ថ្នាក់​សិក្ខាសាលា
មេរៀនទី 13 ៖ ថ្ងៃ​ទី 2 ម៉ូសាយ 19–20


មេរៀនទី 13 ៖ ថ្ងៃ​ទី 2

ម៉ូសាយ 19–20

សេចក្តីផ្ដើម

បន្ទាប់​ពី​អាលម៉ា និង ប្រជាជន​របស់​លោក ​បាន​គេច​ខ្លួន​ចេញ​ពី​កងទ័ព​របស់​ស្តេច ណូអេ នោះ​ប្រជាជន​ដែល​បន្ត​រស់​នៅ​ជាមួយ​ណូអេ បាន​ចាប់ផ្តើម​រងទុក្ខ​ ដោយ​សារ​លទ្ធផល​ទាំងឡាយ​ដែល​បាន​ព្យាករ​ដោយ​អ័ប៊ីណាដៃ ។ដំណើរ​រឿង​នៃ​ពួកសាសន៍​នីហ្វៃ​ក្នុង​ដែនដី​លីហៃ-នីហ្វៃ រំឭក​ដល់​យើង​ថា នៅពេល​យើង​បដិសេធ​ដំបូន្មាន​របស់​ពួក​អ្នក​បម្រើ​ព្រះអម្ចាស់ នោះ​យើង​ទទួល​បទពិសោធន៍នូវ​លទ្ធផល​ដ៏​ធ្ងន់ធ្ងរ​ទាំងឡាយ ។ផ្ទុយ​ទៅ​វិញ នៅពេល​យើង​គោរព​ព្យាការី យើង​អររីករាយ​នឹង​សេចក្តី​សុខសាន្ត និង សុវត្ថិភាព​ បើ​ទោះ​ជា​យើង​ឆ្លងកាត់​នូវ​ការសាកល្បង​របស់​យើង​ក៏​ដោយ ។នៅ​ពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ទទួល​បាន​សេចក្តី​សុខសាន្ត និង សុវត្ថិភាព​ដែល​កើតឡើង​មក​ពី​ការប្រុង​ស្តាប់​តាម​ដំបូន្មាន​ពួក​ព្យាការី​សម័យ​ទំនើប​របស់​ព្រះអម្ចាស់ ។

ម៉ូសាយ 19–20

ពួកសាសន៍​នីហ្វៃ​ក្នុង​ដែនដី​លីហៃ-នីហ្វៃ បាន​ទទួល​បទពិសោធន៍​នៃ​ការ​បំពេញ​នៃ​ការព្យាករណ៍​ទាំងឡាយ​របស់​អ័ប៊ីណាដៃ ។

សូម​អាន​នូវ​បទពិសោធន៍​ខាងក្រោម​ដែល​ចែកចាយ​ដោយ អែលឌើរ ដេវីឌ អ.ស្តូន ដែល​ពេល​នោះ​បាន​បម្រើ​ជា​សមាជិក​នៃ​ពួកចិតសិប​នាក់ ហើយ​សូម​គិត​អំពី​សារៈសំខាន់​នៃ​ការព្រមាន​ទាំង​ឡាយ​ខាង​វិញ្ញាណ​ដែល​យើង​ទទួល​តាមរយៈ​ព្យាការី​ទាំងឡាយ ៖

