ថ្នាក់​សិក្ខាសាលា
មេរៀនទី 26 ៖ ថ្ងៃទី 3 នីហ្វៃទី3 19


មេរៀនទី 26 ៖ ថ្ងៃទី 3

នីហ្វៃទី3 19

សេចក្តីផ្ដើម

ព្រឹត្តិការណ៍​ទាំងឡាយ​ដែល​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 11–18 ទាំងអស់​បាន​កើតឡើង​ក្នុង​អំឡុង​មួយថ្ងៃ ។ នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នោះ ដំណឹង​នៃ​ការយាង​មក​ជួប​របស់​ព្រះអង្គ​សង្គ្រោះ និង ការវិល​ត្រឡប់​របស់​ទ្រង់​នៅ​ថ្ងៃ​បន្ទាប់ បាន​រីក​សុះសាយ​ក្នុង​ចំណោម​ប្រជាជន ហើយ​ពួកគេ « បាន​ធ្វើការ​យ៉ាង​ខិតខំ​អស់​មួយ​យប់​ស្មើ ដើម្បី​ស្អែកឡើង​គេ​អាច​ទៅកាន់​ទីកន្លែង ដែល​ព្រះយេស៊ូវ​ទ្រង់​នឹង​បង្ហាញ​រូប​អង្គទ្រង់​ដល់​ហ្វូង​មនុស្ស​ទៀត » ( នីហ្វៃទី3 19:3 ) ។ នៅពេល​ព្រឹក​ឡើង ពួក​សិស្ស​ទាំង​ដប់ពីរ​នាក់​បាន​បង្រៀន​ប្រជាជន ហើយ​បាន​អធិស្ឋាន​ជាមួយ​ពួកគេ ។ បន្ទាប់មក នីហ្វៃ​បាន​ជ្រមុជ​ទឹក​ពួក​សិស្ស​ទាំង​ដប់ពីរ​នាក់ ហើយ​ពួកគេ​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ និង បាន​ហ៊ុំព័ទ្ធ​ដោយ​ពួក​ទេវតា ។ អំឡុងពេល​នៃ​ការបង្ហាញ​អង្គ​ទ្រង់​នេះ ព្រះយេស៊ូវគ្រីស្ទ​បាន​បញ្ជា​ដល់​ពួក​សិស្ស​ឲ្យ​អធិស្ឋាន ហើយ​ទ្រង់​ក៏​បាន​អធិស្ឋាន​ដល់​ព្រះវរបិតា​ជំនួស​ឲ្យ​ពួក​បណ្ដាជន​ផងដែរ ។ ដោយសារ​សេចក្ដី​ជំនឿ​របស់​គេ ពួក​សិស្ស​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពួកគេ​ត្រូវបាន​ធ្វើ​ឲ្យ​បរិសុទ្ធ ហើយ​ពួកគេ​បាន​ក្លាយ​តែ​មួយ​ជាមួយ​នឹង​ព្រះវរបិតា និង ព្រះរាជបុត្រា ។

នីហ្វៃទី3 19:1–14

ពួក​សិស្ស​ទាំង​ដប់ពីរ​បម្រើ​ដល់​ប្រជាជាន​ដូចដែល​ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជា

សូម​ស្រមៃ​មើល ថាតើ​អ្នក​អាច​នឹង​មាន​អារម្មណ៍​យ៉ាងណា និង អ្វី​ដែល​អ្នក​អាច​នឹង​ធ្វើ ប្រសិនបើ​អ្នក​បានដឹង​ថា ថ្ងៃ​ស្អែក​ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​មកឯ​ព្រះវិហារ​បរិសុទ្ធ​ដែល​នៅ​មិន​ឆ្ងាយ​ពី​អ្នក​នោះ ។ តើ​អ្នក​នឹង​ព្យាយាម​ខ្លាំង​ប៉ុណ្ណា​ដើម្បី​ទៅ​ដល់​ទីនោះ ? តើ​អ្នក​នឹង​ចង់​នាំ​មនុស្ស​ផ្សេងទៀត​ជាមួយ​អ្នក​ទេ ? តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ដើម្បី​រៀបចំ​សម្រាប់​បទពិសោធន៍​នេះ ?

