា​ច្រើន ហើយ​មនុស្ស​រាល់​គ្នា​ត្រូវ​បាន​ប្រទាន​អំណោយទាន​មួយ ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ › ( ខ 11 ) ។

« យើង​ត្រូវបាន​ណែនាំ​យ៉ាង​ច្បាស់​ថា យើង​ម្នាក់ៗ ​គឺ​ត្រូវបាន​ប្រទាន​ឲ្យ​អំណោយទាន​មួយ ឬ អំណោយទាន​ជាច្រើន ។ តើ​យើង​ដឹង​ទេ​ថា អំណោយទាន​អ្វី​ដែល​យើង​ត្រូវបាន​ប្រទាន​ឲ្យ ? តើ​យើង​កំពុង​ព្យាយាម​ស្វែងរក​អំណោយទាន​ទាំងឡាយ​របស់​យើង​ទេ ? ( “Gifts of the Spirit” Ensign ខែ កុម្ភៈ ឆ្នាំ 2002 ទំព័រ 12 ) ។

  1. សូម​គិត​អំពី​អំណោយទាន​ទាំងឡាយ​ខាង​វិញ្ញាណ ដែល​អ្នក​បាន​ទទួល​ពី​ព្រះ បន្ទាប់មក​ឆ្លើយ​សំណួរ​ចំនួន​ពីរ ឬ ទាំងអស់​នៅ​ខាងក្រោម​នេះ ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​ទទួល​គុណ​ប្រយោជន៍​ពី​អំណោយទាន​ទាំងឡាយ​នៃ​ព្រះវិញ្ញាណ ដែល​អ្នក​បាន​ទទួល ដោយ​របៀប​ណា ?

    2. តើ​គំរូ​នៃ​អំណោយទាន​ខាង​វិញ្ញាណ​អ្វី​ខ្លះ ដែល​អ្នក​បាន​ឃើញ​ក្នុង​សាសនាចក្រ​សព្វ​ថ្ងៃ​នេះ ?

    3. តើ​អ្នក​អាច​ប្រើប្រាស់​អំណោយទាន​ខាង​វិញ្ញាណ​របស់​អ្នក ដើម្បី​ផ្ដល់​ពរ​ដល់​ជីវិត​អ្នក​ផ្សេង​ទៀត​យ៉ាង​ដូចម្ដេច ? តើ​ជីវិត​អ្នក​ត្រូវបាន​ប្រទាន​ពរ​ដោយ​អំណោយទាន​របស់​អ្នក​ផ្សេងទៀត​យ៉ាងដូចម្ដេច ?

សូម​ពិចារណា​ថា តើ​អំណោយទាន​ទាំងឡាយ​ខាង​វិញ្ញាណ បាន​ស្ដែង​នៅក្នុង​ការនាំ​មក​នូវ​ព្រះគម្ពីរ​មរមនតាម​របៀប​ណា​ដែរ ។ នៅក្នុង​ចន្លោះ​ដែល​ផ្ដល់​ឲ្យ​នេះ សូម​កំណត់​នូវ​អំណោយទាន​ទាំងឡាយ​ខាង​វិញ្ញាណ ដែល​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ជីវិត​របស់​យ៉ូសែប ស្ម៊ីធ ដូច​មាន​បង្ហាញ​នៅក្នុង​រូបភាព​នីមួយៗ ៖