« នា​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ … យើង​បាន​ក្រោកឡើង​នៅ​ថ្ងៃ​ដ៏​ល្អ​ក្នុង​ទីក្រុង សានតូ ដូមីងហ្គូ នៃ​សាធារណរដ្ឋ​ដូមីនីក ។ព្រះអាទិត្យ​នៅ​សមុទ្រ​ការីប៊ីន​កំពុង​បញ្ចេញ​រស្មី ហើយផ្ទៃ​មេឃ​ស្រឡះ​ល្អ ។ខ្យល់​ដ៏​ស្រទន់​បាន​បក់​មក ស្ទើរ​មិន​ធ្វើ​ឲ្យ​ស្លឹក​ឈើ​រង្គើ វា​ក្ដៅ​ល្មម ហើយ​សុខសាន្ដ និង ស្ងប់ស្ងាត់ ។ប៉ុន្ដែ​ឆ្ងាយ​ឯ​នាយ​សមុទ្រ លើស​ពី​ការមើលឃើញ​ដោយ​ភ្នែក​ខាង​សាច់ឈាម​របស់​យើង​នា​ថ្ងៃនោះ ព្យុះ​ដ៏​កំណាច​បាន​មក ដែល​មិន​អាច​ទប់ទល់​បាន​ឡើយ ។មជ្ឈមណ្ឌលខាង​ខ្យល់ព្យុះ ដែល​មាន​ការទទួលខុសត្រូវ​ដើម្បី​តាមដាន និង ព្យាករ​ផ្លូវ​នៃ​ខ្យល់ព្យុះ បាន​ប្រាប់​អំពី​ព័ត៌មាន​ជា​បន្ដបន្ទាប់​ភ្លាមៗ​ ដែល​មាន​នៅក្នុង​អ៊ិនធើរណែត ។នៅក្នុង​ព្រឹក​ដ៏​សន្ដិភាព ស្ងប់ស្ងាត់​នោះ ដោយ​ក្រសែ​ភ្នែក​ដែល​សម្លឹង​ទៅ​លើ​ផ្ទៃមេឃ ខ្ញុំ​បាន​ឃើញ​ផ្លូវ​នៃ​ព្យុះ​ដែល​បាន​ព្យាករ​នោះ សំដៅ​មក​ចំ​កណ្ដាល​បេះដូង​នៃ​ទីក្រុង​សានតូ ដូមីងហ្គូ ដូចជា​ព្រួញ​មួយ ។

« ក្នុង​រយៈពេល 48 ម៉ោង ព្យុះ​នោះ​បាន​បក់បោក​កោះ​នោះ​យ៉ាងខ្លាំង … ដោយ​កំណាច ដោយ​បន្សល់​នូវ​ការបំផ្លិច​បំផ្លាញ ភាពឯកោ និង ការស្លាប់​ដោយ​ការ​បោក​បក់​ដ៏​ខ្លាំង​នោះ ។ …

« ការខូចខាត និង ការបំផ្លាញ និង ការស្លាប់​ដ៏ធំក្រៃលែង​មក​ពី​គ្រោះមហន្ដរាយ​នៃ​កម្លាំង​ខាង​សាច់ឈាម​ដ៏​ខ្លាំង​នេះ​អាច​កើតឡើង ហើយ​ការ​បំផ្លិច​បំផ្លាញ​ដែល​ខ្លាំង​ជាង​នេះ​ទៅទៀត​នៅក្នុង​ជីវិត​របស់​មនុស្ស ​គឺ​ខ្យល់​ព្យុះ​ខាង​វិញ្ញាណ ។កម្លាំង​ដ៏​ខ្លាំង​ទាំងនេះ​ ជាញឹកញាប់ ​បណ្ដាល​ឲ្យ​មាន​ការខូចខាត​ខ្លាំង​ជាង​ខ្យល់ព្យុះ​កំបុត​ត្បូង​ខាង​សាច់ឈាម​ទៅទៀត ដោយសារ​វា​បំផ្លាញ​ព្រលឹង​យើង ហើយ​ឆក់យក​ពី​យើងនូវ​ការរំពឹង និង ការសន្យា​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង ។ …

« យើង​បាន​ដាក់​ខ្លួន​យើង​នៅ​លើ​ផ្លូវ​នៃ​ព្យុះ​សង្ឃរា​ខាង​វិញ្ញាណ​ទាំងនេះ នៅពេល​យើង​បណ្តោយ​ខ្លួន​ឲ្យ​ធ្លាក់​ចូល​ក្នុង​កំហឹង គ្រឿង​ស្រវឹង និង ការប្រព្រឹត្ត​បទល្មើស តណ្ហា អសីលធម៌ ដៃគូ​រួម​ភេទ​ច្រើន និង រូប​អាសអាភាស គ្រឿងញៀន អំណួត សេចក្តីលោភ អំពើ​ហឹង្សា ការឈ្នានីស និង ការកុហក—មាន​ជាច្រើន​ទៀត ។ …