សូមអាន នីហ្វៃទី3 19:1–3 រកមើល​ការឆ្លើយតប​របស់​ពួក​សាសន៍​នីហ្វៃ ចំពោះ​ការសន្យា​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​ថា ទ្រង់​នឹង​យាង​ត្រឡប់​មកវិញ​នៅ​ថ្ងៃ​បន្ទាប់​នោះ ។ បន្ទាប់ពី​ពួក​បណ្ដាជន​បាន​ប្រមូល​គ្នា​ហើយ ពួក​សិស្ស​ទាំង​ដប់ពីរ​នាក់​បាន​បំបែក​ពួក​បណ្ដាជន​ជា​ដប់ពីរ​ក្រុម ហើយ​បាន​ចាប់ផ្ដើម​បង្រៀន​ពួកគេ ។ ពួកគេ​បាន​ណែនាំ​បណ្ដាជន​ឲ្យ​លុត​ជង្គង់​អធិស្ឋាន ហើយ​បាន​បង្រៀន​ពួកគេ​ពី​សេចក្ដី​ពិត​ដូចគ្នា ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​កាលពី​ថ្ងៃ​មុន​នោះ ។ ( សូមមើល នីហ្វៃទី3 19:4–7 ) ។

  1. សូមអាន នីហ្វៃទី3 19:8–9 ហើយ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពួក​សិស្ស​ប្រាថ្នា​អ្វី​ជាងគេ​បំផុត ? ចេញពី​បទពិសោធន៍​របស់​អ្នក ហេតុអ្វី​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​គួរឲ្យ​ប្រាថ្នា​ចង់​បាន​ម្ល៉េះ ?

    2. ពួក​សិស្ស​ទាំង​ដប់ពីរ​នាក់​នឹង​ត្រូវ​ដឹកនាំ​កិច្ចការ​សាសនាចក្រ​នៅក្នុង​ទ្វីប​អាមេរិក បន្ទាប់ពី​ព្រះអង្គ​សង្គ្រោះ​ចាកចេញ​ទៅ ។ ហេតុអ្វី​វា​ចាំបាច់​ថា ពួកគេ​ត្រូវ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹកនាំ​ពួកគេ ?

បន្ទាប់ពី​អ្នក​បាន​បញ្ចប់​កិច្ចការ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ហើយ សូម​សញ្ជឹង​គិត​ពី​សំណួរ​ទាំងនេះ ៖ តើ​មាន​ការណ៍​អ្វី​ខ្លះ ដែល​អ្នក​ប្រាថ្នា​ចង់​បាន​បំផុត ពេល​អ្នក​អធិស្ឋាន ? តើ​ញឹកញាប់​ប៉ុណ្ណា ដែល​អ្នក​អធិស្ឋាន​ដើម្បី​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ ?

សូម​អាន នីហ្វៃទី3 19:10–12 ហើយ​រកមើល​អ្វី​ដែល​ពួក​សិស្ស​បាន​ធ្វើ បន្ទាប់​ពី​ពួកគេ​បាន​អធិស្ឋាន​ហើយ ។ បុណ្យ​ជ្រមុជ​ទឹក​ដែល​មាន​ពិពណ៌នា​នៅក្នុង​ខ 10–12 គឺជា​បុណ្យ​ជ្រមុជទឹក​ទីពីរ​សម្រាប់​ពួក​សិស្ស​ទាំង​ដប់ពីរ​នាក់ ។ សាសនាចក្រ​ត្រូវបាន​ស្ថាបនា​ឡើង​អស់ជា​ច្រើន​ឆ្នាំ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ហើយ​បងប្អូន​ប្រុស​បព្វជិតភាព​ទាំងនេះ បាន​ជ្រមុជ​ទឹក​ពី​មុន​មក ទោះបី​បុណ្យ​ជ្រមុជ​ទឹក​ទីមួយ​របស់​ពួកគេ​ពុំ​ត្រូវបាន​កត់ត្រា​ទុក​នៅក្នុង​ព្រះគម្ពីរ​ក៏​ដោយ ។ បុណ្យ​ជ្រមុជទឹក​ទីពីរ​នេះ​ជា​កាលៈទេសៈ​ដ៏​ពិសេស ដូច​ដែល​បាន​ពន្យល់​ដោយ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ថា ៖ « ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជា​នីហ្វៃ និង ប្រជាជន​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ម្ដងទៀត ដោយសារ​ទ្រង់​បាន​រៀបចំ​សាសនាចក្រ​ជា​ថ្មី​នៅក្រោម​ដំណឹងល្អ ។ ពីមុន​នោះ​វា​ត្រូវបាន​រៀបចំ​ឡើង​នៅក្រោម​ក្រិត្យវិន័យ [ លោក​ម៉ូសេ ] » ( Doctrines of Salvation, ed. Bruce R. McConkie, 3 vols. [1954–56], 2:336 ) ។