រូបភាព
ការ​និមិត្ត​ដំបូង

មរ៉ូណៃ 10:11

រូបភាព
មរ៉ូណៃ​ លេចមក​ឯ​យ៉ូសែប ស្ម៊ីធ នៅក្នុង​បន្ទប់​លោក

មរ៉ូណៃ 10:14

រូបភាព
យ៉ូសែប ស្ម៊ីធ ទទួល​ផ្ទាំង​មាស

មរ៉ូណៃ 10:16

មរ៉ូណៃ​ ថ្លែង​ទីបន្ទាល់​ថា យើង​ត្រូវតែ​មាន​សេចក្ដី​ជំនឿ ដើម្បី​ទទួល​អំណោយទាន​ទាំងឡាយ​ខាង​វិញ្ញាណ ។ លោក​បាន​បង្រៀន​ថា ព្រះ « ធ្វើការ​ដោយ​ព្រះចេស្ដា ស្របតាម​សេចក្ដី​ជំនឿ​នៃ​កូនចៅ​មនុស្ស ថ្ងៃ​នេះ​ក៏​ដូច​គ្នា​នឹង​ថ្ងៃ​ស្អែក និង រហូត​តទៅ » ( មរ៉ូណៃ 10:7 ) ។ សូម​អាន មរ៉ូណៃ 10:19, 24 ហើយ​រកមើល​អ្វី​ដែល​រារាំង​មនុស្ស​មិន​ឲ្យ​​ទទួល និងមិន​ឲ្យ​ស្គាល់​អំណោយទាន​ទាំងឡាយ​ខាង​វិញ្ញាណ ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​មូលហេតុ​ដែល​អ្នក​គិត​ថា មនុស្ស​ដែល​នៅក្នុង​ស្ថានភាព​នៃ​ការឥត​ជំនឿ ពុំ​អាច​ស្គាល់ ឬ ទទួល​ព្រះចេស្ដា និង អំណោយទាន​នៃ​ព្រះ ។

អាន មរ៉ូណៃ 10:20–23 ។ សូម​រកមើល​អ្វី​ដែល ​មរ៉ូណៃ​ បាន​បង្រៀន អំពី​សារៈសំខាន់​នៃ​អំណោយទាន​ខាង​វិញ្ញាណ​នៃ​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង សេចក្ដី​សប្បុរស ។ លោក​បាន​ថ្លែង​ទីបន្ទាល់​ថា អំណោយ​ទាន​ខាង​វិញ្ញាណ​នៃ​សេចក្ដី​ជំនឿ ដឹកនាំ​ទៅកាន់​ពរជ័យ​ដ៏​អស្ចារ្យ​មួយ ។ សូម​មើល ខ 23 ដើម្បី​រក​ពរជ័យ​នេះ ។ សូមកត់​ចំណាំ​ពាក្យ​ដែល​ជា​ការចាំបាច់ មានន័យ​ថា « ដែល​គួរឲ្យ​ប្រាថ្នា » ហើយ​ឃ្លា​ថា « គ្រប់​អ្វីៗ​ទាំងអស់ ដែល​ជា​ការចាំបាច់​ដល់​យើង » អាច​មានន័យ​ថា « គ្រប់​អ្វីៗ​ទាំងអស់​ដែល​យើង​ប្រាថ្នា​ចង់​ឲ្យ​អ្នក​ធ្វើ » ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ប្រយោគ​នៅក្នុង មរ៉ូណៃ 10:23 ដែល​បង្រៀន​គោលការណ៍​នេះ ៖ បើ​យើង​មាន​សេចក្ដី​ជំនឿ នោះ​យើង​នឹង​អាច​ធ្វើ​អ្វី​ដែល​ព្រះវរបិតា​សព្វ​ព្រះទ័យ​ចង់​ឲ្យ​យើង​ធ្វើ ។

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ថា​គោលការណ៍​នេះ​បាន​ត្រូវ ឬ អាច​ត្រូវបាន​បំពេញ​នៅក្នុង​ជីវិត​អ្នក​យ៉ាង​ណា នោះ​សូម​សរសេរ​ប្រយោគ​មួយ​ចំនួន​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ជា​ការឆ្លើយ​តប​ដល់​សេចក្ដី​ថ្លែង​មួយ ឬ ទាំង​ពីរ​ខាងក្រោម​នេះ ៖

    1. ខ្ញុំ​បាន​មាន​បទពិសោធន៍អំ​ពី​ការសន្យា​ដែលមាន​​នៅក្នុង មរ៉ូណៃ 10:23 នៅពេល …

    2. ការសន្យា​ដែល​មាន​នៅក្នុង មរ៉ូណៃ 10:23 អាច​ជួយ​ខ្ញុំ …

  2. សូម​គិត​អំពី​គោលការណ៍ចំនួន​​ពីរ​ដែល​អ្នក​បាន​រៀន​នៅក្នុង មរ៉ូណៃ 10:8–26 ៖ ព្រះ​ប្រទាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ ដើម្បី​ជា​គុណ​ប្រយោជន៍​ដល់​កូនចៅ​ទ្រង់ ។ បើ​យើង​មាន​សេចក្ដី​ជំនឿ នោះ​យើង​នឹង​អាច​ធ្វើ​អ្វី ​ដែល​ព្រះវរបិតា​សួគ៌ មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ធ្វើ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ ៖

    1. តើ​ការដឹងអំ​ពី​គោលការណ៍​ទាំង​ពីរ​នេះ អាច​ជួយ​អ្នក​នៅក្នុង​ជីវិត​​ឥឡូវ​នេះ​យ៉ាងដូចម្ដេច ?