រូបភាព
កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ

« ប៉ុន្តែ​យើង​មាន​អ្នក​ការ​ពារ​ពី​ព្យុះសង្ឃរា​ខាង​វិញ្ញាណ​របស់​យើង ជា​អ្នក​ទាំងឡាយ​ណា​ ដែលមាន​ការហៅ​ឲ្យ មើលថែ និង ព្រមាន ដែល​ជួយ​យើង​ចៀសវាង​ពី​ការខូចខាត​ខាង​វិញ្ញាណ ការបំផ្លិចបំផ្លាញ និង សេចក្តី​ស្លាប់​ផងដែរ ។បុរស​ឆ្មាំយាម​របស់​យើង​នៅលើ​ប៉ម ដែល​យើង​ស្គាល់គឺ​ជា​សាវក និង ព្យាការី​ទាំងឡាយ ។ពួកលោក​គឺជា​កែវ​ភ្នែក​ខាង​វិញ្ញាណ​របស់​យើង ហើយ​ពួកលោក​ដឹង តាមរយៈ​ការបំផុស​គំនិត ការយល់ដឹង និង ប្រាជ្ញា​ត្រឹមត្រូវ​នូវ​បុព្វហេតុ​ដែល​ព្យុះ​ទាំងឡាយ​ អាច​កើតឡើង ។ពួកលោក​បន្ត​ប្រកាស​ការព្រមាន​ដើម្បី​ប្រាប់​យើងអំ​ពី​លទ្ធផល​អន្តរាយ​នៃ​ការបំពាន​លើ​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់​ដោយ​ចេតនា និង ដោយស្មោគគ្រោក ។ការមិន​គោរព​តាម​ការព្រមាន​ទាំងឡាយ​របស់​ពួកលោក​ដោយ​ចេតនា គឺ​នាំមក​នូវ​ទុក្ខវេទនា សោកសៅ និង ការបំផ្លិចបំផ្លាញ ។ដើម្បីធ្វើតាម​ការព្រមាន​របស់​ពួក​សាវក និង ព្យាការី ​គឺ​ត្រូវ​ធ្វើ​តាម​អ្នក​បម្រើ​ទាំងឡាយ​របស់​ព្រះអម្ចាស់​ដែលត្រូវ​បាន​ជ្រើស​តាំង​ ដើម្បី​នាំ​ទៅ​កាន់​ទីវាល​ដ៏​សុខសាន្ត និង បរិបូរណ៌​ខាង​វិញ្ញាណ » ( ”Spiritual Hurricanes,Ensignខែ វិច្ឆិកា. ឆ្នាំ 1999, ទំព័រ 31–32 ) ។

សូម​ចំណាយ​ពេល​មួយ​ស្របក់ ដើម្បី​សញ្ជឹង​គិត​ថា តើមាន​គ្រោះថ្នាក់​អ្វី​ខ្លះ ដែល​អ្នក​បាន​ឮ​ពួក​ព្យាការី និង សាវក​ព្រមាន​ដល់​យើង ។តើ​ពាក្យពេចន៍​ទាំងឡាយ​របស់​ពួកលោក ​អាច​ការពារ​យើង​ពី «ព្យុះសង្ឃរា​ខាង​វិញ្ញាណ» យ៉ាងដូចម្តេច ?

ព្រះ​បាន​បញ្ជូន​អ័ប៊ីណាដៃ​ឲ្យ​ទៅ​ព្រមាន​ដល់​ប្រជាជន​នៅ​ដែនដី​លីហៃ-នីហ្វៃ អំពី​ការបំផ្លិចបំផ្លាញ​ដែល​នឹងមក បើសិន​ពួកគេ​មិន​ប្រែចិត្ត ។

  1. សូម​ចម្លង​តារាង​ខាង​ក្រោម​នេះ ​ដាក់​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​ទុក​កន្លែង​គ្រប់គ្រាន់​ដើម្បី​សរសេរ​ពីក្រោម​បទគម្ពីរ​យោង​នីមួយៗ ។

    កាព្យាករណ៍​អំពី​ប្រជាជន​របស់​ស្តេច​ណូអេ ( ម៉ូសាយ 12:1–2 ) ។

    ការណ៍​ដែល​បាន​បំពេញ ( ម៉ូសាយ 19:10, 14–15; 20:20–21; 21:3–4, 8, 10–13 )

    ការព្យាករណ៍​អំពី​ស្តេច​ណូអេ ( ម៉ូសាយ 12:3 )

    ការណ៍​ដែល​បាន​បំពេញ ( ម៉ូសាយ 19:18–20 )

    ក.