សូម​ចាំ​ថា ពួក​សិស្ស និង ពួក​សាសន៍​នីហ្វៃ​ផ្សេងទៀត បាន​មាន​ភាពសក្ដិសម​ដើម្បី​នៅក្នុង​វត្តមាន​របស់​ព្រះអង្គ​សង្គ្រោះ ។ សូមអាន នីហ្វៃទី3 19:13 រកមើល​អ្វី​ដែល​ពួក​សិស្ស​ទាំង​ដប់ពីរ​ត្រូវបាន​ប្រទាន​ឲ្យ ដោយសារ​ពួកគេ​មាន​បំណង​ប្រាថ្នា​សុចរិត ។

  1. សូម​ធ្វើ​បញ្ជី​មួយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​ពរជ័យ​ទាំងឡាយ​ដែល​មាន​ដល់​ជីវិត​មនុស្ស​ម្នាក់ ដែល​មាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​រស់នៅ​ដោយ​សុចរិត​ដែល​សម​នឹង​អំណោយទាន​នោះ ។ បន្ទាប់មក សូម​ប្រៀបធៀប​បញ្ជី​របស់​អ្នក​ទៅនឹង​ការដកស្រង់​ខាងក្រោម​នេះ​ដោយ អែលឌើរ រ៉ូបឺត ឌី. ហែលស៍ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​បន្ថែម​ចូល​ក្នុង​បញ្ជី​របស់​អ្នក​នូវ​គំនិត​ថ្មីៗ​ដែល​អ្នក​រកឃើញ ៖

    រូបភាព
    អែលឌើរ រ៉ូបឺត ឌី. ហែលស៍

    « ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​ដល់​យើង​នូវ​កម្លាំង និង សេចក្ដី​ក្លាហាន ដើម្បី​ដឹកនាំ​ជីវិត​យើង​នៅក្នុង​របៀប​ទាំងឡាយ​នៃ​នគរ​ព្រះ ហើយ​ជា​ប្រភព​នៃ​ទីបន្ទាល់​របស់​យើង​អំពី​ព្រះវរបិតា និង ព្រះរាជបុត្រា ។ …

    « យើង​ត្រូវការ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង ដើម្បី​ជួយ​យើង​ធ្វើ​ការជ្រើសរើស​ដែល​ប្រសើរជាង នៅក្នុង​ការជ្រើសរើស​ទាំងឡាយ​ដែល​នៅ​នឹង​មុខ​យើង​រាល់​ថ្ងៃ ។ យុវជន​យុវនារី​របស់​យើង ត្រូវបាន​យាយី​ដោយ​ការណ៍​អាក្រក់​ទាំងឡាយ​នៃ​ពិភពលោក​នេះ ។ ភាពជា​ដៃគូ​ជាមួយ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​ផ្ដល់​ដល់​ពួកគេ​នូវ​កម្លាំង​ដើម្បី​ទប់ទល់​នឹង​អារក្ស ហើយ​នៅពេល​ចាំបាច់ គឺ​ត្រូវ​ប្រែចិត្ត និង ត្រឡប់​មកកាន់​ផ្លូវ​ត្រង់ និង តូច​ចង្អៀត​វិញ ។ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​យើង​ដែល​រួចផុត​ពី​ការល្បួង​នៃ​មារសត្រូវ​នោះទេ ។ យើង​ទាំងអស់​គ្នា​ត្រូវការ​បន្ទាយ​ការពារ​ដែល​មាន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ … ការមាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ជួយ​សមាជិក​គ្រួសារ​ធ្វើ​ការជ្រើសរើស​ដ៏​ឆ្លាតវៃ—ជា​ជម្រើស​ទាំងឡាយ​ដែល​នឹង​ជួយ​ពួកគេ​ត្រឡប់​ទៅកាន់​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ និង ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ​វិញ ជាមួយ​នឹង​ក្រុមគ្រួសារ​គេ ដើម្បី​រស់នៅ​ជាមួយ​ពួកទ្រង់​អស់កល្ប​ជានិច្ច » ( “The Covenant of Baptism: To Be in the Kingdom and of the Kingdom” Ensign ខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 8 ) ។