    2. តើ​គោលការណ៍​ទាំងនេះ​ អាច​ជួយ​អ្នក​ជាមួយ​នឹង​ឱកាស​ទាំងឡាយ​ ដែល​អាច​មាន​នៅក្នុង​ពេល​អនាគត​យ៉ាង​ដូច​ម្ដេច​ដែរ ?

មរ៉ូណៃ 10:30–34

មរ៉ូណៃ​ បញ្ចប់​បញ្ជី​របស់​លោក​ដោយការ​​អញ្ជើញឲ្យ​​មនុស្ស​ទាំងអស់ ឲ្យ​មករក​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​ឥត​ខ្ចោះ​នៅក្នុង​ទ្រង់

រូបភាព
ប្រធាន ជែមស៍ អ៊ី. ហ្វោស្ត

តើ​អ្នក​គិត​ថា វា​អាច​ទៅ​រួច​ទេ ដើម្បីបាន​​ក្លាយ​ជា​ឥត​ខ្ចោះ​នៅក្នុង​ជីវិត​នេះ ? ប្រធាន ជែមស៍ អ៊ី. ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ បាន​ពន្យល់​ពី​បទបញ្ញត្តិ​ដែល​ឲ្យ​យើង​បាន​ឥត​ខ្ចោះ​នោះ​ថា ៖ « ភាពឥត​ខ្ចោះ​ គឺជា​គោលដៅ​ដ៏​អស់កល្ប​មួយ ។ ខណៈ​ដែល​យើង​ពុំ​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ នោះ​ការពុះពារ​ព្យាយាម​ដើម្បី​បាន​ល្អ​ឥត​ខ្ចោះ គឺជា​បទបញ្ញត្តិ​មួយ ដែល​នៅទី​បំផុត​យើង​អាច​រក្សា​បាន តាមរយៈ​ដង្វាយធួន » ( “This Is Our Day” Ensign ខែ ឧសភា ឆ្នាំ 1999 ទំព័រ 19 ) ។

ដូច​ប្រធាន ហ្វោស្ត បាន​បង្រៀន​ថា ភាពឥឥ​ខ្ចោះ​ គឺជា​គោលដៅ​មួយ ដែល​យើង​អាច​ខិតខំ​ធ្វើ​ឥឡូវ​នេះ ហើយ​វា​នឹង​សម្រេច​បាន​នៅក្នុង​ជីវិត​បន្ទាប់​ទៀត ដោយ​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ ។ មរ៉ូណៃ​ បាន​បញ្ចប់​ទីបន្ទាល់​របស់​លោក ដោយ​បង្រៀនអំ​ពី​អ្វី​ដែល​យើង​អាច​ធ្វើ ដើម្បី​អញ្ជើញ​ព្រះចេស្ដា​ដែល​ធ្វើ​ឲ្យ​បរិសុទ្ធ​របស់​ព្រះអង្គ​សង្គ្រោះ ចូល​មកក្នុង​ជីវិត​យើងនា​ពេល​​ឥឡូវ​នេះ និង នៅទី​បំផុត​វា​ក្លាយជា​ឥត​ខ្ចោះ​ តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។

  1. សូម​ធ្វើជា​​តារាងដូច​​ខាងក្រោម​នេះ​ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ

    អ្វី​ដែល​ព្រះ​សន្យា

    សូម​ពិនិត្យ​មើល មរ៉ូណៃ 10:30–33 រកមើល ( ក ) អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ក្លាយជា​បរិសុទ្ធ ហើយ​នៅ​ទីបំផុត​បាន​ល្អឥត​ខ្ចោះ និង ( ខ ) អ្វី​ដែល​ព្រះ​សន្យា​នឹង​ធ្វើ​ដើម្បី​ជួយ​យើង ។ សូម​កត់ត្រា​នូវ​អ្វី​ដែល​អ្នក​រកឃើញ​នៅក្នុង​កូឡោនត្រឹមត្រូវ​លើ​តារាង​របស់​អ្នក ។

សូម​សរសេរ​សេចក្ដី​ថ្លែង​ខាងក្រោម​នេះ នៅ​ពីក្រោម​តារាង នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ឬ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក នៅក្បែរ មរ៉ូណៃ 10:32–33 ៖ ពេល​យើង​មកឯ​ព្រះគ្រីស្ទ យើង​អាច​ត្រូវបាន​ធ្វើ​ឲ្យ​បរិសុទ្ធ និង ល្អ​ឥត​ខ្ចោះ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។