    ខ.

    សូម​រំឭក​ពី​ការព្យាករណ៍​ទាំងឡាយ​របស់​អ័ប៊ីណាដៃ​ទៅកាន់​ពួកសាសន៍​នីហ្វៃ​ក្នុង​ដែនដី​លីហៃ-នីហ្វៃ ដោយ​អាន​បទគម្ពីរ​យោង​ក្នុង​ជួរឈរ​ខាង​ឆ្វេង​នៃ​តារាង ។នៅ​ពី​ក្រោម​បទគម្ពីរ​យោង​ដ៏​ត្រឹមត្រូវ សូម​សរសេរ​លទ្ធផល​ទាំងឡាយ​ដែល ​អ័ប៊ីណាដៃ ​បាន​មាន​ប្រសាសន៍​ថា ស្តេច​ណូអេ និង ប្រជាជន​របស់​ទ្រង់ នឹង​ប្រឈម​មុខ បើសិន​ពួក​គេ​មិន​ប្រែចិត្ត​ទេ​នោះ ។នៅខាងក្រោម​ជួរឈរ​ខាង​ឆ្វេង ( ក ) សូម​សរសេរ​ថា តើ​អ្នក​គិត​ថា អ្នក​អាច​មាន​អារម្មណ៍​បែបណា ហើយ​ថា តើ​អ្នក​នឹង​ធ្វើ​អ្វី ​បើសិន​អ្នក​បាន​ឮ​ការព្រមាន​ទាំងឡាយ​របស់ ​អ័ប៊ីណាដៃ ។

ពី​មុន​អ្នក​ចាប់ផ្តើម​ធ្វើ​លំហាត់​នៅក្នុង​ជួរឈរ​ខាងស្តាំ​នៃ​តារាង សូម​បំពេញ​សកម្មភាព​ខាងក្រោម​នេះ​ក្នុង​សៀវភៅ​សិក្សា​នេះ ។សកម្មភាព​នេះ​នឹង​ជួយ​អ្នក​កាន់តែ​ស្គាល់​ច្បាស់អំពី​ហេតុការណ៍​ក្នុងម៉ូសាយ 19–20ហើយ​ទទួល​ស្គាល់​ការបំពេញ​នៃ​ការព្យាករណ៍​ទាំងឡាយ​របស់​ អ័ប៊ីណាដៃ ​ដែល​បាន​កត់ត្រា​ក្នុង​ជំពូក​ទាំងនេះ ។

នៅពេល​អ្នក​សិក្សាម៉ូសាយ 19–20សូម​បង់​លេខ​លើ​ហេតុការណ៍​ចំនួន 11 ពីក្រោម​នេះ​ទៅតាម​លំដាប់​លំដោយ​ ដែល​វា​កើតឡើង​ក្នុង​ព្រះគម្ពីរ ។សេចក្តី​សង្ខេប​ជំពូក​ទាំងឡាយ​នៅ​ដើម​ជំពូក​នីមួយៗ នឹង​ផ្តល់​តំរុយ​សំខាន់ៗ​ដើម្បី​ដឹកនាំ​អ្នក ។

  • គេឌាន ​ព្យាយាម​សម្លាប់​ស្តេច​ណូអេ ។

  • ស្ត្រី និង កូនក្មេង​សាសន៍​នីហ្វៃ​ បាន​អង្វរ​ពួកសាសន៍​លេមិន​កុំ​ឲ្យ​ប្រហារ​ពួកគេ ។

  • ស្តេច​ណូអេ ​សុគត​ដោយ​ភ្លើង ។

  • កងទ័ព​ពួកសាសន៍​លេមិន​ បាន​ចូល​ទៅ​ដល់​ដែនដី​សេមឡុន ។

  • ពួក​សង្ឃ​របស់​ស្តេច​ណូអេ ​បាន​ចាប់យក ( ចាប់​ជំរិត ) កូនស្រី 24 នាក់របស់​ពួកសាសន៍​លេមិន ។

  • ស្តេច​សាសន៍​លេមិន ​បាន​ស្នើឲ្យ​កងទ័ព​របស់​ទ្រង់​ទុក​ជីវិត​ប្រជាជន​នៃ​ស្តេច​លិមហៃ ។