ផ្អែក​ទៅលើ​ការសិក្សា​របស់​អ្នក​ពី នីហ្វៃទី3 19:1–14 សូម​សញ្ជឹងគិត​ថា ពរជ័យ​អ្វី​ដែល​អ្នក​ចង់បាន​បំផុត​នៅក្នុង​ជីវិត​អ្នក និង មូលហេតុ​ដែល​អ្នក​ចង់​បាន​វា ។

សូម​បំពេញ​សេចក្ដី​ថ្លែង​ពី​គោលការណ៍​តទៅ​នេះ ដោយ​ផ្អែក​លើ នីហ្វៃទី3 19:9, 13 ៖ តាមរយៈ​បំណង​ប្រាថ្នា និង ការអធិស្ឋាន​ដ៏​ស្មោះ​អស់ពី​ចិត្ត នោះ​យើង​អាច  ។

នីហ្វៃទី3 19:14–36

ព្រះអង្គ​សង្គ្រោះ​បង្ហាញ​អង្គទ្រង់ ហើយ​អធិស្ឋាន​សម្រាប់​ប្រជាជន​ឲ្យ​បាន​បរិសុទ្ធ​តាមរយៈ​សេចក្ដី​ជំនឿ​របស់​គេ

រូបភាព
ព្រះយេស៊ូវ​អធិស្ឋាន​ជាមួយ​ពួក​សាសន៍​នីហ្វៃ

សូមអាន នីហ្វៃទី3 19:14–16 ដើម្បី​រៀន​ពី​អ្វី​ដែល​បាន​កើតឡើង បន្ទាប់ពី​ពួក​សិស្ស​ដប់ពីរ​នាក់​ត្រូវបាន​ជ្រមុជ​ទឹក និង ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

បន្ទាប់ពី​ពួក​សិស្ស និង បណ្ដាជន​បាន​លុត​ជង្គង់​ចុះ​ហើយ ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជា​ពួក​សិស្ស​ទាំង​ដប់ពីរ​របស់​ទ្រង់​ឲ្យ​អធិស្ឋាន ។ សូម​អាន​ដំណើរ​រឿង​នៃ​ការអធិស្ឋាន​របស់​គេ​នៅក្នុង នីហ្វៃទី3 19:17–18, 24–26, 30 ។ នេះ​ជា​កន្លែង​តែ​មួយ​គត់​នៅក្នុង​បទគម្ពីរ​ដែល​មាន​កត់ត្រា​ទុក ដែល​ប្រជាជន​បាន​អធិស្ឋាន​ទៅកាន់​ព្រះយេស៊ូវ​ដោយ​ផ្ទាល់ ។ នៅក្នុង​ការអធិស្ឋាន​របស់​យើង យើង​អធិស្ឋាន​ទៅកាន់​ព្រះ​ជា​ព្រះវរបិតា នៅក្នុង​ព្រះនាម​ព្រះរាជបុត្រា ព្រះយេស៊ូវគ្រីស្ទ ។ ពុំ​មាន​កន្លែង​ណា​នៅក្នុង​ព្រះគម្ពីរ ដែល​យើង​ត្រូវបាន​បង្រៀន​ឲ្យ​អធិស្ឋាន​ទៅកាន់​ព្រះយេស៊ូវ​នោះ​ទេ ។

អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​យោបល់​ពី​មូលហេតុ​មួយ​ដែល​ពួក​សិស្ស​អាច​អធិស្ឋាន​ទៅកាន់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ករណី​ដ៏​ពិសេស​នេះ ៖ « ព្រះយេស៊ូវ​បាន​បង្រៀន​ពួកគេ​រួចហើយ ឲ្យ​អធិស្ឋាន​នៅក្នុង​ព្រះនាម​ទ្រង់ ទៅកាន់​ព្រះវរបិតា ដែល​ពួកគេ​បាន​ធ្វើ​ជាមុន​រួច​ទៅ​ហើយ [ សូមមើល នីហ្វៃទី3 19:8–9 ] ។ … ប៉ុន្តែ​ពេលនេះ ‹ ពួកគេ​បាន​អធិស្ឋាន​ដល់​ព្រះយេស៊ូវ ដោយ​ហៅ​ទ្រង់​ថា​ជា​ព្រះអម្ចាស់​របស់​គេ និង ជា​ព្រះ​របស់​ពួកគេ › ។ [ នីហ្វៃទី3 19:18 ] ។ ព្រះយេស៊ូវ​មាន​វត្តមាន​នៅ​ចំពោះ​មុខ​ពួកគេ ជា​និមិត្តរូប​នៃ​ព្រះវរបិតា ។ ការបាន​ឃើញ​ទ្រង់ គឺ​ដូច​ជា​ពួកគេ​បាន​ឃើញ​ព្រះវរបិតា​ដែរ ការអធិស្ឋាន​ទៅកាន់​ទ្រង់ គឺ​ដូចជា​ពួកគេ​បាន​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​ដែរ ។ វា​គឺ​ជា​ស្ថានភាព​ដ៏​ពិសេស និង គ្មាន​ពីរ » ( The Promised Messiah: The First Coming of Christ [1978] ទំព័រ 560–61 ) ។ ព្រះអង្គ​សង្គ្រោះ​ទ្រង់​ផ្ទាល់​បាន​មាន​បន្ទូល​ថា « ពួកគេ​បាន​អធិស្ឋាន​ដល់​ទូលបង្គំ ពីព្រោះ​ទូលបង្គំ​នៅ​ជាមួយ​នឹង​ពួកគេ » ( នីហ្វៃទី3 19:22 ) ។

  1. ខណៈ​ដែល​ប្រជាជន​កំពុង​លុត​ជង្គង់​ចុះ ពួកគេ​បាន​ធ្វើ​ទីបន្ទាល់​ពី​ព្រះយេស៊ូវគ្រីស្ទ​ដែល​ទ្រង់​បាន​ធ្វើ​ការអធិស្ឋាន​បី​ច្បាស់ៗ​ដោយឡែក​ពី​គ្នា សម្រាប់​ពួក​សិស្ស​របស់​ទ្រង់ និង សម្រាប់​ពួកគេ ។ សូម​ចម្លង​តារាង​ខាងក្រោម​ចូល​ទៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ អាន​ខគម្ពីរ​យោង​ទាំងឡាយ​ដែល​បាន​ដាក់​ឲ្យ ហើយ​បំពេញ​តារាង​នោះ ។

វគ្គ​បទគម្ពីរ

តើ​ព្រះអង្គ​សង្គ្រោះ​បាន​អធិស្ឋាន​សម្រាប់​អ្វី ?

តើ​អ្នក​អាច​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ការអធិស្ឋាន​របស់​ព្រះអង្គ​សង្គ្រោះ ចំពោះ​ជីវិត​អ្នក​បាន​ដោយ​របៀប​ណា ?

នីហ្វៃទី3 19:19–23

នីហ្វៃទី3 19:27–29

នីហ្វៃទី3 19:31–34

សូមអាន នីហ្វៃទី3 19:24 ។ តើ​អ្នក​គិត​ថា « មិនបាន​បន្ថែម​ពាក្យ​ច្រើន​ឡើង » មានន័យ​យ៉ាង​ណា ? ទាក់ទង​នឹង​ការអធិស្ឋាន​ដែល​ពាក្យ​សម្ដី​ទាំងឡាយ​ត្រូវបាន​ផ្ដល់​ដល់​យើង ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​អធិស្ឋាន​នោះ អែលឌើរ ប្រ៊ូស អ័រ. ម៉ាក់ខន់ឃី បាន​បង្រៀន​ថា « ការអធិស្ឋាន​ដ៏​ឥតខ្ចោះ គឺជា​ការអធិស្ឋាន​ទាំងឡាយ​ដែល​ត្រូវបាន​បំផុស គឺ​ដែល​ព្រះវិញ្ញាណ​បើក​សម្ដែង​ពាក្យពេចន៍​ដែល​ត្រូវប្រើ » ( Mormon Doctrine, 2nd ed. [1966] ទំព័រ 586 ) ។