ការមកឯ​ព្រះយេស៊ូវគ្រីស្ទ គឺជា​ដំណើរការ​អស់​មួយ​ជីវិត ដែល​ចាប់​ផ្ដើម​ជាមួយ​នឹង​ការជឿ​លើ​ទ្រង់ ហើយ​បន្ទាប់​មក​ស្វែងរក​អានុភាព​របស់​ទ្រង់​នៅក្នុង​ជីវិត​យើង ដោយ​រាបសារ ។ ដំណើរការ​នេះ​បន្ត​ជាមួយ​នឹង​ការទទួល​ដំណឹងល្អ​របស់​ទ្រង់ ទទួល​យកទ្រង់​​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ប្រែចិត្ត ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់​តាមរយៈ​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ និង ស៊ូទ្រាំ​ដោយ​ស្មោះត្រង់​នៅក្នុង​ការគោរព​ប្រតិបត្តិ​ដល់​ព្រះបញ្ញត្តិ​របស់​ទ្រង់ អស់​មួយ​ជីវិត​យើង ។ នៅទី​បំផុត យើង​នឹង​មករក​ព្រះគ្រីស្ទ ពេល​យើង​បាន​ក្លាយ​ដូច​ជា​ទ្រង់ ពេល​នោះ​យើង​អាច​រស់នៅ​ជាមួយ​ទ្រង់ក្នុង​ភាពដ៏អស់​កល្ប​ជានិច្ច ។

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​សង្ខេប​អំពី​ការអញ្ជើញ​ចុងក្រោយ​របស់​មរ៉ូណៃ ​ឲ្យ​មកឯ​ព្រះគ្រីស្ទ ដែល​មាន​នៅក្នុង មរ៉ូណៃ 10:30–33 ថា ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន

« [ ទីបន្ទាល់​ចុងក្រោយ ] របស់​មរ៉ូណៃ [ សង្កត់​ធ្ងន់​លើ ] សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ សេចក្តី​សង្ឃឹម​លើ​ព្រះគ្រីស្ទ សេចក្ដី​សប្បុរស​នៃ​ព្រះគ្រីស្ទ ជាមួយ​នឹង​ការអធិស្ឋាន​ថា គុណធម៌​ដ៏​អស្ចារ្យ​នៃ​ពួក​គ្រីស្ទាន​ទាំងបី​នេះ គោលការណ៍​នៃ​ពួក​គ្រីស្ទាន​ដ៏​ពេញ​លក្ខណៈ​ទាំងបី​នេះ នឹង​ដឹកនាំ​យើង​ទៅកាន់​បរិសុទ្ធភាព ។ …

« ការអំពាវនាវ​ចុងក្រោយ ឯកោ ទីបញ្ចប់​អំពី​សិលា​គន្លឹះ​នៃ​សាសនា​របស់​យើង និង ជា​គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុត​ដែល​ធ្លាប់បាន​​សរសេរ គឺ​មិនត្រូវ​ប៉ះពាល់​ដល់​ការណ៍​ដែល​មិន​ស្អាតស្អំឡើយ វា​ត្រូវតែ​បរិសុទ្ធ និង គ្មាន​ប្រឡាក់ស្នាម​អ្វី​ឡើយ វា​ត្រូវតែ​បរិសុទ្ធសុទ្ធសាធ ។ ហើយ​បរិសុទ្ធភាព​នោះ អាច​បាន​មក​មានតែ​តាមរយៈ​ព្រះលោហិត​នៃ​កូនចៀម ដែល​បាន​រែកពន់​នូវ​ទុក្ខ​វេទនា និង ទុក្ខព្រួយ​របស់​យើង ជា​កូនចៀម​ដែល​បាន​រង​របួស​សម្រាប់​សេចក្ដី​រំលង​របស់​យើង ហើយ​បាន​រង​ស្នាមជាំ​សម្រាប់​សេចក្ដី​ទុច្ចរិត​របស់​យើង ជា​កូនចៀម​ដែល​ត្រូវបាន​គេ​ស្អប់ និង ធ្វើ​ទុក្ខ ប៉ុន្តែ​ជា​អង្គ​ដែល​យើង​ពុំ​បាន​គោរព​រាប់អាន ( សូម​មើល ម៉ូសាយ 14 ) ។ …