  • ប្រជាជន​របស់​ ស្តេច​ណូអេ មួយ​ចំនួន​ បាន​រត់គេច​ខ្លួន​ពីមុន​ពួកសាសន៍​លេមិន​មកដល់ ដោយ​ទុក​ពួកស្ត្រីៗ និង កូនក្មេង​ចោល ។

  • លិមហៃ ​បញ្ជា​ប្រជាជន​របស់​ទ្រង់ ​កុំឲ្យ​ប្រហារ​ស្តេច​សាសន៍​លេមិន ។

  • មាន​សេចក្តី​សុខសាន្ត​រវាង​ពួកសាសន៍​នីហ្វៃ និង ពួកសាសន៍​លេមិន​រយៈពេល​ពីរ​ឆ្នាំ ។

  • លិមហៃ​ សន្យា​ថា ប្រជាជន​របស់​ទ្រង់​នឹង​ចំណាយ​របស់​ទ្រព្យ​របស់​ពួកគេ​ពាក់​កណ្តាល​ទៅដល់​សាសន៍​លេមិន ។

  • សាសន៍​នីហ្វៃ​ វាយ​បក​ចំពោះ​ការវាយប្រហារ​របស់​សាសន៍​លេមិន ហើយ​ចាប់​បាន​ស្ដេច​សាសន៍​លេមិន ។

( ចម្លើយ​ទាំងឡាយ​សម្រាប់​សកម្មភាព​នេះ​ អាច​រក​បាន​នៅ​ចុងបញ្ចប់​មេរៀន ) ។

  1. បន្ទាប់ពី​អ្នក​បាន​បង់លេខ​លើ​សេចក្តី​ថ្លែង​ទាំង 11 ដោយ​ស្រេច​បាច់​រួច​ហើយ សូម​ត្រឡប់​ទៅ​កាន់​តារាង​ដែល​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​វិញ ។សូម​ពិនិត្យ​មើល​បទគម្ពីរ​នៅ​ជួរឈរ​ខាង​ស្តាំ​សម្រាប់​សេចក្តី​ពិស្តារ​ទាំងឡាយ ​អំពី​របៀប​ដែល​ការព្យាករ​ទាំងឡាយ​របស់ ​អ័ប៊ីណដៃ ​ត្រូវ​បាន​បំពេញ ។សូម​កត់ត្រា​សេចក្តី​ពិស្តារ​ទាំងនេះ ​ក្នុង​តារាង​របស់​អ្នក​នៅ​ជួរឈរ​ខាងស្តាំ ។នៅ​ខាងក្រោមជួរឈរ​ខាង​ស្តាំ ( ខ ) សូម​ពន្យល់អំ​ពី​អ្វី​ដែល​អ្នក​បានរៀន ​អំពី​លទ្ធផល​ទាំងឡាយ​ពី​ការបដិសេធ​ពាក្យ​ព្រមាន​របស់​ព្យាការី​ម្នាក់ ។

សូម​អានម៉ូសាយ 20:21ហើយ​គូស​ចំណាំ​សេចក្តី​ថ្លែង​របស់ ​គេឌាន ​ដែល​បង្ហាញ​ពី​ការយល់​ដឹង​របស់​លោកថាការបដិសេធ​សម្ដី​របស់​អ្នក​បម្រើ​ទាំងឡាយ​របស់​ព្រះអម្ចាស់​នាំ​មក​នូវ​ការរងទុក្ខ និង ការសោកសៅ ។

សូម​អានគោលលទ្ធិ និង សេចក្តី​សញ្ញា 133:63, 70–72ដើម្បី​មើល​ពី​របៀប​ដែល​គោលការណ៍​នេះ​អនុវត្ត​ចំពោះ​អ្នក​ទាំងឡាយ​នៅថ្ងៃ​ចុងក្រោយ ដែល​នឹង​មិន​ស្តាប់​ព្រះអម្ចាស់ ឬ មិន​ស្ដាប់​អ្នក​បម្រើ​របស់​ទ្រង់ ។អ្នក​អាច​ចង់​សរសេរ​បទគម្ពីរ​យោង​នេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ជា​ខ​យោង​សម្រាប់ម៉ូសាយ 20:21 ។សូម​រកមើល​សុន្ទរកថា​ចេញ​ពី​សន្និសិទ​ទូទៅ​ថ្មី​ជាង​គេ​បំផុត​ក្នុង​ទស្សនាវដ្ដី Ensignលីអាហូណា( ដែល​ចេញ​នៅ ក្នុង​ខែ​ឧសភា និង វិច្ឆិកា ) ឬ​នៅលើ​គេហទំព័រ LDS.org ដើម្បី​ស្វែងរក​ពាក្យ​សម្ដី​របស់​ព្យាការី​ទាំងឡាយ​ដែល​ទាក់ទង​នឹង​បញ្ហា​ទាំងនេះ ។