ដើម្បី​ជួយ​អ្នក​យល់​កាន់តែ​ច្បាស់​ពី​គោលការណ៍​មួយ​ចំនួន​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នៅក្នុង​ការអធិស្ឋាន​របស់​ទ្រង់ សូម​រំឭក នីហ្វៃទី3 19:28 ឡើងវិញ ហើយ​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​បង្រៀន​ពី​គោលការណ៍​នេះ ៖ ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​បាន​បរិសុទ្ធ ។ សូម​សង្កេត​ដោយ​យកចិត្ត​ទុកដាក់​លើ​របៀប​ទាំងឡាយ ដែល​ពួកសិស្ស​បាន​អនុវត្ត​សេចក្ដី​ជំនឿ​នៅក្នុង​បទពិសោធន៍​ទាំងឡាយ​ដែល​មាន​កត់ត្រា​ក្នុង នីហ្វៃទី3 19 ។ ជា​លទ្ធផល​នៃ​សេចក្ដី​ជំនឿ​របស់​ពួកគេ ពួកសិស្ស​ត្រូវបាន​បំពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូម​មើល នីហ្វៃទី3 19:13 ) ហើយ​ការទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ចាំបាច់​ណាស់​ដើម្បី​បាន​បរិសុទ្ធ ។

រូបភាព
ប្រធាន ម៉ារ៉ុន ជី. រ៉មនី

សូម​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​មកពី ប្រធាន ម៉ារ៉ុន ជី. រ៉មនី នៃ​គណៈប្រធាន​ទីមួយ ហើយ​រកមើល​ថាតើ​ការបាន​បរិសុទ្ធ​មានន័យ​យ៉ាង​ណា ៖ « ‹ បន្ទាប់មក ក៏​មាន​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ › ។ [ នីហ្វៃទី2 31:13 ] ។ បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ត្រូវបាន​និយាយ​ដល់​នៅ​ទីនេះ ដោយ​នីហ្វៃ ជះ​ឥទ្ធិពល​ដល់​ការផ្លាស់ប្ដូរ​ដ៏​ធំ​នៅក្នុង​ដួងចិត្ត​របស់​មនុស្ស ដែល​អាលម៉ា​បាន​និយាយ​ដល់ [ សូម​មើល អាលម៉ា 5:14 ] ។ វា​ធ្វើ​ឲ្យ​ពួកគេ​ប្រែចិត្ត​ជឿ ពី​ផ្លូវ​សាច់ឈាម​ទៅជា​ផ្លូវ​វិញ្ញាណ ។ វា​លាង​សម្អាត ព្យាបាល និង ធ្វើ​ឲ្យ​ព្រលឹង​បាន​បរិសុទ្ធ ។ … សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត និង ការជ្រមុជ​ដោយ​ទឹក ទាំងអស់​នេះ​គឺជា​អ្វីៗ​ដែល​ត្រូវ​ធ្វើ​ជាមុន និង ដែល​ត្រូវការ​ជាមុន មុននឹង​បុណ្យ​ជ្រមុជ​ដោយ​ភ្លើង និង ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ប៉ុន្តែ​វា​ជា​ការធ្វើ​ឲ្យ​ពេញលេញ [ នៅ​ទីបញ្ចប់ ] ។ ការទទួល​វា គឺជា​ការធ្វើ​ឲ្យ​សម្លៀក​បំពាក់​នរណា​ម្នាក់​បាន​ជម្រះ​ស្អាត ដោយ​ព្រះលោហិត​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ » ( Learning for the Eternities, comp. George J. Romney [1977] ទំព័រ 133 ) ។

  1. សូម​ពិចារណា​ថា ដើម្បី​បាន​បរិសុទ្ធ មានន័យ​យ៉ាងណា ហើយ​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការអនុវត្តន៍​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ជួយ​យើង​ឲ្យ​បាន​បរិសុទ្ធ និង ស្អាតស្អំ​ដូច​ម្ដេច​ដែរ ?