« បរិសុទ្ធភាព—តាមរយៈ​ព្រះលោហិត​នៃ​កូនចៀម ។ នោះហើយ​គឺជា​អ្វី [ ដែល​ព្រះគម្ពីរ​មរមន ] អង្វរ​សុំ » ( “A Standard unto My People” [CES symposium on the Book of Mormon ថ្ងៃ​ទី 9 ខែ សីហា ឆ្នាំ 1994 ] ទំព័រ 15 si.lds.org ) ។

សូម​រំឭក មរ៉ូណៃ 10:32–33 ហើយ​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​ដែល​សង្កត់​ធ្ងន់​ថា របៀប​តែ​មួយ​គត់​ដែល​យើង​អាច​បាន​ល្អ​ឥត​ខ្ចោះ គឺ​ឲ្យ​បាន​ឥតខ្ចោះ « នៅក្នុង​ព្រះគ្រីស្ទ » ។ នេះ​មាន​ន័យ​ថា យើង​មិន​អាច​ទៅដល់​ភាពឥត​ខ្ចោះ​ដោយ​ខ្លួន​យើង​បាន​ទេ យើង​ត្រូវតែ​ពឹងផ្អែក​ទៅលើ​ព្រះចេស្ដា និង ព្រះគុណ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​សញ្ជឹង​គិតអំ​ពី​មូលហេតុ​ដែល​យើង​ត្រូវការ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ក្លាយជា​បរិសុទ្ធ និង ឥត​ខ្ចោះ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​នៅក្នុង មរ៉ូណៃ 10:32–33 ដែល​អ្នក​ឃើញ​ថា​ជា​ការលើក​ទឹកចិត្ត ពេលដែល​អ្នក​ពុះពារ​ព្យាយាម​ដើម្បី​បាន​បរិសុទ្ធ និង ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ដ៏​អស់កល្ប​នៃ​ភាពឥត​ខ្ចោះនោះ ។

សូម​មើល​ត្រឡប់​ទៅ​អ្វី​ដែល​អ្នក​បាន​សរសេរ​នៅក្រោមចំនុច​ « អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ » នៅក្នុង​តារាង​ដែល​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​ជ្រើសរើស​សកម្មភាព​មួយ​ដែល​បាន​សរសេរ​នៅ​ទីនោះ ហើយ​សញ្ជឹង​គិតអំ​ពី​របៀប​ដែល​អ្នក​អាច​កាន់តែ​មាន​ភាពឧស្សាហ៍​ព្យាយាម​ថែមទៀត នៅក្នុង​ចំណុច​នោះក្នុង​ជីវិត​អ្នក ។

សូម​អាន មរ៉ូណៃ 10:34 ហើយ​រកមើល​ភស្ដុតាង​នៃ​សេចក្ដី​ជំនឿ​របស់ ​មរ៉ូណៃ ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ និង សេចក្ដី​សង្ឃឹម​នៃ​ការទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ យើង​អាច​មានទាំង​​សេចក្ដី​ជំនឿ និង សេចក្ដី​សង្ឃឹម​ផងដែរ ពេល​យើង​ធ្វើ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​មរមន ជា​ការខំ​ស្វែង​រក​អស់​មួយ​ជីវិត ហើយ​អនុវត្ត​សេចក្ដី​ពិត​ទាំងឡាយ​ ដែល​មាន​បង្រៀន​នៅក្នុង​គម្ពីរ​នេះ ។

  1. ដើម្បី​បញ្ចប់​វគ្គ​នៃ​ការសិក្សា​ព្រះគម្ពីរ​មរមន​នេះ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​តារាង​ដែល​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ហើយ​រៀបចំ​ដើម្បី​ចែកចាយ​ចម្លើយ​របស់​អ្នក​ជាមួយ​គ្រូ​របស់​អ្នក ៖

    1. តើ​ការសិក្សា​ព្រះគម្ពីរ​មរមន​នៅក្នុង​ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការខុសប្លែក​អ្វី​ខ្លះ​នៅក្នុង​ជីវិត​អ្នក ?

    2. តើ​មេរៀន ឬ គោលការណ៍​ណា​ខ្លះ ដែល​បាន​ជួយ​អ្នក​ឲ្យ « មករក​ព្រះគ្រីស្ទ » ហើយ​បាន​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ ?

    3. តើ​​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមនមាន​អ្វីខ្លះ ?

  2. សូម​សរសេរចំណុចដែល​នៅ​ខាងក្រោម​នេះ ពីខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា មរ៉ូណៃ 10:8–26, 30–34 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖

រូបភាព
មរ៉ូណៃ​លាក់​ផ្ទាំង​ទាំងឡាយ​នៅ​ភ្នំ​គូម៉ូរ៉ា