សូម​សញ្ជឹងគិត​សំណួរ​នេះ ៖ តើ​អ្នក​បាន​ឮ​ព្យាការី​ទាំងឡាយ​បង្រៀន​ថ្មីៗ​នេះ ​ដែល​នឹង​ជួយ​បុគ្គល​ម្នាក់ៗ ក្រុម​គ្រួសារ និង ជាតិ​សាសន៍​ទាំងឡាយ​ឲ្យ​ចៀសវាង​ពី​ការរងទុក្ខ និង សោកសៅ​អ្វី​ខ្លះ ?

ដើម្បី​ឃើញ​គំរូ​មួយ​អំពី​ទុក្ខព្រួយ និង ការរងទុក្ខ​ដែល​អាច​កើតឡើង​មក​ពី​ការបដិសេធ​ព្យាការី​ទាំងឡាយ​របស់​ព្រះអម្ចាស់ នោះ​សូម​រកមើល​លទ្ធផល​ទាំងឡាយ ​ដែល​អែលឌើរ ដាល្លិន អេក. អូក នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា នឹង​មាន​មក​លើ​អ្នក​ទាំងឡាយ​ណា ដែលជាប់​ខ្លួន​ក្នុង​ការ​មើល​រូប​អាសគ្រាម ៖

រូបភាព
អែលឌើរដាល្លិន អេក. អូក

« រូបអាសគ្រាម បង្អាក់​សមត្ថភាព​របស់​មនុស្ស​ម្នាក់មិន​ឲ្យរីករាយ​នឹង​អារម្មណ៍ មនោសញ្ចេតនា និង ទំនាក់​ទំនង​ខាង​វិញ្ញាណតាម​ធម្មតា​ជាមួយ​នឹង​មនុស្ស​ម្នាក់​ដែល​មាន​ភេទ​ផ្ទុយគ្នា ។វា​បំផ្លាញ​របាំង​សីលធម៌​ទាំងឡាយ​ ដែល​ការពារ​ទាស់​នឹង​អាកប្បកិរិយា​មិន​ត្រឹមត្រូវ មិន​ធម្មតា ឬ ខុសច្បាប់ ។នៅ​ពេល​មនសិការ​របស់​មនុស្ស​ស៊ាំ​នឹង​រូប​អាសគ្រាម នោះ​ពួកគេ​ត្រូវ​បាន​នាំធ្វើ​ដូច​អ្វី​ដែល​ពួកគេ​បាន​ឃើញ ដោយ​ឥត​គិត ​អំពី​ផលប៉ះពាល់​ចំពោះ​ជីវិត​របស់​ពួកគេ និង ជីវិត​អ្នក​ដទៃ​ទៀតឡើយ ។

« រូប​អាសគ្រាម ក៏​ធ្វើ​ឲ្យ​ញៀន​ផងដែរ ។វាបង្អាក់​សមត្ថភាព​ក្នុង​ការ​ធ្វើ​ការសម្រេច​ចិត្ត ហើយ​វា ‹ ថ្ពក់ › អ្នក​ឲ្យ​មើល​វា នាំ​ពួកគេ​ឲ្យ​គិត​ស្រម៉ៃ​ឃើញ​កាន់តែ​ខ្លាំងឡើងៗ » ( “Pornography,Ensignលីអាហូណាខែ ឧសភា ឆ្នាំ 2005 ទំព័រ 89 ) ។