ព្រះយេស៊ូវ​បាន​ផ្ដល់​នូវ​ការអធិស្ឋាន​ដ៏​អស្ចារ្យ​មួយ​នៅ​រាត្រី​មុន​ពេល​ការបូជា​ដ៏​ធួន​របស់​ទ្រង់ ដែល​ស្រដៀង​គ្នា​ទៅនឹង​ការអធិស្ឋាន​ដែល​ទ្រង់​បាន​ផ្ដល់​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ នៅ​ថ្ងៃ​ទីពីរ​នៃ​ការយាង​មក​ជួប​របស់​ទ្រង់​ដែរ ។ សូមអាន នីហ្វៃទី3 19:23, 29 និង យ៉ូហាន 17:9, 11, 21–22 ។ សូម​គូស​ចំណាំ​ឃ្លា​ថា « ដើម្បី​ឲ្យ​យើង​អាច​បាន​ទៅ​តែ​មួយ » ។ សញ្ជឹង​គិត​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ និង ព្រះវរបិតា គឺ​តែ​មួយ ។ តើ​យើង​រៀន​អ្វី​ចេញពី​ខ​ទាំងនេះ អំពី​របៀប​ដែល​យើង​អាច​ក្លាយ​តែ​មួយ​ជាមួយ​នឹង​ព្រះយេស៊ូវគ្រីស្ទ ?

រូបភាព
អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន

គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​ទាំងឡាយ​នៅក្នុង​ខ​ទាំងនេះ​គឺ ៖ តាមរយៈ​សេចក្ដី​ជំនឿ យើង​អាច​បាន​បរិសុទ្ធ ហើយ​ក្លាយ​តែមួយ​ជាមួយ​នឹង​ព្រះយេស៊ូវគ្រីស្ទ ដូចជា​ទ្រង់​គឺ​តែ​មួយ​ជាមួយ​នឹង​ព្រះវរបិតា​ដែរ ។ សូមអាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​មកពី អែលឌើរ ឌី. ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ អំពី​របៀប​ដែល​យើង​អាច​បាន​តែ​មួយ​ជាមួយ​នឹង​ព្រះវរបិតា និង ព្រះរាជបុត្រា ៖ « ប្រាកដ​ណាស់ យើង​នឹង​មិន​បាន​ក្លាយ​តែ​មួយ ជាមួយ​នឹង​ព្រះ និង ព្រះគ្រីស្ទ​ទេ រហូត​ទាល់តែ​យើង​ធ្វើ​ឲ្យ​ព្រះបំណង និង ព្រះទ័យ​របស់​ពួកទ្រង់ ជា​បំណង​ប្រាថ្នា​ដ៏​ខ្ពស់​បំផុត​របស់​យើង ។ ការចុះចូល​បែបនេះ​ពុំអាច​សម្រេច​បាន​ក្នុង​ពេល​មួយ​ថ្ងៃ​នោះ​ឡើយ ប៉ុន្តែ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ និង ដំណើរការ​នៃ​ពេលវេលា នោះ​ព្រះអម្ចាស់​នឹង​ណែនាំ​យើង រហូត​ទាល់តែ​អាច​និយាយ​បាន​យ៉ាង​ប្រាកដ​ថា ទ្រង់​គឺ​នៅក្នុង​យើង ដូចជា​ព្រះវរបិតា​នៅក្នុង​ទ្រង់​ដែរ ។ ពេល​ខ្លះ ខ្ញុំ​ញាប់ញ័រ​នឹង​ពិចារណា​ពី​អ្វី​ដែល​អាច​ជា​ការតម្រូវ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា មានតែ​នៅក្នុង​ការរួបរួម​ដ៏​ឥតខ្ចោះ​នេះ​ប៉ុណ្ណោះ ដែល​អាច​នាំ​ឲ្យ​មាន​សេចក្ដី​អំណរ​ដ៏​ពោរពេញ » ( “That They May Be One In Us” Ensign ខែ វិច្ឆិកា ឆ្នាំ 2002 ទំព័រ 73 ) ។

សូម​បញ្ចប់​ការសិក្សា​ថ្ងៃ​នេះ ដោយ​ការអាន និង សញ្ជឹងគិត​លើ នីហ្វៃទី3 19:35–36 ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី3 19 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