សូម​គិត​ដល់​គំរូ​មួយ​ចំនួន​អំពី​ភាពសោកសៅ និង ការរងទុក្ខ​ដែល​កើត​មាន ​មក​ពី​ការមិន​អើពើ​ចំពោះ​ដំបូន្មាន​របស់​ព្យាការី ​ដែល​មាន​ដូចជា ការលេង​ល្បែង​ស៊ីសង រូប​អាសគ្រាម ពាក្យ​គតិបណ្ឌិត ការបោកប្រាស ការចាក់​សាក់​លើ​រាងកាយ ការស្លៀកពាក់​មិន​សមរម្យ ឬ ការដើរលេង​ជាគូ​មុន​អាយុ 16 ឆ្នាំ ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការធ្វើតាម​ដំបូន្មានមក​ពី​អ្នកបម្រើ​ទាំងឡាយ​របស់​ព្រះអម្ចាស់​ដែល​មាន​ដូចជា ការពង្រឹង​ក្រុម​គ្រួសារ ការរស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព ឬ ការគោរព​ច្បាប់​ពាក្យគតិ​បណ្ឌិត ជួយ​បុគ្គល​ម្នាក់ៗ និង ក្រុមគ្រួសារ​ឲ្យ​ចៀសវាង​ពី​ការរងទុក្ខ និង ភាពសោកសៅ​មួយ​ចំនួន​ដែល​ពួកគេ​ជួប​ប្រទះ​យ៉ាងដូចម្តេច ?

អែលឌើរ រ៉ូបឺត ឌី. ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ​បានថ្លែង​ទីបន្ទាល់​ថា យើង​អាច​មាន​សេចក្តីសុខសាន្ត ហើយ​ត្រឡប់​ទៅកាន់​វត្តមាន​នៃ​ព្រះ​តាមរយៈ​ការធ្វើតាម​ពួកព្យាការី ៖

« ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ថា ព្យាការី​នៅ​ពេល​បច្ចុប្បន្ន​នេះ​ មាន​គុណសម្បត្តិ​ទាំងឡាយ​នៃ​ព្យាការី​ពី​បុរាណ និង ព្យាការី​ដទៃទៀត​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ។ …

« … សុវត្ថិភាព​ខាង​វិញ្ញាណ​របស់​យើង ​មាន​មក​ពី​សំឡេង​ដ៏​ច្បាស់លាស់​នៃ​ព្យាការី​ដែល​នៅ​រស់​របស់​យើង ។បើសិន​យើង​ស្តាប់​តាម​សំឡេង​របស់​លោក ហើយ​គោរព​តាម​ដំបូន្មាន​របស់​លោក នោះ​យើង​នឹង​អាច​រស់នៅ​ដូចដែល​ព្រះគ្រីស្ទ​ចង់​ឲ្យ​យើង​រស់នៅ និង ស៊ូទ្រាំ​ដល់​ទីបញ្ចប់ ដើម្បី​ថ្ងៃ​ណា​មួយ យើង ​ព្រមទាំង​គ្រួសារ​របស់​យើង នឹង​ត្រឡប់​ទៅកាន់​វត្តមាន​នៃ​ព្រះវរបិតា​សួគ៌ និង ព្រះអង្គ​សង្គ្រោះ​របស់​យើង​ ជា​ព្រះយេស៊ូវគ្រីស្ទ​វិញ » ( “Hear the Prophet’s Voice and Obey,Ensignខែ ឧសភា ឆ្នាំ 1995 ទំព័រ 17 ) ។

  1. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​របៀប​ដែល​អ្នក​ចង់​ឲ្យ​ការសិក្សា​របស់​អ្នក​អំពីម៉ូសាយ 19–20ជះ​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​ស្តាប់​ដំបូន្មាន​នៃ​ព្យាការី​ទាំងឡាយ​របស់​ព្រះអម្ចាស់ ។សូម​គិត​ដល់​បទពិសោធន៍​មួយ​អំពី​របៀប​ដែល​អ្នក​បាន​ទទួល​សេចក្តី​សុខសាន្ត និង សុវត្ថិភាព​ខាង​វិញ្ញាណ​តាមរយៈ​ការធ្វើតាម​ដំបូន្មាន​នៃ​អ្នក​បម្រើ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ ហើយ​កត់ត្រា​វា​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​សរសេរ​ចំណុចដែល​នៅ​ខាងក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សាម៉ូសាយ 19–20 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖

ចម្លើយ​ចំពោះ​សកម្មភាព​តាម​លំដាប់លំ​ដោយ ៖ 1, 4, 5, 2, 8, 11, 3, 10, 7, 6, 9 ។